លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយ»

«ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយ»

​​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​»​

​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។—ម៉ាថាយ ២៤:១៤

អត្ថន័យ​នៃ​ខ​គម្ពីរ​នេះ: លូកា​ជា​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​បាន​រៀប​រាប់​ថា លោក​យេស៊ូ​«​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ ហើយ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ដោយ​ផ្សព្វ​ផ្សាយ​និង​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​»។ (​លូកា ៨:១​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ក្រុង​ផ្សេង​ទៀត​ដែរ ពីព្រោះ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក​»។ (​លូកា ៤:៤៣​) លោក​បាន​ចាត់​អ្នក​កាន់​តាម​លោក​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ក្នុង​ក្រុង​និង​ភូមិ ហើយ​ក្រោយ​មក​លោក​បាន​បង្គាប់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ . . . រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែនដី​»។—សកម្មភាព ១:៨; លូកា ១០:១

របៀប​ដែល​គ្រិស្ត​សាសនិក​ដំបូង​មាន​សញ្ញា​សម្គាល់​នេះ: អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ធ្វើ​តាម​ភ្លាម​នូវ​អ្វី​ដែល​លោក​បាន​ប្រាប់​ពួក​គេ។ ​«​ជា​រៀង​រាល់​ថ្ងៃ ក្នុង​វិហារ​និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ពួក​គាត់​បន្ត​បង្រៀន​និង​ប្រកាស​ដំណឹង​ល្អ​ឥត​ឈប់ អំពី​លោក​យេស៊ូ ដែល​ជា​គ្រិស្ត​»។ (​សកម្មភាព ៥:៤២​) ការ​ផ្សព្វ​ផ្សាយ​មិន​មែន​សម្រាប់​តែ​ក្រុម​តូច​ពិសេស​ណា​មួយ​ទេ គឺ​ទាំង​អស់​គ្នា​ក្នុង​ក្រុម​ជំនុំ​បាន​ផ្សព្វ​ផ្សាយ។ នីនដឺ​ដែល​ជា​ប្រវត្ដិវិទូ​ម្នាក់​បាន​សង្កេត​ឃើញ​ថា ​«​សេល​សឺស​គឺជា​មនុស្ស​ម្នាក់​ដំបូង​ដែល​បាន​សរសេរ​ប្រឆាំង​នឹង​គ្រិស្ត​សាសនា អ្នក​កាត់​និង​ត្របាញ់​រោម​ចៀម អ្នក​ធ្វើ​ស្បែក​ជើង អ្នក​សម្លាប់​ស្បែក មនុស្ស​មិន​ចេះ​អក្សរ​និង​មនុស្ស​សាមញ្ញ​បំផុត​ដែល​ជា​អ្នក​ខ្នះខ្នែង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​»។ លោក​ហ្សង់ ប៊ែណាឌី​បាន​សរសេរ​ក្នុង​សៀវភៅ​របស់​គាត់​ថា​៖ ​«​[​គ្រិស្ត​សាសនិក​]ចេញ​ទៅ​និយាយ​ប្រាប់​មនុស្ស​គ្រប់​រូប​នៅ​គ្រប់​ទី​កន្លែង។ តាម​ផ្លូវ​ធំ​ៗ និង​នៅ​ក្នុង​ក្រុង នៅ​កន្លែង​សាធារណៈ​និង​នៅ​ក្នុង​ផ្ទះ​អ្នក​ឯ​ទៀត។ ទោះ​ជា​មនុស្ស​ស្ដាប់​ឬ​មិន​ស្ដាប់​ក៏​ដោយ ពួក​គេ​ផ្សព្វ​ផ្សាយ . . . រហូត​ដល់​ចុង​ផែនដី​»​ (​The Early Centuries of the Church​)។

សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​មាន​លក្ខណៈ​សម្គាល់​នេះ? បព្វជិត​នៃ​វិហារ​អាន​គ្លីគិន​ម្នាក់​ឈ្មោះ​ដាវីឌ វ៉ាត់សុន​បាន​សរសេរ​ថា​៖ ​«​មូលហេតុ​មួយ​ដែល​សព្វ​ថ្ងៃ​នេះ មនុស្ស​មិន​ចាប់​អារម្មណ៍​ក្នុង​ការ​បម្រើ​ព្រះ គឺ​ដោយ​សារ​វិហារ​គ្រិស្ត​សាសនា​មិន​ចាត់​ទុក​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​គម្ពីរ​ថា​សំខាន់​ទេ​»។ ហូសា លូអេ ប៉េរ៉េស គ័រដាលូ​ពី​បាន​សរសេរ​ក្នុង​សៀវភៅ​របស់​គាត់​ស្តី​អំពី​សកម្មភាព​របស់​ពួក​អ៊ីវ៉ាន់ជីលិកខល ពួក​អែដវិនធីស្ត​និង​អ្នក​ឯ​ទៀត ហើយ​បាន​សង្កេត​ឃើញ​ថា ​«​ពួក​គេ​មិន​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទេ​»។ (​Why Are the Catholics Leaving?​) ប៉ុន្តែ ស្តី​អំពី​សាក្សី​ព្រះ​យេហូវ៉ា គាត់​បាន​សរសេរ​ថា​៖ ​«​ពួក​គេ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​តាម​ការ​រៀបចំ​យ៉ាង​ត្រឹម​ត្រូវ​»។

លោក​យ៉ូណាថិន ធើឡេ​បាន​សរសេរ​អំពី​ការ​សង្កេត​ឃើញ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​ពិត​ត្រង់​របស់​គាត់​ក្នុង​សៀវភៅ​មួយ​ថា​៖ ​«​បើ​គេ​និយាយ​អំពី​សាក្សី​ព្រះ​យេហូវ៉ា មនុស្ស​ភាគ​ច្រើន​គិត​ភ្លាម​អំពី​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មក​ផ្ទះ​យើង​នៅ​ម៉ោង​ដែល​យើង​រវល់។ ចំពោះ​សាក្សី​ព្រះ​យេហូវ៉ា ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​មិន​ត្រឹម​តែ​ពង្រឹង​ជំនឿ​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​គឺ​សំខាន់​ចាំ​បាច់​សម្រាប់​ជំនឿ​របស់​ពួក​គេ​ផ្ទាល់​»​ (​Cato Supreme Court Review, 2001-2002​)។

[​ប្រអប់​នៅ​ទំព័រ​៩​]

តើ​លោក​អ្នក​ទទួល​ស្គាល់​សញ្ញា​សម្គាល់​ទាំង​នេះ​ឬ​ទេ?

ដោយ​ផ្អែក​លើ​ខ្នាត​តម្រា​គម្ពីរ​ដែល​បាន​ត្រូវ​ពិចារណា​ក្នុង​អត្ថបទ​បន្ត​បន្ទាប់​គ្នា​នេះ តើ​លោក​អ្នក​គិត​ថា សព្វ​ថ្ងៃ​នេះ​អ្នក​ណា​មាន​សញ្ញា​សម្គាល់​ជា​គ្រិស្ត​សាសនិក​ពិត? ក៏​ប៉ុន្តែ មាន​រាប់​ម៉ឺន​និកាយ​ដែល​អះអាង​ថា​ជា​គ្រិស្ត​សាសនិក។ ដូច្នេះ សូម​ចាំ​អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​មិន​មែន​អស់​អ្នក​ដែល​និយាយ​មក​ខ្ញុំ​ថា​៖ ‹លោក​ម្ចាស់! លោក​ម្ចាស់!› នឹង​ចូល​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ តែ​គឺ​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​នៃ​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​វិញ​»។ (​ម៉ាថាយ ៧:២១​) ការ​សម្គាល់​អ្នក​ដែល​កំពុង​ធ្វើ​តាម​បំណង​ប្រាថ្នា​នៃ​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ពោល​គឺ​អ្នក​ដែល​មាន​សញ្ញា​សម្គាល់​ជា​គ្រិស្ត​សាសនិក ហើយ​ចូល​រួម​ជា​មួយ​ពួក​គេ អាច​នាំ​ឲ្យ​ទទួល​ពរ​ជា​រៀង​រហូត​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ។ ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​រាជាណាចក្រ​ព្រះ ហើយ​ទទួល​ពរ​ដែល​រាជាណាចក្រ​នោះ​នឹង​នាំ​មក យើង​សូម​អញ្ជើញ​លោក​អ្នក​សួរ​សាក្សី​ព្រះ​យេហូវ៉ា​ដែល​បាន​ជូន​ទស្សនាវដ្ដី​នេះ​ដល់​លោក​អ្នក។—លូកា ៤:៤៣