ភាគ២៦
ផែនដីក្លាយទៅជាសួនឧទ្យាន!
តាមរយៈរាជាណាចក្ររបស់ព្រះក្រោមការគ្រប់គ្រងរបស់គ្រិស្ដ ព្រះយេហូវ៉ាធ្វើឲ្យនាមលោកបានបរិសុទ្ធ ហើយសឲ្យឃើញថាសិទ្ធិគ្រប់គ្រងរបស់លោកគឺត្រឹមត្រូវ ព្រមទាំងបំបាត់ចោលអំពើអាក្រក់ទាំងអស់
សៀវភៅចុងក្រោយក្នុងគម្ពីរដែល ហៅថាការបើកបង្ហាញ ផ្ដល់សេចក្ដីសង្ឃឹមឲ្យមនុស្សជាតិ។ សាវ័កយ៉ូហានបានសរសេរសៀវភៅនេះ។ សៀវភៅនេះបញ្ជាក់ពីអ្វីដែលព្រះបើកបង្ហាញឲ្យយ៉ូហានឃើញក្នុងគំនិតស្ដីអំពីព្រឹត្ដិការណ៍ផ្សេងៗនៅអនាគត ដែលនឹងនាំទៅដល់ការសម្រេចនៃបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។
អ្វីដែលយ៉ូហានឃើញក្នុងគំនិតមុនដំបូង គឺលោកយេស៊ូដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ។ លោកសរសើរ ហើយកែតម្រង់ក្រុមជំនុំមួយចំនួន។ អ្វីដែលគាត់ឃើញក្នុងគំនិតជាបន្ទាប់គឺបល្ល័ង្ករបស់ព្រះនៅស្ថានសួគ៌ ហើយមានបុគ្គលវិញ្ញាណជាច្រើនកំពុងសរសើរលោក។
កាលដែលបំណងប្រាថ្នារបស់ព្រះឆ្ពោះទៅរកការសម្រេច នោះកូនចៀម ពោលគឺលោកយេស៊ូគ្រិស្ដ ទទួលរមូរដែលបានត្រូវបិទដោយត្រា៧។ កាលដែលបកត្រាបួនដំបូង មានអ្នកជិះសេះជានិមិត្ដរូបចេញមកក្នុងឆាកពិភពលោក។ អ្នកជិះសេះទី១ គឺលោកយេស៊ូ លោកជិះសេះសម្បុរស ហើយទទួលមកុដ។ បន្ទាប់មក មានអ្នកជិះសេះសម្បុរផ្សេងៗ ដែលតំណាងសង្គ្រាម ការអត់ឃ្លាន និងរោគរាតត្បាត ហើយការទាំងអស់នេះកើតឡើងក្នុងអំឡុងគ្រាចុងក្រោយបង្អស់នៃរបៀបរបបពិភពលោកនេះ។ ពេលដែលបកត្រាទី៧មានគេផ្លុំត្រែ៧ជានិមិត្ដរូប ដែលតំណាងការប្រកាសអំពីសេចក្ដីវិនិច្ឆ័យរបស់ព្រះ។ នេះនាំឲ្យមានសេចក្ដីវេទនា៧ជានិមិត្ដរូប ឬការសម្ដែងកំហឹងរបស់ព្រះ។
រាជាណាចក្ររបស់ព្រះដែលត្រូវតំណាងដោយកូនប្រុសទើបនឹងកើត បានត្រូវស្ថាបនានៅស្ថានសួគ៌។ សង្គ្រាមក៏ផ្ទុះឡើង ហើយសាថាននិងពួកវិញ្ញាណកំណាចបានត្រូវទម្លាក់មកផែនដី។ មានសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងថា៖ «វេទនាដល់ផែនដី»។ មេកំណាចមានកំហឹងយ៉ាងខ្លាំង ដោយដឹងថាវាមានពេលតែបន្ដិចបន្ដួច។—ការបើកបង្ហាញ ១២:១២
យ៉ូហានឃើញលោកយេស៊ូតំណាងដោយកូនចៀមនៅស្ថានសួគ៌ ហើយមាន១៤៤.០០០នាក់ដែលបានត្រូវជ្រើសរើសពីចំណោមមនុស្សជាតិ។ អ្នកទាំងនេះ«នឹងគ្រប់គ្រងជាស្ដេចជាមួយនឹង»លោកយេស៊ូ។ ដូច្នេះ សៀវភៅការបើកបង្ហាញ បញ្ជាក់ថាសមាជិកបន្ទាប់នៃពូជដែលបានត្រូវសន្យានឹងមាន១៤៤.០០០នាក់។—ការបើកបង្ហាញ ១៤:១; ២០:៦
ពួកអ្នកគ្រប់គ្រងនៅផែនដីប្រមូលគ្នាទៅហាម៉ាគេដូន ពោលគឺ«សង្គ្រាមដែលនឹងកើតឡើងនៅថ្ងៃដ៏ធំរបស់ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។ ពួកគេច្បាំងនឹងបុគ្គលដែលជិះសេះសម្បុរស ពោលគឺលោកយេស៊ូដែលដឹកនាំកងទ័ពនៅស្ថានសួគ៌។ ពួកអ្នកគ្រប់គ្រងទាំងអស់នឹងត្រូវបំផ្លាញចោល។ សាថាននឹងត្រូវចាប់ចង និងលោកយេស៊ូនិងពួក១៤៤.០០០នាក់នឹងគ្រប់គ្រងមកលើផែនដី«អស់មួយពាន់ឆ្នាំ»។ នៅទីបញ្ចប់នៃមួយពាន់ឆ្នាំនោះ សាថាននឹងត្រូវបំផ្លាញចោល។—ការបើកបង្ហាញ ១៦:១៤; ២០:៤
តើការគ្រប់គ្រងមួយពាន់ឆ្នាំរបស់គ្រិស្ដនិងពួកអ្នករួមគ្រប់គ្រងនឹងមានប្រយោជន៍យ៉ាងណាចំពោះមនុស្សដែលចេះស្តាប់បង្គាប់? យ៉ូហានសរសេរថា៖ «[ព្រះយេហូវ៉ា]នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ក៏នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ»។ (ការបើកបង្ហាញ ២១:៤) ផែនដីនឹងក្លាយទៅជាសួនឧទ្យាន!
ដូច្នេះ សៀវភៅការបើកបង្ហាញបង្ហើយការពន្យល់នូវប្រធានបទនៃគម្ពីរបរិសុទ្ធ។ តាមរយៈរាជាណាចក្រនៃមេស្ស៊ី នោះនាមរបស់ព្រះយេហូវ៉ានឹងត្រូវធ្វើឲ្យបានបរិសុទ្ធ ហើយការគ្រប់គ្រងរបស់លោកនឹងត្រូវសឲ្យឃើញថាត្រឹមត្រូវជារៀងរហូត!
—មានមូលដ្ឋានលើសៀវភៅការបើកបង្ហាញ។