លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទអំពីក្របទស្សនាវដ្ដី | វិធីបំបាត់ទុក្ខកង្វល់

កង្វល់អំពីគ្រោះថ្នាក់

កង្វល់អំពីគ្រោះថ្នាក់

ស្ដ្រីម្នាក់ឈ្មោះអឺឡូនណារៀបរាប់ថា«ពេលខ្ញុំស៊ីរ៉ែនព្រមាន បេះដូងខ្ញុំចាប់ផ្ដើមលោតយ៉ាងញាប់ ហើយខ្ញុំក៏រត់ចូលរណ្ដៅគេចគ្រាប់។ ប៉ុន្ដែ សូម្បីតែខ្ញុំនៅក្នុងរណ្ដៅនោះ ក៏ខ្ញុំនៅតែភ័យខ្វល់ដែរ។ បើខ្ញុំនៅខាងក្រៅគ្មានកន្លែងពួនខ្លួន ខ្ញុំភ័យខ្វល់ជាងនោះទៅទៀត។ ជាឧទាហរណ៍ មានពេលមួយ ខ្ញុំកំពុងដើរតាមផ្លូវ ខ្ញុំចាប់ផ្ដើមយំហើយដកដង្ហើមមិនរួច។ អស់ច្រើនម៉ោងទើបខ្ញុំស្ងប់អារម្មណ៍វិញ។ រួចមក សំឡេងស៊ីរ៉ែនព្រមានចាប់ផ្ដើមម្ដងទៀត»។

អឺឡូនណា

ក្រៅពីសង្គ្រាមក៏មានអ្វីជាច្រើនទៀតដែលនាំឲ្យមានគ្រោះថ្នាក់ដែរ។ ជាឧទាហរណ៍ ពេលគ្រូពេទ្យរកឃើញថាលោកអ្នកបុគ្គលជាទីស្រឡាញ់របស់លោកអ្នក មានជំងឺដែលគំរាមកំហែងដល់ជីវិត ដំណឹងនោះអាចធ្វើឲ្យលោកអ្នកតក់ស្លុតជាខ្លាំង ប្រៀបដូចជាគ្រាប់បែកធ្លាក់នៅជិតខ្លួនលោកអ្នក។ ចំពោះអ្នកខ្លះទៀត ពួកគេភ័យខ្លាច ពីព្រោះពួកគេមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃអនាគតទេ។ ការខ្លាចបែបនោះអាចបណ្ដាលឲ្យពួកគេមានកង្វល់។ ពួកគេបារម្ភថា ‹តើកូនចៅរបស់យើងនឹងរស់នៅក្នុងពិភពលោកដែលមានតែសង្គ្រាម បទឧក្រិដ្ឋ ការបំពុលបរិស្ថាន អាកាសធាតុប្រែប្រួល និងរោគរាតត្បាតឬ?›។ ពេលយើងមានកង្វល់បែបនេះ តើយើងអាចធ្វើយ៉ាងណា?

យើងដឹងថាពេលខ្លះមានអ្វីអាក្រក់កើតឡើង។ ដូច្នេះ «មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញការអាក្រក់មក ក៏ពួនខ្លួន»។ (សុភាសិត ២៧:១២) យើងមិនគ្រាន់តែព្យាយាមការពារខ្លួនកុំឲ្យរងគ្រោះថ្នាក់ដល់រូបកាយប៉ុណ្ណោះទេ តែយើងក៏អាចចាត់វិធានការខ្លះដើម្បីការពារសុខភាពខាងផ្លូវចិត្ដរបស់យើងដែរ។ តើយើងការពារយ៉ាងដូចម្ដេច? ការមើលព័ត៌មានដែលបង្ហាញទិដ្ឋភាពគួរឲ្យរន្ធត់ និងការទស្សនាអ្វីដែលមានអំពើឃោរឃៅ ធ្វើឲ្យយើងភ័យខ្វល់ថែមទៀត។ ដូច្នេះ យើងគួរជៀសវាងមើលអ្វីបែបនេះដែលមានអំពើឃោរឃៅ ដោយមិនចាំបាច់។ ប៉ុន្ដែ នេះមិនបានន័យថា យើងបិទភ្នែកបិទត្រចៀកចំពោះព្រឹត្ដិការណ៍ដែលកំពុងកើតឡើងទេ។ ព្រះមិនបានបង្កើតគំនិតយើងដើម្បីរំពឹងគិតអំពីអ្វីដែលអាក្រក់នោះទេ។ ផ្ទុយទៅវិញ យើងគួរបញ្ចូលក្នុងគំនិតរបស់យើងនូវ«អ្វីដែលពិត . . . សុចរិត . . . បរិសុទ្ធ . . . គួរឲ្យស្រឡាញ់»។ បើយើងធ្វើដូច្នោះ «ព្រះនៃសេចក្ដីសុខសាន្ដ»នឹងធ្វើឲ្យយើងមានសេចក្ដីសុខសាន្ដក្នុងចិត្ដគំនិត។—ភីលីព ៤:៨, ៩

សារៈសំខាន់នៃការអធិដ្ឋាន

ជំនឿពិតប្រាកដជួយយើង ពេលយើងមានទុក្ខកង្វល់។ គម្ពីរដាស់តឿនយើងឲ្យ«យកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»។ (ពេត្រុសទី១ ៤:៧) យើងអាចសុំជំនួយពីព្រះ ព្រមទាំងប្រាជ្ញា និងចិត្ដក្លាហាន ដើម្បីធ្វើអ្វីដែលយើងអាចធ្វើបានក្នុងស្ថានភាពរបស់យើង ហើយមានទំនុកចិត្ដថា«ព្រះនឹងស្តាប់នូវអ្វីក៏ដោយដែលយើងសុំ»។—យ៉ូហានទី១ ៥:១៥

ជាមួយប្ដីគាត់ ឈ្មោះអេវី

គម្ពីរប្រាប់ថាសាថានជា«អ្នកគ្រប់គ្រងពិភពលោកនេះ» មិនមែនព្រះនោះទេ។ គម្ពីរក៏ប្រាប់ដែរថា«ពិភពលោកទាំងមូលនៅក្រោមអំណាចរបស់មេកំណាច»។ (យ៉ូហាន ១២:៣១; យ៉ូហានទី១ ៥:១៩) ហេតុនេះ ពេលលោកយេស៊ូបង្រៀនយើងឲ្យអធិដ្ឋានថា«សូមសង្គ្រោះយើងឲ្យរួចពីមេកំណាច» នោះលោកចង់បញ្ជាក់ថាមេកំណាចជាបុគ្គលមែនទែន។ (ម៉ាថាយ ៦:១៣) អឺឡូនណាប្រាប់បន្ដថា«នៅពេលដែលសំឡេងស៊ីរ៉ែនព្រមានចាប់ផ្ដើមម្ដងទៀត ខ្ញុំអធិដ្ឋានសុំព្រះយេហូវ៉ាជួយខ្ញុំទប់អារម្មណ៍។ ប្ដីខ្ញុំក៏បានទូរស័ព្ទមកខ្ញុំ ហើយអធិដ្ឋានជាមួយខ្ញុំតាមទូរស័ព្ទ។ ការអធិដ្ឋាននោះពិតជាជួយខ្ញុំមែន»។ ដូចបទគម្ពីរមួយចែងថា«ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នកដែលអំពាវនាវដល់ទ្រង់ គឺអស់អ្នកដែលអំពាវនាវដល់ទ្រង់ដោយពិតត្រង់»។—ទំនុកតម្កើង ១៤៥:១៨

សេចក្ដីសង្ឃឹមរបស់មនុស្សជាតិ

នៅក្នុងសុន្ទរថារបស់លោកយេស៊ូដែលបានថ្លែងនៅលើភ្នំ លោកបានបង្រៀនអ្នកកាន់តាមលោកឲ្យអធិដ្ឋានថា«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»។ (ម៉ាថាយ ៦:១០) រាជាណាចក្ររបស់ព្រះនឹងដកចេញទាំងស្រុងនូវទុក្ខកង្វល់ទាំងអស់ជារៀងរហូត។ តាមរយៈលោកយេស៊ូជា«ម្ចាស់នៃមេត្រីភាព» ព្រះនឹងបណ្ដាលឲ្យ«សង្គ្រាមស្ងប់រំងាប់ រហូតដល់ចុងផែនដី»។ (អេសាយ ៩:៦; ទំនុកតម្កើង ៤៦:៩) «ទ្រង់[ព្រះ]នឹងធ្វើជាចៅក្រមដល់សាសន៍ជាច្រើន . . . អស់ទាំងនគរនឹងលែងលើកដាវច្បាំងគ្នាទៀត ក៏មិនរៀនវិជ្ជាចំបាំងទៀតទៅ។ . . . ឥតមានអ្នកណាបំភ័យគេឡើយ»។ (មីកា ៤:៣, ៤) ក្រុមគ្រួសារនានានឹងមានសុភមង្គល ហើយពួកគេ«នឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅផង ក៏នឹងដាំចំការទំពាំងបាយជូរ ហើយនឹងបរិភោគផលដែរ»។ (អេសាយ ៦៥:២១) «ពួកអ្នកដែលនៅក្នុងក្រុង គេនឹងមិនថា៖ ‹ខ្ញុំឈឺ›ទៀតឡើយ»។—អេសាយ ៣៣:២៤

នៅសព្វថ្ងៃនេះ ទោះជាយើងខំប្រយ័ត្នយ៉ាងណាក៏ដោយ យើងមិនអាចគេចផុតពី«ពេលវេលានឹងឱកាស»ដែលយើងមិនដឹងទុកជាមុនទេ។ ម្យ៉ាងទៀត យើងក៏មិនអាចដឹងថាកន្លែងណា ឬពេលណានឹងមានគ្រោះថ្នាក់នោះដែរ។ (សាស្តា ៩:១១) អស់ជាច្រើនសតវត្សរ៍កន្លងមកហើយ សង្គ្រាម អំពើឃោរឃៅ និងជំងឺផ្សេងបន្ដសម្លាប់មនុស្សល្អមិនចេះដាច់។ បើដូច្នេះ តើមានសេចក្ដីសង្ឃឹមអ្វីសម្រាប់ជនស្លូតត្រង់ទាំងនោះ?

មនុស្សរាប់លាននាក់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយចំនួននេះមានតែព្រះទេទើបដឹង។ នៅសព្វថ្ងៃនេះ ព្រះនៅចាំពួកគេមិនភ្លេច ហើយពួកគេប្រៀបដូចជាដេកលក់ រហូតដល់ថ្ងៃដែល«អស់អ្នកនៅក្នុងផ្នូរដែលសម្រាប់ជាទីរំលឹក នឹង . . . ចេញមក»។ (យ៉ូហាន ៥:២៨, ២៩) ស្ដីអំពីការប្រោសឲ្យរស់ឡើងវិញ គម្ពីរផ្ដល់ការធានាដល់យើងថា«សេចក្ដីសង្ឃឹមនេះជាយុថ្កាសម្រាប់ជីវិតយើង ក៏រឹងមាំនិងពិតប្រាកដ»។ (ហេប្រឺ ៦:១៩) បន្ថែមទៅទៀត ព្រះ«បានផ្ដល់ការធានាដល់មនុស្សគ្រប់រូប ដោយប្រោស[លោកយេស៊ូ]ឲ្យរស់ពីស្លាប់ឡើងវិញ»។—សកម្មភាព ១៧:៣១

នៅសព្វថ្ងៃនេះ សូម្បីតែអ្នកដែលព្យាយាមធ្វើឲ្យព្រះពេញចិត្ដ ក៏មានទុក្ខកង្វល់ដែរ។ ដោយមានគំនិតឈ្លាសវៃ ដោយចូលទៅជិតព្រះតាមរយៈសេចក្ដីអធិដ្ឋាន និងដោយមានទីសំអាងដែលគួរឲ្យទុកចិត្ដថានឹងមានអនាគតភ្លឺស្វាងដូចគម្ពីររៀបរាប់ ប៉ូល ជេនណិត និងអឺឡូនណាបានយកឈ្នះបញ្ហាទាំងប៉ុន្មាន ពេលពួកគាត់មានទុក្ខកង្វល់។ ដូចដែលព្រះបានជួយពួកគាត់ ‹សូមព្រះដែលផ្ដល់សេចក្ដីសង្ឃឹម ធ្វើឲ្យអ្នកពោរពេញទៅដោយអំណរនិងសេចក្ដីសុខសាន្ដគ្រប់ប្រការ ដោយសារអ្នកមានជំនឿលើលោក›។—រ៉ូម ១៥:១៣