អ្នកអាចយកឈ្នះការល្បួង!
អ្នកអាចយកឈ្នះការល្បួង!
បុរសឈ្មោះខូឌី * បាននិយាយថា៖ «ខ្ញុំមិនខំរកមើលរូបអាសអាភាសទេ។ ប៉ុន្តែ ពេលខ្ញុំបើកអ៊ីនធឺណិត ស្រាប់តែខ្ញុំឃើញប្រអប់មួយលេចចេញមក អញ្ជើញឲ្យបើកគេហទំព័រដែលមានរូបអាសអាភាស។ ខ្ញុំមិនដឹងមូលហេតុទេ តែខ្ញុំបានចុចបើកវា ហើយមើលរូបទាំងនោះ»។
បុរសឈ្មោះឌិលអឺន បានប្រាប់ថា៖ «ស្រីស្អាតម្នាក់នៅកន្លែងធ្វើការ បានចែចង់ខ្ញុំ។ ថ្ងៃមួយនាងបានបបួលខ្ញុំទៅសណ្ឋាគារដើម្បីសប្បាយខ្លះ។ ខ្ញុំបានដឹងថា ការពិតនាងត្រូវការអ្វី»។
មានពាក្យកំប្លែងដ៏ល្បីមួយថា៖ «ខ្ញុំអាចយកឈ្នះអ្វីទាំងអស់ លើកលែងតែការល្បួង»។ ពាក្យកំប្លែងនេះបញ្ជាក់អំពីអារម្មណ៍ដែលមនុស្សខ្លះមានចំពោះការល្បួង ពោលគឺពួកគេចូលចិត្តការល្បួងជាខ្លាំង។ ប៉ុន្តែ អ្នកខ្លះទៀតចាត់ទុកការល្បួងដូចជាសត្រូវដែលតាមយាយីពួកគេជានិច្ច ហើយពួកគេចង់យកឈ្នះវាខ្លាំងណាស់។ ចុះអ្នកវិញ តើអ្នកគិតយ៉ាងណាដែរ? ពេលអ្នកជួបនឹងការល្បួង តើអ្នកគួរចុះចាញ់ឬខំយកឈ្នះ?
តាមការពិត មិនមែនការល្បួងទាំងអស់សុទ្ធតែនាំឲ្យមានបញ្ហាធំនោះទេ។ ឧទាហរណ៍ បើអ្នកចង់សម្រកទម្ងន់ តែអ្នកលួចញ៉ាំនំម្ដងម្កាល នោះមិនធ្វើឲ្យអ្នកមានបញ្ហាធំក្នុងជីវិតទេ។ ប៉ុន្តែ បើអ្នកចុះចាញ់នឹងការល្បួងផ្សេងទៀត ដូចជាអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាដើម នោះអាចនាំឲ្យមានលទ្ធផលដ៏ខ្លោចផ្សា។ គម្ពីរព្រមានថា៖ ‹អ្នកណាដែលផិតក្បត់ នោះជាអ្នកឥតមានគំនិតឡើយ អ្នកណាដែលប្រព្រឹត្តអំពើយ៉ាងនោះ ឈ្មោះថាចង់បំផ្លាញជីវិតខ្លួនហើយ›។—សុភាសិត ៦:៣២, ៣៣
ចុះយ៉ាងណាបើអ្នកជួបការល្បួងភ្លាមៗឲ្យប្រព្រឹត្តអំពើប្រាកចាកសីលធម៌? តើអ្នកគួរមានប្រតិកម្មយ៉ាងណា? គម្ពីរឆ្លើយថា៖ «នេះជាបំណងប្រាថ្នារបស់ព្រះ គឺឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ឲ្យជៀសចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ហើយឲ្យអ្នករាល់គ្នាម្នាក់ៗចេះគ្រប់គ្រងរូបកាយរបស់ខ្លួនដោយសេចក្ដីបរិសុទ្ធនិងកិត្ដិយស»។ (ថែស្សាឡូនិចទី១ ៤:៣, ៤) ដូច្នេះ តើអ្នកអាចពង្រឹងការតាំងចិត្តឲ្យជៀសចេញពីអំពើបែបនោះយ៉ាងដូចម្ដេច? សូមពិចារណាជំហានបីយ៉ាងដែលអាចជួយអ្នកបាន។
ជំហានទី១: ប្រុងប្រយ័ត្ននឹងអ្វីដែលអ្នកមើល
ការមើលរូបភាពណាដែលធ្វើឲ្យមានអារម្មណ៍ស្រើបស្រាល នឹងធ្វើឲ្យមានសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវកាន់តែខ្លាំងឡើងៗ។ ដូច្នេះ អ្វីដែលយើងមើលនិងសេចក្ដីប៉ងប្រាថ្នារបស់យើងគឺទាក់ទងគ្នា។ លោកយេស៊ូបានបញ្ជាក់ចំណុចនេះ ដោយព្រមានថា៖ «អ្នកណាដែលសម្លឹងមើលស្រីរហូតដល់កើតមានចិត្តស្រើបស្រាល អ្នកនោះបានផិតក្បត់ជាមួយនឹងនាងនៅក្នុងចិត្តរួចហើយ»។ លោកបានដាស់តឿនដោយមានប្រសាសន៍ប្រៀបធៀបថា៖ «ប្រសិនបើភ្នែកស្ដាំរបស់អ្នក បណ្ដាលឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលទៅ»។ (ម៉ាថាយ ៥:២៨, ២៩) តើលោកយេស៊ូចង់បង្រៀន យើងយ៉ាងណា? លោកចង់បង្រៀនយើងថា ដើម្បីយកឈ្នះការល្បួង យើងត្រូវចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ហើយកុំមើលរូបភាពណាដែលធ្វើឲ្យមានអារម្មណ៍ស្រើបស្រាលជាដាច់ខាត។
ជាឧទាហរណ៍ សូមស្រមៃថាអ្នកឃើញជាងកំពុងផ្សាដែក មានផ្កាភ្លើងព្រោងព្រាត ហើយពន្លឺផ្កាភ្លើងនោះធ្វើឲ្យអ្នកចាំងភ្នែក។ តើអ្នកនឹងបន្តមើលពន្លឺនោះទេ? អ្នកច្បាស់ជាងាកមុខចេញ ឬបាំងភ្នែករបស់អ្នកពីពន្លឺនោះ។ ស្រដៀងគ្នាដែរ បើអ្នកមើលរូបភាពដែលធ្វើឲ្យមានអារម្មណ៍ស្រើបស្រាល មិនថាតាមសៀវភៅ តាមកញ្ចក់ទូរទស្សន៍ អ៊ីនធឺណិត ឬមើលដោយផ្ទាល់ក្ដី សូមបែរមុខចេញភ្លាម។ សូមការពារចិត្តគំនិតរបស់អ្នកកុំឲ្យមានអារម្មណ៍បែបនោះ។ បុរសម្នាក់ឈ្មោះខ្វាន់ដែលធ្លាប់ញៀនមើលរូបអាសអាភាស បាននិយាយថា៖ «ពេលខ្ញុំឃើញស្រីស្អាត ខ្ញុំច្រើនតែមានអារម្មណ៍ចង់ងាកមើលនាងម្ដងហើយម្ដងទៀត។ ដូច្នេះ ខ្ញុំបង្ខំចិត្តបែរមុខចេញ ហើយប្រាប់ខ្លួនថា៖ ‹ត្រូវអធិដ្ឋានទៅព្រះយេហូវ៉ាភ្លាម! ឯងត្រូវអធិដ្ឋានឥឡូវនេះ!›។ ក្រោយពីខ្ញុំអធិដ្ឋាន អារម្មណ៍នោះក៏រសាយបាត់ទៅ»។—ម៉ាថាយ ៦:៩, ១៣; កូរិនថូសទី១ ១០:១៣
សូមគិតផងដែរ អំពីបុរសស្មោះត្រង់ម្នាក់ឈ្មោះយ៉ូប គាត់បាននិយាយថា៖ «ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ។ ដូច្នេះ ធ្វើដូចម្ដេចឲ្យខ្ញុំមើលស្ត្រីក្រមុំដោយចាប់ចិត្តបាន?»។ (យ៉ូប ៣១:១) សូមអ្នកតាំងចិត្តដូចយ៉ូបដែរ។
សូមសាកធ្វើដូចនេះ: បើអ្នកឃើញរូបភាពដែលធ្វើឲ្យមានអារម្មណ៍ស្រើបស្រាល សូមងាកមុខចេញភ្លាម។ សូមធ្វើតាមគំរូរបស់អ្នកសរសេរគម្ពីរ ដែលបានអធិដ្ឋានថា៖ «សូមបង្វែរភ្នែកទូលបង្គំមិនឲ្យមើលការឥតប្រយោជន៍»។—ទំនុកតម្កើង ១១៩:៣៧
ជំហានទី២: ការពារគំនិតរបស់អ្នក
ដោយសារយើងទាំងអស់គ្នាជាមនុស្សមិនល្អឥតខ្ចោះ ជួនកាលយើងប្រហែលជាត្រូវយកឈ្នះសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ។ គម្ពីរចែងថា៖ «មនុស្សទាំងអស់ត្រូវល្បងលដោយសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនទាក់ទាញនិងល្បួងលួងលោម។ រួចមក ពេលដែលសេចក្ដីប៉ងប្រាថ្នានោះចាប់មានគភ៌ នោះក៏សម្រាលចេញជាអំពើខុសឆ្គង»។ (យ៉ាកុប ១:១៤, ១៥) តើអ្នកអាចធ្វើដូចម្ដេច ដើម្បីកុំឲ្យលង់ខ្លួនទៅក្នុងសេចក្ដីល្បួងដូចបញ្ជាក់ក្នុងខគម្ពីរនេះ?
ពេលអ្នកមានសេចក្ដីប៉ងប្រាថ្នាមិនត្រឹមត្រូវ សូមចាំថាអ្នកមានជម្រើសគឺ ចុះចាញ់ឬក៏យកឈ្នះ។ សូមខំទប់ចិត្តទប់អារម្មណ៍ ខំបំបាត់គំនិតមិនត្រឹមត្រូវនោះ ហើយឈប់ស្រមើស្រមៃលើអំពើប្រាសចាកសីលធម៌តទៅទៀត។ បុរសម្នាក់ឈ្មោះត្រយ ជាអ្នកញៀនមើលរូបអាសអាភាសតាមអ៊ីនធឺណិត គាត់បាននិយាយថា៖ «ខ្ញុំខំបំបាត់ចោលគំនិតអាក្រក់ ដោយបញ្ចូលគំនិតល្អៗ
វិញ។ ការធ្វើដូច្នោះមិនងាយស្រួលទេ។ ច្រើនដងខ្ញុំបានចាញ់។ ប៉ុន្តែ នៅទីបំផុតខ្ញុំបានរៀនគ្រប់គ្រងគំនិតរបស់ខ្ញុំ»។ ស្ត្រីម្នាក់ឈ្មោះអិលសឺ កាលគាត់នៅយុវវ័យ គាត់បានជួបការល្បួងជាច្រើនឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ គាត់នឹកចាំថា៖ «ខ្ញុំខំធ្វើខ្លួនឲ្យរវល់ ហើយព្យាយាមអធិដ្ឋានទៅព្រះយេហូវ៉ា ពេលខ្ញុំធ្វើដូច្នោះ ខ្ញុំអាចរារាំងគំនិតអាក្រក់បាន»។សូមសាកធ្វើដូចនេះ: ពេលអ្នកចាប់ផ្ដើមមានគំនិតប្រាសចាកសីលធម៌ សូមឈប់មួយភ្លែត ហើយអធិដ្ឋានភ្លាមៗ។ សូមខំយកឈ្នះគំនិតនោះ ដោយគិតតែ«អ្វីៗដែលពិត អ្វីៗដែលថ្លៃថ្នូរ អ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរឲ្យស្រឡាញ់ អ្វីៗដែលមានកេរ្ដិ៍ឈ្មោះល្អ អ្វីដែលប្រកបដោយគុណធម៌ និងអ្វីដែលគួរឲ្យសរសើរ»។—ភីលីព ៤:៨
ជំហានទី៣: កុំបើកឱកាសឲ្យមានការល្បួង
ពេលដែលសេចក្ដីប៉ងប្រាថ្នា ការល្បួង និងឱកាស មានព្រមជាមួយគ្នា បញ្ហាអាចកើតឡើងយ៉ាងងាយ។ (សុភាសិត ៧:៦-២៣) ដូច្នេះ តើអ្នកអាចធ្វើយ៉ាងណាដើម្បីការពារខ្លួន?
គម្ពីរបានផ្ដល់ឱវាទដ៏ល្អថា៖ «មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មក ក៏ពួនខ្លួនទៅ តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ»។ (សុភាសិត ២២:៣) ដូច្នេះ សូមកុំបើកឱកាសឲ្យមានការល្បួង។ បើអ្នកគិតជាមុនថា តើស្ថានភាពនោះអាចនាំឲ្យមានបញ្ហាអ្វីខ្លះ ការគិតដូចនោះអាចជួយឲ្យអ្នកគេចផុតពីបញ្ហាទាំងនោះ។ (សុភាសិត ៧:២៥) បុរសម្នាក់ឈ្មោះហ្វិលីព ដែលបានយកឈ្នះការញៀនមើលរូបអាសអាភាស បាននិយាយថា៖ «ខ្ញុំបានទុកកុំព្យូទ័រនៅកន្លែងដែលសមាជិកក្រុមគ្រួសាររបស់ខ្ញុំអាចមើលឃើញ ហើយខ្ញុំបានបញ្ចូលកម្មវិធីដើម្បីទប់ស្កាត់កុំឲ្យព័ត៌មានអាក្រក់ចូល។ ម្យ៉ាងទៀត ខ្ញុំប្រើអ៊ីនធឺណិត នៅពេលដែលមានអ្នកឯទៀតនៅជុំវិញប៉ុណ្ណោះ»។ ស្រដៀងគ្នាដែរ បុរសឈ្មោះត្រយដែលបានត្រូវរៀបរាប់នៅខាងដើម បាននិយាយថា៖ «ខ្ញុំមិនមើលភាពយន្តណាដែលមានឈុតស្រើបស្រាល ហើយក៏មិននៅជុំជាមួយមនុស្សដែលនិយាយចំអេសចំអាសអំពីការរួមភេទនោះដែរ។ ខ្ញុំមិនចង់ឲ្យខ្លួនស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ទេ»។
សូមសាកធ្វើដូចនេះ: សូមគិតអំពីចំណុចខ្សោយរបស់ខ្លួនដោយស្មោះត្រង់ ហើយគិតទុកជាមុនថា អ្នកអាចធ្វើយ៉ាងណាដើម្បីគេចចេញពីស្ថានភាពដែលនាំឲ្យចាញ់សេចក្ដីល្បួង។—ម៉ាថាយ ៦:១៣
កុំចុះចាញ់ឲ្យសោះ!
ចុះយ៉ាងណា បើអ្នកខំប្រឹងអស់ពីសមត្ថភាពហើយ តែអ្នកនៅតែចាញ់សេចក្ដីល្បួងទៀត? សូមកុំធ្លាក់ទឹកចិត្ត ហើយចុះចាញ់ឲ្យសោះ។ គម្ពីរចែងថា៖ «មនុស្សសុចរិត ទោះបើគេដួលដល់៧ដងក៏ដោយ គង់តែនឹងក្រោកឡើងវិញបាន»។ (សុភាសិត ២៤:១៦) មែនហើយ ព្រះដែលជាបិតានៅស្ថានសួគ៌លើកទឹកចិត្តយើងឲ្យ«ក្រោកឡើង»។ តើអ្នកសុខចិត្តទទួលជំនួយដែលប្រកបដោយសេចក្ដីស្រឡាញ់របស់លោកទេ? បើដូច្នេះ កុំឈប់អធិដ្ឋានទៅលោកឡើយ។ សូមពង្រឹងជំនឿរបស់អ្នកដោយសិក្សាគម្ពីរដែលជាបណ្ដាំរបស់លោក។ សូមពង្រឹងការតាំងចិត្តរបស់អ្នក ដោយចូលរួមកិច្ចប្រជុំរបស់គ្រិស្តសាសនិកពិត។ សូមទុកចិត្តទៅលើសេចក្ដីសន្យារបស់ព្រះដែលថា៖ «អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង»។—អេសាយ ៤១:១០
បុរសឈ្មោះខូឌីដែលបានត្រូវរៀបរាប់នៅដើមអត្ថបទនេះ បានប្រាប់ថា៖ «ខ្ញុំខំប្រឹងយ៉ាងខ្លាំងដើម្បីយកឈ្នះទម្លាប់មើលរូបអាសអាភាស។ ខ្ញុំបានភ្លាត់មើលជាច្រើនដង តែខ្ញុំបានយកឈ្នះ ដោយសារមានជំនួយពីព្រះ»។ បុរសឈ្មោះឌិលអឺនក្នុងអត្ថបទនេះ ក៏បាននិយាយដែរថា៖ «ពេលនោះខ្ញុំអាចនឹងរួមភេទជាមួយនឹងអ្នករួមការងារ។ តែខ្ញុំបានប្រាប់គាត់យ៉ាងម៉ឹងម៉ាត់ថា៖ ‹ទេ!›។ ខ្ញុំសប្បាយចិត្តណាស់ដែលសមត្ថភាពវិនិច្ឆ័យរបស់ខ្ញុំមិនផ្ដន្ទាទោស។ សំខាន់ជាងនោះទៅទៀត ខ្ញុំដឹងថាខ្ញុំបានធ្វើឲ្យព្រះយេហូវ៉ាមានមោទនភាពចំពោះខ្ញុំ»។
ពេលអ្នកកាន់ជំហររឹងមាំ ហើយយកឈ្នះសេចក្ដីល្បួង អ្នកអាចប្រាកដថា ព្រះក៏នឹងមានមោទនភាពចំពោះអ្នកដែរ!—សុភាសិត ២៧:១១
[កំណត់សម្គាល់]
^ វគ្គ 2 ឈ្មោះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។
[រូបភាពនៅទំព័រ៨]
ពេលអ្នកឃើញរូបភាពដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រើបស្រាល សូមងាកមុខចេញ
[រូបភាពនៅទំព័រ៨]
ពេលអ្នកមានគំនិតមិនត្រឹមត្រូវ សូមឈប់មួយភ្លែត ហើយអធិដ្ឋានទៅព្រះ
[រូបភាពនៅទំព័រ៩]
«ខ្ញុំមើលអ៊ីនធឺណិតនៅពេលដែលមានអ្នកឯទៀតនៅជុំវិញខ្ញុំប៉ុណ្ណោះ»