លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹ខ្ញុំបានសម្ដែងឲ្យស្គាល់នាមរបស់លោក›

‹ខ្ញុំបានសម្ដែងឲ្យស្គាល់នាមរបស់លោក›

‹ខ្ញុំ​បាន​សម្ដែង​ឲ្យ​ស្គាល់​នាម​របស់​លោក›​

​«​ខ្ញុំ​បាន​សម្ដែង​នាម​របស់​លោក​ឲ្យ​ពួក​បុរស​ដែល​លោក​បាន​យក​ចេញ​ពី​ពិភព​លោក . . . ខ្ញុំ​បាន​សម្ដែង​ឲ្យ​ពួក​គាត់​ស្គាល់​នាម​របស់​លោក ក៏​នឹង​សម្ដែង​ឲ្យ​ស្គាល់​ត​ទៅ​ទៀត​»។—យ៉ូហាន ១៧:៦, ២៦

អត្ថន័យ​នៃ​ខ​គម្ពីរ​នេះ: លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​នាម​របស់​ព្រះ​ដោយ​ប្រើ​នាម​នោះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ពេល​លោក​យេស៊ូ​អាន​បទ​គម្ពីរ ដូច​លោក​ធ្លាប់​ធ្វើ​ជា​ច្រើន​ដង លោក​បាន​និយាយ​នាម​របស់​ព្រះ។ (​លូកា ៤:១៦​-​២១​) លោក​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​ថា​៖ ​«​បិតា​អើយ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។—លូកា ១១:២

របៀប​ដែល​គ្រិស្ត​សាសនិក​ដំបូង​មាន​លក្ខណៈ​សម្គាល់​នេះ: សាវ័ក​ពេត្រុស​បាន​ប្រាប់​បុរស​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​ថា ព្រះ​បាន​រើស​យក​ពី​ប្រជាជាតិ​នានា​នូវ​«​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក​»។ (​សកម្មភាព ១៥:១៤​) ពួក​សាវ័ក និង​អ្នក​ឯ​ទៀត​បាន​ផ្សព្វ​ផ្សាយ​ថា​៖ ​«​អស់​អ្នក​ណា​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ​»។ (​សកម្មភាព ២:២១; រ៉ូម ១០:​១៣​) ពួក​គេ​ក៏​បាន​ប្រើ​នាម​របស់​ព្រះ​នៅ​ក្នុង​សំណេរ​របស់​ពួក​គេ​ផង​ដែរ។ ស្តី​អំពី​ការ​ដុត​ចោល​សំណេរ​របស់​គ្រិស្ត​សាសនិក​ដោយ​ពួក​អ្នក​ប្រឆាំង កម្រង​ច្បាប់​ជន​ជាតិ​យូដា​មួយ​ដែល​បាន​ចង​ក្រង​រួច​រាល់​ប្រហែលជា​នៅ​ឆ្នាំ​៣០០ គ​.​ស​បាន​ចែង​ថា​៖ ​«​សៀវភៅ​របស់​អ្នក​សរសេរ​គម្ពីរ​អំពី​លោក​យេស៊ូ​គ្រិស្ត​និង​សៀវភៅ​របស់​ពួក​មិនិម[​ដែល​គេ​គិត​ថា​ជា​គ្រិស្ត​សាសនិកជន​ជាតិ​យូដា​] បាន​ត្រូវ​ដុត​ចោល។ ប៉ុន្តែ​សៀវភៅ​ទាំង​នោះ​បាន​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ដុត​ចោល​នៅ​កន្លែង​ណា​ដែល​ឃើញ​មាន . . . សៀវភៅ​ទាំង​នោះ​និង​ឯកសារ​នានា​ដែល​មាន​នាម​របស់​ព្រះ​»​ (​The Tosefta​)។

សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​មាន​លក្ខណៈ​សម្គាល់​នេះ? បុព្វកថា​នៃ​សេចក្ដី​បក​ប្រែ​មួយ​ដែល​បាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រុម​ប្រឹក្សា​ជាតិ​នៃ​វិហារ​របស់​គ្រិស្ត​នៅ​សហរដ្ឋអាម៉េរិក​ចែង​ថា​៖ ​«​ការ​ប្រើ​ឈ្មោះ​ទាំង​អស់​ណា​សម្រាប់​ព្រះ​តែ​មួយ ហើយ​មាន​តែ​មួយ ដែល​ហាក់​ដូច​ជា​មាន​ព្រះ​ឯ​ទៀត​ដើម្បី​ឲ្យ​លោក​ខុស​ពី​ព្រះ​ឯ​ទៀត បាន​ឈប់​ធ្វើ​នៅ​ក្នុង​សាសនាយូដា​មុន​សម័យ​គ្រិស្ត​សាសនិក ហើយ​គឺ​មិន​សម​ត្រឹម​ត្រូវ​សោះ​សម្រាប់​ជំនឿ​របស់​វិហារ​គ្រិស្ត​សាសនិក​»។ (​Revised Standard Version​) អាស្រ័យ​ហេតុ​នេះ សេចក្ដី​បក​ប្រែ​នោះ​បាន​ប្រើ​ឋានៈ​មួយ ពោល​គឺ​«​លោក​ម្ចាស់​»​ដើម្បី​ជំនួស​នាម​របស់​ព្រះ។ នៅ​ពេល​ថ្មី​ៗ​នេះ ពួក​អភិបាល​នៃ​សាសនា​កាតូលិក​បាន​ទទួល​បង្គាប់​ពី​សម្ដេច​ប៉ាប​ថា ​«​មិន​ត្រូវ​ប្រើ​ឬ​និយាយ​នាម​របស់​ព្រះ​ដែល​មាន​ក្នុង​តេត្រាក្រាម ដែល​តំណាង​ដោយ​អក្សរ​បួន​តួ​គឺ​យហវហ aនៅ​ក្នុង​ចម្រៀង​និង​សេចក្ដី​អធិដ្ឋាន​ឡើយ​»។

សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​ប្រើ​នាម​របស់​ព្រះ ហើយ​ធ្វើ​ឲ្យ​គេ​ស្គាល់​នាម​នោះ? នៅ​ប្រទេស​គៀហ្គីស្ថាន ពេល​ដែល​ស៊ែកហ្គេ​នៅ​ជា​ក្មេង​ជំទង់ គាត់​បាន​មើល​កុន​មួយ​ដែល​ប្រាប់​ថា​នាម​របស់​ព្រះ​គឺ​យេហូវ៉ា។ អស់​រយៈ​ពេល​ប្រហែលជា​១០​ឆ្នាំ គាត់​មិន​បាន​ឮ​នាម​របស់​ព្រះ​ទៀត​ទេ។ ក្រោយ​មក បន្ទាប់​ពី​ស៊ែកហ្គេ​បាន​ទៅ​រស់​នៅ​សហរដ្ឋអាម៉េរិក មាន​ស្ត្រី​ពីរ​នាក់​ជា​សាក្សី​ព្រះ​យេហូវ៉ា​បាន​មក​ផ្សាយ​នៅ​ផ្ទះ​គាត់ ហើយ​បង្ហាញ​គាត់​អំពី​នាម​របស់​ព្រះ​ក្នុង​គម្ពីរ។ ស៊ែកហ្គេ​មាន​ចិត្ត​រំភើប​ដែល​រក​ឃើញ​ក្រុម​មួយ​ដែល​បាន​ប្រើ​នាម​យេហូវ៉ា។ គួរ​ឲ្យ​ចាប់​អារម្មណ៍ វចនានុក្រម​មួយ​ឲ្យ​និយម​ន័យ​នៃ​ពាក្យ​«​ព្រះ​យេហូវ៉ា​»​ថា ​«​ជា​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​តែ​មួយ​អង្គ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ទទួល​ស្គាល់​និង​គោរព​ប្រណិប័តន៍​»​ (​Webster’s Third New International Dictionary​)។

[​កំណត់​សម្គាល់​]

a ក្នុង​ភាសា​ខ្មែរ ជា​ធម្មតា នាម​របស់​ព្រះ​បាន​ត្រូវ​បក​ប្រែ​ថា​«​យេហូវ៉ា​»។