ជំពូកទីដប់មួយ
ចូររក្សាឲ្យមានសេចក្ដីសុខក្នុងគ្រួសាររបស់អ្នក
១. តើមានកត្ដាអ្វីខ្លះ ដែលអាចបណ្ដាលឲ្យគ្រួសារបែកបាក់ពីគ្នា?
មានសុភមង្គលមែន ចំពោះអស់អ្នកដែលនៅក្នុងគ្រួសារដែលមានសេចក្ដីស្រឡាញ់ មានអធ្យាស្រ័យខ្ពស់ និងមានភាពស្ងប់ស្ងៀមនោះ។ យើងសង្ឃឹមថា គ្រួសាររបស់អ្នកជាគ្រួសារដែលមានសភាពបែបនេះដែរ។ គួរឲ្យសោកស្ដាយមែន ដែលគ្រួសារជាច្រើន មិនមានសភាពដូចនេះទេ ហើយបានបែកបាក់គ្នាដោយមានមូលហេតុណាមួយ។ តើអ្វីទៅដែលធ្វើឲ្យគ្រួសារបែកបាក់គ្នានោះ? នៅក្នុងជំពូកនេះ យើងនឹងពិគ្រោះកត្ដាបីយ៉ាង។ នៅក្នុងគ្រួសារខ្លះ សមាជិកមិនកាន់សាសនាដូចគ្នា។ គ្រួសារឯទៀត បុត្រធីតាប្រហែលជាមិនមានមាតាឬបិតាបង្កើតនៅជាមួយនោះឡើយ។ ក៏ប៉ុន្តែមានគ្រួសារផ្សេងទៀត ដែលធ្វើឲ្យការខំប្រឹងរកស៊ីចិញ្ចឹមជីវិត ឬសេចក្ដីប្រាថ្នាចង់បានវត្ថុទ្រព្យយ៉ាងច្រើនហាក់ដូចជាដើមហេតុដែលធ្វើឲ្យសមាជិកគ្រួសារបែកពីគ្នា។ ក៏ប៉ុន្តែ កាលៈទេសៈដែលធ្វើឲ្យគ្រួសារមួយរស់នៅដាច់ពីគ្នា ប្រហែលជាមិនដូចគ្រួសារមួយទៀតនោះទេ។ តើអ្វីដែលធ្វើឲ្យមានភាពខុសគ្នា?
២. តើមនុស្សខ្លះរកការណែនាំចំពោះជីវភាពគ្រួសារពីណា? ក៏ប៉ុន្តែតើអ្វីជាប្រភពដ៏ប្រសើរបំផុតចំពោះការណែនាំបែបនេះ?
២ កត្ដាមួយគឺដោយសារទស្សនៈ។ បើអ្នកខំយល់អំពីទស្សនៈរបស់អ្នកដទៃដោយចិត្តស្មោះ នោះអ្នកទំនងជាអាចយល់នូវរបៀបរក្សាការពារគ្រួសារឲ្យមានសាមគ្គីភាព។ កត្ដាទីពីរគឺប្រភពនៃការណែនាំរបស់អ្នក។ មនុស្សជាច្រើនធ្វើតាមឱវាទពីពួកអ្នកធ្វើការជាមួយគ្នា ពីអ្នកជិតខាង ពីអ្នកសរសេរកាសែត ឬការណែនាំឯទៀតរបស់មនុស្ស។ ក៏ប៉ុន្តែ អ្នកខ្លះបានរកឃើញនូវអ្វីដែលបន្ទូលរបស់ព្រះចែងប្រាប់អំពីស្ថានការណ៍របស់ពួកគេ ហើយរួចមកពួកគេបានអនុវត្តពីអ្វីដែលពួកគេបានរៀននោះ។ តើការធ្វើដូចនេះអាចជួយរក្សាសេចក្ដីសុខក្នុងគ្រួសារយ៉ាងដូចម្ដេច?—ធីម៉ូថេទី២ ៣:១៦, ១៧
បើស្វាមីរបស់អ្នកមានជំនឿផ្សេង
៣. (ក) តើអ្វីជាឱវាទក្នុងព្រះគម្ពីរស្តីអំពីការរៀបការជាមួយបុគ្គលដែលមានជំនឿផ្សេង? (ខ) តើមានគោលការណ៍ដ៏សំខាន់ណាខ្លះ ដែលជាប់ទាក់ទងនឹងនោះ បើស្វាមីឬភរិយាម្នាក់ជឿនិងម្នាក់ទៀតមិនជឿនោះ?
៣ ព្រះគម្ពីរទូន្មានយើងយ៉ាងខ្លាំងអំពីការរៀបការជាមួយបុគ្គលណាម្នាក់ ដែលមានជំនឿផ្សេងពីយើង។ (ចោទិយកថា ៧:៣, ៤; កូរិនថូសទី១ ៧:៣៩) ក៏ប៉ុន្តែ ប្រហែលជាអ្នកបានរៀនសេចក្ដីពិតក្នុងព្រះគម្ពីរ ក្រោយពីអ្នករៀបការហើយ តែស្វាមីរបស់អ្នកមិនបានរៀនទេ។ ក្រោយពីនោះយ៉ាងណាទៅ? ប្រាកដហើយ ពាក្យសច្ចារបស់អាពាហ៍ពិពាហ៍គឺនៅតែមានសុពលភាពដដែល។ (កូរិនថូសទី១ ៧:១០) ព្រះគម្ពីរបញ្ជាក់ថាចំណងអាពាហ៍ពិពាហ៍គឺមានជាអចិន្ត្រៃយ៍ ហើយលើកទឹកចិត្តគូស្វាមីភរិយាឲ្យលៃលកដោះស្រាយជំលោះដែលមានមកពីការទាស់ទែងគ្នា ជាជាងអនុញ្ញាតឲ្យបញ្ហានោះមានជាបន្តទៀត។ (អេភេសូរ ៥:២៨-៣១; ទីតុស ២:៤, ៥) ប៉ុន្តែ ចុះយ៉ាងណាបើស្វាមីរបស់អ្នកជំទាស់យ៉ាងខ្លាំង ដោយព្រោះអ្នកកាន់សាសនាខាងព្រះគម្ពីរនោះ? គាត់អាចខំប្រឹងបង្ការអ្នកពីការទៅកិច្ចប្រជុំក្នុងក្រុមជំនុំ ឬអាចនិយាយថា គាត់មិនចង់ឲ្យភរិយាគាត់ទៅពីផ្ទះមួយទៅផ្ទះមួយនិយាយអំពីសាសនាទេ។ តើអ្នកនឹងធ្វើយ៉ាងណា?
៤. តើតាមវិធីណាដែលភរិយាម្នាក់អាចបង្ហាញនូវការយល់ចិត្ត បើស្វាមីនាងមិនមានជំនឿដូចនាងនោះ?
៤ សូមសួរខ្លួនអ្នកមើល ‹ហេតុអ្វីបានជាប្ដីរបស់ខ្ញុំមានអារម្មណ៍ដូច្នេះ?›។ (សុភាសិត ១៦:២០, ២៣) បើគាត់មិនយល់ច្បាស់លាស់នូវអ្វីដែលអ្នកកំពុងតែធ្វើ នោះគាត់អាចព្រួយបារម្ភចំពោះអ្នក។ ឬគាត់អាចមានការបង្ខិតបង្ខំពីញាតិសន្ដាន ពីព្រោះអ្នកលែងចូលរួមធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទម្លាប់ ដែលពួកគេរាប់ទុកជាសំខាន់នោះទៀតហើយ។ ស្វាមីម្នាក់បានមានប្រសាសន៍ថា៖ «ពេលខ្ញុំនៅផ្ទះម្នាក់ឯង ខ្ញុំមានអារម្មណ៍ដូចជាភរិយារបស់ខ្ញុំរត់ចោលខ្ញុំ»។ បុរសម្នាក់នេះមានអារម្មណ៍ថា ភរិយារបស់គាត់រត់ចោលគាត់ដោយសារសាសនា។ ក៏ប៉ុន្តែ ចិត្តមានះបានឃាត់គាត់ មិនឲ្យសារភាពថា គាត់មានអារម្មណ៍កណ្ដោចកណ្ដែងទេ។ អ្នកត្រូវប្រាប់ស្វាមីរបស់អ្នកដោយធានាថា សេចក្ដីស្រឡាញ់ដែលអ្នកមានចំពោះព្រះយេហូវ៉ា មិនមានន័យថា ឥឡូវអ្នកស្រឡាញ់គាត់តិចជាងមុននោះឡើយ។ អ្នកត្រូវចំណាយពេលនៅជាមួយគាត់កុំខាន។
៥. តើភរិយាដែលមានស្វាមីមានជំនឿផ្សេង គួរតែរក្សាតុល្យភាពយ៉ាងណា?
៥ ក៏ប៉ុន្តែ មានអ្វីមួយពិតជាសំខាន់ជាងនោះដែលត្រូវតែយកមកពិនិត្យមើល បើអ្នកចង់ដោះស្រាយស្ថានការណ៍នេះដោយប្រាជ្ញា។ បន្ទូលរបស់ព្រះដាស់តឿនភរិយាគ្រប់រូបថា៖ «ចូរចុះចូលចំពោះប្ដីខ្លួន ដូចជាគួរគប្បីក្នុងព្រះអម្ចាស់»។ (កូល៉ុស ៣:១៨) ហេតុនេះហើយ បន្ទូលរបស់ព្រះណែនាំកុំឲ្យមានស្មារតីឯករាជ្យនិយម។ បន្ថែមទៅទៀតនោះក៏បានចែងថា៖ «ដូចជាគួរគប្បីក្នុងព្រះអម្ចាស់» បទគម្ពីរនេះបង្ហាញថាការចុះចូលនឹងស្វាមីខ្លួន ក៏គួរទាក់ទងនឹងការចុះចូលចំពោះព្រះអម្ចាស់ដែរ។ គឺត្រូវតែមានតុល្យភាព។
៦. តើភរិយាគ្រីស្ទានគួរចាំទុកគោលការណ៍អ្វីខ្លះ?
៦ ចំពោះគ្រីស្ទានម្នាក់ ការទៅឯប្រជុំក្រុមជំនុំ និងធ្វើបន្ទាល់ដល់អ្នកដទៃអំពីជំនឿ ដែលមានមូលដ្ឋានលើព្រះគម្ពីរ ជាលក្ខណៈដ៏សំខាន់នៃការថ្វាយបង្គំពិតដែលខានពុំបាននោះឡើយ។ (រ៉ូម ១០:៩, ១០, ១៤; ហេព្រើរ ១០:២៤, ២៥) ដូច្នេះ តើអ្នកនឹងធ្វើយ៉ាងណា បើមនុស្សម្នាក់បានបញ្ជាអ្នកឲ្យឈប់ធ្វើតាមសេចក្ដីតម្រូវជាក់លាក់ណាមួយរបស់ព្រះ? ពួកសាវ័ករបស់ព្រះយេស៊ូគ្រីស្ទបានប្រកាសថា៖ «ត្រូវតែស្ដាប់បង្គាប់របស់ព្រះជាជាងមនុស្ស»។ (កិច្ចការ ៥:២៩) គំរូរបស់ពួកគាត់ផ្ដល់នូវអ្វីដែលធ្លាប់កើតឡើងពីមុនមក ដែលទាក់ទងនឹងស្ថានការណ៍ជាច្រើនក្នុងជីវិត។ តើសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានឹងជំរុញចិត្តអ្នកឲ្យរក្សាភក្ដីភាពចំពោះទ្រង់ ដែលទ្រង់សមនឹងទទួលនោះទេ? ដំណាលគ្នានេះ តើសេចក្ដីស្រឡាញ់និងសេចក្ដីគោរពដែលអ្នកមានចំពោះស្វាមីរបស់អ្នក នឹងបណ្ដាលឲ្យអ្នកខំថ្វាយបង្គំព្រះយេហូវ៉ា តាមរបៀបមួយដែលមិនធ្វើឲ្យស្វាមីរបស់អ្នកតូចចិត្តបានទេ?—ម៉ាថាយ ៤:១០; យ៉ូហានទី១ ៥:៣
៧. តើភរិយាគ្រីស្ទានគួរមានការប្ដេជ្ញាចិត្តយ៉ាងណា?
៧ ព្រះយេស៊ូបានជ្រាបថា ការថ្វាយបង្គំព្រះយេហូវ៉ាតាមរបៀបនេះ នឹងមិនតែងតែអាចធ្វើបាននោះទេ។ ទ្រង់បានព្រមានថា ដោយព្រោះការជំទាស់នឹងការថ្វាយបង្គំពិត នោះសមាជិកដែលជឿព្រះក្នុងគ្រួសារខ្លះ នឹងមានអារម្មណ៍ថាត្រូវគេកាត់កាល់ចេញ ហាក់ដូចជាពួកគេត្រូវខណ្ឌដោយដាវឲ្យបែកចេញពីសមាជិកឯទៀតក្នុងគ្រួសារ។ (ម៉ាថាយ ១០:៣៤-៣៦) ស្ត្រីម្នាក់នៅប្រទេសជប៉ុនធ្លាប់បានពិសោធរឿងនេះ។ ស្វាមីរបស់គាត់បានជំទាស់នឹងគាត់អស់១១ឆ្នាំមកហើយ។ ស្វាមីរបស់គាត់បានប្រព្រឹត្តយ៉ាងសាហាវចំពោះគាត់ ហើយជាញឹកញាប់បានចាក់សោជាប់មិនឲ្យគាត់ចូលផ្ទះ។ ក៏ប៉ុន្តែ គាត់បានស៊ូទ្រាំ។ មិត្តភក្ដិក្នុងក្រុមជំនុំគ្រីស្ទានបានជួយគាត់។ គាត់បានអធិស្ឋានជានិច្ច ហើយបានទទួលការលើកទឹកចិត្តជាច្រើនពីពេត្រុសទី១ ២:២០។ ស្ត្រីគ្រីស្ទានម្នាក់នេះបានជឿស៊ប់ថា បើគាត់បន្តរក្សាជំហរមាំមួន នោះថ្ងៃណាមួយស្វាមីរបស់គាត់នឹងបំរើព្រះយេហូវ៉ាជាមួយគាត់ដែរ។ ហើយស្វាមីរបស់គាត់បានបំរើព្រះយេហូវ៉ាមែន!
៨, ៩. តើភរិយាម្នាក់គួរប្រព្រឹត្តយ៉ាងណា ដើម្បីជៀសវាងពីការបណ្ដាលឲ្យមានឧបសគ្គពីស្វាមីរបស់នាង?
៨ គឺមានវិធីជាច្រើនដែលអ្នកអាចធ្វើ ដើម្បីឲ្យមានអានុភាពលើអាកប្បកិរិយានៃគូរបស់អ្នក។ ជាឧទាហរណ៍ បើស្វាមីរបស់អ្នកជំទាស់នឹងសាសនារបស់អ្នក សូមកុំ បើកឲ្យគាត់មានហេតុត្អូញត្អែរខាងរឿងផ្សេងៗទៀតនោះឡើយ។ សូមថែទាំផ្ទះឲ្យបានស្អាតបាត។ ចូររៀបចំខ្លួនឲ្យស្អាត។ សូមសម្ដែងសេចក្ដីស្រឡាញ់និងមានអំណរគុណយ៉ាងច្រើនចំពោះគាត់។ ជាជាងរិះគន់ សូមជួយគាំទ្រវិញ។ សូមបង្ហាញថាអ្នកពឹងគាត់ជាមេគ្រួសារ។ សូមកុំតបតជាមួយគាត់បើអ្នកមានអារម្មណ៍ថា គាត់ធ្វើបាបអ្នកនោះ។ (ពេត្រុសទី១ ២:២១, ២៣) សូមឲ្យចេះយោគយល់ចំពោះភាពឥតគ្រប់ល័ក្ខណ៍របស់គាត់ ហើយបើមានទំនាស់ជាមួយគ្នានោះ ចូរអ្នកបន្ទាបខ្លួនទៅសុំទោសគាត់មុនទៅ។—អេភេសូរ ៤:២៦
៩ សូមកុំឲ្យការទៅឯកិច្ចប្រជុំរបស់អ្នកធ្វើជាលេសឲ្យគាត់ទទួលទានអាហារហួសពេលនោះឡើយ។ អ្នកប្រហែលជាចូលរួមកិច្ចបំរើគ្រីស្ទាន នៅពេលដែលស្វាមីរបស់អ្នកមិននៅផ្ទះ។ យកល្អភរិយាគ្រីស្ទានជៀសវាងពីការផ្សព្វផ្សាយដល់ស្វាមី ពេលដែលគាត់មិនចង់ស្ដាប់។ ផ្ទុយទៅវិញ ភរិយានឹងធ្វើតាមឱវាទរបស់សាវ័កពេត្រុសដែលថា៖ «ឯពួកស្រីៗ ត្រូវចុះចូលចំពោះប្ដីខ្លួនបែបដូច្នោះដែរ ដើម្បីបើមានអ្នកណាដែលមិនព្រមស្ដាប់បង្គាប់ តាមព្រះបន្ទូល នោះប្រពន្ធនឹងទាញចិត្តមកបាន ដោយសារកិរិយាល្អក្រៅពីព្រះបន្ទូល ដោយអ្នកនោះឃើញកិរិយាបរិសុទ្ធ ដែលប្រពន្ធប្រព្រឹត្តយ៉ាងកោតខ្លាចដល់ព្រះ»។ (ពេត្រុសទី១ ៣:១, ២) ភរិយាគ្រីស្ទានត្រូវខំសម្ដែងឲ្យបានប្រាកដនូវផលផ្លែនៃវិញ្ញាណរបស់ព្រះ។—កាឡាទី ៥:២២, ២៣
ពេលដែលភរិយាមានជំនឿផ្សេង
១០. តើស្វាមីដែលជាអ្នកជឿព្រះគួរប្រព្រឹត្តយ៉ាងណាចំពោះភរិយារបស់ខ្លួន បើភរិយានោះមានជំនឿផ្សេងពីគាត់?
១០ ចុះយ៉ាងណាវិញ បើស្វាមីជាអ្នកកាន់សាសនាគ្រីស្ទាន តែភរិយាមិនកាន់នោះ? ព្រះគម្ពីរក៏ផ្ដល់ឲ្យការណែនាំក្នុងកាលៈទេសៈបែបនេះផងដែរ។ ព្រះគម្ពីរចែងថា៖ «បើបងប្អូនណាមានប្រពន្ធដែលមិនជឿ តែព្រមនៅជាមួយនឹងខ្លួន នោះមិនត្រូវលះចោលនាងឡើយ»។ (កូរិនថូសទី១ ៧:១២) ហើយក៏ដាស់តឿនស្វាមីដែរថា៖ «ចូរស្រឡាញ់ប្រពន្ធចុះ!»។—កូល៉ុស ៣:១៩
១១. បើភរិយាមិនមែនជាគ្រីស្ទានទេ តើស្វាមីម្នាក់អាចបង្ហាញនូវការយោគយល់និងកាន់តាមប្រមុខភាពចំពោះនាងយ៉ាងប៉ិនប្រសប់យ៉ាងណា?
១១ បើអ្នកជាស្វាមីម្នាក់ ដែលមានភរិយាកាន់ជំនឿផ្សេង នោះជាពិសេសអ្នកត្រូវ យកចិត្តទុកដាក់គោរពនាងហើយគិតដល់អារម្មណ៍របស់នាងផងដែរ។ ដោយសារនាងជាមនុស្សពេញវ័យ នោះនាងក៏សមនឹងទទួលនូវសេរីភាពក្នុងការកាន់ជំនឿរបស់នាង ទោះជាអ្នកមិនយល់ស្របនឹងជំនឿនោះក៏ដោយ។ ពេលដំបូងដែលអ្នកនិយាយជាមួយនាងអំពីជំនឿរបស់អ្នក សូមកុំសង្ឃឹមថានាងនឹងបោះបង់ចោលជំនឿដែលនាងបានកាន់ជាយូរយារមកហើយ ដោយប្ដូរទៅកាន់សាសនាថ្មីមួយភ្លាមៗនោះ។ ជាជាងនិយាយយ៉ាងកំបុតថា ទំនៀមទម្លាប់ខាងសាសនាដែលនាងនិងគ្រួសាររបស់នាងបានស្រឡាញ់ជាយូរយារមកហើយគឺមិនពិត ចូរខំដោយអត់ធ្មត់វែកញែកជាមួយនាង ដោយប្រើបទគម្ពីរវិញ។ បើអ្នកចំណាយពេលច្រើនក្នុងសកម្មភាពខាងក្រុមជំនុំ នោះនាងប្រហែលជានឹងគិតក្នុងអារម្មណ៍ថា គ្មានអ្នកណាអើពើនឹងនាងទេ។ កាលបើភរិយាជំទាស់ពេលអ្នកខំប្រឹងបំរើព្រះយេហូវ៉ា ប្រហែលជានាងគ្រាន់តែចង់បញ្ជាក់ថា៖ «សូមបងនៅជាមួយអូនឲ្យបានច្រើនជាង!»។ ចូរឲ្យមានចិត្តអត់ធ្មត់។ នៅពេលក្រោយមក ប្រហែលជានាងអាចទទួលយកការថ្វាយបង្គំពិត ដោយសារការយល់ចិត្តដែលប្រកបទៅដោយសេចក្ដីស្រឡាញ់របស់អ្នក។—កូល៉ុស ៣:១២-១៤; ពេត្រុសទី១ ៣:៨, ៩
ការអប់រំបុត្រធីតា
១២. ទោះបីជាស្វាមីនិងភរិយាមានជំនឿផ្សេងគ្នាក៏ដោយ តើគោលការណ៍ក្នុងបទគម្ពីរគួរអនុវត្តយ៉ាងណា ក្នុងការអប់រំបុត្រធីតារបស់ខ្លួន?
១២ នៅក្នុងគ្រួសារដែលគ្មានសាមគ្គីភាពក្នុងការថ្វាយបង្គំ នោះការអប់រំខាងសាសនាដល់បុត្រធីតា ជួនកាលអាចកើតទៅជាបញ្ហា។ តើគោលការណ៍ខាងបទគម្ពីរអាចយកមកអនុវត្តយ៉ាងដូចម្ដេច? ព្រះគម្ពីរប្រទានឲ្យបិតាទទួលខុសត្រូវដ៏ចំបងចំពោះការអប់រំបុត្រធីតា ក៏ប៉ុន្តែមាតាក៏មានមុខនាទីដ៏សំខាន់ផងដែរ។ (សុភាសិត ១:៨; ប្រៀបមើល លោកុប្បត្តិ ១៨:១៩; ចោទិយកថា ១១:១៨, ១៩) ទោះជាបិតាពុំទទួលយកប្រមុខភាពរបស់ព្រះគ្រីស្ទក៏ដោយ ក៏បិតានៅតែជាមេគ្រួសារដែរ។
១៣, ១៤. បើស្វាមីហាមភរិយាកុំឲ្យយកកូនទៅឯកិច្ចប្រជុំគ្រីស្ទានឬកុំឲ្យសិក្សាជាមួយកូន តើនាងអាចធ្វើអ្វី?
១៣ បិតាខ្លះមានជំនឿផ្សេង តែមិនប្រឆាំងទេ បើភរិយាគាត់អប់រំកូនអំពីរឿងសាសនា តែបិតាខ្លះទៀតប្រឆាំង។ ចុះយ៉ាងណាវិញបើស្វាមីរបស់អ្នកមិនព្រមឲ្យអ្នក យកកូនទៅឯកិច្ចប្រជុំក្រុមជំនុំ ឬរហូតដល់ហាមមិនឲ្យអ្នកសិក្សាព្រះគម្ពីរជាមួយកូននៅផ្ទះទៀតផងនោះ? ឥឡូវអ្នកត្រូវតែថ្លឹងថ្លែងភារកិច្ចមួយចំនួន គឺភារកិច្ចរបស់អ្នកចំពោះព្រះយេហូវ៉ា និងចំពោះស្វាមីដែលជាមេគ្រួសារ និងចំពោះបុត្រធីតាស្ងួនភ្ងារបស់អ្នក។ តើអ្នកអាចដោះស្រាយរឿងនេះយ៉ាងដូចម្ដេច?
១៤ យ៉ាងប្រាកដហើយ ដែលអ្នកត្រូវអធិស្ឋានអំពីរឿងនេះ។ (ភីលីព ៤:៦, ៧; យ៉ូហានទី១ ៥:១៤) នៅទីបំផុត គឺជាអ្នកដែលត្រូវសម្រេចចិត្តថាអ្នកនឹងធ្វើយ៉ាងណាទៅ។ ប្រសិនបើអ្នកចាត់វិធានការដោយឈ្លាសវៃ ដោយធ្វើឲ្យស្វាមីរបស់អ្នកយល់ច្បាស់ថា អ្នកមិនប្រជែងនឹងសិទ្ធិជាមេគ្រួសារនោះទេ នៅទីបំផុតប្រហែលគាត់នឹងមិនសូវប្រឆាំងប៉ុន្មានឡើយ។ ទោះជាស្វាមីរបស់អ្នកហាមអ្នកមិនឲ្យយកកូនទៅប្រជុំ ឬសិក្សាព្រះគម្ពីរជាមួយកូនក៏ដោយ អ្នកក៏នៅតែអាចបង្រៀនកូនតាមរបៀបផ្សេងដែរ។ តាមរយៈការសន្ទនារៀងរាល់ថ្ងៃនិងគំរូដ៏ល្អរបស់អ្នក ចូរខំប្រឹងអប់រំបុត្រធីតារបស់អ្នកឲ្យចេះមានសេចក្ដីស្រឡាញ់មួយកំរិតចំពោះព្រះយេហូវ៉ា មានជំនឿលើព្រះបន្ទូលរបស់ទ្រង់ មានការគោរពចំពោះមាតាបិតា ដែលរួមបញ្ចូលបិតារបស់ខ្លួន និងចេះយកចិត្តទុកដាក់ដោយសេចក្ដីស្រឡាញ់ចំពោះមនុស្សឯទៀត ហើយថែមទាំងយល់តម្លៃនៃការមានទម្លាប់ធ្វើការដោយយកចិត្តទុកដាក់។ នៅពេលក្រោយៗមក បិតានេះប្រហែលនឹងកត់សម្គាល់នូវផលល្អ និងយល់ដឹងពីសារៈប្រយោជន៍នៃការខំប្រឹងរបស់អ្នក។—សុភាសិត ២៣:២៤
១៥. តើអ្វីជាភារកិច្ចរបស់បិតាដែលជឿព្រះ ក្នុងការអប់រំបុត្រធីតានោះ?
១៥ ប្រសិនបើអ្នកជាស្វាមីម្នាក់ដែលជឿព្រះ ហើយភរិយាមិនមែនជាអ្នកជឿ ដូច្នេះអ្នកត្រូវទទួលភារកិច្ចដើម្បីចិញ្ចឹមអប់រំបុត្រធីតារបស់អ្នក«តាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់វិញ»។ (អេភេសូរ ៦:៤) ប្រាកដហើយ អ្នកត្រូវប្រព្រឹត្តចំពោះភរិយាដោយចិត្តសប្បុរស បង្ហាញសេចក្ដីស្រឡាញ់ និងប្រព្រឹត្តទៅលើនាងដោយសមហេតុសមផល។
ប្រសិនបើសាសនារបស់អ្នក មិនមែនដូចសាសនារបស់មាតាបិតា
១៦, ១៧. តើគោលការណ៍ព្រះគម្ពីរមួយណាដែលបុត្រធីតាត្រូវតែចាំ បើពួកគេកាន់ជំនឿផ្សេងពីមាតាបិតារបស់ខ្លួននោះ?
១៦ គឺមិនមែនជាការចម្លែកទេ សូម្បីតែក្មេងៗក៏ដោយ ក៏អាចជាអ្នកដែលកាន់ សាសនាខុសពីសាសនានៃមាតាបិតារបស់ពួកគេផងដែរ។ តើអ្នកជាក្មេងម្នាក់បែបនេះទេ? បើដូច្នេះមែន ព្រះគម្ពីរក៏មានឱវាទចំពោះអ្នកដែរ។
១៧ បន្ទូលរបស់ព្រះចែងថា៖ «ចូរស្ដាប់បង្គាប់មាតាបិតាខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នោះទើបបានត្រូវ ‹ចូរគោរពប្រតិបត្ដិដល់មាតាបិតាខ្លួន›»។ (អេភេសូរ ៦:១, ២) ការប្រព្រឹត្តបែបនេះគឺរួមបញ្ចូលសេចក្ដីគោរពដ៏ស្មោះចំពោះមាតាបិតា។ ទោះជាការគោរពមាតាបិតាគឺសំខាន់យ៉ាងណាក៏ដោយ អ្នកមិនត្រូវភ្លេចគិតពីព្រះដ៏ពិតនោះទេ។ នៅពេលដែលកូនម្នាក់ពេញវ័យល្មមធ្វើការសម្រេចចិត្តដោយខ្លួនឯងបានហើយ កូននោះក៏ត្រូវទទួលខុសត្រូវកាន់តែច្រើនដែរចំពោះការប្រព្រឹត្តរបស់ខ្លួន។ នេះគឺត្រឹមត្រូវមែន មិនគ្រាន់តែស្តីអំពីច្បាប់ខាងសង្គមប៉ុណ្ណោះទេ ក៏ប៉ុន្តែជាពិសេសត្រឹមត្រូវចំពោះក្រិត្យវិន័យរបស់ព្រះ។ ព្រះគម្ពីរចែងថា៖ «យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន»។—រ៉ូម ១៤:១២
១៨, ១៩. ប្រសិនបើបុត្រធីតាមានសាសនាផ្សេងពីមាតាបិតា តើដោយដូចម្ដេចដែលពួកគេអាចជួយមាតាបិតាឲ្យយល់ពីជំនឿរបស់ខ្លួនបានប្រសើរឡើង?
១៨ ប្រសិនបើជំនឿរបស់អ្នកបណ្ដាលឲ្យអ្នកធ្វើការកែប្រែក្នុងជីវិតរបស់អ្នក សូមខំប្រឹងស្វែងយល់នូវទស្សនៈរបស់មាតាបិតារបស់អ្នកផងដែរ។ ប្រសិនបើអ្នករៀននិងអនុវត្តតាមគោលការណ៍ព្រះគម្ពីរ នោះពួកគាត់ទាំងពីរទំនងជានឹងពេញចិត្តនឹងអ្នក ប្រសិនបើអ្នកចេះគោរព ចេះស្ដាប់បង្គាប់គាត់ជាងមុន ហើយចេះយកចិត្តទុកដាក់ច្រើនជាងលើអ្វីដែលពួកគាត់ទាំងពីរតម្រូវលើអ្នក។ ក៏ប៉ុន្តែ បើជំនឿថ្មីរបស់អ្នកបណ្ដាលឲ្យអ្នកបដិសេធចោលនូវជំនឿនិងប្រពៃណីទំនៀមទម្លាប់ដែលមាតាបិតារបស់អ្នកស្រឡាញ់ នោះគាត់ប្រហែលជាមានអារម្មណ៍ថា អ្នកកំពុងតែមើលងាយនូវកេរ្ដិ៍ដំណែលមួយ ដែលពួកគាត់ទុកឲ្យអ្នកហើយ។ គាត់ក៏ប្រហែលជាខ្វល់ខ្វាយពីសុវត្ថិភាពរបស់អ្នក ដោយព្រោះអ្នកកំពុងតែធ្វើអ្វីដែលខុសពីធម្មតាដែលគេធ្វើក្នុងសហគមន៍របស់អ្នក ឬពួកគាត់គិតថា នេះបានបំបែរអារម្មណ៍របស់អ្នកចេញពីការប្រមូលទ្រព្យសម្បត្ដិ។ មានមោទនភាពចំពោះខ្លួនឯងក៏អាចទៅជាឧបសគ្គមួយដែរ។ តាមពិតទៅ គាត់អាចមានអារម្មណ៍ថា អ្នកកំពុងតែនិយាយថា អ្នកជឿត្រូវ តែគាត់ជឿខុសទៅវិញ។
១៩ ដូច្នេះហើយ ចូរប្រញាប់ចាត់វិធានការរៀបចំឲ្យមាតាបិតារបស់អ្នកអាចជួបអ្នក ចាស់ទុំខ្លះៗ ឬស្មរបន្ទាល់ផ្សេងទៀតពីក្រុមជំនុំដែលមានគំនិតចាស់ទុំក្នុងតំបន់នោះ។ សូមលើកទឹកចិត្តមាតាបិតារបស់អ្នកឲ្យពួកគាត់ទៅលេងឯសាលព្រះរាជាណាចក្រ ដើម្បីឲ្យពួកគាត់អាចស្ដាប់នូវអ្វីដែលគេកំពុងតែពិគ្រោះ ហើយឲ្យពួកគាត់ឃើញដោយខ្លួនពួកគាត់ផ្ទាល់ថាតើស្មរបន្ទាល់ព្រះយេហូវ៉ា ជាមនុស្សបែបណា។ ក្រោយមក ប្រហែលជាការប្រឆាំងពីមាតាបិតារបស់អ្នកនឹងអន់ថយជាងមុន។ សូម្បីតែពេលដែលមាតាបិតាបានប្រឆាំងយ៉ាងខ្លាំង រហូតដល់កំទេចចោលប្រកាសនវត្ថុខាងព្រះគម្ពីរ និងហាមឃាត់មិនឲ្យកូនៗទៅឯកិច្ចប្រជុំគ្រីស្ទានក៏ដោយ តែធម្មតាអ្នកនឹងមានឱកាសផ្សេងទៀតដើម្បីអានប្រកាសនវត្ថុនៅកន្លែងផ្សេង ហើយមានឱកាសនិយាយជាមួយគ្រីស្ទានឯទៀត ថែមទាំងអាចផ្សព្វផ្សាយនិងជួយអ្នកដទៃក្រៅផ្លូវការផងដែរ។ អ្នកក៏អាចទូលព្រះយេហូវ៉ាតាមរយៈការអធិស្ឋានផងដែរ។ យុវជនខ្លះត្រូវតែរង់ចាំរហូតដល់ពួកគេគ្រប់អាយុ ដើម្បីអាចចាកចេញពីផ្ទះមាតាបិតា ទើបពួកគេអាចសម្រេចការបានច្រើនទៀត។ ទោះជាមានស្ថានការណ៍យ៉ាងណាក្នុងក្រុមគ្រួសារក៏ដោយ សូមកុំភ្លេចពី‹ការគោរពមាតាបិតារបស់អ្នក›។ ចូរខំបង្កើតឲ្យមានសេចក្ដីសុខក្នុងក្រុមគ្រួសារ។ (រ៉ូម ១២:១៧, ១៨) អ្វីដែលសំខាន់បំផុត សូមបង្កើតឲ្យមានមេត្រីភាពជាមួយព្រះ។
ភាពពិបាករបស់គ្រួសារដែលមានឪពុកចុងឬម្ដាយចុង
២០. តើបុត្រធីតាអាចមានអារម្មណ៍យ៉ាងណា បើមាតាឬបិតារបស់ខ្លួនជាម្ដាយចុងឬឪពុកចុង?
២០ អ្វីដែលនាំឲ្យមានបញ្ហាដ៏ធំជាងគេនៅក្នុងក្រុមគ្រួសារជាច្រើន គឺមិនមែនដោយសារសាសនាទេ តែជាបញ្ហាមកពីក្រុមគ្រួសារដែលមានឪពុកចុងឬម្ដាយចុងវិញ។ សព្វថ្ងៃនេះ ក្នុងក្រុមគ្រួសារជាច្រើនបែបនេះ មាតាឬបិតាច្រើនតែមានកូនពីអាពាហ៍ពិពាហ៍មុន។ នៅក្នុងគ្រួសារបែបនេះ បុត្រធីតាប្រហែលជាមានចិត្តច្រណែននិងតូចចិត្ត ឬប្រហែលជាមិនដឹងជាស្មោះត្រង់ចំពោះខាងណាទេ។ ជាលទ្ធផល ពួកគេអាចរិះគន់នូវការខំប្រឹងដ៏ស្មោះនៃម្ដាយចុងឬឪពុកចុង ដែលខំធ្វើជាមាតាឬបិតាដ៏ល្អនោះ។ តើអ្វីដែលអាចជួយក្រុមគ្រួសារមួយបែបនេះឲ្យបានជោគជ័យ?
២១. ទោះជាគេស្ថិតក្នុងករណីណាក៏ដោយ ហេតុអ្វីបានជាឪពុកចុងឬម្ដាយចុង គួរពឹងលើគោលការណ៍ព្រះគម្ពីរដើម្បីទទួលជំនួយនោះ?
២១ ចូរឲ្យដឹងថា ទោះជាស្ថិតក្នុងករណីណាក៏ដោយ គោលការណ៍ព្រះគម្ពីរដែលនាំ ឲ្យគ្រួសារឯទៀតបានជោគជ័យ ក៏ទាក់ទងនឹងករណីនេះដែរ។ ការមិនខ្ចីអើពើនឹងគោលការណ៍ទាំងនេះ ប្រហែលមើលទៅដូចជាអាចដោះស្រាយបញ្ហាជាបណ្ដោះអាសន្នបាន តែក្រោយមកនឹងនាំឲ្យមានការចុកចាប់ក្នុងចិត្ត។ (ទំនុកដំកើង ១២៧:១; សុភាសិត ២៩:១៥) ចូរបណ្ដុះឲ្យមានប្រាជ្ញានិងការយោគយល់ គឺជាប្រាជ្ញាដែលអាចជួយឲ្យចេះអនុវត្តតាមគោលការណ៍របស់ព្រះ ដែលនឹងមានប្រយោជន៍ជារៀងរហូត ហើយការយោគយល់គឺជួយឲ្យយើងចេះសម្គាល់នូវមូលហេតុដែលសមាជិកក្នុងគ្រួសារនិយាយឬធ្វើអ្វីមួយ។ ហើយក៏ត្រូវឲ្យមានការចេះយល់ចិត្តផងដែរ។—សុភាសិត ១៦:២១; ២៤:៣; ពេត្រុសទី១ ៣:៨
២២. ហេតុអ្វីបានជាកូនប្រហែលមានការពិបាកនឹងស្ដាប់តាមឪពុកចុងឬម្ដាយចុង?
២២ បើអ្នកជាឪពុកចុងឬម្ដាយចុង អ្នកប្រហែលជានឹកចាំថា ពីមុនអ្នកជាមិត្តភក្ដិនៃគ្រួសាររបស់ពួកគេតែប៉ុណ្ណោះ កូនទាំងនោះប្រហែលជាបានទទួលអ្នកយ៉ាងរាក់ទាក់។ ប៉ុន្តែពេលដែលអ្នកបានទៅជាឪពុកចុងឬម្ដាយចុងរបស់ពួកគេ កូនទាំងនោះប្រហែលជាបានផ្លាស់ប្ដូរអាកប្បកិរិយារបស់ពួកគេ ហើយប្រហែលជានឹកចាំពីមាតាឬបិតាបង្កើតរបស់ពួកគេ ដែលឥឡូវមិនបានរស់នៅជាមួយពួកគេទៀត ដោយមានចិត្តស្ទាក់ស្ទើរពួកគេមិនដឹងថាតើត្រូវស្រឡាញ់អ្នកណាទេ ហើយកូននោះអាចរហូតដល់មានអារម្មណ៍ថា អ្នកចង់ធ្វើឲ្យពួកគេឈប់ស្រឡាញ់មាតាឬបិតាបង្កើតរបស់ពួកគេទៀតផង។ នៅពេលខ្លះ ពួកគេអាចប្រាប់អ្នកយ៉ាងចំៗថា អ្នកមិនមែនជាមាតាឬបិតារបស់ពួកគេទេ។ ការនិយាយបែបនោះពិតជាធ្វើឲ្យអ្នកឈឺចាប់ណាស់។ ក៏ប៉ុន្តែ «កុំឲ្យមានចិត្តរហ័សខឹងឡើយ»។ (សាស្ដា ៧:៩) គឺត្រូវការជាចាំបាច់នូវការយោគយល់និងការយល់ចិត្ត ដើម្បីគិតដល់អារម្មណ៍របស់កូនៗ។
២៣. តើមាតាបិតាប្រហែលជាអាចទូន្មានកូនយ៉ាងណា ក្នុងគ្រួសារដែលមានកូនចុង?
២៣ គុណសម្បត្ដិទាំងនេះគឺសំខាន់ណាស់ ពេលដែលយើងប្រដៅទូន្មានកូននោះ។ ការទូន្មានដែលមិនផ្លាស់ប្ដូរគឺសំខាន់ចាំបាច់។ (សុភាសិត ៦:២០; ១៣:១) ហើយដោយព្រោះកូនៗមិនមានចិត្តដូចគ្នា នោះការទូន្មានអាចផ្សេងពីកូនមួយទៀត។ មុនដំបូង ឪពុកចុងឬម្ដាយចុងដឹងថា ប្រហែលជាប្រសើរជាង បើឲ្យមាតាឬបិតាបង្កើតទូន្មានប្រដៅពួកគេវិញនោះ។ ប៉ុន្តែគឺចាំបាច់ ដែលមាតាបិតាទាំងពីរនាក់យល់ស្របចំពោះការទូន្មានបែបណានិងរក្សាឲ្យមានបែបនោះ ហើយមិនត្រូវចូលចិត្តកូនបង្កើត ជាងកូនចុងនោះឡើយ។ (សុភាសិត ២៤:២៣) ការស្ដាប់បង្គាប់គឺសំខាន់ តែក៏ត្រូវយោគយល់ដល់ភាពឥតគ្រប់ល័ក្ខណ៍របស់កូនដែរ។ កុំឲ្យរហ័សមានប្រតិកម្មពេក។ ចូរទូន្មានដោយសេចក្ដីស្រឡាញ់។—កូល៉ុស ៣:២១
២៤. តើអ្វីដែលអាចជួយជៀសវាងបញ្ហាខាងសីលធម៌ រវាងសមាជិកភេទផ្ទុយនៅក្នុងក្រុមគ្រួសារដែលមានឪពុកចុងឬម្ដាយចុងនោះ?
២៤ ការពិគ្រោះជាគ្រួសារអាចជួយយ៉ាងច្រើនដើម្បីបង្ការកុំឲ្យមានបញ្ហា។ ការពិគ្រោះជាគ្រួសារនេះអាចជួយក្រុមគ្រួសារឲ្យផ្ដោតអារម្មណ៍លើអ្វីៗដែលសំខាន់បំផុតក្នុងជីវិត។ (ប្រៀបមើល ភីលីព ១:៩-១១) នោះក៏ថែមទាំងអាចជួយសមាជិកម្នាក់ៗ ឲ្យយល់ឃើញពីរបៀបដែលខ្លួនអាចជួយសម្រេចគោលដៅដែលក្រុមគ្រួសារមាននោះ។ បន្ថែមទៅទៀត ការនិយាយចំៗក្នុងការពិគ្រោះជាគ្រួសារ អាចបង្ការពីបញ្ហាខាងសីលធម៌ដែរ។ ក្មេងស្រីៗត្រូវតែយល់នូវរបៀបស្លៀកពាក់ និងកាន់មារយាទល្អកាលដែលនៅជិតឪពុកចុងរបស់ខ្លួន និងបងប្អូនចុងភេទប្រុស។ ក្មេងប្រុសៗត្រូវ ការការណែនាំឲ្យប្រព្រឹត្តយ៉ាងត្រឹមត្រូវចំពោះម្ដាយចុង និងបងប្អូនចុងភេទស្រីដែរ។—ថែស្សាឡូនីចទី១ ៤:៣-៨
២៥. តើគុណសម្បត្ដិអ្វីខ្លះដែលអាចជួយរក្សាឲ្យមានសេចក្ដីសុខក្នុងក្រុមគ្រួសារដែលមានឪពុកចុងឬម្ដាយចុង?
២៥ ដើម្បីដោះស្រាយនូវការពិបាកក្នុងនាមជាឪពុកចុងឬម្ដាយចុង ចូរឲ្យចេះអត់ធ្មត់។ គឺត្រូវចំណាយពេលដើម្បីបណ្ដុះឲ្យមានទំនាក់ទំនងគ្នា។ ការខំប្រឹងឲ្យកូនៗដែលមិនមែនជាកូនបង្កើតរបស់ខ្លួនស្រឡាញ់និងគោរពអ្នក អាចជាកិច្ចការដ៏ពិបាកមែន។ ប៉ុន្តែអាចធ្វើទៅបាន។ ចិត្តដែលប្រកបដោយប្រាជ្ញានិងការយោគយល់ ព្រមទាំងសេចក្ដីប្រាថ្នាដ៏ខ្លាំងដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ា គឺជាកត្ដាដ៏សំខាន់ដើម្បីឲ្យមានសេចក្ដីសុខក្នុងក្រុមគ្រួសារដែលមានឪពុកចុងឬម្ដាយចុង។ (សុភាសិត ១៦:២០) គុណសម្បត្ដិបែបនេះក៏អាចជួយអ្នក ឲ្យប្រឈមមុខដោះស្រាយនឹងស្ថានការណ៍ឯទៀតដែរ។
តើការស្វះស្វែងរកទ្រព្យសម្បត្ដិធ្វើឲ្យមានការបែកបាក់ចំពោះក្រុមគ្រួសាររបស់អ្នកឬទេ?
២៦. តើតាមរបៀបណាដែលបញ្ហានិងទស្សនៈស្តីអំពីវត្ថុទ្រព្យ អាចធ្វើឲ្យគ្រួសារបែកបាក់ពីគ្នា?
២៦ បញ្ហានិងទស្សនៈស្តីអំពីវត្ថុទ្រព្យអាចធ្វើឲ្យមានការបែកបាក់ចំពោះគ្រួសារ តាមរបៀបច្រើនយ៉ាង។ គួរឲ្យស្ដាយមែន គ្រួសារខ្លះបានបែកបាក់គ្នាដោយការឈ្លោះប្រកែករឿងលុយកាក់ និងសេចក្ដីប្រាថ្នាចង់ធ្វើជាអ្នកមានឬយ៉ាងហោចណាស់ចង់បានច្រើនបង្គួរដែរ។ ការទាស់ទែងគ្នាអាចមានឡើង ពេលដែលស្វាមីភរិយាធ្វើការទាំងពីរនាក់ និងចាប់ផ្ដើមមានគំនិតដែលថា «នេះលុយខ្ញុំ នោះជាលុយឯង»។ ទោះជាអាចជៀសវាងការឈ្លោះប្រកែកគ្នាក៏ដោយ តែពេលដែលគូស្វាមីភរិយាធ្វើការទាំងពីរនាក់ នោះប្រហែលជាពួកគេមានកាលវិភាគរៀងៗខ្លួនដែលមិនបន្សល់ពេលឲ្យពួកគេនៅជាមួយគ្នាបានប៉ុន្មានទេ។ ការនិយមមួយដែលមានកាន់តែច្រើនក្នុងពិភពលោកនេះ គឺបិតាត្រូវរស់នៅដាច់ពីគ្រួសារមួយរយៈយូរ អាចជាច្រើនខែឬច្រើនឆ្នាំផង ដើម្បីអាចរកលុយឲ្យបានច្រើនជាងលុយដែលគាត់អាចរកនៅឯទីលំនៅរបស់គាត់នោះ។ ការធ្វើបែបនេះអាចនាំឲ្យមានបញ្ហាដ៏ធ្ងន់ធ្ងរមែន។
២៧. តើមានគោលការណ៍ណាខ្លះ ដែលអាចជួយគ្រួសារដែលមានបញ្ហាខាងថវិកា?
២៧ គ្មានច្បាប់ណា ដែលប្រាប់ពីរបៀបឲ្យយើងត្រូវប្រព្រឹត្តក្នុងស្ថានភាពទាំងនេះទេ ពីព្រោះគ្រួសារផ្សេងៗមានការពិបាកនិងសេចក្ដីត្រូវការខុសៗគ្នា។ ក៏ប៉ុន្តែ ឱវាទព្រះគម្ពីរនៅតែអាចជួយបាន។ ជាក់ស្តែង សុភាសិត ១៣:១០ បញ្ជាក់ថា ការពិបាកដែលមិនចាំបាច់ អាចត្រូវជៀសវាងបាន ដោយ‹ពិគ្រោះជាមួយគ្នា›។ ការពិគ្រោះគ្នានេះមិនគ្រាន់តែជាការប្រាប់ទស្សនៈរបស់ខ្លួនប៉ុណ្ណោះទេ តែរួមបញ្ចូលការសុំយោបល់ខំស្វែងរកឱវាទនិងការខិតខំយល់នូវទស្សនៈរបស់បុគ្គលម្នាក់ទៀត។ ម្យ៉ាងវិញទៀត ដោយធ្វើគំរោងថវិកាដែលស្របតាមប្រាក់ចំណូលដែលរកបាន នោះអាចជួយក្រុមគ្រួសាររួមកម្លាំងគ្នា។ ជួនកាលគឺចាំបាច់ ដែលស្វាមីនិងភរិយាត្រូវធ្វើការក្រៅផ្ទះបណ្ដោះអាសន្នសំរាប់ចំណាយបន្ថែម ជាពិសេសនៅពេលមានកូនឬមានអ្នកដែលនៅក្នុងបន្ទុក។ នៅពេលមានករណីដូចនោះ ស្វាមីត្រូវផ្ដល់ទំនុកចិត្តថា គាត់នៅតែមានពេលវេលាសំរាប់ភរិយា។ ស្វាមីព្រមទាំងបុត្រធីតាអាចបង្ហាញសេចក្ដីស្រឡាញ់ដោយ ជួយធ្វើកិច្ចការផ្ទះខ្លះៗ ដែលធម្មតាភរិយាប្រហែលជាធ្វើតែម្នាក់ឯងនោះ។—ភីលីព ២:១-៤
២៨. តើសេចក្ដីរំឭកអ្វីដែលយើងអាចធ្វើតាម ដើម្បីជួយឲ្យគ្រួសារមានសាមគ្គីភាពនោះ?
២៨ ក៏ប៉ុន្តែ ចូរចងចាំថា ទោះជាលុយគឺជាសេចក្ដីត្រូវការមួយនៅលើលោកនេះក៏ដោយ តែក៏មិនអាចនាំឲ្យមានសុភមង្គលទេ។ លុយប្រាកដជាមិនអាចផ្ដល់ឲ្យជីវិតបានឡើយ។ (សាស្ដា ៧:១២) ពិតមែនហើយ ការឲ្យតម្លៃហួសហេតុទៅលើវត្ថុទ្រព្យ អាចនាំទៅដល់ភាពអន្តរាយខាងវិញ្ញាណនិងខាងសីលធម៌ផងដែរ។ (ធីម៉ូថេទី១ ៦:៩-១២) គឺប្រសើរជាងឆ្ងាយណាស់ហ្ន៎! បើយើងស្វែងរកព្រះរាជាណាចក្រនៃព្រះនិងសេចក្ដីសុចរិតរបស់ទ្រង់ ដោយមានការទុកចិត្តថា ព្រះនឹងប្រទានពរទៅលើការខំប្រឹងរកសំរាប់សេចក្ដីត្រូវការប្រចាំជីវិតរបស់យើងនោះ។ (ម៉ាថាយ ៦:២៥-៣៣; ហេព្រើរ ១៣:៥) ដោយទុកសារៈប្រយោជន៍ខាងវិញ្ញាណជាអាទិភាព និងដោយស្វែងរកសន្ដិភាពជាមួយនឹងព្រះជាមុន នោះអ្នកអាចឃើញថា ក្រុមគ្រួសាររបស់អ្នក ទោះជាប្រហែលមិនជិតស្និទ្ធគ្នាដោយកាលៈទេសៈណាក៏ដោយ នោះនឹងអាចមានសាមគ្គីគ្នាពិត។