ចូរយកតម្រាប់តាមជំនឿរបស់ពួកគាត់ | ម៉ារៀ
នាងបានស៊ូទ្រាំនឹងទុក្ខសោកដែលប្រៀបដូចជាដាវចាក់ទម្លុះ
ម៉ារៀកំពុងលុតជង្គង់ដោយក្ដីឈឺចាប់យ៉ាងខ្លាំងដែលមិនអាចពិពណ៌នាបានទេ។ នាងហាក់ដូចជានៅឮសំឡេងរបស់កូនប្រុសនាងនៅឡើយ ដែលបានស្រែកនាដង្ហើមចុងក្រោយមុនពេលស្លាប់ ក្រោយពីរងទារុណកម្មអស់ជាច្រើនម៉ោង។ ផ្ទៃមេឃដែលភ្លឺចែសនាពេលថ្ងៃត្រង់ បានទៅជាងងឹត។ ផែនដីបានញ័ររញ្ជួយយ៉ាងខ្លាំង។ (ម៉ាថាយ ២៧:៤៥, ៥១) ចំពោះម៉ារៀ ព្រឹត្តិការណ៍នោះប្រហែលមើលទៅដូចជា ព្រះយេហូវ៉ាផ្ទាល់កំពុងបង្ហាញពិភពលោកឲ្យដឹងថា ការដែលលោកយេស៊ូគ្រិស្តស្លាប់ ធ្វើឲ្យលោកឈឺចាប់ខ្លាំងជាងមនុស្សណាទាំងអស់។
កាលភាពងងឹតដែលគ្របដណ្ដប់ទៅលើតំបន់កុលកូថា ឬកន្លែងលលាដ៍ក្បាល បានប្រែទៅជាពន្លឺថ្ងៃវិញ នោះម៉ារៀនៅតែសោកសង្រេងខ្លាំងណាស់ចំពោះកូនប្រុសរបស់នាង។ (យ៉ូហាន ១៩:១៧, ២៥) ពេលនោះ នាងទំនងជានឹកចាំរឿងរ៉ាវទាំងប៉ុន្មានដែលបានកើតឡើងកន្លងមក។ រឿងមួយដែលនាងប្រហែលជានឹកចាំ បានកើតឡើង៣៣ឆ្នាំមុន គឺពេលនាងនិងយ៉ូសែបយកកូនង៉ែតដ៏គួរឲ្យស្រឡាញ់របស់ខ្លួន ទៅបង្ហាញនៅឯវិហារក្នុងក្រុងយេរូសាឡិម ហើយបុរសវ័យចាស់ម្នាក់ឈ្មោះស៊ីម្មានបានប្រកាសទំនាយមួយក្រោមការដឹកនាំពីព្រះអំពីកូនង៉ែតនោះ។ គាត់បានប្រាប់ទុកជាមុនអំពីអ្វីដ៏អស្ចារ្យជាច្រើនដែលលោកយេស៊ូនឹងធ្វើ តែគាត់បានបន្ថែមថា នឹងមានថ្ងៃមួយដែលម៉ារៀនឹងមានអារម្មណ៍ឈឺចាប់ដូចជាគេយកដាវវែងមួយមកចាក់។ (លូកា ២:២៥-៣៥) ប៉ុន្តែនៅពេលមានរឿងដ៏ខ្លោចផ្សានេះកើតឡើង ទើបនាងយល់ពាក្យនោះច្បាស់។
មនុស្សខ្លះធ្លាប់និយាយថាគ្មានការឈឺចាប់ណា ខ្លាំងស្មើនឹងការឈឺចាប់ដែលមកពីកូនខ្លួនបានស្លាប់នោះទេ។ សេចក្ដីស្លាប់ជាសត្រូវដ៏កាចសាហាវ ហើយវាបន្សល់ទុកស្លាកស្នាមផ្លូវចិត្តដល់យើងទាំងអស់គ្នា។ (រ៉ូម ៥:១២; កូរិនថូសទី១ ១៥:២៦) តើយើងអាចសះស្បើយពីរបួសផ្លូវចិត្តនោះទេ? ដើម្បីដឹង សូមឲ្យយើងពិចារណាអំពីជីវិតរបស់ម៉ារៀ តាំងពីពេលដែលលោកយេស៊ូចាប់ផ្ដើមកិច្ចបម្រើ រហូតដល់ពេលលោកស្លាប់ ហើយក្រោយពីពេលនោះទៀត។ យើងនឹងរៀនច្រើនថែមទៀតអំពីជំនឿដែលបានជួយម៉ារៀឲ្យស៊ូទ្រាំនឹងទុក្ខសោកដែលប្រៀបដូចជាដាវចាក់ទម្លុះ។
«អ្វីដែលលោកប្រាប់ឲ្យធ្វើ ចូរធ្វើទៅចុះ»
សូមឲ្យយើងស្រមៃគិតអំពីបីឆ្នាំកន្លះ មុនដែលរឿងខ្លោចផ្សានោះកើតឡើង។ នៅពេលនោះ មនុស្សនៅគ្រប់កន្លែងកំពុងនិយាយគ្នាអំពីយ៉ូហានដែលជាអ្នកជ្រមុជទឹក និងការផ្សព្វផ្សាយរបស់គាត់ដែលជំរុញចិត្តមនុស្សឲ្យប្រែចិត្ត។ សូម្បីតែនៅក្រុងណាសារ៉ែតដ៏តូចនោះ ដែលជាក្រុងរបស់ម៉ារៀ ក៏មនុស្សកំពុងនិយាយអំពីយ៉ូហានដែរ។ ដូច្នេះ ម៉ារៀបានយល់ថាជីវិតរបស់នាងជិតនឹងផ្លាស់ប្ដូរហើយ។ ហេតុអ្វី? ពីព្រោះម៉ារៀអាចឃើញថាលោកយេស៊ូ ដែលជាកូនប្រុសច្បងរបស់នាង បានចាត់ទុកការផ្សព្វផ្សាយនោះ ជាសញ្ញាសម្គាល់មួយដែលថា គឺដល់ពេលឲ្យលោកចាប់ផ្ដើមកិច្ចបម្រើរបស់លោក។ (ម៉ាថាយ ៣:១, ១៣) ចំពោះម៉ារៀនិងក្រុមគ្រួសារ បើលោកយេស៊ូមិននៅជាមួយនឹងពួកគេ នោះមានន័យថាក្រុមគ្រួសារទាំងមូលមានការផ្លាស់ប្ដូរដ៏ធំជាមិនខាន។ ហេតុអ្វី?
ពីព្រោះតាមមើលទៅ យ៉ូសែបដែលជាប្ដីរបស់ម៉ារៀទំនងជាបានស្លាប់ហើយ។ បើដូច្នោះមែន ម៉ារៀធ្លាប់ឆ្លងកាត់ការឈឺចាប់ដែលមកពីការបាត់បង់មនុស្សជាទីស្រឡាញ់។ a ពេលមុនលោកយេស៊ូត្រូវគេហៅថា«កូនរបស់ជាងឈើ» តែឥឡូវគេហៅលោកថា«ជាងឈើ»វិញ។ នេះបង្ហើបឲ្យដឹងថា លោកយេស៊ូបានទទួលរ៉ាប់រងការងារទាំងអស់របស់ឪពុក ហើយបានបំពេញតួនាទីជាអ្នកផ្គត់ផ្គង់ក្រុមគ្រួសារទាំងមូល ដែលក្នុងនោះមានប្អូនៗយ៉ាងហោចណាស់៦នាក់។ (ម៉ាថាយ ១៣:៥៥, ៥៦; ម៉ាកុស ៦:៣) ទោះបើលោកយេស៊ូបានបង្ហាត់បង្រៀនយ៉ាកុបឲ្យទទួលភារៈជាជាងឈើក្នុងនាមជាប្អូនប្រុសបន្ទាប់ពីលោកក្ដី ក៏ការចាកចេញរបស់លោកយេស៊ូនៅតែមិនស្រួលសម្រាប់ក្រុមគ្រួសារទេ។ ម៉ារៀមានបន្ទុកធ្ងន់រួចហើយ ដូច្នេះតើការដឹងថាលោកយេស៊ូនឹងចាកចេញធ្វើឲ្យនាងបារម្ភទេ? យើងគ្រាន់តែអាចស្មានប៉ុណ្ណោះ។ ប៉ុន្តែ សំណួរដ៏សំខាន់ជាងទៅទៀតគឺ តើនាងនឹងមានប្រតិកម្មយ៉ាងណា ពេលយេស៊ូពីណាសារ៉ែតបានក្លាយទៅជាយេស៊ូគ្រិស្ត ជាមេស្ស៊ី ដែលព្រះបានសន្យាតាំងពីយូរមកហើយថានឹងមក? កំណត់ហេតុគម្ពីរបានបង្ហាញអ្វីមួយស្ដីអំពីរឿងនេះ។—យ៉ូហាន ២:១-១២
លោកយេស៊ូបានទៅជួបយ៉ូហានដើម្បីទទួលការជ្រមុជទឹក រួចមកបានក្លាយទៅជាអ្នកដែលព្រះរើសតាំងឬមេស្ស៊ី។ (លូកា ៣:២១, ២២) បន្ទាប់ពីនោះ លោកចាប់ផ្ដើមជ្រើសរើសពួកអ្នកកាន់តាមលោក។ ទោះជាកិច្ចការនោះបន្ទាន់ក៏ដោយ លោកនៅតែឆ្លៀតពេលនៅជាមួយក្រុមគ្រួសារនិងមិត្តភក្ដិ ហើយចំណាយពេលជាមួយពួកគាត់យ៉ាងសប្បាយរីករាយ។ លោកយេស៊ូ ព្រមទាំងម្ដាយនិងប្អូនៗ ហើយពួកអ្នកកាន់តាមលោកបានទៅចូលរួមពិធីអាពាហ៍ពិពាហ៍មួយនៅក្រុងកាណា។ ក្រុងនោះតាមមើលទៅនៅលើភ្នំ ដែលមានចម្ងាយ១៣គីឡូម៉ែត (៨ម៉ៃល៍) ពីក្រុងណាសារ៉ែត។ ក្នុងអំឡុងពិធីនោះ ម៉ារៀឃើញថាមានបញ្ហាមួយ។ ប្រហែលជានាងឃើញអ្នកខ្លះក្នុងក្រុមគ្រួសារនៃគូអាពាហ៍ពិពាហ៍នេះ កំពុងឆ្លេឆ្លា ហើយនិយាយខ្សឹបគ្នា។ ពួកគេអស់ស្រាហើយ! តាមវប្បធម៌របស់ពួកគេ ការអស់អ្វីទទួលភ្ញៀវបែបនេះ ច្បាស់ជាធ្វើឲ្យក្រុមគ្រួសារដែលជាម្ចាស់ដើមការខ្មាសគេខ្លាំងណាស់។ ម៉ារៀយល់ចិត្តពួកគេ ហើយនាងបែរទៅរកលោកយេស៊ូ។
នាងបានប្រាប់ទៅកូនប្រុសថា៖ «ពួកគេអស់ស្រាហើយ»។ ពាក្យរបស់នាងមានន័យថា៖ «កូន! សូមជួយពួកគេផង!»។ តើនាងសង្ឃឹមថាលោកយេស៊ូនឹងធ្វើអ្វី? យើងគ្រាន់តែអាចស្រមៃគិតប៉ុណ្ណោះ។ នាងបានដឹងថាកូនប្រុសរបស់នាងជាបុរសដ៏ឧត្តមម្នាក់ ដែលនឹងធ្វើអ្វីដ៏អស្ចារ្យជាច្រើន ហើយប្រហែលជាសង្ឃឹមថា លោកយេស៊ូនឹងចាប់ផ្ដើមធ្វើការអស្ចារ្យនៅពេលនេះ។ របៀបលោកយេស៊ូបានតបឆ្លើយទៅកាន់នាងច្បាស់ជាបានធ្វើឲ្យនាងភ្ញាក់ផ្អើល ពេលលោកថា៖ «ស្ត្រីអើយ តើរឿងនោះទាក់ទងអ្វីនឹងខ្ញុំ?»។ ទោះជានៅសព្វថ្ងៃនេះមានអ្នកខ្លះយល់ច្រឡំអំពីពាក្យនោះក៏ដោយ ការពិតលោកយេស៊ូមានប្រសាសន៍ដូចនេះ មិនមែនខ្វះការគោរពទេ។ ប៉ុន្តែលោកបានមានប្រសាសន៍ដូច្នេះ គឺដើម្បីផ្ដល់ការកែតម្រង់ដ៏ស្លូតបូតវិញ។ លោកយេស៊ូចង់រំលឹកម្ដាយរបស់លោកថា តាមពិតនាងគ្មានសិទ្ធណែនាំកិច្ចបម្រើរបស់លោកនោះឡើយ ព្រោះព្រះយេហូវ៉ាជាបិតារបស់លោកគឺជាអ្នកដែលណែនាំលោក។
ម៉ារៀព្រមទទួលការកែតម្រង់ពីកូនប្រុសរបស់នាង ព្រោះនាងជាស្ត្រីដែលឆាប់យល់ចិត្តនិងមានចិត្តរាបទាប។ នាងបានបែរទៅមើលអ្នកដែលកំពុងបម្រើនៅពិធីនោះហើយនិយាយថា៖ «អ្វីដែលលោកប្រាប់ឲ្យធ្វើ ចូរធ្វើទៅចុះ»។ ម៉ារៀបានយល់ថា ឥឡូវនាងគ្មានសិទ្ធិណែនាំកូនរបស់នាងទៀតទេ។ ផ្ទុយទៅវិញ នាងនិងអ្នកឯទៀតគួរទទួលការណែនាំពីលោកយេស៊ូវិញ។ រីឯលោកយេស៊ូ បានបង្ហាញឲ្យឃើញថា លោកមានអារម្មណ៍ដូចម្ដាយលោក ដែលព្រួយជំនួសគូអាពាហ៍ពិពាហ៍ថ្មី។ ដូច្នេះ លោកបានធ្វើការអស្ចារ្យទី១ ដោយធ្វើឲ្យទឹកក្លាយទៅជាស្រាគុណភាពល្អ។ តើមានលទ្ធផលយ៉ាងណា? ម៉ារៀចាប់ផ្ដើមមានជំនឿលើលោកយេស៊ូ ហើយ«ពួកអ្នកកាន់តាមលោកចាប់ផ្ដើមមានជំនឿលើលោក»ដែរ។ ឥឡូវ ម៉ារៀមិនគ្រាន់តែចាត់ទុកថាលោកយេស៊ូជាកូនប្រុសរបស់នាងប៉ុណ្ណោះទេ តែចាត់ទុកលោកជាលោកម្ចាស់និងអ្នកសង្គ្រោះរបស់នាងវិញ។
គ្មានឪពុកម្ដាយណាសព្វថ្ងៃនេះធ្លាប់មានកូនដែលមានលក្ខណៈដូចលោកយេស៊ូទេ។ ប៉ុន្តែ ពួកគេនៅតែអាចរៀនយ៉ាងច្រើនពីគំរូរបស់ម៉ារៀ ទោះជាកូនរបស់ពួកគេជាមនុស្សបែបណាក៏ដោយ។ ជាឧទាហរណ៍ ពេលកូនធំឡើងទៅជាមនុស្សពេញវ័យ នោះប្រហែលជាធ្វើឲ្យឪពុកម្ដាយពិបាក ពីព្រោះឪពុកម្ដាយប្រហែលជានៅតែចង់ប្រព្រឹត្តចំពោះកូនដូចជាកូននៅក្មេងនៅឡើយ សូម្បីតែគ្មានហេតុឲ្យប្រព្រឹត្តចំពោះកូនដូច្នេះក៏ដោយ។ (កូរិនថូសទី១ ១៣:១១) តើឪពុកម្ដាយអាចជួយកូនដែលពេញវ័យហើយយ៉ាងដូចម្ដេច? វិធីមួយ គឺពួកគាត់ប្រាប់កូនដោយស្មោះថា ពួកគាត់ជឿជាក់ថា កូនដ៏ស្មោះត្រង់របស់ពួកគាត់នឹងបន្តធ្វើតាមសេចក្ដីបង្រៀនក្នុងគម្ពីរ ហើយនឹងទទួលពរពីព្រះយេហូវ៉ា។ ពេលឪពុកម្ដាយមានចិត្តរាបទាប ហើយបង្ហាញជំនឿនិងទំនុកចិត្តចំពោះកូន នោះអាចជួយកូនពេញវ័យរបស់គាត់ច្រើនណាស់។ លោកយេស៊ូច្បាស់ជាដឹងគុណម៉ារៀដែលបានជួយគាំទ្រលោកក្នុងអំឡុងឆ្នាំដ៏សំខាន់ៗក្រោយមក។
«ប្អូនប្រុសៗរបស់លោកមិនជឿលើលោកឡើយ»
កំណត់ហេតុក្នុងសៀវភៅដំណឹងល្អមិនសូវរៀបរាប់អំពីជីវិតរបស់ម៉ារៀ ក្នុងអំឡុងបីឆ្នាំកន្លះដែលលោកយេស៊ូបំពេញកិច្ចបម្រើ។ ទោះជាយ៉ាងនោះក៏ដោយ សូមចាំថា នៅពេលនោះនាងទំនងជាស្ត្រីមេម៉ាយ ហើយប្រហែលជាត្រូវចិញ្ចឹមអប់រំកូនៗដែលមិនទាន់បែកផ្ទះនៅឡើយ។ ម្ល៉ោះហើយ គឺសមហេតុផលដែលនាងប្រហែលជាមិនអាចទៅតាមលោកយេស៊ូទេ កាលដែលលោកផ្សព្វផ្សាយពេញស្រុករបស់លោក។ (ធីម៉ូថេទី១ ៥:៨) ប៉ុន្តែ នាងនៅតែបន្តរំពឹងគិតអំពីអ្វីដែលនាងបានរៀនក្នុងបណ្ដាំព្រះស្ដីអំពីមេស្ស៊ី។ បន្ថែមទៅទៀត នាងច្បាស់ជាបន្តទៅសាលាប្រជុំក្នុងស្រុករបស់នាង តាមទម្លាប់ក្រុមគ្រួសារ។—លូកា ២:១៩, ៥១; ៤:១៦
ដូច្នេះ ពេលលោកយេស៊ូបង្រៀនក្នុងសាលាប្រជុំនៅស្រុកណាសារ៉ែត នាងប្រហែលជាបានអង្គុយស្ដាប់លោកនៅទីនោះដែរ។ ពេលដែលកូនប្រុសរបស់នាងបានប្រកាសថា ទំនាយអំពីមេស្ស៊ីដែលបានត្រូវកត់ទុករាប់រយឆ្នាំមុន កំពុងកើតឡើងពិតមែន ហើយសំដៅទៅលើខ្លួនលោកផ្ទាល់ នោះច្បាស់ជាធ្វើឲ្យនាងរំភើបចិត្តណាស់! ប៉ុន្តែ នាងក៏ពិបាកចិត្តដែរ ដោយឃើញថាអ្នកនៅស្រុកណាសារ៉ែតជាមួយគ្នា មិនបានជឿលើកូនប្រុសនាងទេ។ ពួកគេរហូតដល់ព្យាយាមសម្លាប់លោកទៀតផង!—ណាមួយទៀត ច្បាស់ជាធ្វើឲ្យនាងពិបាកចិត្តដែរ ពេលឃើញរបៀបដែលកូនប្រុសឯទៀតរបស់នាងបានប្រព្រឹត្តចំពោះលោកយេស៊ូ។ នៅយ៉ូហាន ៧:៥ យើងឃើញថាប្អូនប្រុសបួននាក់របស់លោកយេស៊ូមិនមានជំនឿដូចម្ដាយរបស់ពួកគេទេ ខនោះថា៖ «ប្អូនប្រុសៗរបស់លោកមិនជឿលើលោកឡើយ»។ ម្យ៉ាងទៀត លោកយេស៊ូមានប្អូនស្រី យ៉ាងហោចណាស់ពីរនាក់ តែគម្ពីរមិនបានរៀបរាប់អំពីពួកគេទេ។ b ក្នុងករណីនេះ ម៉ារៀអាចយល់អំពីការពិបាកដ៏ខ្លាំង ដែលមកពីការមានសមាជិកគ្រួសារដែលរស់នៅជាមួយគ្នា តែមានទស្សនៈផ្សេងគ្នាអំពីរឿងសាសនា។ នាងបានខំប្រឹងរក្សាភាពស្មោះត្រង់ចំពោះសេចក្ដីពិតអំពីព្រះ ហើយដំណាលគ្នានោះក៏ចង់ជួយសមាជិកគ្រួសាររបស់នាងឲ្យជឿលើសេចក្ដីពិតដែរ ដោយមិនបង្ខំឬរករឿងពួកគេទេ។
នៅពេលមួយ បងប្អូនសាច់ញាតិរបស់លោកយេស៊ូ ដែលក្នុងនោះក៏មានប្អូនប្រុសៗរបស់លោកដែរ ពួកគេបានសម្រេចចិត្តទៅ«ចាប់»លោកយេស៊ូត្រឡប់មកវិញ។ តាមពិត ពួកគេបាននិយាយថា៖ «គាត់វង្វេងស្មារតីហើយ»។ (ម៉ាកុស ៣:២១, ៣១) ម៉ារៀច្បាស់ជាមិនបានគិតដូច្នោះទេ។ តែនាងបានទៅជាមួយកូនប្រុសៗរបស់នាង ប្រហែលជានាងសង្ឃឹមថាពួកគេនឹងអាចរៀនអ្វីខ្លះ ដែលជួយពួកគេឲ្យមានជំនឿលើលោកយេស៊ូ។ តើពួកគេបានជឿលើលោកទេ? ទោះជាលោកយេស៊ូបានធ្វើការអស្ចារ្យជាច្រើននិងបង្រៀនសេចក្ដីពិតជាច្រើនក្ដី កូនប្រុសឯទៀតរបស់ម៉ារៀមិនបានជឿលើលោកទេ។ តើនាងមានអារម្មណ៍ធុញទ្រាន់ ហើយឆ្ងល់ថា តើអ្វីទៅទើបអាចជួយជំរុញចិត្តពួកគេឲ្យជឿលើលោកយេស៊ូបាន?
តើអ្នករស់នៅក្នុងក្រុមគ្រួសារដែលមានសមាជិកកាន់សាសនាខុសគ្នាទេ? ជំនឿរបស់ម៉ារៀអាចជួយអ្នកយ៉ាងច្រើន។ នាងមិនបានរសាយចិត្តក្នុងការជួយក្រុមគ្រួសារដែលមិនមានជំនឿដូចនាងនោះទេ។ ផ្ទុយទៅវិញ នាងបានទុកឲ្យពួកគេឃើញថា នាងមានអំណរនិងសេចក្ដីសុខសាន្តក្នុងចិត្តដោយសារនាងមានជំនឿ។ ម្យ៉ាងទៀត នាងបានបន្តគាំទ្រលោកយេស៊ូជាកូនប្រុសដ៏ស្មោះត្រង់របស់នាង។ តើនាងនឹកលោកទេ? ពេលខ្លះ តើនាងចង់ឲ្យលោកយេស៊ូនៅផ្ទះជាមួយនាងនិងក្រុមគ្រួសារឬទេ? បើនាងគិតដូច្នោះមែន នាងបានទប់អារម្មណ៍ខ្លួន ព្រោះនាងបានយល់ថា គឺជាឯកសិទ្ធិចំពោះនាងដែលអាចជួយគាំទ្រនិងលើកទឹកចិត្តលោកយេស៊ូ។ ស្រដៀងគ្នាដែរ តើអ្នកអាចជួយកូនរបស់អ្នកឲ្យចាត់ទុកព្រះជាបុគ្គលសំខាន់បំផុតក្នុងជីវិតឬទេ?
«ដាវវែងមួយនឹងចាក់ទម្លុះចិត្តរបស់អ្នក»
តើជំនឿរបស់ម៉ារៀទៅលើលោកយេស៊ូបានទទួលរង្វាន់ទេ? ព្រះយេហូវ៉ាមិនដែលខានផ្ដល់រង្វាន់ចំពោះអ្នកដែលមានជំនឿទេ ហើយចំពោះម៉ារៀលោកពិតជាឲ្យរង្វាន់ដល់នាងជាក់ជាមិនខាន។ (ហេប្រឺ ១១:៦) សូមស្រមៃគិតថា នាងមានអារម្មណ៍យ៉ាងណា ពេលស្ដាប់សុន្ទរកថារបស់កូនប្រុសនាង ឬមួយក៏ឮអ្នកឯទៀតប្រាប់អំពីសុន្ទរកថារបស់លោកដែលពួកគេបានស្ដាប់។
ក្នុងឧទាហរណ៍ដែលលោកយេស៊ូបានបង្រៀន តើធ្វើឲ្យម៉ារៀនឹកឃើញអនុស្សាវរីយ៍ខ្លះ ក្នុងគ្រាដែលលោកយេស៊ូនៅជាកុមារ និងពេលលោកធំឡើងនៅស្រុកណាសារ៉ែតឬទេ? ពេលលោកយេស៊ូនិយាយរឿងផ្សេងៗដូចជា អំពីស្ត្រីម្នាក់ដែលបោសផ្ទះដើម្បីស្វែងរកកាក់មួយដែលបាត់ ការកិនម្សៅធ្វើនំប៉័ង ឬការដាក់ចង្កៀងនៅលើជើងចង្កៀងដើម្បីបំភ្លឺជាដើម តើនាងបាននឹកគិតអំពីកូនប្រុសតូចដែលនៅក្បែរនាង កាលដែលនាងកំពុងបំពេញកិច្ចការផ្ទះទាំងនោះជារៀងរាល់ថ្ងៃឬទេ? (លូកា ១១:៣៣; ១៥:៨, ៩; ១៧:៣៥) ពេលលោកយេស៊ូបានមានប្រសាសន៍ថានឹមរបស់លោកស្រួលពាក់ ហើយបន្ទុកលោកក៏ស្រាល តើម៉ារៀបាននឹកទៅដល់គ្រាកាលដែលយ៉ូសែបនៅរស់ ហើយកំពុងបង្រៀនយុវជនយេស៊ូនៅពេលរសៀលណាមួយ អំពីរបៀបធ្វើនឹមដែលស្រួលឲ្យសត្វពាក់ដើម្បីកុំឲ្យវាឈឺខ្នងឬទេ? (ម៉ាថាយ ១១:៣០) ម៉ារៀច្បាស់ជាស្កប់ចិត្តខ្លាំងណាស់ចំពោះឯកសិទ្ធិដែលព្រះយេហូវ៉ាបានឲ្យនាង ពោលគឺការជួយចិញ្ចឹមអប់រំកូន ដែលនឹងក្លាយទៅជាមេស្ស៊ី។ នាងច្បាស់ជាមានអំណរពន់ពេកដែលបានស្ដាប់លោកយេស៊ូជាគ្រូបង្រៀនដ៏ឧត្តមបំផុត ព្រោះលោកយេស៊ូបានបង្រៀនដោយរៀបរាប់បទពិសោធន៍និងទិដ្ឋភាពអំពីជីវិតប្រចាំថ្ងៃ ដើម្បីឲ្យមេរៀនទាំងនោះដក់ជាប់នៅក្នុងចិត្តរបស់ពួកអ្នកស្ដាប់លោក។
លូកា ១១:២៧, ២៨) មានពេលមួយទៀត អ្នកខ្លះក្នុងបណ្ដាជនបានប្រាប់លោកយេស៊ូថាម្ដាយនិងប្អូនប្រុសៗរបស់លោកបានមកដល់ លោកយេស៊ូបានប្រាប់ថា អ្នកណាដែលមានជំនឿគឺពិតជាម្ដាយនិងបងប្អូនរបស់លោក។ ម៉ារៀមិនបានអាក់អន់ចិត្តសោះឡើយ ព្រោះនាងយល់យ៉ាងច្បាស់នូវអ្វីដែលលោកយេស៊ូចង់និយាយ ពោលគឺចំណងមិត្តភាពជាមួយនឹងបងប្អូនរួមជំនឿគឺសំខាន់ជាងចំណងមិត្តភាពជាមួយនឹងបងប្អូនបង្កើតទៅទៀត។—ម៉ាកុស ៣:៣២-៣៥
ទោះជាម៉ារៀមានឯកសិទ្ធិខ្ពង់ខ្ពស់ក៏ដោយ នាងនៅតែមានចិត្តរាបទាប។ លោកយេស៊ូមិនបានប្រាប់ថាមនុស្សត្រូវលើកសរសើរនាងឡើយ ដូច្នេះលោកច្បាស់ជាមិនចង់ឲ្យមនុស្សគោរពប្រណិប័តន៍នាងទេ។ ក្នុងអំឡុងកិច្ចបម្រើរបស់លោកយេស៊ូ មានស្ត្រីម្នាក់ក្នុងបណ្ដាជន ស្រែកឡើងថា ម្ដាយរបស់លោកពិតជាមានសុភមង្គលណាស់ដែលបានសម្រាលលោកមក។ លោកបានឆ្លើយថា៖ «ទេ! គឺអស់អ្នកដែលឮបណ្ដាំរបស់ព្រះហើយធ្វើតាម ទើបមានសុភមង្គល!»។ (ពេលដែលម៉ារៀឃើញកូនប្រុសរបស់នាងរងទុក្ខរហូតដល់ស្លាប់យ៉ាងអាណោចអាធ័មនៅលើបង្គោលទារុណកម្ម នោះធ្វើឲ្យនាងឈឺចាប់ខ្លាំងរកថ្លែងពុំបានឡើយ។ សាវ័កយ៉ូហានបានឃើញការប្រហារជីវិតនេះ ហើយក្រោយមកគាត់បានសរសេរចំណុចល្អិតល្អន់មួយអំពីគ្រានោះគឺ: ក្នុងអំឡុងពេលលោកយេស៊ូឈឺចាប់នោះ ម៉ារៀឈរក្បែរ«បង្គោលទារុណកម្មរបស់លោក»។ គ្មានអ្វីអាចឃាត់ម្ដាយដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់និងភាពស្មោះត្រង់នេះមិនឲ្យនៅជិតកូនប្រុសនាង នាដង្ហើមចុងក្រោយរបស់កូនបានទេ។ ឯលោកយេស៊ូវិញ ពេលលោកដកដង្ហើមនិងនិយាយម្ដងៗ នោះធ្វើឲ្យលោកឈឺពើតផ្សាខ្លាំងណាស់។ ទោះជាយ៉ាងនោះក៏ដោយ លោកបានខំនិយាយ។ តើលោកបានខំពោលពាក្យអ្វី? លោកបានប្រគល់ភារកិច្ចឲ្យយ៉ូហានជាសាវ័កដែលលោកស្រឡាញ់ ឲ្យជួយមើលថែរក្សាម្ដាយរបស់លោក។ ដោយសារនៅពេលនោះប្អូនប្រុសៗរបស់លោកមិនទាន់មានជំនឿលើលោកនៅឡើយទេ។ លោកយេស៊ូបានដឹងថាគ្មានអ្នកណាទៀតដែលលោកអាចពឹងពាក់បានក្នុងការមើលថែម៉ារៀ ក្រៅពីអ្នកកាន់តាមដ៏ស្មោះត្រង់ម្នាក់នេះទេ។ ម្ល៉ោះហើយ លោកយេស៊ូបានបង្ហាញថា ការមើលថែក្រុមគ្រួសាររបស់ខ្លួន ពិតជាសំខាន់ណាស់សម្រាប់អ្នកកាន់តាមលោក ជាពិសេសការផ្ដល់អ្វីដែលក្រុមគ្រួសារត្រូវការ ដើម្បីមានចំណងមិត្តភាពជាមួយព្រះ។—យ៉ូហាន ១៩:២៥-២៧
ពេលលោកយេស៊ូផុតដង្ហើមហើយ ម៉ារៀបានឈឺចាប់ដូចអ្វីដែលបានត្រូវទាយទុកជាយូរមកហើយ ពោលគឺនាងមានទុក្ខសោកដែលប្រៀបដូចជាដាវវែងចាក់ទម្លុះចិត្តនាង។ បើយើងមិនអាចស្រមៃគិតអំពីទំហំទុក្ខដែលនាងមាន នោះយើងកាន់តែពិបាកស្រមៃគិតអំពីអំណរដែលនាងមាននៅបីថ្ងៃក្រោយមក ពេលនាងដឹងថា អព្ភូតហេតុដ៏អស្ចារ្យបំផុតបានកើតឡើង គឺលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ! ម្យ៉ាងទៀត នាងមានអំណរកាន់តែខ្លាំងឡើង ពេលលោកយេស៊ូបានលេចមកជួប យ៉ាកុបដែលជាប្អូនរបស់លោក ដោយឡែកពីអ្នកឯទៀត។ (កូរិនថូសទី១ ១៥:៧) ការដែលលោកយេស៊ូលេចមកជួបនោះ បានមានឥទ្ធិពលទៅលើយ៉ាកុបនិងប្អូនប្រុសៗឯទៀតរបស់លោក ព្រោះក្រោយមកយើងរៀនថាពួកគេបានមានជំនឿថាលោកយេស៊ូជាគ្រិស្ត។ មិនយូរក្រោយមក ពួកគេក៏បានចូលរួមកិច្ចប្រជុំជាមួយម្ដាយរបស់ពួកគេ ដើម្បី«ព្យាយាមក្នុងការអធិដ្ឋាន»។ (សកម្មភាព ១:១៤) ក្រោយមក ក្នុងចំណោមប្អូនប្រុសៗរបស់លោកយេស៊ូ យ៉ាកុបនិងយូដាសបានសរសេរសៀវភៅខ្លះដែលចងក្រងជាគម្ពីរ។
លើកចុងក្រោយដែលគម្ពីររៀបរាប់អំពីម៉ារៀ គឺនាងនិងកូនប្រុសកំពុងចូលរួមកិច្ចប្រជុំ ហើយកំពុងអធិដ្ឋាន។ ពិតជាសមមែនដែលនោះជាកំណត់ហេតុចុងក្រោយអំពីនាង! នាងពិតជាបានទុកគំរូដ៏ប្រសើរណាស់! ដោយសារជំនឿរបស់នាង នាងបានស៊ូទ្រាំនឹងទុក្ខសោកដែលប្រៀបដូចជាដាវចាក់ទម្លុះ ហើយនៅទីបំផុត នាងបានទទួលរង្វាន់ដ៏រុងរឿង។ បើយើងយកតម្រាប់តាមជំនឿរបស់នាង យើងក៏អាចស៊ូទ្រាំនឹងទុក្ខសោកណាដែលពិភពលោកញាំញីមកលើយើង ហើយយើងនឹងរីករាយទទួលរង្វាន់ដ៏អស្ចារ្យដែលយើងស្មានមិនដល់។
a ក្រោយពីអ្វីដែលបានកើតឡើង ពេលលោកយេស៊ូអាយុ១២ឆ្នាំនោះ កំណត់ហេតុដំណឹងល្អលែងរៀបរាប់អំពីយ៉ូសែបទៀត។ ក្រោយពីនោះ កំណត់ហេតុដំណឹងល្អបានរៀបរាប់អំពីម្ដាយរបស់លោកយេស៊ូនិងកូនៗឯទៀត តែមិនប្រាប់អំពីយ៉ូសែបទេ។ មានម្ដងដែលគេហៅលោកយេស៊ូថា«កូនរបស់ម៉ារៀ» ដោយមិនប្រាប់អំពីយ៉ូសែបទេ។—ម៉ាកុស ៦:៣
b យ៉ូសែបមិនមែនជាឪពុកបង្កើតរបស់លោកយេស៊ូទេ ដូច្នេះប្អូនៗប្រុសស្រីរបស់លោក ជាប្អូនដែលមានម្ដាយជាមួយគ្នា។—ម៉ាថាយ ១:២០