លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត

ខ្ញុំបានរៀនដឹងថាព្រះយេហូវ៉ាមានមេត្ដាករុណានិងចេះអភ័យទោស

ខ្ញុំបានរៀនដឹងថាព្រះយេហូវ៉ាមានមេត្ដាករុណានិងចេះអភ័យទោស
  • ឆ្នាំកំណើត: ១៩៥៤

  • ប្រទេសកំណើត: កាណាដា

  • ប្រវត្ដិ: អ្នកបោកប្រាស់ និងអ្នកលេងល្បែងស៊ីសង

អតីតកាលរបស់ខ្ញុំ:

ខ្ញុំបានធំឡើងក្នុងតំបន់ក្រីក្រនិងអនាធិបតេយ្យនៅក្រុងម៉ុងរ៉េអាល។ ខ្ញុំមានបងប្អូននាក់ ហើយខ្ញុំជាកូនពៅ។ កាលដែលខ្ញុំមានអាយុខែ ឪពុកខ្ញុំបានស្លាប់ចោលពួកយើង ទុកឲ្យម្ដាយខ្ញុំចិញ្ចឹមគ្រួសារតែម្នាក់ឯង។

កាលដែលខ្ញុំធំឡើង ជីវិតប្រចាំថ្ងៃរបស់ខ្ញុំមានតែគ្រឿងញៀន ការលេងល្បែងស៊ីសង អំពើឃោរឃៅ និងការចូលរួមជាមួយនឹងពួកឧក្រិដ្ឋជន។ ពេលខ្ញុំមានអាយុ១០ឆ្នាំ ខ្ញុំបានជួយពួកអ្នកចងការប្រាក់ខុសច្បាប់និងស្ដ្រីរកស៊ីខាងផ្លូវភេទ។ ខ្ញុំច្រើនតែនិយាយកុហក ហើយខ្ញុំចូលចិត្ដបោកប្រាស់មនុស្សតាមវិធីណាក៏ដោយដែលខ្ញុំអាចធ្វើទៅបាន។ ការបោកប្រាស់នោះធ្វើឲ្យខ្ញុំរំភើបចិត្ដខ្លាំងណាស់!

ពេលខ្ញុំមានអាយុ១៤ឆ្នាំ ខ្ញុំពូកែរកវិធីផ្សេងបោកប្រាស់មនុស្ស។ ជាឧទាហរណ៍ ខ្ញុំបានទិញនាឡិកា ខ្សែដៃ និងចិញ្ចៀនយ៉ាងច្រើនដែលគេជ្រលក់ទឹកមាស រួចខ្ញុំយកមកវាយត្រាលើគ្រឿងទាំងនោះជាមាសទឹក៥។ បន្ទាប់មក ខ្ញុំដើរលក់គ្រឿងទាំងនោះនៅតាមផ្លូវ និងនៅមុខផ្សារទំនើបផ្សេងៗ។ ខ្ញុំសប្បាយនឹងការរកលុយយ៉ាងងាយស្រួលបែបនេះណាស់។ មានពេលមួយ ខ្ញុំរកលុយបានដល់ទៅ១០.០០០ដុល្លារកាណាដា ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ!

ក្រោយមក ពេលខ្ញុំអាយុ១៥ឆ្នាំ ខ្ញុំត្រូវគេបណ្ដេញចេញពីមណ្ឌលអប់រំ។ ម៉្លោះហើយ ខ្ញុំគ្មានកន្លែងស្នាក់នៅទៀតទេ។ ខ្ញុំដើរដេកតាមចិញ្ចើមថ្នល់ សួនសាធារណៈ ឬម្ដងម្កាលស្នាក់នៅផ្ទះអ្នកដែលខ្ញុំស្គាល់។

ជាច្រើនដង ខ្ញុំត្រូវប៉ូលិសចាប់សួរចម្លើយ ដោយសារការបោកប្រាស់គេ។ ប៉ុន្ដែ ខ្ញុំមិនបានជាប់គុកទេ ពីព្រោះគ្រឿងដែលខ្ញុំលក់មិនមែនជារបស់ដែលគេលួច។ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំត្រូវបង់ប្រាក់ពិន័យយ៉ាងច្រើនពីបទបោកប្រាស់ ភូតកុហក និងលក់ដូរដោយគ្មានលិខិតអនុញ្ញាត។ ហេតុតែខ្ញុំមិនញញើតនឹងអ្នកណាទាំងអស់ ខ្ញុំហ៊ានដល់ទៅទារលុយឲ្យអ្នកចងការប្រាក់ទៀតផង។ ការងារនេះគ្រោះថ្នាក់ណាស់ ជួនកាល ខ្ញុំត្រូវយកកាំភ្លើងទៅជាមួយ។ មានពេលខ្លះ ខ្ញុំបានចូលដៃជាមួយនឹងក្រុមឧក្រិដ្ឋជនទៀតផង។

វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត:

ពេលខ្ញុំចូលអាយុ១៧ឆ្នាំ ខ្ញុំរស់នៅជាមួយនឹងសង្សាររបស់ខ្ញុំ។ ក្រោយមក នាងបានចាប់ផ្ដើមរៀនគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា។ នៅពេលនោះហើយដែលខ្ញុំបានអំពីគម្ពីរជាលើកដំបូង។ ប៉ុន្ដែ ខ្ញុំមិនយល់ស្របនឹងគោលការណ៍សីលធម៌ក្នុងគម្ពីរទេ ព្រោះខ្ញុំគិតថាតឹងរ៉ឹងពេក។ ដូច្នេះ ខ្ញុំក៏បានផ្ដាច់ទំនាក់ទំនងជាមួយនឹងនាង ហើយទៅរស់នៅជាមួយនឹងសង្សារមួយទៀត។

ក្រោយមក សង្សារទី២របស់ខ្ញុំក៏បានចាប់ផ្ដើមរៀនគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ាដែរ។ ដោយសារការរៀនគម្ពីរនោះ នាងបានកែប្រែជាច្រើន។ ខ្ញុំអស្ចារ្យក្នុងចិត្ដ ចំពោះការកែប្រែទាំងនោះ។ ជាឧទាហរណ៍ នាងមានចិត្ដស្លូតបូតនិងចេះអត់ធ្មត់ជាងមុន។ ពេលឃើញដូចនោះ ខ្ញុំមានទស្សនៈខុសគ្នាពីមុនចំពោះគម្ពីរ។ ក្រោយមក ខ្ញុំយល់ព្រមចូលរួមកិច្ចប្រជុំនៅសាលប្រជុំរបស់សាក្សីព្រះយេហូវ៉ា។ សាក្សីព្រះយេហូវ៉ាជាមនុស្សថ្លៃថ្នូរនិងសប្បុរស ពួកគាត់បានទទួលស្វាគមន៍ខ្ញុំយ៉ាងរាក់ទាក់។ បរិយាកាសនៅទីនោះពិតជាខុសគ្នាឆ្ងាយណាស់ពីបរិយាកាសដែលខ្ញុំរស់នៅ! ខ្ញុំមិនដែលមានអារម្មណ៍ថា គ្រួសារខ្ញុំត្រូវការខ្ញុំទេ។ តាំងពីក្មេងមក ខ្ញុំមិនបានទទួលការស្រឡាញ់ថ្នាក់ថ្នមពីក្រុមគ្រួសារខ្ញុំឡើយ។ សេចក្ដីស្រឡាញ់យ៉ាងកក់ក្ដៅដែលសាក្សីព្រះយេហូវ៉ាបានបង្ហាញចំពោះខ្ញុំ នោះជាអ្វីដែលខ្ញុំចង់ទទួលជាយូរមកហើយ។ ដូច្នេះ ពេលដែលសាក្សីស្នើសុំបង្រៀនគម្ពីរដល់ខ្ញុំ ខ្ញុំក៏យល់ព្រមរៀនដោយការពេញចិត្ដ។

អ្វីដែលខ្ញុំបានរៀនពីគម្ពីរ ទំនងជាបានការពារជីវិតខ្ញុំ។ មានពេលមួយ ខ្ញុំនិងដៃគូពីរនាក់ទៀតបានរៀបគម្រោងចេញប្លន់ដើម្បីដោះបំណុលល្បែងរបស់ខ្ញុំ ដែលមានចំនួនជាង៥០.០០០ដុល្លារកាណាដា។ ប៉ុន្ដែ ខ្ញុំបានសម្រេចចិត្ដមិនទៅជាមួយពួកគេវិញ។ ល្អណាស់ដែលខ្ញុំបានដកខ្លួនទាន់! ដោយសារការប្លន់នោះ ដៃគូខ្ញុំម្នាក់ត្រូវប៉ូលិសចាប់បាន ហើយម្នាក់ទៀតបានស្លាប់។

កាលដែលខ្ញុំបន្ដរៀនគម្ពីរ ខ្ញុំឃើញថាមានអ្វីជាច្រើនដែលខ្ញុំត្រូវកែប្រែ។ ជាឧទាហរណ៍ ខ្ញុំបានរៀនអំពីអ្វីដែលបានចែងក្នុងគម្ពីរនៅកូរិនថូសទី១ ៦:១០ ដែលថា«ពួកចោរ មនុស្សលោភលន់ អ្នកប្រមឹកស្រា អ្នកជេរប្រមាថ និងអ្នកគំរាមយកទ្រព្យ នឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ»។ ពេលខ្ញុំអានគម្ពីរនេះ ហើយគិតអំពីស្ថានភាពជីវិតរបស់ខ្លួន ខ្ញុំចាប់ផ្ដើមស្រក់ទឹកភ្នែក។ ខ្ញុំបានទទួលស្គាល់ថា ខ្ញុំត្រូវតែកែប្រែជីវិតរបស់ខ្ញុំទាំងស្រុង ពីព្រោះខ្ញុំជាមនុស្សឆេវឆាវនិងឃោរឃៅ ហើយជីវិតរបស់ខ្ញុំមានតែការកុហកបោកប្រាស់ប៉ុណ្ណោះ។—រ៉ូម ១២:២

ទោះជាយ៉ាងនោះក៏ដោយ តាមរយៈការរៀនគម្ពីរ ខ្ញុំក៏បានរៀនដឹងថាព្រះយេហូវ៉ាមានមេត្ដាករុណានិងចេះអភ័យទោស។ (អេសាយ ១:១៨) ខ្ញុំបានអធិដ្ឋានយ៉ាងអស់ពីចិត្ដទៅព្រះយេហូវ៉ា អង្វរសុំលោកជួយខ្ញុំលះចោលទម្លាប់អាក្រក់និងរបៀបរស់នៅដែលមានពីមុន។ ដោយមានជំនួយពីព្រះយេហូវ៉ា បន្ដិចម្ដងៗ ខ្ញុំបានកែប្រែបុគ្គលិកលក្ខណៈរបស់ខ្ញុំ។ ដំបូងបង្អស់ ខ្ញុំនិងសង្សាររបស់ខ្ញុំបានរៀបការត្រឹមត្រូវតាមច្បាប់។

ខ្ញុំនៅមានជីវិតរហូតដល់សព្វថ្ងៃនេះ គឺដោយសារខ្ញុំធ្វើតាមគោលការណ៍គម្ពីរ

នៅពេលនោះ ខ្ញុំមានអាយុ២៤ឆ្នាំនិងមានកូនបីនាក់។ ហេតុនេះ ខ្ញុំត្រូវស្វែងរកការងារស្របច្បាប់។ ប៉ុន្ដែ ខ្ញុំរៀនបានតិចតួច ហើយគ្មានសំបុត្របញ្ជាក់ការងារពីអ្នកណាទេ។ ម្ដងនេះទៀត ខ្ញុំបានអធិដ្ឋានយ៉ាងអស់ពីចិត្ដសុំជំនួយពីព្រះយេហូវ៉ា។ បន្ទាប់មក ខ្ញុំចេញទៅរកការងារធ្វើ។ នៅកន្លែងដែលខ្ញុំសុំការងារ ខ្ញុំបានប្រាប់អ្នកសម្ភាសថា ខ្ញុំចង់កែប្រែជីវិតរបស់ខ្ញុំ ហើយខ្ញុំចង់ធ្វើការងារទៀងត្រង់។ នៅកន្លែងខ្លះ ខ្ញុំបានពន្យល់ប្រាប់គេថា ខ្ញុំកំពុងរៀនគម្ពីរ ហើយខ្ញុំចង់ក្លាយទៅជាពលរដ្ឋល្អប្រសើរម្នាក់។ អ្នកសម្ភាសការងារភាគច្រើនមិនបានទទួលខ្ញុំឲ្យធ្វើការទេ។ នៅកន្លែងមួយទៀត ខ្ញុំបានប្រាប់អ្នកសម្ភាសដោយឥតលាក់លៀមនូវអតីតកាលមិនល្អរបស់ខ្ញុំ។ នៅទីបំផុត ក្រោយពីស្តាប់ចប់ អ្នកសម្ភាសនោះបាននិយាយថា«ខ្ញុំពិតជាមិនដឹងហេតុអ្វីទេ តែមានអ្វីមួយប្រាប់ខ្ញុំឲ្យទទួលអ្នកឲ្យធ្វើការ»។ ខ្ញុំជឿជាក់ថា នេះជាអ្វីដែលព្រះយេហូវ៉ាបានតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់ខ្ញុំ។ មិនយូរក្រោយមក ខ្ញុំនិងប្រពន្ធបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។

ផលប្រយោជន៍ដែលខ្ញុំទទួល:

ខ្ញុំនៅមានជីវិតរហូតដល់សព្វថ្ងៃនេះ គឺដោយសារខ្ញុំធ្វើតាមគោលការណ៍គម្ពីរ ហើយមានរបៀបរស់នៅជាគ្រិស្ដសាសនិកពិត។ បន្ថែមទៅទៀត ខ្ញុំក៏មានក្រុមគ្រួសារដ៏ល្អដែរ។ ដោយសារខ្ញុំជឿជាក់ថា ព្រះយេហូវ៉ាបានអភ័យទោសឲ្យខ្ញុំ នោះចិត្ដខ្ញុំលែងបន្ទោសខ្ញុំទៀត។

អស់រយៈពេល១៤ឆ្នាំកន្លងមកហើយ ខ្ញុំបានធ្វើជាអ្នកផ្សព្វផ្សាយពេញពេលដើម្បីជួយអ្នកទៀតយល់ដឹងអំពីអ្វីដែលគម្ពីរបង្រៀន ហើយថ្មីនេះ ប្រពន្ធរបស់ខ្ញុំក៏បានធ្វើជាអ្នកផ្សព្វផ្សាយពេញពេលជាមួយនឹងខ្ញុំដែរ។ ក្នុងអំឡុងពេលជាង៣០ឆ្នាំមកនេះ ខ្ញុំមានឯកសិទ្ធិជួយអ្នករួមការងារ២២នាក់ក្លាយជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ នៅសព្វថ្ងៃនេះ ខ្ញុំនៅតែទៅមុខផ្សារទំនើបនានា ប៉ុន្ដែ មិនមែនដើម្បីបោកប្រាស់គេដូចពីមុនទេ។ ខ្ញុំទៅទីនោះជារឿយដើម្បីប្រាប់អ្នកទៀតអំពីជំនឿរបស់ខ្ញុំ។ ខ្ញុំចង់ផ្ដល់សេចក្ដីសង្ឃឹមដល់ពួកគេ ពោលគឺនៅពេលអនាគតពួកគេអាចរស់នៅក្នុងពិភពលោកថ្មីដែលនឹងលែងមានការបោកប្រាស់ទៀត។—ទំនុកតម្កើង ៣៧:១០, ១១