គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
ខ្ញុំរស់ដើម្បីខ្លួនឯងប៉ុណ្ណោះ
រៀបរាប់ដោយគ្រិស្តុហ្វ បូអឺ
ឆ្នាំកំណើត: ១៩៥១
ប្រទេសកំណើត: អាឡឺម៉ង់
ប្រវត្ដិ: ជាមនុស្សមានអំណួត និងធ្វើតាមទំនើងចិត្ត
អតីតកាលរបស់ខ្ញុំ: ពេលខ្ញុំអាយុប្រហែលជាពីរបីឆ្នាំ ក្រុមគ្រួសាររបស់ខ្ញុំបានរស់នៅជិតទីក្រុងលេពហ្សិក ភាគខាងកើតអាឡឺម៉ង់ ដែលមិនសូវឆ្ងាយពីព្រំដែនសាធារណរដ្ឋឆេកូនិងប្រទេសប៉ូឡូញ។ ពេលខ្ញុំមានអាយុ៦ឆ្នាំ ក្រុមគ្រួសាររបស់ខ្ញុំបានរើផ្ទះទៅក្រៅប្រទេសដោយសារការងាររបស់ឪពុកខ្ញុំ។ ពេលនោះគឺជាលើកទី១ហើយ ដែលខ្ញុំធ្វើដំណើរទៅប្រទេសប្រេស៊ីល រួចមកទៅប្រទេសអេក្វាឌ័រ។
ពេលខ្ញុំអាយុ១៤ឆ្នាំ ខ្ញុំបានត្រូវបញ្ជូនឲ្យទៅរៀននៅសាលាមួយក្នុងប្រទេសអាឡឺម៉ង់ ហើយត្រូវស្នាក់នៅសាលានោះ។ ឪពុកម្ដាយរបស់ខ្ញុំរស់នៅទ្វីបអាម៉េរិកខាងត្បូងឆ្ងាយពីខ្ញុំ ដូច្នេះខ្ញុំត្រូវមើលថែខ្លួនឯង។ ខ្ញុំបានទៅជាមនុស្សដែលពឹងផ្អែកទៅលើតែខ្លួនឯង។ ខ្ញុំមិនសូវគិតអំពីការប្រព្រឹត្តរបស់ខ្ញុំថា នឹងមានឥទ្ធិពលយ៉ាងណាទៅលើអ្នកឯទៀតទេ។
នៅពេលខ្ញុំអាយុ១៧ឆ្នាំ ឪពុកម្ដាយខ្ញុំបានត្រឡប់មករស់នៅប្រទេសអាឡឺម៉ង់វិញ។ មុនដំបូង ខ្ញុំបានរស់នៅជាមួយនឹងពួកគាត់។ ប៉ុន្តែ ដោយសារខ្ញុំជាមនុស្សធ្វើតាមទំនើងចិត្ត ហើយមិនពឹងផ្អែកទៅលើអ្នកឯទៀត នោះធ្វើឲ្យខ្ញុំពិបាករស់នៅក្រោមការមើលខុសត្រូវរបស់ពួកគាត់។ ដូច្នេះ ពេលខ្ញុំមានអាយុ១៨ឆ្នាំ ខ្ញុំបានបែកផ្ទះទៅរស់នៅដោយខ្លួនឯងវិញ។
ខ្ញុំចង់ស្វែងរកគោលបំណងនៃជីវិតកាន់តែខ្លាំងឡើងៗ។ ក្រោយពីសង្កេតមើលរបៀបរស់នៅផ្សេងៗនិងអង្គការនានា ខ្ញុំបានជឿជាក់ថាអ្វីដែលល្អបំផុតចំពោះជីវិតខ្ញុំ គឺត្រូវប្រើជីវិតនោះដើម្បីមើលអ្វីៗដ៏ស្រស់ស្អាតនៅផែនដីនេះ មុននឹងវាត្រូវមនុស្សបំផ្លាញចោល។
ខ្ញុំបានចេញពីប្រទេសអាឡឺម៉ង់ធ្វើដំណើរឆ្ពោះទៅទ្វីបអាហ្វ្រិកដោយជិះម៉ូតូ។ មិនយូរក្រោយមក ខ្ញុំបានត្រឡប់ទៅអឺរ៉ុបវិញ ដើម្បីជួសជុលម៉ូតូ។ ក្រោយពីនោះបន្ដិច ខ្ញុំបានធ្វើដំណើរទៅដល់ឆ្នេរសមុទ្រមួយនៅប្រទេសព័រទុយហ្គាល់។ ខ្ញុំបានសម្រេចចិត្តទុកម៉ូតូ ហើយចាប់ផ្ដើមធ្វើដំណើរតាមទូកវិញ។
ខ្ញុំបានចូលរួមជាមួយយុវជនមួយក្រុម ដែលបានរៀបចំធ្វើដំណើរតាមទូកក្ដោងធំឆ្លងកាត់មហាសមុទ្រអាត្លង់ទិច។ ក្នុងចំណោមពួកយុវជននោះ ខ្ញុំបានជួបស្រីម្នាក់ឈ្មោះឡូរី ដែលក្រោយមកបានក្លាយទៅជាប្រពន្ធរបស់ខ្ញុំ។ មុនដំបូង យើងជិះទៅកោះការីប ក្រោយមកយើងស្នាក់នៅប្រទេសព័រតូរីកូអស់មួយរយៈពេលខ្លី រួចមកយើងត្រឡប់ទៅអឺរ៉ុបវិញ។ ខ្ញុំនិងឡូរីបានសង្ឃឹមថានឹងទិញបានទូកក្ដោងមួយដែលយើងអាចកែច្នៃទៅជាទូកសម្រាប់ស្នាក់នៅ។ ប៉ុន្តែ ក្រោយពីស្វែងរកអស់បីខែមក គម្រោងនោះបានផ្អាកទៅវិញ ព្រោះខ្ញុំបានត្រូវបង្គាប់ឲ្យធ្វើជាទាហានអាឡឺម៉ង់។
ខ្ញុំបានធ្វើជាទាហានជើងទឹកអាឡឺម៉ង់អស់១៥ខែ។ ក្នុងអំឡុងពេលនោះ ឡូរីនិងខ្ញុំបានរៀបការ ហើយយើងបានរៀបចំបន្តជីវិតផ្សងព្រេងរបស់យើងទៀត។ មុនបន្ដិចពេលខ្ញុំបានធ្វើជាទាហាន ខ្ញុំនិងប្រពន្ធខ្ញុំបានទិញសំបកទូកធំមួយ។ នៅពេលខ្ញុំកំពុងបម្រើ
ជាទាហាន ខ្ញុំនិងប្រពន្ធខ្ញុំបានកែច្នៃសំបកទូកធំនោះបន្ដិចម្ដងៗឲ្យក្លាយទៅជាទូកក្ដោងធំមួយ។ យើងមានគម្រោងរស់នៅក្នុងទូកនោះ ហើយបន្តធ្វើដំណើរផ្សងព្រេងជុំវិញផែនដីដ៏ស្អាតនេះ។ ប៉ុន្តែ ក្រោយពីខ្ញុំឈប់ធ្វើជាទាហាន ហើយមុននឹងយើងបង្ហើយការកែច្នៃទូកនោះ នៅពេលនោះយើងបានជួបសាក្សីព្រះយេហូវ៉ា ហើយបានចាប់ផ្ដើមរៀនគម្ពីរ។វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត: មុនដំបូង ខ្ញុំមិនគិតថាខ្ញុំត្រូវធ្វើការកែប្រែច្រើនក្នុងជីវិតខ្ញុំនោះទេ។ ព្រោះខ្ញុំបានរៀបការជាមួយស្ត្រីដែលខ្ញុំកំពុងរស់នៅជាមួយ ហើយខ្ញុំក៏បានឈប់ជក់បារីដែរ។ (អេភេសូរ ៥:៥) ស្តីអំពីគម្រោងរបស់យើងក្នុងការធ្វើដំណើរជុំវិញពិភពលោក ខ្ញុំបានគិតថាការប្រើជីវិតបែបនេះដើម្បីសង្កេតមើលការបង្កើតដ៏អស្ចារ្យរបស់ព្រះ គឺជាអ្វីដែលយើងសមនឹងធ្វើណាស់។
ប៉ុន្តែ តាមពិតខ្ញុំពិតជាត្រូវកែប្រែមែន ជាពិសេសបុគ្គលិកលក្ខណៈរបស់ខ្ញុំ។ ការមានអំណួតនិងមានចិត្តគំនិតពឹងផ្អែកទៅលើខ្លួនហួសហេតុពេក ធ្វើឲ្យខ្ញុំផ្ដោតអារម្មណ៍យ៉ាងខ្លាំងទៅលើសមត្ថភាពនិងសមិទ្ធិផលរបស់ខ្ញុំ។ បើនិយាយទៅខ្ញុំរស់គឺដើម្បីតែខ្លួនឯងប៉ុណ្ណោះ។
ថ្ងៃមួយ ខ្ញុំបានអានសុន្ទរកថាដ៏ល្បីរបស់លោកយេស៊ូ។ (ម៉ាថាយ ជំពូកទី៥-៧) មុនដំបូង ខ្ញុំមិនយល់អំពីសុភមង្គលពិត ដែលលោកយេស៊ូបានមានប្រសាសន៍នោះទេ។ ជាឧទាហរណ៍ លោកបានប្រាប់ថាអស់អ្នកដែលស្រេកឃ្លាននឹងមានសុភមង្គល។ (ម៉ាថាយ ៥:៦) ខ្ញុំឆ្ងល់ថា តើតាមរបៀបណាដែលមនុស្សដែលកំពុងស្រេកឃ្លាន អាចមានសុភមង្គលបាន? កាលដែលខ្ញុំបន្តរៀនគម្ពីរ ខ្ញុំបានយល់ថា យើងទាំងអស់គ្នាពិតជាស្រេកឃ្លានការណែនាំពីព្រះ។ ប៉ុន្តែ យើងត្រូវទទួលស្គាល់ដោយចិត្តរាបទាបថា យើងពិតជាត្រូវការការណែនាំនោះមែន។ ដូចពាក្យរបស់លោកយេស៊ូដែលថា៖ «អស់អ្នកដែលស្រេកឃ្លានចំពោះការណែនាំពីព្រះ នោះមានសុភមង្គលហើយ»។—ម៉ាថាយ ៥:៣
ក្រោយពីចាប់ផ្ដើមរៀនគម្ពីរនៅប្រទេសអាឡឺម៉ង់ ឡូរីនិងខ្ញុំបានរើផ្ទះទៅប្រទេសបារាំង ហើយក្រោយមកទៅប្រទេសអ៊ីតាលី។ កន្លែងណាដែលយើងទៅ យើងតែងតែជួបសាក្សីព្រះយេហូវ៉ា។ ខ្ញុំបានកោតស្ងើចខ្លាំងណាស់ចំពោះសេចក្ដីស្រឡាញ់ដ៏ស្មោះរបស់ពួកគេនិងសាមគ្គីភាពដែលពួកគេមាន។ ខ្ញុំឃើញថាសាក្សីព្រះយេហូវ៉ាពិតជាស្រឡាញ់គ្នាជាបងប្អូនរួមជំនឿទូទាំងពិភពលោកមែន។ (យ៉ូហាន ១៣:៣៤, ៣៥) ក្រោយមក ឡូរីនិងខ្ញុំបានទៅជាសាក្សីព្រះយេហូវ៉ាដោយទទួលការជ្រមុជទឹក។
ក្រោយពីទទួលការជ្រមុជទឹក ខ្ញុំបានកែប្រែបុគ្គលិកលក្ខណៈរបស់ខ្ញុំ។ ឡូរីនិងខ្ញុំបានសម្រេចចិត្តចេញទូកក្ដោងរបស់យើងទៅឆ្នេរសមុទ្រអាហ្វ្រិក ហើយកាត់មហាសមុទ្រអាត្លង់ទិច ឆ្ពោះទៅសហរដ្ឋអាម៉េរិក។ នៅលើមហាសមុទ្រមានតែយើងពីរនាក់ជិះទូកដ៏តូចមួយ ដែលហ៊ុមព័ទ្ធទៅដោយទឹកសមុទ្រល្វឹងល្វើយដាច់កន្ទុយភ្នែក។ ពេលនោះខ្ញុំបានយល់ថា ខ្ញុំពិតជាតូចតាចណាស់បើប្រៀបនឹងព្រះដែលជាអ្នកបង្កើតដ៏អស្ចារ្យរបស់យើង។ ដោយសារខ្ញុំមានពេលច្រើននៅលើមហាសមុទ្រ ខ្ញុំបានចំណាយពេលនោះដើម្បីអានគម្ពីរដោយយកចិត្តទុកដាក់។ ខ្ញុំបានកោតស្ងើចណាស់ចំពោះអ្វីដែលខ្ញុំបានអាន ជាពិសេសកំណត់ហេតុអំពីជីវិតរបស់លោកយេស៊ូនៅផែនដី។ លោកជាមនុស្សល្អឥតខ្ចោះនឹងមានសមត្ថភាពដ៏អស្ចារ្យលើសពីអ្វីដែលខ្ញុំអាចស្រមៃគិត ទោះជាយ៉ាងនោះក៏ដោយ លោកមិនដែលផ្ដោតអារម្មណ៍មកលើខ្លួនលោកនោះទេ។ លោកបានប្រើជីវិតរបស់លោកដើម្បីបិតាលោកនៅស្ថានសួគ៌ មិនមែនដើម្បីខ្លួនលោកឡើយ។
កាលដែលខ្ញុំរំពឹងគិតអំពីគំរូរបស់លោកយេស៊ូ ខ្ញុំបានទទួលស្គាល់ថា រាជាណាចក្រព្រះជាអ្វីដែលសំខាន់បំផុតក្នុងជីវិតខ្ញុំ។ ដូច្នេះ ខ្ញុំត្រូវចាត់ទុកអ្វីផ្សេងទៀតដែលខ្ញុំចង់ធ្វើពីមុន ជារឿងបន្ទាប់បន្សំវិញ។ (ម៉ាថាយ ៦:៣៣) នៅទីបំផុត ឡូរីនិងខ្ញុំបានទៅដល់សហរដ្ឋអាម៉េរិក។ យើងបានសម្រេចចិត្តឈប់ធ្វើដំណើរជុំវិញពិភពលោកទៀត ហើយរស់នៅទីនោះ ដើម្បីផ្ដោតអារម្មណ៍ទៅលើការគោរពប្រណិប័តន៍ព្រះវិញ។
ផលប្រយោជន៍ដែលខ្ញុំទទួល: ពីមុនខ្ញុំបានធ្វើតាមទំនើងចិត្តខ្លួនឯង ហើយជាញឹកញយខ្ញុំមិនដឹងប្រាកដថាខ្លួនត្រូវសម្រេចចិត្តយ៉ាងណាទេ។ ក៏ប៉ុន្តែ ឥឡូវខ្ញុំបានរកឃើញប្រភពនៃប្រាជ្ញាពិតប្រាកដដើម្បីណែនាំខ្ញុំ។ (អេសាយ ៤៨:១៧, ១៨) ខ្ញុំក៏មានគោលបំណងក្នុងជីវិត ដែលពីមុនខ្ញុំមិនធ្លាប់មានទេ ពោលគឺការគោរពប្រណិប័តន៍ព្រះ និងការជួយអ្នកឯទៀតឲ្យរៀនអំពីលោក។
ការធ្វើតាមគោលការណ៍គម្ពីរបានជួយពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ខ្ញុំនិងឡូរីឲ្យរឹងមាំឡើង។ យើងទាំងពីរនាក់ក៏បានមានកូនស្រីដ៏ស្រស់ស្អាតមួយ ដែលជាពរមកពីព្រះ។ បន្ដិចម្ដងៗ នាងកាន់តែស្គាល់ព្រះយេហូវ៉ានិងស្រឡាញ់លោកកាន់តែខ្លាំងឡើង។
ជីវិតរបស់យើងមិនតែងតែងាយស្រួលទេ តែដោយមានជំនួយពីព្រះយេហូវ៉ា នោះយើងបានតាំងចិត្តថា យើងនឹងបន្តទុកចិត្តទៅលើលោក ហើយបម្រើលោកជានិច្ច។—សុភាសិត ៣:៥, ៦
[ឃ្លាអក្សរធំនៅទំព័រ១៥]
ខ្ញុំបានទទួលស្គាល់ថា រាជាណាចក្រព្រះជាអ្វីដែលសំខាន់បំផុតក្នុងជីវិតខ្ញុំ