ហេតុអ្វីសាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ?
អ្នកអានសួរថា . . .
ហេតុអ្វីសាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ?
▪ ក្នុងគម្ពីរ លោកយេស៊ូបានបង្គាប់ពួកអ្នកកាន់តាមលោកថា៖ «ដូច្នេះ ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ . . . ហើយបង្រៀនពួកគេ»។ (ម៉ាថាយ ២៨:១៩, ២០) តើគ្រិស្តសាសនិកទាំងអស់ត្រូវធ្វើតាមបង្គាប់នេះឬទេ? ពួកអ្នកកាន់តាមមុនគេបង្អស់របស់លោកយេស៊ូបានយល់ថា ពួកគេគួរធ្វើតាមមែន។ ជាឧទាហរណ៍ សាវ័កពេត្រុសបាននិយាយថា៖ «លោក[យេស៊ូ]បានបង្គាប់យើងឲ្យផ្សព្វផ្សាយប្រាប់បណ្ដាជន ថែមទាំងឲ្យធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់»។ (សកម្មភាព ១០:៤២) បន្ថែមទៅទៀត សាវ័កប៉ូលបានសរសេរថា៖ «ខ្ញុំត្រូវតែប្រកាសដំណឹងល្អ។ តាមពិត ប្រសិនបើខ្ញុំមិនប្រកាសដំណឹងល្អ ខ្ញុំត្រូវវេទនាណាស់!»។—កូរិនថូសទី១ ៩:១៦
នៅសតវត្សរ៍ទី១ គ្រិស្តសាសនិកទាំងអស់ក៏ត្រូវធ្វើតាមបង្គាប់របស់លោកយេស៊ូដែរ មិនគ្រាន់តែប៉ូលនិងពេត្រុសប៉ុណ្ណោះទេ។ ពួកគេបានធ្វើឲ្យកិច្ចការផ្សព្វផ្សាយក្លាយទៅជាសញ្ញាសម្គាល់មួយរបស់ពួកគេ។ (សកម្មភាព ៥:២៨-៣២, ៤១, ៤២) សព្វថ្ងៃនេះ សាក្សីព្រះយេហូវ៉ាក៏ព្យាយាមធ្វើដូច្នេះដែរ។ ពួកគេផ្សព្វផ្សាយអំពីអ្វីដែលលោកយេស៊ូបានផ្សព្វផ្សាយ ពោលគឺ «រាជាណាចក្រស្ថានសួគ៌»។—ម៉ាថាយ ១០:៧
តើពួកគេគួរផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រដល់អ្នកណា? លោកយេស៊ូបានបញ្ជាក់ថា ដំណឹងនេះត្រូវផ្សព្វផ្សាយដល់មនុស្សទាំងអស់ និងនៅគ្រប់ទីកន្លែង។ លោកបានប្រាប់ពួកអ្នកកាន់តាមលោកថា៖ «អ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំ . . . រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (សកម្មភាព ១:៨) លោកថែមទាំងបានទាយទុកថា មុននឹងទីបញ្ចប់នៃរបៀបរបបពិភពលោកនេះមកដល់ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី»។ (ម៉ាថាយ ២៤:១៤) ហេតុនេះហើយ គ្រិស្តសាសនិកនៅសតវត្សរ៍ទី១បានព្យាយាមផ្សព្វផ្សាយដល់មនុស្សទាំងអស់ មិនគ្រាន់តែអ្នកស្គាល់គ្នា ឬមនុស្សដែលគ្មានសាសនាប៉ុណ្ណោះទេ។ (កូឡុស ១:២៣; ធីម៉ូថេទី១ ២:៣, ៤) ស្រដៀងគ្នាដែរ សាក្សីព្រះយេហូវ៉ានៅសព្វថ្ងៃនេះខំព្យាយាមផ្សព្វផ្សាយដល់មនុស្សគ្រប់រូប។ *
តើអ្វីជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រ? លោកយេស៊ូជាអ្នកដឹងអំពីរបៀបជួបមនុស្សឲ្យបានច្រើនបំផុត។ ហេតុនេះហើយ លោកបានចាត់ពួកអ្នកកាន់តាមឲ្យទៅជួបមនុស្សតាមក្រុង តាមភូមិ និងតាមផ្ទះ។ (ម៉ាថាយ ១០:៧, ១១, ១២) ក្រោយពីលោកយេស៊ូស្លាប់ហើយរស់ឡើងវិញ ពួកអ្នកកាន់តាមលោកបន្តផ្សព្វផ្សាយ«ពីផ្ទះមួយទៅផ្ទះមួយ»។ (សកម្មភាព ៥:៤២) ដូចលោកយេស៊ូ ពួកគេក៏ផ្សព្វផ្សាយក្រៅផ្លូវការ និងនៅតាមទីសាធារណៈដែរ។ (យ៉ូហាន ៤:៧-២៦; ១៨:២០; សកម្មភាព ១៧:១៧) សព្វថ្ងៃនេះ សាក្សីព្រះយេហូវ៉ាក៏ប្រើវិធីនេះដើម្បីផ្សព្វផ្សាយដល់មនុស្សទាំងអស់ដែរ។
លោកយេស៊ូបានបញ្ជាក់ថា មិនមែនមនុស្សទាំងអស់នឹងស្ដាប់តាមដំណឹងល្អទេ។ (ម៉ាថាយ ១០:១៤; ២៤:៣៧-៣៩) តើនេះគួរជាអ្វីដែលធ្វើឲ្យគ្រិស្តសាសនិកឈប់ផ្សព្វផ្សាយឬទេ? សូមពិចារណាអំពីការប្រៀបធៀបនេះ ឧបមាថា អ្នករួមចំណែកក្នុងក្រុមជួយសង្គ្រោះក្រោយពីមានរញ្ជួយដីមួយកើតឡើង ហើយក្រោយរកអស់មួយរយៈហើយ គឺមានតែមនុស្សប៉ុន្មានអ្នកប៉ុណ្ណោះដែលនៅរស់។ តើអ្នកនឹងឈប់ស្វែងរកមនុស្សទៀតដោយសារតែមូលហេតុនេះឬទេ? អត់ទេ ដរាបណាអ្នកនៅតែមានសង្ឃឹមថា អាចសង្គ្រោះជីវិតមនុស្សសូម្បីតែម្នាក់ នោះអ្នកនឹងបន្តស្វែងរកមនុស្សរហូត។ លោកយេស៊ូបានបង្គាប់ពួកអ្នកកាន់តាមលោកឲ្យបន្តព្យាយាមផ្សព្វផ្សាយ ដរាបណានៅតែមានសង្ឃឹមថា អាចស្វែងរកមនុស្សខ្លះដែលនឹងស្ដាប់តាមដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។ (ម៉ាថាយ ១០:២៣; ធីម៉ូថេទី១ ៤:១៦) ដោយស្វែងរកមនុស្សបែបនោះតាមរយៈកិច្ចការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ នោះសាក្សីព្រះយេហូវ៉ាកំពុងបង្ហាញថា ពួកគេស្រឡាញ់ព្រះ និងអ្នកជិតខាងរបស់ពួកគេ ដែលត្រូវស្ដាប់និងធ្វើតាមដំណឹងអំពីរាជាណាចក្រដើម្បីកុំឲ្យបាត់បង់ជីវិត។—ម៉ាថាយ ២២:៣៧-៣៩; ថែស្សាឡូនិចទី២ ១:៨
ទស្សនាវដ្ដីដែលលោកអ្នកកំពុងអាននេះ មានព័ត៌មានពីគម្ពីរដែលបញ្ជាក់អំពីរឿងនេះ។ ដើម្បីទទួលព័ត៌មានបន្ថែម សូមនិយាយជាមួយសាក្សីព្រះយេហូវ៉ាពេលដែលពួកគេមកផ្សព្វផ្សាយនៅផ្ទះរបស់លោកអ្នកនៅលើកក្រោយ ឬសរសេរសំបុត្រទៅកន្លែងបោះពុម្ពផ្សាយទស្សនាវដ្ដីនេះ។
[កំណត់សម្គាល់]
^ វគ្គ 5 សាក្សីព្រះយេហូវ៉ាកំពុងផ្សព្វផ្សាយក្នុង២៣៦ប្រទេសនិងតំបន់។ នៅឆ្នាំមុន ពួកគេចំណាយពេល១.៧០០លានម៉ោងក្នុងកិច្ចការផ្សព្វផ្សាយ ហើយពួកគេបានដឹកនាំការសិក្សាគម្ពីរចំនួន៨.៥០០.០០០នៅទូទាំងពិភពលោក។