លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹អស់ទាំងសាសន៍នឹងដឹងថា ខ្ញុំជាព្រះយេហូវ៉ា›

‹អស់ទាំងសាសន៍នឹងដឹងថា ខ្ញុំជាព្រះយេហូវ៉ា›

ចូរ​ចូល​ទៅ​ជិត​ព្រះ

‹អស់​ទាំង​សាសន៍​នឹង​ដឹង​ថា ខ្ញុំ​ជា​ព្រះ​យេហូវ៉ា›

តើ​លោក​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​បើ​មាន​គេ​ចោទ​ប្រកាន់​ថា​លោក​អ្នក​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ដែល​លោក​អ្នក​មិន​បាន​ធ្វើ? ហើយ​ចុះ​យ៉ាង​ណា​វិញ បើ​បទ​ឧក្រិដ្ឋ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត រួម​ទាំង​ជន​ស្លូត​ត្រង់​ជា​ច្រើន​នាក់​រង​ទុក្ខវេទនា​យ៉ាង​ខ្លាំង​នោះ? លោក​អ្នក​ច្បាស់​ជា​ចង់​បង្ហាញ​ថា​លោក​អ្នក​គ្មាន​ទោស​ទេ មែន​ទេ? តើ​លោក​អ្នក​ដឹង​ទេ​ថា ព្រះ​យេហូវ៉ា​កំពុង​ប្រឈម​មុខ​ការ​ពិបាក​ដែល​ស្រដៀង​គ្នា​នឹង​នេះ​ដែរ? សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ចោទ​ប្រកាន់​ព្រះ​ដោយ​មិន​ពិត​ថា អំពើ​អយុត្ដិធម៌​និង​ទុក្ខវេទនា​ក្នុង​ពិភព​លោក​គឺ​មក​ពី​លោក។ តើ​ព្រះ​យេហូវ៉ា​ពិត​ជា​ចង់​បង្ហាញ​ថា​លោក​គ្មាន​ទោស​ឬ​ទេ? លោក​ចង់​បង្ហាញ​មែន! សូម​ពិចារណា​អំពី​អ្វី​ដែល​គម្ពីរ​បាន​ចែង​នៅ​សៀវភៅ​អេសេគាល។—សូម​អាន អេសេគាល ៣៩:៧

ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​មិន​ឲ្យ​ឈ្មោះ​បរិសុទ្ធ​របស់​ខ្ញុំ​ត្រូវ​បង្អាប់​ទៀត›។ ពេល​ដែល​មនុស្ស​ចោទ​ប្រកាន់​ព្រះ​ថា​លោក​ជា​អ្នក​ធ្វើ​ឲ្យ​មាន​អំពើ​អយុត្ដិធម៌ នោះ​ពួក​គេ​កំពុង​បង្អាប់​នាម​របស់​លោក។ តើ​បង្អាប់​យ៉ាង​ដូច​ម្ដេច? ច្រើន​ដង​ក្នុង​គម្ពីរ ពាក្យ​«​ឈ្មោះ​»​សំដៅ​ទៅ​លើ​កេរ្ដិ៍​ឈ្មោះ។ សៀវភៅ​ស្រាវជ្រាវ​មួយ​បញ្ជាក់​ថា នាម​របស់​ព្រះ​សំដៅ​ទៅ​«​អ្វី​ដែល​អ្នក​ឯ​ទៀត​ដឹង​អំពី​លោក អ្វី​ដែល​លោក​បាន​បើក​បង្ហាញ​ឲ្យ​ដឹង​អំពី​ខ្លួន​លោក​ផ្ទាល់ ហើយ​ក៏​រួម​បញ្ចូល​កិត្ដិនាម​និង​កិត្ដិយស​របស់​លោក​ដែរ​»។ នាម​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​កេរ្ដិ៍​ឈ្មោះ​របស់​លោក។ ស្តី​អំពី​អំពើ​អយុត្ដិធម៌ តើ​យើង​ដឹង​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា? យើង​ដឹង​ថា​លោក​ស្អប់​អំពើ​អយុត្តធម៌​ណាស់! លោក​ថែម​ទាំង​អាណិត​អាសូរ​ដល់​អ្នក​ដែល​រង​គ្រោះ​ដោយ​សារ​អំពើ​អយុត្ដិធម៌។ (​និក្ខមនំ ២២:២២​-​២៤​) ពេល​ដែល​មនុស្ស​និយាយ​ថា​ព្រះ​ជា​អ្នក​ធ្វើ​ឲ្យ​មាន​អំពើ​អយុត្ដិធម៌​ដែល​ជា​អ្វី​ដែល​លោក​ស្អប់ នោះ​ពួក​គេ​កំពុង​បង្ខូច​កេរ្ដិ៍​ឈ្មោះ​របស់​លោក។ ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​«​ប្រមាថ​ដល់​ព្រះ​នាម​ទ្រង់​»។—ទំនុក​តម្កើង ៧៤:១០

សូម​កត់​សម្គាល់​ថា ព្រះ​យេហូវ៉ា​ប្រើ​ពាក្យ​‹ឈ្មោះ​បរិសុទ្ធ​របស់​ខ្ញុំ›​ចំនួន​ពីរ​ដង។ (​ខ​៧​) ច្រើន​ដង​ក្នុង​គម្ពីរ នាម​របស់​ព្រះ​យេហូវ៉ា​មាន​ភ្ជាប់​ជា​មួយ​នឹង​ពាក្យ​«​បរិសុទ្ធ​»។ ពាក្យ​«​បរិសុទ្ធ​»​បញ្ជាក់​អត្ថន័យ​ថា​បាន​ត្រូវ​ញែក​ចេញ​ដោយ​ឡែក ថែម​ទាំង​ស្អាត​ស្អំ និង​ឥត​សៅហ្មង។ នាម​របស់​ព្រះ​យេហូវ៉ា​គឺ​បរិសុទ្ធ​ដោយ​សារ​លោក​បរិសុទ្ធ ពោល​គឺ​មិន​ពាក់​ព័ន្ធ​នឹង​អ្វី​ដែល​ស្មោកគ្រោក​ឬ​ខុស​ឆ្គង​ឡើយ។ ដូច្នេះ តើ​លោក​អ្នក​អាច​យល់​អំពី​មូលហេតុ​នៃ​ការ​ទម្លាក់​កំហុស​ទៅ​លើ​ព្រះ​យេហូវ៉ា​ដែល​ថា លោក​ជា​អ្នក​ធ្វើ​ឲ្យ​មាន​អំពើ​ទុច្ចរិត នោះ​ជា​ការ​តិះ​ដៀល​«​ឈ្មោះ​បរិសុទ្ធ​»​របស់​លោក​ខ្លាំង​បំផុត​ឬ​ទេ?

ព្រះ​យេហូវ៉ា​មាន​គោល​បំណង​ស្ដារ​កេរ្ដិ៍​ឈ្មោះ​របស់​លោក​តាម​រយៈ​រាជាណាចក្រ​របស់​លោក។ នេះ​ហើយ​ជា​គោល​រឿង​សំខាន់​បំផុត​ក្នុង​គម្ពីរ។ ចំណុច​នេះ​បាន​ត្រូវ​លើក​បញ្ជាក់​ក្នុង​សៀវភៅ​អេសេគាល ដែល​បាន​រៀប​រាប់​ឡើង​វិញ​ថា​៖ ‹អស់​ទាំង​សាសន៍​នឹង​ដឹង​ថា ខ្ញុំ​ជា​ព្រះ​យេហូវ៉ា›។ (​អេសេគាល ៣៦:​២៣; ៣៧:២៨; ៣៨:២៣; ៣៩:៧​) សូម​កត់​សម្គាល់​ថា អស់​ទាំង​សាសន៍​នឹង​គ្មាន​សិទ្ធិ​ជ្រើស​រើស​ថា​ពួក​គេ​ចង់​ស្គាល់​ឬ​មិន​ចង់​ស្គាល់​ព្រះ​យេហូវ៉ា​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​«​នឹង​[​ត្រូវ​]​ដឹង​ថា​»​លោក​ជា​អ្នក​ណា។ បើ​និយាយ​ឲ្យ​ចំ​ទៅ ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ​ដើម្បី​បង្ខំ​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​នៅ​ផែនដី​ឲ្យ​ទទួល​ស្គាល់​ថា​លោក​ពិត​ជា​ព្រះ​យេហូវ៉ា ជា​ម្ចាស់​ដ៏​ឧត្តម​បំផុត ដែល​នាម​របស់​លោក​រួម​បញ្ចូល​អ្វី​ៗ​ទាំង​អស់​ដែល​បរិសុទ្ធ​និង​ស្អាត​ស្អំ។

សេចក្ដី​សន្យា​ក្នុង​គម្ពីរ​ដែល​ថា​៖ ‹អស់​ទាំង​សាសន៍​នឹង​ដឹង​ថា ខ្ញុំ​ជា​ព្រះ​យេហូវ៉ា›​មាន​ច្រើន​ដង។ ពាក្យ​នេះ​ជា​ដំណឹង​ល្អ​សម្រាប់​អស់​អ្នក​ដែល​ពិត​ជា​ចង់​ឲ្យ​អំពើ​អយុត្ដិធម៌​និង​ទុក្ខវេទនា​លែង​មាន​ទៀត។ មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​នោះ ហើយ​លោក​នឹង​ស្ដារ​កេរ្ដិ៍​ឈ្មោះ​របស់​លោក​ឡើង​វិញ។ លោក​នឹង​បំបាត់​ចោល​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង​និង​អស់​អ្នក​ដែល​គាំទ្រ​អំពើ​នោះ តែ​លោក​នឹង​ទុក​ជីវិត​ដល់​អស់​អ្នក​ដែល​ទទួល​ស្គាល់​និង​គោរព​នាម​របស់​លោក​ព្រម​ទាំង​អ្វី​ដែល​នាម​នោះ​រួម​បញ្ចូល។ (​សុភាសិត ១៨:១០​) តើ​នេះ​ជំរុញ​ចិត្ត​លោក​អ្នក​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​បរិសុទ្ធ និង​ដែល​«​សព្វ​ព្រះ​ទ័យ​នឹង​សេចក្ដី​យុត្ដិធម៌​»​ឬ​ទេ?—ទំនុកតម្កើង ៣៧:៩​-​១១, ២៨