លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើភាសាទាំងអស់មានដើមកំណើតមកពី«ប៉មបាបិល»ឬ?

តើភាសាទាំងអស់មានដើមកំណើតមកពី«ប៉មបាបិល»ឬ?

​«​ព្រះ​យេហូវ៉ា​ទ្រង់​កំចាត់​កំចាយ​គេ​ពី​ទី​នោះ​ទៅ​គ្រប់​លើ​ផែនដី​វិញ ហើយ​គេ​ក៏​លែង​សង់​ទី​ក្រុង​នោះ​ទៅ ដោយ​ហេតុ​នោះ បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា​បាបិល ពីព្រោះ​នៅ​ទី​នោះ ព្រះ​យេហូវ៉ា​ទ្រង់​បាន​បំភាន់​ភាសា​លោកីយ​ទាំង​អស់​»។—លោកុប្បត្តិ ១១:៨, ៩

តើ​ព្រឹត្ដិការណ៍​នោះ​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​បរិសុទ្ធ​ពិត​ជា​បាន​កើត​ឡើង​មែន​ឬ? តើ​មនុស្ស​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេង​ៗ​នៅ​ពេល​តែ​មួយ ដូច​បាន​រៀប​រាប់​ឬ​ទេ? អ្នក​ខ្លះ​មើល​ងាយ​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​របៀប​ដែល​មនុស្ស​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេង​ៗ​និង​របៀប​ដែល​ភាសា​ទាំង​អស់​នោះ​បាន​រីកសាយ​ភាយ។ អ្នក​និពន្ធ​ម្នាក់​អះអាង​ថា​៖ ​«​រឿង​ព្រេង​អំពី​ប៉ម​បាបិល​គឺ​ជា​រឿង​មិន​សម​ហេតុ​ផល​បំផុត​ដែល​មនុស្ស​ធ្លាប់​និយាយ​»។ សូម្បី​តែ​អ្នក​បង្រៀន​ខាង​សាសនាយូដា​ម្នាក់​និយាយ​ថា​«​ការ​ព្យាយាម​ពន្យល់​អំពី​ដើម​កំណើត​នៃ​សាសន៍​ផ្សេង​ៗ​តាម​របៀប​នេះ​ជា​ការ​ល្ងង់​ខ្លៅ​ណាស់​»។

ហេតុ​អ្វី​មនុស្ស​មិន​ជឿ​កំណត់​ហេតុ​អំពី​បាបិល? តាម​មើល​ទៅ ពួក​គេ​យល់​ថា​កំណត់​ហេតុ​នេះ​ផ្ទុយ​ពី​ទ្រឹស្តី​ជាក់​លាក់​ស្តី​អំពី​ដើម​កំណើត​នៃ​ភាសា។ ជា​ឧទាហរណ៍ បណ្ឌិត​ខ្លះ​បាន​ប្រាប់​ថា​ក្រុម​ភាសា​ផ្សេង​ៗ​មិន​បាន​កើត​ឡើង​ក្នុង​មួយ​រំពេច​ទេ ប៉ុន្តែ​បាន​វិវត្តន៍​បន្ដិច​ម្ដង​ៗ​ពី​«​ភាសា​មុន​ដំបូង​»​មួយ។ បណ្ឌិត​ផ្សេង​ទៀត​ជឿ​ថា​ភាសា​ដើម​បី​បួន​បាន​វិវត្តន៍​ដោយ​ឡែក​ពី​គ្នា ចាប់​ពី​ការ​គ្រហឹម​ដូច​សត្វ​វិវត្តន៍​ទៅ​ជា​ភាសា​ដែល​មាន​វេយ្យាករណ៍​និង​ពាក្យ​ជា​ច្រើន។ ទ្រឹស្តី​ទាំង​នេះ​និង​ទ្រឹស្តី​ផ្សេង​ៗ​ទៀត​ដែល​ប្រឆាំង​គ្នា​បាន​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​យល់​ស្រប​ជា​មួយ​សាស្ដ្រាចារ្យ វ. ថ. ហ្វីច ដែល​បាន​សរសេរ​ក្នុង​សៀវភៅ​របស់​គាត់​ថា​៖ ​«​យើង​មិន​ទាន់​មាន​ចម្លើយ​ដែល​គួរ​ឲ្យ​ជឿ​ទាំង​ស្រុង​នៅ​ឡើយ​ទេ​»​ (​The Evolution of Language​)។

ស្តី​អំពី​ដើម​កំណើត​និង​ការ​វិវត្តន៍​នៃ​ភាសា​របស់​មនុស្ស តើ​បុរាណវត្ថុវិទូ​និង​អ្នក​ស្រាវជ្រាវ​រក​ឃើញ​អ្វី? តើ​អ្វី​ដែល​ពួក​គេ​បាន​រក​ឃើញ​គាំទ្រ​ទ្រឹស្តី​ណា​មួយ​ដែល​ពួក​គេ​អះអាង​ថា​ពិត​នោះ​ឬ​ទេ? ឬ​ក៏​តើ​ភស្តុ​តាង​ដែល​គេ​រក​ឃើញ​នោះ​គាំទ្រ​កំណត់​ហេតុ​អំពី​បាបិល​ទៅ​វិញ? មុន​បង្អស់ សូម​ឲ្យ​យើង​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់​ទៅ​លើ​កំណត់​ហេតុ​នោះ​ក្នុង​គម្ពីរ។

តើ​កំណត់​ហេតុ​នេះ​បាន​កើត​ឡើង នៅ​កន្លែង​ណា​និង​នៅ​ពេល​ណា?

គម្ពីរ​ចែង​ថា​ការ​បំភាន់​ភាសា​និង​ការ​បែកខ្ញែក​មនុស្ស​បាន​កើត​ឡើង​«​នៅ​ស្រុក​ស៊ីណើរ​»​ដែល​ក្រោយ​មក​បាន​ហៅ​ថា​បាប៊ីឡូន។ (​លោកុប្បត្តិ ១១:២​) តើ​នេះ​បាន​កើត​ឡើង​នៅ​ពេល​ណា? គម្ពីរ​ចែង​ថា​មនុស្ស​នៅ​លើផែនដី​បាន​បែកខ្ញែក​គ្នា​នៅ​សម័យ​ផាលេក(​ពេឡេក​)។ គាត់​បាន​កើត​មក​ប្រហែល​២៥០​ឆ្នាំ​មុន​អាប្រាហាំ។ ដូច្នេះ​ព្រឹត្ដិការណ៍​អំពី​បាបិល តាម​មើល​ទៅ​បាន​កើត​ឡើង​ប្រហែល​៤​.​២០០​ឆ្នាំ​មុន។—លោកុប្បត្តិ ១០:២៥; ១១:១៨​-​២៦

បណ្ឌិត​ខ្លះ​បាន​ប៉ាន់ស្មាន​ថា​ភាសា​ទំនើប​ដែល​យើង​និយាយ​នៅ​សព្វ​ថ្ងៃ​នេះ មាន​ប្រភព​ពី​ភាសា​ដើម​តែ​មួយ ដែល​គេ​ហៅ​ថា​ភាសា​មុន​ដំបូង។ ពួក​គេ​គិត​ថា​មនុស្ស​បាន​និយាយ​ភាសា​នោះ​ជិត​១០០​.​០០០​ឆ្នាំ​មុន។ * អ្នក​ខ្លះ​ទៀត​អះអាង​ថា​ភាសា​ដែល​យើង​និយាយ​សព្វ​ថ្ងៃ​នេះ​មាន​ឫសគល់​ពី​ភាសា​ខ្លះ​ដែល​គេ​ធ្លាប់​និយាយ​យ៉ាង​ហោច​ណាស់​៦​.​០០០​ឆ្នាំ​មុន។ ប៉ុន្តែ តើ​តាម​របៀប​ណា​ដែល​អ្នក​ស្រាវជ្រាវ​ខាង​ភាសា​ទាំង​នោះ​អាច​យល់​នូវ​ការ​វិវត្តន៍​នៃ​ភាសា​ដែល​បាត់បង់​ហើយ​នោះ? ទស្សនាវដ្ដី​មួយ​សរសេរ​ថា​៖ ​«​រឿង​នោះ​ពិត​ជា​ពិបាក​ណាស់។ មិន​ដូច​ជី​វ​វិទូ អ្នក​ស្រាវជ្រាវ​ខាង​ភាសា​មិន​មាន​ភស្តុ​តាង​ពី​ផូស៊ីល​ដែល​បង្ហាញ​ពួក​គេ​អំពី​អតីតកាល​ទេ​»​ (​Economist​)។ ទស្សនាវដ្ដី​នោះ​បន្ថែម​ថា ការ​សន្និដ្ឋាន​របស់​អ្នក​ស្រាវជ្រាវ​ខាង​ការ​វិវត្តន៍​ភាសា​ត្រឹម​តែ​ជា​«​ការ​ប៉ាន់ស្មាន​ប៉ុណ្ណោះ​»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភ័ស្តុតាង​ផ្សេង​ៗ​ដែល​ប្រៀប​ដូច​ជា​«​ផូស៊ីល​»​គឺ​មាន​មែន។ តើ​ភ័ស្តុតាង​ទាំង​នោះ​ជា​អ្វី? ហើយ​តើ​នោះ​បង្ហាញ​ឲ្យ​យើង​ដឹង​យ៉ាង​ណា​អំពី​ដើម​កំណើត​នៃ​ភាសា? សព្វវចនាធិប្បាយ​មួយ​បាន​ពន្យល់​ថា​៖ ​«​ទី​សំ​អាង​ដែល​ប្រៀប​ដូច​ជា​ផូស៊ីល​ដ៏​ចាស់​បំផុត​អំពី​ភាសា​បុរាណ​មាន​ចំណាស់​ត្រឹម​តែ​៤​.​០០០​ឆ្នាំ ឬ​៥​.​០០០​ឆ្នាំ​ប៉ុណ្ណោះ។ គ្មាន​ទី​សំ​អាង​ណា​ដែល​ចាស់​ជាង​នោះ​ទេ​»​ (​The New Encyclopædia Britannica​)។ ដូច្នេះ តើ​បុរាណវត្ថុវិទូ​បាន​រក​ឃើញ​ភ័ស្តុតាង​ផ្សេង​ៗ​ដែល​ប្រៀប​ដូច​ជា​«​ផូស៊ីល​»​ឬ‹ទី​សំ​អាង​អំពី​ភាសា​បុរាណ›នៅ​ឯ​ណា? គឺ​នៅ​ប៉ែក​ខាង​ត្បូង​នៃ​តំបន់​មេសូប៉ូតាមៀ ដែល​ជា​ទី​តាំង​ស្រុក​ស៊ីណើរ​ពី​បុរាណ។ * ដូច្នេះ ភ័ស្តុតាង​នេះ​គឺ​ស្រប​នឹង​ព្រឹត្ដិការណ៍​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ។

ភាសា​ខុស​គ្នា គំនិត​ខុស​គ្នា

កំណត់​ហេតុ​គម្ពីរ​រៀប​រាប់​ថា នៅ​ប៉ម​បាបិល​ព្រះ​បាន​«​បំភាន់​ភាសា​គេ ដើម្បី​កុំ​ឲ្យ​គេ​ស្ដាប់[​ឬ​យល់​]គ្នា​បាន​ទៀត​»។ (​លោកុប្បត្តិ ១១:៧​) ជា​លទ្ធផល អ្នក​សាងសង់​ទាំង​នោះ​«​ក៏​លែង​សង់​ទី​ក្រុង​»​បាបិល​នោះ​ទៅ ហើយ​ពួក​គេ​បាន​បែកខ្ញែក​គ្នា​«​គ្រប់​លើ​ផែនដី​»។ (​លោកុប្បត្តិ ១១:៨, ៩​) ដូច្នេះ គម្ពីរ​មិន​បាន​ចែង​ថា​ភាសា​ទំនើប​ទាំង​អស់​របស់​មនុស្ស​សព្វ​ថ្ងៃ​បាន​វិវត្តន៍​មក​ពី​«​ភាសា​មុន​ដំបូង​»​តែ​មួយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គម្ពីរ​រៀប​រាប់​ថា​ភាសា​ថ្មី​មួយ​ចំនួន​បាន​កើត​ឡើង​មួយ​រំពេច ដោយ​មាន​លក្ខណៈ​ពេញ​លេញ​ហើយ។ ភាសា​នីមួយ​ៗ​នោះ​អាច​បញ្ជាក់​ពី​អារម្មណ៍​និង​គំនិត​ទាំង​អស់​របស់​មនុស្ស ហើយ​ក៏​ជា​ភាសា​ខុស​គ្នា​ទាំង​ស្រុង​ពី​ភាសា​ឯ​ទៀត​ដែរ។

បន្ទះ​ថ្ម​ដែល​មាន​អក្សរ​រូប​ពី​តំបន់​មេសូប៉ូតាមៀ នៅ​សហស្ស​វត្សរ៍​ទី​៣ មុន​គ.ស.

ចុះ​យ៉ាង​ណា​ចំពោះ​ក្រុម​ភាសា​ផ្សេង​ៗ​ដែល​មាន​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ? តើ​ក្រុម​ភាសា​ទាំង​នោះ​ស្រដៀង​គ្នា​ឬ​ខុស​គ្នា? លោក​ស្រី​លី​រ៉ា ប័ររ៉ឌីស្គី​ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ខាង​ដំណើរ​ការ​ខួរ​ក្បាល បាន​សរសេរ​ថា​៖ ​«​កាល​អ្នក​ស្រាវជ្រាវ​ខាង​ភាសា​ពិនិត្យ​មើល​កាន់​តែ​ស៊ី​ជម្រៅ​នូវ​ភាសា​ផ្សេង​ៗ​ដែល​មាន​ក្នុង​ពិភព​លោក(​ដែល​មាន​ប្រមាណ​ជាង​៧​.​០០០​ភាសា ហើយ​គេ​បាន​វិភាគ​តែ​បន្ដិច​បន្តួច​ប៉ុណ្ណោះ​) ពួក​គេ​ឃើញ​ថា ភាសា​ផ្សេង​ៗ​ទាំង​នោះ មាន​ភាព​ខុស​គ្នា​ច្រើន​រាប់​មិន​អស់​»។ ត្រូវ​ហើយ ក្រុម​ភាសា​មួយ​ប្រហែលជា​រួម​បញ្ចូល​ភាសា​និង​គ្រាម​ភាសា​ដែល​ស្រដៀង​គ្នា ឧទាហរណ៍​ដូច​ជា​ចិន​កន្ដាំង និង​ចិន​ហាក់កា​នៅ​ភាគ​ខាង​ត្បូង។ តែ​ភាសា​ទាំង​នោះ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ក្រុម​ភាសា​មួយ​ទៀត ដូច​ជា​ភាសា​អង់គ្លេស​ឬ​ភាសា​អាឡឺម៉ង់។

ភាសា​មាន​ឥទ្ធិពល​ទៅ​លើ​របៀប​ដែល​មនុស្ស​គិត​និង​របៀប​ដែល​គេ​ពណ៌នា​អ្វី​ដែល​មាន​នៅ​ជុំ​វិញ​ខ្លួន ដូច​ជា​ពណ៌ ចំនួន ទី​តាំង និង​ទិស​ដៅ​ជា​ដើម។ ជា​ឧទាហរណ៍​ក្នុង​ភាសា​មួយ​មនុស្ស​ម្នាក់​និយាយ​ថា​៖ ​«​មាន​សត្វ​ល្អិត​លើ​ដៃ​ស្ដាំ​របស់​អ្នក​»​ ប៉ុន្តែ​ក្នុង​ភាសា​មួយ​ទៀត​គេ​និយាយ​ថា​៖ ​«​មាន​សត្វ​ល្អិត​លើ​ដៃ​ខាង​ត្បូង​ឆៀង​ខាង​លិច​របស់​អ្នក​»។ ដូច្នេះ​ភាព​ខុស​គ្នា​បែប​នេះ​ប្រាកដជា​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ។ គ្មាន​ការ​សង្ស័យ​ទេ​ថា ដោយ​សារ​អ្នក​សាងសង់​ប៉ម​បាបិល​យល់​ច្រឡំ​គ្នា ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​បន្ត​គម្រោង​សាងសង់​ទៀត។

តើ​បាន​គ្រហឹម​ដូច​សត្វ ឬ​ក៏​មាន​ភាសា​ដែល​ពេញ​លក្ខណៈ?

តើ​ភាសា​ដើម​របស់​មនុស្សជាតិ​មាន​លក្ខណៈ​បែប​ណា? គម្ពីរ​រៀប​រាប់​ថា​អាដាម​ដែល​ជា​បុរស​ទី​១​បាន​បង្កើត​ពាក្យ​ថ្មី​ៗ​ពេល​គាត់​ដាក់​ឈ្មោះ​សត្វ​ទាំង​អស់។ (​លោកុប្បត្តិ ២:២០​) អាដាម​ក៏​បាន​និពន្ធ​កំណាព្យ​ដែល​បញ្ជាក់​ពី​អារម្មណ៍​របស់​គាត់​ចំពោះ​ប្រពន្ធ​ដែរ ហើយ​នាង​បាន​រៀប​រាប់​យ៉ាង​ចំ​ៗ​នូវ​អ្វី​ដែល​ព្រះ​បាន​បង្គាប់ និង​ផល​វិបាក​ដែល​មក​ពី​ការ​មិន​ស្ដាប់​បង្គាប់​លោក។ (​លោកុប្បត្តិ ២:២៣; ៣:១​-​៣​) ដូច្នេះ ភាសា​ទី​១​ជួយ​ឲ្យ​មនុស្សជាតិ​ប្រាស្រ័យ​ទាក់​ទង​គ្នា​និង​សម្ដែង​អារម្មណ៍​ចំពោះ​គ្នា​បាន​យ៉ាង​ល្អ​ប្រសើរ។

ការ​បំភាន់​ភាសា​នៅ​បាបិល​បាន​រារាំង​មនុស្សជាតិ​ដើម្បី​កុំ​ឲ្យ​ពួក​គេ​មាន​សមត្ថភាព​ពួត​កម្លាំង​កាយ​និង​សតិបញ្ញា​គ្នា​ទៀត។ ប៉ុន្តែ ភាសា​ថ្មី​របស់​ពួក​គេ​ក៏​ដូច​ជា​ភាសា​របស់​បុរស​ស្ត្រី​ទី​១​ដែរ គឺ​គ្រប់​លក្ខណៈ​ហើយ។ ដូច្នេះ​គ្រាន់តែ​ពីរ​បី​សតវត្សរ៍​ប៉ុណ្ណោះ មនុស្ស​បាន​សាងសង់​ទី​ក្រុង​ធំ​ៗ​ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ បង្កើត​កង​ទ័ព​ដ៏​ខ្លាំង​ក្លា ហើយ​ធ្វើ​ជំនួញ​អន្តរជាតិ។ (​លោកុប្បត្តិ ១៣:១២; ១៤:១​-​១១; ៣៧:២៥​) តើ​ពួក​គេ​អាច​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​បែប​នេះ បើ​គ្មាន​ពាក្យ​គ្រប់​គ្រាន់​និង​វេយ្យាករណ៍​ជាក់​លាក់​ដើម្បី​ប្រាស្រ័យ​ទាក់​ទង​គ្នា​ឬ? យោង​ទៅ​តាម​គម្ពីរ ភាសា​ដើម​របស់​មនុស្សជាតិ​និង​ភាសា​ផ្សេង​ៗ​ដែល​បាន​កើត​ឡើង​នៅ​បាបិល មិន​មែន​ជា​ការ​គ្រហឹម​ដូច​សត្វ​ទេ តែ​ជា​ភាសា​ដែល​ពេញ​លក្ខណៈ​ហើយ​មាន​វេយ្យាករណ៍​និង​ពាក្យ​ជា​ច្រើន។

ការ​ស្រាវជ្រាវ​ថ្មី​ៗ​គាំទ្រ​ការ​សន្និដ្ឋាន​នេះ។ សៀវភៅ​មួយ​សរសេរ​ថា​៖ ​«​គ្រប់​វប្បធម៌​ដែល​គេ​បាន​ស្រាវជ្រាវ ទោះ​ជា​គេ​ចាត់​ទុក​ថា​មាន​អរិយធម៌​កម្រិត​ទាប​ក្ដី ក៏​ពួក​គេ​ឃើញ​ថា​មាន​ភាសា​ដែល​មាន​គ្រប់​លក្ខណៈ​ហើយ​មាន​វេយ្យាករណ៍​និង​ពាក្យ​ជា​ច្រើន ដូច​នឹង​ប្រទេស​ផ្សេង​ទៀត​ដែល​គេ​ចាត់​ទុក​ថា​មាន​អរិយធម៌​ខ្ពង់​ខ្ពស់​ដែរ​»​ (​The Cambridge Encyclopedia of Language​)។ ស្រដៀង​គ្នា​ដែរ ក្នុង​សៀវភៅ​មួយ​របស់​សាស្ដ្រាចារ្យ​ស្ទីវវីន ភីនកឺ នៅ​សកលវិទ្យាល័យ​ហាវាដ សរសេរ​ថា​៖ ​«​គ្មាន​ភាសា​កម្រិត​ទាប​ទេ​»​ (​The Language Instinct​)។

អនាគត​នៃ​ភាសា

យើង​បាន​ពិចារណា​អំពី​ចំណាស់​និង​ទី​តាំង​នៃ​ភ័ស្តុតាង​ផ្សេង​ៗ​ដែល​ជា​ប្រៀប​ដូច​ជា​«​ផូស៊ីល​»​ ព្រម​ទាំង​អំពី​ភាព​ខុស​គ្នា​ឆ្ងាយ​រវាង​ក្រុម​ភាសា​ផ្សេង​ៗ និង​លក្ខណៈ​ពេញ​លេញ​នៃ​ភាសា​ពី​បុរាណ។ ដូច្នេះ​តើ​ការ​សន្និដ្ឋាន​បែប​ណា​គឺ​សម​ហេតុ​ផល? មនុស្ស​ជា​ច្រើន​សន្និដ្ឋាន​ថា​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​អ្វី​ដែល​កើត​ឡើង​នៅ​បាបិល​ជា​ការ​ពន្យល់​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​ទាំង​ស្រុង។

គម្ពីរ​ប្រាប់​យើង​ថា​ព្រះ​យេហូវ៉ា​បាន​បំភាន់​ភាសា​របស់​មនុស្ស​នៅ​បាបិល ដោយ​សារ​ពួក​គេ​បាន​បះបោរ​ប្រឆាំង​នឹង​លោក។ (​លោកុប្បត្តិ ១១:៤​-​៧​) ក៏​ប៉ុន្តែ លោក​បាន​សន្យា​ថា​លោក​នឹង​«​ឲ្យ​ជន​ជាតិ​ទាំង​ឡាយ មាន​បបូរ​មាត់​ស្អាត[​ឬ​«​ភាសា​បរិសុទ្ធ​»​] ដើម្បី​ឲ្យ​គេ​បាន​អំពាវ​នាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់​»។ (​សេផានា ៣:៩; ព.ថ.​) ​«​ភាសា​បរិសុទ្ធ​»​នេះ គឺ​ជា​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ ដែល​ទាញ​នាំ​មនុស្ស​សព្វ​ថ្ងៃ​នេះ​នៅ​ទូ​ទាំង​ពិភព​លោក​ឲ្យ​រួប​រួម​គ្នា។ តាម​មើល​ទៅ​ជា​ការ​សម​ហេតុ​ផល​ណាស់​ថា នៅ​អនាគត​ព្រះ​នឹង​ធ្វើ​ឲ្យ​មនុស្សជាតិ​មាន​សាមគ្គី​ភាព​ថែម​ទៀត ដោយ​ឲ្យ​ពួក​គេ​និយាយ​ភាសា​តែ​មួយ​ដូច​មុន​ដែល​មាន​ការ​បំភាន់​ភាសា​នៅ​បាបិល។

^ វគ្គ 8 ជា​ធម្មតា ទ្រឹស្តី​ផ្សេង​ៗ​អំពី​ភាសា​បាន​ត្រូវ​បង្កើត​មក​ដើម្បី​គាំទ្រ​ទ្រឹស្តី​ថា​មនុស្ស​បាន​វិវត្តន៍​ពី​សត្វ​ដែល​ស្រដៀង​សត្វ​ស្វា។ ដើម្បី​ពិចារណា​អំណះអំណាង​ទាំង​នេះ សូម​មើល​សៀវភៅ​ស្តើង The Origin of Life—Five Questions Worth Asking នៅ​ទំព័រ​២៧​-​២៩ ដែល​បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

^ វគ្គ 9 បុរាណវត្ថុវិទូ​បាន​រក​ឃើញ​ប៉ម​មួយ​ចំនួន​ដែល​មាន​រាង​ពីរ៉ាមីត​ជា​គន្លាក់​ៗ​នៅ​តំបន់​ស៊ីណើរ។ គម្ពីរ​ចែង​ថា​អ្នក​សាងសង់​ប៉ម​នោះ​បាន​រៀប​ឥដ្ឋ​មិន​មែន​ថ្ម​ទេ ហើយ​បាន​ប្រើ​បាយអ​ដើម្បី​ឲ្យ​ឥដ្ឋ​ជាប់​គ្នា។ (​លោកុប្បត្តិ ១១:៣, ៤​) សព្វវចនាធិប្បាយ​មួយ​សរសេរ​ថា នៅ​តំបន់​មេសូប៉ូតាមៀ បាយអ​មាន​ច្រើន រីឯ​ថ្ម​វិញ​«​កម្រ​មាន​ណាស់​ឬ​គ្មាន​សោះ​តែ​ម្ដង​»​ (​The New Encyclopædia Britannica​)។