តើលោកអ្នកដឹងឬទេ?
តើលោកអ្នកដឹងឬទេ?
តើទីបូជាដែលសាវ័កប៉ូលបានឃើញនៅក្រុងអាថែន មានអក្សរចារឹកថា«ជូនព្រះដែលគេពុំស្គាល់» គឺជាអ្វី?—សកម្មភាព ១៧:២៣
▪ អ្នកនិពន្ធជនជាតិក្រិចជាច្រើននាក់ធ្លាប់សរសេរអំពីទីបូជាទាំងនេះ។ ជាឧទាហរណ៍ ផាវសានៀស ដែលជាប្រវត្ដិវិទូនិងអ្នកភូមិវិទ្យាម្នាក់នៅសតវត្សរ៍ទី២ គ.ស.បានសរសេរថា នៅតំបន់អូលីមពៀមាន«ទីបូជានៃព្រះដែលគេពុំស្គាល់»។ ទស្សនវិទូនិងវាគ្មិនម្នាក់ឈ្មោះភីឡូស្ដ្រាទូសបាននិយាយថា នៅក្រុងអាថែន«គេ[បាន]បង្កើតទីបូជាដើម្បីគោរពបូជាសូម្បីតែព្រះនោះគេមិនស្គាល់ក៏ដោយ»។
នៅសតវត្សទី៣ គ.ស. អ្នកនិពន្ធម្នាក់ឈ្មោះឌីអូចេណេស ឡើទៀស បានសរសេររឿងមួយដែលបញ្ជាក់អំពីប្រវត្ដិនៃ«ទីបូជាជូនព្រះដែលគ្មានឈ្មោះ»។ រឿងនោះមកពីសតវត្សទី៦ ឬទី៧ មុនគ.ស. ហើយរៀបរាប់អំពីរបៀបដែលបុរសម្នាក់ឈ្មោះអេពីមេនីឌីសបានបំបាត់រោគរាតត្បាតម្យ៉ាងពីក្រុងអាថែន។ ឌីអូចេណេសសរសេរថា៖ «គាត់[អេពីមេនីឌីស]បានយកសត្វចៀម . . . ហើយនាំទៅឯអារីយ៉ូស។ នៅទីនោះគាត់ឲ្យសត្វទាំងនោះដើរទៅកន្លែងណាដែលវាចង់ទៅ ហើយណែនាំអ្នកដែលដើរតាមសត្វនោះថា ត្រូវកត់ចំណាំកន្លែងណាដែលសត្វនោះដេក រួចនៅកន្លែងដដែលនោះត្រូវជូនគ្រឿងបូជាចំពោះព្រះនៃតំបន់នោះ។ តាមគេនិយាយ រោគរាតត្បាតបានត្រូវបំបាត់តាមវិធីនេះ។ ដូច្នេះ រហូតមកដល់សព្វថ្ងៃនេះនៅតំបន់ខ្លះនៃអាទិកា នៅមានទីបូជាដែលគ្មានចារឹកឈ្មោះព្រះណាមួយទេ»។
យោងទៅតាមវចនានុក្រមមួយ មានមូលហេតុមួយទៀតដែលពួកគេប្រហែលជាបានបង្កើតទីបូជាជូនព្រះដែលពុំគេស្គាល់នោះ គឺដោយសារ«ភ័យខ្លាចថា បើមានព្រះណាមួយដែលពួកគេមិនបានគោរពបូជា នោះពួកគេនឹងមិនអាចទទួលពរពីព្រះនោះ ឬមួយក៏ព្រះនោះនឹងខឹងហើយដាក់ទោសពួកគេ» (The Anchor Bible Dictionary)។
ហេតុអ្វីជនជាតិយូដានៅសតវត្សរ៍ទី១ស្អប់អ្នកយកពន្ធ?
▪ នៅគ្រប់សម័យកាលមនុស្សមិនដែលចូលចិត្តអ្នកយកពន្ធឡើយ។ ក៏ប៉ុន្តែនៅប្រទេសអ៊ីស្រាអែលនាសតវត្សរ៍ទី១ បណ្ដាជនបានចាត់ទុកអ្នកយកពន្ធថាជាមនុស្សពុករលួយនិងគួរស្អប់បំផុត។
ពួកអាជ្ញាធររបស់ប្រទេសរ៉ូមបានទាមទារពន្ធថ្លៃណាស់។ ជនជាតិរ៉ូមបានយកពន្ធលើដី និងពន្ធខ្លួន តែពួកគេបានឲ្យជនជាតិអ៊ីស្រាអែលដេញថ្លៃលើសិទ្ធិយកពន្ធគយវិញ។ ដូច្នេះ ពួកឈ្មួញជនជាតិអ៊ីស្រាអែលបានទិញសិទ្ធិយកពន្ធប្រភេទខ្លះ។ យោងទៅតាមសព្វវចនាធិប្បាយមួយ ដោយសារតែពួកឈ្មួញព្រមធ្វើជាឧបករណ៍របស់អាជ្ញាធររ៉ូម នោះធ្វើឲ្យបណ្ដាជនអ៊ីស្រាអែលស្អប់ពួកឈ្មួញ ហើយចាត់ទុកពួកគេថា ជាអ្នក«ក្បត់ជាតិ និងក្បត់ជំនឿ ដែលស្មោកគ្រោក ដោយសារយកខ្លួនទៅបៀតនឹងពួកអ្នកដែលមានសាសនាខុសពីខ្លួន» (M’Clintock and Strong’s Cyclopædia)។
អ្នកយកពន្ធត្រូវបានគេស្គាល់ថា ជាមនុស្សដែលមិនស្មោះត្រង់ ហើយពួកគេក្លាយទៅជាអ្នកមានដោយសារតែការយកលុយពីពួកអ្នកកាន់តាមជនជាតិយូដាដូចគ្នា។ ជួនកាលពួកគេបានប៉ាន់តម្លៃពន្ធទំនិញឲ្យលើសដើម្បីយកប្រាក់ដាក់ក្នុងហោប៉ៅរបស់ខ្លួន ហើយអ្នកយកពន្ធខ្លះទៀតបានចោទប្រកាន់មិនពិតចំពោះពួកអ្នកក្រីក្រដើម្បីកំហែងពួកគេយកប្រាក់។ (លូកា ៣:១៣; ១៩:៨) ជាលទ្ធផល អ្វីដែលអ្នកយកពន្ធបានធ្វើគឺដូចជាអ្វីដែលជនជាតិយូដាបាននិយាយថា ពួកគេ«មិនអាចធ្វើជាចៅក្រម ឬសូម្បីតែធ្វើជាសាក្សីក៏មិនសមដែរ» (The Jewish Encyclopedia)។—ម៉ាថាយ ៩:១០, ១១
[រូបភាពនៅទំព័រ៣១]
ទីបូជាជូនព្រះដែលគេពុំស្គាល់ នៅសំណង់បាក់បែកក្រុងពើកាម៉ុម នាប្រទេសតួគី
[រូបភាពនៅទំព័រ៣១]
សិលាចារឹកពីសតវត្សរ៍ទី២ ឬទី៣ គ.ស. ដែលមានរូបអ្នកយកពន្ធ។
[អ្នកផ្ដល់សិទ្ធិ]
Erich Lessing/Art Resource, NY