លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបដោះស្រាយជីវភាពពេលមានប្រាក់ចំណូលតិចជាងមុន

របៀបដោះស្រាយជីវភាពពេលមានប្រាក់ចំណូលតិចជាងមុន

របៀប​ដោះ​ស្រាយ​ជីវភាព​ពេល​មាន​ប្រាក់​ចំណូល​តិច​ជាង​មុន

អូបិឌ​ជា​ឪពុក​ដែល​មាន​កូន​ប្រុស​ពីរ​នាក់ អស់​រយៈ​ពេល​១០​ឆ្នាំ គាត់​បាន​ធ្វើ​ការ​ឲ្យ​សណ្ឋាគារ​លំដាប់​ថ្នាក់​ផ្កាយ​ប្រាំ​នៅ​ទី​ក្រុង​ធំ​មួយ​ក្នុង​ទ្វីប​អាហ្វ្រិក ហើយ​គាត់​មិន​សូវ​មាន​បញ្ហា​ក្នុង​ការ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​គាត់​ទេ។ ម្ដង​ម្កាល គាត់​អាច​នាំ​ក្រុម​គ្រួសារ​របស់​គាត់​ទៅ​កម្សាន្ត​នៅ​កន្លែង​ល្អ​ៗ ដូច​ជា​ទៅ​មើល​តំបន់​អភិរក្ស​សត្វ​ព្រៃ​ជា​ដើម។ ប៉ុន្តែ គាត់​បាន​បាត់បង់​ការងារ ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ដែល​មក​ស្នាក់​នៅ​សណ្ឋាគារ ហើយ​នេះ​ធ្វើ​ឲ្យ​គាត់​លែង​មាន​អ្វី​ៗ​ដូច​ពី​មុន​ទៀត។

ស្តេហ្វេន​បាន​ធ្វើ​ការ​អស់​រយៈ​ពេល​ជាង​២២​ឆ្នាំ​នៅ​ធនាគារ​ដ៏​ធំ​មួយ ហើយ​គាត់​បាន​ឡើង​ឋានៈ​ជានា​យក​ប្រតិបត្ដិ​ម្នាក់​ក្នុង​ធនាគារ​នោះ។ ដោយ​សារ​ការងារ​នោះ ធនាគារ​បាន​ផ្ដល់​ការ​ឧបត្ថម្ភ​ពិសេស​ដល់​គាត់​និង​ក្រុម​គ្រួសារ​គាត់ ដូច​ជា​ឲ្យ​គាត់​រស់​នៅ​ផ្ទះ​ធំ​មួយ មាន​ឡាន មាន​អ្នក​បម្រើ ហើយ​កូន​ៗ​របស់​គាត់​ក៏​អាច​ទៅ​រៀន​នៅ​សាលា​ដែល​មាន​ឈ្មោះ​ល្បី​ផង​ដែរ។ ពេល​ដែល​ធនាគារ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​របៀប​រៀបចំ​បុគ្គលិក​ក្នុង​ការិយាល័យ ស្រាប់​តែ​គាត់​បាត់បង់​ការងារ។ ស្តេហ្វេន​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ ខ្ញុំ​មាន​អារម្មណ៍​ថា​អស់​សង្ឃឹម ជូរ​ចត់​ក្នុង​ចិត្ត ហើយ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​»។

រឿង​ទាំង​នេះ​មិន​មែន​ជា​អ្វី​ដែល​ចម្លែក​នោះ​ទេ។ ដោយ​សារ​សេដ្ឋកិច្ច​នៅ​ទូ​ទាំង​ពិភព​លោក​បាន​ធ្លាក់​ចុះ​ជា​លំដាប់ នោះ​មនុស្ស​រាប់​លាន​នាក់​ដែល​មាន​ប្រាក់​ចំណូល​ជា​ទៀង​ទាត់​បាត់បង់​ការងារ។ ក្នុង​ចំណោម​មនុស្ស​ដែល​រក​ការងារ​ថ្មី​បាន ពួក​គេ​ជា​ច្រើន​នាក់​ត្រូវ​បង្ខំ​ចិត្ត​ទទួល​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​តិច រីឯ​ទំនិញ​វិញ​ចេះ​តែ​ឡើង​ថ្លៃ។ មិន​ថា​នៅ​ប្រទេស​ជឿន​លឿន​ឬ​ប្រទេស​ក្រី​ក្រ​ក្ដី ប្រទេស​ទាំង​អស់​បាន​ទទួល​ផល​ប៉ះពាល់​ពី​វិបត្ដិ​សេដ្ឋកិច្ច។

ត្រូវ​ការ​ឱវាទ​ដែល​មាន​ប្រយោជន៍

បើ​យើង​ទទួល​ប្រាក់​ចំណូល​តិច​ជាង​មុន ឬ​បាត់បង់​ការងារ យើង​អាច​ងាយ​នឹង​មាន​គំនិត​អវិជ្ជមាន​ខ្លាំង។ ជា​ការ​ពិត​ណាស់ មនុស្ស​គ្រប់​រូប​មិន​អាច​ជៀស​ផុត​ពី​ការ​ខ្វល់ខ្វាយ​ទាំង​អស់​បាន​ទេ។ ក៏​ប៉ុន្តែ បុរស​ដែល​មាន​ប្រាជ្ញា​ម្នាក់​បាន​និយាយ​ថា​៖ ​«​បើ​ឯង​អន់​ថយ​ក្នុង​ថ្ងៃ​លំបាក នោះ​ឈ្មោះ​ថា​ឯង​មាន​កំឡាំង​តិច​ទេ​»។ (​សុភាសិត ២៤:១០​) ដូច្នេះ ជា​ជាង​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​អំពី​វិបត្ដិ​សេដ្ឋកិច្ច យើង​ចង់​ធ្វើ​តាម​ការ​ដាស់​តឿន​ពី​បណ្ដាំ​របស់​ព្រះ​ដែល​ឲ្យ​យើង​«​បំរុង​ទុក​សេចក្ដី​ដែល​មាន​ប្រយោជន៍​»។—សុភាសិត ២:៧

ទោះ​ជា​គម្ពីរ​មិន​មែន​ជា​សៀវភៅ​ដែល​ឲ្យ​យោបល់​អំពី​រឿង​សេដ្ឋកិច្ច​ក្ដី តែ​គម្ពីរ​ពិត​ជា​មាន​ឱវាទ​ដែល​បាន​ជួយ​មនុស្ស​រាប់​លាន​នាក់​ទូ​ទាំង​ពិភព​លោក​ឲ្យ​ចេះ​ដោះ​ស្រាយ​បញ្ហា​បែប​នេះ​មែន។ សូម​ឲ្យ​យើង​ពិចារណា​អំពី​គោលការណ៍​គម្ពីរ​ខ្លះ​ៗ​ដូច​ខាង​ក្រោម។

គិត​គូរ​ជា​មុន។ សូម​ពិចារណា​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​សៀវភៅ​លូកា ១៤:២៨ ដែល​ចែង​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​ចង់​សង់​ប៉ម​មួយ តើ​មាន​អ្នក​ណា​មិន​អង្គុយ​គិត​គូរ​ជា​មុន​សិន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​សង់​ឲ្យ​បាន​រួច​រាល់​ឬ​ទេ?​»។ ដើម្បី​ធ្វើ​តាម​គោលការណ៍​នេះ យើង​ត្រូវ​រៀបចំ​គម្រោង​ចំណាយ​ជា​មុន​សិន រួច​មក​យើង​ត្រូវ​ធ្វើ​តាម​គម្រោង​នោះ​ឲ្យ​បាន​ដិត​ដល់។ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​ជា​ការ​ពិបាក​មួយ ដូច​ពាក្យ​សម្ដី​របស់​អូបិឌ​ដែល​ថា​៖ ​«​មុន​ពេល​ដែល​ខ្ញុំ​បាត់បង់​ការងារ យើង​តែង​តែ​ទៅ​ផ្សារ​ទំនើប​ដើម្បី​ទិញ​របស់​របរ​ជា​ច្រើន​ដែល​មិន​សូវ​ចាំ​បាច់ យើង​មិន​ដែល​រៀបចំ​គម្រោង​ចំណាយ​ទេ ដោយ​សារ​យើង​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ទិញ​អ្វី​ដែល​យើង​ចង់​ទិញ​»។ បើ​យើង​រៀបចំ​គម្រោង​ទុក​ជា​មុន ទោះ​ជា​យើង​មាន​លុយ​តិច​ជាង​មុន​ក៏​ដោយ ក៏​យើង​ប្រាកដ​ថា យើង​នៅ​តែ​អាច​ទិញ​របស់​របរ​ដែល​ក្រុម​គ្រួសារ​របស់​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​បាន​ដែរ។

កែប្រែ​របៀប​រស់​នៅ​របស់​អ្នក។ ពិត​មែន​ហើយ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​ដើម្បី​កែប្រែ​របៀប​រស់​នៅ​របស់​យើង​ឲ្យ​សាមញ្ញ​ជាង។ ប៉ុន្តែ ការ​ធ្វើ​ដូច្នេះ​គឺជា​អ្វី​ដែល​សំខាន់​ចាំ​បាច់។ បទ​គម្ពីរ​នៅ​សុភាសិត​ចែង​ថា​៖ ​«​មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវឆ្លាត គេ​ឃើញ​សេចក្ដី​អាក្រក់​មក ក៏​ពួន​ខ្លួន​ទៅ​»។ (​សុភាសិត ២២:៣​) ស្តេហ្វេន​បាន​និយាយ​ថា​៖ ​«​ដើម្បី​សន្សំ​លុយ ក្រុម​គ្រួសារ​របស់​ខ្ញុំ​ត្រូវ​រក​ផ្ទះ​ខ្លួន​ឯង​វិញ។ ផ្ទះ​នោះ​តូច​ជាង ហើយ​នៅ​ខាង​ក្នុង​ផ្ទះ​នោះ​មិន​ទាន់​ជួស​ជុល​រួច​នៅ​ឡើយ​ទេ។ កូន​របស់​ខ្ញុំ​បាន​ប្ដូរ​ទៅ​រៀន​នៅ​សាលា​ដែល​បង់​ថ្លៃ​ថោក​ជាង​មុន ប៉ុន្តែ​នៅ​តែ​ផ្ដល់​ការ​អប់រំ​ល្អ​»។

ការ​ពិភាក្សា​ជា​មួយ​ក្រុម​គ្រួសារ​អំពី​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​ជា​ការ​សំខាន់​ណាស់​ដើម្បី​ទទួល​ជោគជ័យ។ អូស្ទីន​បាន​ធ្វើ​ការ​អស់​រយៈ​ពេល​៩​ឆ្នាំ​នៅ​អង្គការ​ផ្នែក​ហិរញ្ញវត្ថុ​មួយ តែ​ក្រោយ​មក​គាត់​បាន​បាត់បង់​ការ​ងារ។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​និង​ប្រពន្ធ​បាន​អង្គុយ​ពិភាក្សា​គ្នា ហើយ​កត់​សរសេរ​នូវ​អ្វី​ដែល​យើង​ពិត​ជា​ត្រូវ​ការ​ចាំ​បាច់។ យើង​ក៏​បាន​កាត់​បន្ថយ​ចំណាយ​ទៅ​លើ​ម្ហូប​អាហារ​ថ្លៃ​ៗ ការ​កម្សាន្ត​ដែល​ស៊ី​លុយ​ច្រើន និង​ការ​ទិញ​សម្លៀក​បំពាក់​ដែល​មិន​ចាំ​បាច់។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ក្រុម​គ្រួសារ​របស់​ខ្ញុំ​បាន​សហការ​គ្នា​លើ​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​នេះ​»។ ពិត​មែន​តែ​កូន​តូច​ៗ​ប្រហែលជា​មិន​យល់​ទាំង​ស្រុង​អំពី​មូលហេតុ​ដែល​ត្រូវ​កែប្រែ​ដូច្នេះ តែ​ក្នុង​នាម​ជា​ឪពុក​ម្ដាយ អ្នក​អាច​ពន្យល់​ពួក​គាត់​ឲ្យ​យល់​អំពី​រឿង​នេះ​បាន។

សុខ​ចិត្ត​ធ្វើ​ការងារ​ផ្សេង។ បើ​អ្នក​ធ្លាប់​តែ​ធ្វើ​ការ​នៅ​ការិយាល័យ អ្នក​ប្រហែលជា​រួញរា​ចំពោះ​ការងារ​ដែល​ប្រើ​កម្លាំង។ អូស្ទីន​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ជា​អ្នក​គ្រប់​គ្រង​នៅ​ក្រុមហ៊ុន​ដ៏​ធំ​មួយ ដូច្នេះ​ពេល​ដែល​ត្រូវ​ធ្វើ​ការ​បម្រើ​គេ ខ្ញុំ​គិត​ថា​វា​ពិបាក​ណាស់​»។ ប៉ុន្តែ នេះ​មិន​ចម្លែក​ទេ ដោយ​សារ​ក្នុង​គម្ពីរ​នៅ​សៀវភៅ​សុភាសិត ២៩:​២៥ បាន​ចែង​ថា​៖ ​«​ការ​ដែល​ខ្លាច​ចំពោះ​មនុស្ស នោះ​នាំ​ឲ្យ​ជាប់​អន្ទាក់​»។ ដូច្នេះ បើ​អ្នក​ចេះ​តែ​គិត​អំពី​ទស្សនៈ​របស់​អ្នក​ឯ​ទៀត នោះ​អ្នក​នឹង​គ្មាន​អង្ករ​ច្រក​ឆ្នាំង​ទេ។ តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​នូវ​គំនិត​អវិជ្ជមាន​បែប​នោះ?

ចិត្ត​រាប​ទាប​គឺជា​កត្ដា​ដ៏​សំខាន់​មួយ។ ក្រោយ​ពេល​ដែល​អូបិឌ​បាត់​បង់​ការងារ​នៅ​សណ្ឋាគារ​ហើយ មិត្ត​ធ្លាប់​រួម​ការងារ​ដែល​មាន​យានដ្ឋាន​ជួស​ជុល​រថយន្ត​បាន​អញ្ជើញ​គាត់​ឲ្យ​ធ្វើ​ការ​ជា​មួយ​គ្នា។ ជួនកាល​គាត់​ត្រូវ​ដើរ​យ៉ាង​ឆ្ងាយ​លើ​ផ្លូវ​ដី​ហុយ​ទ្រលោម​ដើម្បី​ទិញ​ថ្នាំ​បាញ់​ឡាន​និង​គ្រឿង​ឧបករណ៍​ជា​ច្រើន​ទៀត។ អូបិឌ​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ចូល​ចិត្ត​ការ​ងារ​នេះ​ទេ តែ​ខ្ញុំ​គ្មាន​ជម្រើស​ណា​ដែល​ល្អ​ជាង​នេះ​ឡើយ។ ការ​មាន​ចិត្ត​រាប​ទាប​បាន​ជួយ​ខ្ញុំ​ឲ្យ​ព្រម​ធ្វើ​ការងារ​នេះ ទោះ​ជា​វា​ផ្ដល់​ប្រាក់​ខែ​មិន​ដល់​មួយ​ភាគ​បួន​នៃ​ប្រាក់​ខែ​ដែល​ខ្ញុំ​មាន​ពី​មុន​ក៏​ដោយ តែ​វា​គ្រប់​គ្រាន់​ដើម្បី​បំពេញ​នូវ​សេចក្ដី​ត្រូវ​ការ​របស់​ក្រុម​គ្រួសារ​ខ្ញុំ​»។ តើ​អ្នក​អាច​ផ្លាស់​ប្ដូរ​គំនិត​ឲ្យ​ដូច​គាត់​ឬ​ទេ?

ចេះ​ស្កប់​ចិត្ត។ តាម​វចនានុក្រម​មួយ មនុស្ស​ដែល​ចេះ​ស្កប់​ចិត្ត​ជា​បុគ្គល​ដែល​«​មាន​ចិត្ត​សប្បាយ ហើយ​ចេះ​ពេញ​ចិត្ត​នឹង​ស្ថានភាព​របស់​ខ្លួន​»។ ប៉ុន្តែ ចំពោះ​អ្នក​ដែល​ជួប​នឹង​វិបត្ដិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ការ​ពន្យល់​នេះ​មើល​ទៅ​ហាក់​ដូច​ជា​មិន​សូវ​សម​ហេតុ​ផល​ទេ។ ក៏​ប៉ុន្តែ សូម​ពិចារណា​អំពី​ពាក្យ​របស់​សាវ័ក​ប៉ូល​ដែល​ជា​សាសនទូត​ម្នាក់​ដែល​ធ្លាប់​ពិសោធ​អំពី​ការ​ខ្វះ​ខាត គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត ទោះ​ជា​ខ្ញុំ​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ ខ្ញុំ​ចេះ​រស់​នៅ​ដោយ​មាន​តែ​បន្ដិច​បន្តួច ខ្ញុំ​ចេះ​រស់​នៅ​ដោយ​មាន​បរិបូរ​»។—ភីលីព ៤:​១១, ១២

ពិត​មែន​តែ​ស្ថានភាព​របស់​យើង​នៅ​ឥឡូវ​នេះ​មិន​ល្អ​ដូច​ពី​មុន​មែន តែ​សូម​ចាំ​ថា​វា​ក៏​អាច​ពិបាក​ជាង​ឥឡូវ​នេះ​បាន​ដែរ ដោយ​សារ​សម័យ​នេះ​ចេះ​តែ​ផ្លាស់​ប្ដូរ។ ហេតុ​នេះ យើង​ពិត​ជា​អាច​ទទួល​ប្រយោជន៍​បាន បើ​យើង​ធ្វើ​តាម​យោបល់​ដែល​ប៉ូល​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ថា​៖ ​«​តាម​ការ​ពិត ភក្ដីភាព​ចំពោះ​ព្រះ ជា​មួយ​នឹង​ការ​ស្កប់​ចិត្ត នាំ​ឲ្យ​បាន​ផល​ប្រយោជន៍​ច្រើន​ក្រៃ​លែង​មែន។ ដូច្នេះ យើង​នឹង​ស្កប់​ចិត្ត​ហើយ ដោយ​មាន​អាហារ​បរិភោគ សម្លៀក​បំពាក់ និង​ជម្រក​»។ ប៉ូល​មិន​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ខ្ជិល​ធ្វើ​ការ​ទេ ប៉ុន្តែ​គាត់​ចង់​បញ្ជាក់​ថា សេចក្ដី​ត្រូវ​ការ​ខាង​សម្ភារៈ​នោះ​មិន​មែន​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​ឡើយ។—ធីម៉ូថេទី១ ៦:៦,

ប្រភព​នៃ​សុភមង្គល​ពិត

សុភមង្គល​ពិត​មិន​បាន​មក​ពី​ការ​ខំ​ប្រឹង​ប្រមូល​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ចង់​បាន ឬ​ការ​មាន​ជីវិត​សុខ​ស្រួល​នោះ​ទេ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។ ពេល​យើង​ប្រើ​អ្វី​ៗ​ដែល​យើង​មាន​ដើម្បី​ជួយ​អ្នក​ឯ​ទៀត និង​លើក​ទឹក​ចិត្ត​ពួក​គេ នោះ​នាំ​ឲ្យ​យើង​មាន​សុភមង្គល​និង​ការ​ស្កប់​ចិត្ត។—សកម្មភាព ២០:៣៥

ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​យើង គឺ​លោក​ដឹង​ច្បាស់​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ត្រូវ​ការ។ តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ លោក​បាន​ផ្ដល់​ឱវាទ​ដ៏​មាន​ប្រយោជន៍​ដែល​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ជីវិត​ដ៏​ប្រសើរ ហើយ​ក៏​ជួយ​ពួក​គេ​មិន​ឲ្យ​ខ្វល់ខ្វាយ​ហួស​ហេតុ​ពេក​ដែរ។ ការ​ធ្វើ​តាម​យោបល់​ទាំង​នេះ​នឹង​មិន​លើក​ស្ទួយ​ជីវភាព​របស់​យើង​ក្នុង​មួយប៉ប្រិចភ្នែក ឬ​ធ្វើ​ឲ្យ​ជីវភាព​របស់​យើង​ឡើង​ខ្ពស់​ត្រដែត​ឡើយ។ ប៉ុន្តែ លោក​យេស៊ូ​បាន​ធានា​ចំពោះ​អ្នក​ដែល​បន្ត​«​ស្វែងរក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន​»​ថា​ពួក​គេ​នឹង​ទទួល​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ជា​ចាំ​បាច់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។—ម៉ាថាយ ៦:៣៣