លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត

គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត

ព្រះ​យេហូវ៉ា​មិន​បាន​ភ្លេច​ខ្ញុំ​ទេ

រៀប​រាប់​ដោយ ស៊ូសានណា ផ្លេស៊ីន អ៊ូឌីអឺស

ឆ្នាំ​កំណើត: ១៩២២

ប្រទេស​កំណើត: អេស្ប៉ាញ

ប្រវត្ដិ: គ្រូ​បង្រៀន​ផ្នែក​អភិបូជា

អតីតកាល​របស់​ខ្ញុំ: ខ្ញុំ​បាន​កើត​នៅ​សហគមន៍​អ្នក​មាន​កម្រិត​មធ្យម​ក្នុង​ក្រុង​ប៊ីលបោ នៅ​ភាគ​ខាង​ជើង​ប្រទេស​អេស្ប៉ាញ។ ខ្ញុំ​មាន​បង​ប្អូន​ស្រី​បួន​នាក់ ហើយ​ខ្ញុំ​ជា​កូន​ទី​២។ ក្រុម​គ្រួសារ​យើង​កាន់​តាម​យ៉ាង​ខ្ជាប់​ខ្ជួន​ខាង​សាសនា​កាតូលិក ហើយ​ខ្ញុំ​បាន​ចូល​រួម​ពិធី​អភិបូជា​ជា​រៀង​រាល់​ថ្ងៃ។ ពេល​ខ្ញុំ​អាយុ​២៣​ឆ្នាំ ខ្ញុំ​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​ម្នាក់។ ខ្ញុំ​ចូល​ចិត្ត​ការ​ងារ​នេះ​ណាស់ ហើយ​ខ្ញុំ​បាន​ធ្វើ​ការ​នេះ​អស់​៤០​ឆ្នាំ។ ក្នុង​ចំណោម​មុខ​វិជ្ជា​ផ្សេង​ទៀត​ដែល​ខ្ញុំ​បង្រៀន​នោះ ខ្ញុំ​មាន​មោទនភាព​ណាស់​ក្នុង​ការ​បង្រៀន​ខាង​សាសនា​កាតូលិក ដោយ​រៀង​រាល់​ល្ងាច​ខ្ញុំ​បាន​បង្រៀន​ស្រី​ៗ​អំពី​របៀប​ធ្វើ​ពិធី​អភិបូជា​ជា​លើក​ទី​១​សម្រាប់​ពួក​គេ។

ក្រោយ​ពី​ខ្ញុំ​បាន​រៀប​ការ​ដោយ​មាន​សុភមង្គល​អស់​១២​ឆ្នាំ​មក ប្ដី​ខ្ញុំ​បាន​ស្លាប់ ហើយ​ខ្ញុំ​ត្រូវ​ចិញ្ចឹម​អប់រំ​កូន​បួន​នាក់​តែ​ម្នាក់​ឯង។ នៅ​ពេល​នោះ ខ្ញុំ​មាន​អាយុ​៣៣​ឆ្នាំ​ប៉ុណ្ណោះ! ខ្ញុំ​ខំ​ស្វែងរក​ការ​សម្រាល​ទុក្ខ​ពី​ជំនឿ​សាសនា​កាតូលិក​ដែល​ខ្ញុំ​កាន់​តាម។ តែ​ខ្ញុំ​នៅ​តែ​ឆ្ងល់​ហើយ​ឆ្ងល់​ទៀត​ថា​៖ ‹បើ​គ្រិស្ត​លោះ​មនុស្ស​យើង​ហើយ ហេតុ​អ្វី​មនុស្ស​យើង​នៅ​តែ​ស្លាប់? បើ​មនុស្ស​ល្អ​ឡើង​ទៅ​ស្ថាន​សួគ៌ ហេតុ​អ្វី​យើង​អធិដ្ឋាន​សុំ​ឲ្យ​រាជាណាចក្រ​របស់​ព្រះ​មក​ដល់?›។ សំខាន់​ជាង​នោះ​ទៅ​ទៀត ខ្ញុំ​បាន​គិត​ថា​៖ ‹បើ​ព្រះ​វិនិច្ឆ័យ​ទោស​យើង​ពេល​យើង​ស្លាប់​រួច​ហើយ ហេតុ​អ្វី​ក្រោយ​មក​យើង​ត្រូវ​ចេញ​ពី​ស្ថាន​សួគ៌ ឬ​ពី​ស្ថាន​នរក ឬ​ពី​ស្ថាន​មួយ​ផ្សេង​ទៀត​ដើម្បី​ទទួល​ការ​វិនិច្ឆ័យ​ទោស​ចុង​ក្រោយ?›។

ខ្ញុំ​បាន​សួរ​សំណួរ​ទាំង​នេះ​ដល់​បូជាចារ្យ​ខ្លះ ហើយ​បូជាចារ្យ​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មិន​ដឹង​ទេ។ សូម​សួរ​អភិបាល​ទៅ។ តើ​រឿង​នោះ​សំខាន់​ទេ? ក្រែង​អ្នក​ជឿ​លើ​ព្រះ​មិន​អ៊ីចឹង? មិន​ចាំ​បាច់​ឆ្ងល់​ទេ!​»។ ទោះ​ជា​គាត់​ប្រាប់​បែប​នោះ​ក៏​ដោយ ខ្ញុំ​នៅ​តែ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ។ ក្រោយ​មក ខ្ញុំ​បាន​ចូល​រួម​ស្ដាប់​សុន្ទរកថា​របស់​សាសនា​ជេស៊ូស សាសនា​ភិន្ដាកុស និង​សាសនា​ណុសស្ដិក។ ប៉ុន្តែ គ្មាន​អ្នក​ណា​ម្នាក់​បក​ស្រាយ​ចម្លើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​អស់​ចិត្ត​នោះ​ទេ។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​ប្រែ​ជីវិត: ពេល​ខ្ញុំ​មាន​អាយុ​ខ្ទង់​៦០​ឆ្នាំ ក្មេង​ស្រី​ម្នាក់​អាយុ​៧​ឆ្នាំ បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​ចូល​រួម​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ខ្ញុំ​ចូល​ចិត្ត​ព័ត៌មាន​ដែល​ខ្ញុំ​បាន​ឮ​នៅ​កិច្ច​ប្រជុំ​នោះ ហើយ​ខ្ញុំ​ក៏​ពេញ​ចិត្ត​បរិយាកាស​នៅ​ទី​នោះ​ដែរ។ តែ​ដោយ​សារ​ខ្ញុំ​រវល់​ពេក នៅ​ពេល​នោះ​ខ្ញុំ​មិន​បាន​ទាក់​ទង​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​ថែម​ទៀត​ទេ។ ពីរ​ឆ្នាំ​ក្រោយ​មក សាក្សី​ព្រះ​យេហូវ៉ា​មួយ​គូ ប្ដី​ឈ្មោះ​ខ្វាន់ ប្រពន្ធ​ឈ្មោះ​ម៉ាយថេ បាន​មក​គោះ​ទ្វារ​ផ្ទះ​ខ្ញុំ​ផ្សព្វ​ផ្សាយ។ អស់​រយៈ​ពេល​បី​ខែ យើង​បាន​ពិគ្រោះ​គ្នា​យ៉ាង​ស៊ី​ជម្រៅ​ដោយ​សំណួរ​និង​ចម្លើយ​ពី​គម្ពីរ ហើយ​នៅ​ទី​បំផុត​ការ​ពិគ្រោះ​នោះ​នាំ​ទៅ​ដល់​ការ​សិក្សា​គម្ពីរ។

រាល់​ៗ​ដង​ខ្ញុំ​ពិត​ជា​ទន្ទឹង​ចាំ​ឲ្យ​ដល់​ពេល​រៀន​គម្ពីរ​ណាស់! ខ្ញុំ​បាន​ស្រាវជ្រាវ​ព័ត៌មាន​ទាំង​អស់​យ៉ាង​ហ្មត់​ចត់ ដោយ​ប្រើ​គម្ពីរ​បី​ផ្សេង​គ្នា​ដើម្បី​ដឹង​ប្រាកដ​ថា​សាក្សី​ព្រះ​យេហូវ៉ា​បង្រៀន​សេចក្ដី​ពិត​មែន​ឬ​មិន​មែន។ មិន​យូរ​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ដែល​សេចក្ដី​បង្រៀន​ខាង​សាសនា​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ខុស​យ៉ាង​ខ្លាំង​ចំពោះ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ ខ្ញុំ​ពិបាក​ចិត្ត​ដោយ​ឃើញ​ថា​សេចក្ដី​បង្រៀន​ខាង​សាសនា​របស់​ខ្ញុំ​ពី​មុន​និង​សេចក្ដី​បង្រៀន​ដែល​ខ្ញុំ​បាន​រៀន​ពី​គម្ពីរ​ខុស​គ្នា​ឆ្ងាយ​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ជំនឿ​ចាស់​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ដើម​ឈើ​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ ហើយ​កំពុង​ត្រូវ​គេ​ដក​រំលើង​ចេញ។

បន្ទាប់​មក ប្ដី​ក្រោយ​របស់​ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ហើយ​ក្រោយ​មក​ស្លាប់។ ប្រហែល​នៅ​ពេល​ដំណាល​គ្នា​នោះ ខ្ញុំ​ក៏​បាន​ចូល​និវត្តន៍ ហើយ​ខ្ញុំ​បាន​រើ​ចេញ​ពី​ក្រុង​ប៊ីលបោ​អស់​មួយ​រយៈ។ នៅ​ពេល​នោះ​ខ្វាន់​និង​ម៉ាយថេ​ក៏​ផ្លាស់​ផ្ទះ​ដែរ។ គួរ​ឲ្យ​សោកស្ដាយ​ណាស់ ខ្ញុំ​បាន​ឈប់​រៀន​គម្ពីរ។ ក៏​ប៉ុន្តែ នៅ​ក្នុង​ចិត្ត​ខ្ញុំ ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​រក​ឃើញ​កំណប់​ទ្រព្យ​មួយ ហើយ​ខ្ញុំ​មិន​ដែល​ភ្លេច​អំពី​នោះ​ទេ។

ប្រមាណ​២០​ឆ្នាំ​ក្រោយ​មក ពេល​ខ្ញុំ​មាន​អាយុ​៨២​ឆ្នាំ ខ្វាន់​និង​ម៉ាយថេ​បាន​ត្រឡប់​មក​ក្រុង​ប៊ីលបោ​វិញ ហើយ​ពួក​គាត់​បាន​មក​សួរ​សុខទុក្ខ​ខ្ញុំ។ ខ្ញុំ​ពិត​ជា​សប្បាយ​ណាស់​ដែល​បាន​ជួប​ពួក​គាត់​ម្ដង​ទៀត! ខ្ញុំ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​មិន​បាន​ភ្លេច​ខ្ញុំ​ទេ ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ម្ដង​ទៀត។ ខ្ញុំ​ច្រើន​តែ​សួរ​សំណួរ​ដដែល​ៗ ប៉ុន្តែ​ខ្វាន់​និង​ម៉ាយថេ​បាន​អត់​ធ្មត់​ចំពោះ​ខ្ញុំ​ជា​និច្ច។ ដោយ​សារ​ខ្ញុំ​មាន​ជំនឿ​ពី​មុន​យូរ​មក​ហើយ ខ្ញុំ​ត្រូវ​ឮ​ការ​វែក​ញែក​ពី​គម្ពីរ​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​យក​ឈ្នះ​អារម្មណ៍​ដក់​ជាប់​ដែល​ខ្ញុំ​មាន​ចំពោះ​សាសនា​ពី​មុន។ ម្យ៉ាង​ទៀត ខ្ញុំ​ក៏​ចង់​មាន​សមត្ថភាព​ដើម្បី​ពន្យល់​សេចក្ដី​ពិត​ពី​គម្ពីរ​ដល់​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​ខ្ញុំ​ដែរ។

នៅ​ទី​បំផុត​ថ្ងៃ​ដែល​ខ្ញុំ​ទទួល​ការ​ជ្រមុជ​ទឹក​ក៏​មក​ដល់ គឺ​នៅ​ពេល​ខ្ញុំ​មាន​អាយុ​៨៧​ឆ្នាំ នោះ​ជា​គ្រា​ដ៏​សប្បាយ​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ។ ពិធី​ជ្រមុជ​ទឹក​នោះ​បាន​ធ្វើ​ឡើង​នៅ​សន្និបាត​មួយ​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ថ្ងៃ​នោះ អ្នក​ចាស់​ទុំ​បាន​ថ្លែង​សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​ក្នុង​គម្ពីរ ដែល​ត្រូវ​ថ្លែង​ជា​ពិសេស​ទៅ​កាន់​អស់​អ្នក​ដែល​នឹង​ទទួល​ការ​ជ្រមុជ​ទឹក។ សុន្ទរកថា​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត​រហូត​ដល់​យំ។ ពេល​ខ្ញុំ​ស្ដាប់​សុន្ទរកថា​នោះ ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​កំពុង​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​តែ​ម្ដង។ ក្រោយ​ទទួល​ការ​ជ្រមុជ​ទឹក បង​ប្អូន​សាក្សី​ព្រះ​យេហូវ៉ា​ជា​ច្រើន​បាន​មក​អបអរ​ខ្ញុំ សូម្បី​តែ​ពួក​គាត់​ភាគ​ច្រើន​មិន​ធ្លាប់​ជួប​ខ្ញុំ​ពី​មុន​ក៏​ដោយ!

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល: ខ្ញុំ​បាន​ដឹង​ជា​និច្ច​ថា​លោក​យេស៊ូ​គ្រិស្ត​ជា​«​ផ្លូវ​»។ (​យ៉ូហាន ១៤:៦​) ប៉ុន្តែ តាម​រយៈ​ការ​សិក្សា​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​ព្រះ​យេហូវ៉ា គឺ​ព្រះ​យេហូវ៉ា​នេះ​ហើយ​ដែល​លោក​យេស៊ូ​នាំ​យើង​ទៅ​ឯ​លោក។ ឥឡូវ ខ្ញុំ​អាច​អធិដ្ឋាន​ទៅ​ព្រះ​ដូច​ជា​និយាយ​ទៅ​កាន់​បិតា​និង​មិត្ត​ជា​ទី​ស្រឡាញ់។ ក្រោយ​ពី​ខ្ញុំ​បាន​អាន​សៀវភៅ​ចូរ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា * ជីវិត​របស់​ខ្ញុំ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង។ ខ្ញុំ​បាន​អាន​សៀវភៅ​នោះ​ទាំង​មូល​ក្នុង​រយៈ​ពេល​តែ​មួយ​យប់​ប៉ុណ្ណោះ! ខ្ញុំ​មាន​អារម្មណ៍​កក់​ក្ដៅ​ដោយ​បាន​ដឹង​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​មាន​សេចក្ដី​មេត្ដា​ករុណា​ខ្លាំង​ណាស់។

ពេល​គិត​ឡើង​វិញ​អំពី​រយៈ​ពេល​ជា​យូរ​ដែល​ខ្ញុំ​បាន​ស្វែងរក​សេចក្ដី​ពិត​ក្នុង​គម្ពីរ ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល ចូរ​រក​ឥត​ឈប់ នោះ​អ្នក​នឹង​រក​ឃើញ ចូរ​គោះ​ទ្វារ​ឥត​ឈប់ នោះ​ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ​»។ (​ម៉ាថាយ ៧:៧​) ឥឡូវ ខ្ញុំ​បាន​រក​ឃើញ​ចម្លើយ​ដែល​ខ្ញុំ​ចង់​ដឹង​ជា​យូរ​មក​ហើយ ចម្លើយ​នោះ​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​ក្រៃ​លែង ហើយ​ខ្ញុំ​ចង់​ប្រាប់​ចម្លើយ​ទាំង​នោះ​ដល់​អ្នក​ឯ​ទៀត​ដែរ។

ឥឡូវ​ខ្ញុំ​មាន​អាយុ​៩០​ឆ្នាំ​ហើយ តែ​ខ្ញុំ​នៅ​មាន​អ្វី​ជា​ច្រើន​ទៀត​ដែល​ត្រូវ​រៀន​អំពី​ព្រះ​យេហូវ៉ា។ រាល់​កិច្ច​ប្រជុំ​ដែល​ខ្ញុំ​ចូល​រួម​នៅ​ឯ​សាល​ប្រជុំ​ជា​ឱកាស​ពិសេស​ជា​និច្ច គឺ​ខ្ញុំ​ទទួល​ទាំង​ចំណេះ​ដ៏​មាន​តម្លៃ​ពី​ព្រះ​ផង ទាំង​ការ​សេពគប់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​ផង។ នៅ​ពេល​ផែន​ដី​ក្លាយ​ជា​សួន​ឧទ្យាន​តាម​សេចក្ដី​សន្យា​របស់​ព្រះ ខ្ញុំ​ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​ម្ដង​ទៀត​ខ្លាំង​ណាស់។ (​ការ​បើក​បង្ហាញ ២១:៣, ៤​) ជា​ពិសេស​ខ្ញុំ​ទន្ទឹង​ចាំ​ជួប​អ្នក​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ពេល​ដែល​ពួក​គាត់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​មាន​ឱកាស​រៀន​សេចក្ដី​ពិត​ជា​មួយ​ខ្ញុំ។ (​សកម្មភាព ២៤:១៥​) ខ្ញុំ​ពិត​ជា​ទន្ទឹង​ចាំ​ពន្យល់​ប្រាប់​ពួក​គាត់​អំពី​អំណោយ​ដ៏​មាន​តម្លៃ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា​នៅ​គ្រា​ដែល​ខ្ញុំ​មាន​វ័យ​ចាស់!

[​កំណត់​សម្គាល់​]

^ វគ្គ 15 បោះពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៣​]

ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​រក​ឃើញ​កំណប់​ទ្រព្យ​មួយ