ភាគ១៤
ព្រះមានប្រសាសន៍តាមរយៈពួកអ្នកប្រកាសទំនាយ
ពួកអ្នកប្រកាសទំនាយបានត្រូវតែងតាំងដោយព្រះយេហូវ៉ាដើម្បីប្រកាសព័ត៌មានស្ដីអំពីការវិនិច្ឆ័យទោស ការគោរពប្រណិប័តន៍បរិសុទ្ធនិងសេចក្ដីសង្ឃឹមអំពីមេស្ស៊ី
នៅក្នុងអំឡុងសម័យនៃពួកស្ដេចគ្រប់គ្រងនៅរាជាណាចក្រអ៊ីស្រាអែលនិងរាជាណាចក្រយូដា មានបុរសមួយក្រុមដ៏ពិសេសដែលប្រកាសប្រសាសន៍របស់ព្រះ ពោលគឺពួកអ្នកប្រកាសទំនាយ។ បុរសទាំងនេះដែលមានជំនឿនិងចិត្ដក្លាហានយ៉ាងខ្លាំងបានប្រកាសប្រសាសន៍របស់ព្រះ។ ចូរពិនិត្យមើលចំណុចដ៏សំខាន់បួនដែលពួកអ្នកប្រកាសទំនាយបានប្រកាស។
១. ការបំផ្លាញចោលនៃក្រុងយេរូសាឡិម។ ពួកអ្នកប្រកាសទំនាយរបស់ព្រះ ពោលគឺអេសាយនិងយេរេមា បានព្រមានជាយូរយារទុកជាមុន ថាក្រុងយេរូសាឡិមនឹងត្រូវបំផ្លាញចោលនិងត្រូវបោះបង់ចោល។ ពួកគាត់បានពន្យល់យ៉ាងច្បាស់និងល្អិតល្អន់អំពីមូលហេតុដែលព្រះខឹងបណ្ដាជនក្រុងនេះ។ ការអះអាងនៃបណ្ដាជនក្រុងយេរូសាឡិមថាពួកគេតំណាងព្រះយេហូវ៉ាបានត្រូវសឲ្យឃើញថាមិនពិតទៅវិញ ពីព្រោះពួកគេបានចូលរួមក្នុងការគោរពបូជាព្រះក្លែងក្លាយ អំពើពុករលួយនិងអំពើឃោរឃៅ។—ពង្សាវតារក្សត្រទី២ ២១:១០-១៥; អេសាយ ៣:១-៨, ១៦-២៦; យេរេមា ២:១–៣:១៣
២. ការរៀបចំឡើងវិញនូវការគោរពប្រណិប័តន៍បរិសុទ្ធ។ ក្រោយពីរស់នៅបាប៊ីឡូនអស់៧០ឆ្នាំ នោះរាស្ដ្ររបស់ព្រះបានត្រូវដោះលែងឲ្យរួចពីស្រុកនោះ។ ពួកគេត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយសង់វិហាររបស់ព្រះយេហូវ៉ាឡើងវិញ។ (យេរេមា ៤៦:២៧; អេម៉ុស ៩:១៣-១៥) អេសាយបានទាយទុកជាមុនប្រហែលជា២០០ឆ្នាំថាអ្នកគ្រប់គ្រងឈ្មោះស៊ីរូសនឹងវាយឈ្នះបាប៊ីឡូន ហើយអនុញ្ញាតឲ្យរាស្ដ្ររបស់ព្រះរៀបចំការគោរពប្រណិប័តន៍បរិសុទ្ធឡើងវិញ។ អេសាយក៏បានពន្យល់អំពីរបៀបដ៏ចម្លែកមួយដែលស៊ីរូសនឹងច្បាំងឈ្នះក្រុងនោះ។—អេសាយ ៤៤:២៤–៤៥:៣
៣. ការមកដល់និងបទពិសោធន៍របស់មេស្ស៊ី។ មេស្ស៊ីនឹងកើតនៅក្រុងបេថ្លេហិម។ (មីកា ៥:១) លោកនឹងមានចិត្ដរាបទាប ដោយជិះសត្វលាទៅដល់ក្រុងយេរូសាឡិម។ (សាការី ៩:៩) ថ្វីបើលោកស្លូត ហើយសប្បុរសក៏ដោយ មនុស្សនឹងមិនចូលចិត្ដលោកទេ ហើយច្រើននាក់នឹងបោះបង់ចោលលោក។ (អេសាយ ៤២:១-៣; ៥៣:១, ៣) លោកនឹងស្លាប់យ៉ាងឈឺចាប់។ តើនេះនឹងជាទីបញ្ចប់នៃមេស្ស៊ីឬ? មិនមែនទេ ព្រោះលោកបូជាជីវិតដើម្បីនាំឲ្យមានការអភ័យទោសចំពោះអំពើខុសឆ្គងរបស់មនុស្សជាច្រើន។ (អេសាយ ៥៣:៤, ៥, ៩-១២) មានតែពេលព្រះប្រោសលោកឲ្យរស់ឡើងវិញប៉ុណ្ណោះទើបអាចសម្រេចការនេះបាន។
៤. ការគ្រប់គ្រងរបស់មេស្ស៊ីមកលើផែនដី។ មនុស្សមិនល្អឥតខ្ចោះគឺពិតជាមិនអាចគ្រប់គ្រងខ្លួនគេដោយសុខសាន្ដទេ ប៉ុន្ដែមេស្ស៊ីជាស្ដេចដែលនឹងត្រូវហៅថាជាម្ចាស់នៃមេត្រីភាពឬស្ដេចនៃសន្ដិភាព។ (អេសាយ ៩:៦, ៧; យេរេមា ១០:២៣) ក្រោមការគ្រប់គ្រងរបស់លោក មនុស្សទាំងអស់នឹងរស់ជាមួយគ្នាដោយសុខសាន្ដ សូម្បីតែជាមួយនឹងសត្វទៀតផង។ (អេសាយ ១១:៣-៧) ជំងឺតម្កាត់នឹងលែងមានទៀត។ (អេសាយ ៣៣:២៤) លោកនឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប។ (អេសាយ ២៥:៨) នៅក្នុងអំឡុងការគ្រប់គ្រងនៃមេស្ស៊ី មនុស្សដែលបានស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅផែនដី។—ដានីយ៉ែល ១២:១៣
—មានមូលដ្ឋានលើសៀវភៅអេសាយ យេរេមា ដានីយ៉ែល អេម៉ុស មីកា និងសាការី។