លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

‹អ្នករាល់គ្នាត្រូវស្រឡាញ់គ្នា›

‹អ្នករាល់គ្នាត្រូវស្រឡាញ់គ្នា›

‹អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា›

​«​ខ្ញុំ​ឲ្យ​បញ្ញត្ដិ​ថ្មី​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ យ៉ាង​នេះ មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។—យ៉ូហាន ១៣:៣៤, ៣៥

អត្ថន័យ​នៃ​ខ​គម្ពីរ​នេះ: គ្រិស្ត​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​លោក​បាន​ស្រឡាញ់​ពួក​គាត់។ តើ​លោក​យេស៊ូ​ស្រឡាញ់​ពួក​គាត់​យ៉ាង​ដូច​ម្ដេច? លោក​បាន​ស្រឡាញ់​មនុស្ស​ទាំង​អស់ ទោះ​ជា​នៅ​សម័យ​លោក មនុស្ស​មាន​ទស្សនៈ​ប្រកាន់​ពូជ​សាសន៍​ឬ​មិន​ឲ្យ​តម្លៃ​ស្ត្រីភេទ​ក៏​ដោយ។ (​យ៉ូហាន ៤:៧​-​១០​) សេចក្ដី​ស្រឡាញ់​បាន​ជំរុញ​លោក​យេស៊ូ​ឲ្យ​លះ​បង់​ពេល​វេលា កម្លាំង និង​ជីវភាព​សុខ​ស្រួល​របស់​លោក​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ (​ម៉ាកុស ៦:​៣០​-​៣៤​) នៅ​ទី​បំផុត គ្រិស្ត​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ដ៏​ប្រសើរ​បំផុត។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​គង្វាល​ដ៏​ល្អ​ប្រសើរ។ គង្វាល​ល្អ​ប្រសើរ​លះ​បង់​ជីវិត​ដើម្បី​ចៀម​»។—យ៉ូហាន ១០:១១

របៀប​ដែល​គ្រិស្ត​សាសនិក​ដំបូង​មាន​លក្ខណៈ​សម្គាល់​នេះ: នៅ​សតវត្សរ៍​ទី​១ គ្រិស្ត​សាសនិក​ហៅ​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បង​ប្រុស​ឬ​«​ប្អូន​ប្រុស​»​និង​«​បង​ស្រី​»​ឬ​ប្អូន​ស្រី។ (​ភីលេម៉ូន ១, ២​) មនុស្ស​ពី​គ្រប់​ជាតិ​សាសន៍​អាច​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ពីព្រោះ​ពួក​គេ​បាន​ជឿ​ថា ​«​ពួក​យូដា​និង​ពួក​ក្រិច​គឺ​មិន​ខុស​ពី​គ្នា​ទេ ដោយ​សារ​មាន​ម្ចាស់​តែ​មួយ​លើ​ពួក​គេ​ទាំង​អស់​គ្នា​»។ (​រ៉ូម ១០:​១១, ១២​) ក្រោយ​បុណ្យ​ថ្ងៃ​ទី​៥០ នា​ឆ្នាំ​៣៣ គ.ស. អ្នក​កាន់​តាម​នៅ​ក្រុង​យេរូសាឡិម​«​ក៏​លក់​ដី​និង​របស់​របរ​ដែល​ខ្លួន​មាន រួច​យក​ប្រាក់​មក​ចែក​ដល់​គ្រប់​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ទាំង​នោះ​»។ ពួក​គេ​ធ្វើ​ដូច្នេះ​ដើម្បី​អ្វី? ដើម្បី​អ្នក​ដែល​ទើប​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​អាច​នៅ​ក្រុង​យេរូសាឡិម ហើយ​បន្ត​«​ប្រុង​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ពួក​សាវ័ក​»។ (​សកម្មភាព ២:៤១​-​៤៥​) តើ​អ្វី​ជំរុញ​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នេះ? ជិត​២០០​ឆ្នាំ​បន្ទាប់​ពី​ពួក​សាវ័ក​ស្លាប់​អស់​ទៅ លោក​ធើធូលាន​បាន​ដក​ស្រង់​ពាក្យ​ដែល​អ្នក​ឯ​ទៀត​និយាយ​អំពី​ពួក​គ្រិស្ត​សាសនិក​ថា​៖ ​«​ពួក​គេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក . . . ហើយ​ពួក​គេ​ប្រុង​ប្រៀប​ខ្លួន​ដើម្បី​ស្លាប់​ជំនួស​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង​»។

សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​មាន​លក្ខណៈ​សម្គាល់​នេះ? សៀវភៅ​មួយ​ដែល​បាន​ចេញ​នៅ​ឆ្នាំ​១៨៣៧ បាន​សរសេរ​ថា អស់​រាប់​រយ​ឆ្នាំ​មក​ហើយ ពួក​អ្នក​ដែល​អះអាង​ថា​ខ្លួន​ជា​គ្រិស្ត​សាសនិក​«​បាន​ប្រព្រឹត្ត​អំពើ​សាហាវ​ព្រៃផ្សៃ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ខ្លាំង​ជាង​ពួក​គេ​ធ្លាប់​ទទួល​ពី​អ្នក​ដែល[​មិន​មែន​ជា​គ្រិស្ត​សាសនិក​]​»។ (​The History of the Decline and Fall of the Roman Empire​) ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗ​នៅ​សហរដ្ឋអាម៉េរិក​បាន​ឃើញ​ថា មនុស្ស​ជា​ច្រើន​ដែល​អះអាង​ថា​ខ្លួន​ជា​អ្នក​កាន់​សាសនា​ដែល​ភាគ​ច្រើន​ជា​គ្រិស្ត​សាសនិក​នោះ​ក៏​មាន​ការ​ប្រកាន់​ពូជ​សាសន៍​ដែរ។ ពួក​អ្នក​ដែល​ទៅ​វិហារ​គ្រិស្ត​សាសនា​នៅ​ប្រទេស​មួយ​ច្រើន​តែ​គ្មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​កាន់​គ្រិស្ត​សាសនា​ដូច​គ្នា​នៅ​ប្រទេស​មួយ​ទៀត អាស្រ័យ​ហេតុ​នេះ​ពួក​គេ​មិន​អាច​ជួយ ឬ​មិន​ព្រម​ជួយ​បង​ប្អូន​រួម​ជំនឿ​ទេ ពេល​ដែល​ពួក​គេ​ត្រូវ​ការ​ជំនួយ។

នៅ​ឆ្នាំ​២០០៤ បន្ទាប់​ពី​មាន​ព្យុះ​សង្ឃរា​បួន​បន្ត​បន្ទាប់​គ្នា​អស់​រយៈ​ពេល​ពីរ​ខែ​នៅ​រដ្ឋ​ហ្ល័ររីដា ប្រធាន​នៃ​គណៈកម្មាធិការ​ខាង​ប្រតិបត្ដិការ​សង្គ្រោះ​បន្ទាន់​ប្រចាំ​រដ្ឋ​ហ្ល័ររីដា បាន​ពិនិត្យ​មើល​ដើម្បី​ប្រាកដ​ថា ជំនួយ​របស់​ពួក​គេ​បាន​ត្រូវ​ប្រើ​យ៉ាង​ត្រឹម​ត្រូវ។ គាត់​បាន​និយាយ​ថា គ្មាន​ក្រុម​ណា​ទៀត​ដែល​មាន​ការ​រៀបចំ​យ៉ាង​ល្អ​ដូច​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឡើយ ហើយ​គាត់​បាន​ស្នើ​ផ្ដល់​ជំនួយ​ទាំង​អស់​ដែល​ពួក​សាក្សី​ត្រូវ​ការ។ នៅ​ដើម​ឆ្នាំ​១៩៩៧ ក្រុម​ផ្ដល់​ជំនួយ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​បាន​យក​ថ្នាំ​ពេទ្យ ស្បៀងអាហារ និង​សម្លៀក​បំពាក់ ទៅ​សាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ដើម្បី​ជួយ​បង​ប្អូន​គ្រិស្ត​សាសនិក​របស់​ពួក​គេ និង​អ្នក​ឯ​ទៀត​ដែល​ត្រូវ​ការ​ជំនួយ។ សាក្សី​ព្រះ​យេហូវ៉ា​ជា​បង​ប្អូន​នៅ​ទ្វីប​អឺរ៉ុប​បាន​ផ្ដល់​អំណោយ​ដែល​មាន​តម្លៃ​សរុប​មួយ​លាន​ដុល្លារ​អាម៉េរិក។