លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទអំពីក្របទស្សនាវដ្ដី | តើលោកយេស៊ូសង្គ្រោះយើងពីអ្វី?

លោកយេស៊ូបានស្លាប់និងបានត្រូវប្រោសឲ្យរស់ឡើងវិញ តើនេះអាចផ្ដល់ប្រយោជន៍អ្វីដល់លោកអ្នក?

លោកយេស៊ូបានស្លាប់និងបានត្រូវប្រោសឲ្យរស់ឡើងវិញ តើនេះអាចផ្ដល់ប្រយោជន៍អ្វីដល់លោកអ្នក?

«ចូរជឿលើលោកម្ចាស់យេស៊ូ ហើយអ្នក . . . នឹងទទួលសេចក្ដីសង្គ្រោះ»។ —សកម្មភាព ១៦:៣១

នេះជាពាក្យដ៏ល្បីដែលសាវ័កប៉ូលនិងស៊ីឡាសបាននិយាយទៅកាន់អ្នកយាមគុកនៅក្រុងភីលីព ស្រុកម៉ាសេដូន។ តើពាក្យទាំងនោះមានន័យអ្វី? ដើម្បីយល់មូលហេតុដែលជំនឿលើលោកយេស៊ូនឹងនាំឲ្យយើងទទួលសេចក្ដីសង្គ្រោះ នោះយើងត្រូវយល់មូលហេតុដែលយើងស្លាប់ជាមុនសិន។ សូមពិចារណាអំពីអ្វីដែលគម្ពីរបង្រៀន។

ព្រះមិនចង់ឲ្យមនុស្សស្លាប់ទេ

«ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកអ័ដាមទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការហើយថែរក្សា ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអ័ដាមថា៖ ‹ឯងនឹងស៊ីផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានតាមចិត្ដ តែត្រង់ដើមដឹងខុសត្រូវ នោះមិនត្រូវឲ្យឯងស៊ីផលឡើយ ដ្បិតនៅថ្ងៃណាដែលឯងស៊ី នោះនឹងត្រូវស្លាប់ជាមិនខាន›»។—លោកុប្បត្ដិ ២:១៥-១៧

ព្រះបានដាក់បុរសដំបូងឈ្មោះអាដាមក្នុងសួនច្បារអេដែន ដែលជាសួនឧទ្យាននៅផែនដី ហើយជាកន្លែងដែលមានសត្វជាច្រើននិងរុក្ខជាតិស្រស់បំព្រង។ នៅសួនច្បារនោះមានដើមឈើជាច្រើនដែលអាដាមអាចបរិភោគផ្លែបានតាមចិត្ដ។ ប៉ុន្ដែ មានដើមឈើមួយដែលព្រះយេហូវ៉ាបានប្រាប់អាដាមយ៉ាងច្បាស់ថា គាត់មិនត្រូវបរិភោគផ្លែពីដើមនោះទេ។ លោកថែមទាំងព្រមានថាបើគាត់បរិភោគ នោះគាត់នឹងស្លាប់ជាមិនខាន។

តើអាដាមយល់អត្ថន័យនៃការព្រមានដែលថាគាត់នឹងស្លាប់ទេ? គាត់យល់។ គាត់ដឹងថាសេចក្ដីស្លាប់ជាអ្វី ព្រោះគាត់ធ្លាប់ឃើញសត្វស្លាប់។ បើព្រះបានបង្កើតអាដាមឲ្យឈឺ ចាស់ ស្លាប់ នោះការព្រមានរបស់លោកគឺមិនសមហេតុសមផលទេ។ ផ្ទុយទៅវិញ អាដាមដឹងច្បាស់ថា បើគាត់ស្តាប់បង្គាប់ព្រះហើយមិនបរិភោគផ្លែពីដើមឈើនោះទេ គាត់នឹងបន្ដរស់ជារៀងរហូត ពោលគឺគាត់មិនស្លាប់ឡើយ។

អ្នកខ្លះជឿថាដើមឈើនោះតំណាងការរួមដំណេក ប៉ុន្ដែនេះមិនត្រឹមត្រូវទេ ពីព្រោះព្រះយេហូវ៉ាចង់ឲ្យអាដាមនិងអេវ៉ា‹បង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដី ហើយបង្ក្រាបផែនដី›។ (លោកុប្បត្ដិ ១:២៨) ដូច្នេះ បម្រាមនោះសំដៅទៅលើដើមឈើមួយនោះ។ ព្រះយេហូវ៉ាហៅដើមនោះថា«ដើមដឹងខុសត្រូវ» ពីព្រោះវាតំណាងសិទ្ធិរបស់ព្រះក្នុងការសម្រេចថាអ្វីខុសនិងអ្វីត្រូវ។ បើអាដាមមិនបានបរិភោគផ្លែពីដើមឈើនោះ គាត់មិនគ្រាន់តែស្តាប់បង្គាប់ព្រះប៉ុណ្ណោះទេ តែគាត់ក៏ដឹងគុណព្រះដែលបានបង្កើតគាត់ ហើយដែលបានផ្ដល់ពរឲ្យគាត់យ៉ាងបរិបូរ។

អាដាមស្លាប់ដោយសារមិនបានស្តាប់បង្គាប់ព្រះ

«ទ្រង់ក៏មានបន្ទូលទៅអ័ដាមថា៖ ‹ដោយព្រោះឯងបាន . . . ស៊ីផ្លែឈើនោះ ដែលអញបានហាមមិនឲ្យស៊ីឡើយ . . . ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់ជីវិត ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ›»។—លោកុប្បត្ដិ ៣:១៧, ១៩

អាដាមបានបរិភោគផ្លែពីដើមឈើដែលព្រះបានហាម។ ការមិនស្តាប់បង្គាប់នេះគឺរឿងធ្ងន់ណាស់ ព្រោះនេះជាការបះបោរប្រឆាំងនឹងព្រះយេហូវ៉ា ហើយបង្ហាញថាអាដាមមិនឲ្យតម្លៃទៅលើអ្វីល្អដែលលោកបានធ្វើដើម្បីគាត់ទេ។ ដោយបរិភោគផ្លែពីដើមឈើនោះ គាត់បដិសេធសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា ហើយចង់ធ្វើការសម្រេចចិត្ដដោយខ្លួនឯង។ ជាលទ្ធផល គាត់ជួបប្រទះនឹងទុក្ខវេទនាជាច្រើន។

នៅទីបំផុត អាដាមបានស្លាប់ដូចព្រះយេហូវ៉ាបានមានប្រសាសន៍មែន។ ព្រះបានបង្កើតអាដាមពី«ធូលីដីមក» ហើយលោកបានប្រាប់ថា គាត់នឹង«ត្រឡប់ទៅជាដីវិញ»។ អាដាមមិនបានបន្ដរស់នៅក្នុងរូបកាយផ្សេងនៅភពណាមួយទៀតទេ។ ពេលអាដាមស្លាប់ គាត់គ្មានជីវិតទៀត ដូចជាធូលីដីដែលព្រះបានយកមកបង្កើតគាត់ក៏គ្មានជីវិតដែរ។—លោកុប្បត្ដិ ២:៧; សាស្តា ៩:៥, ១០

យើងស្លាប់ដោយសារយើងជាកូនចៅអាដាម

«ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង ដូច្នេះ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស»។—រ៉ូម ៥:១២

ការមិនស្តាប់បង្គាប់របស់អាដាម ឬក៏ភាពខុសឆ្គងបាននាំឲ្យមានលទ្ធផលអាក្រក់ដល់កូនចៅរបស់គាត់។ ពេលអាដាមបានធ្វើអំពើខុសឆ្គង គាត់មិនត្រឹមតែបាត់បង់ឱកាសរស់ត្រឹមតែ៧០៨០ឆ្នាំប៉ុណ្ណោះទេ តែគាត់បានបាត់បង់ឱកាសរស់ជារៀងរហូត។ បន្ថែមទៅទៀត អាដាមបានបាត់បង់ភាពល្អឥតខ្ចោះ ដូច្នេះកូនចៅរបស់គាត់ទាំងអស់កើតមកមិនមានភាពល្អឥតខ្ចោះដែរ។

យើងទាំងអស់គ្នាជាកូនចៅរបស់អាដាម។ ដូច្នេះ យើងត្រូវកើតមកមានរូបកាយមិនល្អឥតខ្ចោះ ដែលនាំឲ្យមានភាពខុសឆ្គងនិងសេចក្ដីស្លាប់។ ប៉ូលបានរៀបរាប់អំពីស្ថានភាពរបស់យើងយ៉ាងត្រឹមត្រូវថា«ខ្ញុំជាសាច់ឈាម ដែលបានត្រូវលក់ជាខ្ញុំបម្រើភាពខុសឆ្គង។ ពិបាកចិត្ដណាស់ខ្ញុំ! តើអ្នកណានឹងសង្គ្រោះខ្ញុំពីរូបកាយដែលកំពុងនាំឲ្យខ្ញុំស្លាប់របៀបនេះ?»។ គាត់បានឆ្លើយសំណួររបស់ខ្លួនថា«ខ្ញុំអរគុណព្រះតាមរយៈលោកយេស៊ូគ្រិស្ដ ជាម្ចាស់របស់យើង!»។—រ៉ូម ៧:១៤, ២៤, ២៥

លោកយេស៊ូបូជាជីវិតដើម្បីយើងអាចរស់ជារៀងរហូត

«បិតាដែលនៅស្ថានសួគ៌បានចាត់បុត្ររបស់លោកឲ្យមកសង្គ្រោះពិភពលោក»។—យ៉ូហានទី១ ៤:១៤

ព្រះយេហូវ៉ាបានរៀបចំវិធីរំដោះយើងឲ្យរួចពីឥទ្ធិពលនៃភាពខុសឆ្គង និងពីទោសស្លាប់ជារៀងរហូត។ តើតាមរបៀបណា? លោកបានបញ្ជូនបុត្រជាទីស្រឡាញ់របស់លោកពីស្ថានសួគ៌ ឲ្យមកកើតនៅផែនដីជាមនុស្សល្អឥតខ្ចោះដូចអាដាមដែរ។ ប៉ុន្ដែ ខុសគ្នាពីអាដាម លោកយេស៊ូ«មិនដែលប្រព្រឹត្ដអំពើខុសឆ្គងសោះ»។ (ពេត្រុសទី១ ២:២២) ដោយសារលោកជាមនុស្សល្អឥតខ្ចោះ លោកគ្មានទោសស្លាប់ទេ ហើយលោកអាចរស់ជារៀងរហូតជាមនុស្សបាន។

ផ្ទុយទៅវិញ ព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកសត្រូវប្រហារជីវិតលោកយេស៊ូ។ ប៉ុន្ដែ បីថ្ងៃក្រោយ ព្រះយេហូវ៉ាបានប្រោសលោកឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណ ដូច្នេះលោកអាចត្រឡប់ទៅស្ថានសួគ៌វិញ។ នៅទីនោះ លោកយេស៊ូប្រគល់ថ្លៃលោះដែលជាជីវិតល្អឥតខ្ចោះរបស់លោកទៅព្រះ ដើម្បីលោះនូវអ្វីដែលអាដាមបានបាត់បង់សម្រាប់ខ្លួនគាត់និងកូនចៅរបស់គាត់។ ព្រះយេហូវ៉ាបានទទួលយកថ្លៃលោះនោះ ហើយផ្ដល់ឱកាសឲ្យអ្នកដែលបង្ហាញជំនឿលើថ្លៃលោះមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត។—រ៉ូម ៣:២៣, ២៤; យ៉ូហានទី១ ២:២

ដូច្នេះ លោកយេស៊ូបានលោះនូវអ្វីដែលអាដាមបានបាត់បង់។ លោកបានរងការឈឺចាប់រហូតដល់ស្លាប់ដើម្បីយើងអាចរស់ជារៀងរហូត។ គម្ពីរចែងថា«លោកយេស៊ូ . . . បានរងការឈឺចាប់រហូតដល់ស្លាប់ ដើម្បីលោកអាចឆ្លងកាត់សេចក្ដីស្លាប់ជាប្រយោជន៍ដល់មនុស្សគ្រប់រូប ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ»។—ហេប្រឺ ២:៩

ការរៀបចំនេះបង្ហាញនូវគុណសម្បត្ដិជាច្រើនរបស់ព្រះយេហូវ៉ា។ ដោយសារព្រះមានខ្នាតតម្រាយុត្ដិធម៌ខ្ពង់ខ្ពស់ នោះមនុស្សមិនល្អឥតខ្ចោះមិនអាចរំដោះមនុស្សមិនល្អឥតខ្ចោះទៀតបានឡើយ។ ប៉ុន្ដែ សេចក្ដីស្រឡាញ់និងសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ាបានជំរុញលោកឲ្យធ្វើការលះបង់ធំបំផុតដើម្បីលោះមនុស្សជាតិស្របតាមខ្នាតតម្រារបស់លោក គឺដោយឲ្យបុត្ររបស់លោកជាថ្លៃលោះ។—រ៉ូម ៥:៦-

លោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយមនុស្សទៀតក៏នឹងត្រូវប្រោសឲ្យរស់ឡើងវិញដែរ

«គ្រិស្ដបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញមែន ជាផលដំបូងពីចំណោមពួកអ្នកដែលបានដេកលក់ក្នុងសេចក្ដីស្លាប់។ ព្រោះសេចក្ដីស្លាប់គឺតាមរយៈបុរសម្នាក់ ដូច្នេះ ការប្រោសឲ្យរស់ពីស្លាប់ឡើងវិញក៏តាមរយៈបុរសម្នាក់ដែរ។ ព្រោះដូចទាំងអស់គ្នាកំពុងស្លាប់ក្នុងអាដាម នោះទាំងអស់គ្នានឹងត្រូវធ្វើឲ្យមានជីវិតឡើងវិញក្នុងគ្រិស្ដ»។—កូរិនថូសទី១ ១៥:២០-២២

លោកយេស៊ូពិតជាបានរស់នៅផែនដីហើយបានស្លាប់មែន ប៉ុន្ដែ តើមានភ័ស្ដុតាងអ្វីដែលបញ្ជាក់ថាលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ? ភ័ស្ដុតាងមួយដ៏គួរឲ្យជឿជាក់គឺក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានលេចមកជួបមនុស្សជាច្រើននៅកន្លែងផ្សេងៗ និងក្នុងកាលៈទេសៈខុសគ្នា ហើយពួកគេជាសាក្សី។ នៅពេលមួយ មនុស្សជាង៥០០នាក់បានឃើញលោក។ ស្ដីអំពីរឿងនេះ ពេលសាវ័កប៉ូលបានសរសេរសំបុត្រទៅកាន់គ្រិស្ដសាសនិកនៅក្រុងកូរិនថូស គាត់បានបញ្ជាក់ថាសាក្សីខ្លះដែលបានឃើញលោកយេស៊ូ នៅរស់នៅឡើយ។ ដូច្នេះ ពួកគេអាចធ្វើជាសាក្សីបញ្ជាក់អំពីអ្វីដែលពួកគេបានឃើញនិងឮ។—កូរិនថូសទី១ ១៥:៣-

គួរឲ្យកត់សម្គាល់ថា ពេលប៉ូលសរសេរអំពីគ្រិស្ដជា«ផលដំបូង»នៃអ្នកដែលត្រូវប្រោសឲ្យរស់ឡើងវិញ គាត់បញ្ជាក់ថាបន្ទាប់មកអ្នកទៀតនឹងត្រូវប្រោសឲ្យរស់ឡើងវិញដែរ។ លោកយេស៊ូផ្ទាល់បានមានប្រសាសន៍ថា នៅពេលមួយ«អស់អ្នកនៅក្នុងផ្នូរដែលសម្រាប់ជាទីរំលឹក»នឹង«ចេញមក»។—យ៉ូហាន ៥:២៨, ២៩

ដើម្បីរស់ជារៀងរហូតយើងត្រូវបង្ហាញជំនឿលើលោកយេស៊ូ

«ព្រះស្រឡាញ់ពិភពលោកដល់ម៉្លេះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះអាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។—យ៉ូហាន ៣:១៦

នៅសៀវភៅដំបូងក្នុងគម្ពីរប្រាប់អំពីពេលដែលមនុស្សចាប់ផ្ដើមស្លាប់ និងបាត់បង់ឱកាសរស់នៅក្នុងសួនឧទ្យាន។ នៅសៀវភៅចុងក្រោយរៀបរាប់អំពីពេលដែលសេចក្ដីស្លាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ និងពេលដែលព្រះធ្វើឲ្យមានសួនឧទ្យានឡើងវិញនៅផែនដី។ នៅពេលនោះ មនុស្សនឹងមានឱកាសរស់ដោយសប្បាយរីករាយជារៀងរហូត ហើយមានជីវិតដែលមានន័យខ្លឹមសារ។ ការបើកបង្ហាញ ២១:៤ចែងថា«សេចក្ដីស្លាប់នឹងលែងមានទៀត»។ ដើម្បីបញ្ជាក់អំពីសេចក្ដីសន្យាដែលគួរឲ្យទុកចិត្ដនេះ ចែងថា«ពាក្យទាំងនេះគួរឲ្យទុកចិត្ដ ហើយក៏ពិតត្រង់»។ ព្រះយេហូវ៉ាតែងតែសម្រេចអ្វីដែលលោកបានសន្យា។

តើលោកអ្នកជឿថា«ពាក្យទាំងនេះគួរឲ្យទុកចិត្ដ ហើយក៏ពិតត្រង់»ទេ? បើជឿមែន សូមរៀនថែមទៀតអំពីលោកយេស៊ូគ្រិស្ដ ហើយបង្ហាញជំនឿលើលោក។ បើលោកអ្នកធ្វើដូច្នេះ លោកអ្នកនឹងទទួលការពេញចិត្ដពីព្រះ។ លោកអ្នកមិនត្រឹមតែទទួលពរនៅសព្វថ្ងៃនេះប៉ុណ្ណោះទេ តែលោកអ្នកនឹងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតក្នុងសួនឧទ្យាននៅផែនដី ហើយនៅទីនោះ«សេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ»។