ជំពូកទីពីរ
ការរៀបចំដើម្បីឲ្យអាពាហ៍ពិពាហ៍បានជោគជ័យ
១, ២. (ក) តើព្រះយេស៊ូបានបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំផែនការយ៉ាងដូចម្ដេច? (ខ) តើក្នុងរឿងណាខ្លះដែលការរៀបចំផែនការគឺជាការចាំបាច់នោះ?
ការសាងសង់អាគារមួយតម្រូវឲ្យមានការរៀបចំដោយប្រុងប្រយ័ត្ន។ មុននឹងចាក់គ្រឹះនោះ ត្រូវតែទិញដី និងគូរប្លង់ឲ្យបានរួចជាស្រេច។ ក៏ប៉ុន្តែ មានអ្វីមួយទៀតដែលត្រូវការជាចាំបាច់។ ព្រះយេស៊ូបានមានបន្ទូលថា៖ «ក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនទេឬអី ដើម្បីឲ្យដឹងជាមានល្មមនឹងធ្វើបង្ហើយបានឬមិនបាន?»។—លូកា ១៤:២៨
២ អ្វីដែលជាប់ទាក់ទងក្នុងការសាងសង់អាគារមួយ នោះក៏ដូចគ្នានឹងការរៀប អាពាហ៍ពិពាហ៍ឲ្យបានជោគជ័យមួយផងដែរ។ មនុស្សជាច្រើននិយាយថា៖ «ខ្ញុំចង់រៀបការ»។ ក៏ប៉ុន្តែ តើមានមនុស្សប៉ុន្មាននាក់ដែលបានពិនិត្យមើល នូវអ្វីដែលទាក់ទងនឹងអាពាហ៍ពិពាហ៍នោះ? ទោះជាព្រះគម្ពីរចែងអំពីអាពាហ៍ពិពាហ៍ជាអ្វីដ៏ល្អក៏ដោយ ក៏ព្រះគម្ពីរថែមទាំងបញ្ជាក់អំពីអ្វីដែលអាពាហ៍ពិពាហ៍អាចប្រឈមមុខដោះស្រាយដែរ។ (សុភាសិត ១៨:២២; កូរិនថូសទី១ ៧:២៨) ដូច្នេះហើយ អស់អ្នកដែលគិតបម្រុងរៀបការ គួរតែមានទស្សនៈដ៏ត្រឹមត្រូវអំពីប្រសិទ្ធិពរ ព្រមទាំងភារកិច្ចដែលទាក់ទងនឹងអាពាហ៍ពិពាហ៍នោះដែរ។
៣. ហេតុអ្វីក៏ព្រះគម្ពីរជាជំនួយដ៏មានតម្លៃចំពោះអស់អ្នកដែលគិតបម្រុងរៀបអាពាហ៍ពិពាហ៍? ហើយតើព្រះគម្ពីរនឹងជួយយើងឆ្លើយសំនួរទាំងបីណា?
៣ ព្រះគម្ពីរអាចជួយក្នុងរឿងនេះបាន។ ឱវាទពីព្រះគម្ពីរគឺបានបណ្ដាលមកដោយព្រះយេហូវ៉ា ដែលជាអ្នកផ្ដើមអាពាហ៍ពិពាហ៍។ (អេភេសូរ ៣:១៤, ១៥; ធីម៉ូថេទី២ ៣:១៦) ដោយប្រើគោលការណ៍ដែលមានក្នុងសៀវភៅណែនាំដ៏ចាស់បុរាណតែទាន់សម័យនេះ សូមឲ្យយើងស្វែងយល់ថា: (១) តើបុគ្គលម្នាក់អាចដឹងយ៉ាងណាថា គាត់ប្រុងប្រៀបខ្លួនជាស្រេចដើម្បីរៀបអាពាហ៍ពិពាហ៍? (២) តើគួររកគូអាពាហ៍ពិពាហ៍ដែលមានគុណសម្បត្ដិអ្វីខ្លះ? និង (៣) តើការដើរលេងជាគូអាចរក្សាឲ្យបានថ្លៃថ្នូរយ៉ាងដូចម្ដេច?
តើអ្នកបានប្រុងប្រៀបខ្លួនជាស្រេចដើម្បីរៀបអាពាហ៍ពិពាហ៍ទេ?
៤. តើអ្វីជាកត្ដាមួយដ៏ចាំបាច់ដើម្បីរក្សាឲ្យអាពាហ៍ពិពាហ៍បានជោគជ័យ? ហើយហេតុអ្វី?
៤ ការសាងសង់អាគារមួយ ប្រហែលជាអស់ប្រាក់កាសច្រើនណាស់ ក៏ប៉ុន្តែការមើលថែរក្សាអាគារនោះទៅអនាគតដ៏យូរអង្វែងក៏អស់ប្រាក់កាសច្រើនណាស់ដែរ។ អាពាហ៍ពិពាហ៍ក៏ស្រដៀងគ្នានេះដែរ។ ការរៀបអាពាហ៍ពិពាហ៍ហាក់ដូចជាពិបាកណាស់ទៅហើយ។ ប៉ុន្តែ ក៏ត្រូវគិតអំពីការរក្សានូវទំនាក់ទំនងជាស្វាមីភរិយាអស់ជាច្រើនឆ្នាំទៅមុខទៀតដែរ។ តើការរក្សានូវទំនាក់ទំនងបែបនេះទាក់ទងអ្វីខ្លះ? កត្ដាមួយដ៏សំខាន់នោះ គឺការតាំងចិត្តនៅស្មោះជាមួយគ្នាដ៏អស់ពីដួងចិត្ត។ ព្រះគម្ពីររៀបរាប់អំពីទំនាក់ទំនងអាពាហ៍ពិពាហ៍ ដោយចែងថា៖ «មនុស្សប្រុសនឹងលាចេញពីឪពុកម្ដាយខ្លួន ទៅនៅជាប់នឹងប្រពន្ធវិញ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ»។ (លោកុប្បត្តិ ២:២៤) ព្រះយេស៊ូគ្រីស្ទបានប្រទានឲ្យមូលហេតុ តែមួយគត់ដែលស្របតាមបទគម្ពីរចំពោះការលែងលះគ្នា ដែលបើកលទ្ធភាពនឹងរៀបការម្ដងទៀត គឺ‹អំពើសហាយស្មន់› ដែលជាការរួមដំណេកក្រៅអាពាហ៍ពិពាហ៍។ (ម៉ាថាយ ១៩:៩) ប្រសិនបើអ្នកគ្រោងគិតចង់រៀបការ ចូរនឹកចាំពីខ្នាតតម្រាទាំងនេះក្នុងបទគម្ពីរ។ ប្រសិនបើអ្នកមិនទាន់ប្រុងប្រៀបខ្លួនដើម្បីតាំងចិត្តនៅស្មោះជាមួយគ្នាទេ នោះអ្នកប្រាកដជាមិនទាន់បានប្រុងប្រៀបខ្លួនដើម្បីរៀបអាពាហ៍ពិពាហ៍នោះឡើយ។—ចោទិយកថា ២៣:២១; សាស្ដា ៥:៤, ៥
៥. ថ្វីបើពាក្យសន្យាដ៏ឧឡារិកធ្វើឲ្យអ្នកខ្លះខ្លាចក៏ដោយ ហេតុអ្វីក៏នេះជាកិច្ចមួយដ៏មានតម្លៃបំផុតចំពោះអស់អ្នកដែលបម្រុងនឹងរៀបការទៅវិញ?
៥ ពាក្យសន្យាដ៏ឧឡារិកនេះ ធ្វើឲ្យមនុស្សជាច្រើនខ្លាចណាស់។ យុវបុរសម្នាក់បានសារភាពថា៖ «ការដឹងថាយើងទាំងពីរនាក់នឹងរស់នៅជាមួយគ្នាអស់មួយជីវិត បានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចគេត្រូវច្រានឲ្យចូលក្នុងស្ថានភាពដ៏លំបាក ដែលប្រៀបដូចជាជាប់ឃុំឃាំងទាំងស្រុង»។ ក៏ប៉ុន្តែប្រសិនបើអ្នកប្រាកដជាស្រឡាញ់បុគ្គលដែលអ្នកបម្រុងនឹងរៀបការជាមួយ នោះការតាំងចិត្តនៅស្មោះជាមួយគ្នាមិនមែនហាក់ដូចជាបន្ទុកឡើយ។ នេះនឹងត្រូវចាត់ទុកជាប្រភពនៃសន្ដិសុខទៅវិញ។ ដោយដឹងអំពីការតាំងចិត្តនៅស្មោះជាមួយគ្នាក្នុងអាពាហ៍ពិពាហ៍ នឹងធ្វើឲ្យស្វាមីនិងភរិយាចង់រស់នៅជាមួយគ្នាក្នុងគ្រាសប្បាយនិងគ្រាពិបាក ហើយទោះជាមានអ្វីកើតឡើងក៏ដោយ នោះគេនឹងគាំទ្រគ្នាជានិច្ច។ សាវ័កប៉ុលដែលជាគ្រីស្ទានម្នាក់បានសរសេរថា សេចក្ដីស្រឡាញ់ដ៏ស្មោះ នោះ«គ្របបាំងទាំងអស់» និង«ទ្រាំទ្រទាំងអស់»។ (កូរិនថូសទី១ ១៣:៤, ៧) ស្ត្រីម្នាក់និយាយថា៖ «ការតាំងចិត្តនៅស្មោះជាមួយគ្នាក្នុងអាពាហ៍ពិពាហ៍ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពច្រើនជាង។ ខ្ញុំពេញចិត្តណាស់ដោយបានធ្វើសេចក្ដីប្រកាសជាសាធារណៈ ថាយើងបម្រុងនឹងរស់នៅជាមួយគ្នានោះ»។—សាស្ដា ៤:៩-១២
៦. ហេតុអ្វីបានជាប្រសើរជាងដោយឥតប្រញាប់រៀបការពេលអាយុក្មេងនោះ?
៦ ការធ្វើតាមពាក្យសន្យាដ៏ឧឡារិក តម្រូវឲ្យមានគំនិតចាស់ទុំ។ ដូច្នេះហើយ ប៉ុលឲ្យឱវាទថា ពួកគ្រីស្ទាននឹងបានប្រសើរជាង បើកុំទាន់អាលរៀបការរហូតដល់ពួកគេ‹ផុតពីភាពនៅជាយុវវ័យ› នេះជាកំឡុងពេលដែលមានអារម្មណ៍ខ្លាំងខាងកាមតណ្ហា ហើយអាចធ្វើឲ្យពិបាកសម្រេចចិត្តបានត្រឹមត្រូវទៀតផង។ (កូរិនថូសទី១ ៧:៣៦) យុវជនផ្លាស់ប្រែយ៉ាងលឿនកាលដែលគេធំឡើង។ មនុស្សជាច្រើននាក់ដែលរៀបការពេលនៅអាយុក្មេង ក៏គ្រាន់តែបីបួនឆ្នាំក្រោយនោះមក ឃើញថាសេចក្ដីត្រូវការនិងសេចក្ដីប្រាថ្នារបស់ពួកគេក៏បានផ្លាស់ប្រែទៅហើយ។ តាមស្ថិតិបង្ហាញថា ពួកក្មេងជំទង់ដែលរៀបការ ប្រហែលជានឹងមិនសូវសប្បាយចិត្ត និងប្រហែលជារកលែងលះគ្នាច្រើនជាងអស់អ្នកដែលរៀបការពេលមានអាយុចាស់ជាងនោះ។ ដូច្នេះកុំឲ្យប្រញាប់រករៀបការឲ្យសោះ។ ការចំណាយប៉ុន្មានឆ្នាំដោយរស់នៅជាមនុស្សពេញវ័យដែលនៅក្មេងហើយនៅលីវ អាចផ្ដល់ឲ្យអ្នកនូវបទពិសោធន៍ដ៏មានតម្លៃ ដែលនឹងធ្វើឲ្យអ្នកមានគំនិតចាស់ទុំនិងមានគុណវុឌ្ឍិប្រសើរជាង ដើម្បីធ្វើជាគូដ៏សមរម្យម្នាក់។ ការផ្អាកទុកអាពាហ៍ពិពាហ៍នៅមួយឡែកសិន ក៏អាចជួយអ្នកឲ្យយល់អំពីខ្លួនបានប្រសើរឡើង ដែលជាការចាំបាច់បើអ្នកចង់បណ្ដុះបណ្ដាលឲ្យបានជោគជ័យ នូវទំនាក់ទំនងក្នុងអាពាហ៍ពិពាហ៍របស់អ្នកនោះ។
ចូរស្គាល់ខ្លួនអ្នកជាមុនសិន
៧. ហេតុអ្វីក៏ពួកអ្នកដែលគ្រោងគិតរៀបការ គួរពិនិត្យមើលខ្លួនឯងជាមុនសិន?
៧ តើជាការស្រួលចំពោះអ្នកទេក្នុងការចុះបញ្ជីនូវគុណសម្បត្ដិទាំងឡាយ ដែលអ្នកចង់បានពីគូអាពាហ៍ពិពាហ៍ម្នាក់នោះ? មនុស្សជាច្រើនស្រួលធ្វើដូច្នេះមែន។ ក៏ប៉ុន្តែ ចុះយ៉ាងណាវិញ ចំពោះគុណសម្បត្ដិទាំងឡាយរបស់អ្នកផ្ទាល់? តើអ្នកមានចរិតអ្វីខ្លះ ដែលនឹងជួយអ្នកធ្វើឲ្យអាពាហ៍ពិពាហ៍បានជោគជ័យ? តើអ្នកនឹងទៅជាស្វាមីឬភរិយាបែបណា? ជាឧទាហរណ៍ តើអ្នកសារភាពនូវកំហុសរបស់អ្នកដោយឥតលាក់លៀម និងទទួលយកឱវាទឬទេ? ឬក៏តើអ្នករកតែផ្លូវដោះសាខ្លួនជានិច្ច ពេលបានត្រូវប្រដៅទូន្មាននោះ? តើអ្នកជាបុគ្គលដែលតាមធម្មតាមានចិត្តរីករាយនិងមានគំនិតសុទិដ្ឋិនិយមទេ? ឬក៏តើអ្នកច្រើនតែមានចិត្តស្រពាប់ស្រពោននិងត្អូញត្អែរជាញឹកញយ? (សុភាសិត ៨:៣៣; ១៥:១៥) ចូរចាំថា អាពាហ៍ពិពាហ៍នឹងមិនផ្លាស់ប្ដូរបុគ្គលិកលក្ខណៈរបស់អ្នកនោះទេ។ បើអ្នកជាបុគ្គលនៅលីវដែលមានចិត្តមានះ ចិត្តស្រាលពេក ឬក៏ប្រកបដោយទុទ្ទិដ្ឋិនិយមយ៉ាងហួសហេតុ នោះអ្នកនឹងនៅជាបុគ្គលដែលមានចរិតដូចមុនៗទោះបីរៀបការហើយក៏ដោយ។ ដោយព្រោះតែពិបាកនឹងយល់អំពីខ្លួនយើង ពីរបៀបដែលអ្នកដទៃយល់យើងនោះ សូមអញ្ជើញ មាតាបិតាឬមិត្តជិតស្និទ្ធឲ្យធ្វើការសង្កេតនិងឲ្យយោបល់ចំៗទៅ។ ប្រសិនបើអ្នកដឹងនូវការផ្លាស់ប្ដូរណាដែលអាចធ្វើឡើងបាន ចូរខំធ្វើឲ្យបានប្រសើរចំពោះចំណុចទាំងនេះសិន មុននឹងចាត់វិធានការរៀបការនោះ។
៨-១០. តើព្រះគម្ពីរផ្ដល់ឲ្យឱវាទអ្វី ដែលនឹងជួយបុគ្គលម្នាក់ឲ្យប្រុងប្រៀបដើម្បីរៀបអាពាហ៍ពិពាហ៍នោះ?
៨ ព្រះគម្ពីរលើកទឹកចិត្តយើងអនុញ្ញាតឲ្យវិញ្ញាណបរិសុទ្ធរបស់ព្រះមានអានុភាពលើយើង ដែលបង្កើតបានគុណសម្បត្ដិទាំងឡាយដូចជា«សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត»។ ព្រះគម្ពីរក៏ចែងប្រាប់យើង«ឲ្យគំនិតក្នុងចិត្តបានកែប្រែជាថ្មីឡើង» និង«ប្រដាប់ខ្លួន ដោយចរិយាសម្បត្ដិថ្មី ដែលបានត្រូវបង្កើតមកតាមបំណងព្រះហឫទ័យព្រះ ដោយសេចក្ដីសុចរិតនិងភក្ដីភាពដ៏ពិតប្រាកដនោះ»។ (កាឡាទី ៥:២២, ២៣; អេភេសូរ ៤:២៣, ២៤, ព.ថ.) ការអនុវត្តន៍តាមឱវាទនេះកាលដែលអ្នកនៅលីវនៅឡើយ នោះនឹងដូចជាការយកប្រាក់ទៅដាក់ក្នុងធនាគារ គឺជាអ្វីមួយដែលនឹងទៅជាមានតម្លៃណាស់នៅពេលអនាគត ពេលដែលអ្នករៀបការនោះ។
៩ ជាឧទាហរណ៍ ប្រសិនបើអ្នកជាស្ត្រីម្នាក់ ចូររៀនឲ្យចេះយកចិត្តទុកដាក់ខាង«មនុស្សលាក់កំបាំងក្នុងចិត្ត» ឲ្យបានច្រើនជាងអាការក្រៅ។ (ពេត្រុសទី១ ៣:៣, ៤) ចិត្តសុភាពរាបទាបនិងគំនិតវាងវៃ នឹងជួយអ្នកឲ្យមានប្រាជ្ញា ដែលជា«សិរីល្អទុកជាមកុដ»ដ៏ពិតមែន។ (សុភាសិត ៤:៩; ៣១:១០, ៣០; ធីម៉ូថេទី២ ២:៩, ១០) ប្រសិនបើអ្នកជាបុរសម្នាក់ ចូររៀនឲ្យចេះប្រព្រឹត្តនឹងស្ត្រីដោយសប្បុរសនិងតាមរបៀបដ៏គោរពចុះ។ (ធីម៉ូថេទី១ ៥:១, ២) កាលដែលរៀនចេះសម្រេចចិត្តនិងទទួលភារកិច្ចហើយ នោះចូររៀនឲ្យមានចិត្តសុភាពនិងរាបទាបផង។ អាកប្បកិរិយាដែលប្រើអំណាចនឹងនាំឲ្យមានបញ្ហាក្នុងអាពាហ៍ពិពាហ៍។—សុភាសិត ២៩:២៣; មីកា ៦:៨; អេភេសូរ ៥:២៨, ២៩
១០ ទោះជាមិនស្រួលធ្វើការសម្រេចលើចំណុចទាំងនេះក៏ដោយ តែនេះជាអ្វីដែលគ្រីស្ទានគ្រប់គ្នាគួរតែខំប្រឹងយកចិត្តទុកដាក់។ ហើយនេះនឹងជួយអ្នកឲ្យធ្វើជាគូអាពាហ៍ពិពាហ៍ដ៏ប្រសើរម្នាក់។
គុណសម្បត្ដិដែលអ្នកចង់បានពីគូអាពាហ៍ពិពាហ៍ម្នាក់
១១, ១២. តើមនុស្សពីរនាក់អាចដឹងយ៉ាងណាថា គេចុះសម្រុងគ្នាឬក៏អត់?
១១ នៅកន្លែងដែលអ្នករស់នៅនោះ តើជាការធម្មតាទូទៅឬទេ ដែលបុគ្គលម្នាក់ៗបានត្រូវអនុញ្ញាតឲ្យជ្រើសរើសគូអាពាហ៍ពិពាហ៍ដោយខ្លួនឯងនោះ? បើដូច្នេះមែន តើអ្នកគួរប្រព្រឹត្តយ៉ាងណា បើអ្នកពេញចិត្តនឹងបុគ្គលណាម្នាក់ដែលមានភេទផ្ទុយនោះ? មុនដំបូង គួរសួរខ្លួនអ្នកសិន៖ ‹តើខ្ញុំពិតជាមានបំណងរៀបអាពាហ៍ពិពាហ៍ឬទេ?›។ ការលលេងនឹងអារម្មណ៍របស់បុគ្គលម្នាក់ ដោយធ្វើឲ្យមានសេចក្ដីសង្ឃឹមខុស គឺជាអ្វីដែលគ្មានមេត្ដានោះទេ។ (សុភាសិត ១៣:១២) បើដូច្នេះ ចូរសួរខ្លួនអ្នកចុះ៖ ‹តើខ្ញុំមានស្ថានភាពដែលអនុញ្ញាតឲ្យរៀបការបានឬទេ?›។ ប្រសិនបើឆ្លើយសំនួរទាំងពីរនេះថា បាន នោះជំហានរបស់អ្នកជាបន្តបន្ទាប់ នឹងខុសពីគ្នាស្រេចទៅលើទំនៀមទម្លាប់តាមតំបន់។ នៅប្រទេសខ្លះ ក្រោយពីបានសង្កេតមើលបុគ្គលនេះមួយរយៈហើយ នោះអ្នកអាចទៅជួបបុគ្គលនេះ និងប្រាប់ពីសេចក្ដីប្រាថ្នាចង់ស្គាល់គាត់កាន់តែជិតដិតទៀត។ ប្រសិនបើចម្លើយគេអវិជ្ជមាន កុំខំព្យាយាមដល់ថ្នាក់ដែលធ្វើឲ្យមានការជំទាស់គ្នានោះ។ ចូរចាំថា បុគ្គលម្នាក់នោះក៏មានសិទ្ធិនឹងសម្រេចចិត្តលើរឿងនេះដែរ។ ក៏ប៉ុន្តែ ប្រសិនបើមានចម្លើយវិជ្ជមាន នោះអ្នកអាចចាត់ចែងដើម្បីចំណាយពេលជាមួយនឹងគ្នា ក្នុងសកម្មភាពល្អត្រឹមត្រូវ។ នេះនឹងឲ្យអ្នកនូវឱកាសមើលថា តើអាពាហ៍ពិពាហ៍ជាមួយបុគ្គលនេះ នឹងប្រកបដោយប្រាជ្ញាឬក៏យ៉ាងណា។ a តើអ្នកគួរពិនិត្យមើលចំណុចអ្វីខ្លះពេលមកដល់ត្រឹមកំរិតនេះហើយ?
១២ ដើម្បីនឹងឆ្លើយសំនួរនេះ សូមគិតអំពីគ្រឿងភ្លេងពីរ ប្រហែលជាព្យាណូនិងហ្គីតា។ បើគ្រឿងភ្លេងទាំងពីរនេះបានប្រគុំត្រឹមត្រូវ នោះគ្រឿងភ្លេងមួយណាក៏អាចបង្កើតឲ្យមានបទភ្លេងដ៏ពីរោះតែឯងបានដែរ។ ក៏ប៉ុន្តែ តើអ្វីកើតឡើងពេលដែលគ្រឿងភ្លេងទាំងពីរនេះ ត្រូវយកមកលេងជាមួយនឹងគ្នានោះ? ឥឡូវនេះ គ្រឿងភ្លេងទាំងពីរនេះត្រូវប្រគុំជាមួយគ្នា។ នេះក៏ស្រដៀងគ្នាដែរ អ្នកនិងមនុស្សម្នាក់ទៀតដែល អាចទៅជាគូអាពាហ៍ពិពាហ៍ជាមួយគ្នានោះ។ ម្នាក់ៗប្រហែលជាបានខំប្រឹងដើម្បី«ប្រគុំ»នូវបុគ្គលិកលក្ខណៈជាបុគ្គលម្នាក់។ ប៉ុន្តែសំនួរឥឡូវនេះគឺថា៖ តើអ្នកមានភាពស៊ីគ្នាឬទេ? បើនិយាយឲ្យចំទៅ តើអ្នកចុះសម្រុងនឹងគ្នាឬទេ?
១៣. ហេតុអ្វីក៏មិនប្រកបដោយប្រាជ្ញាក្នុងការដើរលេងជាគូជាមួយអ្នកណាម្នាក់ដែលឥតមានជំនឿដូចអ្នកនោះ?
១៣ ជាការសំខាន់ណាស់ដែលអ្នកទាំងពីរមានជំនឿនិងគោលការណ៍ដូចគ្នា។ សាវ័កប៉ុលបានសរសេរថា៖ ‹កុំឲ្យទឹមនឹមស្រៀក ជាមួយនឹងមនុស្សមិនជឿឡើយ›។ (កូរិនថូសទី២ ៦:១៤; កូរិនថូសទី១ ៧:៣៩) ការរៀបអាពាហ៍ពិពាហ៍ជាមួយនឹងបុគ្គលម្នាក់ដែលឥតមានជំនឿលើព្រះដូចអ្នកទេ នោះនឹងប្រហែលជានាំឲ្យមានភាពមិនស៊ីគ្នាយ៉ាងខ្លាំង។ ផ្ទុយទៅវិញ ការមានភក្ដីភាពដូចគ្នាចំពោះព្រះយេហូវ៉ា ជាគ្រឹះដ៏ខ្លាំងបំផុតឲ្យបានសាមគ្គីភាព។ ព្រះយេហូវ៉ាចង់ឲ្យអ្នកមានចិត្តសប្បាយ និងឲ្យមានចំណងដ៏ជិតស្និទ្ធជាទីបំផុតជាមួយនឹងបុគ្គលដែលអ្នករៀបការនោះ។ ព្រះទ្រង់ចង់ឲ្យអ្នកបាននៅជាប់ជាមួយទ្រង់ព្រមទាំងនៅជាប់នឹងគ្នាទៅវិញទៅមក ដោយខ្សែបីសរសៃជាចំណងនៃសេចក្ដីស្រឡាញ់។—សាស្ដា ៤:១២
១៤, ១៥. តើការមានជំនឿដូចគ្នា ជាលក្ខណៈតែមួយគត់ឲ្យបានសាមគ្គីភាពក្នុងអាពាហ៍ពិពាហ៍ឬទេ? សូមពន្យល់។
១៤ ថ្វីបើការថ្វាយបង្គំព្រះជាមួយគ្នាជាលក្ខណៈដ៏សំខាន់បំផុតនៃសាមគ្គីភាពក៏ដោយ គឺនៅមានទាក់ទងនឹងរឿងជាច្រើនទៀត។ ដើម្បីឲ្យបានប្រគុំជាមួយគ្នា អ្នកនិងមនុស្សម្នាក់ទៀតដែលនឹងទៅជាគូអនាគតរបស់អ្នក គួរតែមានគោលដៅស្រដៀងគ្នា។ តើអ្នកមានគោលដៅអ្វីខ្លះ? ជាឧទាហរណ៍ តើអ្នកទាំងពីរមានអារម្មណ៍យ៉ាងណាអំពីការមានកូន? តើអ្វីខ្លះដែលអ្នកចាត់ទុកសំខាន់ជាងគេក្នុងជីវិតរបស់អ្នក? b (ម៉ាថាយ ៦:៣៣) នៅក្នុងអាពាហ៍ពិពាហ៍ជោគជ័យដ៏ពិតប្រាកដ នោះគូស្វាមីភរិយាជាមិត្តដ៏ល្អនឹងគ្នា ហើយពេញចិត្តនឹងការសេពគប់ជាមួយគ្នា។ (សុភាសិត ១៧:១៧) ដើម្បីឲ្យបានដូចនេះ ពួកគេត្រូវមានចំណូលចិត្តដូចគ្នា។ បើគ្មានចំណូលចិត្តដូចគ្នាទេ ការ រក្សាមិត្តភាពដ៏ជិតស្និទ្ធនោះជាការពិបាក ហើយការរក្សាអាពាហ៍ពិពាហ៍ក៏កាន់តែពិបាកខ្លាំងថែមទៀត។ ក៏ប៉ុន្តែ ប្រសិនបើម្នាក់នោះដែលនឹងទៅជាគូរបស់អ្នក ពេញចិត្តនឹងសកម្មភាពណាមួយ ដូចជាការដើរលេងកាត់ព្រៃភ្នំ ហើយអ្នកឥតចូលចិត្តទាល់តែសោះ តើនេះបានសេចក្ដីថាអ្នកទាំងពីរមិនគួររៀបការទេឬ? មិនចាំបាច់ដូច្នេះឡើយ។ ប្រហែលជាអ្នកមានការចូលចិត្តឯទៀតដ៏សំខាន់ជាងនេះ។ ម្យ៉ាងវិញទៀត អ្នកអាចឲ្យបុគ្គលម្នាក់នោះដែលនឹងទៅជាគូអនាគតរបស់អ្នក នូវសុភមង្គលដោយចូលរួមក្នុងសកម្មភាពដ៏ល្អ ពីព្រោះគាត់ពេញចិត្តនឹងសកម្មភាពទាំងនោះ។—កិច្ចការ ២០:៣៥
១៥ ប្រាកដហើយ ការចុះសម្រុងគ្នាបានច្រើន ស្រេចតែទៅលើអ្នកទាំងពីរចេះសម្របសម្រួលគ្នាតែប៉ុណ្ណោះ ជាជាងថាអ្នកទាំងពីរមានភាពដូចគ្នាជាយ៉ាងណានោះ។ ជាជាងសួរថា៖ «តើយើងយល់ស្របគំនិតទៅលើរបស់ទាំងអស់ឬទេ?» សូមសួរសំនួរខ្លះដ៏ប្រសើរជាងគឺជា៖ «តើអ្វីកើតឡើងបើយើងមិនយល់ស្របនឹងគ្នា? តើយើងអាចពិគ្រោះរឿងនេះដោយមិនឆេវឆាវ ព្រមទាំងផ្ដល់នូវសេចក្ដីគោរពនិងសេចក្ដីថ្លៃថ្នូរដល់គ្នាទៅវិញទៅមកបានទេ? ឬក៏តើការពិគ្រោះរបស់យើងច្រើនតែទៅជាការឈ្លោះប្រកែកដ៏ក្ដៅក្រហាយជានិច្ចនោះ?»។ (អេភេសូរ ៤:២៩, ៣១) ប្រសិនបើអ្នកចង់រៀបការ ចូរប្រយ័ត្ននឹងបុគ្គលណាដែលមានចិត្តអំនួត ដែលប្រកាន់ទៅតាមតែមតិរបស់ខ្លួន ដែលមិនសុខចិត្តសម្របសម្រួលសោះ ឬក៏ជាបុគ្គលដែលសម្លុតទារជានិច្ច ហើយប្រើឧបាយកលសំងាត់ដើម្បីឲ្យបានតាមតែចិត្តគាត់នោះ។
ចូរស្វែងយល់ជាមុន
១៦, ១៧. តើបុរសឬស្ត្រីម្នាក់ប្រហែលជាចង់ស្វែងរកអ្វីខ្លះ ពេលពិចារណាមនុស្សម្នាក់នោះដែលនឹងទៅជាគូអាពាហ៍ពិពាហ៍?
១៦ នៅក្នុងក្រុមជំនុំគ្រីស្ទាន អស់អ្នកដែលបានត្រូវទទួលភារកិច្ច ក៏«ត្រូវល្បងល . . . ជាមុនដំបូង»។ (ធីម៉ូថេទី១ ៣:១០) អ្នកក៏អាចប្រើគោលការណ៍នេះដែរ។ ជាឧទាហរណ៍ យុវនារីម្នាក់ប្រហែលជាអាចសួរថា៖ «តើបុរសនេះមានកេរ្ដិ៍ឈ្មោះយ៉ាងណា? តើនរណាជាមិត្តរបស់គាត់? តើគាត់បង្ហាញនូវការចេះទប់ចិត្តឬទេ? តើគាត់ប្រព្រឹត្តលើមនុស្សចាស់ៗយ៉ាងណាដែរ? តើគាត់មកពីក្រុមគ្រួសារបែបណា? តើគាត់ទាក់ទងយ៉ាងណាជាមួយពួកគេ? តើគាត់មានអាកប្បកិរិយាយ៉ាងណាចំពោះ ប្រាក់កាស? តើគាត់ប្រើភេសជ្ជៈស្រាដោយឥតត្រឹមត្រូវឬទេ? តើគាត់មានចិត្តឆេវឆាវ ថែមទាំងឃោរឃៅឬទេ? តើគាត់មានភារកិច្ចណាខ្លះក្នុងក្រុមជំនុំ? ហើយតើគាត់បំពេញភារកិច្ចទាំងនោះបានយ៉ាងណា? តើខ្ញុំអាចគោរពគាត់យ៉ាងជ្រាលជ្រៅឬទេ?›។—លេវីវិន័យ ១៩:៣២; សុភាសិត ២២:២៩; ៣១:២៣; អេភេសូរ ៥:៣-៥, ៣៣; ធីម៉ូថេទី១ ៥:៨; ៦:១០; ទីតុស ២:៦, ៧
១៧ បុរសម្នាក់ក៏អាចសួរថា៖ «តើស្ត្រីនេះបង្ហាញសេចក្ដីស្រឡាញ់និងសេចក្ដីគោរពចំពោះព្រះឬទេ? តើគាត់មានសមត្ថភាពមើលថែរក្សាផ្ទះសម្បែងឬទេ? តើក្រុមគ្រួសារគាត់នឹងសង្ឃឹមអ្វីពីយើង? តើគាត់មានប្រាជ្ញា ចិត្តឧស្សាហ៍ និងចេះសំចៃឬទេ? តើគាត់និយាយអំពីអ្វីខ្លះ? តើគាត់ពិតជាយកចិត្តទុកដាក់នឹងសុខុមាលភាពនៃអ្នកដទៃ? ឬក៏តើគាត់គិតតែអំពីខ្លួនឯង ទាំងជ្រៀតជ្រែកនឹងរឿងរបស់អ្នកឯទៀត? តើអាចទុកចិត្តគាត់បានឬទេ? តើគាត់សុខចិត្តចុះចូលនឹងប្រមុខភាព ឬតើគាត់មានចិត្តចចេស ឬក៏ប្រហែលជាមានចិត្តបះបោរ?»។—សុភាសិត ៣១:១០-៣១; លូកា ៦:៤៥; អេភេសូរ ៥:២២, ២៣; ធីម៉ូថេទី១ ៥:១៣; ពេត្រុសទី១ ៤:១៥
១៨. បើទទួលស្គាល់ថាមានភាពទន់ខ្សោយបន្ដិចបន្តួចពេលដើរលេងជាគូ តើគួរចងចាំអ្វីខ្លះ?
១៨ កុំភ្លេចថា អ្នកក៏ជាកូនចៅដ៏ឥតគ្រប់ល័ក្ខណ៍របស់អ័ដាម មិនមែនជាវីរបុរសនិងវីរនារីពីសៀវភៅប្រលោមលោកនោះទេ។ មនុស្សគ្រប់គ្នាមានគុណវិបត្ដិ ហើយនឹងត្រូវតែបំភ្លេចគុណវិបត្ដិខ្លះ ទាំងគុណវិបត្ដិរបស់អ្នកនិងគុណវិបត្ដិរបស់ម្នាក់ដែលនឹងទៅជាគូអនាគតរបស់អ្នកដែរ។ (រ៉ូម ៣:២៣; យ៉ាកុប ៣:២) ម្យ៉ាងទៀត ការដឹងអំពីភាពទន់ខ្សោយណាមួយ អាចផ្ដល់នូវឱកាសដើម្បីឲ្យបានលូតលាស់ខាងវិញ្ញាណ។ ជាឧទាហរណ៍ ចុះយ៉ាងណាបើក្នុងកំឡុងការដើរលេងជាគូនោះ អ្នកមានការប្រកែកគ្នា។ សូមពិនិត្យមើលថា៖ សូម្បីតែមនុស្សដែលស្រឡាញ់និងគោរពគ្នាទៅវិញទៅមក ក៏ម្ដងម្កាលនោះមិនយល់ស្របនឹងគ្នាដែរ។ (ប្រៀបមើល លោកុប្បត្តិ ៣០:២; កិច្ចការ ១៥:៣៩) តើអ្នកទាំងពីរគ្រាន់តែត្រូវ‹ទប់ចិត្តរបស់ខ្លួន›ឲ្យបានបន្ថែមទៀត ហើយរៀនឲ្យចេះដោះស្រាយបញ្ហាដោយសន្ដិវិធីឬទេ? (សុភាសិត ២៥:២៨) តើមនុស្សម្នាក់នោះដែលនឹងទៅជាគូអនាគតរបស់អ្នក បង្ហាញនូវចិត្តប្រាថ្នាចង់ធ្វើឲ្យបានប្រសើរឬទេ? ចុះអ្នកវិញយ៉ាងណាដែរ? តើអ្នកអាចរៀនកុំឲ្យចេះឆាប់ខឹងបានទេ? (សាស្ដា ៧:៩) ការរៀនឲ្យចេះដោះស្រាយបញ្ហាអាចស្ថាបនានូវទម្លាប់ប្រស្រ័យ ទាក់ទងបែបណាដែលត្រូវការជាចាំបាច់ បើអ្នកទាំងពីរចង់រៀបការនោះ។—កូល៉ុស ៣:១៣
១៩. តើអ្វីជាការប្រព្រឹត្តដែលប្រកបដោយប្រាជ្ញា បើបញ្ហាដ៏ធ្ងន់ធ្ងរបានលេចឡើងក្នុងការដើរលេងជាគូនោះ?
១៩ ចុះយ៉ាងណាវិញ បើអ្នកសង្កេតឃើញថាមានអ្វីដែលធ្វើឲ្យអ្នកពិបាកចិត្តយ៉ាងខ្លាំងនោះ? ការសង្ស័យបែបនេះគួរតែយកមកពិចារណាឲ្យបានហ្មត់ចត់។ ទោះជាអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ឬក៏ចង់រៀបការយ៉ាងណាក៏ដោយ កុំធ្វើកន្តើយនឹងកំហុសដ៏ធ្ងន់ធ្ងរ។ (សុភាសិត ២២:៣; សាស្ដា ២:១៤) ប្រសិនបើអ្នកមានទំនាក់ទំនងនឹងបុគ្គលណាម្នាក់ដែលអ្នកមិនពេញចិត្តជាខ្លាំងខាងចំណុចណាមួយនោះ ក៏ជាការប្រកបដោយប្រាជ្ញាបើអ្នកផ្ដាច់នូវទំនាក់ទំនងនោះ ហើយជៀសវាងពីការធ្វើការតាំងចិត្តនៅស្មោះជាមួយបុគ្គលនោះ។
ចូររក្សាការដើរលេងជាគូឲ្យបានថ្លៃថ្នូរ
២០. តើបុគ្គលដែលដើរលេងជាគូអាចរក្សាចរិយាខាងសីលធម៌យ៉ាងណាដែលគ្មានហេតុនាំឲ្យស្តីបន្ទោស?
២០ តើអ្នកអាចរក្សាការដើរលេងជាគូឲ្យបានថ្លៃថ្នូរយ៉ាងដូចម្ដេច? ទីមួយ ចូរធ្វើឲ្យបានប្រាកដថា គ្មានហេតុឲ្យគេស្តីបន្ទោសនូវចរិយារបស់អ្នកខាងសីលធម៌។ នៅកន្លែងដែលអ្នករស់នៅនោះ តើការកាន់ដៃគ្នា ការថើប និងការឱបគ្នា ជាអ្វីដែលចាត់ទុកជាការសមរម្យចំពោះគូដែលមិនទាន់រៀបការឬទេ? ទោះជាការសម្ដែងសេចក្ដីស្រឡាញ់បែបនេះជាអ្វីដែលគេយល់ព្រមក៏ដោយ ក៏គួរតែអនុញ្ញាតធ្វើបានតែពេលទំនាក់ទំនងបានមកដល់កំរិតដែលថា ប្រាកដជានឹងរៀបអាពាហ៍ពិពាហ៍នោះ។ ចូរប្រុងប្រយ័ត្នកុំអនុញ្ញាតនូវការសម្ដែងសេចក្ដីស្រឡាញ់ធ្លាក់ទៅក្នុងការប្រព្រឹត្តមិនស្អាតស្អំ ឬអំពើសហាយស្មន់ឲ្យសោះ។ (អេភេសូរ ៤:១៨, ១៩; ប្រៀបមើល បទចំរៀងសាឡូម៉ូន ១:២; ២:៦; ៨:៥, ៩, ១០) ពីព្រោះចិត្តជាគ្រឿងបញ្ឆោត អ្នកទាំងពីរនឹងប្រកបដោយប្រាជ្ញា បើជៀសវាងពីការនៅតែម្នាក់ឯងជាមួយគូ នៅឯផ្ទះ ពេលចតរថយន្ត ឬកន្លែងណាដែលនឹងបើកឱកាសប្រព្រឹត្តអំពើដែលមិនត្រឹមត្រូវ។ (យេរេមា ១៧:៩) ដោយរក្សាការដើរលេងជាគូឲ្យបានថ្លៃថ្នូរខាងសីលធម៌ នោះផ្ដល់នូវទីសំអាងយ៉ាងច្បាស់ថា អ្នកចេះទប់ចិត្ត ហើយដោយឥតកំណាញ់ នោះ អ្នកបានទុកសុខុមាលភាពរបស់អ្នកដទៃមុននឹងសេចក្ដីប្រាថ្នារបស់អ្នក។ អ្វីដែលសំខាន់បំផុតគឺថា ការដើរលេងជាគូដ៏ថ្លៃថ្នូរនឹងផ្គាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ា ដែលតម្រូវឲ្យពួករាស្ត្រទ្រង់ជៀសវាងពីអំពើមិនស្អាតស្អំនិងពីអំពើសហាយស្មន់នោះ។—កាឡាទី ៥:១៩-២១
២១. តើប្រហែលជាត្រូវការនូវការប្រស្រ័យទាក់ទងដ៏ស្មោះអំពីអ្វី ដើម្បីរក្សាឲ្យបានថ្លៃថ្នូរនូវការដើរលេងជាគូនោះ?
២១ ទីពីរ ការដើរលេងជាគូឲ្យបានថ្លៃថ្នូរ ក៏រួមបញ្ចូលការប្រស្រ័យទាក់ទងដ៏ស្មោះនោះដែរ។ កាលដែលការដើរលេងជាគូរបស់អ្នកជឿនទៅដល់ចង់រៀបអាពាហ៍ពិពាហ៍នោះ មានរឿងខ្លះៗត្រូវតែយកមកពិគ្រោះដោយឥតលាក់លៀម។ តើអ្នកនឹងរស់នៅកន្លែងណា? តើអ្នកទាំងពីរនឹងត្រូវប្រកបការងារឬទេ? តើអ្នកចង់បានកូនឬទេ? ម្យ៉ាងទៀត គឺជាការត្រឹមត្រូវដោយសម្ដែងប្រាប់រឿងណាដែលអាចមានឥទ្ធិពលលើអាពាហ៍ពិពាហ៍ ដូចជាអតីតប្រវត្ដិរបស់ខ្លួន។ នេះអាចរួមបញ្ចូលការជំពាក់លុយកាក់ជាច្រើន ឬកាតព្វកិច្ច ឬបញ្ហាខាងសុខភាព ដូចជាមានរោគដ៏ធ្ងន់ធ្ងរណាមួយ ដែលអ្នកមាន។ ដោយព្រោះមនុស្សជាច្រើនដែលមានមេរោគអេច្ចអាយវី (H.I.V) (ជាមេរោគដែលបណ្ដាលឲ្យមានជំងឺអេដស៍) ឥតបង្ហាញឲ្យឃើញអាការរោគភ្លាមៗក៏ដោយ នោះគឺមិនជាការខុសទេ ដែលបុគ្គលឬមាតាបិតាដែលយកចិត្តទុកដាក់ សុំឲ្យគេពិនិត្យមើលឈាមខាងជំងឺអេដស៍នៃបុគ្គលម្នាក់ដែលពីដើមបានរួមដំណេកដោយឥតរើសមុខ ឬក៏បានចាក់ថ្នាំញៀននោះ។ បើការពិនិត្យមើលឈាមសឲ្យឃើញថាមានមែន បុគ្គលនោះដែលមានមេរោគនេះ មិនគួរបង្ខំគូដែលបម្រុងរៀបការជាមួយឲ្យបន្តមានទំនាក់ទំនងទៀតទេ បើបុគ្គលនោះឥឡូវចង់បញ្ចប់នូវទំនាក់ទំនងនេះ។ តាមការពិត គឺជាការល្អមែន បើអ្នកណាដែលធ្លាប់រស់នៅតាមបែបមិនត្រឹមត្រូវ សុខចិត្តធ្វើការពិនិត្យមើលឈាមខាងជំងឺអេដស៍ មុននឹងគេចាប់ផ្ដើមការដើរលេងជាគូនោះ។
ការសំឡឹងមើលឆ្ងាយទៅមុខក្រោយពីថ្ងៃរៀបការ
២២, ២៣. (ក) តើបុគ្គលម្នាក់អាចបាត់នូវទស្សនៈដ៏ថ្លឹងថ្លែងយ៉ាងណា ពេលដែលរៀបចំសំរាប់អាពាហ៍ពិពាហ៍នោះ? (ខ) តើគួររក្សាឲ្យមានទស្សនៈដ៏មានតុល្យភាពណា ពេលដែលគិតអំពីថ្ងៃរៀបអាពាហ៍ពិពាហ៍ និងការរស់នៅជាស្វាមីភរិយានោះ?
២២ ក្នុងកំឡុងប៉ុន្មានខែចុងក្រោយមុននឹងរៀបការ នោះអ្នកទាំងពីរច្បាស់ជានឹង រវល់ណាស់ ដើម្បីរៀបចាត់ចែងនូវកម្មវិធីអាពាហ៍ពិពាហ៍នោះ។ អ្នកអាចសម្រាលការតានតឹងច្រើន ដោយចេះប្រមាណ។ អាពាហ៍ពិពាហ៍យ៉ាងធំដុំ ប្រហែលជាផ្គាប់ចិត្តបងប្អូននិងអស់អ្នកក្នុងសហគមន៍របស់ខ្លួន ក៏ប៉ុន្តែនេះប្រហែលជាធ្វើឲ្យអ្នកទើបតែរៀបការថ្មីនេះនិងក្រុមគ្រួសារគេ បានអស់កម្លាំងនិងបានអស់លុយកាក់រលីងទៀតផង។ ការកាន់តាមទំនៀមទម្លាប់ខ្លះក្នុងតំបន់គឺសមហេតុផល ក៏ប៉ុន្តែការអនុលោមទៅតាមគេដោយគ្មានល្អៀង និងប្រហែលជាដោយគំនិតប្រកួតប្រជែងផងនោះ គឺអាចធ្វើឲ្យបាត់បង់នូវអត្ថន័យនៃពិធីនោះ ហើយប្រហែលជាធ្វើឲ្យអ្នកឥតមានអំណរ ដែលគួរមាននោះផង។ ទោះជាត្រូវយកចិត្តទុកដាក់នឹងអារម្មណ៍របស់អ្នកដទៃក៏ដោយ នោះបុរសដែលកំពុងរៀបការនោះជាអ្នកដែលទទួលខុសត្រូវនូវការសម្រេចចិត្តថា នឹងមានអ្វីៗកើតឡើងនៅឯពិធីរៀបអាពាហ៍ពិពាហ៍នោះ។—យ៉ូហាន ២:៩
២៣ ចូរចាំថា ថ្ងៃរៀបអាពាហ៍ពិពាហ៍មានរយៈពេលតែមួយថ្ងៃទេ ក៏ប៉ុន្តែការរស់នៅជាស្វាមីភរិយានឹងមានអស់មួយជីវិត។ ចូរជៀសវាងពីការគិតហួសហេតុពេកអំពីដំណើរការនៃអាពាហ៍ពិពាហ៍នោះ។ ផ្ទុយទៅវិញ ចូរពឹងលើព្រះយេហូវ៉ាឲ្យជួយដឹកនាំ ហើយគ្រោងទុកជាមុនចំពោះជីវិតរស់នៅជាស្វាមីភរិយា។ បើធ្វើដូច្នេះ ទើបអ្នកនឹងរៀបចំបានល្អនូវអាពាហ៍ពិពាហ៍ដ៏ជោគជ័យ។
a នេះនឹងទាក់ទងប្រទេសដែលការចេញទៅដើរលេងជាមួយមនុស្សភេទផ្ទុយ គឺចាត់ទុកជាការសមរម្យចំពោះពួកគ្រីស្ទាន។
b សូម្បីតែនៅក្នុងក្រុមជំនុំគ្រីស្ទាន អាចមានអ្នកខ្លះដែលរស់នៅតាមជាយដែន បើនិយាយជាអត្ថបដិរូបនោះ។ ជាជាងធ្វើជាអ្នកបំរើរបស់ព្រះយ៉ាងអស់ពីដួងចិត្ត នោះគេប្រហែលជាបានត្រូវទទួលឥទ្ធិពលពីអាកប្បកិរិយានិងចរិយារបស់លោកីយ៍នេះ។—យ៉ូហាន ១៧:១៦; យ៉ាកុប ៤:៤