លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​ដប់​បួន

ការរួមរស់ជាមួយគ្នារហូតដល់ចាស់

ការរួមរស់ជាមួយគ្នារហូតដល់ចាស់

១, ២. (ក) តើ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ណា កាល​ដែល​មាន​វ័យ​ចាស់? (ខ) តើ​បុរស​ដែល​កោត​ខ្លាច​ព្រះ​ក្នុង​សម័យ​ព្រះ​គម្ពីរ​ស្កប់​ចិត្ត​យ៉ាង​ណា ក្នុង​កាល​ដែល​មាន​វ័យ​ចាស់?

 ពេល​យើង​ចាស់​ទៅ នោះ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន។ ភាព​ទន់​ខ្សោយ​ខាង​រាង​កាយ​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង។ រាល់​ដង​ពេល​យើង​ឆ្លុះ​កញ្ចក់ យើង​តែង​មើល​ឃើញ​មាន​ថែម​ទៀត​នូវ​ផ្នត់​ជ្រួញ​នៅ​លើ​ផ្ទៃ​មុខ និង​សក់​ស្កូវ​ច្រើន​ជាង ថែម​ទាំង​ក្បាល​ក៏​ចាប់​ផ្ដើម​ទំ​ពែ​ក​ជា​បណ្ដើរ​ៗ។ ការ​ចង​ចាំ​ខ្លះ​របស់​យើង​ចាប់​ផ្ដើម​អន់​ទៅ​ៗ។ ពេល​ដែល​កូន​រៀប​ការ​និង​មាន​ចៅ នោះ​ទំនាក់​ទំនង​ថ្មី​ក្នុង​គ្រួសារ​ក៏​ចាប់​ផ្ដើម​មាន​ឡើង។ ចំពោះ​អ្នក​ខ្លះ​ពេល​ចូល​និវត្តន៍ នោះ​ជីវិត​របស់​គាត់​បាន​កែ​ប្រែ​ទាំង​ស្រុង។

តាម​ការ​ពិត ពេល​ចូល​ដល់​វ័យ​ចាស់​អាច​ជា​វ័យ​មួយ​ដ៏​ពិបាក។ (សាស្ដា ១២:១​-​៨) ក៏​ប៉ុន្តែ សូម​ពិចារណា​មើល​ពួក​អ្នក​បំរើ​របស់​ព្រះ​នៅ​សម័យ​ព្រះ​គម្ពីរ។ នៅ​ទី​បំផុត ទោះ​ជា​ពួក​គាត់​នឹង​ស្លាប់​ក៏​ដោយ ពួក​គាត់​បាន​ទទួល​ប្រាជ្ញា​និង​ការ​យោគ​យល់ ហើយ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ស្កប់​ចិត្ត​ជា​ខ្លាំង​ក្នុង​កាល​ដែល​មាន​វ័យ​ចាស់។ (លោកុប្បត្តិ ២៥:៨; ៣៥:២៩; យ៉ូប ១២:១២; ៤២:១៧) តើ​ពួក​គាត់​ទទួល​បាន​ជោគ​ជ័យ​និង​ចិត្ត​រីករាយ​យ៉ាង​ណា ក្នុង​កាល​ដែល​មាន​វ័យ​ចាស់? ប្រាកដ​មែន​ហើយ ដោយ​រស់​នៅ​ស្រប​តាម​គោល​ការណ៍​ដែល​បាន​កត់​ទុក​ក្នុង​ព្រះ​គម្ពីរ​ដែល​យើង​មាន​នៅ​សព្វ​ថ្ងៃ​នេះ។—ទំនុក​ដំ​កើង ១១៩:១០៥; ធីម៉ូថេ​ទី​២ ៣:១៦, ១៧

៣. តើ​ប៉ុល​បាន​ជូន​ឱវាទ​អ្វី​ដល់​មនុស្ស​វ័យ​ចាស់?

សាវ័ក​ប៉ុល​បាន​ផ្ដល់​ការ​ណែនាំ​ដ៏​ល្អ​ក្នុង​សំបុត្រ​របស់​គាត់​ជូន​ទីតុស​និង​អស់​អ្នក​ដែល​មាន​វ័យ​ចាស់។ គាត់​បាន​សរសេរ​ថា៖ «ត្រូវ​ទូន្មាន​ឲ្យ​ពួក​ចាស់​ៗ​ដឹង​ខ្នាត មាន​ចិត្ត​នឹង​ធឹង ហើយ​ធ្ងន់​ធ្ងរ ឲ្យ​មាន​សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​ខ្ជាប់​ខ្ជួន​ដ៏​ត្រឹម​ត្រូវ​ផង ឲ្យ​ពួក​ស្ត្រី​ចាស់​ៗ​បាន​បែប​ដូច​គ្នា ទាំង​ប្រព្រឹត្ត​បែប​គួរ​នឹង​ពួក​ស្ត្រី​បរិសុទ្ធ មិន​ត្រូវ​និយាយ​ដើម​គេ ឬ​ជាប់​ស្រា​ទំពាំង​បាយ​ជូរ​ឡើយ ត្រូវ​ខំ​បង្រៀន​សេចក្ដី​ត្រឹម​ត្រូវ​វិញ»។ (ទីតុស ២:២, ៣) ការ​ធ្វើ​តាម​ពាក្យ​ទាំង​នេះ អាច​ជួយ​អ្នក​ឲ្យ​ប្រឈម​មុខ​នឹង​ភាព​ពិបាក​ក្នុង​ពេល​មាន​វ័យ​ចាស់​នោះ។

ការ​សម្រប​ទៅ​តាម​កូន ពេល​កូន​បែក​ផ្ទះ

៤, ៥. តើ​មាតា​បិតា​ជា​ច្រើន​មាន​អារម្មណ៍​យ៉ាង​ណា ពេល​កូន​របស់​គាត់​បែក​ផ្ទះ ហើយ​តើ​អ្នក​ខ្លះ​បាន​សម្រប​ទៅ​តាម​ស្ថានភាព​ថ្មី​យ៉ាង​ដូច​ម្ដេច?

ការ​ផ្លាស់​ប្ដូរ​មុខ​នាទី តម្រូវ​ឲ្យ​មាន​ការ​សម្រប​ទៅ​តាម។ នេះ​គឺ​ជា​ការ​ពិត​មែន! ពេល​កូន​ៗ​ពេញ​វ័យ​បែក​ផ្ទះ និង​បាន​រៀប​ការ​នោះ។ ចំពោះ​មាតា​បិតា​ជា​ច្រើន នេះ​ជា​លើក​ដំបូង​ដែល​គាត់​ដឹង​យ៉ាង​ប្រាកដ​ថា គាត់​ចាប់​ផ្ដើម​ចាស់​ទៅ​ៗ។ ទោះ​ជា​គាត់​សប្បាយ​ចិត្ត​ដែល​កូន​របស់​គាត់ បាន​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ​ក៏​ដោយ តែ​មាតា​បិតា​តែង​ខ្វល់​ខ្វាយ​ថា តើ​គាត់​បាន​ខំ​ធ្វើ​អស់​ពី​សមត្ថភាព​ហើយ​ឬ​នៅ ក្នុង​ការ​រៀប​ចំ​កូន​ៗ​ឲ្យ​ចេះ​គ្រប់​គ្រង​ខ្លួន​ឯង ពេល​កូន​ៗ​ចង់​បែក​ផ្ទះ​នោះ។ ហើយ​មាតា​បិតា​អាច​នឹក​រលឹក​ទៅ​ដល់​កូន​ៗ ដោយ​សារ​តែ​កូន​លែង​នៅ​ផ្ទះ​ជា​មួយ​គាត់​ទៀត​ហើយ។

គួរ​ឲ្យ​យោគ​យល់​មែន ដែល​មាតា​បិតា​បន្ត​មាន​ចិត្ត​ខ្វល់​ខ្វាយ​នឹង​សុខុមាលភាព​នៃ​កូន​របស់​គាត់ ទោះ​ជា​កូន​បាន​បែក​ផ្ទះ​ហើយ​ក៏​ដោយ។ មាតា​ម្នាក់​បាន​ពោល​ថា៖ «ប្រសិន​បើ​ខ្ញុំ​អាច​ឮ​ដំណឹង​ជា​រឿយ​ៗ​ពី​កូន​របស់​ខ្ញុំ ដើម្បី​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ទុក​ចិត្ត​ថា​ពួក​គេ​សុខ​សប្បាយ​ធម្មតា នោះ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​មែន»។ បិតា​ម្នាក់​រៀប​រាប់​ថា៖ «នៅ​ពេល​ដែល​កូន​ស្រី​របស់​យើង​បាន​បែក​ផ្ទះ នោះ​គឺ​ជា​គ្រា​ដ៏​ពិបាក​បំផុត។ គ្រួសារ​របស់​យើង​ដូច​ជា​បាន​បាត់​បង់​អ្វី​មួយ ពីព្រោះ​យើង​តែង​តែ​ធ្វើ​អ្វី​ៗ​ជា​មួយ​គ្នា»។ ដោយ​សារ​កូន​របស់​គាត់​បាន​បែក​ផ្ទះ​នោះ តើ​មាតា​បិតា​ទាំង​នេះ​អាច​ដោះ​ស្រាយ​បញ្ហា​យ៉ាង​ណា? ក្នុង​ករណី​ជា​ច្រើន ពួក​គាត់​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​ដទៃ​ហើយ​ជួយ​គេ។

៦. តើ​អ្វី​ជួយ​រក្សា​ឲ្យ​ទំនាក់​ទំនង​គ្រួសារ​បាន​ប្រសើរ?

នៅ​ពេល​ដែល​កូន​រៀប​ការ នោះ​មុខ​នាទី​របស់​មាតា​បិតា​ក៏​ផ្លាស់​ប្ដូរ។ លោកុប្បត្តិ ២:២៤ ចែង​ថា៖ «ដោយ​ហេតុ​នោះ បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ»។ ការ​ទទួល​ស្គាល់​នូវ​គោល​ការណ៍​របស់​ព្រះ ស្តី​អំពី​ប្រមុខភាព​និង​ការ​មាន​របៀប​រៀប​រយ នឹង​ជួយ​មាតា​បិតា​ឲ្យ​រក្សា​នូវ​ទស្សនៈ​ត្រឹម​ត្រូវ។—កូរិនថូស​ទី​១ ១១:៣; ១៤:៣៣, ៤០

៧. តើ​បិតា​ម្នាក់​បាន​បណ្ដុះ​នូវ​អាកប្បកិរិយា​ដ៏​ល្អ​យ៉ាង​ណា ពេល​ដែល​កូន​ស្រី​ៗ​របស់​គាត់​បាន​រៀប​ការ​ហើយ​បែក​ផ្ទះ​នោះ?

ក្រោយ​ពី​កូន​ស្រី​ពីរ​នាក់​របស់​គូ​ស្វាមីភរិយា​នេះ​បាន​រៀប​ការ ហើយ​បាន​បែក​ផ្ទះ នោះ​ពួក​គាត់​បាន​ដឹង​ថា​ជីវិត​របស់​ពួក​គាត់​ដូច​ជា​បាត់​បង់​អ្វី​មួយ។ នៅ​មុន​ដំបូង ឪពុក​ដូច​ជា​មាន​អារម្មណ៍​តូច​ចិត្ត​នឹង​កូន​ប្រសា​ប្រុស​របស់​គាត់។ ក៏​ប៉ុន្តែ កាល​ដែល​គាត់​បាន​សញ្ជឹង​គិត​អំពី​គោល​ការណ៍​នៃ​ប្រមុខភាព នោះ​គាត់​បាន​ទទួល​ស្គាល់​ថា ឥឡូវ​កូន​ប្រសា​របស់​គាត់​ជា​អ្នក​មើល​ខុស​ត្រូវ​ក្នុង​ក្រុម​គ្រួសារ​របស់​គេ​ផ្ទាល់។ ដូច្នេះ​ហើយ នៅ​ពេល​ដែល​កូន​ស្រី​ពីរ​នាក់​បាន​សុំ​យោបល់​ពី​គាត់ នោះ​គាត់​បាន​សួរ​កូន​ស្រី​ថា​តើ​ស្វាមី​របស់​កូន​គិត​យ៉ាង​ណា ហើយ​ក្រោយ​មក គាត់​បាន​ខំ​គាំទ្រ​អស់​ពី​សមត្ថភាព។ កូន​ប្រសា​ប្រុស​របស់​គាត់​ឥឡូវ​ចាត់​ទុក​គាត់​ជា​មិត្ត​ម្នាក់ និង​ទទួល​យក​ឱវាទ​របស់​គាត់​ដែរ។

៨, ៩. តើ​តាម​របៀប​ណា​ដែល​មាតា​បិតា​បាន​សម្រប​ទៅ​តាម​ភាព​គ្រប់​គ្រង​ខ្លួន​ឯង​របស់​កូន ដែល​ជា​មនុស្ស​ពេញ​វ័យ​ហើយ​នោះ?

ចុះ​យ៉ាង​ណា ប្រសិន​បើ​អ្នក​ទើប​នឹង​រៀប​ការ​ថ្មី​ៗ ហើយ​មាតា​បិតា​របស់​អ្នក​ចង់​ឲ្យ​អ្នក​ធ្វើ​អ្វី​ដែល​គាត់​គិត​ថា​ប្រសើរ​ជាង ផ្ទុយ​ទៅ​វិញ​អ្នក​មិន​បាន​ធ្វើ​តាម​នោះ តែ​តាម​បទ​គម្ពីរ​គឺ​មិន​ខុស​ទេ? គូ​ស្វាមីភរិយា​ដែល​មាន​កូន​រៀប​ការ​ហើយ ពន្យល់​ថា៖ «យើង​តែង​តែ​ជួយ​ពួក​គេ​ឲ្យ​ឃើញ​នូវ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ បើ​យើង​ឥត​យល់​ស្រប​នឹង​សេចក្ដី​សម្រេច​ចិត្ត​របស់​ពួក​គេ​ទេ យើង​ក៏​មិន​អន់​ចិត្ត​ឡើយ តែ​យើង​ផ្ដល់​ការ​គាំទ្រ​និង​ការ​លើក​ទឹក​ចិត្ត​វិញ»។

នៅ​ប្រទេស​ខ្លះ​ក្នុង​ភូមិ​ភាគ​អាស៊ី មាតា​ខ្លះ​មាន​ការ​ពិបាក​នឹង​ទទួល​យក​នូវ​ភាព​គ្រប់​គ្រង​ខ្លួន​ឯង​នៃ​កូន​ប្រុស​របស់​គាត់។ ក៏​ប៉ុន្តែ ប្រសិន​បើ​មាតា​ទាំង​ឡាយ​គោរព​នូវ​របៀប​រៀប​រយ​និង​ប្រមុខភាព​គ្រីស្ទាន នោះ​ពួក​គាត់​នឹង​ឃើញ​ថា ការ​រង្កៀស​ចិត្ត​គ្នា​ជា​មួយ​កូន​ប្រសា​ស្រី​របស់​ខ្លួន នឹង​បាន​កាត់​បន្ថយ។ ស្ត្រី​គ្រីស្ទាន​ម្នាក់​យល់​ឃើញ​ថា ពេល​កូន​ប្រុស​គាត់​បែក​ផ្ទះ នោះ​មាន«ការ​ដឹង​គុណ​កាន់​តែ​ខ្លាំង​ឡើង»។ គាត់​មាន​ចិត្ត​រំភើប ពេល​ឃើញ​ថា​ពួក​គេ​មាន​សមត្ថភាព​មើល​ថែ​ទាំ​គ្រួសារ​ថ្មី​របស់​គេ។ ជា​លទ្ធផល នេះ​បាន​សេចក្ដី​ថា គេ​មាន​ការ​ធូរ​ស្រាល​ខាង​ចិត្ត​គំនិត​ពី​បន្ទុក​ដែល​គាត់​និង​ស្វាមី​របស់​គាត់​មាន កាល​ដែល​ពួក​គាត់​កាន់​តែ​ចាស់​ទៅ។

ចូរ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក

១០, ១១. តើ​ឱវាទ​អ្វី​ក្នុង​បទ​គម្ពីរ​នឹង​ជួយ​មនុស្ស ដែល​ស្ថិត​នៅ​ក្នុង​បច្ឆិម​វ័យ​ឲ្យ​ជៀស​វាង​ពី​ការ​ល្បួង​ខ្លះ​ៗ​នោះ?

១០ មនុស្ស​មាន​ប្រតិកម្ម​ផ្សេង​ៗ​ពេល​មក​ដល់​បច្ឆិម​វ័យ។ បុរស​ខ្លះ​ស្លៀក​ពាក់​យ៉ាងស្អាត​ប្លែក ដោយ​ចង់​ឲ្យ​គេ​មើល​ទៅ​ក្មេង​ជាង។ ស្ត្រី​ជា​ច្រើន​ខ្វល់​ខ្វាយ​អំពី​ការ​ប្រែ​ប្រួល​ដែល​មាន​មក​ពី​ការ​អស់​រដូវ។ គួរ​ឲ្យ​សោក​ស្ដាយ​មែន ដែល​បុគ្គល​ស្ថិត​ក្នុង​បច្ឆិម​វ័យ​ខ្លះ​បាន​ធ្វើ​ឲ្យ​គូ​របស់​ខ្លួន​អាក់​អន់​ចិត្ត និង​មាន​ចិត្ត​ប្រច័ណ្ឌ ដោយ​ព្រោះ​តែ​បុគ្គល​នោះ​និយាយ​ចែ​ចង់​នឹង​មនុស្ស​ភេទ​ផ្ទុយ​ដែល​ក្មេង​ជាង​ខ្លួន។ ប៉ុន្តែ ពួក​បុរស​ដែល​កោត​ខ្លាច​ព្រះ គឺ​មាន«គំនិត​នឹង​ធឹង» ដោយ​ទប់​ទល់​នឹង​បំណង​ចិត្ត​ដែល​ខុស​ឆ្គង។ (ពេត្រុស​ទី​១ ៤:៧) ពួក​ស្ត្រី​ដែល​មាន​គំនិត​ចាស់​ទុំ ក៏​ខំ​រក្សា​ឲ្យ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​បាន​ស្ថិត​ស្ថេរ​ដែរ ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ស្វាមី​របស់​ខ្លួន និង​មាន​ចិត្ត​ប្រាថ្នា​ចង់​ផ្គាប់​ព្រះ​ទ័យ​ព្រះ​យេហូវ៉ា។

១១ ដោយ​ព្រះ​បាន​បណ្ដាល​ឲ្យ​តែង នោះ​ស្តេ​ច​លេមយួល​បាន​កត់​ទុក​នូវ​សេចក្ដី​សរសើរ​ចំពោះ‹ភរិយា​ដែល​មាន​សមត្ថភាព› ដោយ​ផ្ដល់​រង្វាន់​ជូន​ស្វាមី​នាង«បាន​សេចក្ដី​ល្អ មិន​មែន​អាក្រក់​ឡើយ រហូត​ដល់​អស់​១​ជីវិត​នាង»។ ស្វាមី​គ្រីស្ទាន​ម្នាក់​នឹង​យោគ​យល់​ជា​និច្ច ពី​របៀប​ដែល​ភរិយា​របស់​គាត់​ខំ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ខាង​ផ្លូវ​ចិត្ត ដែល​ភរិយា​ពិសោធ​ក្នុង​កំ​ឡុ​ង​បច្ឆិម​វ័យ​នោះ។ ដោយ​គាត់​មាន​សេចក្ដី​ស្រឡាញ់ នោះ​នឹង​ជំរុញ​ឲ្យ​គាត់‹សរសើរ​នាង›។—សុភាសិត ៣១:១០, ១២, ២៨

១២. តើ​តាម​របៀប​ណា​ដែល​គូ​ស្វាមីភរិយា អាច​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ឡើង កាល​ដែល​មាន​វ័យ​ចាស់​ទៅ​នោះ?

១២ ក្នុង​កំ​ឡុ​ង​ឆ្នាំ​ដ៏​មមាញឹក​នៃ​ការ​ចិញ្ចឹម​កូន អ្នក​ទាំង​ពីរ​ប្រហែល​ជា​មាន​ចិត្ត​រីករាយ​ក្នុង​ការ​ចាត់​ទុក​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន​ជា​អ្វី​ដ៏​មិន​សំខាន់ ដើម្បី​មើល​ថែ​ទាំ​កូន​និង​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ ក្រោយ​ពី​កូន​ៗ​បែក​ផ្ទះ​ទៅ នេះ​គឺ​ជា​ពេល​ដើម្បី​ផ្ដោត​អារម្មណ៍​ជា​ថ្មី មក​លើ​ទំនាក់​ទំនង​ជា​ស្វាមីភរិយា​របស់​អ្នក​វិញ។ ស្វាមី​ម្នាក់​និយាយ​ថា៖ «ពេល​ដែល​កូន​ស្រី​ៗ​របស់​ខ្ញុំ​បាន​បែក​ផ្ទះ ខ្ញុំ​បាន​ចាប់​ផ្ដើម​ដើរ​លេង​តែ​ពីរ​នាក់​ជា​មួយ​ភរិយា​របស់​ខ្ញុំ​ម្ដង​ទៀត»។ ស្វាមី​ម្នាក់​ទៀត​និយាយ​ថា៖ «យើង​ខំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​របស់​គ្នា​ទៅ​វិញ​ទៅ​មក និង​រំឭក​ខ្លួន​ឯង​អំពី​តម្រូវ​ការ​ឲ្យ​ហាត់​ប្រាណ»។ ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍​កណ្ដោច​កណ្ដែង គាត់​និង​ភរិយា​អញ្ជើញ​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ឲ្យ​មក​លេង​ជា​មួយ​ពួក​គាត់។ ត្រូវ​ហើយ ការ​បង្ហាញ​ការ​ចាប់​អារម្មណ៍​នឹង​អ្នក​ដទៃ​នាំ​ឲ្យ​មាន​ពរ​ច្រើន។ ម្យ៉ាង​វិញ​ទៀត នេះ​ក៏​ផ្គាប់​ព្រះ​ទ័យ​ព្រះ​យេហូវ៉ា​ដែរ។—ភីលីព ២:៤; ហេព្រើរ ១៣:២, ១៦

១៣. តើ​ការ​និយាយ​ឥត​លាក់​លៀម​និង​ដោយ​ទៀង​ត្រង់ មាន​សារៈ​សំខាន់​យ៉ាង​ណា​ពេល​គូ​ស្វាមីភរិយា​មាន​វ័យ​ចាស់​នោះ?

១៣ កុំ​ឲ្យ​អ្នក​និង​គូ​របស់​អ្នក​ឈប់​និយាយ​គ្នា។ ចូរ​និយាយ​ជា​មួយ​គ្នា​ដោយ​ឥត​លាក់​លៀម។ (សុភាសិត ១៧:២៧) ស្វាមី​ម្នាក់​និយាយ​ថា៖ «យើង​យល់​ចិត្ត​គ្នា​កាន់​តែ​ច្រើន​ឡើង ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ចេះ​គិត​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។ ភរិយា​របស់​គាត់​ឯកភាព ដោយ​ពោល​ថា៖ «កាល​ដែល​យើង​មាន​វ័យ​ចាស់​ទៅ យើង​ចូល​ចិត្ត​ផឹក​តែ​ជា​មួយ​គ្នា សំណេះសំណាល​គ្នា និង​ធ្វើ​អ្វី​ៗ​រួម​គ្នា»។ ដោយ​អ្នក​និយាយ​ដ៏​ឥត​លាក់​លៀម​និង​ទៀង​ត្រង់​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ គឺ​អាច​ជួយ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​ឲ្យ​បាន​រឹង​មាំ​ដែល​នឹង​បង្ការ​ពី​ការ​ពាធា​របស់​សាតាំង ដែល​វា​ជា​អ្នក​បំផ្លិច​បំផ្លាញ​អាពាហ៍ពិពាហ៍។

សប្បាយ​ជា​មួយ​ចៅ​ៗ​របស់​អ្នក

១៤. តើ​ជីដូន​របស់​ធីម៉ូថេ​មាន​មុខ​នាទី​សំខាន់​យ៉ាង​ណា ពេល​ធីម៉ូថេ​បាន​ធំ​ឡើង​ជា​គ្រីស្ទាន​ម្នាក់?

១៤ ចៅ​ៗ​ជា«មកុដ»ដល់​មនុស្ស​ចាស់។ (សុភាសិត ១៧:៦) ការ​មាន​មិត្តភាព​ជា​មួយ​ចៅ​ៗ​គួរ​ជា​ទី​ពេញ​ចិត្ត​មែន ដែល​បង្កើន​កម្លាំង​ខាង​រាង​កាយ​និង​ធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្តទៀត​ផង។ ព្រះ​គម្ពីរ​បាន​ចែង​សរសើរ​ពី​ឡូអ៊ីស ដែល​ជា​ជីដូន​ម្នាក់​ដែល​បាន​រួម​ដៃ​ជា​មួយ​កូន​ស្រី​របស់​គាត់​ឈ្មោះ អ៊ើ​នី​ស ក្នុង​ការ​ចែក​ប្រាប់​ជំនឿ​របស់​គាត់​ជូន​ធីម៉ូថេ​ដែល​ជា​ចៅ។ ក្មេង​នេះ​បាន​ធំ​ឡើង ដោយ​ដឹង​ថា​ម្ដាយ​និង​ជីដូន​របស់​ខ្លួន បាន​ចាត់​ទុក​សេចក្ដី​ពិត​ខាង​ព្រះ​គម្ពីរ​ជា​អ្វី​ដែល​មាន​តម្លៃ។—ធីម៉ូថេ​ទី​២ ១:៥; ៣:១៤, ១៥

១៥. ស្តី​អំពី​ចៅ​ៗ តើ​ជីដូន​ជីតា​អាច​ផ្ដល់​អ្វី​ដ៏​មាន​តម្លៃ? ប៉ុន្តែ​តើ​ពួក​គាត់​គួរ​ជៀស​វាង​អ្វី?

១៥ ដូច្នេះ​ហើយ នេះ​ជា​ផ្នែក​ដ៏​ពិសេស​មួយ ដែល​ជីដូន​ជីតា​អាច​ផ្ដល់​ឲ្យ​នូវ​អ្វី​ដ៏​មាន​តម្លៃ​ជា​ទី​បំផុត។ ជីដូន​ជីតា​អើយ! អ្នក​បាន​ចែក​ប្រាប់​ចំណេះ​របស់​អ្នក​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ដល់​កូន​អ្នក​រួច​ទៅ​ហើយ។ តែ​ឥឡូវ​អ្នក​ក៏​អាច​ធ្វើ​ដូច​គ្នា​នេះ​ដល់​ចៅ​របស់​អ្នក​ផង​ដែរ! ក្មេង​ជា​ច្រើន​នាក់​មាន​ចិត្ត​រំភើប​ណាស់​ពេល​ឮ​ជីដូន​ជីតា​របស់​គេ​និយាយ​រ៉ាយរ៉ាប់​អំពី​រឿង​ក្នុង​ព្រះ​គម្ពីរ​នោះ។ ប្រាកដ​ហើយ អ្នក​មិន​ចង់​ដណ្ដើម​យក​ភារកិច្ច​នៃ​បិតា​របស់​ពួក​គេ ដើម្បី​បង្ហាត់​បង្រៀន​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​ដល់​ចៅ​របស់​អ្នក​នោះ​ទេ។ (ចោទិយកថា ៦:៧) ផ្ទុយ​ទៅ​វិញ អ្នក​គ្រាន់​តែ​ចង់​ជួយ​បង្គ្រប់​ភារកិច្ច​របស់​បិតា​ប៉ុណ្ណោះ។ សូម​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​បាន​ដូច​អ្នក​តែង​បទ​ទំនុក​ដំ​កើង​នេះ​ដែល​ថ្លែង​ថា៖ «ឱ​ព្រះ​អង្គ​អើយ! សូម​កុំ​លះ​បង់​ចោល​ទូល​បង្គំ​ឡើយ ទោះ​ទាំង​វេលា​ដែល​ទូល​បង្គំ​ចាស់​សក់​ស្កូវ​ហើយ​ផង ដរាប​ដល់​ទូល​បង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះ​ចេស្ដា​ទ្រង់ ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ នឹង​ពី​ឥទ្ធានុភាព​ទ្រង់ ដល់​ពួក​អ្នក​ដែល​ត្រូវ​កើត​ខាង​មុខ»។—ទំនុក​ដំ​កើង ៧១:១៨; ៧៨:៥, ៦

១៦. តើ​តាម​របៀប​ណា​ដែល​ជីដូន​ជីតា​ត្រូវ​ជៀស​វាង​ពី​ការ​ធ្វើ​ជា​ដើម​ហេតុ​នៃ​ភាព​តាន​តឹង​ចិត្ត​ក្នុង​គ្រួសារ​គាត់?

១៦ គួរ​ឲ្យ​សោក​ស្ដាយ​មែន ជីដូន​ជីតា​ខ្លះ​ទំ​រើស​ចៅ​ដល់​ម្ល៉េះ ដែល​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​រវាង​ពួក​គាត់​និង​កូន​គាត់។ ក៏​ប៉ុន្តែ ចិត្ត​សប្បុរស​ដ៏​ស្មោះ​របស់​អ្នក ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​ចៅ​ៗ​មាន​អារម្មណ៍​ស្រួល​នឹង​ប្រាប់​អ្នក​នូវ​រឿង​ណា​ខ្លះ ពេល​ដែល​ចៅ​ៗ​មិន​ចង់​ប្រាប់​រឿង​នោះ​ដល់​មាតា​បិតា​របស់​ពួក​គេ។ ជួន​កាល​ក្មេង​ៗ​សង្ឃឹម​ថា ជីដូន​ជីតា​ដ៏​សប្បុរស​របស់​ពួក​គេ​នឹង​កាន់​ជើង​ពួក​គេ ទាស់​នឹង​មាតា​បិតា​របស់​ខ្លួន។ តើ​នេះ​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៅ? ចូរ​ឲ្យ​មាន​ប្រាជ្ញា និង​លើក​ទឹក​ចិត្ត​ចៅ​ៗ​ឲ្យ​ប្រាប់​រឿង​ដល់​មាតា​បិតា​របស់​ពួក​គេ​ដោយ​ឥត​លាក់​លៀម។ អ្នក​អាច​ពន្យល់​ថា នេះ​នឹង​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​យេហូវ៉ា។ (អេភេសូរ ៦:១​-​៣) បើ​ត្រូវ​ការ​ចាំ​បាច់ អ្នក​អាច​ស្ម័គ្រ​ចិត្ត​ត្រាយ​ផ្លូវឲ្យ​ចៅ​ៗ ដោយ​ឲ្យ​ចៅ​ៗ​ទៅ​និយាយ​ជា​មួយ​មាតា​បិតា​ជា​មុន។ ចូរ​និយាយ​ត្រង់​ៗ​ជា​មួយ​ចៅ​របស់​អ្នក អំពី​អ្វី​ដែល​អ្នក​បាន​ដឹង​ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ សេចក្ដី​ទៀង​ត្រង់​និង​ឥត​លាក់​លៀម​របស់​អ្នក អាច​ជា​ប្រយោជន៍​ដល់​ចៅ។

ចូរ​ប្រែ​ប្រួល​ពេល​ដែល​អ្នក​ចាស់​ទៅ

១៧. តើ​អស់​អ្នក​ដែល​ជា​គ្រីស្ទាន​មាន​វ័យ​ចាស់ គួរ​តែ​ត្រាប់​តាម​ការ​ប្ដេជ្ញា​ចិត្ត​អ្វី​របស់​អ្នក​តែង​បទ​ទំនុក​ដំ​កើង?

១៧ កាល​ដែល​អ្នក​មាន​វ័យ​ចាស់​ទៅ អ្នក​នឹង​ឃើញ​ថា​អ្នក​មិន​អាច​ធ្វើ​អ្វី​ៗ​បាន​ទាំង​អស់ ដូច​ជា​អ្នក​ធ្លាប់​បាន​ធ្វើ​ពី​មុន ឬ​ធ្វើ​នូវ​អ្វី​ទាំង​អស់​ដែល​អ្នក​ចង់​ធ្វើ​នោះ​ទេ។ តើ​យើង​សុខ​ចិត្ត​ទទួល​ស្គាល់​នូវ​ភាព​ចាស់​ជរា​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច? នៅ​ក្នុង​គំនិត​របស់​អ្នក អ្នក​អាច​មាន​អារម្មណ៍​ថា​អ្នក​មាន​អាយុ​៣០​ឆ្នាំ ប៉ុន្តែ​បើ​អ្នក​ឆ្លុះ​កញ្ចក់​មួយ​ភ្លែត​នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ហេតុ​ការណ៍​ពិត​ទៅ​វិញ។ ដូច្នេះ​សូម​កុំ​ឲ្យ​តូច​ចិត្ត​ឡើយ។ អ្នក​តែង​បទ​ទំនុក​ដំ​កើង​បាន​ទូល​អង្វរ​ព្រះ​យេហូវ៉ា​ថា៖ «សូម​កុំ​បោះ​បង់​ចោល​ទូល​បង្គំ ក្នុង​កាល​ដែល​ចាស់​ជរា​ឡើយ ហើយ​កុំ​លះ​បង់​ទូល​បង្គំ ក្នុង​កាល​ដែល​មាន​កំឡាំង​អន់​ថយ​នោះ​ដែរ»។ សូម​អ្នក​ប្ដេជ្ញា​ចិត្ត​ត្រាប់​តាម​អ្នក​តែង​បទ​ទំនុក​ដំ​កើង​នេះ​ចុះ! គាត់​បាន​ពោល​ថា៖ «ឯ​ទូល​បង្គំ​នឹង​មាន​សង្ឃឹម​ជា​និច្ច ហើយ​នឹង​សរសើរ​ដល់​ទ្រង់​កាន់​តែ​ច្រើន​ឡើង»។—ទំនុក​ដំ​កើង ៧១:៩, ១៤

១៨. តើ​គ្រីស្ទាន​ដែល​មាន​គំនិត​ចាស់​ទុំ អាច​ប្រើ​ពេល​ក្នុង​ការ​ចូល​និវត្តន៍​ឲ្យ​មាន​ប្រយោជន៍​យ៉ាង​ដូច​ម្ដេច?

១៨ មនុស្ស​ជា​ច្រើន​បាន​គ្រោង​ទុក​ជា​មុន ដើម្បី​បង្កើន​នូវ​ការ​សរសើរ​ថ្វាយ​ព្រះ​យេហូវ៉ា ក្រោយ​ពី​គេ​បាន​ចូល​និវត្តន៍​ពី​ការ​ងារ​ខាង​លោ​កី​យ៍​នោះ។ បិតា​ម្នាក់​ដែល​ចូល​និវត្តន៍​ហើយ ពន្យល់​ប្រាប់​ថា៖ «ខ្ញុំ​បាន​គ្រោង​ទុក​ជា​មុន​នូវ​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ ពេល​ដែល​កូន​ស្រី​របស់​យើង​រៀន​ចប់​ពី​សាលា។ ខ្ញុំ​បាន​តាំង​ចិត្ត​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ពេញ​ពេល។ ហើយ​ខ្ញុំ​នឹង​លក់​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​របស់​ខ្ញុំ ដើម្បី​អាច​មាន​ពេល​ទំនេរ​បំរើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ពេញ​លេញ​ជាង។ ខ្ញុំ​បាន​អធិស្ឋាន​ដើម្បី​អាច​ទទួល​ការ​ដឹក​នាំ​ពី​ព្រះ»។ ប្រសិន​បើ​អ្នក​ជិត​ដល់​អាយុ​ចូល​និវត្តន៍ សូម​ទទួល​យក​ការ​លើក​ទឹក​ចិត្ត​ពី​សេចក្ដី​ប្រកាស​របស់​ព្រះ​ដ៏​ជា​អ្នក​បង្កើត​ដ៏​ខ្ពស់​ថ្កើង​ដែល​ថា៖ «គឺ​អញ​នេះ​ពិត រហូត​ដល់​ឯង​ចាស់​ជរា​ផង អញ​នឹង​បី​ឯង ដរាប​ដល់​ឯង​មាន​សក់​ស»។—អេសាយ ៤៦:៤

១៩. ចំពោះ​អស់​អ្នក​ដែល​មាន​វ័យ​ចាស់​ទៅ តើ​មាន​ឱវាទ​អ្វី​សំ​រាប់​ពួក​គាត់?

១៩ ការ​ប្រែ​ប្រួល​ទៅ​តាម​ការ​ចូល​និវត្តន៍ គឺ​មិន​ស្រួល​នោះ​ទេ។ សាវ័ក​ប៉ុល​បាន​ឲ្យ​ឱវាទ​បុរស​ដែល​មាន​វ័យ​ចាស់​ឲ្យ«មាន​ចិត្ត​នឹង​ធឹង»។ នេះ​តម្រូវ​ឲ្យ​ចេះ​ទប់​ចិត្ត ដោយ​មិន​ធ្វើ​តាម​ទំនោរ​ចិត្ត​ចង់​បាន​ជីវិត​ស្រណុក​ស្រួល​នោះ​ទេ។ គឺ​ប្រហែល​ជា​ត្រូវ​មាន​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ដែល​ត្រូវ​ធ្វើ​និង​ភាព​គ្រប់​គ្រង​ខ្លួន​ឯង​កាន់​តែ​ខ្លាំង​ឡើង​ជាង​មុន​ៗ​ទៅ​ទៀត ក្រោយ​ពី​ចូល​និវត្តន៍​នោះ។ ដូច្នេះ សូម​ឲ្យ​ជាប់​រវល់«ធ្វើ​ការ​ព្រះ​អម្ចាស់ ឲ្យ​បរិបូរ​ជា​ដរាប​ចុះ! ដោយ​ដឹង​ថា ការ​ដែល​អ្នក​រាល់​គ្នា​ខំ​ប្រឹង​ធ្វើ​ក្នុង​ព្រះ​អម្ចាស់ នោះ​មិន​មែន​ឥត​ប្រយោជន៍​ទេ!»។ (កូរិនថូស​ទី​១ ១៥:៥៨) ចូរ​ពង្រីក​សកម្មភាព​របស់​អ្នក​ដើម្បី​ជួយ​អ្នក​ដទៃ។ (កូរិនថូស​ទី​២ ៦:១៣) ពួក​គ្រីស្ទាន​ជា​ច្រើន​ធ្វើ​ការ​នេះ ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​ខ្នះខ្នែង ​តាម​ល្បឿន​ដែល​ស្រប​ទៅ​តាម​អាយុ​របស់​ខ្លួន។ កាល​ដែល​អ្នក​មាន​វ័យ​ចាស់​ទៅ ចូរ«ឲ្យ​មាន​សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​ខ្ជាប់​ខ្ជួន​ដ៏​ត្រឹម​ត្រូវ​ផង»។—ទីតុស ២:២

ការ​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​នៃ​គូ​របស់​អ្នក

២០, ២១. (ក) ក្នុង​របប​លោ​កី​យ៍​នេះ នៅ​ទី​បំផុត តើ​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​គូ​ស្វាមីភរិយា​បែក​គ្នា​នោះ? (ខ) តើ​តាម​របៀប​ណា​ដែល​អា​ណ​ផ្ដល់​គំរូ​យ៉ាង​ល្អ​ចំពោះ​គូ​ដែល​មាន​ចិត្ត​សោកសៅ?

២០ គឺ​គួរ​ឲ្យ​សោក​ស្ដាយ​មែន ដែល​ថា​ក្នុង​របប​លោ​កី​យ៍​នេះ នៅ​ទី​បំផុត​នោះ​គូ​ស្វាមីភរិយា​នឹង​បែក​គ្នា​ដោយ​សារ​សេចក្ដី​ស្លាប់ នេះ​ជា​ហេតុ​ការណ៍​ពិត។ គូ​ស្វាមីភរិយា​គ្រីស្ទាន​ជា​ច្រើន​ដែល​កាន់​ទុក្ខ ដោយ​សារ​ស្វាមី​ឬ​ភរិយា​របស់​ខ្លួន​បាន​ស្លាប់​ទៅ ពួក​គេ​ដឹង​ថា​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​គេ​ឥឡូវ​នេះ​កំពុង​តែ​ដេក​លក់ ហើយ​ពួក​គេ​មាន​ទំនុក​ចិត្ត​ថា ពួក​គេ​នឹង​ឃើញ​គូ​របស់​ខ្លួន​ម្ដង​ទៀត។ (យ៉ូហាន ១១:១១, ២៥) ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ពេល​ស្វាមី​ឬ​ភរិយា​ស្លាប់​នោះ គឺ​គេ​នៅ​តែ​សោកសៅ​ដដែល។ តើ​ស្វាមី​ឬ​ភរិយា​ដែល​នៅ​រស់​នឹង​ប្រឈម​មុខ​រឿង​នេះ​យ៉ាង​ណា​ទៅ​បាន? a

២១ ការ​នឹក​ចាំ​ពី​បុគ្គល​ខ្លះ​ក្នុង​ព្រះ​គម្ពីរ ក៏​អាច​ជួយ​បាន​ដែរ។ ក្រោយ​ពី​អា​ណ​បាន​រៀប​ការ​អស់​ប្រាំ​ពីរ​ឆ្នាំ​មក នោះ​គាត់​បាន​ទៅ​ជា​ស្ត្រី​មេម៉ាយ ហើយ​ពេល​យើង​អានកំណត់​ហេតុ​អំពី​គាត់ នោះ​គាត់​មាន​អាយុ​៨៤​ឆ្នាំ​ទៅ​ហើយ។ យើង​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា គាត់​ពិត​ជា​សោកសៅ​យ៉ាង​ខ្លាំង ពេល​ដែល​ស្វាមី​គាត់​ស្លាប់​ទៅ​នោះ។ តើ​គាត់​បាន​ដោះ​ស្រាយ​នឹង​បញ្ហា​នេះ​យ៉ាង​ណា? គាត់​បាន​ផ្ដល់​កិច្ច​បំរើ​បរិសុទ្ធ​ថ្វាយ​ព្រះ​យេហូវ៉ា​នៅ​ព្រះ​វិហារ ទាំង​យប់​ទាំង​ថ្ងៃ។ (លូកា ២:៣៦​-​៣៨) ក្នុង​ជីវិត​ជា​ស្ត្រី​មេម៉ាយ​របស់​អា​ណ​តែង​តែ​ពោរ​ពេញ​ទៅ​ដោយ​ភាព​សោកសៅ ភាព​កណ្ដោច​កណ្ដែង តែ​អ្វី​ដែល​អាច​ជួយ​គាត់​ឲ្យ​បំបាត់​បញ្ហា​ទាំង​នេះ គឺ​ដោយ​គាត់​បាន​បំរើ​ព្រះ​យេហូវ៉ា​និង​ទូល​ទ្រង់​តាម​រយៈ​សេចក្ដី​អធិស្ឋាន​ជា​ទៀង​ទាត់។

២២. តើ​ស្ត្រី​មេម៉ាយ​និង​បុរស​ពោះម៉ាយ​ខ្លះ បាន​បំបាត់​ចោល​នូវ​ភាព​កណ្ដោច​កណ្ដែង​យ៉ាង​ដូច​ម្ដេច?

២២ ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​មាន​អាយុ​៧២​ឆ្នាំ គាត់​មេម៉ាយ​អស់​ដប់​ឆ្នាំ​ហើយ គាត់​ពន្យល់​ប្រាប់​ថា៖ «សេចក្ដី​ពិបាក​ដ៏​ធំ​បំផុត​ចំពោះ​ខ្ញុំ​គឺ​ការ​គ្មាន​គូ​និយាយ​លេង​ជា​មួយ។ ស្វាមី​របស់​ខ្ញុំ​ប៉ិន​ស្ដាប់​ណាស់។ យើង​តែង​និយាយ​អំពី​រឿង​ក្រុម​ជំនុំ និង​ការ​ចូល​រួម​របស់​យើង​ក្នុង​កិច្ច​បំរើ​គ្រីស្ទាន»។ ស្ត្រី​មេម៉ាយ​ម្នាក់​ទៀត​មាន​ប្រសាសន៍​ថា៖ «ទោះ​ជា​ពេល​វេលា​នឹង​ធ្វើ​ឲ្យ​យើង​ស្បើយ​ទុក្ខ​ក៏​ដោយ ខ្ញុំ​យល់​ថា​គឺ​ប្រសើរ​ជាង បើ​យើង​ប្រើ​ពេល​នោះ​ធ្វើ​អ្វី​ដ៏​មាន​ប្រយោជន៍​ជាង នេះ​នឹង​ពិត​ជា​អាច​ជួយ​ឲ្យ​យើង​ស្បើយ​ទុក្ខ​ថែម​ទៀត។ មិន​តែ​ប៉ុណ្ណោះ​ក៏​ធ្វើ​ឲ្យ​អ្នក​មាន​កាលៈទេសៈ​ដ៏​ប្រសើរ​ជាង​ដើម្បី​ជួយ​អ្នក​ដទៃ»។ បុរស​ពោះម៉ាយ​ម្នាក់​អាយុ​៦៧​ឆ្នាំ​ក៏​ឯកភាព​ដែរ ដោយ​មាន​ប្រសាសន៍​ថា៖ «វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​ការ​សោកសៅ​នោះ គឺ​ដោយ​ចំណាយ​ពេល​សម្រាល​ទុក្ខ​អ្នក​ដទៃ​ទៀត»។

ព្រះ​រាប់​ទុក​អ្នក​មាន​វ័យ​ចាស់​ជា​បុគ្គល​ដែល​មាន​តម្លៃ

២៣, ២៤. តើ​ការ​សម្រាល​ទុក្ខ​ដ៏​ធំ​ណា ដែល​ព្រះ​គម្ពីរ​ផ្ដល់​ឲ្យ​អស់​អ្នក​ដែល​មាន​វ័យ​ចាស់ ជា​ពិសេស​ចំពោះ​ស្ត្រី​មេម៉ាយ​និង​បុរស​ពោះម៉ាយ​នោះ?

២៣ ព្រះ​យេហូវ៉ា​នៅ​មាន​ព្រះ​ទ័យ​ស្មោះ​ត្រង់​ជា​និច្ច ទោះ​ជា​សេចក្ដី​ស្លាប់​បាន​ពង្រាត់​គូ​ជា​ទី​ស្រឡាញ់​ចេញ​ពី​អ្នក​ក៏​ដោយ។ ស្តេ​ច​ដាវីឌ​ពី​បុរាណ​បាន​ច្រៀង​ថា៖ «ខ្ញុំ​បាន​សូម​សេចក្ដី​តែ​១​ពី​ព្រះ​យេហូវ៉ា ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​យេហូវ៉ា រាល់​តែ​ថ្ងៃ​អស់​១​ជីវិត​ខ្ញុំ ដើម្បី​នឹង​រំពឹង​មើល​សេចក្ដី​លំអ​នៃ​ព្រះ​យេហូវ៉ា ហើយ​នឹង​ពិនិត្យ​ពិចារណា​នៅ​ក្នុង​ព្រះ​វិហារ​របស់​ទ្រង់»។—ទំនុក​ដំ​កើង ២៧:៤

២៤ សាវ័ក​ប៉ុល​ដាស់​តឿន​ថា៖ «ចូរ​គោរព​ដល់​ពួក​ស្ត្រី​ដែល​ពិត​ជា​មេម៉ាយ​មែន!»។ (ធីម៉ូថេ​ទី​១ ៥:៣) ឱវាទ​ដែល​មាន​ពី​សេចក្ដី​បង្គាប់​នេះ បញ្ជាក់​ថា​ស្ត្រី​មេម៉ាយ​ដែល​គ្មាន​សាច់​ញាតិ គួរ​ទទួល​ការ​សរសើរ និង​ការ​ការ​គាំទ្រ​ខាង​សម្ភារៈ​ពី​ក្រុម​ជំនុំ។ យ៉ាង​ណា​ក៏​ដោយ សេចក្ដី​បង្គាប់​ដែល​ថា​ឲ្យ«គោរព» រួម​បញ្ចូល​ការ​ចាត់​ទុក​ពួក​គាត់​ថា​មាន​តម្លៃ។ ជា​ការ​គួរ​ឲ្យ​សម្រាល​ទុក្ខ​យ៉ាង​ណា​ទៅ​ហ្ន៎! ចំពោះ​ស្ត្រី​មេម៉ាយ​និង​បុរស​ពោះម៉ាយ ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​រាប់​ទុក​ពួក​គាត់​ពិត​ជា​មាន​តម្លៃ ព្រម​ទាំង​ទ្រ​ទ្រង់​ពួក​គាត់​ទៀត​ផង។—យ៉ាកុប ១:២៧

២៥. តើ​គោល​ដៅ​អ្វី​ដែល​មនុស្ស​ចាស់​ជរា​គួរ​មាន?

២៥ ព្រះ​បន្ទូល​របស់​ព្រះ​ប្រកាស​ថា៖ «សក់​ស្កូវ​ជា​គ្រឿង​លំអ​ដល់​មនុស្ស​ចាស់» ហើយ«បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិ​ត្ដិ​សព្ទ»។ (សុភាសិត ១៦:៣១; ២០:២៩) បើ​ដូច្នេះ មិន​ថា​អ្នក​រៀប​ការ​ម្ដង​ទៀត​ឬ​ក៏​មិន​រៀប​ការ​ម្ដង​ទៀត​នោះ​ទេ សូម​បន្ត​ទុក​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា​ជា​អាទិភាព​ក្នុង​ជីវិត​របស់​អ្នក នោះ​អ្នក​នឹង​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ចំពោះ​ព្រះ​នៅ​ពេល​ឥឡូវ​នេះ និង​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​ជីវិត​អស់​កល្ប​ជា​និច្ច​ក្នុង​ពិភព​លោក​ដែល​នឹង​លែង​មាន​ការ​ឈឺ​ចាប់​ដែល​បណ្ដាល​មក​ពី​ជរា​ភាព​ទៀត​ហើយ។—ទំនុក​ដំ​កើង ៣៧:៣​-​៥; អេសាយ ៦៥:២០

a ចំពោះ​ការ​ពិគ្រោះ​ដ៏​ល្អិត​ល្អន់​អំពី​ប្រធាន​នេះ សូម​មើល​សៀវភៅ​ស្តើង នៅ​ពេល​បុគ្គល​ណា​ម្នាក់​ដែល​អ្នក​ស្រឡាញ់​ស្លាប់​ទៅ បាន​បោះ​ពុម្ព​ដោយ​សមាគម​ខាង​ប៉ម​យាម​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ (ជា​ភាសា​អង់គ្លេស)