តើអ្នកស្មោះត្រង់ទាំងអស់ដែលគោរពប្រណិប័តន៍ព្រះឡើងទៅស្ថានសួគ៌ឬទេ?
អ្នកអានសួរថា . . .
តើអ្នកស្មោះត្រង់ទាំងអស់ដែលគោរពប្រណិប័តន៍ព្រះឡើងទៅស្ថានសួគ៌ឬទេ?
▪ មនុស្សជាច្រើនទទួលការសម្រាលទុក្ខពេលអានពាក្យរបស់លោកយេស៊ូដែលថា៖ «ព្រះស្រឡាញ់ពិភពលោកដល់ម្ល៉េះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះអាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។ (យ៉ូហាន ៣:១៦) តើលោកយេស៊ូចង់មានន័យថា មនុស្សស្មោះត្រង់ទាំងអស់ដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាបិតារបស់លោក នឹងឡើងទៅស្ថានសួគ៌ដើម្បីមានសុភមង្គលពិតដោយទទួលជីវិតដែលគ្មានទីបញ្ចប់ឬទេ?
សូមកត់សម្គាល់នូវប្រសាសន៍ដ៏គួរឲ្យចាប់អារម្មណ៍របស់លោកយេស៊ូ ដែលរៀបរាប់ថា៖ «គ្មានមនុស្សណាម្នាក់ធ្លាប់ឡើងទៅស្ថានសួគ៌ឡើយ មានតែលោកដែលបានចុះពីស្ថានសួគ៌ប៉ុណ្ណោះ គឺកូនមនុស្ស»។ (យ៉ូហាន ៣:១៣) ពាក្យនេះចង់បញ្ជាក់ថា មនុស្សស្មោះត្រង់ដែលគោរពប្រណិប័តន៍ព្រះនៅសម័យមុន ដូចជាណូអេ អាប្រាហាំ ម៉ូសេ និងដាវីឌ ពួកគេមិនបានឡើងទៅស្ថានសួគ៌ទេ។ (សកម្មភាព ២:៣៤) បើដូច្នេះ តើពួកគេទៅកន្លែងណា? បើនិយាយឲ្យចំទៅ ពួកអ្នកបម្រើដ៏ស្មោះត្រង់ទាំងនេះកំពុងដេកលក់ក្នុងសេចក្ដីស្លាប់ ពោលគឺពួកគេនៅក្នុងផ្នូរ ឥតដឹងអ្វីឡើយ ហើយពួកគេកំពុងរង់ចាំការប្រោសឲ្យរស់ឡើងវិញ។—សាស្ដា ៩:៥, ៦; សកម្មភាព ២៤:១៥
គម្ពីរបានរៀបរាប់ថា លោកយេស៊ូជាបុគ្គលមុនគេបង្អស់ដែលបាននិយាយថា មនុស្សខ្លះនឹងរស់នៅស្ថានសួគ៌ក្រោយពីពួកគេស្លាប់។ លោកបានប្រាប់សាវ័ករបស់លោកថា លោកនឹងរៀបចំកន្លែងមួយសម្រាប់ពួកគេនៅឯស្ថានសួគ៌។ (យ៉ូហាន ១៤:២, ៣) នេះជាសេចក្ដីសង្ឃឹមថ្មីសម្រាប់រាស្ត្ររបស់ព្រះ។ ក្រោយមកសាវ័កប៉ូលបានពន្យល់ថា បន្ទាប់ពីលោកយេស៊ូស្លាប់ ហើយបានត្រូវប្រោសឲ្យរស់ឡើងវិញទៅស្ថានសួគ៌ លោកយេស៊ូបានបើក«ផ្លូវថ្មីដែលនាំទៅឯជីវិត»សម្រាប់ពួកអ្នកកាន់តាមលោក ជាផ្លូវដែលគ្មានមនុស្សណាធ្លាប់ទៅពីមុនទេ។—ហេប្រឺ ១០:១៩, ២០
តើនេះមានន័យថា តាំងពីពេលនោះមកគ្រិស្តសាសនិកស្មោះត្រង់ទាំងអស់នឹងឡើងទៅស្ថានសួគ៌ឬទេ? មិនមែនទេ ព្រោះការប្រោសឲ្យរស់ឡើងវិញទៅស្ថានសួគ៌គឺសម្រាប់តែមនុស្សមួយចំនួនប៉ុណ្ណោះដែលបានទទួលភារកិច្ចពិសេស។ នៅរាត្រីចុងក្រោយដែលលោកយេស៊ូនៅជាមួយនឹងសាវ័ក លោកបានប្រាប់ថា ពួកគេនឹង«អង្គុយលើបល្ល័ង្កដើម្បីវិនិច្ឆ័យ»ក្នុងរាជាណាចក្រស្ថានសួគ៌។ ដូច្នេះ ពួកគេនឹងគ្រប់គ្រងជាមួយលោកយេស៊ូនៅស្ថានសួគ៌។—លូកា ២២:២៨-៣០
ក្រៅពីពួកសាវ័ក មនុស្សជាច្រើនទៀតក៏នឹងទទួលភារកិច្ចដ៏អស្ចារ្យនេះដែរ។ សាវ័កយ៉ូហានបានឃើញក្នុងគំនិតអំពីលោកយេស៊ូនិងមនុស្សមួយក្រុមដែលបានត្រូវប្រោសឲ្យរស់ឡើងវិញទៅស្ថានសួគ៌ ហើយពួកគេបានទៅជា‹រាជាណាចក្រមួយនិងជាសង្ឃ ហើយពួកគេនឹងគ្រប់គ្រងលើផែនដី›។ (ការបើកបង្ហាញ ៣:២១; ៥:១០) តើមានមនុស្សប៉ុន្មាននាក់ដែលនឹងគ្រប់គ្រងនៅស្ថានសួគ៌? តាមធម្មតាក្នុងរដ្ឋាភិបាលនីមួយៗ មានតែសមាជិកមួយចំនួនប៉ុណ្ណោះដែលបានកំណត់រួចហើយ ដើម្បីគ្រប់គ្រង។ នេះក៏ដូចគ្នានឹងរាជាណាចក្រនៅស្ថានសួគ៌ដែរ។ លោកយេស៊ូដែលជាកូនចៀមរបស់ព្រះនឹងគ្រប់គ្រងរួមគ្នាជាមួយនឹង១៤៤.០០០នាក់ប៉ុណ្ណោះ ដែល«បានត្រូវទិញពីចំណោមមនុស្សជាតិ»។—ការបើកបង្ហាញ ១៤:១, ៤, ៥
មនុស្សចំនួន១៤៤.០០០នាក់គឺប្រាកដជាតិចតួចណាស់បើប្រៀបធៀបទៅនឹងចំនួនមនុស្សស្មោះត្រង់ទាំងអស់ដែលមាននៅអតីតកាលនិងនៅសព្វថ្ងៃនេះ។ ក៏ប៉ុន្តែ នេះមិនមែនជាការចម្លែកទេ ដោយសារមនុស្សចំនួន១៤៤.០០០នាក់បានត្រូវប្រោសឲ្យរស់ឡើងវិញទៅស្ថានសួគ៌គឺដើម្បីបំពេញកិច្ចការដ៏ពិសេសមួយ ហើយនោះជាកិច្ចបម្រើដ៏ពិសិដ្ឋ។ ឧទាហរណ៍ បើអ្នកចង់សង់ផ្ទះមួយ តើអ្នកនឹងជួលជាងទាំងអស់ដែលនៅក្នុងតំបន់របស់អ្នកឬទេ? អត់ទេ។ អ្នកត្រូវការជាងតែមួយចំនួនប៉ុណ្ណោះដើម្បីសង់ផ្ទះរបស់អ្នក។ ស្រដៀងគ្នាដែរ ព្រះនឹងមិនរើសមនុស្សស្មោះត្រង់ទាំងអស់ឲ្យទទួលឯកសិទ្ធិដ៏ពិសេសនេះដើម្បីគ្រប់គ្រងជាមួយគ្រិស្តនៅស្ថានសួគ៌នោះទេ។
រដ្ឋាភិបាលស្ថានសួគ៌នេះនឹងសម្រេចគោលបំណងដែលព្រះមានពីដំបូងចំពោះមនុស្សជាតិ។ លោកយេស៊ូនិងពួក១៤៤.០០០នាក់ដែលគ្រប់គ្រងជាមួយលោកនឹងរៀបចំឲ្យផែនដីទាំងមូលទៅជាសួនឧទ្យាន ជាកន្លែងដែលមនុស្សស្មោះត្រង់ច្រើនឥតគណនានឹងរស់នៅប្រកបដោយសុភមង្គលជារៀងរហូត។ (អេសាយ ៤៥:១៨; ការបើកបង្ហាញ ២១:៣, ៤) នេះនឹងរួមបញ្ចូលពួកអ្នកដែលនៅក្នុងសេចក្ដីនឹកចាំរបស់ព្រះ។ ពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញ។—យ៉ូហាន ៥:២៨, ២៩
អ្នកស្មោះត្រង់ទាំងអស់ដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅសម័យមុននិងនៅសព្វថ្ងៃនេះអាចទទួលអំណោយដ៏អស្ចារ្យដែលជាជីវិតដែលគ្មានទីបញ្ចប់។ (រ៉ូម ៦:២៣) មនុស្សមួយចំនួនតូចនឹងទទួលជីវិតនៅស្ថានសួគ៌សម្រាប់កិច្ចការដ៏ពិសេស ហើយមនុស្សភាគច្រើននឹងទទួលជីវិតនៅលើផែនដីដែលជាសួនឧទ្យាន។