ភាគ៥
ព្រះឲ្យពរដល់អាប្រាហាំនិងក្រុមគ្រួសារគាត់
កូនចៅរបស់អាប្រាហាំចម្រើនកើនឡើង។ ព្រះការពារយ៉ូសែបនៅស្រុកអេស៊ីប
ព្រះយេហូវ៉ាបានជ្រាបថា បុត្រជាទីស្រឡាញ់របស់លោកនឹងត្រូវរងទុក្ខហើយស្លាប់នៅថ្ងៃណាមួយ។ ទំនាយដែលបានកត់ទុកនៅលោកុប្បត្ដិ ៣:១៥ បានបង្ហើបឲ្យដឹងអំពីសេចក្ដីពិតនោះ។ តើព្រះអាចជួយមនុស្សជាតិឲ្យយល់ ថាមរណភាពនៃបុត្រលោកមានតម្លៃយ៉ាងណាចំពោះលោកឬទេ? គម្ពីរឲ្យឧទាហរណ៍មួយ ដោយប្រាប់យើងអំពីអ្វីដែលបានកើតឡើងដល់បុរសម្នាក់និងកូនប្រុសគាត់។ ព្រះបានសុំអាប្រាហាំបូជាកូនជាទីស្រឡាញ់របស់គាត់ ពោលគឺអ៊ីសាក។
អាប្រាហាំមានជំនឿយ៉ាងមាំមួន។ សូមចាំថា ព្រះបានសន្យានឹងគាត់ថា អ្នកសង្គ្រោះឬពូជដែលបានត្រូវទាយទុកនោះ នឹងកើតពីវង្សត្រកូលអ៊ីសាក។ អាប្រាហាំបានហៀបនឹងសម្លាប់កូនប្រុសគាត់ធ្វើជាគ្រឿងបូជា ដោយទុកចិត្ដថាព្រះនឹងប្រោសអ៊ីសាកឲ្យរស់ឡើងវិញ។ ប៉ុន្ដែ ព្រះចាត់ទេវតាមួយរូបឲ្យបញ្ឈប់អាប្រាហាំទាន់ពេល។ ព្រះបានសរសើរអាប្រាហាំដែលសុខចិត្ដបូជាអ្វីដែលមានតម្លៃបំផុតចំពោះគាត់ ហើយបានប្រាប់ម្ដងទៀតអំពីសេចក្ដីសន្យារបស់លោកដល់បុរសដ៏ស្មោះត្រង់នេះ។
ក្រោយមក អ៊ីសាកមានកូនប្រុសពីរនាក់ គឺអេសាវនិងយ៉ាកុប។ យ៉ាកុបមិនដូចអេសាវទេ គាត់បានឲ្យតម្លៃទៅលើអ្វីដែលទាក់ទងនឹងគោលបំណងរបស់ព្រះ ហើយបានទទួលរង្វាន់។ ព្រះបានផ្លាស់ប្ដូរឈ្មោះយ៉ាកុបទៅជាអ៊ីស្រាអែលវិញ ហើយកូនប្រុស១២នាក់របស់អ៊ីស្រាអែល បានក្លាយទៅជាមេកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល។ ប៉ុន្ដែ តើក្រុមគ្រួសារនោះក្លាយទៅជាសាសន៍ដ៏ធំមួយយ៉ាងដូចម្ដេច?
ព្រឹត្ដិការណ៍ជាបន្ដបន្ទាប់បានកើតឡើង នៅពេលដែលកូនប្រុសភាគច្រើនរបស់យ៉ាកុបបានច្រណែននឹងយ៉ូសែប ដែលជាប្អូនរបស់ពួកគេ។ ពួកគេលក់យ៉ូសែបជាខ្ញុំបម្រើ ហើយគាត់បានត្រូវនាំយកទៅស្រុកអេស៊ីប។ ប៉ុន្ដែ ព្រះបានឲ្យពរដល់យុវបុរសដ៏ស្មោះត្រង់និងក្លាហាននេះ។ ថ្វីបើមានទុក្ខលំបាកយ៉ាងខ្លាំងក៏ដោយ នៅទីបំផុតយ៉ូសែបបានត្រូវជ្រើសរើសដោយផារ៉ូ ជាអ្នកគ្រប់គ្រងនៅស្រុកអេស៊ីប ហើយបានទទួលអំណាចយ៉ាងធំ។ នេះគឺចំពេលមែន ព្រោះមានការអត់ឃ្លាន ដែលបានបណ្ដាលឲ្យយ៉ាកុបចាត់កូនប្រុសៗឲ្យទៅស្រុកអេស៊ីបដើម្បីទិញស្បៀងអាហារ ហើយឥឡូវ យ៉ូសែបគឺជាអ្នកគ្រប់គ្រងស្បៀងអាហារទាំងអស់! ក្រោយការជួបជុំឡើងវិញដែលគួរឲ្យរំភើបចិត្ដ ជាមួយនឹងបងប្អូនប្រុសៗដែលបានប្រែចិត្ដ នោះយ៉ូសែបបានអភ័យទោសឲ្យពួកគេ ហើយបានរៀបចំឲ្យក្រុមគ្រួសារទាំងមូលមករស់នៅស្រុកអេស៊ីប។ ពួកគេបានទទួលដីល្អណាស់ ជាកន្លែងដែលពួកគេអាចបន្ដចម្រើនកើនឡើង។ យ៉ូសែបបានយល់ថា ព្រះបានធ្វើអន្ដរាគមន៍ក្នុងព្រឹត្ដិការណ៍ទាំងនោះដើម្បីសម្រេចសេចក្ដីសន្យារបស់លោក។
យ៉ាកុបដែលមានវ័យចាស់ហើយ បានរស់ដល់អស់ជីវិតនៅស្រុកអេស៊ីប។ នៅជុំវិញគាត់មានក្រុមគ្រួសារគាត់ដែលកើនឡើង។ មុននឹងស្លាប់ គាត់បានទាយថាពូជសន្យាឬអ្នកសង្គ្រោះ នឹងជាអ្នកគ្រប់គ្រងដ៏ខ្លាំងក្លា ដែលនឹងកើតក្នុងវង្សត្រកូលរបស់កូនប្រុសគាត់ឈ្មោះយូដា។ ច្រើនឆ្នាំក្រោយមក មុននឹងយ៉ូសែបស្លាប់ទៅ គាត់បានទាយថា ថ្ងៃណាមួយ ព្រះនឹងយកក្រុមគ្រួសារយ៉ាកុបចេញពីស្រុកអេស៊ីប។
—មានមូលដ្ឋានលើសៀវភៅលោកុប្បត្ដិ ជំពូក២០រហូតដល់៥០ ហេប្រឺ ១១:១៧-២២។