តើព្រះមានទស្សនៈយ៉ាងណាចំពោះការជក់បារី?
អត្ថបទអំពីក្របទស្សនាវដ្ដី | តើគួរជក់បារីឬទេ?
តើព្រះមានទស្សនៈយ៉ាងណាចំពោះការជក់បារី?
ស្ត្រីឈ្មោះណាអូកូដែលមានក្នុងអត្ថបទមុន បានប្រាប់អំពីមូលហេតុដែលជួយនាងឲ្យឈប់ជក់បារី។ នាងបានប្រាប់ថា៖ «ខ្ញុំអាចកែប្រែជីវិតរបស់ខ្ញុំបាន ដោយសារខ្ញុំរៀនសេចក្ដីពិតអំពីគុណសម្បត្ដិរបស់ព្រះ និងគោលបំណងរបស់លោក»។ នាងបានរៀនអំពីសេចក្ដីពិតនោះក្នុងគម្ពីរបរិសុទ្ធ។ ទោះជាក្នុងគម្ពីរមិនដែលចែងប្រាប់អំពីថ្នាំជក់ឬបារីក៏ដោយ តែគម្ពីរជួយយើងឲ្យយល់អំពីទស្សនៈរបស់ព្រះចំពោះការជក់បារី។ * មនុស្សជាច្រើនទទួលស្គាល់ថា ការដឹងអំពីទស្សនៈរបស់ព្រះបានជួយជំរុញចិត្តពួកគេកុំឲ្យចាប់ផ្ដើមជក់បារី ឬជួយឲ្យផ្ដាច់ទម្លាប់ជក់បារី។ (ធីម៉ូថេទី២ ៣:១៦, ១៧) សូមឲ្យយើងពិចារណានូវផលវិបាកបីយ៉ាងដែលមនុស្សស្គាល់ជាទូទៅ ដែលមកពីការជក់បារី ហើយពិចារណាផងដែរនូវអ្វីដែលគម្ពីរចែងអំពីផលវិបាកទាំងនោះ។
ធ្វើឲ្យញៀន
ថ្នាំជក់មានជាតិគីមីម្យ៉ាង ដែលធ្វើឲ្យញៀនជាងគេ គឺជាតិនីកូទីន។ សារធាតុញៀននេះធ្វើឲ្យអ្នកដែលប្រើវាមានភាពស្វាហាប់ ហើយក៏ជួយបន្ធូរការតានតឹងចិត្តដែរ។ ការជក់បារីធ្វើឲ្យសារធាតុនីកូទីនជ្រាបចូលក្នុងខួរក្បាលយ៉ាងលឿន ហើយវាជ្រាបចូលម្ដងហើយម្ដងទៀត។ រៀងរាល់ដងដែលមនុស្សម្នាក់ហឺតផ្សែងបារី គាត់កំពុងស្រូបយកជាតិនីកូទីន។ ដូច្នេះបើមនុស្សម្នាក់ជក់បារីមួយថ្ងៃ មួយកញ្ចប់ នោះមានន័យថា ជាមធ្យមគាត់កំពុងហឺតផ្សែងបារីឬស្រូបជាតិនីកូទីន២០០ដង។ ក្នុងចំណោមថ្នាំឬសារជាតិញៀនទាំងអស់ គ្មានថ្នាំឬសារជាតិណាមួយដែលមនុស្សទទួលឬស្រូបចំនួនច្រើនដូចជាតិនីកូទីននោះទេ។ ការហឺតផ្សែងបារីចំនួនច្រើនដូចនោះ នាំឲ្យអ្នកជក់ក្លាយទៅជាអ្នកញៀនយ៉ាងឆាប់រហ័ស។ នៅពេលដែលអ្នកជក់ទៅជាញៀនហើយ នោះរាងកាយរបស់គាត់ត្រូវការជាតិនីកូទីនយ៉ាងខ្លាំង។ បើគាត់មិនបានទទួលជាតិនោះគ្រប់គ្រាន់ទេ ក្នុងខ្លួនគាត់នឹងធ្វើទុក្ខខ្លាំងណាស់។
ស្តីអំពីរឿងនេះ គម្ពីរជួយយើងឲ្យមានទស្សនៈត្រឹមត្រូវ។ គម្ពីរចែងថា៖ «តើអ្នករាល់គ្នាមិនដឹងទេឬ? ប្រសិនបើអ្នករាល់គ្នាបន្តប្រគល់ខ្លួនឲ្យធ្វើជាខ្ញុំបម្រើដើម្បីស្ដាប់បង្គាប់អ្នកណា អ្នករាល់គ្នាជាខ្ញុំបម្រើរបស់អ្នកនោះ ដោយសារអ្នកស្ដាប់បង្គាប់អ្នកនោះ»។ (រ៉ូម ៦:១៦) ពេលដែលបុគ្គលណាម្នាក់ឲ្យការញៀនថ្នាំជក់កាន់កាប់ទៅលើគំនិតនិងការប្រព្រឹត្តរបស់គាត់ហើយ មិនយូរមិនឆាប់បុគ្គលនោះនឹងក្លាយទៅជាខ្ញុំបម្រើនៃការប្រព្រឹត្តដ៏ថោកទាប។ ក៏ប៉ុន្តែ ព្រះដែលមាននាមយេហូវ៉ា លោកចង់ជួយយើងឲ្យរួច ដើម្បីឈប់ធ្វើជាខ្ញុំបម្រើនៃការប្រព្រឹត្តដ៏ថោកទាប ដែលមិនគ្រាន់តែបង្ខូចរាងកាយរបស់យើងប៉ុណ្ណោះទេ តែក៏បង្ខូចចិត្តនិងគំនិតរបស់យើងដែរ។ (ទំនុកតម្កើង ៨៣:១៨; កូរិនថូសទី២ ៧:១) កាលដែលបុគ្គលម្នាក់មានចិត្តគោរពនិងដឹងគុណព្រះយេហូវ៉ាកាន់តែខ្លាំងឡើង នោះគាត់នឹងទទួលស្គាល់ថា លោកសមនឹងទទួលអ្វីល្អបំផុតពីគាត់។ ហេតុនេះ គាត់យល់ថាគាត់មិនអាចឲ្យអ្វីដ៏ល្អបំផុតដល់ព្រះបានទេ បើគាត់នៅតែជាខ្ញុំបម្រើនៃទម្លាប់ណាដែលបណ្ដាលឲ្យស្លាប់។ ការទទួលស្គាល់ដូច្នេះនឹងជួយបុគ្គលនោះឲ្យយកឈ្នះសេចក្ដីប៉ងប្រាថ្នាដែលនាំឲ្យខ្លួនអន្តរាយ។
បុរសម្នាក់ឈ្មោះអូឡាហ្វ ដែលរស់នៅប្រទេសអាឡឺម៉ង់ គាត់ចាប់ផ្ដើមញៀនបារីតាំងពីអាយុ១២ឆ្នាំ ហើយបានជក់អស់១៦ឆ្នាំ។ ប៉ុន្តែក្រោយមក គាត់បានផ្ដាច់ទម្លាប់នោះ។ គាត់បាននិយាយថា៖ «ពេលជក់បារីលើកដំបូង វាហាក់ដូចជាដុំព្រិលតូចមួយដែលគ្មានគ្រោះថ្នាក់អ្វីទេ។ ប៉ុន្តែពេលជក់បារីពីមួយឆ្នាំទៅមួយឆ្នាំ ដុំព្រិលតូចនោះវាប្រមូលផ្ដុំគ្នាទៅជាផ្ទាំងទឹកកកដ៏ធំមួយ។ មានពេលមួយខ្ញុំអស់បារីជក់ទៀត ខ្ញុំមានអារម្មណ៍អន្ទះអន្ទែងជាខ្លាំង រហូតដល់ខ្ញុំប្រមូលកន្ទុយបារីទាំងអស់ដែលមាននៅក្នុងចានគោះបារី ហើយយកក្រដាសកាសែតមូរកម្ទេចបារីនោះមកជក់។ ក្រោយមកខ្ញុំយល់ថា នោះពិតជាគួរឲ្យខ្មាសណាស់»។ តើគាត់បានធ្វើយ៉ាងណាទើបអាចផ្ដាច់ទម្លាប់ជក់បារីបាន? គាត់ប្រាប់ថា៖ «អ្វីដ៏សំខាន់
បំផុត គឺខ្ញុំចង់ឲ្យព្រះយេហូវ៉ាពេញចិត្ត។ សេចក្ដីស្រឡាញ់ដែលលោកមានចំពោះមនុស្សជាតិ និងសេចក្ដីសង្ឃឹមដែលលោកបានផ្ដល់ឲ្យខ្ញុំ បានជួយខ្ញុំមានកម្លាំងចិត្តយកឈ្នះទម្លាប់ជក់បារីជារៀងរហូត»។បង្ខូចសុខភាពខ្លួនឯង
យោងតាមអង្គការមួយបានប្រាប់ថា៖ «អ្នកវិទ្យាសាស្ត្រ . . . បានបញ្ជាក់ភ័ស្តុតាងថា ការជក់បារីបង្ខូចសរីរាង្គស្ទើរតែទាំងអស់របស់មនុស្ស ថែមទាំងបង្កឲ្យមានជំងឺផ្សេងៗ និងមានអត្រាអ្នកស្លាប់កាន់តែច្រើន» (The Tobacco Atlas)។ មនុស្សជាទូទៅដឹងច្បាស់ថាការជក់បារីបណ្ដាលឲ្យមានជំងឺដែលមិនឆ្លងដូចជា ជំងឺមហារីក ជំងឺបេះដូង និងជំងឺសួតជាដើម។ ប៉ុន្តែ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ការជក់បារីក៏បណ្ដាលឲ្យកើតជំងឺឆ្លងដែរ ដូចជាជំងឺរបេងជាដើម ហើយនោះជាមូលហេតុចម្បងមួយដែលនាំឲ្យស្លាប់។
តាមរយៈគម្ពីរដែលជាបណ្ដាំរបស់ព្រះយេហូវ៉ា លោកបង្រៀនយើងឲ្យមានទស្សនៈត្រឹមត្រូវចំពោះជីវិត រូបកាយ និងសតិអារម្មណ៍របស់យើង។ លោកយេស៊ូដែលជាបុត្ររបស់ព្រះ បានបញ្ជាក់អំពីរឿងនេះដោយមានប្រសាសន៍ថា៖ «អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ហើយអស់ពីសមត្ថភាពរិះគិត»។ (ម៉ាថាយ ២២:៣៧) បទគម្ពីរនេះឲ្យយើងដឹងច្បាស់ថា ព្រះចង់ឲ្យយើងប្រើជីវិត និងរូបកាយរបស់យើងឲ្យមានប្រយោជន៍ច្រើនបំផុត ព្រមទាំងចេះឲ្យតម្លៃចំពោះជីវិតនិងរូបកាយរបស់ខ្លួន។ កាលដែលយើងរៀនអំពីព្រះយេហូវ៉ានិងសេចក្ដីសន្យារបស់លោក នោះយើងនឹងស្រឡាញ់ ហើយឲ្យតម្លៃចំពោះអ្វីៗទាំងអស់ដែលលោកបានធ្វើសម្រាប់យើង។ ជាលទ្ធផល នេះជំរុញចិត្តយើងឲ្យបោះបង់ចោលទម្លាប់ណាក៏ដោយដែលអាចបង្ខូចសុខភាពរបស់យើង។
នៅប្រទេសឥណ្ឌា វេជ្ជបណ្ឌិតម្នាក់ឈ្មោះជ័យវន្ត បានជក់បារីអស់៣៨ឆ្នាំ។ គាត់បាននិយាយថា៖ «តាមរយៈសៀវភៅពេទ្យ ខ្ញុំបានដឹងអំពីគ្រោះថ្នាក់ដែលមកពីការជក់បារី។ ខ្ញុំដឹងថាការជក់បារីគឺមិនល្អទេ ហើយខ្ញុំក៏បានជូនយោបល់ឲ្យអ្នកជំងឺរបស់ខ្ញុំឈប់ជក់បារីទៀត។ ប៉ុន្តែខ្ញុំខ្លួនឯងមិនអាចឈប់ជក់ទៅវិញ ទោះជាខ្ញុំព្យាយាមផ្ដាច់៥ ឬ៦ដងហើយក្ដី»។ នៅទីបំផុត តើអ្វីដែលបានជួយគាត់ឲ្យឈប់ជក់បារី? គាត់ប្រាប់ថា៖ «ដោយសារខ្ញុំបានរៀនគម្ពីរ ហើយចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត នោះបានជំរុញចិត្តខ្ញុំឲ្យផ្ដាច់ចោលទម្លាប់ជក់បារីតែម្ដង»។
បង្ខូចសុខភាពអ្នកឯទៀត
ផ្សែងបារី និងផ្សែងថ្នាំជក់ដែលគេដុតទុកចោលមានជាតិពុល។ ដូច្នេះអ្នកដែលរងផ្សែងបារីអាចកើតជំងឺមហារីកនិងជំងឺផ្សេងទៀត។ ជារៀងរាល់ឆ្នាំអ្នកស្រូបផ្សែងបារីចំនួន៦០០.០០០នាក់បានស្លាប់ ភាគច្រើនគឺជាស្ត្រីនិងកុមារ។ របាយការណ៍មួយរបស់អង្គការសុខភាពពិភពលោកបានព្រមានថា៖ «អ្នកដែលរងផ្សែងបារីមិនអាចគេចផុតពីការប៉ះពាល់ដល់សុខភាពបានទេ»។
ម៉ាថាយ ២២:៣៩) យោងតាមប្រសាសន៍របស់លោកយេស៊ូ ការស្រឡាញ់អ្នកជិតខាង នោះគឺសំដៅទៅលើក្រុមគ្រួសារ មិត្តភក្ដិ និងអ្នកដែលនៅជុំវិញយើង។ បើយើងមានទម្លាប់ណាមួយដែលធ្វើឲ្យអ្នកដែលនៅជុំវិញយើងរងផលប៉ះពាល់ដល់សុខភាព នោះមានន័យថាយើងមិនបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេទេ។ សេចក្ដីស្រឡាញ់ពិតជំរុញចិត្តយើងឲ្យធ្វើតាមការដាស់តឿនក្នុងគម្ពីរដែលថា៖ «ចូរឲ្យគ្រប់គ្នាសុខចិត្តលះបង់ប្រយោជន៍ខ្លួន ដើម្បីប្រយោជន៍អ្នកឯទៀត»។—កូរិនថូសទី១ ១០:២៤
បន្ទាប់ពីបញ្ញត្ដិទី១ដែលលោកយេស៊ូបានប្រាប់ថាឲ្យស្រឡាញ់ព្រះ នោះលោកក៏ប្រាប់នូវបញ្ញត្ដិទី២ទៀតដែលថា៖ «អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។ (បុរសម្នាក់ឈ្មោះអាមឹន រស់នៅប្រទេសអាមេនីបាននឹកចាំថា៖ «ក្រុមគ្រួសារខ្ញុំបានសុំអង្វរខ្ញុំឲ្យឈប់ជក់បារីទៀត ព្រោះបារីបានបង្ខូចសុខភាពពួកគេ។ ខ្ញុំមិនចង់ទទួលស្គាល់ថានោះអាចបង្ខូចសុខភាពពួកគេទេ»។ ប៉ុន្តែគាត់បានពន្យល់នូវមូលហេតុដែលនាំឲ្យគាត់ផ្លាស់ប្ដូរទស្សនៈ ដោយប្រាប់ថា៖ «ចំណេះពីគម្ពីរនិងសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាបានជួយខ្ញុំឲ្យផ្ដាច់ចោលទម្លាប់ជក់បារី ហើយខ្ញុំទទួលស្គាល់ថាការជក់បារីមិនគ្រាន់តែបង្ខូចសុខភាពខ្ញុំប៉ុណ្ណោះទេ តែក៏បង្ខូចសុខភាពអ្នកដែលនៅជុំវិញខ្ញុំដែរ»។
ការជក់បារីនឹងលែងមានទៀត!
ចំណេះពីគម្ពីរបានជួយអូឡាហ្វ ជ័យវន្ត និងអាមឹនឲ្យផ្ដាច់ពីទម្លាប់អាក្រក់ដែលធ្វើទុក្ខដល់ខ្លួននិងអ្នកឯទៀត។ ពួកគេទាំងបីនាក់បានយកឈ្នះទម្លាប់អាក្រក់នោះ មិនមែនដោយសារពួកគេដឹងថានោះបង្ខូចសុខភាពទេ តែពួកគេបានយកឈ្នះដោយសារពួកគេស្រឡាញ់ព្រះយេហូវ៉ា ហើយចង់ធ្វើឲ្យលោកពេញចិត្ត។ ដូច្នេះសេចក្ដីស្រឡាញ់មានតួនាទីដ៏សំខាន់ ដូចបានបញ្ជាក់នៅយ៉ូហានទី១ ៥:៣ ថា៖ «ការស្រឡាញ់ព្រះ មានន័យថា យើងកាន់តាមបញ្ញត្ដិរបស់លោក ហើយបញ្ញត្ដិរបស់លោកមិនមែនជាបន្ទុកធ្ងន់ទេ»។ ពិតណាស់ការធ្វើតាមគោលការណ៍ក្នុងគម្ពីរមិនតែងតែស្រួលទេ ប៉ុន្តែពេលបុគ្គលណាម្នាក់ស្រឡាញ់ព្រះយ៉ាងខ្លាំង នោះនឹងជំរុញចិត្តគាត់ឲ្យស្ដាប់បង្គាប់លោក ដោយមិនចាត់ទុកថានោះជាបន្ទុកដ៏ធ្ងន់ទេ។
នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាផ្ដល់ការអប់រំដល់មនុស្សទូទាំងពិភពលោក ការអប់រំនេះកំពុងជួយមនុស្សរាប់លាននាក់ឲ្យឈប់ធ្វើជាខ្ញុំបម្រើនៃថ្នាំជក់។ (ធីម៉ូថេទី១ ២:៣, ៤) ឆាប់ៗខាងមុខនេះ ព្រះយេហូវ៉ានឹងបំបាត់ចោលប្រព័ន្ធពាណិជ្ជកម្មដ៏លោភលន់ ដោយសារប្រព័ន្ធពាណិជ្ជកម្មទាំងនោះបានធ្វើឲ្យមនុស្សរាប់លាននាក់ក្លាយទៅជាខ្ញុំបម្រើរបស់ថ្នាំជក់។ លោកនឹងធ្វើដូច្នេះតាមរយៈរាជាណាចក្ររបស់លោក។ រាជាណាចក្រនោះជារដ្ឋាភិបាលនៅស្ថានសួគ៌ ដែលមានលោកយេស៊ូជាបុត្ររបស់ព្រះ ជាអ្នកគ្រប់គ្រង។ ម្យ៉ាងទៀត ព្រះនឹងបំផ្លាញចោលទាំងស្រុងនូវជំងឺផ្សេងៗដែលបណ្ដាលមកការជក់បារី ហើយលោកនឹងជួយមនុស្សជាតិដែលស្ដាប់បង្គាប់ ឲ្យមានរូបកាយនិងចិត្តគំនិតល្អឥតខ្ចោះឡើងវិញ។—អេសាយ ៣៣:២៤; ការបើកបង្ហាញ ១៩:១១, ១៥
បើលោកអ្នកពិបាកផ្ដាច់ទម្លាប់ជក់បារី សូមកុំចុះចាញ់ឡើយ។ សូមរៀនស្រឡាញ់ព្រះយេហូវ៉ា ហើយមានទស្សនៈដូចលោកស្តីអំពីការជក់បារី។ បើធ្វើដូច្នេះ លោកអ្នកក៏អាចមានកម្លាំងចិត្តគ្រប់គ្រាន់ដើម្បីយកឈ្នះទម្លាប់ជក់បារីដែរ។ សាក្សីព្រះយេហូវ៉ារីករាយទៅជួបលោកអ្នក ដើម្បីជួយបង្រៀននិងជួយលោកអ្នកឲ្យធ្វើតាមគោលការណ៍គម្ពីរ។ បើលោកអ្នកចង់ឲ្យព្រះយេហូវ៉ាជួយលោកអ្នកឲ្យយកឈ្នះទម្លាប់ជក់បារី នោះព្រះប្រាកដជាផ្ដល់កម្លាំងចិត្តដល់លោកអ្នកដើម្បីយកឈ្នះ។—ភីលីព ៤:១៣
[កំណត់សម្គាល់]
^ វគ្គ 3 ក្នុងអត្ថបទនេះការជក់បារីសំដៅទៅលើការហឺតផ្សែងដោយផ្ទាល់ពីបារី ឬការជក់ខ្សៀ។ ក៏ប៉ុន្តែការណែនាំក្នុងអត្ថបទនេះ ក៏សំដៅទៅលើការចុកថ្នាំជក់ ឬការជក់បារីអេឡិចត្រូនិកដែលមានសារធាតុនីកូទីនជាដើម។
[ឃ្លាអក្សរធំនៅទំព័រ៤]
«អ្នករាល់គ្នាជាខ្ញុំបម្រើរបស់អ្នកនោះ ដោយសារអ្នកស្ដាប់បង្គាប់អ្នកនោះ»។—រ៉ូម ៦:១
បើលោកអ្នកនៅជាខ្ញុំបម្រើនៃទម្លាប់ជក់បារី តើពិតជាអាចស្ដាប់បង្គាប់ព្រះបានឬទេ?
[ឃ្លាអក្សរធំនៅទំព័រ៥]
«អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ហើយអស់ពីសមត្ថភាពរិះគិត»។—ម៉ាថាយ ២២:៣៧
បើលោកអ្នកបង្ខូចរូបកាយដែលព្រះបានផ្ដល់ឲ្យដោយមានទម្លាប់មិនល្អណាមួយ តើនេះបង្ហាញថាលោកអ្នកគោរពស្រឡាញ់ព្រះឬទេ?
[ឃ្លាអក្សរធំនៅទំព័រ៦]
«អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក»។—ម៉ាថាយ ២២:៣៩
បើក្រុមគ្រួសារនិងអ្នកជិតខាងរងផ្សែងបារីពីលោកអ្នក តើនេះបង្ហាញថាលោកអ្នកពិតជាស្រឡាញ់ពួកគាត់ឬទេ?