មូលហេតុដែលយើងត្រូវការព្រះ
អត្ថបទអំពីក្របទស្សនាវដ្ដី | តើយើងត្រូវការព្រះទេ?
មូលហេតុដែលយើងត្រូវការព្រះ
អ្នកជំនាញខាងសុខភាពផ្លូវចិត្តប្រាប់ថា មនុស្សមិនអាចមានសុភមង្គលពិតទេ បើគ្រាន់តែបំពេញសេចក្ដីត្រូវការខាងរូបកាយប៉ុណ្ណោះ។ ហេតុនេះហើយបានជាមនុស្សចង់មានគោលដៅដែលមានន័យខ្លឹមសារ ឬចង់បម្រើបុព្វហេតុណាមួយដែលសំខាន់ជាងប្រយោជន៍ខ្លួន។ ដើម្បីបំពេញនូវសេចក្ដីត្រូវការនេះ អ្នកខ្លះចំណាយពេលវេលារៀនលេងភ្លេងឬច្រៀង ឬសិក្សាអំពីរុក្ខជាតិនិងសត្វ ឬធ្វើវត្ថុដ៏ស្អាតដោយដៃរបស់ខ្លួន។ ក៏ប៉ុន្តែ ទោះជាមនុស្សធ្វើកិច្ចការដូចនេះក្ដី ពួកគេភាគច្រើនមិនមានជីវិតដ៏គាប់ចិត្តដូចដែលពួកគេចង់បានឡើយ។
អ្នកអានគម្ពីរមិនភ្ញាក់ផ្អើលទេ ដោយឃើញថាតាំងពីកំណើត មនុស្សមានសេចក្ដីប៉ងប្រាថ្នាដូចអ្វីដែលបានរៀបរាប់ខាងលើនេះ។ ប៉ុន្មានជំពូកដំបូងក្នុងសៀវភៅលោកុប្បត្តិបញ្ជាក់ថា ក្រោយពីព្រះបានបង្កើតបុរសស្ត្រីដំបូង លោកបានសន្ទនាជាមួយពួកគេជាទៀងទាត់ ដើម្បីឲ្យពួកគេពង្រឹងចំណងមិត្តភាពជាមួយលោក។ (លោកុប្បត្តិ ៣:៨-១០) ព្រះមិនបានបង្កើតមនុស្សមកដើម្បីឲ្យពួកគេរស់នៅដោយគ្មានទំនាក់ទំនងជាមួយលោកឡើយ។ ពួកគេត្រូវប្រាស្រ័យទាក់ទងជាមួយព្រះដែលបានបង្កើតពួកគេ។ ជាញឹកញយ គម្ពីរចែងប្រាប់អំពីតម្រូវការនេះ។
ជាឧទាហរណ៍ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ!»។ (ម៉ាថាយ ៥:៣) តាមរយៈពាក្យទាំងនោះ យើងអាចសន្និដ្ឋានថាកត្ដាដ៏សំខាន់ដើម្បីមានសុភមង្គលនិងជីវិតគាប់ចិត្ត គឺយើងត្រូវបំពេញសេចក្ដីប៉ងប្រាថ្នាមួយដែលយើងមានតាំងពីកំណើត ពោលគឺសេចក្ដីប៉ងប្រាថ្នាចង់ស្គាល់ព្រះ។ តើយើងអាចធ្វើដូច្នោះយ៉ាងដូចម្ដេច? លោកយេស៊ូបានឆ្លើយប្រាប់ថា៖ «មនុស្សមិនត្រូវរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ តែដោយសារគ្រប់ទាំងប្រសាសន៍ដែលចេញពីមាត់ព្រះយេហូវ៉ាមក»។ (ម៉ាថាយ ៤:៤) តើតាមរបៀបណាដែលប្រសាសន៍របស់ព្រះ ពោលគឺទស្សនៈនិងការណែនាំពីលោកក្នុងគម្ពីរអាចជួយយើងឲ្យរស់នៅដោយមានសុភមង្គលនិងមានជីវិតដែលមានន័យខ្លឹមសារ? សូមយើងពិចារណាវិធីដ៏សំខាន់បីយ៉ាង។
យើងត្រូវការការណែនាំល្អ
នៅសព្វថ្ងៃនេះ មានអ្នកជំនាញនិងអ្នកឯកទេសច្រើនរាប់មិនអស់ដែលចាំផ្ដល់យោបល់ទាក់ទងនឹងជីវិតក្រុមគ្រួសារ រឿងស្នេហា សុភមង្គល ការទាក់ទងជាមួយអ្នកឯទៀត វិធីដោះស្រាយជម្លោះ និងរបៀបធ្វើយ៉ាងណាដើម្បីឲ្យជីវិតមានន័យខ្លឹមសារ។ ក៏ប៉ុន្តែ ស្តីអំពីរឿងទាំងនេះ តើអ្នកណាដែលអាចផ្ដល់ការណែនាំដ៏សមហេតុផលនិងត្រឹមត្រូវបំផុត? គឺច្បាស់ជាព្រះយេហូវ៉ាជាព្រះដែលបង្កើតមនុស្សជាតិ មែនទេ?
ជាឧទាហរណ៍ ពេលអ្នកទិញផលិតផលថ្មីមួយដូចជា ម៉ាស៊ីនថតរូបឬកុំព្យូទ័រ អ្នករំពឹងថាវានឹងភ្ជាប់មកជាមួយសៀវភៅណែនាំរបស់អ្នកផលិត
ដែលអាចជួយអ្នកឲ្យចេះប្រើវត្ថុនោះយ៉ាងសព្វគ្រប់ព្រមទាំងត្រូវចិត្តផង។ ស្រដៀងគ្នាដែរ គម្ពីរប្រៀបដូចជាសៀវភៅណែនាំមួយ ព្រះប្រៀបដូចជាអ្នកផលិត ឯជីវិតមនុស្សប្រៀបដូចជាផលិតផល។ ដូច្នេះព្រះបានឲ្យគម្ពីរដែលជាសៀវភៅណែនាំមួយដល់មនុស្សយើងដែលជាអ្នកប្រើ។ គម្ពីរពន្យល់ប្រាប់អំពីគោលបំណងនៃជីវិត និងរបៀបរស់នៅដែលនាំឲ្យមានជីវិតប្រសើរបំផុត។ដូចសៀវភៅដ៏ល្អដែលណែនាំអំពីផលិតផលដើម្បីជួយអ្នកប្រើឲ្យចេះប្រើយ៉ាងត្រឹមត្រូវ នោះគម្ពីរក៏ជួយអ្នកអានឲ្យប្រយ័ត្នចំពោះការប្រព្រឹត្តខ្លះដែលអាចបំផ្លាញជីវិតរបស់ខ្លួនដែរ។ ចំណែកឯយោបល់ដែលអ្នកឯទៀតផ្ដល់ឲ្យ នោះប្រហែលជាស្ដាប់ទៅដូចជាល្អ ហើយស្រួលធ្វើតាមជាង។ ប៉ុន្តែជាការសមហេតុផលឲ្យយើងគិតថា យើងនឹងទទួលលទ្ធផលល្អបំផុតហើយអាចជៀសវាងពីបញ្ហា បើយើងធ្វើតាមយោបល់របស់អ្នកដែលបានបង្កើតយើង មែនទេ?
ទោះជាព្រះយេហូវ៉ាផ្ដល់ការណែនាំដល់យើងក្ដី តែលោកមិនបង្ខំយើងឲ្យធ្វើតាមទេ។ ដោយសារលោកស្រឡាញ់យើងហើយចង់ជួយយើង លោកបានមានប្រសាសន៍មកកាន់យើងយ៉ាងកក់ក្ដៅថា៖ «អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ ឱបើឯងបានស្ដាប់តាមបញ្ញត្តទាំងប៉ុន្មានរបស់អញទៅអេះ នោះសេចក្ដីសុខរបស់ឯងនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់ឯង នឹងបានដូចជារលកនៃសមុទ្រហើយ»។ (អេសាយ ៤៨:១៧, ១៨) និយាយឲ្យចំទៅ បើយើងធ្វើតាមការណែនាំរបស់ព្រះ យើងនឹងមានជីវិតគាប់ចិត្ត។ បើនិយាយម្យ៉ាងទៀត ដើម្បីមានជីវិតគាប់ចិត្តនិងមានសុភមង្គល យើងត្រូវការព្រះ។
យើងចង់ដឹងមូលហេតុ ដែលយើងមានបញ្ហាក្នុងជីវិត
មនុស្សខ្លះមានអារម្មណ៍ថា ពួកគេមិនត្រូវការព្រះទេ ដោយសារពួកគេឃើញថាជីវិតមនុស្សមានបញ្ហាដែលគេមិនអាចកាត់ស្រាយបាន នោះធ្វើឲ្យពួកគេពិបាកជឿថាមានព្រះដែលស្រឡាញ់មនុស្សជាតិ។ ជាឧទាហរណ៍ ពួកគេប្រហែលជាសួរថា៖ ‹ហេតុអ្វីមនុស្សល្អរងទុក្ខវេទនា?› ‹ហេតុអ្វីទារកដែលគ្មានកំហុសកើតមកមិនគ្រប់លក្ខណៈ?› ‹ហេតុអ្វីជីវិតមានភាពអយុត្ដិធម៌ម្ល៉េះ?›។ សំណួរទាំងនោះពិតជាសំណួរដ៏សំខាន់ ហើយការដឹងចម្លើយដែលធ្វើឲ្យយើងអស់ចម្ងល់អាចមានឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតយើង។ ជាជាងបន្ទោសព្រះភ្លាមៗចំពោះបញ្ហាដូចនោះ សូមយើងពិនិត្យមើលគម្ពីរដែលជាបណ្ដាំរបស់លោក។ គម្ពីរអាចជួយយើងឲ្យយល់ច្បាស់អំពីរឿងទាំងនោះ។
ក្នុងជំពូកទីបីនៃសៀវភៅលោកុប្បត្តិ យើងឃើញកំណត់ហេតុអំពីសាថាន * ដែលបានប្រើសត្វពស់ឲ្យល្បួងបុរសនិងស្ត្រីដំបូងឲ្យឈប់ស្ដាប់បង្គាប់ព្រះយេហូវ៉ា។ បង្គាប់របស់ព្រះនោះគឺកុំឲ្យពួកគេបរិភោគផ្លែពីដើមដឹងខុសត្រូវ ហើយលោកក៏បានប្រាប់ដែរថា បើពួកគេបរិភោគ ពួកគេនឹងស្លាប់ជាមិនខាន។ ប៉ុន្តែសាថានបានប្រាប់អេវ៉ាថា៖ «អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។—លោកុប្បត្តិ ២:១៦, ១៧; ៣:៤, ៥
តាមរយៈពាក្យទាំងនោះ សាថានមិនគ្រាន់តែអះអាងថាព្រះជាអ្នកកុហកប៉ុណ្ណោះទេ តែវាថែមទាំងនិយាយទៀតថារបៀបដែលព្រះគ្រប់គ្រងនោះគឺគ្មានយុត្ដិធម៌ឡើយ។ មេកំណាចសាថាននោះអះអាងថា បើមនុស្សជាតិស្ដាប់តាមវា ពួកគេនឹងមានជីវិតល្អប្រសើរជាង។ តើព្រះអាចដោះស្រាយការចោទប្រកាន់ទាំងនោះយ៉ាងដូចម្ដេច? ព្រះយេហូវ៉ាបានទុកពេលវេលាដើម្បីឲ្យពួកគេទាំងអស់គ្នាឃើញថា តើការចោទប្រកាន់
ចំពោះលោកខុសឬត្រូវ? ដោយធ្វើដូច្នោះ ព្រះឲ្យឱកាសដល់សាថាននិងអ្នកដែលគាំទ្រវាបង្ហាញថា តើមនុស្សជាតិអាចមានជីវិតគាប់ចិត្តដោយគ្មានព្រះបានឬមិនបាន?តើលោកអ្នកគិតយ៉ាងណាអំពីសំណួរទាំងនោះ? តើមនុស្សអាចមានជីវិតគាប់ចិត្តនិងគ្រប់គ្រងខ្លួនឯងដោយជោគជ័យដោយគ្មានព្រះបានទេ? ការរងទុក្ខវេទនា ភាពអយុត្ដិធម៌ ជំងឺ និងសេចក្ដីស្លាប់ រួមទាំងសង្គ្រាម ការអាប់ឱនខាងសីលធម៌ ការប្រល័យពូជសាសន៍ និងអំពើសាហាវព្រៃផ្សៃផ្សេងទៀតដែលបានធ្វើឲ្យមនុស្សជាតិរងទុក្ខអស់ច្រើនសតវត្សរ៍មកហើយ គឺជាទីសំអាងបញ្ជាក់ថាការព្យាយាមគ្រប់គ្រងខ្លួនឯងដោយគ្មានព្រះមិនអាចជោគជ័យឡើយ។ ជាជាងបង្ហាញថាព្រះជាអ្នកទទួលខុសត្រូវចំពោះទុក្ខវេទនារបស់មនុស្សជាតិ គម្ពីរបានចែងប្រាប់អំពីដើមហេតុដ៏ចម្បងមួយដែលនាំឲ្យមានបញ្ហាទាំងនោះគឺ«មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។—សាស្ដា ៨:៩
អាស្រ័យហេតុនេះ យើងយល់ច្បាស់ថា យើងត្រូវការព្រះមិនគ្រាន់តែដោយសារយើងចង់ដឹងមូលហេតុដែលមនុស្សកំពុងប្រឈមមុខនឹងបញ្ហាប៉ុណ្ណោះទេ តែយើងក៏ចង់ដឹងអំពីដំណោះស្រាយដែរ មែនទេ? ដូច្នេះ តើព្រះនឹងធ្វើអ្វី?
យើងត្រូវការជំនួយពីព្រះ
មនុស្សចង់រួចផុតយ៉ាងខ្លាំងពីជំងឺ ភាពចាស់ជរា និងសេចក្ដីស្លាប់។ ដូច្នេះ ពួកគេបានចំណាយពេល កម្លាំងកាយ និងធនធានជាច្រើនដើម្បីសម្រេចគោលដៅនោះ។ ប៉ុន្តែមិនសូវទទួលបានលទ្ធផលឬគ្មានសោះតែម្ដង។ អ្នកខ្លះទៀតជឿថា បើពួកគេផឹកថ្នាំដែលមានលាយសារធាតុផ្សេងៗ ឬទឹកអម្រឹត ឬរស់នៅកន្លែងពិសេសមួយ នោះពួកគេនឹងនៅក្មេងរហូត។ ការស្រមើស្រមៃទាំងអស់នេះនាំឲ្យពួកគេទទួលបានតែការខកចិត្តប៉ុណ្ណោះ។
ព្រះចង់ឲ្យមនុស្សមានជីវិតគាប់ចិត្តនិងមានសុភមង្គល។ នេះជាគោលបំណងដើមរបស់លោកពេលដែលលោកបានបង្កើតមនុស្ស ហើយលោកមិនបានភ្លេចអំពីរឿងនោះទេ។ (លោកុប្បត្តិ ១:២៧, ២៨; អេសាយ ៤៥:១៨) ព្រះយេហូវ៉ាបានធានាចំពោះយើងថា អ្វីក៏ដោយដែលលោកមានបំណងធ្វើនឹងត្រូវសម្រេចជាមិនខាន។ (អេសាយ ៥៥:១០, ១១) គម្ពីរបានប្រាប់យើងអំពីសេចក្ដីសន្យារបស់ព្រះថា លោកនឹងធ្វើឲ្យមានសួនឧទ្យានឡើងវិញ ជាសួនឧទ្យានដែលបុរសស្ត្រីដំបូងបានបាត់បង់សិទ្ធិរស់នៅ។ យើងឃើញពាក្យទាំងនេះដែលមានចែងក្នុងសៀវភៅចុងក្រោយនៃគម្ពីរដែលថា៖ «លោក[ព្រះយេហូវ៉ា]នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ»។ (ការបើកបង្ហាញ ២១:៤) តើតាមរបៀបណាព្រះនឹងធ្វើឲ្យមានស្ថានភាពដ៏ល្អអស្ចារ្យទាំងនេះ? តើយើងត្រូវធ្វើយ៉ាងណាដើម្បីទទួលអ្វីដែលព្រះសន្យា?
លោកយេស៊ូគ្រិស្តដែលជាបុត្ររបស់ព្រះ បានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានសុំឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេច។ មនុស្សជាច្រើនស្គាល់សេចក្ដីអធិដ្ឋាននោះ ឬធ្លាប់សូត្រសេចក្ដីអធិដ្ឋាននោះម្ដងហើយម្ដងទៀត។ អ្នកខ្លះហៅសេចក្ដីអធិដ្ឋាននោះថាជាសេចក្ដីអធិដ្ឋានរបស់លោកម្ចាស់។ សេចក្ដីអធិដ្ឋាននោះមានដូចតទៅ៖ «ឱបិតារបស់យើងដែលនៅស្ថានសួគ៌ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ។ សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់។ សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:៩, ១០) ពិតមែនហើយ តាមរយៈរាជាណាចក្ររបស់ព្រះយេហូវ៉ា លោកនឹងបំបាត់ចោលទុក្ខវេទនាដែលមកពីការគ្រប់គ្រងរបស់មនុស្ស ហើយនាំមកនូវពិភពលោកថ្មីដ៏សុចរិតតាមសេចក្ដីសន្យារបស់លោក។ * (ដានីយ៉ែល ២:៤៤; ) ដើម្បីទទួលអ្វីដែលព្រះសន្យា តើយើងត្រូវធ្វើយ៉ាងណា? ពេត្រុសទី២ ៣:១៣
លោកយេស៊ូគ្រិស្តបានបញ្ជាក់ប្រាប់អំពីជំហានដ៏ស្រួលមួយដែលយើងត្រូវធ្វើគឺថា៖ «ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់ ពួកគាត់ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់ ព្រមទាំងយេស៊ូគ្រិស្ត ដែលលោកបានចាត់ឲ្យមក»។ (យ៉ូហាន ១៧:៣) ប្រាកដណាស់ ដោយមានជំនួយពីព្រះ យើងអាចទទួលជីវិតដែលគ្មានទីបញ្ចប់ក្នុងពិភពលោកថ្មីតាមសេចក្ដីសន្យារបស់លោក។ សេចក្ដីសង្ឃឹមនោះអាចជាមូលហេតុមួយទៀតដែលធ្វើឲ្យយើងជឿជាក់ថាយើងពិតជាត្រូវការព្រះ។
ឥឡូវជាពេលដែលយើងត្រូវគិតអំពីព្រះ
ពីរពាន់ឆ្នាំមុន នៅលើទួលអារីយ៉ូសក្នុងក្រុងអាថែន សាវ័កប៉ូលបាននិយាយអំពីព្រះប្រាប់អ្នកក្រុងអាថែនដែលជាអ្នកមានគំនិតទូលំទូលាយថា៖ «លោកហើយដែលផ្ដល់ជីវិត ដង្ហើម និងអ្វីៗទាំងអស់ដល់មនុស្សគ្រប់រូប។ ព្រោះគឺដោយសារលោកទើបមានយើង ហើយគឺដោយសារលោក ទើបយើងមានជីវិត ក៏អាចធ្វើចលនាផង ដូចកវីខ្លះរបស់អ្នករាល់គ្នាថា៖ ‹ព្រោះយើងក៏ជាពូជពង្សរបស់លោកដែរ›»។—សកម្មភាព ១៧:២៥, ២៨
អ្វីដែលប៉ូលបានបញ្ជាក់ប្រាប់អ្នកក្រុងអាថែននៅតែជាការពិត។ ព្រះដែលជាអ្នកបង្កើតផ្ដល់ឲ្យយើងនូវខ្យល់ដកដង្ហើម អាហារដែលយើងបរិភោគ និងទឹកដែលយើងផឹក។ ដូច្នេះច្បាស់ណាស់ បើព្រះយេហូវ៉ាមិនផ្ដល់នូវអ្វីៗដ៏ល្អទាំងនេះទេ នោះយើងមិនអាចមានជីវិតរស់នៅបានឡើយ។ សូម្បីតែអ្នកខ្លះមិនបានគិតអំពីព្រះក៏ដោយ ក៏លោកនៅតែផ្ដល់អ្វីៗទាំងនេះដល់ពួកគេដែរ។ ហេតុអ្វីលោកធ្វើដូច្នេះ? ប៉ូលបាននិយាយថា៖ «ដើម្បីឲ្យពួកគេរកព្រះ ប្រសិនបើពួកគេនឹងស្វះស្វែងរកលោកទាល់តែឃើញ ទោះជាការពិត លោកមិននៅឆ្ងាយពីយើងម្នាក់ៗក៏ដោយ»។—សកម្មភាព ១៧:២៧
តើលោកអ្នកចង់ស្គាល់ព្រះឲ្យបានច្បាស់ជាងដោយរៀនថែមទៀតអំពីគោលបំណងរបស់លោក និងឱវាទរបស់លោកស្តីអំពីរបៀបមានជីវិតគាប់ចិត្តនៅឥឡូវនេះនិងជារៀងរហូតទេ? បើចង់ យើងសូមលើកទឹកចិត្តលោកអ្នកឲ្យប្រាប់អ្នកដែលបានជូនទស្សនាវដ្ដីនេះ ឬទាក់ទងអង្គការដែលបោះពុម្ពផ្សាយទស្សនាវដ្ដីនេះ។ ពួកគេរីករាយនឹងជួយលោកអ្នក។
[កំណត់សម្គាល់]
^ វគ្គ 13 សាថានជាទេវតាមួយរូបដែលបានបះបោរប្រឆាំងព្រះ។
^ វគ្គ 20 ដើម្បីទទួលព័ត៌មានបន្ថែមស្តីអំពីរបៀបដែលរាជាណាចក្រនឹងធ្វើឲ្យបំណងប្រាថ្នារបស់ព្រះបានសម្រេចនៅផែនដី សូមមើលជំពូកទី៨ ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា និងអាចមើលឬថតចម្លងតាមគេហទំព័រwww.pr418.com/km។
[រូបភាពនៅទំព័រ៧]
ព្រះចង់ឲ្យមនុស្សមានសុភមង្គលនៅឥឡូវនេះនិងជារៀងរហូត
[រូបភាពនៅទំព័រ៤]
ដូចសៀវភៅណែនាំសម្រាប់អ្នកប្រើផលិតផល គម្ពីរជាសៀវភៅណែនាំសម្រាប់ជីវិត
[ឃ្លាអក្សរធំនៅទំព័រ៥]
«អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ ឱបើឯងបានស្ដាប់តាមបញ្ញត្តទាំងប៉ុន្មានរបស់អញទៅអេះ នោះសេចក្ដីសុខរបស់ឯងនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់ឯង នឹងបានដូចជារលកនៃសមុទ្រហើយ»។—អេសាយ ៤៨:១៧, ១៨
[រូបភាពនៅទំព័រ៦]
ក្នុងគម្ពីរយើងអាចរកឃើញការណែនាំនិងជំនួយដែលយើងត្រូវការ