លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើបុគ្គលវិញ្ញាណមានឥទ្ធិពលយ៉ាងណាមកលើយើង?

តើបុគ្គលវិញ្ញាណមានឥទ្ធិពលយ៉ាងណាមកលើយើង?

សូម​រៀន​ពី​បណ្ដាំ​របស់​ព្រះ

តើ​បុគ្គល​វិញ្ញាណ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

អត្ថបទ​នេះ​ឆ្លើយ​សំណួរ​មួយ​ចំនួន​ដែល​លោក​អ្នក​ប្រហែលជា​ធ្លាប់​លើក​ឡើង ហើយ​បង្ហាញ​ចម្លើយ​ដែល​លោក​អ្នក​អាច​អាន​ពី​គម្ពីរ​របស់​លោក​អ្នក។ សាក្សី​ព្រះ​យេហូវ៉ា​នឹង​រីករាយ​ពិភាក្សា​ចម្លើយ​ទាំង​នេះ​ជា​មួយ​នឹង​លោក​អ្នក។

១​. តើ​ពួក​ទេវតា​ជា​អ្នក​ណា?

ពួក​ទេវតា​ជា​បុគ្គល​វិញ្ញាណ​ដែល​រស់​នៅ​ស្ថាន​សួគ៌។ ពួក​គេ​មាន​ជីវិត​ដែល​ខ្ពស់​ជាង​ជីវិត​មនុស្ស​នៅ​ផែនដី។ ព្រះ​ពិត​ក៏​ជា​បុគ្គល​វិញ្ញាណ​ដែរ លោក​បាន​បង្កើត​ទេវតា​មុន​ពេល​ដែល​លោក​បាន​បង្កើត​ផែនដី។ (​យ៉ូប ៣៨:៤, ៧; ម៉ាថាយ ១៨:១០​) ព្រះ​យេហូវ៉ា​មាន​ទេវតា​ស្មោះ​ត្រង់​រាប់​លាន​នាក់​ដែល​នៅ​ជុំ​វិញ​លោក។—សូម​អាន ទំនុកតម្កើង ១០៣:២០, ២១; ដា​នី​យ៉ែល ៧:៩, ១០

២​. តើ​ពួក​ទេវតា​ជួយ​មនុស្ស​ឬ​ទេ?

ទេវតា​បាន​ជួយ​ឡុត​ដែល​ជា​បុរស​ស្មោះ​ត្រង់​ម្នាក់។ គាត់​រស់​នៅ​ទី​ក្រុង​ដែល​ព្រះ​បាន​សម្រេច​ថា​នឹង​បំផ្លាញ​ចោល ដោយ​សារ​មនុស្ស​នៅ​ទី​ក្រុង​នោះ​ធ្វើ​អំពើ​អាក្រក់។ ទេវតា​ពីរ​រូប​បាន​ព្រមាន​ឡុត​និង​គ្រួសារ​របស់​គាត់​ឲ្យ​រត់​ចេញ​ពី​ទី​ក្រុង​នោះ។ មនុស្ស​ខ្លះ​ចាត់​ទុក​ការ​ព្រមាន​នោះ​ថា​ជា​រឿង​លេង​សើច ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​ទេ។ ប៉ុន្តែ ឡុត​និង​កូន​ស្រី​របស់​គាត់​បាន​រួច​ជីវិត ដោយ​សារ​ពួក​គេ​ស្ដាប់​តាម​ការ​ព្រមាន​ដែល​ព្រះ​បាន​ប្រាប់​តាម​រយៈ​ទេវតា​ទាំង​នោះ។—សូម​អាន លោកុប្បត្តិ ១៩:១, ១៣​-​១៧, ២៦

គម្ពីរ​ប្រាប់​ថា ពួក​ទេវតា​កំពុង​ជួយ​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ ដោយ​ដឹក​នាំ​កិច្ចការ​របស់​ពួក​អ្នក​ស្មោះ​ត្រង់​ដែល​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ (​ម៉ាថាយ ២៤:១៤​) ដំណឹង​ល្អ​ក៏​មាន​ការ​ព្រមាន​ដែរ ហើយ​ការ​ព្រមាន​នោះ​មិន​មែន​ជា​រឿង​លេង​សើច​ទេ ដូច​ការ​ព្រមាន​ដែល​ឡុត​បាន​ទទួល​មិន​មែន​ជា​រឿង​លេង​សើច​ដែរ។ ព្រោះ​ការ​ព្រមាន​នោះ​មក​ពី​ព្រះ​តាម​រយៈ​ទេវតា។—សូម​អាន ការ​បើក​បង្ហាញ ១:១; ១៤:៦, ៧

ពេល​ដែល​យើង​ជួប​ប្រទះ​នឹង​ការ​លំបាក​ផ្សេង​ៗ នោះ​ព្រះ​អាច​ចាត់​ពួក​ទេវតា​ឲ្យ​មក​ពង្រឹង​កម្លាំង​យើង។ លោក​ក៏​ធ្លាប់​ចាត់​ទេវតា​ឲ្យ​មក​ពង្រឹង​កម្លាំង​លោក​យេស៊ូ​ដែរ។—សូម​អាន លូកា ២២:​៤១​-​៤៣

មិន​យូរ​ប៉ុន្មាន​ទៀត ព្រះ​នឹង​ចាត់​ពួក​ទេវតា​តាម​របៀប​មួយ​ផ្សេង​ទៀត ដើម្បី​បំផ្លាញ​មនុស្ស​អាក្រក់​ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខវេទនា។ នេះ​ពិត​ជា​នាំ​ឲ្យ​មនុស្ស​ជាតិ​ធូរ​ស្បើយ​ក្នុង​ចិត្ត​មែន។—សូម​អាន ថែស្សាឡូនិច​ទី​២ ១:៦​-​៨

៣​. តើ​ពួក​វិញ្ញាណ​កំណាច​មាន​ឥទ្ធិពល​មក​លើ​យើង​ យ៉ាង​ដូច​ម្ដេច?

ដូច​មាន​មនុស្ស​ជា​ច្រើន​នៅ​ផែនដី​ដែល​ធ្វើ​អំពើ​អាក្រក់​ដោយ​មិន​ស្ដាប់​បង្គាប់​ព្រះ នោះ​ទេវតា​ជា​ច្រើន​នៅ​ស្ថាន​សួគ៌​ក៏​បាន​បះបោរ​ប្រឆាំង​នឹង​ព្រះ​ដែរ។ (​ពេត្រុសទី២ ២:៤​) ពួក​ទេវតា​ដែល​មិន​ស្ដាប់​បង្គាប់​ព្រះ​បាន​ត្រូវ​ហៅ​ថា​ពួក​វិញ្ញាណ​កំណាច។ ក្នុង​ចំណោម​ពួក​វិញ្ញាណ​កំណាច​ទាំង​នោះ មាន​មេកំណាច​ដែល​ហៅ​ថា​សាថាន។ សាថាន​និង​ពួក​វិញ្ញាណ​កំណាច​កំពុង​បំភាន់​មនុស្ស​ជាតិ។—សូម​អាន ការ​បើក​បង្ហាញ ១២:៩

សាថាន​មាន​ឥទ្ធិពល​ទៅ​លើ​មនុស្ស តាម​រយៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ដែល​ប្រើ​ល្បិច​គ្រប់​យ៉ាង​ឲ្យ​តែ​បាន​កម្រៃ រដ្ឋាភិបាល​របស់​មនុស្ស និង​សាសនា​មិន​ពិត ដើម្បី​បង្វែរ​ពួក​គេ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ព្រះ។ ដូច្នេះ សាថាន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ភាព​អយុត្ដិធម៌ អំពើ​ឃោរឃៅ និង​ការ​ឈឺ​ចាប់​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាតិ​រង​ទុក្ខវេទនា។—សូម​អាន យ៉ូហាន​ទី​១ ៥:១៩

៤​. តើ​តាម​របៀប​ណា​ដែល​ពួក​វិញ្ញាណ​អាក្រក់​បំភាន់​មនុស្ស?

សាថាន​បាន​បោក​បញ្ឆោត​មនុស្ស​ជា​ច្រើន​តាម​រយៈ​សេចក្ដី​បង្រៀន​មិន​ពិត​ដែល​ថា មនុស្ស​ស្លាប់​ក្លាយ​ទៅ​ជា​វិញ្ញាណ​ដែល​អាច​ទាក់​ទង​ជា​មួយ​ពួក​គេ​បាន។ ក៏​ប៉ុន្តែ គម្ពីរ​បាន​រៀប​រាប់​ថា មនុស្ស​ស្លាប់​មិន​អាច​ធ្វើ​អ្វី​ទាល់​តែ​សោះ។ (​សាស្ដា ៩:៥​) ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជា​រឿយ​ៗ​ពួក​វិញ្ញាណ​កំណាច​បញ្ឆោត​ពួក​គេ​ដោយ​ធ្វើ​សំឡេង​ដូច​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់​ទៅ។ (​អេសាយ ៨:១៩​) ពួក​វិញ្ញាណ​កំណាច​បំភាន់​អ្នក​ឯ​ទៀត​តាម​រយៈ​គ្រូ​ខាប​ព្រលឹង​មនុស្ស​ស្លាប់ គ្រូ​ទាយ និង​ពួក​ហោរាសាស្ត្រ។ បណ្ដាំ​របស់​ព្រះ​ព្រមាន​យើង​ឲ្យ​ជៀស​ចេញ​ពី​ការ​ប្រព្រឹត្ត​ទាំង​នោះ។ ដូច្នេះ យើង​គួរ​បោះបង់​ចោល​អ្វី​ក៏​ដោយ​ដែល​ជាប់​ទាក់​ទង​នឹង​មន្តអាគម និង​ពួក​វិញ្ញាណ​កំណាច។—សូម​អាន ចោទិយកថា ១៨:​១០, ១១; សកម្មភាព ១៩:១៩

បើ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​មិន​ត្រូវ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ពួក​វិញ្ញាណ​កំណាច​ឡើយ។ ពេល​យើង​សិក្សា​បណ្ដាំ​របស់​ព្រះ​ហើយ​ធ្វើ​តាម នោះ​យើង​អាច​តស៊ូ​នឹង​មេកំណាច ហើយ​ចូល​ទៅ​ជិត​ព្រះ។ ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ខ្លាំង​ជាង​ពួក​វិញ្ញាណ​កំណាច​ឆ្ងាយ​ណាស់។ ពួក​ទេវតា​ស្មោះ​ត្រង់​របស់​លោក​អាច​ពង្រឹង​កម្លាំង​យើង​ពេល​ដែល​យើង​ត្រូវ​ការ។—សូម​អាន ទំនុកតម្កើង ៣៤:៧; យ៉ាកុប ៤:៧, ៨

ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី​១០​នៃ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។