លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវិតដែលមានន័យខ្លឹមសារ ចូរតាមគំរូលោកយេស៊ូ

ជីវិតដែលមានន័យខ្លឹមសារ ចូរតាមគំរូលោកយេស៊ូ

ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ ចូរ​តាម​គំរូ​លោក​យេស៊ូ

​«​រក្សា​របៀប​រស់​នៅ ដូច​លោក​យេស៊ូ​ធ្លាប់​មាន​ដែរ​»។—យ៉ូហានទី១ ២:៦

ដូច​បាន​ពិគ្រោះ​ក្នុង​អត្ថបទ​មុន លោក​យេស៊ូ​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ។ ដូច្នេះ ប្រសិនបើ​យើង​ចង់​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹម​សារ ជា​ការ​ល្អ​ដែល​យើង​ស្ដាប់​តាម​ឱវាទ​និង​យក​តម្រាប់​តាម​គំរូ​របស់​លោក​យេស៊ូ។

ដូច​ខ​គម្ពីរ​ខាង​លើ​បាន​បញ្ជាក់ ព្រះ​យេហូវ៉ា​ដាស់​តឿន​យើង​ឲ្យ​យក​តម្រាប់​តាម​លោក​យេស៊ូ។ ដើម្បី​មាន​របៀប​រស់​នៅ​ដូច​លោក​យេស៊ូ យើង​ត្រូវ​ធ្វើ​តាម​សេចក្ដី​បង្រៀន​និង​យក​តម្រាប់​តាម​គំរូ​របស់​លោក​ក្នុង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​យើង​ឲ្យ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​និង​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ។

សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​រួម​បញ្ចូល​គោលការណ៍​គម្ពីរ​ផ្សេង​ៗ​ដែល​អាច​ជួយ​យើង​ឲ្យ​មាន​របៀប​រស់​នៅ​ដូច​លោក​ធ្លាប់​មាន។ ក្នុង​សុន្ទរកថា​មួយ​របស់​លោក លោក​បាន​បញ្ជាក់​អំពី​គោលការណ៍​មួយ​ចំនួន​ក្នុង​គម្ពីរ។ សូម​ឲ្យ​យើង​ពិចារណា​អំពី​គោលការណ៍​ខ្លះ​ៗ និង​អំពី​របៀប​ដែល​យើង​អាច​អនុវត្ត​គោលការណ៍​ទាំង​នោះ​ក្នុង​ជីវិត​របស់​យើង។

គោលការណ៍​គម្ពីរ: ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ!​»។ម៉ាថាយ ៥:៣

របៀប​ដែល​គោលការណ៍​នេះ​នាំ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹម​សារ: លោក​យេស៊ូ​បាន​បញ្ជាក់​ថា លក្ខណៈ​ធម្មជាតិ​របស់​មនុស្ស គឺ​ត្រូវ​ការ​ការ​ណែនាំ​ពី​ព្រះ។ ហេតុ​នេះ​ហើយ យើង​ចង់​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ: ហេតុ​អ្វី​យើង​មាន​ជីវិត​រស់​នៅ? ហេតុ​អ្វី​នៅ​ផែនដី​មាន​ទុក្ខវេទនា​ច្រើន​ម្ល៉េះ? តើ​ព្រះ​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​ឬ? តើ​មាន​ជីវិត​ក្រោយ​ពី​ស្លាប់​ឬ​ទេ? ដើម្បី​ឲ្យ​ជីវិត​យើង​មាន​ន័យ​ខ្លឹម​សារ យើង​ត្រូវ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។ លោក​យេស៊ូ​ដឹង​ថា​មាន​ប្រភព​តែ​មួយ​គត់​ដែល​អាច​ផ្ដល់​ចម្លើយ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​ចំពោះ​សំណួរ​ទាំង​នេះ ពោល​គឺ​បណ្ដាំ​របស់​ព្រះ។ ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​លោក​ទៅ​កាន់​បិតា លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត​»។ (​យ៉ូហាន ១៧:១៧​) តើ​បណ្ដាំ​របស់​ព្រះ​ពិត​ជា​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ព្រះ​និង​មាន​សុភមង្គល​បាន​ទេ?

បទ​ពិសោធន៍​ជីវិត​ពិត: បុរស​ម្នាក់​ឈ្មោះ​អ៊ី​សា​ជា​អ្នក​ចម្រៀង​ក្នុង​ក្រុម​តន្ត្រី​មួយ​ដែល​មាន​ប្រជាប្រិយភាព ហើយ​គាត់​កំពុង​តែ​ឈាន​ទៅ​រក​តំណែង​ជា​តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ៊ី​សា​មាន​អារម្មណ៍​ថា​ជីវិត​របស់​គាត់​ដូច​ជា​ខ្វះ​អ្វី​មួយ គឺ​គាត់​មិន​មាន​សុភមង្គល​ពេញ​លេញ​ទេ។ គាត់​បាន​និយាយ​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​ចូល​ចិត្ត​នៅ​ក្នុង​ក្រុម​តន្ត្រី​នេះ​ក៏​ដោយ ខ្ញុំ​ចង់​ឲ្យ​ជីវិត​របស់​ខ្ញុំ​មាន​ន័យ​ខ្លឹម​សារ​ថែម​ទៀត​»។ ប៉ុន្តែ ក្រោយ​មក អ៊ី​សាបាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់។ គាត់​សារភាព​ថា​៖ ​«​ខ្ញុំ​បាន​សួរ​ដេញ​ដោល​គាត់​នូវ​សំណួរ​ជា​ច្រើន។ ចម្លើយ​សម​ហេតុ​ផល​របស់​គាត់​ពី​បទ​គម្ពីរ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍ ដូច្នេះ​ខ្ញុំ​ក៏​យល់​ព្រម​រៀន​គម្ពីរ​ជា​មួយ​គាត់​»។ អ្វី​ដែល​អ៊ី​សាបាន​រៀន​ពី​គម្ពីរ​គឺ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​គាត់ ហើយ​ជំរុញ​គាត់​ឲ្យ​ប្រគល់​ជីវិត​ជូន​ព្រះ​យេហូវ៉ា។ គាត់​និយាយ​ថា​៖ ​«​កាល​ពី​មុន ខ្ញុំ​តែង​តែ​មាន​បញ្ហា​និង​វិបត្ដិ​មិន​ចេះ​អស់​មិន​ចេះ​ហើយ។ តែ​ឥឡូវ​ខ្ញុំ​មាន​គោល​បំណង​ក្នុង​ជីវិត​»។ *

គោលការណ៍​គម្ពីរ: ​«​អស់​អ្នក​ដែល​មាន​ចិត្ត​មេត្ដា​ករុណា នោះ​មាន​សុភមង្គល​ហើយ!​»។ម៉ាថាយ ៥:៧

របៀប​ដែល​គោលការណ៍​នេះ​នាំ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹម​សារ: សេចក្ដី​មេត្ដា​ករុណា​រួម​បញ្ចូល​ការ​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ដល់​អ្នក​ឯ​ទៀត មាន​ចិត្ត​សប្បុរស​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ។ លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​មេត្ដា​ករុណា​ដល់​អស់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។ ចិត្ត​អាណិត​អាសូរ​បាន​ជំរុញ​លោក​ឲ្យ​ចាត់​វិធានការ​ដើម្បី​បំបាត់​ទុក្ខវេទនា​របស់​អ្នក​ឯ​ទៀត។ (​ម៉ាថាយ ១៤:១៤; ២០:៣០​-​៣៤​) ពេល​យើង​យក​តម្រាប់​តាម​លោក​យេស៊ូ​ក្នុង​ការ​បង្ហាញ​ចិត្ត​មេត្ដា​ករុណា យើង​បន្ថែម​ន័យ​ខ្លឹម​សារ​ក្នុង​ជីវិត​របស់​យើង ព្រោះ​អស់​អ្នក​ដែល​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ដល់​អ្នក​ឯ​ទៀត​នឹង​បាន​សុភមង្គល​មក​វិញ។ (​សកម្មភាព ២០:៣៥​) យើង​អាច​ជួយ​អ្នក​ឯ​ទៀត​ដោយ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ដ៏​សប្បុរស។ តើ​ការ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ពិត​ជា​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​មាន​សុភមង្គល​ច្រើន​ជាង​ឬ​ទេ?

បទ​ពិសោធន៍​ជីវិត​ពិត: ម៉ារៀ​និង​ប្ដី​របស់​គាត់​ឈ្មោះ​ខាលឡូស ជា​គំរូ​ល្អ​ក្នុង​ការ​បង្ហាញ​ចិត្ត​មេត្ដា​ករុណា។ ឪពុក​របស់​ម៉ារៀ​ជា​ពោះម៉ាយ ហើយ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ឪពុក​គាត់​ឈឺ​ក្រោក​ពី​គ្រែ​មិន​រួច។ ម៉ារៀ​និង​ខាលឡូស​បាន​យក​ឪពុក​មក​ផ្ទះ​របស់​ពួក​គាត់ ហើយ​ជួយ​ថែ​ទាំ​គាត់​យ៉ាង​ដិត​ដល់។ ពួក​គាត់​អត់​ងងុយ​ជា​ច្រើន​យប់ ហើយ​កាល​ណា​ជំងឺ​ទឹក​នោម​ផ្អែម​របស់​ឪពុក​ធ្វើ​ទុក្ខ​ខ្លាំង ពួក​គាត់​ប្រញាប់​បញ្ជូន​គាត់​ទៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់។ ពួក​គាត់​សារភាព​ថា ជួនកាល​ពួក​គាត់​ពិត​ជា​អស់​កម្លាំង​ខ្លាំង​ណាស់។ ប៉ុន្តែ ដូច​ប្រសាសន៍​របស់​លោក​យេស៊ូ ពួក​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុភមង្គល​និង​ស្កប់​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សារ​ពួក​គាត់​បាន​ថែ​ទាំ​ឪពុក​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

គោលការណ៍​គម្ពីរ: ​«​អស់​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព នោះ​មាន​សុភមង្គល​ហើយ!​»។ម៉ាថាយ ៥:៩

របៀប​ដែល​គោលការណ៍​នេះ​នាំ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹម​សារ: តើ​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សន្ដិភាព​អាច​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ​ច្រើន​ជាង​យ៉ាង​ដូច​ម្ដេច? មូលហេតុ​មួយ គឺ​យើង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជាង​ជា​មួយ​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​យើង។ ជា​ការ​ល្អ​ឲ្យ​យើង​ស្ដាប់​តាម​ឱវាទ​ក្នុង​គម្ពីរ​ដែល​ថា​៖ ​«​ចូរ​ខំ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន​»។ (​រ៉ូម ១២:១៨​) ​«​មនុស្ស​ទាំង​អស់​»​រួម​បញ្ចូល​សមាជិក​ក្រុម​គ្រួសារ និង​អ្នក​ឯ​ទៀត​ដែល​មិន​មាន​ជំនឿ​ដូច​យើង។ តើ​ការ​ធ្វើ​ឲ្យ​មាន​សន្ដិភាព​ជា​មួយ​នឹង​«​មនុស្ស​ទាំង​អស់​»​ពិត​ជា​អាច​បន្ថែម​ន័យ​ខ្លឹម​សារ​ក្នុង​ជីវិត​របស់​យើង​បាន​ទេ?

បទ​ពិសោធន៍​ជីវិត​ពិត: សូម​ពិចារណា​បទ​ពិសោធន៍​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​ណាអៀ។ យូរ​ឆ្នាំ​មក​ហើយ គាត់​បាន​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​រក្សា​ឲ្យ​មាន​សន្ដិភាព ជា​ពិសេស​ក្នុង​រង្វង់​គ្រួសារ​របស់​គាត់។ ប្រហែល​១៥​ឆ្នាំ​មុន តាំង​ពី​ប្ដី​គាត់​បោះបង់​គាត់​ចោល គាត់​បាន​ចិញ្ចឹម​កូន​ៗ​របស់​គាត់​តែ​ម្នាក់​ឯង។ កូន​ប្រុស​របស់​គាត់​ម្នាក់​ធ្លាប់​ជា​អ្នក​ញៀន​ថ្នាំ។ ជា​ញឹក​ញយ​គាត់​មិន​អាច​គ្រប់​គ្រង​កូន​នោះ​បាន​ទេ ហើយ​កូន​នោះ​គំរាម​កំហែង​គាត់​និង​កូន​ស្រី។ ណាអៀ​ជឿ​ថា​អ្វី​ដែល​គាត់​បាន​រៀន​ពី​គម្ពីរ​ផ្ដល់​កម្លាំង​ឲ្យ​គាត់​រក្សា​ឲ្យ​មាន​សន្ដិភាព ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ពិបាក​បែប​នេះ​ក៏​ដោយ។ គាត់​ព្យាយាម​មិន​ឈ្លោះ​ប្រកែក​ជា​មួយ​អ្នក​ឯ​ទៀត ហើយ​ខំ​បង្ហាញ​ចិត្ត​សប្បុរស ចិត្ត​អាណិត​អាសូរ និង​យោគ​យល់​ចំពោះ​អ្នក​ឯ​ទៀត។ (​អេភេសូរ ៤:៣១, ៣២​) គាត់​ជឿ​ជាក់​ថា​ការ​រៀន​ធ្វើ​ឲ្យ​មាន​សន្ដិភាព​បាន​ជួយ​គាត់​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ប្រសើរ​ជា​មួយ​សមាជិក​គ្រួសារ​និង​អ្នក​ឯ​ទៀត។

ពិចារណា​ឲ្យ​បាន​ហ្មត់​ចត់​អំពី​អនាគត

ប្រសិនបើ​យើង​ធ្វើ​តាម​ឱវាទ​របស់​លោក​យេស៊ូ​ដែល​ប្រកប​ដោយ​ប្រាជ្ញា នោះ​យើង​នឹង​ចេះ​ស្កប់​ចិត្ត​ហើយ​ជីវិត​យើង​នឹង​មាន​សុភមង្គល។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ដើម្បី​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹម​សារ​ពិត​ប្រាកដ យើង​ក៏​ត្រូវ​ដឹង​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អនាគត​ដែរ។ បើ​យើង​គ្រាន់តែ​ដឹង​ថា​ជីវិត​យើង​មាន​តែ​ភាព​ចាស់​ជរា ជំងឺ និង​សេចក្ដី​ស្លាប់ តើ​តាម​របៀប​ណា​ដែល​ជីវិត​អាច​មាន​ន័យ​ខ្លឹម​សារបាន? ប៉ុន្តែ នេះ​ជា​ការ​ពិត​នៃ​ជីវិត​ក្នុង​ពិភព​លោក​នេះ។

ក៏​ប៉ុន្តែ មាន​ដំណឹង​ល្អ! ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ជា​ច្រើន​ដល់​អស់​អ្នក​ដែល​ព្យាយាម​«​រក្សា​របៀប​រស់​នៅ ដូច​លោក​យេស៊ូ​ធ្លាប់​មាន​ដែរ​»។ ព្រះ​យេហូវ៉ា​សន្យា​ថា​ឆាប់​ៗ​ខាង​មុខ​នេះ លោក​នឹង​ធ្វើ​ឲ្យ​មាន​ពិភព​លោក​ថ្មី​ដ៏​សុចរិត។ នៅ​ទី​នោះ​មនុស្ស​ជាតិ​ស្មោះ​ភក្ដី​នឹង​រស់​ជា​រៀង​រហូត​ដោយ​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ​ដូច​គោល​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា។ បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​មើល! ត្រ​សាល​របស់​ព្រះ​នៅ​ជា​មួយ​នឹង​មនុស្ស​ជាតិ ហើយ​លោក​នឹង​អាស្រ័យ​នៅ​ជា​មួយ​នឹង​ពួក​គេ ឯ​ពួក​គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​លោក។ ហើយ​ព្រះ​នឹង​នៅ​ជា​មួយ​នឹង​ពួក​គេ​ដោយ​ខ្លួន​លោក​ផ្ទាល់។ លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ អ្វី​ៗ​ដែល​ធ្លាប់​កើត​ឡើង​ពី​មុន នោះ​បាន​កន្លង​បាត់​អស់​ហើយ​»។—ការ​បើក​បង្ហាញ ២១:៣, ៤

ម៉ារៀ​ជា​ស្ត្រី​ដែល​មាន​អាយុ​៨៤​ឆ្នាំ ដែល​បាន​ត្រូវ​លើក​ឡើង​ក្នុង​អត្ថបទ​ដំបូង​នៃ​ទស្សនាវដ្ដី​នេះ គាត់​មាន​អំណរ​ដោយ​ដឹង​ថា​នៅ​ថ្ងៃ​ខាង​មុខ​ពាក្យ​ក្នុង​ខ​គម្ពីរ​ខាង​លើ​នេះ​នឹង​ក្លាយ​ជា​ការ​ពិត។ ចុះ​លោក​អ្នក​វិញ? តើ​លោក​អ្នក​ចង់​ដឹង​ថែម​ទៀត​អំពី​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​ដែល​នឹង​មាន​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ​ឬ​ទេ? (​ធីម៉ូថេទី១ ៦:១៩​) ប្រសិនបើ​លោក​អ្នក​ចង់​ដឹង លោក​អ្នក​អាច​សួរ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​តំបន់​របស់​លោក​អ្នក ឬ​ផ្ញើ​សំបុត្រ​ទៅ​អាសយដ្ឋាន​របស់​អ្នក​បោះពុម្ព​ផ្សាយ​ទស្សនាវដ្ដី​នេះ។ *

[​កំណត់​សម្គាល់​]

^ វគ្គ 8 លោក​អ្នក​អាច​អាន​ជីវប្រវត្ដិ​ទាំង​មូល​របស់​អ៊ី​សា ក្នុង​ទស្សនាវដ្ដី​នេះ«​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ ធ្លាប់​តែ​សាហាវ​ឃោរឃៅ​»​។

^ វគ្គ 18 សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា បាន​ជួយ​មនុស្ស​ជា​ច្រើន​សិក្សា​គម្ពីរ​តាម​ប្រធានបទ​ផ្សេង​ៗ។

[​រូបភាព​នៅ​ទំព័រ​៧​]

ម៉ារៀ​និង​ខាលឡូស

[​រូបភាព​នៅ​ទំព័រ​៧​]

ណាអៀ