លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ហេតុអ្វីមនុស្សចាប់អារម្មណ៍ការគ្រប់គ្រងរបស់ព្រះ?

ហេតុអ្វីមនុស្សចាប់អារម្មណ៍ការគ្រប់គ្រងរបស់ព្រះ?

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | ការ​គ្រប់​គ្រង​របស់​ព្រះ តើ​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​លោក​អ្នក?

ហេតុ​អ្វី​មនុស្ស​ចាប់​អារម្មណ៍​ការ​គ្រប់​គ្រង​របស់​ព្រះ?

ក្នុង​គម្ពីរ​បរិសុទ្ធ ការ​គ្រប់​គ្រង​របស់​ព្រះ​សំដៅ​ទៅ​លើ​រាជាណាចក្រ​របស់​ព្រះ។ តើ​រាជាណាចក្រ​ព្រះ​ជា​អ្វី? គឺ​ជា​រដ្ឋាភិបាល​មួយ​ដែល​មាន​អ្នក​គ្រប់​គ្រង​ដែល​ព្រះ​បាន​តែង​តាំង។ មនុស្ស​រាប់​លាន​នាក់​ក្នុង​ពិភព​លោក​សង្ឃឹម​ទៅ​លើ​រាជាណាចក្រ​ព្រះ។ ពួក​គេ​អធិដ្ឋាន​តាម​សេចក្ដី​អធិដ្ឋាន​គំរូ​ដែល​លោក​យេស៊ូ​បាន​បង្រៀន​អ្នក​កាន់​តាម​លោក ដែល​ថា៖ «សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែន​ដី»។—ម៉ាថាយ ៦:១០

ពិត​មែន​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​រាជាណាចក្រ​ព្រះ តែ​សាសនា​ភាគ​ច្រើន​ហាក់​បី​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​នឹង​រឿង​នោះ​ទេ។ ស្តី​អំពី​រឿង​នេះ ប្រវត្ដិវិទូ​ម្នាក់​ឈ្មោះ​ហឺបឺត ជោច វេល បាន​កត់​សម្គាល់​ថា៖ ‹ក្នុង​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ព្រោះ​លោក​បាន​ផ្ដោត​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​រាជាណាចក្រ​ស្ថាន​សួគ៌​ឬ​នគរ​ស្ថាន​សួគ៌។ ប៉ុន្តែ​ក្នុង​សេចក្ដី​បង្រៀន​របស់​វិហារ​គ្រិស្ត​សាសនា​ភាគ​ច្រើន ពួក​គេ​មិន​សូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​រាជាណាចក្រ​ស្ថាន​សួគ៌​ទេ›។

ចំណែក​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា យើង​លើក​បញ្ជាក់​យ៉ាង​ខ្លាំង​ទៅ​លើ​រាជាណាចក្រ​ព្រះ។ សូម​គិត​អំពី​ទស្សនាវដ្ដី​នេះ​ដែល​លោក​អ្នក​កំពុង​អាន នេះ​ជា​ទស្សនាវដ្ដី​ដ៏​សំខាន់​របស់​យើង ដែល​បាន​ត្រូវ​បោះពុម្ព​ជា​២២០​ភាសា។ ក្នុង​មួយ​លេខៗ ទស្សនាវដ្ដី​នេះ​បាន​ត្រូវ​បោះពុម្ព​ជិត​៤៦​លាន​ច្បាប់។ ដោយ​ហេតុ​នេះ ទស្សនាវដ្ដី​នេះ​បាន​ត្រូវ​ចែក​ចាយ​ច្រើន​ជាង​គេ​បំផុត​លើ​ពិភព​លោក។ តើ​ទស្សនាវដ្ដី​នេះ​ផ្ដោត​ទៅ​លើ​ព័ត៌មាន​ដ៏​សំខាន់​អ្វី? សូម​មើល​ឈ្មោះ​ពេញ​របស់​ទស្សនាវដ្ដី​នេះ​គឺ ទស្សនាវដ្ដី​ប៉មយាម​ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា។  *

ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​ខំ​ព្យាយាម​ខ្លាំង​ម្ល៉េះ ដើម្បី​ប្រកាស​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ? មូលហេតុ​មួយ គឺ​យើង​ជឿ​ថា​រាជាណាចក្រ​ព្រះ​ជា​គោល​រឿង​ដ៏​ចម្បង​ក្នុង​គម្ពីរ​បរិសុទ្ធ ដែល​ជា​សៀវភៅ​សំខាន់​បំផុត​លើ​ពិភព​លោក។ មូលហេតុ​មួយ​ទៀត យើង​ជឿ​ជាក់​ថា​រាជាណាចក្រ​ព្រះ​ជា​ដំណោះ​ស្រាយ​តែ​មួយ​គត់​ចំពោះ​បញ្ហា​មនុស្សជាតិ​នៅ​សព្វ​ថ្ងៃ​នេះ។

សាក្សី​ព្រះ​យេហូវ៉ា​ខំ​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ក្នុង​ការ​ជួយ​មនុស្ស​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​រាជាណាចក្រ​ព្រះ។ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​ចាត់​ទុក​រាជាណាចក្រ​ព្រះ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​និង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក។ (លូកា ៤:៤៣) ហេតុ​អ្វី​រាជាណាចក្រ​ព្រះ​គឺ​សំខាន់​ម្ល៉េះ​ចំពោះ​លោក​យេស៊ូ? តើ​រាជាណាចក្រ​ព្រះ​អាច​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​លោក​អ្នក? យើង​សូម​អញ្ជើញ​លោក​អ្នក​ឲ្យ​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​ក្នុង​គម្ពីរ ដែល​មាន​នៅ​អត្ថបទ​បន្ទាប់។

[កំណត់​សម្គាល់]

^ វគ្គ 5 យេហូវ៉ា​គឺ​ជា​នាម​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ។