‹របស់ពីមុនៗ នឹងគ្មានអ្នកណានឹកចាំទៀត›
ចូរចូលទៅជិតព្រះ
‹របស់ពីមុនៗ នឹងគ្មានអ្នកណានឹកចាំទៀត›
ការចងចាំអាចជាពរមួយ។ ការនឹកចាំគ្រាដ៏សែនសប្បាយជាមួយមនុស្សជាទីស្រឡាញ់អាចធ្វើឲ្យយើងកក់ក្ដៅក្នុងចិត្ត។ ប៉ុន្តែ ក្នុងករណីផ្សេងទៀត ការចងចាំហាក់ដូចជាបណ្ដាសាវិញ។ តើលោកអ្នកចេះតែនឹកឃើញអតីតកាលដ៏ឈឺចាប់ឬទេ? បើមែន លោកអ្នកប្រហែលជាឆ្ងល់ថា ‹តើនឹងមានពេលមួយដែលរឿងដ៏ឈឺចាប់ទាំងនេះនឹងរលាយបាត់ពីក្នុងគំនិតខ្ញុំឬទេ?›។ យើងមានចម្លើយដែលគួរឲ្យទុកចិត្តបំផុតក្នុងពាក្យដែលបានត្រូវសរសេរដោយអេសាយដែលជាអ្នកប្រកាសទំនាយ។—សូមអាន អេសាយ ៦៥:១៧
ព្រះយេហូវ៉ាមានគោលបំណងបំបាត់ចោលនូវដើមហេតុដែលបណ្ដាលឲ្យយើងចងចាំនូវរឿងឈឺចាប់។ តើតាមរបៀបណា? លោកនឹងបំផ្លាញចោលពិភពលោកដ៏ទុច្ចរិតនេះ ព្រមទាំងការឈឺចាប់ទាំងអស់ រួចជំនួសដោយអ្វីដ៏ប្រសើរជាងនោះឆ្ងាយណាស់។ តាមរយៈអេសាយ ព្រះយេហូវ៉ាបានសន្យាថា៖ «ដ្បិតមើល! អញនឹងបង្កើតផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី»។ ការដឹងអំពីសេចក្ដីសន្យានេះអាចធ្វើឲ្យចិត្តរបស់យើងពោរពេញទៅដោយសេចក្ដីសង្ឃឹម។
តើមេឃថ្មីគឺជាអ្វី? គម្ពីរប្រាប់យើងនូវតម្រុយពីរដែលអាចជួយយើងឲ្យយល់បាន។ ទី១ ពាក្យមេឃថ្មីបានត្រូវរៀបរាប់ដោយមនុស្សពីរនាក់ទៀតក្នុងគម្ពីរ ហើយក្នុងករណីទាំងពីរ ពាក្យនោះគឺជាប់ទាក់ទងនឹងសេចក្ដីសុចរិតយុត្ដិធម៌ និងការផ្លាស់ប្ដូរយ៉ាងធំនៅលើផែនដីនេះ។ (ពេត្រុសទី២ ៣:១៣; ការបើកបង្ហាញ ២១:១-៤) ទី២ ក្នុងគម្ពីរពាក្យ«មេឃ»អាចតំណាងការគ្រប់គ្រង ឬរដ្ឋាភិបាល។ (អេសាយ ១៤:៤, ១២; ដានីយ៉ែល ៤:២៥, ២៦) បើដូច្នេះ មេឃថ្មីគឺជារដ្ឋាភិបាលថ្មីមួយដែលអាចធ្វើឲ្យមានសេចក្ដីសុចរិតយុត្ដិធម៌នៅផែនដី។ មានការគ្រប់គ្រងតែមួយប៉ុណ្ណោះដែលអាចធ្វើឲ្យអ្វីៗទាំងអស់នោះសម្រេចបាន ពោលគឺរាជាណាចក្ររបស់ព្រះ។ នោះជារដ្ឋាភិបាលនៅស្ថានសួគ៌ដែលលោកយេស៊ូបានបង្រៀនយើងឲ្យអធិដ្ឋានសុំឲ្យមកដល់។ រាជាណាចក្រនោះនឹងធ្វើឲ្យបំណងប្រាថ្នាដ៏សុចរិតយុត្ដិធម៌របស់ព្រះបានសម្រេចពេញផែនដី។—ម៉ាថាយ ៦:៩, ១០
តើផែនដីថ្មីគឺជាអ្វី? សូមពិចារណាចំណុចពីរយ៉ាងក្នុងគម្ពីរដែលជួយយើងឲ្យសន្និដ្ឋានត្រឹមត្រូវ។ ទី១ ជួនកាលក្នុងគម្ពីរពាក្យ«ផែនដី»សំដៅទៅលើមនុស្ស មិនមែនផែនដីមែនទែនទេ។ (ទំនុកតម្កើង ៩៦:១) ទី២ គម្ពីរបានទាយថា ក្រោមការគ្រប់គ្រងរបស់ព្រះ មនុស្សស្មោះត្រង់នឹងរៀនអំពីសេចក្ដីសុចរិត ហើយសេចក្ដីសុចរិតនោះនឹងមានពេញផែនដី។ (អេសាយ ២៦:៩) ហេតុនេះ ផែនដីថ្មីសំដៅទៅលើសង្គមមនុស្សថ្មីដែលនឹងចុះចូលក្រោមការគ្រប់គ្រងរបស់ព្រះ ហើយរស់នៅស្របតាមខ្នាតតម្រាដ៏សុចរិតរបស់លោក។
តើលោកអ្នកអាចយល់របៀបដែលព្រះយេហូវ៉ានឹងបំបាត់ចោលដើមហេតុនៃការចងចាំដែលនាំឲ្យឈឺចាប់ឬទេ? មិនយូរទៀត ព្រះយេហូវ៉ានឹងបំពេញសេចក្ដីសន្យារបស់លោកទាំងស្រុងស្តីអំពីមេឃថ្មីនិងផែនដីថ្មី ដែលជាពិភពលោកថ្មីដ៏សុចរិត។ * ក្នុងពិភពលោកថ្មី នឹងលែងមានអ្វីដែលធ្វើឲ្យយើងចងចាំនូវរឿងឈឺចាប់ខាងរូបកាយ ខាងគំនិត និងខាងផ្លូវចិត្តទៀតហើយ។ មនុស្សស្មោះត្រង់នឹងមានជីវិតដែលពោរពេញទៅដោយការសប្បាយរីករាយ ហើយជារៀងរាល់ថ្ងៃ ពួកគេនឹងចងចាំតែរឿងល្អៗ។
ដូច្នេះ ចុះយ៉ាងណាការឈឺចាប់ក្នុងគំនិត និងខាងផ្លូវចិត្តដែលយើងមាននៅសព្វថ្ងៃនេះ? តាមរយៈអេសាយ ព្រះយេហូវ៉ាសន្យាទៀតថា៖ «របស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹកចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ»។ ការឈឺចាប់ទាំងអស់ដែលយើងមានក្នុងពិភពលោកនេះ នឹងរលាយបាត់បន្ដិចម្ដងៗ។ តើលោកអ្នកចាប់អារម្មណ៍ទៅលើរឿងទាំងនេះឬទេ? បើលោកអ្នកចាប់អារម្មណ៍មែន សូមលោកអ្នករៀនអំពីរបៀបដែលលោកអ្នកអាចចូលកាន់តែជិតព្រះដែលជាអ្នកផ្ដល់នូវសេចក្ដីសន្យាដ៏អស្ចារ្យនេះ។
[កំណត់សម្គាល់]
^ វគ្គ 7 ដើម្បីទទួលព័ត៌មានបន្ថែមអំពីរាជាណាចក្ររបស់ព្រះ និងអ្វីដែលរាជាណាចក្រនោះនឹងសម្រេចនៅពេលបន្ដិចទៀត សូមមើលជំពូកទី៣ ទី៨ និងទី៩ នៃសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបានត្រូវបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
[ឃ្លាអក្សរធំនៅទំព័រ២៨]
ព្រះយេហូវ៉ាមានគោលបំណងបំបាត់ចោល នូវដើមហេតុដែលបណ្ដាលឲ្យចងចាំ នូវរឿងឈឺចាប់