«តើបញ្ញត្ដិមួយណាជាបញ្ញត្ដិទីមួយ?»
ចូរចូលទៅជិតព្រះ
«តើបញ្ញត្ដិមួយណាជាបញ្ញត្ដិទីមួយ?»
តើព្រះតម្រូវអ្វីពីយើង? តើលោកបានឲ្យបញ្ញត្ដិច្រើនរាប់មិនអស់ដែលយើងត្រូវតែធ្វើតាមទេ? យើងសប្បាយចិត្តមែនដែលគ្មានបញ្ញត្ដិច្រើនដូច្នោះ។ យោងទៅតាមលោកយេស៊ូគ្រិស្តដែលជាកូនរបស់ព្រះ អ្វីដែលព្រះតម្រូវពីយើងអាចសង្ខេបត្រឹមពាក្យមួយយ៉ាងខ្លី។—សូមអាន ម៉ាកុស ១២:២៨-៣១
មុនដំបូងសូមពិចារណាអំពីអ្វីដែលបានកើតឡើងមុនដែលលោកយេស៊ូពោលពាក្យនោះ។ លោកកំពុងបង្រៀនក្នុងវិហារ នៅថ្ងៃទី១១ ខែណែសាន ពីរបីថ្ងៃមុនលោកទទួលមរណភាព។ ពេលនោះសត្រូវរបស់លោកព្យាយាមចាប់កំហុសលោកដោយសួរអំពីរឿងដែលមនុស្សទូទៅជជែកតវ៉ា។ ចម្លើយរបស់លោកធ្វើឲ្យពួកគេនិយាយមិនរួចរាល់ដង។ រួចមក លោកយេស៊ូសួរពួកគេដូចនេះថា៖ «តើបញ្ញត្ដិមួយណាជាបញ្ញត្ដិទីមួយ?»។—ខ២៨
នោះជាសំណួរដ៏ពិបាកមួយ។ ពួកយូដាខ្លះជជែកគ្នាអំពីបញ្ញត្ដិមួយណាជាបញ្ញត្ដិទី១ ឬសំខាន់ជាងគេបំផុតក្នុងចំណោមបញ្ញត្ដិជាង៦០០ប្រការនៃក្រិត្យវិន័យម៉ូសេ។ អ្នកខ្លះទៀត មើលទៅដូចជាគិតថាបញ្ញត្ដិទាំងអស់ល្អដូចគ្នា ហើយថាជាការខុសបើចាត់ទុកថាបញ្ញត្ដិខ្លះសំខាន់ជាងបញ្ញត្ដិឯទៀត។ តើលោកយេស៊ូតបឆ្លើយយ៉ាងណាចំពោះសំណួរនោះ?
លោកយេស៊ូតបឆ្លើយថាមានបញ្ញត្ដិពីរមិនមែនតែមួយទេ។ បញ្ញត្ដិទី១ លោកថា៖ «អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ឲ្យអស់ពីសមត្ថភាពរិះគិត និងឲ្យអស់ពីកម្លាំងកាយ»។ (ខ៣០; ចោទិយកថា ៦:៥) ថ្វីបើលោកយេស៊ូរៀបរាប់ពាក្យចិត្ត ព្រលឹង សមត្ថភាពរិះគិត និងកម្លាំងកាយដាច់ពីគ្នាក្ដី តែពាក្យនីមួយៗមិនមានអត្ថន័យខុសគ្នាទាំងស្រុងទេ។ ផ្ទុយទៅវិញពាក្យនីមួយៗនោះសំដៅទៅធាតុពិតនៅក្នុងខ្លួនមនុស្ស។ * ដូច្នេះ លោកយេស៊ូចង់បញ្ជាក់ពីវិធីដ៏ខ្លាំងបំផុតដើម្បីឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ទាំងស្រុងចំពោះព្រះ។ នេះមានន័យថា សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាត្រូវរួមបញ្ចូលអ្វីៗទាំងអស់ដែលបុគ្គលម្នាក់មាន ទាំងសមត្ថភាពគិតគូរ ទាំងកម្លាំងកាយ និងធនធាន។ ឯកសារយោងមួយអំពីគម្ពីរបកស្រាយពាក្យនោះថា៖ «យើងត្រូវស្រឡាញ់ព្រះឲ្យអស់ពីអ្វីៗទាំងអស់»។ បើអ្នកស្រឡាញ់ព្រះមែន ជារៀងរាល់ថ្ងៃ អ្នកនឹងខំធ្វើឲ្យអស់ពីសមត្ថភាពដើម្បីរស់នៅតាមរបៀបដែលធ្វើឲ្យព្រះកាន់តែពេញចិត្ត។—យ៉ូហានទី១ ៥:៣
បញ្ញត្ដិទី២ លោកយេស៊ូថា៖ «អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។ (ខ៣១; លេវីវិន័យ ១៩:១៨) ការស្រឡាញ់ព្រះ និងការស្រឡាញ់អ្នកជិតខាងជាប់ទាក់ទងគ្នាបេះមិនដាច់។ យើងស្រឡាញ់អ្នកជិតខាង ព្រោះយើងស្រឡាញ់ព្រះ។ (យ៉ូហានទី១ ៤:២០, ២១) បើយើងស្រឡាញ់អ្នកជិតខាងដូចខ្លួនយើង យើងនឹងប្រព្រឹត្តចំពោះពួកគេតាមរបៀបដែលយើងចង់ឲ្យអ្នកពួកគេប្រព្រឹត្តចំពោះយើងដែរ។ (ម៉ាថាយ ៧:១២) ដោយធ្វើដូច្នេះ យើងបង្ហាញថាយើងស្រឡាញ់ព្រះជាអ្នកដែលបានបង្កើតយើងនិងពួកគេឲ្យមានលក្ខណៈដូចលោក។—លោកុប្បត្តិ ១:២៦
តើបញ្ញត្ដិដែលថាឲ្យយើងស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាងសំខាន់ប៉ុនណា? លោកយេស៊ូបាននិយាយថា៖ «គ្មានបញ្ញត្ដិណាសំខាន់ជាងបញ្ញត្ដិទាំងនេះឡើយ»។ (ខ៣១) ក្នុងកំណត់ហេតុស្របគ្នាមួយ លោកយេស៊ូថាបញ្ញត្ដិទាំងអស់មានមូលដ្ឋានលើបញ្ញត្ដិទាំងពីរនេះ។—ម៉ាថាយ ២២:៤០
ការធ្វើឲ្យព្រះពេញចិត្តមិនស្មុគស្មាញទេ។ អ្វីៗទាំងអស់ដែលព្រះតម្រូវពីយើងអាចសង្ខេបត្រឹមពាក្យមួយយ៉ាងខ្លីគឺ សេចក្ដីស្រឡាញ់។ តាំងពីដំបូងសេចក្ដីស្រឡាញ់រមែងជាផ្នែកដ៏សំខាន់នៃការគោរពប្រណិប័តន៍ពិត ហើយក៏នឹងនៅជាផ្នែកដ៏សំខាន់ជារៀងរហូតទៅ។ សេចក្ដីស្រឡាញ់ត្រូវសម្ដែងឲ្យឃើញតាមការប្រព្រឹត្ត មិនត្រឹមតែពាក្យសម្ដី ឬអារម្មណ៍ប៉ុណ្ណោះទេ។ (យ៉ូហានទី១ ៣:១៨) សូមរៀនអំពីរបៀបដែលអ្នកអាចបណ្ដុះ និងបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា ជាព្រះដែល«ជាសេចក្ដីស្រឡាញ់»។—យ៉ូហានទី១ ៤:៨
លោកអ្នកអាចអាន:
[កំណត់សម្គាល់]
^ វគ្គ 6 ក្នុងគម្ពីរពាក្យ«ព្រលឹង»សំដៅទៅបុគ្គលទាំងមូល។ ដូច្នេះ«ព្រលឹង»អាចរួមបញ្ចូល«ចិត្ត» «សមត្ថភាពរិះគិត» និង«កម្លាំងកាយ»។
[ឃ្លាអក្សរធំនៅទំព័រ១៣]
អ្វីៗទាំងអស់ដែលព្រះតម្រូវពីយើងអាចសង្ខេបត្រឹមពាក្យមួយយ៉ាងខ្លីគឺ សេចក្ដីស្រឡាញ់