លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«លោកបាន . . . បើកសម្ដែង ឲ្យកូនតូចៗយល់»

«លោកបាន . . . បើកសម្ដែង ឲ្យកូនតូចៗយល់»

ចូរ​ចូល​ទៅ​ជិត​ព្រះ

«​លោក​បាន . . . បើក​សម្ដែង ឲ្យ​កូន​តូច​ៗ​យល់​»​

តើ​លោក​អ្នក​ចង់​ដឹង​សេចក្ដី​ពិត​អំពី​ព្រះ​ទេ? ជា​ឧទាហរណ៍ តើ​លោក​ជា​អ្នក​ណា? តើ​លោក​ស្រឡាញ់​និង​ស្អប់​អ្វី? ហើយ​តើ​អ្វី​ជា​បំណង​ប្រាថ្នា​របស់​លោក? ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក ព្រះ​យេហូវ៉ា​បាន​បើក​សម្ដែង​ការ​ពិត​ទាំង​អស់​អំពី​លោក។ ប៉ុន្តែ មិន​មែន​មនុស្ស​ទាំង​អស់​ដែល​អាន​គម្ពីរ ហើយ​អាច​យល់​សេចក្ដី​ពិត​យ៉ាង​ពេញ​លេញ​នោះ​ទេ។ ហេតុ​អ្វី? ពីព្រោះ​ការ​យល់​សេចក្ដី​ពិត​ទាំង​នេះ​ជា​ឯកសិទ្ធិ​មួយ មិន​មែន​មនុស្ស​គ្រប់​រូប​អាច​ទទួល​បាន​ទេ។ សូម​ឲ្យ​យើង​ពិចារណា​ប្រសាសន៍​របស់​លោក​យេស៊ូ​ស្តី​អំពី​រឿង​នេះ។—សូម​អាន ម៉ាថាយ ១១:២៥

ខ​គម្ពីរ​នោះ​ចាប់​ផ្ដើម​ដោយ​ពាក្យ​ថា ​«​នៅ​ពេល​នោះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​»។ ដូច្នេះ អ្វី​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ប្រហែលជា​ការ​តប​ឆ្លើយ​នឹង​អ្វី​ដែល​ទើប​នឹង​បាន​កើត​ឡើង។ លោក​ទើប​តែ​មាន​ប្រសាសន៍​ទៅ​មនុស្ស​ដែល​រស់​នៅ​ទី​ក្រុង​បី​ក្នុង​ស្រុក​កាលីឡេ​ជា​កន្លែង​ដែល​លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព។ លោក​បាន​ស្តីបន្ទោស​ពួក​គេ​ដោយ​សារ​ពួក​គេ​មិន​ព្រម​ស្ដាប់​លោក​ទេ។ (​ម៉ាថាយ ១១:២០​-​២៤​) លោក​អ្នក​ប្រហែលជា​ឆ្ងល់​ថា ‹ហេតុ​អ្វី​បាន​ជា​អ្នក​ដែល​ឃើញ​ការ​អស្ចារ្យ​របស់​លោក​យេស៊ូ​មិន​ព្រម​ជឿ​សេចក្ដី​ពិត​ដែល​លោក​បង្រៀន ហើយ​ធ្វើ​តាម​លោក?›។ បណ្ដា​ជន​មិន​ព្រម​ធ្វើ​តាម​លោក​យេស៊ូ​ទេ ដោយ​សារ​ពួក​គេ​មាន​ចិត្ត​រឹង។—ម៉ាថាយ ១៣:១០​-​១៥

លោក​យេស៊ូ​ដឹង​ថា ដើម្បី​យល់​សេចក្ដី​ពិត​អំពី​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ យើង​ត្រូវ​ការ​អ្វី​ពីរ​យ៉ាង ពោល​គឺ​ជំនួយ​ពី​ព្រះ​និង​ចិត្ត​គំនិត​ត្រឹម​ត្រូវ។ លោក​យេស៊ូ​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​បិតា ជា​ម្ចាស់​ស្ថាន​សួគ៌​និង​ផែនដី ខ្ញុំ​សូម​សរសើរ​លោក​នៅ​មុខ​មនុស្ស ពីព្រោះ​លោក​បាន​លាក់​អ្វី​ៗ​ទាំង​នេះ​ពី​អ្នក​ប្រាជ្ញ​និង​អ្នក​ចេះ​ដឹង តែ​បាន​បើក​សម្ដែង​ឲ្យ​កូន​តូច​ៗ​យល់​វិញ​»។ តើ​លោក​អ្នក​យល់​មូលហេតុ​ដែល​អាច​និយាយ​ថា ការ​យល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ជា​ឯកសិទ្ធិ​ទេ? ដោយ​សារ​ព្រះ​យេហូវ៉ា​ជា​«​ម្ចាស់​ស្ថាន​សួគ៌​និង​ផែនដី​»​ លោក​មាន​សិទ្ធិ​សម្រេច​ថា អ្នក​ណា​ដែល​លោក​នឹង​បើក​សម្ដែង​ឲ្យ​ស្គាល់​សេចក្ដី​ពិត។ ប៉ុន្តែ លោក​ធ្វើ​ដូច្នេះ​ដោយ​មាន​មូលហេតុ។ តើ​មាន​មូលហេតុ​អ្វី​ដែល​លោក​បើក​សម្ដែង​សេចក្ដី​ពិត​ដល់​មនុស្ស​ខ្លះ​ប៉ុណ្ណោះ?

ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប មិន​មែន​មនុស្ស​ក្រអឺតក្រទម​ទេ។ (​យ៉ាកុប ៤:៦​) លោក​លាក់​សេចក្ដី​ពិត​ពី​«​អ្នក​ប្រាជ្ញ​និង​អ្នក​ចេះ​ដឹង​»​ គឺ​ពួក​អ្នក​ប្រាជ្ញ​ក្នុង​ពិភព​លោក​នេះ និង​អ្នក​ចេះ​ដឹង​ដែល​អួត​ខ្លួន ហើយ​អ្នក​ដែល​ពឹង​លើ​សមត្ថភាព​ឬ​កម្លាំង​របស់​ខ្លួន និង​គិត​ថា​ពួក​គេ​មិន​ត្រូវ​ការ​ជំនួយ​ពី​លោក​ទេ។ (​កូរិនថូស​ទី​១ ១:​១៩​-​២១​) តែ​លោក​បើក​សម្ដែង​សេចក្ដី​ពិត​ដល់​«​កូន​តូច​ៗ​»​ គឺ​អ្នក​ដែល​ចង់​ស្គាល់​លោក​ដោយ​ចិត្ត​ស្មោះ​ដែល​មាន​ចិត្ត​រាប​ទាប​ដូច​កូន​តូច។ (​ម៉ាថាយ ១៨:១​-​៤; កូរិនថូសទី១ ១:២៦​-​២៨​) លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​ព្រះ​ស្គាល់​ចិត្ត​គំនិត​របស់​មនុស្ស​ទាំង​ពីរ​ប្រភេទ​នោះ។ ពួក​អ្នក​ដឹក​នាំ​សាសនា​ជា​ច្រើន​ដែល​មាន​អំណួត និង​មាន​ចំណេះ​ដឹង​ខ្ពស់​មិន​បាន​យល់​អត្ថន័យ​នៃ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ទេ តែ​ពួក​អ្នក​នេសាទ​ត្រី​ដែល​មាន​ចិត្ត​រាប​ទាប​បាន​យល់​វិញ។ (​ម៉ាថាយ ៤:១៨​-​២២; ២៣:១​-​៥; សកម្មភាព ៤:១៣​) នៅ​ដំណាល​គ្នា​នោះ អ្នក​មាន​និង​អ្នក​ចេះ​ដឹង​ខ្លះ​ដែល​បង្ហាញ​ចិត្ត​រាប​ទាប​យ៉ាង​ស្មោះ​បាន​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។—លូកា ១៩:១, ២, ៨; សកម្មភាព ២២:១​-​៣

យើង​សូម​សួរ​លោក​អ្នក​នូវ​សំណួរ​ដែល​បាន​លើក​ឡើង​នៅ​វគ្គ​ទី​១​ម្ដង​ទៀត​ថា តើ​លោក​អ្នក​ចង់​ដឹង​សេចក្ដី​ពិត​អំពី​ព្រះ​ទេ? បើ​ចង់​ដឹង​មែន លោក​អ្នក​នឹង​សប្បាយ​ចិត្ត​ដោយ​ដឹង​ថា ព្រះ​មិន​ពេញ​ចិត្ត​ឲ្យ​ចំណេះ​អំពី​សេចក្ដី​ពិត​ដល់​អ្នក​ដែល​ចាត់​ទុក​ខ្លួន​ថា​ជា​អ្នក​ប្រាជ្ញ​នៃ​ពិភព​លោក​នេះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ពេញ​ចិត្ត​នឹង​អ្នក​ដែល​ប្រហែល​ជា​ទទួល​ការ​មើល​ងាយ​ពី​អ្នក​ប្រាជ្ញ​ក្នុង​ពិភព​លោក​នេះ។ បើ​លោក​អ្នក​សិក្សា​បណ្ដាំ​របស់​ព្រះ​ដោយ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ និង​ចិត្ត​រាប​ទាប លោក​អ្នក​ប្រហែលជា​នឹង​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​នូវ​អំណោយ​ដ៏​ពិសេស ពោល​គឺ​ការ​យល់​សេចក្ដី​ពិត​អំពី​លោក។ ការ​យល់​សេចក្ដី​ពិត​នឹង​ធ្វើ​ឲ្យ​ជីវិត​លោក​អ្នក​កាន់​តែ​មាន​ន័យ​ខ្លឹម​សារ​នៅ​ឥឡូវ​នេះ និង​អាច​នាំ​ទៅ​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​ ជា​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​ក្នុង​ពិភព​លោក​ថ្មី​ដ៏​សុចរិត​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ តាម​សេចក្ដី​សន្យា​របស់​ព្រះ។ *ធីម៉ូថេទី១ ៦:១២, ១៩; ពេត្រុសទី២ ៣:១៣

អំណាន​គម្ពីរ​ក្នុង​ខែ​មករា:

ម៉ាថាយ ១​-​២១

[​កំណត់​សម្គាល់​]

^ វគ្គ 7 សាក្សី​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ជួយ​លោក​អ្នក​ឲ្យ​រៀន​សេចក្ដី​ពិត​អំពី​ព្រះ​និង​គោល​បំណង​របស់​លោក។ ពួក​គេ​ស្នើ​សុំ​បង្រៀន​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ផ្ទះ​របស់​លោក​អ្នក ដោយ​ប្រើ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា?