លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១

«មើល! នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា»

«មើល! នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា»

១, ២​. (ក) តើ​អ្នក​មាន​សំនួរ​អ្វី​ខ្លះ​ដែល​អ្នក​ចង់​ទូល​សួរ​ព្រះ​នោះ? (ខ) តើ​ម៉ូសេ​បាន​ទូល​សួរ​ព្រះ​អំពី​រឿង​អ្វី?

សូម​គិត​ក្នុង​ចិត្ដ​ថា អ្នក​កំពុង​តែ​សន្ទនា​ជា​មួយ​នឹង​ព្រះ។ គ្រាន់​តែ​គិត​អំពី​រឿង​នេះ​ធ្វើ​ឲ្យ​អ្នក​កោត​ស្ងើច​ទៅ​ហើយ ដោយ​ព្រោះ​ព្រះ​មហា​ក្សត្រ​នៃ​សកលលោក​កំពុង​តែ​មាន​បន្ទូល​នឹង​អ្នក​ផ្ទាល់! មុន​ដំបូង អ្នក​ដូច​ជា​និយាយ​មិន​ចេញ​ឡើយ តែ​រួច​មក​អ្នក​អាច​ទូល​តប​ទៅ​ទ្រង់​វិញ​បាន។ ទ្រង់​ព្រះ​សណ្ដាប់​អ្នក​និង​មាន​បន្ទូល​តប​ឆ្លើយ​មក​អ្នក​វិញ ហើយ​ទ្រង់​អនុញ្ញាត​ឲ្យ​អ្នក​ទូល​ទ្រង់​ដោយ​សេរី និង​សួរ​សំនួរ​ណា​ដែល​អ្នក​ចង់​សួរ​ទៀត​ផង។ ដូច្នេះ តើ​អ្នក​នឹង​ទូល​សួរ​ព្រះ​អំពី​រឿង​អ្វី?

ពី​សម័យ​បុរាណ ធ្លាប់​មាន​បុរស​ម្នាក់​ដែល​មាន​ឱកាស​បែប​នេះ។ បុរស​នោះ​ឈ្មោះ​ម៉ូសេ។ ប៉ុន្ដែ សំនួរ​ដែល​គាត់​បាន​ជ្រើស​រើស​ទូល​សួរ​ព្រះ ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ប្លែក​ក្នុង​ចិត្ដ​ណាស់។ ម៉ូសេ​មិន​បាន​ទូល​សួរ​អំពី​ខ្លួន​គាត់ មិន​បាន​ទូល​សួរ​អំពី​រឿង​អនាគត ហើយ​ក៏​មិន​បាន​ទូល​សួរ​អំពី​ស្ថានការណ៍​របស់​មនុស្ស​ជាតិ​នោះ​ទេ។ ម៉ូសេ​បាន​ទូល​សួរ​អំពី​ព្រះ​នាម​របស់​ព្រះ​វិញ។ អ្នក​ប្រហែល​ជា​គិត​ថា​សំនួរ​នេះ​គួរ​ឲ្យ​ចម្លែក​ណាស់ ដ្បិត​ម៉ូសេ​បាន​ស្គាល់​ព្រះ​នាម​ផ្ទាល់​របស់​ព្រះ​រួច​ទៅ​ហើយ។ ដូច្នេះ សំនួរ​របស់​គាត់ តាម​មើល​ទៅ​ច្បាស់​ជា​បង្កប់​អត្ថ​ន័យ​យ៉ាង​ជ្រាល​ជ្រៅ​ជាង​នេះ​ទៅ​ទៀត។ តាម​ការ​ពិត ម៉ូសេ​បាន​ជ្រើស​រើស​នូវ​សំនួរ​ដ៏​សំខាន់​បំផុត​ដើម្បី​ទូល​សួរ​ទ្រង់។ ចម្លើយ​នោះ​មាន​អានុភាព​មក​លើ​យើង​ទាំង​អស់​គ្នា ហើយ​ក៏​អាច​ជួយ​អ្នក​ផ្ទាល់​ឲ្យ​ធ្វើ​តាម​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ចូល​ទៅ​ជិត​ព្រះ។ តើ​នេះ​អាច​ជួយ​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​ការ​សន្ទនា​ដ៏​អស្ចារ្យ​នោះ​រវាង​ព្រះ​និង​ម៉ូសេ។

៣, ៤​. មុន​ម៉ូសេ​មាន​ការ​សន្ទនា​ជា​មួយ​នឹង​ព្រះ​នោះ តើ​មាន​បាតុភូត​អ្វី​កើត​ឡើង? តើ​ម៉ូសេ​និង​ព្រះ​បាន​សន្ទនា​អំពី​រឿង​អ្វី?

ម៉ូសេ​មាន​អាយុ​៨០​ឆ្នាំ។ គាត់​បាន​រស់​នៅ​ជា​និរទេស​ជន​អស់​៤០​ឆ្នាំ​ឃ្លាត​ឆ្ងាយ​ពី​សាសន៍​របស់​ខ្លួន គឺ​ពួក​អ៊ីស្រាអែល ដែល​ជា​ខ្ញុំ​កញ្ជះ​នៅ​ប្រទេស​អេស៊ីប។ នៅ​ថ្ងៃ​មួយ ក្នុង​ពេល​ម៉ូសេ​កំពុង​តែ​ឃ្វាល​ហ្វូង​ចៀម​របស់​ឪពុក​ក្មេក​គាត់ នោះ​ម៉ូសេ​បាន​ឃើញ​បាតុភូត​ដ៏​ចម្លែក​មួយ។ គាត់​ឃើញ​ភ្លើង​ឆេះ​គុម្ព​បន្លា តែ​ឆេះ​មិន​សុស​ទេ។ គុម្ព​បន្លា​នោះ​បន្ដ​ឆេះ​ជះ​ពន្លឺ​ហាក់​ដូច​ជា​ភ្លើង​គោម​នៅ​លើ​ភ្នំ។ ម៉ូសេ​ក៏​ដើរ​ទៅ​ជិត​ដើម្បី​សង្កេត​មើល។ គាត់​ច្បាស់​ជា​ភ្ញាក់​ផ្អើល​ណាស់ ពេល​មាន​សម្លេង​និយាយ​មក​កាន់​គាត់​ពី​កណ្ដាល​គុម្ព​ភ្លើង​នោះ! តាម​រយៈ​ទេវតា​ជា​អ្នក​នាំ​សារ ព្រះ​បាន​សន្ទនា​ជា​មួយ​នឹង​ម៉ូសេ​យ៉ាង​យូរ​នៅ​ពេល​នោះ។ អ្នក​ប្រហែល​ជា​ដឹង​ស្រាប់​ហើយ​ថា ពេល​នោះ​ព្រះ​បាន​ប្រគល់​មុខ​ងារ​ដល់​ម៉ូសេ ហើយ​គាត់​បាន​ទទួល​ទាំង​ទើស​ទាល់។ ព្រះ​បាន​បង្គាប់​ម៉ូសេ​ឲ្យ​ចាក​ចេញ​ពី​ជីវិត​ដ៏​ក្សេម​ក្សាន្ដ​របស់​គាត់ ហើយ​ត្រឡប់​ទៅ​ប្រទេស​អេស៊ីប​វិញ ដើម្បី​រំដោះ​ពួក​អ៊ីស្រាអែល​ចេញ​ពី​សេវក​ភាព។—និក្ខមនំ ៣:១​-​១២

នៅ​ពេល​នោះ ម៉ូសេ​អាច​ទូល​សួរ​ព្រះ​នូវ​សំនួរ​អ្វី​ក៏​បាន​ដែរ។ ក៏​ប៉ុន្ដែ ចូរ​កត់​សម្គាល់​នូវ​សំនួរ​ដែល​គាត់​បាន​ទូល​សួរ​ព្រះ គឺ​ថា៖ «មើល! កាល​ណា​ទូល​បង្គំ​ទៅ​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា ‹ព្រះ​នៃ​ឰយុកោ​អ្នក​រាល់​គ្នា ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា› ហើយ​គេ​សួរ​ទូល​បង្គំ​ថា ‹តើ​ព្រះ​ទ្រង់​ព្រះ​នាម​ជា​អ្វី?› នោះ​តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ប្រាប់​គេ​ថា​ដូច​ម្ដេច?»។—និក្ខមនំ ៣:១៣

៥, ៦​. (ក) ពេល​យើង​ពិចារណា​សំនួរ​របស់​ម៉ូសេ តើ​អ្វី​ជា​សេចក្ដី​ពិត​ដ៏​បឋម​និង​សំខាន់​ដែល​យើង​រៀន​ពី​នោះ? (ខ) តើ​មនុស្ស​បាន​ធ្វើ​អ្វី​ដល់​ព្រះ​នាម​របស់​ព្រះ​ផ្ទាល់​ដែល​គួរ​ឲ្យ​ទទួល​ទោស​នោះ? (គ) ហេតុ​អ្វី​ក៏​គួរ​ឲ្យ​កត់​សម្គាល់​ម៉្លេះ​ដែល​ព្រះ​បាន​មាន​បន្ទូល​ប្រាប់​មនុស្ស​ជាតិ​នូវ​ព្រះ​នាម​របស់​ទ្រង់?

ពេល​យើង​ពិចារណា​សំនួរ​របស់​លោក​ម៉ូសេ មុន​បង្អស់​យើង​រៀន​ថា ព្រះ​មាន​ព្រះ​នាម​ផ្ទាល់។ យើង​មិន​ត្រូវ​មើល​ស្រាល​នូវ​ការ​ពិត​ដ៏​បឋម​នេះ​ឡើយ។ ប៉ុន្ដែ មនុស្ស​ជា​ច្រើន​មើល​ស្រាល​នូវ​សេចក្ដី​ពិត​នេះ​មែន។ នៅ​ក្នុង​សេចក្ដី​បក​ប្រែ​ព្រះ​គម្ពីរ​ជា​ច្រើន​ឥត​គណនា មនុស្ស​បាន​ដក​ព្រះ​នាម​ទ្រង់​ផ្ទាល់​ចេញ ហើយ​ដាក់​ជំនួស​ដោយ​ឋានន្ដរ​ដូច​ជា«ព្រះ​អម្ចាស់»និង«ព្រះ»ទៅ​វិញ។ ទង្វើ​នេះ​ក្នុង​នាម​សាសនា ជា​អ្វី​ដ៏​គួរ​ឲ្យ​សោក​ស្តាយ​ជាង​គេ​បំផុត ហើយ​នេះ​គួរ​នឹង​ទទួល​ទោស​ជាង​គេ​បំផុត​ដែរ។ គឺ​ប្រាកដ​ជា​ដូច្នេះ​មែន ពីព្រោះ​ធម្មតា ពេល​អ្នក​ជួប​មនុស្ស​ម្នាក់​ដំបូង តើ​អ្នក​សួរ​អ្វី​ទៅ? អ្នក​នឹង​សួរ​ឈ្មោះ​គាត់ មែន​ទេ? ការ​ស្គាល់​ព្រះ​ក៏​ស្រដៀង​គ្នា​ដែរ។ ទ្រង់​មិន​មែន​ជា​បុគ្គល​ដែល​គ្មាន​ព្រះ​នាម ជា​បុគ្គល​ដែល​មិន​អើពើ​នឹង​យើង ឬ​ជា​បុគ្គល​ដែល​យើង​មិន​អាច​ស្គាល់​ឬ​យល់​បាន​នោះ​ទេ។ ទោះ​ជា​យើង​មើល​ទ្រង់​មិន​ឃើញ​ពិត​មែន តែ​ទ្រង់​ជា​បុគ្គល​ពិត​មួយ​អង្គ ហើយ​ទ្រង់​ក៏​មាន​ព្រះ​នាម​ដែរ ព្រះ​នាម​នោះ​គឺ យេហូវ៉ា។

ម្យ៉ាង​វិញ​ទៀត ពេល​ព្រះ​ទ្រង់​មាន​បន្ទូល​ប្រាប់​អំពី​ព្រះ​នាម​ទ្រង់​ផ្ទាល់​នោះ នេះ​បាន​ន័យ​ថា​មាន​អ្វី​ដ៏​អស្ចារ្យ​និង​គួរ​ឲ្យ​រំភើប​ចិត្ដ​ស្ថិត​នៅ​នា​អនាគត។ ព្រះ​ទ្រង់​កំពុង​តែ​អញ្ជើញ​យើង​គ្រប់​រូប​ឲ្យ​មក​ស្គាល់​ទ្រង់។ ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ល្អ​បំផុត គឺ​ថា​ចូល​ទៅ​ជិត​ទ្រង់។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​បាន​មាន​បន្ទូល​ប្រាប់​យើង​នូវ​ព្រះ​នាម​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ទ្រង់​ក៏​បាន​ប្រព្រឹត្ដ​ច្រើន​ជាង​នេះ​ទៅ​ទៀត។ ទ្រង់​ក៏​បាន​បង្រៀន​យើង​អំពី​របៀប​ដែល​ព្រះ​នាម​នោះ​បញ្ជាក់​អំពី​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់​ដែរ។

អត្ថ​ន័យ​នៃ​ព្រះ​នាម​របស់​ព្រះ

៧​.(ក) តាម​មើល​ទៅ តើ​ព្រះ​នាម​របស់​ព្រះ​ផ្ទាល់​មាន​ន័យ​ដូច​ម្ដេច? (ខ) តាម​ពិត ពេល​ម៉ូសេ​ទូល​សួរ​អំពី​ព្រះ​នាម​របស់​ព្រះ​នោះ តើ​គាត់​ចង់​ដឹង​អ្វី​ទៅ?

ព្រះ​យេហូវ៉ា​បាន​ជ្រើសរើស​ព្រះ​នាម​របស់​ទ្រង់​ដោយ​អង្គ​ទ្រង់​ផ្ទាល់។ ព្រះ​នាម​ទ្រង់​គឺ​ពោរ​ពេញ​ទៅ​ដោយ​ខ្លឹមសារ។ តាម​មើល​ទៅ ព្រះ​នាម​«យេហូវ៉ា»មាន​ន័យ​ថា«ទ្រង់​ធ្វើ​ឲ្យ​ក្លាយ​ជា»​ឬ​«ទ្រង់​ធ្វើ​ឲ្យ​កើត​មក»។ ក្នុង​សកល​លោក​ទាំង​មូល គ្មាន​អ្នក​ណា​ដូច​ព្រះ​យេហូវ៉ា​ទេ ពីព្រោះ​ទ្រង់​បាន​បង្កើត​អ្វីៗ​ទាំង​អស់ ហើយ​ទ្រង់​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​កើត​ឡើង​ស្រប​តាម​គោល​បំណង​របស់​ទ្រង់។ អត្ថន័យ​នេះ​ពិត​ជា​អស្ចារ្យ​មែន។ ប៉ុន្ដែ តើ​ព្រះ​នាម​របស់​ទ្រង់​រួម​បញ្ចូល​អ្វី​ទៀត​ទេ? តាម​មើល​ទៅ ម៉ូសេ​ចង់​ដឹង​ច្រើន​ថែម​ទៀត។ គាត់​ដឹងថា ព្រះយេហូវ៉ា​ជា​អ្នក​បង្កើត​អ្វីៗ​ទាំង​អស់ ហើយ​ក៏​ស្គាល់​ព្រះ​នាម​របស់​ទ្រង់​ដែរ។ ចំពោះ​គាត់ ព្រះ​នាម​របស់​ព្រះ​មិន​មែន​ជា​ពត៌មាន​ថ្មី​ទេ។ មនុស្ស​ធ្លាប់​បាន​ប្រើ​ព្រះ​នាម​នោះ​អស់​រាប់​រយ​ឆ្នាំ​មក​ហើយ។ តាម​ពិត​ទៅ ពេល​ម៉ូសេ​ទូល​សួរ​អំពី​ព្រះ​នាម​របស់​ព្រះ គាត់​បាន​សួរ​អំពី​របៀប​ដែល​ព្រះ​នាម​នោះ​បញ្ជាក់​អំពី​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់។ បើ​និយាយ​ឲ្យ​ចំ​ទៅ ម៉ូសេ​កំពុង​តែ​ទូល​សួរ​ថា៖ ‹តើ​មាន​អ្វី​អំពី​ទ្រង់​ដែល​ខ្ញុំ​អាច​ប្រាប់​រាស្ដ្រ​របស់​ទ្រង់ ជា​សាសន៍​អ៊ីស្រាអែល ដើម្បី​ពង្រឹង​ជំនឿ​របស់​ពួក​គេ​ទៅ​លើ​ទ្រង់ និង​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ស៊ប់​ថា ទ្រង់​ពិត​ជា​នឹង​សង្គ្រោះ​ពួក​គេ​នោះ?›។

៨, ៩​. (ក) តើ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​នឹង​សំនួរ​របស់​ម៉ូសេ​ដោយ​មាន​បន្ទូល​ដូច​ម្ដេច? ហើយ​តើ​បន្ទូល​ដែល​ទ្រង់​បាន​តប​ឆ្លើយ បាន​ត្រូវ​គេ​បក​ប្រែ​ខុស​យ៉ាង​ណា? (ខ) តើ​ឃ្លា​ដែល​ថា៖ «យើង​នឹង​ក្លាយ​ទៅ​ជា​អ្វី​ដែល​យើង​នឹង​ក្លាយ​ទៅ​ជា»មាន​ន័យ​យ៉ាង​ណា?

ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​តប​ឆ្លើយ​ដោយ​បញ្ជាក់​អំពី​លក្ខណៈ​មួយ​របស់​ទ្រង់​ដែល​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ដ និង​ដែល​ជាប់​ទាក់​ទង​នឹង​អត្ថន័យ​នៃ​ព្រះ​នាម​របស់​ទ្រង់។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​ម៉ូសេ​ថា៖ «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ[«យើង​នឹង​ក្លាយ​ទៅ​ជា​អ្វី​ដែល​យើង​នឹង​ក្លាយ​ទៅ​ជា», ព.ថ.]»។ (និក្ខមនំ ៣:១៤) សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​ជា​ច្រើន​បកប្រែ​ឃ្លា​នេះ​ថា៖ «អញ​ជា​ព្រះ​ដ៏​ជា​ព្រះ»។ ប៉ុន្ដែ ការ​បកប្រែ​យ៉ាង​ហ្មត់ចត់​បង្ហាញ​ថា ព្រះ​មិន​គ្រាន់​តែ​បញ្ជាក់​ថា​ទ្រង់​ជា​ព្រះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះយេហូវ៉ា​កំពុង​បង្រៀន​ម៉ូសេ​និង​យើង​រាល់​គ្នា​ថា ទ្រង់​នឹង«ទៅ​ជា»ឬ​ក្លាយ​ជា​អ្វី​ដ៏​ចាំបាច់ ដើម្បី​សម្រេច​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​របស់​ទ្រង់។ សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​របស់​លោក​យ៉ូសែប ប្រាញ រ៉ូថឺរ៉ាម បក​ស្រាយ​ខ​នេះ​ថា៖ «យើង​នឹង​ក្លាយ​ទៅ​ជា​អ្វី​ដែល​យើង​ចង់​ក្លាយ​ទៅ​ជា»។ បណ្ឌិត​ម្នាក់​ខាង​ព្រះ​គម្ពីរ​ភាសា​ហេព្រើរ​ពន្យល់​ឃ្លា​នេះ​ដូច​ត​ទៅ​ថា៖ «មិន​ថា​មាន​ស្ថានការណ៍​អ្វី​ឬ​សេចក្ដី​ត្រូវ​ការ​អ្វី​ក៏​ដោយ . . . ព្រះ​នឹង‹ក្លាយ​ទៅ​ជា›អ្វី​ដ៏​ចាំបាច់​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​នោះ»។

តើ​នេះ​ទាក់​ទង​នឹង​ពួក​អ៊ីស្រាអែល​យ៉ាង​ណា? ទោះ​ជា​ពួក​គេ​នឹង​ប្រឈម​មុខ​នឹង​ឧបសគ្គ​អ្វី​ក៏​ដោយ ឬ​ស្ថិត​ក្នុង​សភាព​លំបាក​យ៉ាង​ណា​ក្ដី ក៏​ព្រះ​យេហូវ៉ា​នឹង​ក្លាយ​ទៅ​ជា​អ្វី​ដែល​ចាំ​បាច់ ដើម្បី​រំដោះ​ពួក​គេ​ចេញ​ពី​សេវក​ភាព និង​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ស្រុក​សន្យា។ ប្រាកដ​ណាស់ ព្រះ​នាម​នោះ​ពិត​ជា​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ដ​លើ​ព្រះ​មែន។ សព្វ​ថ្ងៃ​នេះ​ព្រះ​នាម​របស់​ព្រះ​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​ទំនុក​ចិត្ដ​ដូច​នេះ​ដែរ។ (ទំនុក​ដំកើង ៩:១០) តើ​ហេតុ​អ្វី?

១០, ១១​. តើ​អត្ថ​ន័យ​ព្រះ​នាម​យេហូវ៉ា​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា ទ្រង់​ចង់​ឲ្យ​យើង​ចាត់​ទុក​ទ្រង់​ជា​ព្រះ​វរបិតា​ដ៏​ល្អ​បំផុត និង​ដែល​ចេះ​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ​នោះ? សូម​លើក​ឧទាហរណ៍។

១០ ជា​ឧទាហរណ៍៖ មាតា​បិតា​ដឹង​ថា​ពួក​គាត់​ត្រូវ​ចេះ​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ ដើម្បី​បី​បាច់​មើល​ថែ​រក្សា​កូន​ចៅ​របស់​ខ្លួន។ ក្នុង​កំឡុង​ពេល​មួយ​ថ្ងៃ មាតា​ឬ​បិតា​ម្នាក់​ប្រហែល​ត្រូវ​ធ្វើ​ជា​មេ​ដោះ ចុង​ភៅ គ្រូ​បង្រៀន អ្នក​ប្រដៅ ចៅ​ក្រម និង​ធ្វើ​អ្វី​ច្រើន​ជាង​នេះ​ទៅ​ទៀត។ មាតា​បិតា​ខ្លះ​មាន​អារម្មណ៍​មិន​ស្រួល​ទេ ពេល​ដែល​ពួក​គាត់​ត្រូវ​មាន​តួនាទី​ច្រើន​យ៉ាង​នេះ។ ពួក​គាត់​កត់​សម្គាល់​ថា កូនៗ​បាន​ទុក​ចិត្ដ​លើ​ពួក​គាត់​ទាំង​ស្រុង ពីព្រោះ​កូន​មិន​ដែល​សង្ស័យ​លើ​មាតា​បិតា​ទេ។ ពួក​គេ​សង្ឃឹម​ថា ប៉ា​ឬ​ម៉ាក់​នឹង​អាច​ធ្វើ​ឲ្យ​របួស​កូន​សះ​ស្បើយ ឬ​អាច​ដោះ​ស្រាយ​បញ្ហា​រវាង​កូនៗ ជួយ​ជួស​ជុល​ប្រដាប់ប្រដា​លេង​របស់​កូន ឬ​ក៏​អាច​ឆ្លើយ​សំនួរ​សព្វ​បែប​យ៉ាង​ដែល​ផុស​ឡើង​ក្នុង​គំនិត​របស់​កូន​ដែល​ស្រេក​ឃ្លាន​ចង់​ដឹង​ចង់​ឮ​ជា​និច្ច​នោះ។ មាតា​បិតា​ខ្លះ​មាន​អារម្មណ៍​ថា​ខ្លួន​ពុំ​សម​ទទួល​ការ​ទុក​ចិត្ដ​របស់​កូន​ឡើយ ហើយ​យូរៗ​ម្ដង​ពួក​គាត់​មាន​អារម្មណ៍​អស់​សង្ឃឹម​ពេល​ខ្លួន​គ្មាន​សមត្ថភាព​បំពេញ​មុខ​នាទី​តាម​ចិត្ដ​ចង់ និង​គិត​ថា​ខ្លួន​ខ្វះ​សមត្ថភាព​ច្រើន​ណាស់។

១១ ព្រះ​យេហូវ៉ា​ក៏​ជា​ព្រះ​វរបិតា​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ។ ប៉ុន្ដែ គ្មាន​អ្វី​ដែល​ទ្រង់​ពុំ​អាច​ធ្វើ​ដើម្បី​ថែ​រក្សា​បុត្រា​បុត្រី​របស់​ទ្រង់​លើ​ផែន​ដី​នេះ​តាម​វិធី​ដ៏​ប្រសើរ​បំផុត ដោយ​ឥត​បំពាន​លើ​ខ្នាត​តម្រា​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ទ្រង់​នោះ​ឡើយ។ ដូច្នេះ អត្ថ​ន័យ​ព្រះ​នាម​យេហូវ៉ា​បង្ហាញ​ថា ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ចាត់​ទុក​ទ្រង់​ជា​ព្រះ​វរបិតា​ដ៏​ប្រសើរ​បំផុត។ (យ៉ាកុប ១:១៧) ម៉ូសេ​និង​ពួក​អ៊ីស្រាអែល​ឯ​ទៀត​ដែល​មាន​ចិត្ដ​ភក្ដី ក៏​បាន​ពិសោធ​ថា​ព្រះ​យេហូវ៉ា​ធ្វើ​តាម​ព្រះ​នាម​របស់​ទ្រង់​ពិត​មែន។ ពួក​គេ​ឃើញ​ទាំង​មាន​ចិត្ដ​ស្ញប់​ស្ញែង ពេល​ទ្រង់​ក្លាយ​ទៅ​ជា​មេ​បញ្ជា​ការ​ដែល​ពុំ​អាច​ចាញ់ ក្លាយ​ជា​ម្ចាស់​នៃ​ធម្មជាតិ ក្លាយ​ជា​អ្នក​ប្រទាន​ច្បាប់​ដែល​ប្រៀប​ផ្ទឹម​ពុំ​បាន ក្លាយ​ជា​ចៅ​ក្រម វិស្វករ អ្នក​ប្រទាន​អាហារ​និង​ទឹក ថែម​ទាំង​ទ្រង់​ការពារ​សំលៀក​បំពាក់​និង​ស្បែក​ជើង និង​អ្វីៗ​ជា​ច្រើន​ទៀត។

១២​. តើ​ទស្សនៈ​របស់​ស្ដេច​ផារ៉ូ​និង​ម៉ូសេ​ចំពោះ​ព្រះ​យេហូវ៉ា​ខុស​គ្នា​យ៉ាង​ណា?

១២ តាម​របៀប​នេះ​ហើយ ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះ​នាម​ទ្រង់​ល្បី​សុសសាយ និង​បាន​ឲ្យ​ដឹង​អំពី​របៀប​ដែល​ព្រះ​នាម​នោះ​បញ្ជាក់​អំពី​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់ ហើយ​ក៏​បាន​បង្ហាញ​ដែរ​ថា អ្វី​ដែល​ទ្រង់​មាន​បន្ទូល​អំពី​អង្គ​ទ្រង់​គឺ​ពិត​មែន។ ប្រាកដ​ហើយ ព្រះ​ទ្រង់​ចង់​ឲ្យ​យើង​ស្គាល់​ទ្រង់។ តើ​យើង​នឹង​តប​ឆ្លើយ​យ៉ាង​ណា? ម៉ូសេ​ចង់​ស្គាល់​ព្រះ។ ចំណង់​ដ៏​ខ្លាំង​នោះ​បាន​ដឹក​នាំ​ដំណើរ​ជីវិត​របស់​លោក​ម៉ូសេ និង​បាន​នាំ​គាត់​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​វរបិតា​សួគ៌ា។ (ជនគណនា ១២:៦​-​៨; ហេព្រើរ ១១:២៧) គួរ​ឲ្យ​ស្តាយ​ណាស់ នៅ​សម័យ​របស់​ម៉ូសេ​មិន​សូវ​មាន​មនុស្ស​ច្រើន​ឯ​ទៀត​ដែល​មាន​ចំណង់​ដូច​ម៉ូសេ​ទេ។ ពេល​ម៉ូសេ​ទូល​ប្រាប់​ស្ដេច​ផារ៉ូ​អំពី​ព្រះ​យេហូវ៉ា ស្ដេច​អេស៊ីប​ដ៏​ក្រអឺត​ក្រទម​នេះ​បាន​មាន​បន្ទូល​តប​ថា៖ «តើ​ព្រះ​យេហូវ៉ា​ជា​អ្នក​ណា?»។ (និក្ខមនំ ៥:២) ស្ដេច​ផារ៉ូ​មិន​ចង់​ដឹង​អំពី​ព្រះ​យេហូវ៉ា​ទេ។ ផ្ទុយ​ទៅ​វិញ ស្ដេច​ផារ៉ូ​បាន​មើលងាយ​ថា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ជា​បុគ្គល​មិន​សំខាន់​ទាល់តែ​សោះ។ ទស្សនៈ​បែប​នេះ​គឺ​មាន​ទូទៅ​នៅ​សព្វ​ថ្ងៃ​នេះ។ នេះ​ធ្វើ​ឲ្យ​មនុស្ស​ងងឹត​ងងល់​ចំពោះ​សេចក្ដី​ពិត​ដ៏​សំខាន់​បំផុត​គឺ​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​អម្ចាស់​មហាក្សត្រ។

ព្រះ​យេហូវ៉ា​ជា​ព្រះ​អម្ចាស់​មហា​ក្សត្រ

១៣, ១៤​. (ក) ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មាន​ឋានន្ដរ​ជា​ច្រើន​ក្នុង​ព្រះ​គម្ពីរ? តើ​មាន​ឋានន្ដរ​អ្វី​ខ្លះ? (សូម​មើល​ប្រអប់​« ឋានន្ដរ​ខ្លះៗ​របស់​ព្រះ​យេហូវ៉ា») (ខ) ហេតុ​អ្វី​មាន​តែ​ព្រះ​យេហូវ៉ា​ដែល​មាន​លក្ខណៈ​សម​ជា‹ព្រះ​ដ៏​ខ្ពស់​បំផុត›?

១៣ ព្រះ​យេហូវ៉ា​មាន​សមត្ថភាព​ប្រែ​ប្រួល​ទៅ​តាម​កាលៈទេសៈ​ដល់​ម៉្លេះ ដែល​ទ្រង់​មាន​ឋានន្ដរ​ផ្សេងៗ​ជា​ច្រើន​ក្នុង​បទ​គម្ពីរ។ ឋានន្ដរ​ទាំង​នេះ​គឺ​មិន​ស្មើ​នឹង​ព្រះ​នាម​ផ្ទាល់​របស់​ទ្រង់​ទេ តែ​ឋានន្ដរ​ទាំង​នេះ​បង្រៀន​យើង​ច្រើន​ទៀត​អំពី​អ្វី​ដែល​ព្រះ​នាម​ទ្រង់​តំណាង។ ជា​ឧទាហរណ៍ ទ្រង់​មាន​ឋានន្ដរ​ជា‹ព្រះ​ដ៏​ខ្ពស់​បំផុត›។ (ទំនុក​ដំកើង ៩៧:៩) ឋានន្ដរ​ដ៏​ខ្ពង់​ខ្ពស់​នេះ ដែល​មាន​ជា​ច្រើន​ដង​ក្នុង​ព្រះ​គម្ពីរ ប្រាប់​យើង​អំពី​ឋានៈ​របស់​ព្រះ​យេហូវ៉ា។ មាន​តែ​ទ្រង់​ទេ​ដែល​មាន​សិទ្ធិ​គ្រប់​គ្រង​សកលលោក​ទាំង​មូល។ ចូរ​ពិនិត្យ​មើល​មូលហេតុ។

១៤ មាន​តែ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត។ វិវរណៈ ៤:១១​ចែង​ថា៖ «ឱ​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ! ទ្រង់​គួរ​នឹង​ទទួល​សិរី​ល្អ កិត្ដិនាម នឹង​ព្រះ​ចេស្តា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង»។ ពាក្យ​ដ៏​ឧត្ដុង្គ​ឧត្ដម​ទាំង​នេះ​មិន​អាច​យក​មក​ប្រើ ដើម្បី​ពណ៌នា​អំពី​បុគ្គល​ណា​ផ្សេង​ទៀត​ឡើយ។ អ្វីៗ​ទាំង​អស់​នៅ​ក្នុង​សកលលោក​គឺ​មាន​ដោយ​សារ​ព្រះ​យេហូវ៉ា​តែ​ប៉ុណ្ណោះ! ប្រាកដ​ហើយ ព្រះ​យេហូវ៉ា​គឺ​សម​នឹង​ទទួល​នូវ​កិត្ដិយស ព្រះ​ចេស្តា និង​សិរី​រុងរឿង​ដែល​ជា​របស់​ផង​ទ្រង់ ដោយ​សារ​ទ្រង់​ជា​ព្រះ​អម្ចាស់​មហា​ក្សត្រ និង​ជា​ព្រះ​ដែល​បង្កើត​របស់​សព្វ​សារពើ។

១៥​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​មាន​ឋានន្ដរ​ជា«ស្ដេច​នៃ​អស់​ទាំង​កល្ប»?

១៥ ឋានន្ដរ​មួយ​ទៀត​ដែល​មាន​តែ​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​ជា«ស្ដេច​នៃ​អស់​ទាំង​កល្ប»។ (ធីម៉ូថេ​ទី​១ ១:១៧) តើ​នេះ​មាន​ន័យ​យ៉ាង​ណា? ព្រះ​យេហូវ៉ា​មាន​ព្រះ​ជន្ម​តាំង​ពី​ពេល​អនន្ដ​រហូត​ដល់​ពេល​អនន្ដ តែ​ដោយ​សារ​យើង​មាន​គំនិត​ឥត​គ្រប់​ល័ក្ខណ៍​នោះ យើង​ពិបាក​យល់​ចំណុច​នេះ​ណាស់។ ទំនុក​ដំកើង ៩០:២​ចែង​ថា៖ «ចាប់​តាំង​ពី​អស់​កល្ប រៀង​ទៅ​ដល់​អស់​កល្ប​ជា​និច្ច នោះ​គឺ​ទ្រង់​ហើយ​ជា​ព្រះ»។ ដូច្នេះ ព្រះ​យេហូវ៉ា​គ្មាន​ការ​ចាប់​ផ្ដើម​ទេ។ ទ្រង់​ធ្លាប់​មាន​ព្រះ​ជន្ម​តាំង​ពី​ពេល​អនន្ដ​មក។ ព្រះ​យេហូវ៉ា​បាន​ត្រូវ​ពណ៌នា​យ៉ាង​ត្រឹម​ត្រូវ​ថា «ព្រះ​ដ៏​មាន​ព្រះ​ជន្ម​ពី​ចាស់​បុរាណ» ពីព្រោះ​ព្រះ​យេហូវ៉ា​ធ្លាប់​មាន​ព្រះ​ជន្ម​ចាប់​ពី​ពេល​អនន្ដ​មក គឺ​មុន​បុគ្គល​ណា​ម្នាក់ ឬ​ក៏​អ្វី​ណា​មួយ​ក្នុង​សកលលោក​នេះ​ទៅ​ទៀត! (ដានីយ៉ែល ៧:៩, ១៣, ២២) តើ​អ្នក​ណា​អាច​រក​ទី​សំ​អាង​ដើម្បី​ទំ​លាក់​នូវ​ការ​សង្ស័យ​ទៅ​លើ​សិទ្ធិ​របស់​ទ្រង់​ជា​អ្នក​មាន​ឋានៈ​ជា​ព្រះ​អម្ចាស់​មហា​ក្សត្រ​នោះ?

១៦, ១៧​. (ក) ហេតុ​អ្វី​ក៏​យើង​មើល​ព្រះ​យេហូវ៉ា​ពុំ​ឃើញ? ហើយ​ហេតុ​អ្វី​រឿង​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ចម្លែក​ទេ? (ខ) តើ​ក្នុង​ន័យ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដ៏​ពិត​ប្រាកដ​ជាង​អ្វី​ដែល​យើង​អាច​ឃើញ​និង​ប៉ះ​បាន​នោះ?

១៦ ប៉ុន្ដែ មាន​មនុស្ស​ខ្លះ​ដែល​សង្ស័យ​ទៅ​លើ​សិទ្ធិ​របស់​ទ្រង់​មែន ដូច​ជា​ស្ដេច​ផារ៉ូ​ជា​ដើម។ មូលហេតុ​មួយ​នោះ​គឺ​ថា មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ដាក់​ទម្ងន់​ហួស​ហេតុ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​អាច​ឃើញ​ផ្ទាល់​នឹង​ភ្នែក។ យើង​មិន​អាច​មើល​ឃើញ​ព្រះ​អម្ចាស់​មហា​ក្សត្រ​ព្រះ​យេហូវ៉ា​ទេ។ ទ្រង់​ជា​បុគ្គល​វិញ្ញាណ ដែល​ភ្នែក​មនុស្ស​យើង​ពុំ​អាច​មើល​ឃើញ​ឡើយ។ (យ៉ូហាន ៤:២៤) យ៉ាង​ណា​មិញ ប្រសិន​បើ​មនុស្ស​ដែល​ជា​សាច់​ឈាម​នោះ ត្រូវ​ឈរ​នៅ​ជិត​ព្រះ​យេហូវ៉ា​នោះ ពួក​គេ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​ម៉ូសេ​ថា៖ ‹អ្នក​ពុំ​អាច​នឹង​មើល​មុខ​យើង​បាន​ឡើយ ដ្បិត​មនុស្ស​ជាតិ​នឹង​ឃើញ​យើង ហើយ​រស់​នៅ​មិន​បាន​ទេ›។—និក្ខមនំ ៣៣:២០; យ៉ូហាន ១:១៨

១៧ រឿង​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ចម្លែក​ទេ។ ម៉ូសេ​បាន​ឃើញ​តែ​មួយ​ផ្នែក​នៃ​សិរី​រុងរឿង​របស់​ព្រះ​យេហូវ៉ា ហើយ​តាម​មើល​ទៅ គឺ​តាម​រយៈ​ទេវតា​មួយ​រូប​ដែល​ជា​អ្នក​តំណាង​ទ្រង់។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ក្រោយ​មក មុខ​របស់​ម៉ូសេ​បាន«ភ្លឺ»អស់​មួយ​រយៈ​ពេល​យ៉ាង​យូរ។ ពួក​អ៊ីស្រាអែល​បាន​ខ្លាច មិន​ហ៊ាន​មើល​ចំ​មុខ​ម៉ូសេ​ទៀត។ (និក្ខមនំ ៣៣:២១​-​២៣; ៣៤:៥​-​៧, ២៩,៣០) ដូច្នេះ គឺ​ប្រាកដ​ហើយ​ដែល​ថា គ្មាន​មនុស្ស​ជាតិ​ណា​ម្នាក់​ដែល​អាច​មើល​ឃើញ​សិរី​រុងរឿង​ទាំង​ស្រុង​របស់​ព្រះ​អម្ចាស់​មហា​ក្សត្រ​ព្រះ​យេហូវ៉ា​បាន​ឡើយ! តើ​នេះ​បាន​សេចក្ដី​ថា ទ្រង់​មិន​មែន​ជា​បុគ្គល​ដ៏​ពិត​មួយ​អង្គ​ពីព្រោះ​យើង​មិន​អាច​មើល​ឃើញ​ឬ​ប៉ះ​ទ្រង់​ឬ? អត់​ទេ! យើង​ក៏​ធ្លាប់​ទទួល​ស្គាល់​ថា​មាន​របស់​ជា​ច្រើន​ដែល​យើង​មើល​ពុំ​ឃើញ​ដែរ ដូច​ជា​ខ្យល់ រលក​ធាតុ​អាកាស និង​គំនិត​ជា​ដើម។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​មិន​ចេះ​ប្រែ​ប្រួល​ឡើយ។ ពេល​វេលា​ដែល​កន្លង​ទៅ​នេះ​គ្មាន​អានុភាព​លើ​ទ្រង់​ឡើយ ទោះ​ជា​រាប់​សិប​លាន​កោដិ​ឆ្នាំ​ក៏​ដោយ! គឺ​ក្នុង​ន័យ​នេះ​ហើយ​ដែល​ថា ទ្រង់​ជា​បុគ្គល​ដ៏​ពិត​ប្រាកដ​ជាង​អ្វីៗ​ដែល​យើង​អាច​ប៉ះ​ឬ​ក៏​មើល​ឃើញ​ទៅ​ទៀត ដ្បិត​អ្វីៗ​ទាំង​នោះ​អាច​ចាស់​ទៅ​និង​ពុក​ផុយ​អស់​ទៅ​វិញ។ (ម៉ាថាយ ៦:១៩) ប៉ុន្ដែ តើ​យើង​គួរ​គិត​អំពី​ទ្រង់ គ្រាន់​តែ​ជា​កម្លាំង​អរូបិយ​មួយ ឬ​ក៏​បុព្វ​ហេតុ​មួយ​ដែល​យើង​មិន​អាច​យល់​ច្បាស់​ឬ? យើង​សូម​ពិចារណា​ត​ទៅ​ទៀត។

ព្រះ​មួយ​អង្គ​ដែល​មាន​បុគ្គលិក​លក្ខណៈ

១៨​. តើ​អេសេគាល​បាន​ឃើញ​ចក្ខុនិមិត្ដ​អ្វី? តើ​មុខ​បួន​នៃ«តួ​មាន​ជីវិត»ដែល​នៅ​ជិត​ព្រះ​យេហូវ៉ា​តំណាង​អ្វី?

១៨ ទោះ​ជា​យើង​មើល​ព្រះ​មិន​ឃើញ​ក៏​ដោយ​នោះ មាន​ផ្នែក​ខ្លះ​ក្នុង​ព្រះ​គម្ពីរ​ដែល​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ដ ដែល​ប្រៀប​ដូច​ជា​ហុច​ឱកាស​ឲ្យ​យើង​ក្រឡេក​មើល​ទៅ​ក្នុង​ស្ថាន​សួគ៌។ ឧទាហរណ៍​មួយ​គឺ​នៅ​ក្នុង​សៀវភៅ​អេសេគាល​ជំពូក​ទី​មួយ។ លោក​អេសេគាល​បាន​ឃើញ​ចក្ខុនិមិត្ដ​មួយ​អំពី​អង្គការ​សួគ៌ា​របស់​ព្រះ​យេហូវ៉ា ដែល​បាន​តំណាង​ដោយ​រទេះ​នៅ​ស្ថាន​សួគ៌​ក្នុង​ចក្ខុនិមិត្ដ​នោះ។ អ្វី​ដែល​គួរ​ឲ្យ​នឹក​ស្ងើច​ជា​ពិសេស​នោះ គឺ​ការ​ពិពណ៌នា​អំពី​បណ្ដា​បុគ្គល​វិញ្ញាណ​ខ្លាំង​ក្លា​ដែល​នៅ​ជុំ​វិញ​ព្រះ​យេហូវ៉ា។ (អេសេគាល ១:៤​-​១០) «តួ​មាន​ជីវិត»ទាំង​នេះ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា និង​អាការ​ក្រៅ​របស់​តួ​មាន​ជីវិត​ទាំង​នេះ បង្ហើប​ឲ្យ​យើង​ដឹង​នូវ​អ្វី​ដ៏​សំខាន់​មួយ​អំពី​ព្រះ​ដែល​តួ​មាន​ជីវិត​ទាំង​នេះ​បំរើ។ តួ​មាន​ជីវិត​និមួយ​ៗ​មាន​មុខ​បួន គឺ​មុខ​សត្វ​គោ​មួយ មុខ​សត្វ​សិង្ហ​មួយ មុខ​ឥន្ទ្រី​មួយ និង​មុខ​ដូច​ជា​មនុស្ស​មួយ។ តាម​មើល​ទៅ មុខ​ទាំង​នេះ​តំណាង​គុណ​សម្បត្ដិ​បួន​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា។—វិវរណៈ ៤:៦​-​៨,១០

១៩​. តើ​អ្វី​ជា​គុណ​សម្បត្ដិ​ដែល​តំណាង​ដោយ(ក) មុខ​សត្វ​គោ? (ខ) មុខ​សត្វ​សិង្ហ? (គ) មុខ​សត្វ​ឥន្ទ្រី? (ឃ) មុខ​មនុស្ស?

១៩ នៅ​ក្នុង​ព្រះ​គម្ពីរ គោ​ឈ្មោល​តែង​តំណាង​កម្លាំង ហើយ​នេះ​គឺ​សម​ហេតុ​សម​ផល​មែន ដ្បិត​នេះ​ជា​សត្វ​ដែល​មាន​កម្លាំង​ខ្លាំង​ណាស់។ ម្យ៉ាង​វិញ​ទៀត សត្វ​សិង្ហ​តែង​តំណាង​យុត្ដិធម៌ ដ្បិត​ការ​ប្រព្រឹត្ដ​ដោយ​យុត្ដិធម៌​ពិត​តម្រូវ​ឲ្យ​មាន​ចិត្ដ​ក្លាហាន ហើយ​សត្វ​សិង្ហ​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​សត្វ​ដ៏​ក្លាហាន​មែន។ សត្វ​ឥន្ទ្រី​បាន​ល្បី​ជា​សត្វ​ដែល​មាន​ភ្នែក​មុត ដោយ​មើល​ឃើញ​វត្ថុ​តូច​ល្អិត​ពី​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ។ ដូច្នេះ​មុខ​នៃ​សត្វ​ឥន្ទ្រី​តំណាង​យ៉ាង​សមរម្យ​នូវ​ប្រាជ្ញា​របស់​ព្រះ​ដែល​ចេះ​ទត​មើល​វែង​ឆ្ងាយ។ ចុះ​យ៉ាង​ណា​ចំពោះ​មុខ​មនុស្ស? មនុស្ស​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​ភាព​ដូច​ព្រះ ហេតុ​នេះ​ហើយ​មនុស្ស​មាន​ភាព​ចម្លែក​អស្ចារ្យ​មួយ គឺ​សមត្ថភាព​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់ ដែល​ជា​គុណ​សម្បត្ដិ​ដ៏​ចំ​បង​របស់​ព្រះ។ (លោកុប្បត្ដិ ១:២៦) តេជានុភាព យុត្ដិធម៌ ប្រាជ្ញា​និង​សេចក្ដី​ស្រឡាញ់​ជា​គុណ​សម្បត្ដិ​ផ្សេងៗ​នៃ​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា។ គុណ​សម្បត្ដិ​ទាំង​នេះ​ត្រូវ​លើក​បញ្ជាក់​ក្នុង​បទ​គម្ពីរ​ជា​ញឹក​ញយ​ដល់​ម៉្លេះ ដែល​គុណ​សម្បត្ដិ​ទាំង​នេះ​អាច​ត្រូវ​ហៅ​ជា គុណ​សម្បត្ដិ​ដ៏​ចំ​បង​របស់​ព្រះ។

២០​. តើ​យើង​ត្រូវ​ព្រួយ​បារម្ភ​ថា​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា​អាច​ប្រែ​ប្រួល​ទេ? ហេតុ​អ្វី​ក៏​អ្នក​ឆ្លើយ​ដូច្នេះ?

២០ តើ​យើង​គួរ​ព្រួយ​បារម្ភ​ថា បុគ្គលិក​លក្ខណៈ​របស់​ព្រះ​ប្រហែល​ជា​បាន​ប្រែ​ប្រួល​ក្នុង​កំឡុង​រាប់​ពាន់​ឆ្នាំ តាំង​ពី​ទ្រង់​បាន​ត្រូវ​ពណ៌នា​ក្នុង​ព្រះ​គម្ពីរ​នោះ​ឬ? មិន​ប្រែ​ប្រួល​សោះ​ឡើយ។ បុគ្គលិក​លក្ខណៈ​របស់​ព្រះ​មិន​ប្រែ​ប្រួល​ទេ។ ទ្រង់​មាន​បន្ទូល​ប្រាប់​យើង​ថា៖ ‹ដ្បិត​យើង គឺ​យេហូវ៉ា យើង​មិន​ប្រែ​ប្រួល​ឡើយ›។ (ម៉ាឡាគី ៣:៦) ជា​ជាង​ប្រែ​ប្រួល​ទៅ​តាម​តែ​សំទុះ​ចិត្ដ​នោះ ព្រះ​យេហូវ៉ា​ស​ឲ្យ​ឃើញ​ថា​ទ្រង់​ជា​ព្រះ​វរបិតា​ដ៏​ល្អ​បំផុត ដោយ​របៀប​ដែល​ទ្រង់​បាន​ប្រព្រឹត្ដ​ចំពោះ​ស្ថានការណ៍​និមួយ​ៗ។ ទ្រង់​សម្ដែង​បុគ្គលិក​លក្ខណៈ​ណា​របស់​ទ្រង់ ដែល​សម​បំផុត​នឹង​ស្ថានភាព​នោះ។ ក្នុង​ចំណោម​គុណ​សម្បត្ដិ​ទាំង​បួន គុណ​សម្បត្ដិ​ដែល​លេច​ធ្លោ​ជាង​គេ​គឺ​ជា​សេចក្ដី​ស្រឡាញ់។ គុណ​សម្បត្ដិ​នេះ​ត្រូវ​សម្ដែង​ក្នុង​គ្រប់​ការ​ទាំង​អស់​ដែល​ទ្រង់​ធ្វើ។ ទ្រង់​ប្រើ​តេជានុភាព យុត្ដិធម៌ និង​ប្រាជ្ញា​តាម​របៀប​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។ តាម​ការ​ពិត ព្រះ​គម្ពីរ​ចែង​អ្វី​មួយ​ដ៏​អស្ចារ្យ​អំពី​ព្រះ​និង​គុណ​សម្បត្ដិ​នេះ។ ព្រះ​គម្ពីរ​ចែង​ថា៖ «ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) ចូរ​កត់​សម្គាល់​ថា ព្រះ​គម្ពីរ​មិន​បាន​ចែង​ថា​ព្រះ​មាន​សេចក្ដី​ស្រឡាញ់ ឬ​ក៏​ថា​ព្រះ​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​ចែង​ថា​ព្រះ​ជា​សេចក្ដី​ស្រឡាញ់។ សេចក្ដី​ស្រឡាញ់​ជា​ធាតុ​ពិត​របស់​ទ្រង់ និង​ជា​កម្លាំង​ដែល​ជំរុញ​ព្រះ​ទ័យ​ទ្រង់​ក្នុង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​ធ្វើ។

«មើល! នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា»

២១​. តើ​យើង​នឹង​មាន​អារម្មណ៍​យ៉ាង​ណា កាល​ដែល​យើង​យល់​ដឹង​អំពី​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​រឹត​តែ​ច្បាស់​ទៅៗ?

២១ តើ​អ្នក​ធ្លាប់​ឃើញ​ក្មេង​តូច​ម្នាក់​ចង្អុល​ទៅ​ឪពុក​ឲ្យ​ពួក​ម៉ាក​ស្គាល់ ហើយ​ពោល​ទាំង​មាន​អំណរ​និង​មាន​មោទន​ភាព​ថា«នេះ​ជា​ប៉ា​របស់​ខ្ញុំ»ទេ? ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​ក៏​មាន​ហេតុ​សម្ដែង​នូវ​អារម្មណ៍​បែប​នេះ​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ។ ព្រះ​គម្ពីរ​បាន​ទាយ​ទុក​ជា​មុន​អំពី​គ្រា​ដែល​មនុស្ស​ស្មោះ​ត្រង់​នឹង​ប្រកាស​ថា៖ «មើល! នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា»។ (អេសាយ ២៥:៨, ៩) កាល​ណា​អ្នក​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា នោះ​អ្នក​នឹង​កាន់​តែ​ប្រាកដ​ក្នុង​អារម្មណ៍​ថា អ្នក​មាន​ព្រះ​វរបិតា​ដ៏​ល្អ​បំផុត។

២២, ២៣​. តើ​ព្រះ​គម្ពីរ​ពណ៌នា​យ៉ាង​ណា​អំពី​ព្រះ​វរបិតា​សួគ៌ា​របស់​យើង? ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​អាច​ដឹង​ថា ទ្រង់​ចង់​ឲ្យ​យើង​ចូល​ទៅ​ជិត​ទ្រង់​នោះ?

២២ ព្រះ​វរបិតា​នេះ​ចង់​មាន​ភាព​ជិត​ស្និទ្ធ​នឹង​យើង ទ្រង់​ចង់​បង្ហាញ​ភាព​កក់​ក្ដៅ​ចំពោះ​យើង ហើយ​ទ្រង់​មិន​សោះ​អង្គើយ​ទេ ទោះ​ជា​ពួក​ទស្សនវិទូ​ខ្លះ​និង​ពួក​អ្នក​ប្រកាន់​សាសនា​យ៉ាង​តឹងរ៉ឹង​បាន​បង្រៀន​ថា​ទ្រង់​គឺ​ដូច្នោះ​ក៏​ដោយ។ យើង​ច្បាស់​ជា​មិន​ចង់​មាន​ភាព​ជិត​ស្និទ្ធ​នឹង​ព្រះ​មួយ​អង្គ​ដ៏​សោះ​អង្គើយ​ឡើយ ហើយ​ព្រះ​គម្ពីរ​ក៏​មិន​បាន​ពណ៌នា​ថា ព្រះ​វរបិតា​សួគ៌ា​របស់​យើង​មាន​លក្ខណៈ​ដូច​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​ពណ៌នា​ថា​ទ្រង់​ជា «ព្រះ​ដ៏​មាន​ពរ[«ព្រះ​ដែល​មាន​ព្រះ​ទ័យ​សប្បាយ», ព.ថ.]»។ (ធីម៉ូថេ​ទី​១ ១:១១) ទ្រង់​ចេះ​ម៉ឺង​ម៉ាត់​ហើយ​ក៏​ចេះ​ទន់ភ្លន់​ដែរ។ ទ្រង់​ចេះ«មាន​ព្រះ​ទ័យ​ព្រួយ» ពេល​បុគ្គល​វិញ្ញាណ​ឬ​បុគ្គល​សាច់​ឈាម​បំពាន​លើ​គោល​ការណ៍​ណែនាំ ដែល​ទ្រង់​ប្រទាន​មក​សំរាប់​ប្រយោជន៍​ពួក​គេ​នោះ។ (លោកុប្បត្ដិ ៦:៦; ទំនុក​ដំកើង ៧៨:៤១) ប៉ុន្ដែ ពេល​យើង​ប្រព្រឹត្ដ​ដោយ​មាន​ប្រាជ្ញា​សម​ស្រប​ទៅ​តាម​បន្ទូល​របស់​ព្រះ នោះ​យើង​ធ្វើ​ឲ្យ​‹ព្រះ​ទ័យ​ទ្រង់​បាន​រីក​រាយ›។—សុភាសិត ២៧:១១

២៣ ព្រះ​វរបិតា​របស់​យើង​ចង់​ឲ្យ​យើង​ចូល​ទៅ​ជិត​ទ្រង់។ ព្រះ​បន្ទូល​របស់​ទ្រង់​អញ្ជើញ​យើង​ឲ្យ​«ស្វែង​រក​ព្រះ ក្រែង​គេ​នឹង​រក​ទ្រង់​ឃើញ ដោយ​ខំ​រាវ​រក​មែន​នោះ​ទេ​ដឹង ទោះ​បើ​ទ្រង់​មិន​គង់​ឆ្ងាយ​ពី​យើង​និមួយ​ៗ​ក៏​ដោយ»។ (កិច្ច​ការ ១៧:២៧) ប៉ុន្ដែ តើ​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​អាច​ចូល​ទៅ​ជិត​ព្រះ​អម្ចាស់​មហា​ក្សត្រ​នៃ​សកលលោក​នេះ​បាន​យ៉ាង​ដូច​ម្ដេច?