លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២១

ព្រះ​យេស៊ូ​សម្ដែង​ឲ្យ​ឃើញ​«ប្រាជ្ញា​ដែល​មក​ពី​ព្រះ»

ព្រះ​យេស៊ូ​សម្ដែង​ឲ្យ​ឃើញ​«ប្រាជ្ញា​ដែល​មក​ពី​ព្រះ»

១​-​៣​. មនុស្ស​ដែល​ធ្លាប់​រស់​នៅ​ជិត​ខាង​ព្រះ​យេស៊ូ តើ​ពួក​គេ​បាន​តប​ឆ្លើយ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ទ្រង់​យ៉ាង​ណា? ហើយ​តើ​អ្វី​ដែល​ពួក​គេ​មិន​បាន​យល់​អំពី​ទ្រង់?

អ្នក​ស្តាប់​បាន​ស្រឡាំងកាំង​នៅ​ពេល​ដែល​យុវ​បុរស​ម្នាក់​ឈ្មោះ​យេស៊ូ​ឈរ​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ។ ទ្រង់​មិន​មែន​ជា​អ្នក​ចំ​ឡែក​ចំពោះ​ពួក​គេ​ឡើយ ដ្បិត​ទ្រង់​បាន​ធំ​ឡើង​នៅ​ក្នុង​ទី​ក្រុង​របស់​ពួក​គេ និង​បាន​ធ្វើ​ការ​ជា​ជាង​ឈើ​នៅ​ទី​នោះ​អស់​ជា​ច្រើន​ឆ្នាំ​ផង។ ប្រហែល​ជា​ពួក​គេ​ខ្លះ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​ព្រះ​យេស៊ូ​បាន​ជួយ​កសាង ឬ​ក៏​ប្រហែល​ជា​ពួក​គេ​ភ្ជួរ​រាស់​ដី​ស្រែ​ដោយ​ប្រើ​នង្គ័ល​ឬ​ក៏​នឹម​ដែល​ទ្រង់​បាន​ធ្វើ​ដោយ​ព្រះ​ហស្ដ​ទ្រង់​ផ្ទាល់។ * ប៉ុន្ដែ តើ​ពួក​គេ​នឹង​តប​ឆ្លើយ​យ៉ាង​ណា​ចំពោះ​សេចក្ដី​បង្រៀន​របស់​បុរស​ដែល​ធ្លាប់​ជា​ជាង​ឈើ​នេះ?

មនុស្ស​ភាគ​ច្រើន​ដែល​ស្តាប់​ទ្រង់​បាន​កោត​ស្ងើច​ណាស់ និង​សួរ​ថា៖‹តើ​អ្នក​នេះ​បាន​ទទួល​ប្រាជ្ញា​នេះ​ពី​ណា​មក?›។ ប៉ុន្ដែ​ពួក​គេ​ក៏​បាន​ថា៖‹គាត់​ជា​ជាង​ឈើ ជា​កូន​នៃ​នាង​ម៉ា​រា›។ (ម៉ាថាយ ១៣:៥៤​-​៥៨; ម៉ាកុស ៦:១​-​៣) គួរ​ឲ្យ​ស្តាយ​ណាស់ អ្នក​ទាំង​នេះ ដែល​ធ្លាប់​ជា​អ្នក​ជិត​ខាង​របស់​ព្រះ​យេស៊ូ​បាន​វែក​ញែក​ថា ‹ជាង​ឈើ​នេះ​គ្រាន់​តែ​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ដូច​យើង​ទេ›។ ទោះ​ជា​ទ្រង់​មាន​បន្ទូល​ដោយ​ប្រាជ្ញា​ក៏​ពិត​មែន តែ​ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​ទ្រង់​ទេ។ ពួក​គេ​មិន​បាន​យល់​ថា ប្រាជ្ញា​ដែល​ទ្រង់​មាន​បន្ទូល​ប្រាប់​មិន​មែន​ជា​របស់​ទ្រង់​ឡើយ។

តើ​ព្រះ​យេស៊ូ​ពិត​ជា​បាន​ទទួល​ប្រាជ្ញា​នេះ​ពី​ណា​មក? ទ្រង់​មាន​បន្ទូល​ថា៖«សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ»។ (យ៉ូហាន ៧:១៦) សាវ័ក​ប៉ុល​ពន្យល់​ថា ព្រះ​យេស៊ូ​ត្រូវ«បាន​តាំង​ឡើង ទុក​ជា​ប្រាជ្ញា​ដែល​មក​ពី​ព្រះ»។ (កូរិនថូសទី១ ១:៣០) ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់​ត្រូវ​សម្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ព្រះ​យេស៊ូ​ជា​រាជបុត្រា​របស់​ទ្រង់។ ពិត​ណាស់ ប្រាជ្ញា​នោះ​ស​ឲ្យ​ឃើញ​ច្បាស់​ដល់​ម៉្លេះ​ដែល​ព្រះ​យេស៊ូ​អាច​មាន​បន្ទូល​ថា៖«ខ្ញុំ​ហើយ​នឹង​ព្រះ​វរបិតា គឺ​តែ​១»។ (យ៉ូហាន ១០:៣០) សូម​យើង​ពិចារណា​នូវ​របៀប​បី​យ៉ាង​ដែល​ព្រះ​យេស៊ូ​សម្ដែង​ឲ្យ​ឃើញ«ប្រាជ្ញា​ដែល​មក​ពី​ព្រះ»។

អ្វី​ដែល​ទ្រង់​បាន​បង្រៀន

៤​. (ក) តើ​អ្វី​ជា​សាច់​រឿង​នៃ​សារ​របស់​ព្រះ​យេស៊ូ? ហេតុ​អ្វី​សាច់​រឿង​នោះ​សំខាន់​ម៉្លេះ? (ខ) ហេតុ​អ្វី​បាន​ជា​ឱវាទ​របស់​ព្រះ​យេស៊ូ​តែង​តែ​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​បំផុត​ដល់​អ្នក​ស្តាប់​ហើយ​អាច​យក​មក​អនុវត្ដ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​បាន?

ទី​មួយ សូម​ពិចារណា​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន។ សាច់​រឿង​នៃ​សារ​របស់​ទ្រង់​គឺ«ដំណឹង​ល្អ​ពី​នគរ​ព្រះ»។ (លូកា ៤:៤៣) សារ​នោះ​គឺ​សំខាន់​ណាស់ ដោយ​សារ​តួ​នាទី​ដែល​នគរ​ឬ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​មាន​ក្នុង​ការ​បង្ហាញ​ភាព​ត្រឹម​ត្រូវ​នៃ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា និង​ក្នុង​ការ​នាំ​ពរ​មក​មនុស្ស​ជាតិ​ជា​និរន្ដរ៍។ នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បង្រៀន ទ្រង់​ក៏​បាន​ជូន​ឱវាទ​ប្រកប​ដោយ​ប្រាជ្ញា​សំរាប់​អនុវត្ដ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ព្រះ​យេស៊ូ​បាន​បង្ហាញ​ថា​ទ្រង់​ពិត​ជា«ជួយ​គំនិត[ឬ«អ្នក​ជូន​ឱវាទ», ព.ថ.]យ៉ាង​អស្ចារ្យ» ដែល​ត្រូវ​បាន​ទាយ​ទុក​ជា​មុន​នោះ។ (អេសាយ ៩:៦) ពិត​ណាស់ ឱវាទ​ដែល​ទ្រង់​ជូន​ត្រូវ​តែ​អស្ចារ្យ មែន​ទេ? ដ្បិត​ទ្រង់​មាន​ចំណេះ​ជ្រាល​ជ្រៅ​អំពី​ព្រះ​បន្ទូល​និង​ព្រះ​ហឫទ័យ​របស់​ព្រះ ថែម​ទាំង​មាន​ការ​យល់​ធ្លុះ​អំពី​លក្ខណៈ​មនុស្ស​ជាតិ និង​ក៏​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​មនុស្ស​ដែរ។ ហេតុ​នេះ ឱវាទ​របស់​ទ្រង់​តែង​តែ​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​បំផុត​ដល់​អ្នក​ស្តាប់ ហើយ​ក៏​អាច​យក​មក​អនុវត្ដ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​បាន​ដែរ។ ព្រះ​យេស៊ូ«មាន​ព្រះ​បន្ទូល​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច»។ ពិត​ណាស់ បើ​មនុស្ស​អនុវត្ដ​តាម​ឱវាទ​នេះ នោះ​នាំ​ទៅ​ដល់​សេចក្ដី​សង្គ្រោះ។—យ៉ូហាន ៦:៦៨

៥​. តើ​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​រឿង​អ្វី​ខ្លះ​ក្នុង​ធម្មទាន​លើ​ភ្នំ​នោះ?

ធម្មទាន​លើ​ភ្នំ​ជា​ឧទាហរណ៍​ដ៏​ប្រសើរ​ឯក​មួយ​បង្ហាញ​ពី​ប្រាជ្ញា​ដែល​រក​ប្រៀប​ផ្ទឹម​ពុំ​បាន​ក្នុង​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ។ ធម្មទាន​នេះ​ដែល​កត់​ទុក​នៅ​ម៉ាថាយ ៥:៣​-​៧:២៧ ប្រហែល​ជា​ត្រូវ​ការ​តែ​២០​នាទី​ដើម្បី​ថ្លែង។ ក៏​ប៉ុន្ដែ ឱវាទ​ទាំង​នោះ​ពុំ​ដែល​ហួស​សម័យ​ឡើយ និង​មាន​ប្រសិទ្ធ​ភាព​សព្វ​ថ្ងៃ​នេះ​ដូច​ពេល​ដែល​ថ្លែង​ជា​លើក​ដំបូង​នោះ​ដែរ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​អំពី​រឿង​ផ្សេងៗ​ជា​ច្រើន ដូច​ជា​របៀប​បណ្ដុះ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត (៥:២៣​-​២៦; ៣៨​-​៤២; ៧:១​-​៥១២) របៀប​រក្សា​ខ្លួន​ឲ្យ​បាន​ស្អាត​ស្អំ​ខាង​សីលធម៌ (៥:២៧​-​៣២) និង​របៀប​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​មាន​ន័យ (៦:​១៩​-​២៤; ៧:២៤​-​២៧) ប៉ុន្ដែ ព្រះ​យេស៊ូ​មិន​គ្រាន់​តែ​ប្រាប់​អ្នក​ស្តាប់​អំពី​ការ​ប្រព្រឹត្ដ​ដែល​មាន​ប្រាជ្ញា​ទេ ទ្រង់​ក៏​បាន​បង្ហាញ​ពួក​គេ​ដែរ ដោយ​ពន្យល់ វែក​ញែក និង​បង្ហាញ​ភស្ដុ​តាង។

៦​-​៨​. (ក) ស្ដី​អំពី​ការ​មិន​ខ្វល់​ខ្វាយ​នោះ តើ​ព្រះ​យេស៊ូ​លើក​ឡើង​មូលហេតុ​អ្វី​ខ្លះ​ដែល​គួរ​ឲ្យ​ជឿ? (ខ) តើ​អ្វី​បង្ហាញ​ថា​ឱវាទ​របស់​ព្រះ​យេស៊ូ​ប្រកប​ដោយ​ប្រាជ្ញា​ពី​ស្ថាន​លើ?

ជា​ឧទាហរណ៍ សូម​ពិចារណា​នូវ​ឱវាទ​របស់​ព្រះ​យេស៊ូ​ដែល​ទ្រង់​មាន​បន្ទូល​នៅ​ម៉ាថាយ​ជំពូក​៦​ស្ដី​អំពី​របៀប​យើង​ត្រូវ​ប្រព្រឹត្ដ​នៅ​ពេល​ដែល​មាន​កង្វល់​ចំពោះ​ទ្រព្យ​សម្បត្ដិ។ ព្រះ​យេស៊ូ​ជូន​យោបល់​ថា៖«កុំ​ឲ្យ​ខ្វល់​ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិភោគ​អ្វី ឬ​នឹង​រូប​កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ»។ (ខ​២៥) អាហារ​និង​សំលៀក​បំពាក់​គឺ​ជា​សេចក្ដី​ត្រូវ​ការ​ដ៏​ចាំ​បាច់​បំផុត ហើយ​ការ​យក​ចិត្ដ​ទុក​ដាក់​ខំ​រក​របស់​ទាំង​នេះ​គឺ​ជា​រឿង​ធម្មតា​ទេ។ ប៉ុន្ដែ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​យើង​ថា«កុំ​ឲ្យ​ខ្វល់​ខ្វាយ»អំពី​របស់​ទាំង​នេះ។ * ហេតុ​អ្វី?

សូម​ស្តាប់​នៅ​ពេល​ដែល​ព្រះ​យេស៊ូ​បន្ដ​វែក​ញែក​ដែល​គួរ​ឲ្យ​ជឿ។ ដោយ​ព្រោះ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​ជីវិត​និង​រូប​កាយ​មក​យើង ទ្រង់​ក៏​មាន​សមត្ថភាព​ផ្គត់​ផ្គង់​អាហារ​ដើម្បី​ទ្រទ្រង់​ជីវិត និង​សំលៀក​បំពាក់​សំរាប់​រូប​កាយ​ដែរ មែន​ទេ? (ខ​២៥) បើ​ព្រះ​ផ្គត់​ផ្គង់​ចំណី​អាហារ​សំរាប់​សត្វ​ស្លាប និង​តុបតែង​ផ្កា​ឲ្យ​បាន​ស្អាត ទ្រង់​ច្បាស់​ជា​នឹង​ថែ​រក្សា​មនុស្ស​ជាតិ​ដែល​ថ្វាយ​បង្គំ​ទ្រង់​លើស​ជាង​នោះ​ទៅ​ទៀត! (ខ​២៦២៨​-​៣០) ការ​ពិត ការ​ខ្វល់​ខ្វាយ​ហួស​ហេតុ​គឺ​ឥត​ប្រយោជន៍​តែ​ម្ដង ពីព្រោះ​ថា ការ​ខ្វល់​ខ្វាយ​មិន​អាច​ធ្វើ​ឲ្យ​អាយុ​ជីវិត​របស់​យើង​វែង​ជាង​ទេ សូម្បី​តែ​បន្ដិច​ក៏​មិន​បាន​ផង។ * (ខ​២៧) តើ​យើង​អាច​ធ្វើ​អ្វី​ទៅ​ដើម្បី​កុំ​ឲ្យ​ខ្វល់​ខ្វាយ? ព្រះ​យេស៊ូ​ជូន​ឱវាទ​ថា៖ ចូរ​បន្ដ​ទុក​ការ​ថ្វាយ​បង្គំ​ព្រះ​ជា​អាទិ​ភាព​ក្នុង​ជីវិត​អ្នក។ អស់​អ្នក​ដែល​ធ្វើ​ដូច្នេះ​អាច​ជឿ​ជាក់​ថា សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ«នឹង​បាន​ប្រទាន​មក»ដោយ​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌។ (ខ​៣៣) ជា​ចុង​បញ្ចប់ ព្រះ​យេស៊ូ​ជូន​យោបល់​ដែល​មាន​ប្រយោជន៍​ច្រើន​ណាស់។ យោបល់​នោះ​គឺ ចូរ​គិត​តែ​មួយ​ថ្ងៃៗ​វិញ។ មិន​ចាំ​បាច់​យក​កង្វល់​ពី​ថ្ងៃ​ស្អែក​មក​ដាក់​បន្ថែម​នឹង​កង្វល់​ដែល​មាន​ថ្ងៃ​នេះ​ទេ មែន​ទេ? (ខ​៣៤) ម្យ៉ាង​ទៀត យើង​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​ហួស​ហេតុ​អំពី​អ្វី​ដែល​ប្រហែល​ជា​នឹង​មិន​កើត​ឡើង​ទេ មែន​ទេ? ក្នុង​របប​លោកីយ៍​នេះ​ដែល​បណ្ដាល​ឲ្យ​តាន​តឹង​ក្នុង​ចិត្ដ ការ​អនុវត្ដ​តាម​ឱវាទ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​នេះ អាច​ជួយ​ឲ្យ​យើង​រួច​ពី​ការ​ពិបាក​ចិត្ដ​ជា​ច្រើន​យ៉ាង​ណាស់។

គឺ​ច្បាស់​ហើយ​ដែល​ថា ឱវាទ​ដែល​ព្រះ​យេស៊ូ​បាន​ជូន​ក៏​មាន​ប្រយោជន៍​សព្វ​ថ្ងៃ​នេះ ដូច​ពេល​ដែល​ទ្រង់​ជូន​ជា​លើក​ដំបូង​ជិត​២.០០០​ឆ្នាំ​មុន​នោះ​ដែរ។ នេះ​ជា​ភស្ដុ​តាង​ដែល​បង្ហាញ​ថា​ទ្រង់​មាន​ប្រាជ្ញា​ពី​ស្ថាន​លើ មែន​ទេ? សូម្បី​តែ​យោបល់​ល្អ​បំផុត​របស់​មនុស្ស​ជាតិ​ដែល​ជូន​ឱវាទ ក៏​ទៅ​ជា​ហួស​សម័យ​និង​ក្រោយ​មក​ត្រូវ​កែ​ឬ​ជំនួស​វិញ។ ក៏​ប៉ុន្ដែ សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​នៅ​តែ​មាន​ប្រយោជន៍​សូម្បី​តែ​ពេល​វេលា​បាន​កន្លង​ទៅ​យ៉ាង​យូរ​ក៏​ដោយ។ តែ​នេះ​មិន​គួរ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ទេ ដ្បិត​អ្នក​ជូន​ឱវាទ​យ៉ាង​អស្ចារ្យ​នេះ​បាន​មាន​បន្ទូល​ទៅ«តាម​ព្រះ​បន្ទូល​នៃ​ព្រះ»។—យ៉ូហាន ៣:៣៤

របៀប​ទ្រង់​បាន​បង្រៀន

៩​. តើ​ទាហាន​ខ្លះ​បាន​និយាយ​អ្វី​អំពី​ការ​បង្រៀន​របស់​ព្រះ​យេស៊ូ? ហេតុ​អ្វី​បាន​ជា​នេះ​មិន​មែន​ជា​ការ​និយាយ​ពន្លើស​ទេ?

ទី​ពីរ ប្រាជ្ញា​របស់​ព្រះ​ក៏​ស​ឲ្យ​ឃើញ​ក្នុង​របៀប​ព្រះ​យេស៊ូ​បង្រៀន​ដែរ។ នៅ​គ្រា​មួយ ទាហាន​ខ្លះ​ដែល​ត្រូវ​ចាត់​ឲ្យ​ទៅ​ចាប់​ទ្រង់ បាន​វិល​ត្រឡប់​មក​វិញ​ដោយ​ដៃ​ទទេ ទាំង​ពោល​ថា«មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ»។ (យ៉ូហាន ៧:៤៥, ៤៦) ពំនោល​នេះ​មិន​មែន​ជា​ការ​និយាយ​ពន្លើស​ទេ។ ក្នុង​ចំណោម​មនុស្ស​ជាតិ​ទាំង​ឡាយ​ដែល​ធ្លាប់​រស់​នៅ​លើ​ផែន​ដី​នេះ ព្រះ​យេស៊ូ​ដែល«មក​ពី​ស្ថាន​លើ» មាន​ឃ្លាំង​ចំណេះ​និង​បទ​ពិសោធន៍​ច្រើន​ជាង​គេ​បំផុត ដែល​ទ្រង់​អាច​យក​មក​ប្រើ។ (យ៉ូហាន ៨:២៣) ពុំ​ដែល​មាន​មនុស្ស​ជាតិ​ណា​ម្នាក់​មាន​សមត្ថភាព​បង្រៀន​ដូច​ទ្រង់​ឡើយ។ សូម​ពិចារណា​វិធី​សាស្ដ្រ​ពីរ​របស់​គ្រូ​បង្រៀន​ដែល​មាន​ប្រាជ្ញា​នេះ។

«បណ្ដា​មនុស្ស​ក៏​នឹក​ប្លែក​ពី​សេចក្ដី​ដែល​ទ្រង់​បង្រៀន»

១០, ១១​. (ក) ហេតុ​អ្វី​បាន​ជា​យើង​នឹក​អស្ចារ្យ​ចំពោះ​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូ? (ខ) តើ​ឧទាហរណ៍​និទស្សន៍​គឺ​ជា​អ្វី? តើ​ឧទាហរណ៍​អ្វី​បង្ហាញ​នូវ​មូលហេតុ​ដែល​ឧទាហរណ៍​និទស្សន៍​របស់​ព្រះ​យេស៊ូ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​បង្រៀន?

១០ ការ​ប្រើ​រឿង​ប្រៀប​ប្រដូច​ដោយ​មាន​ប្រសិទ្ធ​ភាព។ ព្រះ​គម្ពីរ​ចែង​ថា៖«ព្រះ​យេស៊ូ​វ​ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ ដោយ​ពាក្យ​ប្រៀប​ធៀប​ដល់​ហ្វូង​មនុស្ស ទ្រង់​មិន​បាន​មាន​បន្ទូល​នឹង​គេ ឥត​ពាក្យ​ប្រៀប​ធៀប​ទេ»។ (ម៉ាថាយ ១៣:៣៤) យើង​ពិត​ជា​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សមត្ថភាព​ដែល​រក​ប្រៀប​ផ្ទឹម​ពុំ​បាន​របស់​ទ្រង់ ក្នុង​ការ​បង្រៀន​សេចក្ដី​ពិត​ដ៏​ជ្រាល​ជ្រៅ​ដោយ​ប្រៀប​ធៀប​នឹង​អ្វី​សាមញ្ញ​ធម្មតា។ កសិករ​សាប​ព្រោះ ស្ដ្រី​រៀប​ចំ​ដុត​នំ​ប៉័ង កូន​ក្មេង​កំពុង​តែ​លេង​នៅ​ផ្សារ អ្នក​នេសាទ​ទាញ​អួន​ឡើង និង​អ្នក​គង្វាល​កំពុង​តែ​ស្វះ​ស្វែង​រក​ចៀម​វង្វេង សុទ្ធតែ​ជា​របស់​អ្នក​ស្តាប់​ធ្លាប់​ឃើញ​ជា​ច្រើន​ដង។ នៅ​ពេល​ដែល​សេចក្ដី​ពិត​សំខាន់ៗ​ត្រូវ​ពន្យល់​ដោយ​ប្រៀប​ធៀប​នឹង​អ្វីៗ​ដែល​មនុស្ស​ស្គាល់​ហើយ នោះ​សេចក្ដី​ពិត​ទាំង​នេះ​បាន​ដិត​ជាប់​យ៉ាង​ជ្រៅ​និង​យ៉ាង​លឿន​ក្នុង​ចិត្ដ​គំនិត។—ម៉ាថាយ ១១:១៦​-​១៩; ១៣:៣​-​៨, ៣៣, ៤៧​-​៥០; ១៨:១២​-​១៤

១១ ជា​ញឹក​ញាប់ ព្រះ​យេស៊ូ​ប្រើ​ឧទាហរណ៍​និទស្សន៍ ដែល​ជា​និទាន​ក​ថា​ខ្លីៗ​សំរាប់​ទាញ​យក​សេចក្ដី​ពិត​អំពី​សីលធម៌​ឬ​ក៏​អ្វី​ខាង​វិញ្ញាណ។ ដោយ​ព្រោះ​និទាន​ក​ថា​គឺ​ស្រួល​យល់​ជាង​ឲ្យ​យោបល់​ទទេ​នោះ ឧទាហរណ៍​និទស្សន៍​ជួយ​ឲ្យ​ចង​ចាំ​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ។ ក្នុង​ឧទាហរណ៍​និទស្សន៍​ជា​ច្រើន ព្រះ​យេស៊ូ​ពណ៌នា​អំពី​ព្រះ​វរបិតា​របស់​ទ្រង់​ដោយ​មាន​បន្ទូល​ធ្វើ​ឲ្យ​ឃើញ​ទិដ្ឋភាព​យ៉ាង​ច្បាស់​មិន​ងាយ​ភ្លេច​ទេ។ ជា​ឧទាហរណ៍ ចំណុច​សំខាន់ៗ​ក្នុង​ឧទាហរណ៍​និទស្សន៍​អំពី​កូន​បង្ហិន​ទ្រព្យ​នោះ​គឺ ព្រះ​យេហូវ៉ា​នឹង​អាណិត​អាសូរ​ហើយ​ទទួល​មក​វិញ​យ៉ាង​កក់​ក្ដៅ​ចំពោះ​អស់​អ្នក​ណា​ដែល​ប្រែ​ចិត្ដ​យ៉ាង​ស្មោះ​ក្រោយ​បាន​វង្វេង​ចេញ​ពី​សេចក្ដី​ពិត​នោះ។ មនុស្ស​គ្រប់​រូប​អាច​យល់​ចំណុច​សំខាន់​ក្នុង​រឿង​នេះ​បាន មែន​ទេ?—លូកា ១៥:១១​-​៣២

១២​. (ក) តើ​ព្រះ​យេស៊ូ​បាន​ប្រើ​សំនួរ​ដោយ​ដូច​ម្ដេច? (ខ) តើ​ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ចោទ​ទៅ​លើ​អំណាច​របស់​ទ្រង់​បាត់​មាត់​ឈឹង​យ៉ាង​ដូច​ម្ដេច?

១២ ការ​ប្រើ​សំនួរ​ដោយ​ប៉ិនប្រសប់។ ព្រះ​យេស៊ូ​ប្រើ​សំនួរ​ដើម្បី​បណ្ដាល​ឲ្យ​អ្នក​ស្តាប់​ធ្វើ​ការ​សន្និដ្ឋាន​ដោយ​ខ្លួន​ឯង ឬ​ពិចារណា​នូវ​បំណង​ចិត្ដ​របស់​ខ្លួន ឬ​មួយ​ក៏​ធ្វើ​ការ​សម្រេច​ចិត្ដ។ (ម៉ាថាយ ១២:២៤​-​៣០; ១៧:២៤​-​២៧; ២២:៤១​-​៤៦) នៅ​ពេល​ដែល​អ្នក​ដឹក​នាំ​សាសនា​បាន​ចោទ​ថា​ទ្រង់​គ្មាន​អំណាច​ពី​ព្រះ​នោះ ព្រះ​យេស៊ូ​តប​ឆ្លើយ​ថា៖«បុណ្យ​ជ្រមុជ​របស់​យ៉ូហាន តើ​មក​ពី​ស្ថាន​សួគ៌ ឬ​ពី​មនុស្ស?»។ ទាល់​គំនិត​ដោយ​សារ​សំនួរ​នេះ ពួក​គេ​បាន​រិះ​គិត​គ្នា​ថា៖«បើ​យើង​ថា មក​ពី​ស្ថាន​សួគ៌ នោះ​វា​នឹង​សួរ​យើង​ថា ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់? តែ​បើ​យើង​ឆ្លើយ​ថា មក​ពី​មនុស្ស នោះ​ខ្លាច​ពួក​បណ្ដា​ជន ដ្បិត​មនុស្ស​ទាំង​អស់​រាប់​យ៉ូហាន​នេះ​ទុក​ជា​ហោរា​មែន»។ នៅ​ទី​បំផុត​ពួក​គេ​ឆ្លើយ​ថា៖«យើង​មិន​ដឹង​ទេ!»។ (ម៉ាកុស ១១:២៧​-​៣៣; ម៉ាថាយ ២១:២៣​-​២៧) ដោយ​សំនួរ​ស្រួល​មួយ ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាត់​មាត់​ឈឹង​និង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ឥត​ស្មោះ​ត្រង់​ក្នុង​ចិត្ដ​របស់​ពួក​គេ​ទៀត​ផង។

១៣​-​១៥​. តើ​ឧទាហរណ៍​និទស្សន៍​អំពី​បុរស​សាសន៍​សាម៉ារី​ដែល​មាន​ចិត្ដ​ល្អ​បង្ហាញ​ប្រាជ្ញា​របស់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច?

១៣ ជួន​កាល ព្រះ​យេស៊ូ​ប្រើ​វិធី​ផ្សេងៗ​ជា​មួយ​គ្នា ដោយ​បង្កប់​សំនួរ​ត្រិះរិះ​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់។ នៅ​ពេល​អ្នក​ប្រាជ្ញ​ច្បាប់​ម្នាក់​សួរ​ព្រះ​យេស៊ូ​អំពី​តម្រូវ​ការ​ដើម្បី​ទទួល​ជីវិត​ជា​រៀង​រហូត នោះ​ព្រះ​យេស៊ូ​មាន​បន្ទូល​ដក​ស្រង់​ពី​ក្រិត្យ​វិន័យ​ម៉ូសេ ដែល​បង្គាប់​ឲ្យ​ស្រឡាញ់​ព្រះ​និង​អ្នក​ជិត​ខាង។ ដោយ​សារ​បុរស​នេះ​ចង់​បង្ហាញ​ថា​ខ្លួន​ជា​មនុស្ស​សុចរិត គាត់​សួរ​ថា៖«តើ​អ្នក​ណា​ជា​អ្នក​ជិត​ខាង​ខ្ញុំ?»។ ព្រះ​យេស៊ូ​បាន​តប​ឆ្លើយ​ដោយ​និទាន​រឿង​មួយ។ បុរស​សាសន៍​យូដា​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ​ម្នាក់​ឯង ស្រាប់​តែ​មាន​ចោរ​មក​វាយ​ប្លន់​គាត់​រហូត​ដល់​របួស​ជិត​ស្លាប់​រួច​ចោល​ឲ្យ​នៅ​ដេក​ស្តូក​ស្ដឹង។ ក្រោយ​មក​បុរស​សាសន៍​យូដា​ពីរ​នាក់​ដើរ​កាត់ ដោយ​មាន​សង្ឃ​ម្នាក់​ដើរ​មក​មុន រួច​មក​មាន​សាសន៍​លេវី​ម្នាក់។ បុរស​ទាំង​ពីរ​នាក់​បាន​ដើរ​ធ្វើ​មិន​ដឹង​មិន​រវល់​ជន​រង​គ្រោះ។ ប៉ុន្ដែ ក្រោយ​មក​បុរស​សាសន៍​សាម៉ារី​ម្នាក់​ដើរ​កាត់។ គាត់​មាន​ចិត្ដ​ក្ដួល​អាណិត ជួយ​រុំ​របួស​ជន​រង​គ្រោះ​និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ជូន​គាត់​ទៅ​ផ្ទះ​សំណាក់​មួយ​ដើម្បី​ឲ្យ​ឆាប់​ជា។ ព្រះ​យេស៊ូ​បាន​បញ្ចប់​រឿង​នេះ​ដោយ​សួរ​អ្នក​ប្រាជ្ញ​ច្បាប់​នោះ​ថា៖«ក្នុង​៣​នាក់​នោះ តើ​អ្នក​ស្មាន​ថា អ្នក​ណា​ជា​អ្នក​ជិត​ខាង​នឹង​មនុស្ស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ចោរ​នោះ?»។ បុរស​នោះ​ឆ្លើយ​ថា៖«គឺ​អ្នក​១​ដែល​មាន​ចិត្ដ​អាណិត​ដល់​គាត់​នោះ​ឯង»។—លូកា ១០:២៥​-​៣៧

១៤ តើ​ឧទាហរណ៍​និទស្សន៍​នេះ​បញ្ជាក់​ប្រាជ្ញា​របស់​ព្រះ​យេស៊ូ​យ៉ាង​ដូច​ម្ដេច? នៅ​សម័យ​ព្រះ​យេស៊ូ សាសន៍​យូដា​បាន​ប្រើ​ពាក្យ«អ្នក​ជិត​ខាង»សំរាប់​តែ​អ្នក​ដែល​ធ្វើ​តាម​ទំនៀម​ទំ​លាប់​របស់​ពួក​គេ ច្បាស់​ជា​មិន​ប្រើ​សំរាប់​សាសន៍​សាម៉ារី​ទេ។ (យ៉ូហាន ៤:៩) បើ​ព្រះ​យេស៊ូ​និទាន​រឿង​នេះ​ដោយ​ប្រាប់​ថា​បុរស​សាម៉ារី​ជា​អ្នក​រង​គ្រោះ​វិញ ហើយ​សាសន៍​យូដា​ម្នាក់​ជួយ​គាត់ តើ​នេះ​នឹង​ជួយ​បំបាត់​នូវ​ការ​ប្រកាន់​ពូជ​សាសន៍​ឬ? ដោយ​ប្រាជ្ញា ព្រះ​យេស៊ូ​និទាន​រឿង​នេះ​ដោយ​ប្រាប់​ថា​សាសន៍​សាម៉ារី​ម្នាក់​ថែ​រក្សា​សាសន៍​យូដា​ម្នាក់​ដោយ​ថ្នាក់​ថ្នម។ សូម​កត់​សម្គាល់​ដែរ​នូវ​សំនួរ​ដែល​ព្រះ​យេស៊ូ​សួរ​ក្រោយ​និទាន​រឿង​នោះ​ចប់​ហើយ។ ទ្រង់​បញ្ជាក់​ឲ្យ​ដឹង​ថា​ពាក្យ«អ្នក​ជិត​ខាង»សំដៅ​លើ​អ្នក​ណា។ ការ​ពិត អ្នក​ប្រាជ្ញ​ច្បាប់​នេះ​ចង់​សួរ​ថា៖‹តើ​អ្នក​ណា​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ជា​អ្នក​ជិត​ខាង​របស់​ខ្ញុំ?›។ ប៉ុន្ដែ ព្រះ​យេស៊ូ​សួរ​ថា៖«ក្នុង​៣​នាក់​នោះ តើ​អ្នក​ស្មាន​ថា អ្នក​ណា​ជា​អ្នក​ជិត​ខាង?»។ ព្រះ​យេស៊ូ​មិន​បាន​ដៅ​បញ្ជាក់​ទៅ​លើ​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សប្បុរស​នោះ​ទេ តែ​ចង់​ដៅ​បញ្ជាក់​ទៅ​លើ​អ្នក​ដែល​បាន​បង្ហាញ​សេចក្ដី​សប្បុរស​វិញ គឺ​បុរស​សាសន៍​សាម៉ារី។ អ្នក​ជិត​ខាង​ដ៏​ពិត ចេះ​ផ្ដើម​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ឯ​ទៀត​មិន​ថា​ពួក​គេ​ជា​សាសន៍​ណា​ក៏​ដោយ។ ដើម្បី​បញ្ជាក់​ចំណុច​សំខាន់​នេះ ព្រះ​យេស៊ូ​បាន​ប្រើ​វិធី​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត។

១៥ គ្មាន​អ្វី​ចំ​ឡែក​ទេ​ដែល​មនុស្ស​បាន​ស្រឡាំងកាំង​ចំពោះ«សេចក្ដី​ដែល​ទ្រង់​បង្រៀន» និង​ត្រូវ​បាន​ទាក់​ទាញ​ឲ្យ​មក​ឯ​ទ្រង់ មែន​ទេ? (ម៉ាថាយ ៧:២៨, ២៩) នៅ​គ្រា​មួយ‹ហ្វូង​មនុស្ស​យ៉ាង​ធំ›បាន​នៅ​ជា​មួយ​ទ្រង់​អស់​បី​ថ្ងៃ ដោយ​មិន​បរិភោគ​អ្វី​សោះ!—ម៉ាកុស ៨:១, ២

គន្លង​ព្រះ​ជន្ម​របស់​ទ្រង់

១៦​. តើ​ព្រះ​យេស៊ូ​បាន​ផ្ដល់«ភស្ដុ​តាង​ដោយ​ការ​ប្រព្រឹត្ដ»ឲ្យ​ឃើញ​ថា ទ្រង់​មាន​ប្រាជ្ញា​របស់​ព្រះ​ដឹក​នាំ​យ៉ាង​ដូច​ម្ដេច?

១៦ វិធី​ទី​បី​ដែល​ព្រះ​យេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា គឺ​ដោយ​គន្លង​ព្រះ​ជន្ម​របស់​ទ្រង់។ ប្រាជ្ញា​ជា​អ្វី​ដែល​យើង​អាច​យក​មក​អនុវត្ដ ហើយ​មាន​ប្រសិទ្ធ​ភាព។ យ៉ាកុប​ដែល​ជា​សិស្ស​ម្នាក់​របស់​ព្រះ​យេស៊ូ​បាន​សួរ​ថា៖«ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា​ទេ?»។ រួច​មក​គាត់​ឆ្លើយ​សំនួរ​របស់​ខ្លួន​ឯង​ដោយ​ពោល​ថា៖«ចូរ​អ្នក​នោះ​ផ្ដល់​ភស្ដុ​តាង​ដោយ​ការ​ប្រព្រឹត្ដ​ល្អ​ឲ្យ​ឃើញ​ថា មាន​ប្រាជ្ញា​មែន»។ (យ៉ាកុប ៣:១៣, ព្រះ​គម្ពីរ​អង់គ្លេស​កំណែ​ថ្មី) កិរិយា​របស់​ព្រះ​យេស៊ូ​គឺ​ជា«ភស្ដុ​តាង​ដោយ​ការ​ប្រព្រឹត្ដ»ដែល​បង្ហាញ​ថា ទ្រង់​មាន​ប្រាជ្ញា​របស់​ព្រះ​ដឹក​នាំ។ សូម​យើង​ពិចារណា​នូវ​របៀប​ទ្រង់​បង្ហាញ​ថា​ទ្រង់​មាន​សមត្ថភាព​វិនិច្ឆ័យ​យ៉ាង​ត្រឹម​ត្រូវ ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ព្រម​ទាំង​ក្នុង​របៀប​ទ្រង់​ប្រព្រឹត្ដ​ទៅ​លើ​មនុស្ស​ឯ​ទៀត។

១៧​. តើ​អ្វី​ខ្លះ​បង្ហាញ​ថា​ព្រះ​យេស៊ូ​មាន​តុល្យ​ភាព​ល្អ​ឥត​ខ្ចោះ​ក្នុង​ព្រះ​ជន្ម​ទ្រង់?

១៧ តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ថា មនុស្ស​ដែល​គ្មាន​សមត្ថភាព​វិនិច្ឆ័យ​ឲ្យ​បាន​ល្អ​ច្រើន​តែ​ធ្វើ​អ្វី​ហួស​ហេតុ​ឬ​ទេ? គឺ​ពិត​មែន​ដែល​ថា ត្រូវ​ការ​ប្រាជ្ញា​ជា​មុន ទើប​អាច​មាន​តុល្យ​ភាព​បាន។ ដោយ​ទទួល​ប្រាជ្ញា​ពី​ព្រះ នោះ​ព្រះ​យេស៊ូ​មាន​តុល្យ​ភាព​ល្អ​ឥត​ខ្ចោះ។ អ្វីៗ​ដែល​ទាក់​ទង​ខាង​វិញ្ញាណ​គឺ​សំខាន់​បំផុត​ក្នុង​ព្រះ​ជន្ម​របស់​ទ្រង់។ ទ្រង់​បាន​ជាប់​រវល់​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកាស​ផ្សាយ​ដំណឹង​ល្អ។ ទ្រង់​មាន​បន្ទូល​ថា៖«ហេតុ​នោះ​ហើយ បាន​ជា​ខ្ញុំ​មក»។ (ម៉ាកុស ១:៣៨) គឺ​ច្បាស់​ហើយ​ដែល​ថា ទ្រព្យ​សម្បត្ដិ​មិន​សូវ​សំខាន់​ចំពោះ​ទ្រង់​ទេ តាម​មើល​ទៅ​ទ្រង់​មាន​តិច​តួច​ណាស់។ (ម៉ាថាយ ៨:២០) ក៏​ប៉ុន្ដែ ទ្រង់​មិន​មែន​ដូច​តាបស​ទេ។ ដូច​ព្រះ​វរបិតា​របស់​ទ្រង់​ដែល​ជា«ព្រះ​ដែល​មាន​ព្រះ​ទ័យ​សប្បាយ» ព្រះ​យេស៊ូ​ក៏​មាន​ព្រះ​ទ័យ​សប្បាយ​ដែរ ហើយ​ទ្រង់​បាន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​អរ​សប្បាយ​ទៀត​ផង។ (ធីម៉ូថេ​ទី​១ ១:១១, ព.ថ.; ធីម៉ូថេ​ទី​១ ៦:១៥, ខ.ស.) នៅ​ពេល​ដែល​ទ្រង់​ចូល​រួម​ពិធី​សោយ​លៀង​អាពាហ៍ពិពាហ៍​ដែល​ធម្មតា​មាន​ភ្លេង ច្រៀង​ចំ​រៀង និង​ការ​អរ​សប្បាយ ទ្រង់​មិន​យាង​ទៅ​ទី​នោះ​ក្នុង​បំណង​បង្ខូច​ក្ដី​សោមនស្ស​រីក​រាយ​នៃ​ពិធី​នោះ​ទេ។ នៅ​ពេល​ដែល​អស់​ស្រា​ហើយ ទ្រង់​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា ជា​ភេសជ្ជៈ​ម្យ៉ាង«ដែល​នាំ​ឲ្យ​ចិត្ដ​មនុស្ស​បាន​សប្បាយ»។ (ទំនុក​ដំកើង ១០៤:១៥; យ៉ូហាន ២:១​-​១១) ជា​ច្រើន​ដង ព្រះ​យេស៊ូ​ព្រម​ទទួល​សេចក្ដី​អញ្ជើញ​ដើម្បី​ទៅ​សោយ​អាហារ​ជា​មួយ​គ្នា ហើយ​ជា​ញឹក​ញាប់​ទ្រង់​ប្រើ​ឱកាស​ទាំង​នេះ​ដើម្បី​បង្រៀន។—លូកា ១០:៣៨​-​៤២; ១៤:១​-​៦

១៨​. តើ​ព្រះ​យេស៊ូ​បង្ហាញ​សមត្ថភាព​វិនិច្ឆ័យ​យ៉ាង​ឥត​ខ្ចោះ​ពេល​ប្រព្រឹត្ដ​ទៅ​លើ​សិស្ស​របស់​ទ្រង់​យ៉ាង​ដូច​ម្ដេច?

១៨ ព្រះ​យេស៊ូ​បាន​វិនិច្ឆ័យ​យ៉ាង​ឥត​ខ្ចោះ​ពេល​ប្រព្រឹត្ដ​ទៅ​លើ​អ្នក​ឯ​ទៀត​ដែរ។ ដោយ​សារ​ទ្រង់​យល់​ធ្លុះ​ជ្រៅ​អំពី​ធាតុ​ពិត​របស់​មនុស្ស​ជាតិ ទ្រង់​អាច​វាយ​តម្លៃ​យ៉ាង​ត្រឹម​ត្រូវ​ទៅ​លើ​សិស្ស​របស់​ទ្រង់។ ទ្រង់​ជ្រាប​ច្បាស់​ថា​ពួក​គេ​មិន​គ្រប់​ល័ក្ខណ៍​ទេ។ ប៉ុន្ដែ ទ្រង់​ចេះ​រក​លក្ខណៈ​ល្អ​របស់​ពួក​គេ។ ទ្រង់​ក៏​ឃើញ​ថា​បុរស​ទាំង​នេះ​ដែល​ព្រះ​យេហូវ៉ា​បាន​ទាញ​មក​មាន​លទ្ធភាព​សម្រេច​កិច្ច​បំរើ។ (យ៉ូហាន ៦:៤៤) ថ្វី​បើ​ពួក​គេ​មាន​កំហុស​ក៏​ដោយ ព្រះ​យេស៊ូ​នៅ​តែ​សុខ​ចិត្ដ​ទុក​ចិត្ដ​ពួក​គេ។ ទ្រង់​បាន​បង្ហាញ​ពី​ការ​ទុក​ចិត្ដ​នេះ​ដោយ​ប្រគល់​កិច្ច​ការ​មួយ​យ៉ាង​ធំ​ដល់​សិស្ស​របស់​ទ្រង់។ ទ្រង់​បង្គាប់​ពួក​គេ​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​ទ្រង់​ជឿ​ជាក់​ថា​ពួក​គេ​មាន​សមត្ថភាព​ធ្វើ​បាន។ (ម៉ាថាយ ២៨:១៩, ២០) សៀវភៅ​កិច្ច​ការ​ជា​ភស្ដុ​តាង​បញ្ជាក់​ថា ពួក​គេ​បាន​ធ្វើ​កិច្ច​ការ​នេះ​យ៉ាង​ស្មោះ​ត្រង់​តាម​បង្គាប់​ទ្រង់។ (កិច្ច​ការ ២:៤១, ៤២; ៤:៣៣; ៥:២៧​-​៣២) ដូច្នេះ ព្រះ​យេស៊ូ​បង្ហាញ​ថា​ទ្រង់​ពិត​ជា​មាន​ប្រាជ្ញា​មែន ដោយ​សារ​ទ្រង់​បាន​ទុក​ចិត្ដ​ពួក​គេ។

១៩​. តើ​ព្រះ​យេស៊ូ​បង្ហាញ​ថា​ទ្រង់«ស្លូត​ហើយ​មាន​ចិត្ដ​សុភាព»យ៉ាង​ដូច​ម្ដេច?

១៩ ដូច​ដែល​យើង​បាន​ឃើញ​ក្នុង​ជំពូក​ទី​២០​ព្រះ​គម្ពីរ​បញ្ជាក់​ថា ចិត្ដ​រាប​ទាប​និង​ភាព​ស្លូតបូត ជាប់​ទាក់​ទង​នឹង​ប្រាជ្ញា។ ពិត​មែន ព្រះ​យេហូវ៉ា​ជា​គំរូ​ល្អ​បំផុត​ក្នុង​រឿង​នេះ។ ប៉ុន្ដែ​ចុះ​ព្រះ​យេស៊ូ​វិញ? យើង​មាន​អារម្មណ៍​កក់​ក្ដៅ​ណាស់​នៅ​ពេល​ដែល​ឃើញ​របៀប​ព្រះ​យេស៊ូ​ប្រព្រឹត្ដ​យ៉ាង​រាប​ទាប​ទៅ​លើ​សិស្ស​របស់​ទ្រង់។ ដោយ​សារ​ទ្រង់​ជា​បុរស​គ្រប់​ល័ក្ខណ៍ ទ្រង់​មាន​សមត្ថភាព​ខ្ពស់​ជាង​ពួក​គេ​ឆ្ងាយ​ណាស់។ ប៉ុន្ដែ ទ្រង់​មិន​មើល​ងាយ​សិស្ស​របស់​ទ្រង់​ទេ។ ទ្រង់​មិន​ដែល​បន្ថោក​បន្ទាប​ពួក​គេ​ឬ​ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា​ខ្លួន​គ្មាន​សមត្ថភាព​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​គិត​ដល់​កំរិត​សមត្ថភាព​ពួក​គេ និង​បង្ហាញ​ព្រះ​ទ័យ​អត់​ធ្មត់​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ខុស។ (ម៉ាកុស ១៤:៣៤​-​៣៨; យ៉ូហាន ១៦:១២) គួរ​ឲ្យ​កត់​សម្គាល់​មែន សូម្បី​តែ​កូន​ក្មេង​ក៏​មាន​អារម្មណ៍​ស្រួល​ពេល​ដែល​នៅ​ជា​មួយ​ព្រះ​យេស៊ូ​ដែរ មែន​ទេ? ពួក​គេ​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ចង់​ចូល​ទៅ​ជិត​ទ្រង់ ដោយ​សារ​ទទួល​ស្គាល់​ថា​ទ្រង់«ស្លូត​ហើយ​មាន​ចិត្ដ​សុភាព»។—ម៉ាថាយ ១១:២៩; ម៉ាកុស ១០:១៣​-​១៦

២០​. ចំពោះ​កូន​ស្រី​របស់​ស្ដ្រី​សាសន៍​ដទៃ​ដែល​មាន​បិសាច​ចូល​ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង​នោះ តើ​ព្រះ​យេស៊ូ​បង្ហាញ​ថា​ទ្រង់​ចេះ​យោគ​យល់​យ៉ាង​ដូច​ម្ដេច?

២០ មាន​អ្វី​មួយ​ទៀត​ដែល​ព្រះ​យេស៊ូ​បង្ហាញ​ព្រះ​ទ័យ​រាប​ទាប​ដូច​ព្រះ​ដែរ​គឺ​ទ្រង់​ចេះ​យោគ​យល់​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​នៅ​ពេល​ដែល​សម​ធ្វើ​ដូច្នេះ។ សូម​នឹក​ចាំ​ពី​ពេល​ដែល​ស្ដ្រី​សាសន៍​ដទៃ​ម្នាក់​អង្វរ​ទ្រង់​ឲ្យ​ព្យាបាល​កូន​ស្រី​របស់​គាត់​ដែល​ត្រូវ​បិសាច​ចូល​ធ្វើ​ទុក្ខ​យ៉ាង​ខ្លាំង។ តាម​វិធី​បី​យ៉ាង ព្រះ​យេស៊ូ​បញ្ជាក់​នៅ​ដើម​ដំបូង​ថា​ទ្រង់​នឹង​មិន​ជួយ​គាត់​ទេ។ ទី​មួយ ទ្រង់​មិន​តប​ឆ្លើយ​ទេ។ ទី​ពីរ​ទ្រង់​មាន​បន្ទូល​ដោយ​ត្រង់ៗ​ថា ទ្រង់​ត្រូវ​បាន​ចាត់​ឲ្យ​មក​ជួយ​សាសន៍​យូដា មិន​មែន​សាសន៍​ដទៃ​ទេ។ ហើយ​ទី​បី​ទ្រង់​មាន​បន្ទូល​ប្រាប់​រឿង​ប្រៀប​ប្រដូច​មួយ​ដែល​បញ្ជាក់​ចំណុច​ដដែល​នោះ។ ប៉ុន្ដែ ស្ដ្រី​នោះ​បន្ដ​ព្យាយាម​ទៀត ហើយ​នេះ​បង្ហាញ​ថា​គាត់​មាន​ជំនឿ​យ៉ាង​ខ្លាំង​ខុស​ពី​ធម្មតា។ ដោយ​គិត​ពី​កាលៈទេសៈ​ពិសេស​នេះ តើ​ព្រះ​យេស៊ូ​ប្រព្រឹត្ដ​តប​យ៉ាង​ណា? ទ្រង់​ធ្វើ​អ្វី​ដែល​នៅ​ដើម​ដំបូង​ទ្រង់​មិន​ព្រម​ធ្វើ​ទេ គឺ​ទ្រង់​ព្យាបាល​កូន​របស់​គាត់។ (ម៉ាថាយ ១៥:២១​-​២៨) នេះ​បង្ហាញ​ភាព​រាប​ទាប​ដ៏​អស្ចារ្យ​ណាស់ មែន​ទេ? ហើយ​សូម​ចង​ចាំ​ថា ភាព​រាប​ទាប​គឺ​ជា​មូលដ្ឋាន​នៃ​ប្រាជ្ញា​ដ៏​ពិត។

២១​. ហេតុ​អ្វី​បាន​ជា​យើង​គួរ​ព្យាយាម​យក​តម្រាប់​តាម​បុគ្គលិក​លក្ខណៈ បន្ទូល​និង​ការ​ប្រព្រឹត្ដ​របស់​ព្រះ​យេស៊ូ?

២១ យើង​សប្បាយ​ណាស់​ដែល​សៀវភៅ​ដំណឹង​ល្អ​បើក​សម្ដែង​ឲ្យ​យើង​ស្គាល់​បន្ទូល​របស់​ព្រះ​និង​ការ​ប្រព្រឹត្ដ​របស់​បុរស​ដែល​មាន​ប្រាជ្ញា​ជាង​គេ​បំផុត! សូម​យើង​ចាំ​ថា​ព្រះ​យេស៊ូ​មាន​លក្ខណៈ​ដូច​ព្រះ​វរបិតា​ទ្រង់​បេះបិទ។ ដោយ​យក​តម្រាប់​តាម​បុគ្គលិក​លក្ខណៈ បន្ទូល និង​ការ​ប្រព្រឹត្ដ​របស់​ព្រះ​យេស៊ូ យើង​នឹង​បណ្ដុះ​ឲ្យ​មាន​ប្រាជ្ញា​ពី​ស្ថាន​លើ។ ក្នុង​ជំពូក​បន្ទាប់ យើង​នឹង​ពិចារណា​នូវ​របៀប​យើង​អាច​ប្រើ​ប្រាជ្ញា​របស់​ព្រះ​ក្នុង​ជីវិត​របស់​យើង។

^ វគ្គ 1 នៅ​សម័យ​ព្រះ​គម្ពីរ ជាង​ឈើ​ធ្លាប់​ធ្វើ​ការ​កសាង​ផ្ទះ ធ្វើ​តុ​ទូ និង​ធ្វើ​ឧបករណ៍​សំរាប់​កសិកម្ម។ លោក​ចាស្ទីន ម៉ាទើ​ដែល​ធ្លាប់​រស់​នៅ​សត​វត្ស​ទី​ពីរ​បាន​សរសេរ​អំពី​ព្រះ​យេស៊ូ​ថា៖ «ទ្រង់​ធ្លាប់​ធ្វើ​ការ​ជា​ជាង​ឈើ​ពេល​ដែល​នៅ​ជា​មួយ​មនុស្ស​ជាតិ ទាំង​ធ្វើ​នង្គ័ល​និង​នឹម»។

^ វគ្គ 6 កិរិយា​ស័ព្ទ​ភាសា​ក្រិច​ដែល​ត្រូវ​បក​ប្រែ​ថា«ខ្វល់​ខ្វាយ» មាន​ន័យ​ថា«អារម្មណ៍​បាន​ត្រូវ​បង្វែរ»។ របៀប​ពាក្យ​នេះ​ប្រើ​នៅ​ម៉ាថាយ ៦:២៥ សំដៅ​ទៅ​លើ​អារម្មណ៍​បាន​ត្រូវ​បង្វែរ​ឬ​បំបែរ​ដោយ​ការ​ព្រួយ​បារម្ភ​និង​ធ្វើ​ឲ្យ​លែង​សប្បាយ​នឹង​ជីវិត។

^ វគ្គ 7 តាម​ពិត ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យា​សាស្ដ្រ​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ខ្វល់​ខ្វាយ​និង​ការ​តាន​តឹង​ចិត្ដ​ហួស​ហេតុ​ពេក​អាច​បង្ក​លទ្ធភាព​ឲ្យ​យើង​កើត​មាន​ជំងឺ​បេះដូង​និង​ជំងឺ​ជា​ច្រើន​ឯ​ទៀត​ដែល​អាច​កាត់​បន្ថយ​អាយុ​ជីវិត​បាន។