លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើផ្កាយកំណត់ជោគវាសនារបស់លោកអ្នកឬទេ?

តើផ្កាយកំណត់ជោគវាសនារបស់លោកអ្នកឬទេ?

តើ​ផ្កាយ​កំណត់​ជោគវាសនា​របស់​លោក​អ្នក​ឬ​ទេ?

នៅ​ពេល​រាត្រី​ដែល​មាន​មេឃ​ស្រឡះ បើ​យើង​សង្កេត​មើល​ទៅ​លើ​មេឃ យើង​នឹង​ឃើញ​ដួង​ផ្កាយ​រាប់​ពាន់​ដែល​កំពុង​បញ្ចេញ​ពន្លឺ​ព្រិច​ៗ​ដូច​ពេជ្រ​ច្នៃ​ក្នុង​លំហ​អាកាស។ គ្រាន់តែ​៣៥០​ឆ្នាំ​មុន​នេះ មនុស្ស​ចាប់​ផ្ដើម​ដឹង​អំពី​ទំហំ​ដ៏​ធំ​សម្បើម​របស់​ផ្កាយ​និង​ចម្ងាយ​របស់​វា។ យើង​ក៏​ទើប​តែ​ចាប់​ផ្ដើម​ដឹង​អំពី​ថាមពល​ដ៏​ខ្លាំងក្លា​ដែល​មាន​ក្នុង​សកលលោក​ដ៏​អស្ចារ្យ​របស់​យើង​ដែរ។

កាល​ពី​សម័យ​បុរាណ មនុស្ស​ធ្លាប់​បាន​សង្កេត​មើល​ដំណើរ​យ៉ាង​ទៀង​ទាត់​នៃ​ភព​ផ្កាយ​ផ្សេង​ៗ​ក្នុង​ពេល​រាត្រី ហើយ​ផ្កាយ​ក៏​ធ្វើ​ដំណើរ​គោចរ​ប្ដូរ​ទី​តាំង​តាម​រដូវ​កាល​ដែរ។ (​លោកុប្បត្តិ ១:​១៤​) មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ដូច​ស្តេច​ដាវីឌ​នៃ​ប្រទេស​អ៊ីស្រាអែល​ដែល​រស់​នៅ​ជាង​៣.០០០​ឆ្នាំ​មុន គាត់​បាន​សរសេរ​ថា​៖ ​«​កាល​ណា​ទូល​បង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ជា​ការ​ដែល​ព្រះ​ហស្ត​ទ្រង់​បាន​ធ្វើ គឺ​ទាំង​ខែ នឹង​ផ្កាយ ដែល​ទ្រង់​បាន​ប្រតិស្ឋាន​ទុក នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ទ្រង់​នឹក​រឭក​ដល់​គេ?​»។—ទំនុក​តម្កើង ៨:៣, ៤

ប៉ុន្តែ ទោះ​ជា​យើង​ដឹង​ឬ​មិន​ដឹង​ក៏​ដោយ ភព​ផ្សេង​ៗ ផ្កាយ​នានា និង​ដំណើរ​គោចរ​របស់​វា​ពិត​ជា​កំពុង​កំណត់​អ្វី​ផ្សេង​ៗ​ក្នុង​ជីវិត​របស់​យើង​មែន។ ឧទាហរណ៍ ផែនដី​ធ្វើ​ដំណើរ​ជុំ​វិញ​ព្រះ​អាទិត្យ​ដែល​ជា​ផ្កាយ​មួយ ហើយ​ព្រះអាទិត្យ​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ដឹង​អំពី​ពេល​វេលា ពោល​គឺ​រយៈ​ពេល​ក្នុង​មួយ​ថ្ងៃ​និង​ក្នុង​មួយ​ឆ្នាំ។ ព្រះ​ចន្ទ​គឺជា​«​ទី​កំណត់​រដូវ​»។ (​ទំនុកតម្កើង ១០៤:​១៩​) ចំណែក​ឯ​ផ្កាយ​វិញ វា​ជា​ទី​កំណត់​ទិស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​សូម្បី​តែ​អវកាសយានិក​ក៏​ត្រូវ​ការ​វា​ដើម្បី​សម្គាល់​ទិស​ដែរ។ ដោយ​សារ​ផ្កាយ​អាច​ជួយ​យើង​ឲ្យ​ដឹង​អំពី​ពេល​វេលា រដូវ​កាល និង​ទិស ថែម​ទាំង​ជួយ​យើង​ឲ្យ​យល់​ច្បាស់​ជាង​អំពី​ភាព​អស្ចារ្យ​នៃ​អ្វី​ដែល​ព្រះ​បាន​បង្កើត នោះ​មនុស្ស​ចង់​ដឹង​ថា តើ​ផ្កាយ​អាច​ជួយ​យើង​ច្រើន​ជាង​នេះ​ទៀត​ឬ​ទេ? តើ​ផ្កាយ​អាច​ទាយ​ប្រាប់​យើង​អំពី​អនាគត និង​ព្រមាន​យើង​អំពី​គ្រោះ​កាច​ឬ​ទេ?

ដើម​កំណើត​និង​គោល​បំណង​នៃ​ហោរាសាស្ត្រ

ប្រហែលជា​ង​៥.០០០​ឆ្នាំ​មុន នៅ​តំបន់​មេសូប៉ូតាមៀ មនុស្ស​ចាប់​ផ្ដើម​មើល​មេឃ​រក​ប្រផ្នូល​ដើម្បី​ដឹង​ថា​ពួក​គេ​គួរ​ធ្វើ​យ៉ាង​ណា​ក្នុង​ជីវិត។ ពួក​ហោរាសាស្ត្រ​សម័យ​បុរាណ​បាន​សង្កេត​មើល​មេឃ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ពួក​គេ​ខំ​ធ្វើ​គំនូស​បញ្ជាក់​អំពី​វិថី​គោចរ​នៃ​ភព​ផ្កាយ​នានា និង​ទី​តាំង​ផ្កាយ​ផ្សេង​ៗ។ ពួក​គេ​ក៏​បាន​ព្យាយាម​បង្កើត​ប្រតិទិន និង​ទាយ​ប្រាប់​អំពី​ពេល​វេលា​នៃ​សូរ្យ​គ្រាស​ឬ​ចន្ទ​គ្រាស​ដែរ ហើយ​ការ​ស្រាវជ្រាវ​ទាំង​អស់​នេះ បាន​បង្កើត​ឲ្យ​មាន​ក្បួន​តារាសាស្ត្រ។ ប៉ុន្តែ ហោរាសាស្ត្រ​មិន​គ្រាន់តែ​ជា​ការ​សង្កេត​មើល​ឥទ្ធិពល​នៃ​ព្រះអាទិត្យ និង​ព្រះ​ចន្ទ​ក្នុង​ធម្មជាតិ​ប៉ុណ្ណោះ​ទេ តែ​ហោរាសាស្ត្រ​ក៏​ខំ​បញ្ជាក់​ដែរ​ថា ជួរ និង​ទី​តាំង​របស់​ព្រះអាទិត្យ ព្រះ​ចន្ទ ភព ផ្កាយ និង​កញ្ចុំ​ផ្កាយ​កំពុង​កំណត់​ព្រឹត្ដិការណ៍​សំខាន់​ៗ​នៅ​ផែនដី ព្រម​ទាំង​កំណត់​ជោគ​វាសនា​របស់​មនុស្ស​ម្នាក់​ៗ​ទៀត​ផង។ តើ​កំណត់​តាម​របៀប​ណា?

ពួក​ហោរាសាស្ត្រ​ខ្លះ​ចាត់​ទុក​ការ​មើល​ភព​ផ្កាយ​ជា​វិធី​ដើម្បី​ដឹង​ទុក​ជា​មុន​អំពី​ហេតុ​ការណ៍​ល្អ​ឬ​អាក្រក់​ដែល​នឹង​កើត​ឡើង​នៅ​អនាគត ហើយ​ដោយ​ដឹង​អំពី​ព័ត៌មាន​នោះ ពួក​គេ​អាច​យក​ទៅ​ប្រើ​ដើម្បី​បាន​ប្រយោជន៍​ផ្សេង​ៗ។ ពួក​ហោរាសាស្ត្រ​ឯ​ទៀត​គិត​ថា ក្បួន​ហោរាសាស្ត្រ​ឲ្យ​ពួក​គេ​ដឹង​អំពី​ជោគវាសនា​របស់​មនុស្ស​ម្នាក់​ៗ ហើយ​ជួយ​ពួក​គេ​ឲ្យ​ដឹង​អំពី​វេលា​ល្អ​ក្នុង​ការ​ចូល​រួម​ឬ​ក៏​ចាប់​ផ្ដើម​ប្រកប​កិច្ចការ​ណា​មួយ។ ពួក​គេ​ជឿ​ថា ព័ត៌មាន​បែប​នេះ​ត្រូវ​បាន​ទទួល​ពី​ការ​សង្កេត​មើល​ជួរ​នៃ​ភព​ផ្កាយ​សំខាន់​ៗ និង​ការ​«​គន់​គូរ​»​ទំនាក់​ទំនង​រវាង​ផ្កាយ​នីមួយ​ៗ​និង​ផែនដី ហើយ​ថា​ជោគ​វាសនា​របស់​មនុស្ស​ម្នាក់​ៗ​អាស្រ័យ​ទៅ​លើ​ភព​ផ្កាយ​នានា​តម្រង់​ជួរ​យ៉ាង​ណា ពេល​ដែល​ពួក​គេ​កើត​មក។

ពួក​ហោរាសាស្ត្រ​ពី​សម័យ​បុរាណ​បាន​គិត​ថា ផែនដី​គឺជា​ចំណុច​កណ្ដាល​នៃ​សកលលោក ហើយ​ថា​ភព​ផ្កាយ​នានា​វិល​ជុំ​វិញ​ផែនដី​តាម​គន្លង​រៀង​ៗ​ខ្លួន​ដោយ​មិន​ផ្លាស់​ប្ដូរ។ ពួក​គេ​ក៏​បាន​ស្មាន​ទៀត​ថា ព្រះអាទិត្យ​បាន​ធ្វើ​ដំណើរ​តាម​គន្លង​ជាក់​លាក់​មួយ​កាត់​ផ្កាយ និង​កញ្ចុំ​ផ្កាយ​នានា​ជា​រៀង​រាល់​ឆ្នាំ។ ពួក​គេ​បាន​ហៅ​គន្លង​ព្រះអាទិត្យ​នោះ​ថា​សូរ្យគតិ (​ecliptic​) ហើយ​ពួក​គេ​បាន​បែងចែក​ពេល​វេលា​នោះ​ទៅ​ជា​១២​ចក្រ ឬ​១២​ផ្នែក។ ពួក​គេ​ដាក់​ឈ្មោះ​ផ្នែក​នីមួយ​ៗ​តាម​កញ្ចុំ​ផ្កាយ​ដែល​ព្រះអាទិត្យ​ធ្វើ​ដំណើរ​កាត់។ នេះ​ជា​ដើម​កំណើត​នៃ​រូប​តំណាង​ចក្រ​ទាំង​១២​ក្នុង​ចក្រ​រាសី។ ពួក​គេ​បាន​ជឿ​ថា ក្នុង​ចក្រ​ឬ​«​លំនៅ​ស្ថាន​សួគ៌​»​នីមួយ​ៗ​មាន​ព្រះ​មួយ​រស់​នៅ។ ក្រោយ​មក អ្នក​វិទ្យាសាស្ត្រ​បាន​រៀន​ដឹង​ថា ព្រះអាទិត្យ​មិន​ធ្វើ​ដំណើរ​ជុំ​វិញ​ផែនដី​ឡើយ តែ​ជា​ផែនដី​ទេ​ដែល​ធ្វើ​ដំណើរ​ជុំ​វិញ​ព្រះអាទិត្យ។ ការ​រក​ឃើញ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​លែង​ចាត់​ទុក​ហោរាសាស្ត្រ​ថា​ជា​វិទ្យាសាស្ត្រ​ត្រឹម​ត្រូវ​ទៀត។

ក្រោយ​ពី​មាន​កំណើត​ហោរាសាស្ត្រ​ក្នុង​តំបន់​មេសូប៉ូតាមៀ ក្បួន​ហោរាសាស្ត្រ​បាន​រីក​រាលដាល​ស្ទើរ​គ្រប់​ទី​កន្លែង​នៅ​ផែនដី ហើយ​បាន​ចាប់​ផ្ដើម​ដក់​ជាប់​ក្នុង​អរិយធម៌​ស្ទើរតែ​ទាំង​អស់​ដែល​សំខាន់​ៗ​ក្នុង​ប្រវត្ដិសាស្ត្រ។ ក្រោយ​ពេល​ដែល​សាសន៍​ពើ​ស៊ី​បាន​វាយ​ឈ្នះ​លើ​ចក្រភព​បាប៊ីឡូន ហោរាសាស្ត្រ​បាន​រីក​រាលដាល​ដល់​ប្រទេស​អេស៊ីប ក្រិច និង​ឥណ្ឌា។ ពី​ប្រទេស​ឥណ្ឌា អ្នក​ផ្សព្វ​ផ្សាយ​ពុទ្ធសាសនា​បាន​យក​ក្បួន​ហោរាសាស្ត្រ​នេះ​ទៅ​ដល់​អាស៊ី​កណ្ដាល ចិន ទីបេ ជប៉ុន និង​អាស៊ី​អាគ្នេយ៍។ យើង​មិន​ដឹង​ថា​ក្បួន​ហោរាសាស្ត្រ​នេះ​ឆ្លង​ទៅ​អរិយធម៌​របស់​ពួក​ម៉ាយ៉ា​តាម​វិធី​ណា​ទេ តែ​ក្នុង​អរិយធម៌​នោះ ពួក​គេ​បាន​ប្រើ​ក្បួន​ហោរាសាស្ត្រ​នេះ​យ៉ាង​ច្រើន​តាម​វិធី​ស្រដៀង​គ្នា​នឹង​ពួក​បាប៊ីឡូន​ដែរ។ តាម​មើល​ទៅ ក្បួន​ហោរាសាស្ត្រ​«​សម័យ​ទំនើប​»​បាន​រីក​ចម្រើន​ក្នុង​ប្រទេស​អេស៊ីប​ដែល​នៅ​ក្រោម​អាណានិគម​របស់​ក្រិច ហើយ​នេះ​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សេចក្ដី​បង្រៀន​ខ្លះ​របស់​សាសនាយូដា សាសនា​អ៊ីស្លាម និង​គ្រិស្ត​សាសនា។

សូម្បី​តែ​មុន​ពេល​ដែល​ប្រជាជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​នាំ​ទៅ​ស្រុក​បាប៊ីឡូន​ជា​ឈ្លើយ​សឹក​នៅ​សតវត្សរ៍​ទី​៧ មុន​គ.ស.​ក៏​ដោយ ក៏​ពួក​គេ​បាន​ទទួល​ឥទ្ធិពល​ពី​ហោរាសាស្ត្រ​រួច​ហើយ។ គម្ពីរ​បាន​រៀប​រាប់​អំពី​យ៉ូសៀស​ជា​ស្តេច​ដ៏​ស្មោះ​ត្រង់​ដែល​ខំ​ព្យាយាម​បំបាត់​ចោល​នូវ​ការ​ជូន​គ្រឿង​បូជា​ដល់​«​ព្រះអាទិត្យ ព្រះ​ចន្ទ ចក្រ​រាសី នឹង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ទាំង​ប៉ុន្មាន​»។—ពង្សាវតារ​ក្សត្រ​ទី​២ ២៣:៥

ប្រភព​ដើម​នៃ​ហោរាសាស្ត្រ

ហោរាសាស្ត្រ​មាន​មូលដ្ឋាន​លើ​ព័ត៌មាន​ដែល​ខុស​យ៉ាង​ខ្លាំង​ស្តី​អំពី​ទ្រង់​ទ្រាយ​និង​ចលនា​នៃ​អ្វី​ៗ​ទាំង​អស់​ក្នុង​សកលលោក។ ហេតុ​នេះ ព័ត៌មាន​នេះ​ពិត​ជា​មិន​មែន​មក​ពី​ព្រះ​ទេ។ ពីព្រោះ​ទ្រឹស្តី​ជា​គោល​របស់​ហោរាសាស្ត្រ​មាន​មូលដ្ឋាន​លើ​អ្វី​ដែល​មិន​ពិត ដូច្នេះ​ហោរាសាស្ត្រ​មិន​អាច​ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹម​ត្រូវ​ស្តី​អំពី​អនាគត​បាន​ឡើយ។ យើង​អាច​យល់​រឿង​នេះ​យ៉ាង​ច្បាស់​ដោយ​ពិចារណា​ព្រឹត្ដិការណ៍​ពីរ​ក្នុង​ប្រវត្ដិសាស្ត្រ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។

ក្នុង​អំឡុង​គ្រា​គ្រប់​គ្រង​នៃ​ស្តេច​នេប៊ូក្នេសា​របស់​ប្រទេស​បាប៊ីឡូន ពួក​អ្នក​ប្រាជ្ញ​និង​ពួក​ហោរាសាស្ត្រ​មិន​អាច​បក​ស្រាយ​អត្ថន័យ​នៃ​សុបិន​របស់​ស្តេច​ទេ។ ដានីយ៉ែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​ពួក​គេ​មិន​អាច​បក​ស្រាយ​បាន ដោយ​និយាយ​ថា​៖ ​«​សេចក្ដី​អាថ៌​កំបាំង​ដែល​ព្រះករុណា​បាន​បង្គាប់​មក នោះ​គ្មាន​ពួក​អ្នក​ប្រាជ្ញ ពួក​គ្រូ​អាប​ធ្មប់ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​គ្រូ​ទាយ​ណា ដែល​អាច​នឹង​កាត់​ស្រាយ​ថ្វាយ​ព្រះករុណា​បាន​ទេ តែ​មាន​ព្រះ​១​អង្គ ដែល​គង់នៅ​ស្ថាន​សួគ៌ ទ្រង់​សំ​ដែង​ឲ្យ​យល់​សេចក្ដី​អាថ៌​កំបាំង​បាន ហើយ​ទ្រង់​បាន​សំ​ដែង​ឲ្យ​ព្រះករុណា​នេប៊ូក្នេសា​បាន​ជ្រាប ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ថ្ងៃ​ក្រោយ​»។ (​ដានីយ៉ែល ២:២៧, ២៨​) ពិត​មែន​ហើយ ដានីយ៉ែល​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​«​សំ​ដែង​ឲ្យ​យល់​សេចក្ដី​អាថ៌​កំបាំង​»​ មិន​មែន​ពឹង​ផ្អែក​ទៅ​លើ​ព្រះអាទិត្យ ព្រះ​ចន្ទ ឬ​ក៏​ផ្កាយ​ឡើយ ហើយ​គាត់​បាន​បក​ស្រាយ​សុបិន​នោះ​យ៉ាង​ត្រឹម​ត្រូវ​ឲ្យ​ស្តេច​យល់។—ដានីយ៉ែល ២:​៣៦​-​៤៥

ទោះ​ជា​ការ​គន់​គូរ​ហោរាសាស្ត្រ​របស់​ពួក​ម៉ាយ៉ា​ត្រឹម​ត្រូវ​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គេ​មិន​អាច​ស្រោច​ស្រង់​អរិយធម៌​របស់​ពួក​គេ​បាន​ដែរ ហើយ​អរិយធម៌​នោះ​បាន​ត្រូវ​វិនាស​សាប​សូន្យ​ក្នុង​សតវត្សរ៍​ទី​៩ គ.ស.។ រឿង​នេះ​មិន​គ្រាន់តែ​បង្ហាញ​ថា ក្បួន​ហោរាសាស្ត្រ​ជា​អ្វី​ដែល​បោកប្រាស់ និង​មិន​អាច​ទាយ​អំពី​អ្វី​ៗ​ដែល​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បង្ហាញ​អំពី​គោល​បំណង​ពិត​របស់​វា​ដែរ គឺ​រារាំង​មនុស្ស​កុំ​ឲ្យ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ត្រឹម​ត្រូវ​ស្តី​អំពី​ពេល​អនាគត។

ដោយ​សារ​ក្បួន​ហោរាសាស្ត្រ​មាន​មូលដ្ឋាន​លើ​អ្វី​ដែល​មិន​ពិត នោះ​ក៏​ជួយ​យើង​ឲ្យ​សម្គាល់​អ្នក​ដែល​បង្កើត​ឲ្យ​មាន​ក្បួន​នេះ​ដែរ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​មេកំណាច​ថា​៖ ​«​[​មេកំណាច​]​មិន​បាន​នៅ​ជាប់​នឹង​សេចក្ដី​ពិត​ឡើយ ពីព្រោះ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ទេ។ ពេល​ដែល​មេកំណាច​ភូតភរ អ្នក​នោះ​និយាយ​តាម​ចរិត​លក្ខណៈ​របស់​ខ្លួន ពីព្រោះ​មេកំណាច​ជា​អ្នក​ភូតភរ​ក៏​ជា​ឪពុក​នៃ​ការ​ភូតភរ​ទៀត​ផង​»។ (​យ៉ូហាន ៨:៤៤​) មេកំណាច​សាថាន​ក្លែង​ខ្លួន​ជា​«​ទេវតា​នៃ​ពន្លឺ​»​ ហើយ​ពួក​វិញ្ញាណ​កំណាច​ក៏​ក្លែង​ខ្លួន​ជា​«​អ្នក​បម្រើ​នៃ​សេចក្ដី​សុចរិត​ដែរ​»។ តាម​ការ​ពិត ពួក​គេ​បំភាន់​មនុស្ស​ដោយ​មាន​បំណង​ចង់​ឲ្យ​មនុស្ស​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​មួយ​ដែល​ជា​ការ​បោក​បញ្ឆោត។ (​កូរិនថូសទី២ ១១:​១៤, ១៥​) បណ្ដាំ​របស់​ព្រះ​បាន​បញ្ជាក់​ថា ​«​ការ​អស្ចារ្យ សញ្ញា​សម្គាល់​ក្លែង​ក្លាយ ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​»​គឺជា​«​សកម្មភាព​របស់​សាថាន​»។—ថែស្សាឡូនិច​ទី​២ ២:៩

ហេតុ​អ្វី​លោក​អ្នក​គួរ​ជៀស​វាង​ពី​ហោរាសាស្ត្រ?

ហោរាសាស្ត្រ​មាន​មូលដ្ឋាន​ទៅ​លើ​ព័ត៌មាន​ខុស ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​នៃ​សេចក្ដី​ពិត​ស្អប់​ហោរាសាស្ត្រ។ (​ទំនុកតម្កើង ៣១:៥​) ដោយ​សារ​មូលហេតុ​នេះ គម្ពីរ​បាន​ផ្ដន្ទា​ទោស​ហោរាសាស្ត្រ ហើយ​ដាស់​តឿន​មនុស្ស​កុំ​ឲ្យ​ទាក់​ទង​វា​ឲ្យ​សោះ។ ក្នុង​ចោទិយកថា ១៨:១០​-​១២ ព្រះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖ ​«​នៅ​ក្នុង​ពួក​ឯង មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​ធ្វើ​[​ជា​] . . . គ្រូ​ទាយ គ្រូ​គន់​គូរ​នក្ខត្តឫក្ស​[​ហោរ​គន់​គូរ​ផ្កាយ​] . . . គ្រូ​អាប​ធ្មប់ . . . គ្រូ​ខាប . . . ឬ​គ្រូ​អន្ទង​ខ្មោច​ណា​ឡើយ។ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ការ​ទាំង​នោះ ជា​ទី​ស្អប់ខ្ពើម​ដល់​ព្រះ​យេហូវ៉ា​ណាស់​»។

សាថាន និង​ពួក​វិញ្ញាណ​កំណាច​ជា​អំណាច​ដែល​នៅ​ពី​ក្រោយ​ខ្នង​ហោរាសាស្ត្រ។ ដូច្នេះ បើ​យើង​មើល​ឬ​ធ្វើ​ហោរាសាស្ត្រ​លេង នោះ​ដូច​ជា​យើង​អនុញ្ញាត​ឲ្យ​ពួក​វា​មាន​ឥទ្ធិពល​មក​លើ​យើង។ ដូច​ជា​ការ​សាក​លេង​ថ្នាំ​ញៀន​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ក្លាយ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​លក់​ថ្នាំ​ញៀន នោះ​ការ​លេង​ហោរាសាស្ត្រ​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ក្លាយ​ជា​ខ្ញុំ​បម្រើ​សាថាន​ដែល​ជា​មេ​បោកប្រាស់​ដែរ។ ហេតុ​នេះ​ហើយ ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​និង​សេចក្ដី​ពិត​ត្រូវ​តែ​បដិសេធ​ហោរាសាស្ត្រ​ទាំង​ស្រុង ហើយ​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ​ដែល​ចែង​ថា​៖ ​«​ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ​វិញ​»។—អេម៉ុស ៥:១៥

ហោរាសាស្ត្រ​គឺ​ពេញ​និយម​ដោយ​សារ​មនុស្ស​ចង់​ដឹង​យ៉ាង​ខ្លាំង​អំពី​អនាគត។ តើ​យើង​អាច​ដឹង​អំពី​អនាគត​បាន​ទេ? បើ​អាច​មែន តើ​តាម​របៀប​ណា? គម្ពីរ​ប្រាប់​យើង​ថា យើង​មិន​អាច​ដឹង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​យើង​ផ្ទាល់​នៅ​ថ្ងៃ​ស្អែក ខែ​ក្រោយ ឬ​នៅ​ឆ្នាំ​ក្រោយ​បាន​ឡើយ។ (​យ៉ាកុប ៤:១៤​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គម្ពីរ​បាន​ទាយ​ប្រាប់​យើង​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​ជាតិ​នៅ​ពេល​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ។ តាម​រយៈ​គម្ពីរ យើង​ដឹង​ថា​មិន​យូរ​ទៀត​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​ដល់​ដូច​យើង​បាន​អធិដ្ឋាន។ (​ដានីយ៉ែល ២:៤៤; ម៉ាថាយ ៦:៩, ១០​) គម្ពីរ​ក៏​ប្រាប់​យើង​ដែរ​ថា ទុក្ខវេទនា​របស់​មនុស្ស​ជាតិ​នឹង​លែង​មាន​ទៀត ហើយ​យើង​នឹង​មិន​នឹក​ចាំ​អំពី​វា​ទៀត​ឡើយ។ (​អេសាយ ៦៥:១៧; ការ​បើក​បង្ហាញ ២១:៤​) ជា​ជាង​ព្រះ​កំណត់​វាសនា​របស់​មនុស្ស​ជាតិ នោះ​លោក​កំពុង​អញ្ជើញ​មនុស្ស​គ្រប់​ទី​កន្លែង​ឲ្យ​រៀន​អំពី​លោក និង​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ​សម្រាប់​ពួក​គេ។ ហេតុ​អ្វី​យើង​ដឹង? ពីព្រោះ​គម្ពីរ​បាន​ប្រាប់​យ៉ាង​ច្បាស់​ថា ព្រះ​មាន​បំណង​ប្រាថ្នា​ឲ្យ​«​មនុស្ស​គ្រប់​ប្រភេទ​ទទួល​សេចក្ដី​សង្គ្រោះ ហើយ​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​»។—ធីម៉ូថេ​ទី​១ ២:៤

ព្រះ​មិន​បាន​បង្កើត​ផ្ទៃ​មេឃ​ដ៏​ស្រស់​ស្អាត និង​អ្វី​ៗ​ដែល​នៅ​លើ​មេឃ​ដើម្បី​កំណត់​ជោគវាសនា​របស់​យើង​ទេ។ ផ្ទុយ​ទៅ​វិញ អ្វី​ៗ​ទាំង​នោះ​បង្ហាញ​អំពី​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា និង​ឋានៈ​របស់​លោក​ជា​ព្រះ។ (​រ៉ូម ១:២០​) អ្វី​ៗ​ទាំង​នោះ​អាច​ជំរុញ​យើង​ឲ្យ​បដិសេធ​សេចក្ដី​បង្រៀន​មិន​ពិត ហើយ​ស្វែងរក​ជំនួយ​ពី​ព្រះ​និង​ពី​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក សម្រាប់​ការ​ណែនាំ​ដែល​អាច​ទុក​ចិត្ត​បាន និង​មាន​ប្រយោជន៍​ចំពោះ​ជីវិត​យើង។ គម្ពីរ​បាន​ចែង​ថា​៖ ​«​ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំ​រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង​»។—សុភាសិត ៣:៥, ៦

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១១​]

ពួក​ម៉ាយ៉ា​បាន​ប្រើ​ក្បួន​ហោរាសាស្ត្រ​យ៉ាង​ច្រើន

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១២​]

​«​មាន​ព្រះ​១​អង្គ ដែល​គង់នៅ​ស្ថាន​សួគ៌ ទ្រង់​សំ​ដែង​ឲ្យ​យល់​សេចក្ដី​អាថ៌​កំបាំង​បាន ហើយ​ទ្រង់​បាន​សំ​ដែង . . . ពី​ការ​ដែល​ត្រូវ​កើត​មក​នៅ​ថ្ងៃ​ក្រោយ​»​

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១២​]

ទោះ​ជា​ការ​គន់​គូរ​ហោរាសាស្ត្រ​របស់​ពួក​ម៉ាយ៉ា​ត្រឹម​ត្រូវ​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គេ​មិន​អាច​ស្រោច​ស្រង់​អរិយធម៌​របស់​ពួក​គេ​បាន​ដែរ

[​រូបភាព​នៅ​ទំព័រ​១១​]

មន្ទីរ​មើល​ផ្កាយ​នៅ​អេលខារ៉ាខូល ជីជេន អ៊ីតហ្សា យ៉ូខាតាន ប្រទេស​ម៉ិចស៊ិច ឆ្នាំ​៧៥០​ដល់​៩០០ គ.ស.

[​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​១១​]

Pages 10 and 11, left to right: Stars: NASA, ESA, and A. Nota (STScI); Mayan calendar: © Lynx/Iconotec com/age fotostock; Mayan astronomer: © Albert J. Copley/age fotostock; Mayan observatory: El Caracol (The Great Conch) (photo), Mayan/Chichen Itza, Yucatan, Mexico/Giraudon/The Bridgeman Art Library