លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ត្រឹមត្រូវខាងវិជ្ជាពេទ្យ

ត្រឹមត្រូវខាងវិជ្ជាពេទ្យ

ត្រឹម​ត្រូវ​ខាង​វិជ្ជា​ពេទ្យ

‹ខ្ញុំ​បាន​កំណត់​ទុក​សេចក្ដី​ដ៏​វិសេស​សំ​រាប់​អ្នក គឺជា​សេចក្ដី​ទូន្មាន ហើយ​នឹង​ដំ​រិះ ប្រយោជន៍​ឲ្យ​អ្នក​បាន​ដឹង​ថា ពាក្យ​ដ៏​ពិត​ទាំង​ប៉ុន្មាន​គួរ​ទុក​ចិត្ត​ជា​ប្រាកដ​ហើយ ដើម្បី​ឲ្យ​អ្នក​បាន​នាំ​ពាក្យ​ដ៏​ពិត​នោះ›។—សុភាសិត ២២:២០, ២១

លក្ខណៈ​ខុស​ប្លែក​នៃ​គម្ពីរ​បរិសុទ្ធ: សៀវភៅ​ពេទ្យ​ពី​សម័យ​បុរាណ​ច្រើន​តែ​មាន​ព័ត៌មាន​ដែល​មិន​គួរ​ឲ្យ​ទុក​ចិត្ត និង​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ហើយ​វិជ្ជា​ពេទ្យ​សម័យ​ទំនើប​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សៀវភៅ​ទាំង​នោះ​គឺ​ខុស​ទាំង​ស្រុង។ សូម្បី​តែ​អ្នក​និពន្ធ​នៅ​សព្វ​ថ្ងៃ​នេះ ក៏​ត្រូវ​កែប្រែ​សៀវភៅ​របស់​ពួក​គេ​ដើម្បី​ឲ្យ​សម​ស្រប​តាម​ការ​រក​ឃើញ​ថ្មី​ៗ​ដែរ។ ផ្ទុយ​ទៅ​វិញ គម្ពីរ​បរិសុទ្ធ​បាន​បញ្ជាក់​ថា គឺ​ព្រះ​ជា​អ្នក​និពន្ធ ហើយ​ថា​បណ្ដាំ​របស់​លោក​«​ស្ថិតស្ថេរ​ជា​រៀង​រហូត​»។—ពេត្រុសទី១ ១:២៥

ឧទាហរណ៍: ច្បាប់​របស់​ម៉ូសេ​បាន​បង្គាប់​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​កប់​លាមក​របស់​ពួក​គេ​នៅ​«​ខាង​ក្រៅ​ទី​ដំឡើង​ត្រ​សាល​»។ (​ចោទិយកថា ២៣:១២, ១៣​) បើ​ពួក​គេ​ប៉ះពាល់​ខ្មោច​សត្វ​ឬ​ក៏​សាកសព​មនុស្ស ពួក​គេ​ត្រូវ​តែ​បោក​សម្លៀក​បំពាក់​ខ្លួន។ (​លេវីវិន័យ ១១:២៧, ២៨; ជនគណនា ១៩:​១៤​-​១៦​) បន្ថែម​ទៅ​ទៀត អ្នក​កើត​ជំងឺ​ឃ្លង់​ត្រូវ​តែ​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​រហូត​ដល់​ពួក​គេ​បាន​ត្រូវ​ពិនិត្យ​សុខភាព​ថា ជំងឺ​នោះ​មិន​អាច​ឆ្លង​ដល់​អ្នក​ឯ​ទៀត។—លេវីវិន័យ ១៣:១​-​៨

អ្វី​ដែល​វិជ្ជា​ពេទ្យ​សម័យ​ទំនើប​បញ្ជាក់: ការ​បន្ទោ​បង់​នៅ​កន្លែង​ត្រឹម​ត្រូវ ការ​លាង​ដៃ និង​ការ​ដាក់​ឲ្យ​រស់​នៅ​ដាច់​ឡែក​ពី​គេ នៅ​តែ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ។ អង្គការ​មួយ​របស់​សហរដ្ឋអាម៉េរិក​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​បាន​ជូន​យោបល់​ថា បើ​គ្មាន​បង្គន់​ត្រឹម​ត្រូវ ឬ​ប្រព័ន្ធ​លូទេ ​«​អ្នក​គួរ​ទៅ​បន្ទោ​បង់​ឲ្យ​ឆ្ងាយ​យ៉ាង​ហោច​ណាស់​៣០​ម៉ែត្រ​ពី​ប្រភព​ទឹក ហើយ​ជីក​កប់​លាមក​នោះ​»។ (​U.S. Centers for Disease Control and Prevention​) អង្គការ​សុខភាព​ពិភព​លោក​បាន​រាយ​ការណ៍​ថា កាល​ដែល​សហគមន៍​ចេះ​កប់​លាមក​ឲ្យ​បាន​ត្រឹម​ត្រូវ ពួក​គេ​អាច​កាត់​បន្ថយ​ជំងឺ​រាគ​រូស​បាន​៣៦​ភាគ​រយ។ តិច​ជាង​២០០​ឆ្នាំ​មុន គ្រូ​ពេទ្យ​បាន​រក​ឃើញ​ថា ពួក​គេ​បាន​ចម្លង​ជំងឺ​ដល់​អ្នក​ជំងឺ​ជា​ច្រើន​នាក់ ដោយ​សារ​ពួក​គេ​មិន​បាន​លាង​ដៃ​ក្រោយ​ពេល​ប៉ះពាល់​សាកសព។ អង្គការ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នៅ​តែ​បញ្ជាក់​ថា ការ​លាង​ដៃ​«​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​»។ ចុះ​យ៉ាង​ណា​ចំពោះ​ការ​ឲ្យ​អ្នក​ជំងឺ​ឃ្លង់ ឬ​អ្នក​ដែល​មាន​ជំងឺ​ឆ្លង​ឯ​ទៀត​នៅ​ដាច់​ដោយ​ឡែក​ពី​គេ? នៅ​ពេល​ថ្មី​ៗ​នេះ ទស្សនាវដ្ដី​មួយ​អំពី​សុខភាព​បាន​សរសេរ​ថា​៖ ​«​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជំងឺ​រាតត្បាត ការ​នៅ​ឲ្យ​ឆ្ងាយ​និង​ការ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ប្រហែលជា​វិធី​តែ​មួយ​គត់ និង​ជា​វិធី​ចុង​ក្រោយ​ដែល​អាច​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នោះ​បាន​»​ (​Saudi Medical Journal​)។

តើ​លោក​អ្នក​គិត​យ៉ាង​ណា? តើ​លោក​អ្នក​គិត​ថា​មាន​សៀវភៅ​បរិសុទ្ធ​ពី​សម័យ​បុរាណ​ផ្សេង​ទៀត ដែល​បញ្ជាក់​ព័ត៌មាន​ត្រឹម​ត្រូវ​ខាង​វិជ្ជា​ពេទ្យ​សម័យ​ទំនើប​នេះ​ឬ​ទេ? ឬ​ក៏​មាន​តែ​គម្ពីរ​បរិសុទ្ធ​មួយ​ប៉ុណ្ណោះ?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៦​]

​«​គ្មាន​អ្នក​ណា​ម្នាក់​ដែល​នឹង​មិន​កោត​ស្ងើច​ចំពោះ​វិធានការ​រក្សា​អនាម័យ នៅ​សម័យ​ម៉ូសេ​ឡើយ​»​ (​MANUAL OF TROPICAL MEDICINE, BY DRS. ALDO CASTELLANI AND ALBERT J. CHALMERS​)។