លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​ប្រាំ

អប់រំបុត្រធីតារបស់អ្នកតាំងពីនៅជាទារក

អប់រំបុត្រធីតារបស់អ្នកតាំងពីនៅជាទារក

១, ២. តើ​មាតា​បិតា​ទាំង​ឡាយ​គួរ​ពឹង​ពាក់​អ្នក​ណា​ឲ្យ​ជួយ ចំពោះ​ការ​ចិញ្ចឹម​អប់រំ​បុត្រ​ធីតា​របស់​គាត់?

 ប្រមាណ​៣.០០០​ឆ្នាំ​កន្លង​ទៅ​នេះ មាតា​បិតា​ដែល​មាន​សេចក្ដី​សោមនស្ស​បាន​លាន់​មាត់​ថា៖ «មើល! កូន​ចៅ​ជា​មរដក​មក​ពី​ព្រះ​យេហូវ៉ា»។ (ទំនុក​ដំ​កើង ១២៧:៣) ប្រាកដ​ហើយ អំណរ​ក្នុង​នាម​ជា​មាតា​បិតា គឺ​ជា​រង្វាន់​ដ៏​មាន​តម្លៃ​ពី​ព្រះ ហើយ​ជា​រង្វាន់​ដែល​អ្នក​រៀប​ការ​ភាគ​ច្រើន​អាច​ទទួល​បាន។ ក៏​ប៉ុន្តែ មិន​យូរ​ប៉ុន្មាន អស់​អ្នក​ដែល​មាន​បុត្រ​ធីតា​ក៏​ត្រូវ​តែ​ដឹង​ថា ក្រៅ​ពី​អំណរ នោះ​ភាព​ជា​មាតា​បិតា​ក៏​នាំ​ឲ្យ​មាន​ភារកិច្ច​នោះ​ដែរ។

ជា​ពិសេស​សព្វ​ថ្ងៃ​នេះ ការ​ចិញ្ចឹម​អប់រំ​បុត្រ​ធីតា គឺ​ជា​កិច្ច​ការ​មួយ​ដ៏​គួរ​ឲ្យ​ខ្លាច។ យ៉ាង​ណា​ក៏​ដោយ មាតា​បិតា​ជា​ច្រើន​បាន​សម្រេច​ការ​នេះ​ដោយ​ជោគ​ជ័យ ហើយ​អ្នក​តែង​បទ​ទំនុក​ដំ​កើង​ដែល​ព្រះ​បណ្ដាល​ឲ្យ​សរសេរ​មក នោះ​ចង្អុល​ប្រាប់​នូវ​មាគ៌ា​នេះ​ដោយ​និយាយ​ថា៖ «បើ​គ្មាន​ព្រះ​យេហូវ៉ា​សង់​ផ្ទះ​ឡើង នោះ​ពួក​ជាង​ដែល​សង់ គេ​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍​ទេ»។ (ទំនុក​ដំ​កើង ១២៧:១) បើ​កាល​ណា​អ្នក​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​យ៉ាង​ត្រឹម​ត្រូវ នោះ​អ្នក​នឹង​បាន​ទៅ​ជា​មាតា​បិតា​ដ៏​ល្អ​ប្រសើរ​មែន។ ព្រះ​គម្ពីរ​ចែង​ថា៖ «ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ»។ (សុភាសិត ៣:៥) តើ​អ្នក​សុខ​ចិត្ត​ស្ដាប់​តាម​ឱវាទ​របស់​ព្រះ​យេហូវ៉ា​ទេ កាល​ដែល​អ្នក​ចាប់​ប្រតិបត្ដិ​នូវ​ភារកិច្ច​ក្នុង​ការ​ចិញ្ចឹម​អប់រំ​បុត្រ​ធីតា​ដែល​មាន​រយៈ​ពេល​២០​ឆ្នាំ​នោះ?

ការ​ទទួល​យក​ទស្សនៈ​របស់​ព្រះ​គម្ពីរ

៣. តើ​បិតា​ទាំង​ឡាយ​មាន​ភារកិច្ច​អ្វី ចំពោះ​ការ​ចិញ្ចឹម​អប់រំ​បុត្រ​ធីតា​របស់​ខ្លួន?

នៅ​ក្នុង​គ្រួសារ​ជា​ច្រើន​ជុំ​វិញ​ផែន​ដី នោះ​ពួក​បុរស​ចាត់​ទុក​ការ​អប់រំ​បុត្រ​ធីតា​របស់ខ្លួន ច្រើន​តែ​ជា​កិច្ច​ការ​របស់​ស្ត្រី។ ពិត​មែន បន្ទូល​របស់​ព្រះ​ចង្អុល​ប្រាប់​ថា មុខ​នាទី​របស់​បិតា​គឺ​ជា​អ្នក​រក​ស៊ី​ចិញ្ចឹម​គ្រួសារ។ ប៉ុន្តែ​ព្រះ​គម្ពីរ​ក៏​បាន​ចែង​ដែរ​ថា គាត់​មាន​ភារកិច្ច​នៅ​ក្នុង​ផ្ទះ​ដែរ។ ព្រះ​គម្ពីរ​ចែង​ថា៖ «ចូរ​ត្រៀម​ការ​ឯង​នៅ​ខាង​ក្រៅ​ចុះ! ហើយ​រៀប​ចំ​សំ​រាប់​ខ្លួន នៅ​ឯ​វាល​ជា​មុន​សិន ទើប​សង់​ផ្ទះ​ឯង​ឡើង​ជា​ក្រោយ»។ (សុភាសិត ២៤:២៧) តាម​ទស្សនៈ​របស់​ព្រះ នោះ​បិតា​និង​មាតា​ទាំង​ឡាយ គឺ​ជា​ដៃ​គូ​គ្នា​ក្នុង​ការ​អប់រំ​បុត្រ​ធីតា​របស់​ខ្លួន។—សុភាសិត ១:៨, ៩

៤. ហេតុ​អ្វី​បាន​ជា​យើង​មិន​គួរ​មាន​ទស្សនៈ​ថា កូន​ប្រុស​គឺ​វិសេស​ជាង​កូន​ស្រី​នោះ?

តើ​អ្នក​មាន​អារម្មណ៍​បែប​ណា ចំពោះ​បុត្រ​ធីតា​របស់​អ្នក? របាយការណ៍​មួយ​សរសេរ​ថា នៅ​ក្នុង​ទ្វីប​អាស៊ី«មាតា​បិតា​មិន​សូវ​ពេញ​ចិត្ត​ប៉ុន្មាន​ទេ កាល​ដែល​សំ​រាល​កូន​មក​ជា​កូន​ស្រី»នោះ។ យោង​ទៅ​តាម​របាយការណ៍ នៅ​អា​មេ​រិ​ក​ឡាតាំង សូម្បី​តែ​ក្នុង«ក្រុម​គ្រួសារ​ដែល​មាន​កំរិត​អប់រំ​ខ្ពស់» ក៏​នៅ​តែ​មាន​ការ​លំ​អៀង​ចំពោះ​កូន​ស្រី​ដែរ។ ក៏​ប៉ុន្តែ ហេតុ​ការណ៍​ពិត​គឺ​ថា ក្មេង​ស្រី​ៗ​មិន​មែន​ជា​កូន​ដែល​ថោក​ទាប​ជាង​នោះ​ឡើយ។ លោក​យ៉ាកុប ដែល​ជា​បិតា​ដ៏​ល្បី​ម្នាក់​នៅ​សម័យ​បុរាណ បាន​រៀប​រាប់​ពី​បុត្រ​ធីតា​ទាំង​អស់​របស់​លោក ដែល​រួម​បញ្ចូល​កូន​ស្រី​ៗ​ណា​ដែល​បាន​កើត​មក​នៅ​គ្រា​នោះ ជា«កូន ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​មក​ខ្ញុំ»។ (លោកុប្បត្តិ ៣៣:១​-​៥; ៣៧:៣៥) ដូច្នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូ​ប្រទាន​ព្រះ​ពរ​ដល់«ក្មេង​តូច​ៗ» (ទាំង​ប្រុស​ទាំង​ស្រី) ដែល​គេ​នាំ​មក​ឯ​ទ្រង់​នោះ។ (ម៉ាថាយ ១៩:១៣​-​១៥) យើង​អាច​ដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា ទ្រង់​បាន​សម្ដែង​ឲ្យ​ឃើញ​នូវ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​មែន។—ចោទិយកថា ១៦:១៤

៥. តើ​ការ​ពិចារណា​មើល​អ្វី ដែល​គួរ​មាន​ឥទ្ធិពល​លើ​សេចក្ដី​សម្រេច​របស់​គូ​ស្វាមីភរិយា ស្តី​អំពី​ចំនួន​សមាជិក​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​នោះ?

តើ​សហគមន៍​របស់​អ្នក​តម្រូវ​ឲ្យ​ស្ត្រី​ម្នាក់​មាន​កូន​ច្រើន​ឬ​ទេ? ជា​ការ​ត្រឹម​ត្រូវ​ហើយ ដែល​ស្វាមីភរិយា​មាន​បុត្រ​ធីតា​ប៉ុន្មាន​នាក់ នោះ​គឺ​ជា​សេចក្ដី​សម្រេច​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។ ចុះ​យ៉ាង​ណា​វិញ បើ​មាតា​បិតា​ឥត​មាន​ធន​ធាន​ខាង​ម្ហូប​អាហារ សំលៀក​បំពាក់ និង​ការ​រៀន​សូត្រ​សំ​រាប់​បុត្រ​ធីតា​ជា​ច្រើន​នាក់​នោះ? ប្រាកដ​ណាស់ គូ​ស្វាមីភរិយា​គួរ​ពិចារណា​មើល​អំពី​រឿង​នេះ ពេល​ដែល​សម្រេច​ចង់​បាន​ចំនួន​សមាជិក​ប៉ុន្មាន​នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន​នោះ។ គូ​ស្វាមីភរិយា​ខ្លះ​ដែល​មិន​អាច​ផ្គត់​ផ្គង់បុត្រ​ធីតា​ទាំង​អស់​របស់​ខ្លួន ក៏​ប្រគល់​ឲ្យ​សាច់​ញាតិ​នូវ​ភារកិច្ច​ចិញ្ចឹម​បុត្រ​ធីតា​ខ្លះ​ៗ​របស់​ពួក​គេ។ តើ​ការ​ធ្វើ​ដូច្នេះ​ជា​អ្វី​ដ៏​ល្អ​ឬ​ទេ? មិន​មែន​ទេ! ហើយ​នេះ​មិន​ធ្វើ​ឲ្យ​មាតា​បិតា​លែង​មាន​កាតព្វកិច្ច​ចំពោះ​បុត្រ​ធីតា​របស់​ខ្លួន​នោះ​ឡើយ។ ព្រះ​គម្ពីរ​ចែង​ថា៖ «បើ​មាន​អ្នក​ណា ដែល​មិន​ផ្គត់​ផ្គង់​ឲ្យ​ពួក​ញាតិ​សន្ដាន​ខ្លួន គឺ​ឲ្យ​ពួក​អ្នក​ផ្ទះ​ខ្លួន​ជា​ដើម អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ​បង់​ចោល​សេចក្ដី​ជំនឿ​ហើយ»។ (ធីម៉ូថេ​ទី​១ ៥:៨) គូ​ស្វាមីភរិយា​ដែល​ចេះ​ទទួល​ខុស​ត្រូវ​ខំ​ប្រឹង​គ្រោង​ទុក​នូវ​ចំនួន​សមាជិក​ក្នុង‹គ្រួសារ›របស់​ខ្លួន ដើម្បី​ឲ្យ​ពួក​គាត់​អាច‹ចិញ្ចឹម​អស់​អ្នក​ដែល​ជា​ញាតិ​សន្ដាន​របស់​ខ្លួន›។ តើ​ពួក​គាត់​អាច​ប្រើ​វិធី​កុំ​ឲ្យ​មាន​កូន ដើម្បី​នឹង​សម្រេច​ការ​នេះ​បាន​ទេ? រឿង​នេះ​ក៏​ជា​សេចក្ដី​សម្រេច​ផ្ទាល់​ខ្លួន​ដែរ ហើយ​បើ​គូ​ស្វាមីភរិយា​សម្រេច​ធ្វើ​តាម​ដំណើរ​នេះ នោះ​ការ​ប្រើ​វិធី​កុំ​ឲ្យ​មាន​កូន ក៏​ជា​រឿង​ផ្ទាល់​ខ្លួន​ដែរ។ «ដ្បិត​គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន»។ (កាឡាទី ៦:៥) ក៏​ប៉ុន្តែ វិធី​កុំ​ឲ្យ​មាន​កូន ដែល​ទាក់​ទង​នឹង​ការ​ពន្លូត​កូន​បែប​ណា​មួយ គឺ​ប្រឆាំង​នឹង​គោល​ការណ៍​ព្រះ​គម្ពីរ​ហើយ។ ព្រះ​យេហូវ៉ា​ជា«ប្រភព​នៃ​ជីវិត»។ (ទំនុក​ដំ​កើង ៣៦:៩, ព.ថ.) ដូច្នេះ ការ​សម្លាប់​ជីវិត​ក្រោយ​ពី​មាន​ផ្ទៃ​ពោះ នឹង​បង្ហាញ​នូវ​ការ​ឥត​គោរព​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​នេះ​គឺ​ដូច​គ្នា​នឹង​ការ​ធ្វើ​ឃាតកម្ម​ដែរ។—និក្ខមនំ ២១:២២, ២៣; ទំនុក​ដំ​កើង ១៣៩:១៦; យេរេមា ១:៥

ការ​បំពេញ​នូវ​សេចក្ដី​តម្រូវ​របស់​បុត្រ​ធីតា​របស់​អ្នក

៦. តើ​គួរ​ចាប់​ផ្ដើម​អប់រំ​បុត្រ​ធីតា​នៅ​ពេល​ណា?

សុភាសិត ២២:៦ ចែង​ថា៖ «ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត»។ ការ​អប់រំ​បុត្រ​ធីតា​ជា​ភារកិច្ច​ដ៏​ធំ​មួយ​ទៀត​របស់​មាតា​បិតា។ ប៉ុន្តែ តើ​គាត់​គួរ​ចាប់​ផ្ដើម​ការ​អប់រំ​នោះ​នៅ​ពេល​ណា? គឺ​នៅ​ដើម​ដំបូង​បំផុត។ សាវ័ក​ប៉ុល​បាន​កត់​សម្គាល់​ថា ធីម៉ូថេ​បាន​ត្រូវ​អប់រំ​តាំង​តែ«ពី​នៅ​ជា​ទារក​មក​ម្ល៉េះ»។ (ធីម៉ូថេ​ទី​២ ៣:១៥, ព.ថ.) ពាក្យ​ភាសា​ក្រិក​ដែល​បាន​ប្រើ​នេះ អាច​សំដៅ​ទៅ​ទារក ឬ​ថែម​ទាំង​សំដៅ​ទៅ​កូន​ដែល​មិន​ទាន់​កើត​ផង។ (លូកា ១:៤១, ៤៤; កិច្ច​ការ ៧:១៨​-​២០) ដូច្នោះ​ហើយ ធីម៉ូថេ​បាន​ទទួល​ការ​អប់រំ​តាំង​ពី​ក្មេង​តូច​មក​ម្ល៉េះ នេះ​គឺ​សម​ត្រឹម​ត្រូវ​មែន។ កាល​នៅ​ជា​ទារក​នៅ​ឡើយ គឺ​ជា​ពេល​វេលា​ដ៏​ល្អ​ដើម្បី​ចាប់​ផ្ដើម​អប់រំ​បុត្រ​ធីតា​របស់​អ្នក។ សូម្បី​តែ​ទារក​ដ៏​តូច​ម្នាក់​ក៏​ស្រេក​ឃ្លាន​រក​ចំណេះ​ដែរ។

៧. (ក) ហេតុ​អ្វី​បាន​ជា​សំខាន់​ដែល​បិតា​និង​មាតា បណ្ដុះ​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ទារក​របស់​ខ្លួន? (ខ) តើ​ព្រះ​យេហូវ៉ា​និង​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់ បាន​មាន​ទំនាក់​ទំនង​យ៉ាង​ណា​ជា​មួយ​គ្នា?

មាតា​ម្នាក់​និយាយ​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​បាន​ឃើញ​កូន​ង៉ែត​របស់​ខ្ញុំ​ជា​លើក​ដំបូង ខ្ញុំ​ស្រឡាញ់​កូន​នេះ​ភ្លាម»។ មាតា​ភាគ​ច្រើន​ក៏​មាន​អារម្មណ៍​ដូច្នេះ​ដែរ។ ចំណង​ដ៏​ពិសេស​រវាង​មាតា​និង​ទារក​ក៏​ចំរើន​ឡើង កាល​ដែល​ពួក​គេ​ចំណាយ​ពេល​ជា​មួយ​គ្នា បន្ទាប់​ពី​បាន​សំ​រាល​រួច​មក​ហើយ​នោះ។ ការ​បំបៅ​ដោះ​ក៏​ធ្វើ​ឲ្យ​មាន​ភាព​ស្និទ្ធ​ស្នាល​ថែម​ទៀត។ (ប្រៀប​មើល ថែស្សាឡូនីច​ទី​១ ២:៧) ការ​បី​បាច់​ថែ​រក្សា​ទារក​និង​ការ​និយាយ​ទៅ​បុត្រ​ធីតា​របស់​អ្នក គឺ​សំខាន់​ណាស់​ក្នុង​ការ​បំពេញ​នូវ​តម្រូវ​ការ​ខាង​ចិត្ត​របស់​ទារក។ (ប្រៀប​មើល អេសាយ ៦៦:១២) ក៏​ប៉ុន្តែ​ចុះ​យ៉ាង​ណា​ចំពោះ​បិតា​វិញ​នោះ? គាត់​ក៏​គួរ​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​កូន​ដ៏​នៅ​ក្មេង​ខ្ចី​របស់​គាត់​ដែរ។ ព្រះ​យេហូវ៉ា​អង្គ​ទ្រង់​ផ្ទាល់​ជា​គំរូ​អំពី​រឿង​នេះ។ យើង​រៀន​អំពី​ទំនាក់​ទំនង​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់ នៅ​ក្នុង​សៀវភៅ​សុភាសិត​ដែល​បាន​ចែង​ថា៖ «ព្រះ​យេហូវ៉ា​ទ្រង់​បាន​តាំង​អញ​ឡើង ជា​ដើម​ការ​នៃ​ទ្រង់ . . . ជា​ទី​គាប់​ព្រះ​ហឫទ័យ​ទ្រង់​រាល់​ៗ​ថ្ងៃ»។ (សុភាសិត ៨:២២, ៣០; យ៉ូហាន ១:១៤) ស្រដៀង​នេះ​ដែរ បិតា​ដ៏​ល្អ​នឹង​បណ្ដុះ​ឲ្យ​មាន​ទំនាក់​ទំនង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​ភាព​កក់​ក្ដៅ​ជា​មួយ​នឹង​បុត្រ​ធីតា​របស់​ខ្លួន តាំង​តែ​ពី​ការ​ចាប់​ផ្ដើម​ដំបូង​ក្នុង​ជីវិត​របស់​កូន។ បិតា​ម្នាក់​និយាយ​ថា៖ «ចូរ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ឲ្យ​បាន​ច្រើន។ ការ​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​មិន​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​កូន​នោះ​ឡើយ»។

៨. តើ​តាម​របៀប​ណា​ដែល​មាតា​បិតា​គួរ​បណ្ដុះ​បណ្ដាល​សតិ​ប្រាជ្ញា​ទារក​ឲ្យ​បាន​ឆាប់​បំផុត​នោះ?

ក៏​ប៉ុន្តែ ទារក​ត្រូវ​ការ​ច្រើន​ជាង​នេះ​ទៅ​ទៀត។ តាំង​ពី​បាន​កើត​មក​ភ្លាម នោះ​ខួរ​ក្បាល​របស់​ទារក​គឺ​ប្រុង​ប្រៀប​ទទួល​និង​ទុក​ព​ត៌​មាន ដែល​មាតា​បិតា​ជា​ប្រភព​ដ៏​សំខាន់​ចំពោះ​ព​ត៌​មាន​ទាំង​នេះ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​រឿង​ភាសា។ ពួក​អ្នក​ស្រាវ​ជ្រាវ​និយាយ​ថា កូន​ម្នាក់​ចេះ​និយាយ​និង​អាន​បាន​ល្អ​ប៉ុន​ណា «នោះ​គឺ​អាស្រ័យ​ទៅ​លើ​ការ​ទាក់​ទង​យ៉ាង​ជិត​ដិត​នឹង​លក្ខណៈ​នៃ​ការ​និយាយ​ឆ្លង​ឆ្លើយ​របស់​កូន​នេះ​ជា​មួយ​នឹង​មាតា​បិតា​របស់​វា នេះ​ជា​អ្វី​ដែល​គេ​គិត​ថា​នឹង​កើត​មាន​ឡើង​បាន»។ ចូរ​និយាយ​និង​អាន​ជា​មួយ​បុត្រ​ធីតា​របស់​អ្នក​តាំង​ពី​នៅ​ជា​ទារក​នៅ​ឡើយ​ចុះ។ មិន​យូរ​ប៉ុន្មាន ទារក​នេះ​នឹង​ត្រាប់​តាម​អ្នក ហើយ​មិន​យូរ​ទេ​ដែល​អ្នក​នឹង​បង្រៀន​បុត្រ​ធីតា​របស់​អ្នក​ឲ្យ​ចេះ​អាន​បាននោះ។ ប្រហែល​ជា​កូន​នេះ​នឹង​ចេះ​អាន​មុន​ចូល​សាលា​ផង។ ជា​ពិសេស​អាច​មាន​ប្រយោជន៍​ជាង បើ​អ្នក​រស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​គ្រូ​តិច តែ​មាន​សិស្ស​ពេញ​ថ្នាក់​រៀន​នោះ។

៩. តើ​អ្វី​ជា​គោល​ដៅ​ដ៏​សំខាន់​បំផុត ដែល​មាតា​បិតា​ត្រូវ​តែ​ចង​ចាំ​នោះ?

ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​សំខាន់​បំផុត​ចំពោះ​មាតា​បិតា​ដែល​ជា​គ្រីស្ទាន គឺ​ការ​បំពេញ​នូវ​តម្រូវ​ការ​ខាង​វិញ្ញាណ​របស់​បុត្រ​ធីតា​របស់​ខ្លួន។ (សូម​មើល ចោទិយកថា ៨:៣) តើ​មាតា​បិតា​មាន​គោល​ដៅ​យ៉ាង​ណា? ដើម្បី​ជួយ​បុត្រ​ធីតា​របស់​ខ្លួន​បណ្ដុះ​ឲ្យ​មាន​បុគ្គលិក​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ នោះ​ជា​លទ្ធផល​អាច​ឲ្យ​បុត្រ​ធីតា​បាន​ពាក់‹បុគ្គលិក​លក្ខណៈ​ថ្មី›។ (អេភេសូរ ៤:២៤) ដើម្បី​សម្រេច​បំណង​នេះ មាតា​បិតា​ត្រូវ​ការ​សម្ភារៈ​សាង​សង់​ដ៏​ត្រឹម​ត្រូវ និង​វិធី​សាង​សង់​ដោយ​ត្រឹម​ត្រូវ​ដែរ។

ចូរ​បណ្ដុះ​សេចក្ដី​ពិត​ក្នុង​ចិត្ត​របស់​បុត្រ​ធីតា​របស់​អ្នក

១០. តើ​បុត្រ​ធីតា​ត្រូវ​តែ​បណ្ដុះ​ឲ្យ​មាន​គុណ​ស​ម្ប​ត្ដិ​អ្វី​ខ្លះ?

១០ គុណភាព​នៃ​អាគារ​មួយ គឺ​ច្រើន​តែ​ពឹង​ទៅ​លើ​ប្រភេទ​សម្ភារៈ​ដែល​បាន​ប្រើ​ក្នុង​រចនា​សម្ព័ន្ធ​នោះ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា សម្ភារៈ​សាង​សង់​ដ៏​ល្អ​បំផុត ចំពោះ​បុគ្គលិក​លក្ខណៈ​គ្រីស្ទាន​គឺ«មាស ប្រាក់ ត្បូង»។ (កូរិនថូស​ទី​១ ៣:១០​-​១២) សម្ភារៈ​ទាំង​នេះ​តំណាង​គុណ​ស​ម្ប​ត្ដិ​ដូច​ជា ជំនឿ ប្រាជ្ញា ការ​យោគ​យល់ សេចក្ដី​ស្មោះ​ត្រង់ សេចក្ដី​គោរព និង​ការ​អប​អរ​ដោយ​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​ក្រិត្យ​វិន័យ​របស់​ទ្រង់។ (ទំនុក​ដំ​កើង ១៩:៧​-​១១; សុភាសិត ២:១​-​៦; ៣:១៣, ១៤) តើ​មាតា​បិតា​អាច​ជួយ​បុត្រ​ធីតា​របស់​ខ្លួន​តាំង​ពី​នៅ​ជា​ទារក បណ្ដុះ​ឲ្យ​មាន​គុណ​ស​ម្ប​ត្ដិ​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ធ្វើ​តាម​ទម្រង់​ការ​ដែល​បាន​រៀប​រាប់​មក​ជា​យូរ​យារ​មក​ហើយ។

១១. តើ​មាតា​បិតា​ជាតិ​អ៊ីស្រាអែល​បាន​ជួយ​បុត្រ​ធីតា​របស់​ខ្លួន បណ្ដុះ​ឲ្យ​មាន​គុណ​ស​ម្ប​ត្ដិ​ដូច​ព្រះ​យ៉ាង​ដូច​ម្ដេច?

១១ ប​ន្ដិ​ច​មុន​សាសន៍​អ៊ីស្រាអែល​បាន​ចូល​ស្រុក​ដែល​បាន​សន្យា​មក​នោះ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​ពួក​មាតា​បិតា​ជាតិ​អ៊ីស្រាអែល​ថា៖ «សេចក្ដី​ទាំង​នេះ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ ត្រូវ​ឲ្យ​ប្រិត​ប្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​ឯង ព្រម​ទាំង​និយាយ​ដំណាល ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ​ហើយ​ដើរតាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង»។ (ចោទិយកថា ៦:៦, ៧) ត្រូវ​ហើយ មាតា​បិតា​ត្រូវ​ធ្វើ​ជា​គំរូ ជា​មិត្ត​សំឡាញ់ ជា​អ្នក​ប្រស្រ័យ​ទាក់​ទង និង​ជា​គ្រូ​បង្រៀន។

១២. ហេតុ​អ្វី​បាន​ជា​សំខាន់​ណាស់​ដែល​មាតា​បិតា​ធ្វើ​ជា​គំរូ​ដ៏​ល្អ​នោះ?

១២ ធ្វើ​ជា​គំរូ។ មុន​ដំបូង ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា៖ «សេចក្ដី​ទាំង​នេះ . . . ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង»។ រួច​មក ទ្រង់​បាន​មាន​បន្ទូល​ទៀត​ថា៖ «ត្រូវ​ឲ្យ​ប្រិត​ប្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​ឯង»។ ដូច្នេះ គុណ​ស​ម្ប​ត្ដិ​ទាំង​នេះ​ដែល​ដូច​ជា​គុណ​ស​ម្ប​ត្ដិ​របស់​ព្រះ ត្រូវ​តែ​មាន​នៅ​ក្នុង​ចិត្ត​របស់​មាតា​បិតា​ជា​មុន​សិន។ មាតា​បិតា​ត្រូវ​តែ​ស្រឡាញ់​សេចក្ដី​ពិត និង​ប្រព្រឹត្ត​តាម​នោះ។ ទាល់​តែ​ធ្វើ​ដូច​នេះ​ទើប​គាត់​អាច​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​បុត្រ​ធីតា​របស់​គាត់​បាន។ (សុភាសិត ២០:៧) ហេតុ​អ្វី? ពីព្រោះ​អ្វី​ៗ​ដែល​កូន​ឃើញ នោះ​មាន​ឥទ្ធិពល​ច្រើន​ជាង​អ្វី​ដែល​កូន​ឮ។—លូកា ៦:៤០; កូរិនថូស​ទី​១ ១១:១

១៣. ក្នុង​ការ​ផ្ដល់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុត្រ​ធីតា​របស់​ខ្លួន តើ​មាតា​បិតា​ជា​គ្រីស្ទាន អាច​ត្រាប់​តាម​គំរូ​របស់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

១៣ ធ្វើ​ជា​មិត្ត​សំឡាញ់។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​មាតា​បិតា​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ថា៖ ‹ចូរ​និយាយ​ដំណាល​នឹង​កូន​របស់​ឯង ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ›។ នេះ​តម្រូវ​ឲ្យ​ចំណាយ​ពេល​ជា​មួយ​បុត្រ​ធីតា​របស់​ខ្លួន មិន​ថា​មាតា​បិតា​រវល់​យ៉ាង​ណា​ក៏​ដោយ។ តាម​មើល​ទៅ ព្រះ​យេស៊ូ​មាន​អារម្មណ៍​ថា កូន​ក្មេង​សម​នឹង​ទទួល​នូវ​ការ​ចំណាយ​ពេល​វេលា​របស់​ទ្រង់។ ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ច​បំរើ​ទ្រង់ «គេ​នាំ​ក្មេង​តូច​ៗ​មក​ថ្វាយ​ទ្រង់​ពាល់»។ តើ​ព្រះ​យេស៊ូ​មាន​ទឹក​ចិត្ត​យ៉ាង​ណា? «ទ្រង់​ក៏​ឱប​វា​រាល់​គ្នា ហើយ​ដាក់​ព្រះ​ហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង»។ (ម៉ាកុស ១០:១៣, ១៦) ចូរ​គិត​ទៅ​មើល ពេល​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​កំពុង​តែ​ជិត​មក​ដល់​យ៉ាង​លឿន​ទៅ​ហើយ។ ក៏​ប៉ុន្តែ​ទ្រង់​នៅ​តែ​ចំណាយ​ពេល​វេលា​របស់​ទ្រង់ ហើយ​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ក្មេង​ៗ​ទាំង​នេះ។ នេះ​ជា​មេ​រៀន​ដ៏​ល្អ​យ៉ាង​ណា​ទៅ​ហ្ន៎!

១៤. ហេតុ​អ្វី​បាន​ជា​មាន​ប្រយោជន៍ ដែល​មាតា​បិតា​ចំណាយ​ពេល​ជា​មួយ​នឹង​បុត្រ​ធីតា​របស់​ខ្លួន?

១៤ ធ្វើ​ជា​អ្នក​ប្រស្រ័យ​ទាក់​ទង។ ការ​ចំណាយ​ពេល​ជា​មួយ​បុត្រ​ធីតា​របស់​អ្នក នឹងជួយ​អ្នក​ឲ្យ​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​ពួក​គេ។ កាល​ណា​អ្នក​ប្រស្រ័យ​ទាក់​ទង​បាន​ច្រើន នោះ​អ្នក​នឹង​អាច​ស្គាល់​នូវ​របៀប​ដែល​បុគ្គលិក​លក្ខណៈ​របស់​កូន​ៗ​កំពុង​តែ​រីក​ចំរើន​ឡើង។ ប៉ុន្តែ ចូរ​ចង​ចាំ​ថា ការ​ប្រស្រ័យ​ទាក់​ទង មិន​គ្រាន់​តែ​ជា​ការ​និយាយ​នោះ​ទេ។ មាតា​ម្នាក់​នៅ​ប្រទេស​ប្រេស៊ីល​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ត្រូវ​តែ​រៀន​ឲ្យ​ចេះ​ស្ដាប់។ គឺ​ការ​ស្ដាប់​ដោយ​ប្រើ​ចិត្ត​របស់​ខ្ញុំ»។ ការ​អត់​ធ្មត់​របស់​គាត់​បាន​ផល​ល្អ ពេល​ដែល​កូន​ប្រុស​របស់​គាត់​បាន​ប្រាប់​អំពី​អារម្មណ៍​របស់​ខ្លួន​ដល់​គាត់។

១៥. តើ​ត្រូវ​តែ​ចង​ចាំ​អ្វី ស្តី​អំពី​ការ​លំហែ​កាយ?

១៥ កូន​ៗ​ត្រូវ​ការ«ពេល​សើច . . . នឹង​ពេល​សំ​រាប់​លោត​កញ្ឆេង» ដែល​ជា​ពេល​សំ​រាប់​លំហែ​កាយ។ (សាស្ដា ៣:១, ៤; សាការី ៨:៥) ការ​លំហែ​កាយ​គឺ​មាន​ប្រយោជន៍​ណាស់ ពេល​ដែល​មាតា​បិតា​និង​កូន​ៗ​លេង​ជា​មួយ​គ្នា​យ៉ាង​សប្បាយ។ គឺ​ជាហេតុ​ការណ៍​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដែល​នៅ​ក្នុង​ផ្ទះ​ជា​ច្រើន នោះ​ការ​លំហែ​កាយ​បែរ​ទៅ​ជា​មើល​ទូរទស្សន៍​ទៅ​វិញ។ កាល​ដែល​កម្ម​វិធី​ទូរទស្សន៍​ខ្លះ​អាច​កំសាន្ត​ចិត្ត​នោះ តែ​កម្ម​វិធី​ទូរទស្សន៍​ជា​ច្រើន​គឺ​បង្ខូច​សីលធម៌​ដ៏​ល្អ ហើយ​ការ​ទស្សនា​ទូរទស្សន៍ គឺ​ច្រើន​តែ​បំបាត់​នូវ​ការ​ប្រស្រ័យ​ទាក់​ទង​ក្នុង​ក្រុម​គ្រួសារ​ទៀត​ផង។ ដូច្នេះ​ហើយ ហេតុ​អ្វី​ក៏​មិន​គិត​ធ្វើ​អ្វី​ខ្លះ​ជា​មួយ​នឹង​បុត្រ​ធីតា​របស់​អ្នក​ទៅ? ដូច​ជា​ការ​ច្រៀង លេង​កីឡា ចូល​រួម​ជា​មួយ​មិត្ត​ភក្ដិ ទៅ​លេង​នៅ​ឯ​រមណីយដ្ឋាន​ផ្សេង​ៗ។ សកម្មភាព​បែប​នេះ ធ្វើ​ឲ្យ​មាន​ការ​ប្រស្រ័យ​ទាក់​ទង​យ៉ាង​ស្និទ្ធ​ស្នាល។

១៦. តើ​មាតា​បិតា​គួរ​បង្រៀន​អ្វី​ដល់​បុត្រ​ធីតា​របស់​ខ្លួន​អំពី​ព្រះ​យេហូវ៉ា? ហើយ​តើ​ពួក​គាត់​គួរ​ធ្វើ​នេះ​យ៉ាង​ដូច​ម្ដេច?

១៦ ធ្វើ​ជា​គ្រូ​បង្រៀន។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ថា៖ «ត្រូវ​ឲ្យ​ប្រិត​ប្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​ឯង»។ បរិបទ​នេះ​ប្រាប់​អ្នក​នូវ​អ្វី​និង​របៀប​ដែល​ត្រូវ​បង្រៀន។ មុន​ដំបូង «ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង»។ (ចោទិយកថា ៦:៥) រួច​មក «ត្រូវ​ឲ្យ​ប្រិត​ប្រៀន​សេចក្ដី​ទាំង​នេះ»។ ចូរ​បង្រៀន​ដោយ​មាន​គោល​បំណង​បណ្ដុះ​បណ្ដាល​ឲ្យ​កូន​មាន​សេចក្ដី​ស្រឡាញ់​អស់​ពី​ចិត្ត​ចំពោះ​ព្រះ​យេហូវ៉ា និង​ក្រិត្យ​វិន័យ​របស់​ទ្រង់។ (ប្រៀប​មើល ហេព្រើរ ៨:១០) ពាក្យ«ប្រិត​ប្រៀន»មាន​ន័យ​ថា​បង្រៀន​ដោយ​ការ​និយាយ​ឡើង​វិញ។ ដូច្នេះ​បើ​គិត​ពី​ខ្លឹម​សារ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​អ្នក​ថា មាគ៌ា​ដ៏​សំខាន់​ដើម្បី​ជួយ​បុត្រ​ធីតា​របស់​អ្នក​បណ្ដុះ​ឲ្យ​មាន​បុគ្គលិក​លក្ខណៈ​ដូច​ព្រះ គឺ​ឲ្យ​និយាយ​ជា​មួយ​បុត្រ​ធីតា​របស់​អ្នក​ជា​រឿយ​ៗ​អំពី​ព្រះ។ នេះ​រួម​បញ្ចូល​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​ទៀង​ទាត់​ជា​មួយ​បុត្រ​ធីតា​របស់​អ្នក។

១៧. តើ​មាតា​បិតា​ប្រហែល​ជា​ត្រូវ​តែ​បណ្ដុះ​ឲ្យ​មាន​អ្វី ក្នុង​ចិត្ត​របស់​បុត្រ​ធីតា​គាត់? ហើយ​ហេតុ​អ្វី?

១៧ មាតា​បិតា​ភាគ​ច្រើន​ដឹង​ថា ការ​ផ្ដល់​ព​ត៌​មាន​ឲ្យ​ចូល​ក្នុង​ចិត្ត​របស់​កូន គឺ​មិន​ស្រួល​នោះ​ទេ។ សាវ័ក​ពេត្រុស​បាន​ដាស់​តឿន​ពួក​គ្រីស្ទាន​គ្នី​គ្នា​ថា៖ «នោះ​ត្រូវ​ឲ្យ​សង្វាត​រក​ទឹក​ដោះ​សុទ្ធ ខាង​ឯ​ព្រលឹង​វិញ្ញាណ​វិញ ដូច​ជា​ទារក​ដែល​ទើប​នឹង​កើត»។ (ពេត្រុស​ទី​១ ២:២) ឃ្លា​ដែល​ថា «ត្រូវ​ឲ្យ​សង្វាត​រក» បង្ហាញ​ថា​មនុស្ស​ជា​ច្រើន​នាក់​ឥត​ស្រេក​ឃ្លាន​ចំពោះ​អាហារ​ខាង​វិញ្ញាណ​ទេ។ មាតា​បិតា​ប្រហែល​ជា​ត្រូវ​រក​វិធី ដើម្បី​បណ្ដុះ​ឲ្យ​មាន​ការ​សង្វាត​នេះ​ក្នុង​ចិត្ត​បុត្រ​ធីតា​របស់​ខ្លួន។

១៨. តើ​ព្រះ​យេស៊ូ​មាន​វិធី​បង្រៀន​ណា​ខ្លះ ដែល​លើក​ទឹក​ចិត្ត​មាតា​បិតា​ឲ្យ​ត្រាប់​តាម​នោះ?

១៨ ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​មាន​អានុភាព​ទៅ​លើ​ចិត្ត​មនុស្ស ដោយ​ប្រើ​រឿង​ប្រៀប​ប្រដូច។ (ម៉ាកុស ១៣:៣៤; លូកា ១០:២៩​-​៣៧) វិធី​បង្រៀន​នេះ គឺ​មាន​ប្រសិទ្ធិ​ភាព​ណាស់​ជា​ពិសេស​ជា​មួយ​នឹង​បុត្រ​ធីតា​របស់​អ្នក។ ចូរ​បង្រៀន​គោល​ការណ៍​ព្រះ​គម្ពីរ ដោយ​ប្រើ​រឿង​ដែល​ចាប់​អារម្មណ៍​ហើយ​មាន​ពណ៌​ស្អាត ប្រហែល​ជា​ដោយ​ប្រើ​ប្រកាស​នវ​ត្ថុ​ សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ។ a ចូរ​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​ៗ​ចូល​រួម​ក្នុង​ការ​រៀន​នោះ។ សូម​ឲ្យ​កូន​ៗ​ប្រើ​គំនិត​របស់​ពួក​គេ ដោយ​គូរ​រូប​និង​យក​ព្រឹ​ត្ដិ​ការណ៍​ក្នុង​រឿង​ព្រះ​គម្ពីរ​មក​ដើរ​តួ​សម្ដែង។ ព្រះ​យេស៊ូ​ក៏​បាន​ប្រើ​សំនួរ​ច្រើន​ដែរ។ (ម៉ាថាយ ១៧:២៤​-​២៧) ចូរ​ត្រាប់​តាម​វិធី​របស់​ទ្រង់ ក្នុង​ពេល​សិក្សា​ជា​មួយ​គ្រួសារ​របស់​អ្នក។ ជា​ជាង​គ្រាន់​តែ​ថ្លែង​អំពី​ក្រិត្យ​វិន័យ​របស់​ព្រះ សូម​សួរ​សំនួរ​ដូច​ជា ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​ប្រទាន​ឲ្យ​ក្រិត្យ​វិន័យ​ទាំង​នេះ? តើ​អ្វី​នឹង​កើត​មាន​ឡើង បើ​យើង​ធ្វើ​តាម​ក្រិត្យ​វិន័យ​ទាំង​នេះ? តើ​អ្វី​ដែល​នឹង​កើត​ឡើង បើ​យើង​មិន​ធ្វើ​តាម​នោះ? សំនួរ​បែប​នេះ​ជួយ​កូន​ម្នាក់​ៗ​ឲ្យ​ចេះ​វែក​ញែក​និង​យល់​ដឹង​ថា ក្រិត្យ​វិន័យ​របស់​ព្រះ​គឺ​មាន​ប្រយោជន៍​និង​ល្អ​ទៀត​ផង។—ចោទិយកថា ១០:១៣

១៩. ប្រសិន​បើ​មាតា​បិតា​ធ្វើ​តាម​គោល​ការណ៍​ព្រះ​គម្ពីរ ពេល​ទាក់​ទង​ជា​មួយ​នឹង​បុត្រ​ធីតា​របស់​ខ្លួន​នោះ តើ​បុត្រ​ធីតា​នឹង​ទទួល​ប្រយោជន៍​ច្រើន​ជាង​យ៉ាង​ណា?

១៩ ដោយ​ធ្វើ​ជា​គំរូ ជា​មិត្ត​សំឡាញ់ ជា​អ្នក​ប្រស្រ័យ​ទាក់​ទង និង​ជា​គ្រូ​បង្រៀន​ម្នាក់ នោះ​អ្នក​អាច​ជួយ​បុត្រ​ធីតា​របស់​អ្នក​បណ្ដុះ​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​តាំង​ពី​កុមារភាព។ ទំនាក់​ទំនង​នេះ​នឹង​លើក​ទឹក​ចិត្ត​បុត្រ​ធីតា​របស់​អ្នក ឲ្យ​ចេះ​អរ​សប្បាយ​ក្នុង​នាម​ជា​គ្រីស្ទាន​ម្នាក់។ ពួក​គេ​នឹង​ខំ​ប្រឹង​ប្រព្រឹត្ត​តាម​ជំនឿ​របស់​ខ្លួន ទោះ​ជា​ក្នុង​ពេល​ប្រឈម​មុខ​នឹង​ការ​បង្ខំ​ពី​ពួក​ម៉ាក​និង​សេចក្ដី​ល្បួង​ណា​ក៏​ដោយ។ ចូរ​ជួយ​ពួក​គេ​ឲ្យ​អប​អរ​នឹង​ទំនាក់​ទំនង​ដ៏​មាន​តម្លៃ​នេះ​ជា​និច្ច។—សុភាសិត ២៧:១១

តម្រូវ​ការ​ដ៏​សំខាន់​នៃ​ការ​ទូន្មាន​ប្រដៅ

២០. តើ​អ្វី​ទៅ​ជា​ការ​ទូន្មាន​ប្រដៅ? ហើយ​តើ​គួរ​អនុវត្ត​យ៉ាង​ដូច​ម្ដេច?

២០ ការ​ទូន្មាន​ប្រដៅ​ជា​ការ​អប់រំ ដែល​កែ​តម្រូវ​ចិត្ត​គំនិត។ កូន​ៗ​ត្រូវ​ការ​ទូន្មានប្រដៅ​ជា​និច្ច។ ប៉ុល​ឲ្យ​ឱវាទ​បិតា​ទាំង​ឡាយ​ថា «ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​អម្ចាស់​វិញ»។ (អេភេសូរ ៦:៤) មាតា​បិតា​គួរ​ទូន្មាន​ប្រដៅ​ដោយ​សេចក្ដី​ស្រឡាញ់ ដូច​ជា​ព្រះ​យេហូវ៉ា​ដែរ។ (ហេព្រើរ ១២:៤​-​១១) ការ​ទូន្មាន​ប្រដៅ​ដែល​មាន​មូលដ្ឋាន​លើ​សេចក្ដី​ស្រឡាញ់ អាច​បង្ហាញ​ដោយ​ការ​វែក​ញែក។ ដូច្នេះ​ហើយ យើង​បាន​ត្រូវ​បង្គាប់​ឲ្យ«ស្ដាប់​ដំបូន្មាន»។ (សុភាសិត ៨:៣៣) តើ​គួរ​ផ្ដល់​ឲ្យ​ការ​ទូន្មាន​ប្រដៅ​តាម​របៀប​ណា?

២១. តើ​គោល​ការណ៍​អ្វី ដែល​មាតា​បិតា​គួរ​ចង​ចាំ​ពេល​ទូន្មាន​ប្រដៅ​កូន​ៗ​របស់​ខ្លួន?

២១ មាតា​បិតា​ខ្លះ​គិត​ថា ការ​ទូន្មាន​ប្រដៅ​កូន​របស់​ខ្លួន គ្រាន់​តែ​ទាក់​ទង​នឹង​ការ​និយាយ​ដោយ​គំរាម​កំហែង ស្តី​បន្ទោស ឬ​ក៏​ធ្វើ​ឲ្យ​កូន​ៗ​អាម៉ាស់​មុខ​ប៉ុណ្ណោះ​ទេ។ ក៏​ប៉ុន្តែ ស្តី​អំពី​ការ​ទូន្មាន​ប្រដៅ​នេះ ប៉ុល​ព្រមាន​ថា៖ «ឪពុក​រាល់​គ្នា​អើយ! កុំ​ឲ្យ​ចាក់​រុក​កូន​របស់​ខ្លួន​ឡើយ»។ (អេភេសូរ ៦:៤) ពួក​គ្រីស្ទាន​ទាំង​អស់​បាន​ដាស់​តឿន​ឲ្យ​មាន«ចិត្ត​សុភាពរាបសា​ដល់​មនុស្ស​ទាំង​អស់ . . . ប្រដៅ​ដំ​រង់​មនុស្ស​ដែល​ទទឹង​ទទែង​ដោយ​មាន​ចិត្ត​សុភាព»។ (ធីម៉ូថេ​ទី​២ ២:២៤, ២៥) មាតា​បិតា​ជា​គ្រីស្ទាន ទោះ​ជា​ទទួល​ស្គាល់​នូវ​តម្រូវ​ការ​ដ៏​ម៉ឺង​ម៉ាត់​យ៉ាង​ណា​ក៏​ដោយ សូម​ខំ​ប្រឹង​ចង​ចាំ​ពាក្យ​ទាំង​នេះ ពេល​ដែល​ទូន្មាន​ប្រដៅ​កូន​ៗ​របស់​ខ្លួន។ ប៉ុន្តែ​នៅ​ពេល​ខ្លះ ការ​វែក​ញែក​គឺ​មិន​គ្រប់​គ្រាន់​ទេ ហើយ​ប្រហែល​ជា​ត្រូវ​ការ​ដាក់​ទោស​ខ្លះ​ហើយ។—សុភាសិត ២២:១៥

២២. ប្រសិន​បើ​កូន​ម្នាក់​ត្រូវ​ទទួល​ទោស តើ​ត្រូវ​តែ​ជួយ​កូន​នោះ​ឲ្យ​យល់​អំពី​អ្វី?

២២ កូន​និ​មួយ​ៗ​ត្រូវ​ការ​ការ​ទូន្មាន​ប្រដៅ​ផ្សេង​ៗ​គ្នា។ កូន​ខ្លះ​មិន​គ្រាន់​តែ‹ទូន្មាន​ប្រដៅ​នឹង​ពាក្យ​សំ​ដី›ប៉ុណ្ណោះ​ទេ។ ចំពោះ​កូន​ៗ​បែប​នេះ ការ​ធ្វើ​ទោស​ដោយ​ព្រោះ​ការ​មិន​ស្ដាប់​បង្គាប់ អាច​សង្គ្រោះ​ជីវិត​បាន។ (សុភាសិត ១៧:១០; ២៣:១៣, ១៤; ២៩:១៩) ប៉ុន្តែ កូន​គួរ​យល់​នូវ​មូលហេតុ​ដែល​គេ​បាន​ទទួល​ទោស​នោះ។ «រំពាត់ នឹង​សេចក្ដី​ប្រៀន​ប្រដៅ រមែង​ឲ្យ​កើត​មាន​ប្រាជ្ញា»។ (សុភាសិត ២៩:១៥; យ៉ូប ៦:២៤) ម្យ៉ាង​វិញ​ទៀត ការ​ធ្វើ​ទោស​គឺ​មាន​ព្រំ​ដែន។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ទៅ​រាស្ត្រ​ទ្រង់​ថា៖ «អញ . . . នឹង​គ្រាន់​តែ​វាយ​ផ្ចាល​ឯង តាម​ខ្នាត​ប៉ុណ្ណោះ»។ (យេរេមា ៤៦:២៨​ខ) ព្រះ​គម្ពីរ​មិន​យល់​ស្រប​ចំពោះ​ការ​វាយ​ដោយ​រំពាត់​ពេល​ខឹង ឬ​ការ​វាយ​ខ្លាំង​ៗ​ដែល​ធ្វើ​ឲ្យ​ជាំ​និង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​កូន​នោះ​ទេ។—សុភាសិត ១៦:៣២

២៣. តើ​កូន​ម្នាក់​គួរ​យល់​ដឹង​អ្វី ពេល​ដែល​វា​ទទួល​ទោស​ពី​មាតា​បិតា​នោះ?

២៣ នៅ​ពេល​ព្រះ​យេហូវ៉ា​បាន​ព្រមាន​រាស្ត្រ​របស់​ទ្រង់ ដែល​ទ្រង់​នឹង​ទូន្មាន​ប្រដៅ​ពួក​គេ នោះ​មុន​ដំបូង​ទ្រង់​បាន​មាន​បន្ទូល​ថា៖ «កុំ​ឲ្យ​ខ្លាច​ឲ្យ​សោះ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង​ហើយ»។ (យេរេមា ៤៦:២៨​ក) ដូច​នេះ​ដែរ ការ​ទូន្មាន​ប្រដៅ​ពី​មាតា​បិតា ទោះ​ជា​តាម​របៀប​ដ៏​សមរម្យ​ណា​ក៏​ដោយ ក៏​មិន​គួរ​ធ្វើ​ឲ្យ​កូន​ម្នាក់​មាន​អារម្មណ៍​ថា មាតា​បិតា​លែង​រាប់​រក​ខ្លួន​ហើយ។ (កូល៉ុស ៣:២១) ផ្ទុយ​ទៅ​វិញ កូន​គួរ​ដឹង​ថា ការ​ទូន្មាន​ប្រដៅ​គឺ​ត្រូវ​តែ​ឲ្យ ពីព្រោះ​មាតា​បិតា‹នៅ​ជា​មួយ​កូន› គឺ​នៅ​ខាង​កូន​ជា​និច្ច។

ការ​ពារ​បុត្រ​ធីតា​របស់​អ្នក​ពី​គ្រោះ​ថ្នាក់

២៤, ២៥. តើ​អ្វី​ជា​ការ​គំរាម​កំហែង​ដ៏​អាក្រក់​ដែល​កូន​ក្មេង​ត្រូវ​ការ​នូវ​ការ​ការ​ពារ​នៅ​សព្វ​ថ្ងៃ​នេះ?

២៤ មនុស្ស​ពេញ​វ័យ​ជា​ច្រើន​បាន​សញ្ជឹង​គិត​ទៅ​ដល់​គ្រា​នៅ​ជា​កុមារភាព ជា​គ្រា​ដ៏​សប្បាយ​មួយ។ ពួក​គេ​នឹក​ចាំ​នូវ​ការ​មាន​សុវត្ថិភាព​ដ៏​កក់​ក្ដៅ ជា​ការ​ដឹង​ប្រាកដ​ក្នុង​ចិត្ត​ថា មាតា​បិតា​របស់​ពួក​គេ​នឹង​មើល​ថែ​រក្សា​ពួក​គេ ទោះ​ជា​មាន​កាលៈទេសៈ​យ៉ាង​ណា​ក៏​ដោយ។ មាតា​បិតា​ចង់​ឲ្យ​បុត្រ​ធីតា​របស់​ខ្លួន​មាន​អារម្មណ៍​បែប​នោះ ក៏​ប៉ុន្តែ​នៅ​ក្នុង​ពិភព​លោក​ដ៏​អន់​ថយ​សព្វ​ថ្ងៃ​នេះ គឺ​ពិបាក​ជាង​មុន​ៗ​ក្នុង​ការ​រក្សា​ឲ្យ​បុត្រ​ធីតា​មាន​សុវត្ថិភាព។

២៥ ការ​គំរាម​កំហែង​ដ៏​អាក្រក់​មួយ ដែល​បាន​រីក​ចំរើន​នៅ​ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ គឺ​ការ​រួម​ភេទ​ជា​មួយ​កូន​ក្មេង។ ក្នុង​រយៈ​ពេល​ដប់​ឆ្នាំ​នៅ​ប្រទេស​ម៉ាឡេស៊ី របាយការណ៍​អំពី​ការ​រួម​ភេទ​ជា​មួយ​កូន​ក្មេង​បាន​កើន​ឡើង​មួយ​ជា​បួន។ នៅ​ប្រទេស​អាល្លឺម៉ង់ កូន​ក្មេង​៣០០.០០០​នាក់​បាន​ត្រូវ​គេ​រួម​ភេទ​ជា​មួយ​ជា​រៀង​រាល់​ឆ្នាំ។ ហើយ​យោង​ទៅ​តាម​ការ​ស្រាវ​ជ្រាវ​នៅ​ប្រទេស​មួយ​ក្នុង​ទ្វីប​អា​មេ​រិ​ក​ខាង​ត្បូង គេ​ស្មាន​ថា​រាល់​ឆ្នាំ​មាន​កូន​ក្មេង​៩.០០០.០០០​នាក់​បាន​ត្រូវ​គេ​រួម​ភេទ​ជា​មួយ! គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដែល​កូន​ក្មេង​ទាំង​នេះ​ភាគ​ច្រើន​បាន​ត្រូវ​គេ​រួម​ភេទ​ជា​មួយ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន ដោយ​មនុស្ស​ដែល​គេ​ស្គាល់​និង​ទុក​ចិត្ត។ ក៏​ប៉ុន្តែ កូន​ក្មេង​គួរ​មាន​ការ​ការ​ពារ​យ៉ាង​ល្អ​ពី​មាតា​បិតា​របស់​ពួក​គេ។ តើ​មាតា​បិតា​ជា​អ្នក​ការ​ពារ​បុត្រ​ធីតា​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច?

២៦. តើ​មាន​វិធី​ណា​ខ្លះ ដែល​អាច​ការ​ពារ​កូន​ក្មេង? ហើយ​តើ​ចំណេះ​អាច​ការ​ពារ​កូន​ម្នាក់​បាន​យ៉ាង​ដូច​ម្ដេច?

២៦ វិធានការ​បង្ការ​ដ៏​ធំ​មួយ គឺ​ជា​ការ​អប់រំ​បុត្រ​ធីតា​របស់​អ្នក សូម្បី​តែ​ពេល​កូន​នៅ​ក្មេង​ក៏​ដោយ ដោយ​ព្រោះ​បទ​ពិសោធន៍​បង្ហាញ​ថា កូន​ក្មេង​ដែល​មិន​សូវ​ដឹង​អំពី​ការ​រួម​ភេទ​អាច​ត្រូវ​ពួក​អ្នក​រួម​ភេទ​ជា​មួយ​ក្មេង បៀតបៀន​ទៅ​លើ​កេរ្ដិ៍​ខ្មាស​របស់​គេ​បាន​យ៉ាង​ងាយ។ ចំណេះ​អំពី​រឿង​នេះ​ផ្ដល់​ការ​ការ​ពារ«ដើម្បី​នឹង​ជួយ​ឲ្យ​ឯង​រួច​ពី​ផ្លូវ​អាក្រក់ ហើយ​ពី​ពួក​មនុស្ស​ដែល​តែង​តែ​និយាយ​ពាក្យ​វៀច»។ (សុភាសិត ២:១០​-​១២) តើ​ចំណេះ​អំពី​អ្វី? ចំណេះ​អំពី​គោល​ការណ៍​ព្រះ​គម្ពីរ អំពី​អ្វី​ដែល​ត្រឹម​ត្រូវ​និង​អ្វី​ដែល​ខុស​ខាង​សីលធម៌។ ថែម​ទាំង​ការ​ដឹង​ថា ពួក​មនុស្ស​ពេញ​វ័យ​ខ្លះ​ក៏​ធ្វើ​អំពើ​អាក្រក់​ដែរ និង​ថា​ក្មេង​ៗ​មិន​ត្រូវ​គោរព​តាម​ទេ ពេល​មនុស្ស​ប្រាប់​ឲ្យ​គេ​ធ្វើ​អំពើ​ដ៏​មិន​ល្អ​នោះ។ (ប្រៀប​មើល ដានីយ៉ែល ១:៤, ៨; ៣:១៦​-​១៨) ចូរ​កុំ​គ្រាន់​តែ​ឲ្យ​សេចក្ដី​ណែនាំ​នេះ​តែ​ម្ដង​នោះ​ឡើយ។ កូន​ក្មេង​ភាគ​ច្រើន​ត្រូវ​ការ​មេ​រៀន​ម្ដង​ហើយ​ម្ដង​ទៀត មុន​នឹង​គេ​អាច​ចាំ​បាន​ល្អ។ កាល​ដែល​កូន​ៗ​បាន​ធំ​ឡើង នោះ​ឪពុក​ក៏​នឹង​គិត​ចំពោះ​កេរ្ដិ៍​ខ្មាស​ផ្ទាល់​ខ្លួន​នៃ​កូន​ស្រី​របស់​គាត់ និង​ម្ដាយ​ក៏​គិត​ដូច្នេះ​ដែរ​ចំពោះ​កូន​ប្រុស ដោយ​ធ្វើ​ដូច្នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​កូន​ដឹង​ថា អ្វី​ដែល​ត្រឹម​ត្រូវ​នោះ។ ប្រាកដ​ហើយ ការ​ការ​ពារ​ដ៏​ល្អ​បំផុត​មួយ​ប្រឆាំង​នឹង​ការ​រំលោភ គឺ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​អ្នក​ដែល​ជា​មាតា​បិតា។

ចូរ​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ

២៧, ២៨. តើ​អ្នក​ណា​ជា​ប្រភព​ដ៏​ល្អ​បំផុត​ខាង​ជំនួយ​ចំពោះ​មាតា​បិតា ពេល​ដែល​គាត់​ប្រឈម​មុខ​នឹង​ការ​ពិបាក​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន?

២៧ ពិត​មែន​ហើយ ការ​អប់រំ​កូន​ម្នាក់​ពី​តូច​គឺ​ពិបាក តែ​មាតា​បិតា​ដែល​មាន​ជំនឿ​ហើយ មិន​ចាំ​បាច់​ប្រឈម​មុខ​តែ​ឯកឯង​នោះ​ឡើយ។ នៅ​សម័យ​ពួក​ចៅហ្វាយ នៅ​ពេល​ដែល​បុរស​ម្នាក់​ឈ្មោះ​ម៉ាណូអា​បាន​រៀន​ដឹង​ថា គាត់​នឹង​ទៅ​ជា​ឪពុក​ម្នាក់ គាត់​បាន​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ស្តី​អំពី​ការ​ចិញ្ចឹម​អប់រំ​កូន​របស់​គាត់។ ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន​របស់​គាត់។—ចៅហ្វាយ ១៣:៨, ១២, ២៤

២៨ តាម​របៀប​ដូច​គ្នា​ដែរ​សព្វ​ថ្ងៃ​នេះ ជា​មាតា​បិតា​ដែល​ជឿ​ព្រះ ចិញ្ចឹម​អប់រំ​បុត្រ​ធីតា​របស់​ខ្លួន ពួក​គាត់​ក៏​អាច​អធិស្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ដែរ។ ជា​មាតា​បិតា​គឺ​ត្រូវ​ការ​ការ​ខំ​ប្រឹង​ប្រែង​ណាស់ តែ​ក៏​ទទួល​បាន​ផល​ល្អ​ជា​ច្រើន​ដែរ។ គូ​ស្វាមីភរិយា​នៅ​កោះ​ហាវ៉ៃ​មាន​ប្រសាសន៍​ថា៖ «អ្នក​មាន​ពេល​១២​ឆ្នាំ​ដើម្បី​អប់រំ​កូន​របស់​អ្នក មុន​នឹង​កូន​មាន​វ័យ​ជំទង់​ជា​គ្រា​ដ៏​ពិបាក​នោះ។ ក៏​ប៉ុន្តែ​បើ​អ្នក​បាន​ខំ​ប្រឹង​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ នេះ​ជា​គ្រា​ទទួល​ផល​និង​ស​ន្ដិ​ភាព ពេល​ដែល​កូន​សម្រេច​ចិត្ត​បំរើ​ព្រះ​យេហូវ៉ា​អស់​ពី​ចិត្ត​នោះ»។ (សុភាសិត ២៣:១៥, ១៦) នៅ​ពេល​ដែល​កូន​របស់​អ្នក​ធ្វើ​សេចក្ដី​សម្រេច​នោះ អ្នក​ក៏​នឹង​បាន​ជំរុញ​ដោយ​លាន់​មាត់​ថា៖ «កូន​ចៅ​ជា​មរដក​មក​ពី​ព្រះ​យេហូវ៉ា»។

a បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។