សេចក្ដីស្លាប់មិនមែនជាទីបញ្ចប់នៃអ្វីៗទាំងអស់ទេ!
អត្ថបទអំពីក្របទស្សនាវដ្ដី | តើសេចក្ដីស្លាប់ជាទីបញ្ចប់នៃអ្វីៗទាំងអស់ឬ?
សេចក្ដីស្លាប់មិនមែនជាទីបញ្ចប់នៃអ្វីៗទាំងអស់ទេ!
ភូមិបេថានីជាភូមិតូចមួយដែលមានចម្ងាយបីគីឡូម៉ែត្រ (ពីរម៉ៃល៍) ពីក្រុងយេរូសាឡិម។ (យ៉ូហាន ១១:១៨) ប៉ុន្មានសប្ដាហ៍មុនលោកយេស៊ូស្លាប់ មានរឿងដ៏ខ្លោចផ្សាមួយបានកើតឡើង គឺមិត្តដ៏ជិតស្និទ្ធម្នាក់របស់លោកយេស៊ូឈ្មោះឡាសាបានឈឺធ្ងន់ ហើយក្រោយមកស្លាប់។
ដំបូងពេលលោកយេស៊ូបានឮដំណឹងនោះ លោកបានប្រាប់អ្នកកាន់តាមលោកថា ឡាសាបានដេកលក់ ហើយលោកចង់ដាស់គាត់ពីដំណេក។ (យ៉ូហាន ១១:១១) ប៉ុន្តែអ្នកកាន់តាមលោកយេស៊ូមិនបានយល់អត្ថន័យទេ ដូច្នេះលោកយេស៊ូបានប្រាប់ពួកគាត់ដោយត្រង់ថា៖ «ឡាសាបានស្លាប់ហើយ»។—យ៉ូហាន ១១:១៤
ពេលដែលលោកយេស៊ូទៅដល់ភូមិបេថានី គេបានបញ្ចុះសពឡាសាអស់បួនថ្ងៃហើយ។ លោកយេស៊ូព្យាយាមសម្រាលទុក្ខម៉ាថាដែលជាបងស្រីរបស់សព។ នាងម៉ាថាបាននិយាយថា៖ «ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសរបស់ខ្ញុំមិនបានស្លាប់ទេ»។ (យ៉ូហាន ១១:១៧, ២១) លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «ការរស់ឡើងវិញនិងជីវិតគឺដោយសារខ្ញុំ។ អ្នកណាដែលបង្ហាញជំនឿលើខ្ញុំ ទោះជាអ្នកនោះស្លាប់ទៅក៏ដោយ ក៏នឹងរស់ឡើងវិញ»។—យ៉ូហាន ១១:២៥
ដើម្បីបង្ហាញថាប្រសាសន៍របស់លោកគឺជាការពិត លោកយេស៊ូបានទៅជិតទីបញ្ចុះសពឡាសា ហើយបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ឡាសា! ចូរចេញមក!»។ (យ៉ូហាន ១១:៤៣) អ្នកដែលឃើញហេតុការណ៍នោះបានភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលឃើញបុរសស្លាប់នោះចេញមក។
លោកយេស៊ូធ្លាប់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញអស់ពីរដង មុនដែលលោកបានប្រោសឡាសាឲ្យរស់ឡើងវិញ។ នៅពេលមួយលោកបានប្រោសក្មេងស្រីម្នាក់ឲ្យរស់ឡើងវិញ នាងជាកូនស្រីរបស់យ៉ៃរ៉ុស។ មុនដែលលោកយេស៊ូបានប្រោសនាងឲ្យរស់ឡើងវិញ លោកក៏បានមានប្រសាសន៍ដែរថានាងកំពុងដេកលក់។—លូកា ៨:៥២
សូមកត់សម្គាល់ថា លោកយេស៊ូបានប្រៀបប្រដូចការស្លាប់របស់ឡាសានិងកូនស្រីរបស់យ៉ៃរ៉ុសទៅនឹងការដេកលក់។ នោះជាការប្រៀបប្រដូចដ៏ត្រឹមត្រូវមួយ។ ហេតុអ្វី? ពីព្រោះការដេកលក់គឺជាស្ថានភាពមួយដែលអត់ដឹងខ្លួន ហើយនេះក៏រួមបញ្ចូលគំនិតនៃការសម្រាកពីការឈឺចាប់និងទុក្ខវេទនាដែរ។ (សាស្ដា ៩:៥; សូមមើលប្រអប់ចំណងជើងថា «សេចក្ដីស្លាប់ប្រៀបដូចជាការដេកលក់ស៊ប់») អ្នកកាន់តាមដំបូងរបស់លោកយេស៊ូបានយល់យ៉ាងច្បាស់អំពីស្ថានភាពពិតរបស់មនុស្សស្លាប់។ សៀវភៅមួយបានប្រាប់ថា៖ «ចំពោះអ្នកកាន់តាមលោកយេស៊ូ សេចក្ដីស្លាប់គឺជាការដេកលក់ ហើយទីបញ្ចុះសព ជាកន្លែងសម្រាក . . . សម្រាប់អ្នកដែលមានជំនឿហើយបានស្លាប់» (Encyclopedia of Religion and Ethics)។
នេះពិតជាសម្រាលទុក្ខយើងណាស់ដែលដឹងថា មនុស្សស្លាប់ប្រៀបដូចជាកំពុងដេកលក់ក្នុងទីបញ្ចុះសព មិនមែនកំពុងរងទុក្ខវេទនាទេ។ ដោយដឹងអំពីអ្វីដែលកើតឡើងពេលយើងស្លាប់ នោះយើងមិនចាំបាច់ភ័យខ្លាចសេចក្ដីស្លាប់ទៀតឡើយ។
«បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ?»
បើយើងគេងស្កប់ស្កល់នៅពេលយប់ យើងពិតជាសប្បាយចិត្តណាស់។ ទោះជាយ៉ាងនោះក៏ដោយ គ្មានអ្នកណាម្នាក់ចង់គេងរហូតឡើយ មែនទេ? តើយើងមានមូលហេតុឲ្យសង្ឃឹមថាមនុស្សស្លាប់ដែលដេកលក់ក្នុងទីបញ្ចុះសពនឹងរស់ឡើងវិញដូចឡាសានិងកូនស្រីរបស់យ៉ៃរ៉ុសទេ?
យ៉ូបបានលើកឡើងនូវសំណួរដ៏សំខាន់មួយ ពេលដែលគាត់គិតថាខ្លួនជិតស្លាប់ ដោយសួរថា៖ «បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ?»។—យ៉ូប ១៤:១៤
ពេលយ៉ូបបញ្ជាក់អំពីឫទ្ធានុភាពខ្លាំងក្លាបំផុតរបស់ព្រះ យ៉ូបបានឆ្លើយសំណួរនោះដោយខ្លួនឯងថា៖ «ទ្រង់នឹងហៅ ហើយទូលបង្គំនឹងទូលតប ហើយទ្រង់នឹងមានបំណងព្រះហឫទ័យដល់ស្នាដៃដែលទ្រង់បានធ្វើ»។ (យ៉ូប ១៤:១៥) យ៉ូបបានដឹងច្បាស់ថា ព្រះយេហូវ៉ាចង់ឲ្យថ្ងៃនោះមកដល់យ៉ាងខ្លាំង ពេលដែលលោកនឹងប្រោសអ្នកបម្រើស្មោះត្រង់របស់លោកឲ្យរស់ឡើងវិញ។ តើអ្វីដែលយ៉ូបចង់បានយ៉ាងខ្លាំងនោះមិនអាចទៅរួចឬ? មិនមែនទេ។
ការដែលលោកយេស៊ូបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញបានផ្ដល់នូវភ័ស្តុតាងយ៉ាងច្បាស់ថា ព្រះបានឲ្យលោកយេស៊ូមានសមត្ថភាពយកឈ្នះសេចក្ដីស្លាប់។ តាមពិតគម្ពីរចែងថាលោកយេស៊ូកំពុងកាន់«កូនសោនៃសេចក្ដីស្លាប់»។ (ការបើកបង្ហាញ ១:១៨) ដូច្នេះ លោកយេស៊ូមានអំណាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញនៅថ្ងៃអនាគត ដូចលោកបានប្រោសឡាសាឲ្យរស់ឡើងវិញដែរ។
សេចក្ដីសន្យាអំពីការប្រោសឲ្យរស់ឡើងវិញបានត្រូវបញ្ជាក់ម្ដងហើយម្ដងទៀតក្នុងគម្ពីរ។ ទេវតាមួយរូបបានពង្រឹងទំនុកចិត្តរបស់អ្នកប្រកាសទំនាយដានីយ៉ែល ដោយប្រាប់ថា៖ «អ្នកនឹងត្រូវសំរាកទៅ តែនឹងបានឈរឡើងវិញ ដើម្បីទទួលចំណែករបស់អ្នកនៅគ្រាចុងបំផុត»។ (ដានីយ៉ែល ១២:១៣) លោកយេស៊ូបាននិយាយទៅកាន់អ្នកដឹកនាំសាសនាយូដាមួយក្រុមជាពួកសាឌូស៊ី ពួកគេមិនជឿថាមានការប្រោសឲ្យរស់ឡើងវិញទេ។ ដូច្នេះលោកប្រាប់ពួកគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ពីព្រោះអ្នកមិនស្គាល់បទគម្ពីរហើយក៏មិនស្គាល់ឫទ្ធានុភាពរបស់ព្រះដែរ»។ (ម៉ាថាយ ២២:២៣, ២៩) សាវ័កប៉ូលបាននិយាយថា៖ «ខ្ញុំមានសេចក្ដីសង្ឃឹមលើព្រះ . . . ថា មនុស្សសុចរិតនិងមនុស្សមិនសុចរិតនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។—សកម្មភាព ២៤:១៥
តើមនុស្សស្លាប់នឹងរស់ឡើងវិញនៅពេលណា?
តើមនុស្សសុចរិតនិងមនុស្សមិនសុចរិតនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅពេលណា? ទេវតានោះបានប្រាប់ដានីយ៉ែលដែលជាមនុស្សសុចរិតថា គាត់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ«នៅគ្រាចុងបំផុត»។ ដូចគ្នាដែរ ម៉ាថាបានជឿថា ឡាសាដែលជាប្អូនប្រុសរបស់នាងនឹង«រស់ឡើងវិញ នៅថ្ងៃចុងក្រោយពេលដែលមនុស្សស្លាប់ត្រូវប្រោសឲ្យរស់ឡើងវិញ»។—យ៉ូហាន ១១:២៤
ក្នុងគម្ពីរពាក្យ«ថ្ងៃចុងក្រោយ»នេះជាប់ទាក់ទងជាមួយការគ្រប់គ្រងរបស់គ្រិស្តក្នុងរាជាណាចក្រ។ ប៉ូលបានសរសេរថា៖ «ព្រោះលោក[គ្រិស្ត]ត្រូវគ្រប់គ្រងជាស្តេច រហូតដល់ព្រះដាក់សត្រូវទាំងអស់នៅក្រោមបាតជើងលោក។ សត្រូវចុងក្រោយដែលនឹងត្រូវបំផ្លាញឲ្យសាបសូន្យគឺសេចក្ដីស្លាប់»។ (កូរិនថូសទី១ ១៥:២៥, ២៦) នេះជាមូលហេតុដ៏សំខាន់មួយដែលយើងគួរអធិដ្ឋានសុំឲ្យរាជាណាចក្ររបស់ព្រះបានមកដល់ ហើយសុំឲ្យបំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី។ *
ដូចអ្វីដែលយ៉ូបបានដឹង ព្រះមានបំណងប្រាថ្នាប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។ ពេលដែលថ្ងៃនោះមកដល់ សេចក្ដីស្លាប់ប្រាកដជានឹងលែងមានទៀត ហើយក៏គ្មានអ្នកណានឹងសួរថា‹តើសេចក្ដីស្លាប់ជាទីបញ្ចប់នៃអ្វីៗទាំងអស់ឬ?›។
[កំណត់សម្គាល់]
^ វគ្គ 18 ដើម្បីដឹងព័ត៌មានថែមទៀតអំពីរាជាណាចក្ររបស់ព្រះ សូមមើលជំពូកទី៨ ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។ លោកអ្នកអាចមើលក្នុងគេហទំព័រwww.pr418.com/km។
[ប្រអប់នៅទំព័រ៦]
សេចក្ដីស្លាប់ប្រៀបដូចជាការដេកលក់ស៊ប់
«សូមបំភ្លឺភ្នែកទូលបង្គំ ក្រែងទូលបង្គំដេកលក់ទៅ ក្នុងសេចក្ដីស្លាប់»។—ទំនុកតម្កើង ១៣:៣
«‹ឡាសាជាសម្លាញ់របស់យើងបានដេកលក់ទៅហើយ ប៉ុន្តែខ្ញុំនឹងទៅទីនោះដើម្បីដាស់គាត់ពីដំណេក›។ ដូច្នេះ ពួកអ្នកកាន់តាមនិយាយទៅកាន់លោកថា៖ ‹លោកម្ចាស់ ប្រសិនបើគាត់បានដេកលក់ នោះគាត់នឹងជាឡើងវិញ›។ ក៏ប៉ុន្តែលោកយេស៊ូកំពុងមានប្រសាសន៍អំពីមរណភាពរបស់គាត់»។—យ៉ូហាន ១១:១១-១៣
«ចំណែកដាវីឌវិញ គាត់បានធ្វើតាមបំណងប្រាថ្នាច្បាស់លាស់របស់ព្រះនៅជំនាន់របស់គាត់ រួចបានដេកលក់ក្នុងសេចក្ដីស្លាប់»។—សកម្មភាព ១៣:៣៦
«គ្រិស្តបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញមែន ជាផលដំបូងពីចំណោមពួកអ្នកដែលបានដេកលក់ក្នុងសេចក្ដីស្លាប់»។—កូរិនថូសទី១ ១៥:២០
«យើងចង់ឲ្យអ្នករាល់គ្នាយល់អំពីពួកអ្នកដែលកំពុងដេកលក់ក្នុងសេចក្ដីស្លាប់ ដើម្បីកុំឲ្យអ្នករាល់គ្នាកើតទុក្ខដូចពួកអ្នកដទៃដែលគ្មានសេចក្ដីសង្ឃឹម»។—ថែស្សាឡូនិចទី១ ៤:១៣
[ប្រអប់នៅទំព័រ៧]
មនុស្សស្លាប់នឹងរស់ឡើងវិញ
«ឯពួកស្លាប់របស់ឯង គេនឹងរស់ទៀត គេនឹងរស់ឡើងវិញ ជាមួយនឹងសពរបស់អញ . . . ចូរភ្ញាក់ឡើង ហើយច្រៀងចុះ!»។—អេសាយ ២៦:១៩
«ពួកអ្នកដែលដេកលក់នៅក្នុងធូលីដី នឹងភ្ញាក់ឡើងវិញជាច្រើន»។—ដានីយ៉ែល ១២:២
«នឹងមានវេលាមកដល់ ដែលអស់អ្នកនៅក្នុងផ្នូរដែលសម្រាប់ជាទីរំលឹក នឹងឮសំឡេងរបស់លោក ហើយចេញមក»។—យ៉ូហាន ៥:២៨, ២៩
[រូបភាពនៅទំព័រ៦]
«ឡាសា! ចូរចេញមក!»