សំណួរនិងចម្លើយពីគម្ពីរ
សំណួរនិងចម្លើយពីគម្ពីរ
ហេតុអ្វីពិបាកមានសន្ដិភាពពេញពិភពលោកម្ល៉េះ?
គម្ពីរបញ្ជាក់អំពីមូលហេតុចម្បងពីរយ៉ាង។ ទី១ ទោះជាមនុស្សបានសម្រេចការអស្ចារ្យជាច្រើនក្ដី តែពួកគេមិនបានត្រូវបង្កើតមកឲ្យមានសមត្ថភាពតម្រង់ជំហានរបស់ខ្លួនទេ។ ទី២ គម្រោងការណ៍របស់មនុស្សតែងតែបរាជ័យដោយសារ«ពិភពលោកទាំងមូលនៅក្រោមអំណាចរបស់មេកំណាច» គឺសាថាន។ ដូច្នេះ ការខំប្រឹងរបស់មនុស្សមិនបានធ្វើឲ្យមានសន្ដិភាពពេញពិភពលោកទេ។—សូមអាន យេរេមា ១០:២៣; យ៉ូហានទី១ ៥:១៩
ភាពអាត្មានិយមនិងមហិច្ឆតារបស់មនុស្សក៏ធ្វើឲ្យពិបាកមានសន្ដិភាពពេញពិភពលោកដែរ។ បើមានរដ្ឋាភិបាលមួយដែលគ្រប់គ្រងលើផែនដីទាំងមូល នោះអាចនាំឲ្យមានសន្ដិភាពពេញពិភពលោកបាន ព្រោះរដ្ឋាភិបាលនោះអាចបង្រៀនមនុស្សឲ្យស្រឡាញ់អ្វីដែលត្រឹមត្រូវនិងចេះយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។—សូមអាន អេសាយ ៣២:១៧; ៤៨:១៨, ២២
តើអ្នកណានឹងធ្វើឲ្យមានសន្ដិភាពពេញផែនដី?
ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតបានសន្យាថាលោកនឹងស្ថាបនារដ្ឋាភិបាលមួយដើម្បីគ្រប់គ្រងលើមនុស្សជាតិ។ រដ្ឋាភិបាលនេះនឹងគ្រប់គ្រងជំនួសរដ្ឋាភិបាលមនុស្ស។ (ដានីយ៉ែល ២:៤៤) លោកយេស៊ូជាបុត្ររបស់ព្រះនឹងគ្រប់គ្រងជាម្ចាស់នៃមេត្រីភាពឬសន្ដិភាព។ លោកនឹងបំផ្លាញអំពើអាក្រក់ឲ្យអស់ពីផែនដីទាំងមូល ហើយបង្រៀនមនុស្សឲ្យចេះរក្សាសន្ដិភាព។—សូមអាន អេសាយ ៩:៦, ៧; ១១:៤, ៩
សព្វថ្ងៃនេះ នៅក្រោមការណែនាំរបស់លោកយេស៊ូ មនុស្សរាប់លាននាក់ប្រើគម្ពីរជាបណ្ដាំរបស់ព្រះដើម្បីបង្រៀនអ្នកឯទៀតអំពីរបៀបមានសន្ដិភាពជាមួយគ្នា។ មិនយូរទេ សន្ដិភាពពេញពិភពលោកនឹងក្លាយជាការពិត។—សូមអាន អេសាយ ២:៣, ៤; ៥៤:១៣
សម្រាប់ព័ត៌មានបន្ថែម សូមមើលជំពូកទី៣ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា
[រូបភាពនៅទំព័រ១៦]
មានតែរដ្ឋាភិបាលដែលអាចផ្លាស់ប្ដូរចិត្តគំនិតរបស់មនុស្សប៉ុណ្ណោះ ទើបអាចធ្វើឲ្យមានសន្ដិភាពពេញពិភពលោក
[អ្នកផ្ដល់សិទ្ធិ]
Fatmir Boshnjaku