គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
ពួកគាត់បានប្រើគម្ពីរឆ្លើយសំណួរទាំងអស់!
រៀបរាប់ដោយ អ៊ីសូលីណា ឡាមិលអា
ឆ្នាំកំណើត: ១៩៥០
ប្រទេសកំណើត: អេស្ប៉ាញ
ប្រវត្ដិ: ដូនជីកាតូលិក
អតីតកាលរបស់ខ្ញុំ: នៅគ្រាដែលខ្ញុំកើតមក ឪពុកម្ដាយរបស់ខ្ញុំមានចម្ការតូចមួយនៅជនបទ ក្នុងតំបន់ហ្គាលីស៊ា នាភាគខាងជើងឆៀងខាងលិចនៃប្រទេសអេស្ប៉ាញ។ ខ្ញុំមានបងប្អូន៨នាក់ ហើយខ្ញុំជាកូនទី៤។ ក្រុមគ្រួសាររបស់យើងមានសុភមង្គលណាស់។ នៅប្រទេសអេស្ប៉ាញនាពេលនោះ គេនិយមឲ្យកូនចូលរៀននៅសាលាសាសនា យ៉ាងហោចណាស់កូនម្នាក់ក្នុងក្រុមគ្រួសារនីមួយៗ ត្រូវចូលរៀននៅសាលានោះ។ ក្នុងក្រុមគ្រួសារខ្ញុំ មានខ្ញុំនិងបងប្អូនពីរនាក់ទៀតបានចូលរៀននៅសាលាសាសនា។
ពេលខ្ញុំអាយុ១៣ឆ្នាំ ខ្ញុំនិងបងស្រីខ្ញុំបានចូលរៀននៅសាលាសាសនាកាតូលិកមួយ។ បរិយាកាសនៅសាលានោះគ្មានភាពស្និទ្ធស្នាលនិងរាក់ទាក់ទេ។ នៅទីនោះ គ្មានការរាប់អានគ្នាឡើយ មានតែច្បាប់វិន័យ ការអធិដ្ឋាន និងភាពសោះកក្រោះប៉ុណ្ណោះ។ ពេលព្រឹកព្រលឹម យើងត្រូវជួបជុំគ្នានៅវិហារតូចមួយដើម្បីរំពឹងគិតអំពីព្រះ ប៉ុន្តែច្រើនដងខ្ញុំមិនបានរំពឹងគិតអ្វីទេ។ ក្រោយមក យើងច្រៀងចម្រៀងសាសនា និងធ្វើពិធីអភិបូជា ជាភាសាឡាតាំង។ ខ្ញុំមិនបានយល់អ្វីសោះ ហើយមានអារម្មណ៍ថាព្រះនៅឆ្ងាយពីខ្ញុំ។ ការរស់នៅក្នុងសាលានោះ មានតែភាពស្ងៀមស្ងាត់និងច្បាប់តឹងរ៉ឹងប៉ុណ្ណោះ។ សូម្បីតែពេលខ្ញុំនិងបងស្រីជួបគ្នាក្ដី យើងគ្រាន់តែនិយាយថា៖ «សូមសរសើរនាងម៉ារៀដ៏បរិសុទ្ធបំផុត»។ ពួកដូនជីបានទុកពេលឲ្យពួកយើង (ក្មេងស្រីៗ) និយាយគ្នាបានតែកន្លះម៉ោងប៉ុណ្ណោះ ក្រោយពីបរិភោគរួច។ ការរស់នៅបែបនោះពិតជាខុសគ្នាពីការរស់នៅក្នុងក្រុមគ្រួសារឆ្ងាយណាស់! ខ្ញុំមានអារម្មណ៍ឯកោ ហើយយំជាញឹកញាប់។
ថ្វីបើខ្ញុំមិនដែលមានអារម្មណ៍ជិតស្និទ្ធជាមួយព្រះក៏ដោយ ក៏ខ្ញុំបានធ្វើតាមសម្បថរបស់ខ្លួន ហើយបានក្លាយទៅជាដូនជីពេលអាយុ១៧ឆ្នាំ។ តាមពិតខ្ញុំគ្រាន់តែធ្វើតាមអ្វីដែលអ្នកឯទៀតចង់ឲ្យខ្ញុំធ្វើប៉ុណ្ណោះ។ តែមិនយូរក្រោយមក ខ្ញុំបានចាប់ផ្ដើមឆ្ងល់ថា តើព្រះពិតជាជ្រើសរើសខ្ញុំឲ្យធ្វើជាដូនជីមែនឬមិនមែន។ ពួកដូនជីធ្លាប់និយាយថាអ្នកដែលមានការសង្ស័យបែបនោះនឹងត្រូវស្លាប់នៅក្នុងបឹងភ្លើង! ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំនៅតែសង្ស័យដដែល។ ខ្ញុំបានដឹងថាលោកយេស៊ូគ្រិស្តមិនបានញែកខ្លួននៅដាច់ដោយឡែកពីគេទេ។ ផ្ទុយទៅវិញ លោកបានបង្រៀននិងជួយអ្នកឯទៀតយ៉ាងខ្នះខ្នែង។ (ម៉ាថាយ ៤:២៣-២៥) ពេលដល់អាយុ២០ឆ្នាំ ខ្ញុំគ្មានមូលហេតុច្បាស់លាស់ ដើម្បីបន្តបម្រើជាដូនជីទៀតឡើយ។ គួរឲ្យភ្ញាក់ផ្អើលណាស់ ដូនជីដែលមានឋានៈខ្ពស់ បានប្រាប់ខ្ញុំថា បើខ្ញុំមិនប្រាកដថាគួរនៅបម្រើជាដូនជីទៀត ខ្ញុំមិនគួរនៅធ្វើជាដូនជីទៀតទេ គួរលាឈប់ឲ្យបានឆាប់បំផុត។ ខ្ញុំគិតថាគាត់ប្រាប់ដូច្នេះ ដោយសារគាត់ខ្លាចអ្នកឯទៀតទទួលឥទ្ធិពលពីខ្ញុំ។ ហេតុនេះ ខ្ញុំក៏បានចេញពីសាលានោះទៅ។
ពេលខ្ញុំត្រឡប់ទៅផ្ទះវិញ ឪពុកម្ដាយខ្ញុំយោគយល់អារម្មណ៍ខ្ញុំណាស់។ ប៉ុន្តែ ក្រោយ
មកខ្ញុំបានទៅរស់នៅប្រទេសអាឡឺម៉ង់ ដោយសារនៅភូមិខ្ញុំគ្មានការងារធ្វើ។ ប្អូនប្រុសម្នាក់របស់ខ្ញុំរស់នៅប្រទេសអាឡឺម៉ង់។ គាត់ជាសមាជិកក្នុងក្រុមកុម្មុយនីស្តជនជាតិអេស្ប៉ាញនៅប្រទេសអាឡឺម៉ង់។ ក្រុមនោះប្រឆាំងទាមទារសិទ្ធិឲ្យកម្មករនិងស្ត្រីភេទ។ ខ្ញុំមានអារម្មណ៍សុខសាន្តដែលបាននៅក្នុងចំណោមពួកគេ។ ក្រោយមក ខ្ញុំក៏បានក្លាយជាជនកុម្មុយនីស្តដែរ ហើយនៅទីបំផុតខ្ញុំបានរៀបការជាមួយសមាជិកម្នាក់ក្នុងក្រុមនោះ។ ខ្ញុំបានគិតថាខ្ញុំកំពុងធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គម ដោយចូលរួមចែកចាយខិត្តប័ណ្ណខាងកុម្មុយនីស្ត ថែមទាំងចូលរួមធ្វើបាតុកម្មផងដែរ។ប៉ុន្តែ ក្រោយមកខ្ញុំបានខកចិត្តម្ដងទៀត។ ខ្ញុំមានអារម្មណ៍ថាក្រុមកុម្មុយនីស្តច្រើនតែមិនធ្វើតាមអ្វីដែលខ្លួនបានឃោសនានោះទេ។ ខ្ញុំមានអារម្មណ៍នេះកាន់តែខ្លាំងឡើង ពេលដែលខ្ញុំឃើញសមាជិកយុវជនខ្លះរបស់ក្រុមកុម្មុយនីស្តនេះបានដុតស្ថានទូតអេស្ប៉ាញនៅក្រុងហ្វ្រែងហ្វឺតនៅឆ្នាំ១៩៧១។ ពួកគេបានធ្វើដូចនោះដើម្បីប្រឆាំងតវ៉ានឹងភាពអយុត្ដិធម៌ដែលមកពីការប្រើអំណាចផ្ដាច់ការរបស់ប្រទេសអេស្ប៉ាញ។ ប៉ុន្តែ ខ្ញុំបានគិតថាពួកគេសម្ដែងកំហឹងតាមរបៀបនោះជាការខុសហើយ។
ពេលខ្ញុំកើតកូនទី១ ខ្ញុំបានប្រាប់ប្ដីខ្ញុំថា ខ្ញុំឈប់ទៅចូលរួមប្រជុំរបស់ក្រុមកុម្មុយនីស្តទៀតហើយ។ ពេលនោះ ខ្ញុំមានអារម្មណ៍ឯកោណាស់ ព្រោះគ្មានមិត្តភក្ដិណាម្នាក់បានមកសួរសុខទុក្ខខ្ញុំនិងកូនខ្ញុំទេ។ ដូច្នេះ ធ្វើឲ្យខ្ញុំឆ្ងល់អំពីគោលបំណងនៃជីវិត ខ្ញុំឆ្ងល់ថា តើការខំព្យាយាមជួយធ្វើឲ្យសង្គមបានប្រសើរឡើងពិតជាមានប្រយោជន៍ទេ?
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត: នៅឆ្នាំ១៩៧៦ សាក្សីព្រះយេហូវ៉ាមួយគូជនជាតិអេស្ប៉ាញបានគោះទ្វារផ្ទះខ្ញុំ ហើយបានស្នើផ្ដល់សៀវភៅខ្លះដែលមានមូលដ្ឋានពីគម្ពីរដល់ខ្ញុំ ខ្ញុំក៏ព្រមទទួល។ ពេលពួកគាត់ត្រឡប់មកជួបខ្ញុំជាលើកទី២ ខ្ញុំបានសួរពួកគាត់នូវសំណួរជាច្រើនដូចជា ការរងទុក្ខវេទនា ភាពមិនស្មើគ្នា និងភាពអយុត្ដិធម៌ជាដើម។ ពួកគាត់បានប្រើគម្ពីរឆ្លើយសំណួរទាំងអស់របស់ខ្ញុំ ពេលឃើញដូចនោះខ្ញុំភ្ញាក់ផ្អើលណាស់! នៅទីបំផុត ខ្ញុំព្រមរៀនគម្ពីរជាមួយនឹងពួកគាត់។
មុនដំបូង ខ្ញុំគ្រាន់តែចង់រៀនអំពីកំណត់ហេតុផ្សេងៗក្នុងគម្ពីរ។ ប៉ុន្តែ ក្រោយមកអ្វីៗបានផ្លាស់ប្ដូរ ពេលដែលប្ដីរបស់ខ្ញុំនិងខ្ញុំបានចាប់ផ្ដើមចូលរួមកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ា។ នៅពេលនោះ យើងមានកូនពីរនាក់។ សាក្សីព្រះយេហូវ៉ាបង្ហាញចិត្តសប្បុរសដោយមកទទួលពួកយើងទៅកិច្ចប្រជុំ ហើយថែមទាំងជួយមើលថែកូនរបស់យើងក្នុងអំឡុងពេលកិច្ចប្រជុំដែរ។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍កក់ក្ដៅចំពោះសាក្សីព្រះយេហូវ៉ា។
សូម្បីតែដូច្នោះក៏ដោយ ខ្ញុំនៅតែមានការសង្ស័យចំពោះសាសនា។ ខ្ញុំបានសម្រេចចិត្តទៅលេងក្រុមគ្រួសាររបស់ខ្ញុំនៅប្រទេសអេស្ប៉ាញ។ ពូរបស់ខ្ញុំជាបព្វជិតម្នាក់ គាត់ខំព្យាយាមធ្វើឲ្យខ្ញុំធ្លាក់ទឹកចិត្តឈប់រៀនគម្ពីរ។ ប៉ុន្តែ សាក្សីព្រះយេហូវ៉ានៅទីនោះ បានជួយខ្ញុំច្រើនណាស់។ ពួកគាត់ក៏ដូចជាសាក្សីព្រះយេហូវ៉ានៅប្រទេសអាឡឺម៉ង់ដែរ ពួកគាត់បានប្រើគម្ពីរឆ្លើយនឹងសំណួររបស់ខ្ញុំ។ ខ្ញុំបានតាំងចិត្តបន្តរៀនគម្ពីរ ពេលខ្ញុំត្រឡប់ទៅប្រទេសអាឡឺម៉ង់វិញ។ ក្រោយមកប្ដីរបស់ខ្ញុំបានសម្រេចចិត្តឈប់រៀនគម្ពីរ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំនៅតែបន្តរៀនគម្ពីរ។ នៅឆ្នាំ១៩៧៨ ខ្ញុំបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។
ផលប្រយោជន៍ដែលខ្ញុំទទួល: ចំណេះត្រឹមត្រូវអំពីសេចក្ដីពិតក្នុងគម្ពីរបានជួយខ្ញុំឲ្យរកឃើញគោលបំណងនិងការណែនាំច្បាស់លាស់ក្នុងជីវិត។ ជាឧទាហរណ៍ នៅពេត្រុសទី១ ៣:១-៤ លើកទឹកចិត្តប្រពន្ធទាំងឡាយឲ្យ«ចុះចូល»នឹងប្ដីខ្លួន«ជាមួយនឹងការគោរពដ៏ជ្រាលជ្រៅ» ថែមទាំង«ស្លូតបូត [ពីព្រោះនេះ]ជាអ្វីដែលមានតម្លៃថ្លៃណាស់ចំពោះព្រះ»។ គោលការណ៍គម្ពីរទាំងនេះបានជួយខ្ញុំឲ្យបំពេញតួនាទីជាប្រពន្ធនិងម្ដាយដ៏ល្អ។
ជាង៣៥ឆ្នាំហើយ តាំងពីខ្ញុំបានក្លាយជាសាក្សីព្រះយេហូវ៉ា។ ខ្ញុំមានសុភមង្គលណាស់ដែលបានបម្រើព្រះ ជាមួយនឹងបងប្អូនប្រុសស្រីគ្រិស្តសាសនិកនៅទូទាំងពិភពលោកដូចជាគ្រួសារតែមួយ។ បន្ថែមទៅទៀត ខ្ញុំសប្បាយដោយឃើញថា ក្នុងចំណោមកូនប្រាំនាក់របស់ខ្ញុំ មានបួននាក់បានបម្រើព្រះយេហូវ៉ា។