លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៣

‹បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ​យេហូវ៉ា​ទ្រង់​បរិសុទ្ធ›

‹បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ​យេហូវ៉ា​ទ្រង់​បរិសុទ្ធ›

១, ២​. តើ​អេសាយ​បាន​ឃើញ​ចក្ខុនិមិត្ដ​អ្វី? ពី​ចក្ខុនិមិត្ដ​នេះ តើ​យើង​អាច​រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា?

ព្រះ​បាន​សំ​ដែង​ឲ្យ​អេសាយ​មើល​ឃើញ​ចក្ខុនិមិត្ដ​មួយ​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ស្ញប់​ស្ញែង​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង។ ចក្ខុនិមិត្ដ​នេះ​ហាក់​ដូច​ជា​កំពុង​តែ​កើត​ឡើង​ពិតៗ​ដល់​ម៉្លេះ ដែល​ក្រោយ​មក​អេសាយ​បាន​សរសេរ​ថា​គាត់‹ឃើញ​ព្រះ​យេហូវ៉ា›គង់​លើ​បល្ល័ង្ក​ដ៏​ឧត្ដុង្គ​ឧត្ដម​របស់​ទ្រង់! រំភាយ​ព្រះ​ពស្ដ្រ​របស់​ព្រះ​យេហូវ៉ា​បាន​សាយ​លាត​ពេញ​ក្នុង​ព្រះ​វិហារ​ដ៏​ធំ​សម្បើម​នៅ​ទី​ក្រុង​យេរូសាឡិម។—អេសាយ ៦:១, ២

អ្វី​ដែល​អេសាយ​បាន​ឮ​ក៏​បាន​ធ្វើ​ឲ្យ​គាត់​ស្ញប់​ស្ញែង​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង​ផង​ដែរ ដ្បិត​គាត់​ឮ​ការ​ច្រៀង​បន្លឺ​សម្លេង​កង​រំពង​ដល់​ម៉្លេះ​ដែល​ព្រះ​វិហារ​បាន​រង្គើ​រហូត​ដល់​គ្រឹះ។ បណ្ដា​សេរភីម និង​បុគ្គល​វិញ្ញាណ​ដែល​មាន​ឋានៈ​ខ្ពង់​ខ្ពស់​កំពុង​តែ​ច្រៀង។ សេរភីម​ទាំង​នេះ​បាន​ច្រៀង​ស្រុះ​គ្នា​អស់​ពី​សម្លេង​នូវ​ពាក្យ​គួរ​ឲ្យ​គោរព​ថា៖ «បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​ទ្រង់​បរិសុទ្ធ។ ផែន​ដី​ទាំង​មូល​មាន​ពេញ​ដោយ​សិរី​ល្អ​នៃ​ទ្រង់»។ (អេសាយ ៦:៣, ៤) ការ​ច្រៀង​ពាក្យ«បរិសុទ្ធ»បី​ដង ជា​វិធី​សង្កត់​ធ្ងន់​ទៅ​លើ​ពាក្យ​នេះ​ឲ្យ​លេច​ធ្លោ​ជា​ពិសេស។ នេះ​គឺ​សមរម្យ​ណាស់ ដ្បិត​ព្រះ​យេហូវ៉ា​គឺ​បរិសុទ្ធ​បំផុត។ (វិវរណៈ ៤:៨) ភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​លើក​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​ព្រះ​គម្ពីរ។ បទ​គម្ពីរ​រាប់​រយ​ខ​ផ្សារ​ភ្ជាប់​ព្រះ​នាម​របស់​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ពាក្យ«បរិសុទ្ធ»និង«សេចក្ដី​បរិសុទ្ធ»។

៣​. ហេតុ​ដូច​ម្ដេច​បាន​ជា​ការ​យល់​ច្រឡំ​អំពី​ភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មនុស្ស​បែរ​ចេញ​ពី​ព្រះ ជា​ជាង​ចូល​ទៅ​ជិត​ទ្រង់​នោះ?

ដូច្នេះ លក្ខណៈ​ចំ​បង​មួយ​របស់​ព្រះ​យេហូវ៉ា​ដែល​ទ្រង់​មាន​ព្រះ​ទ័យ​ឲ្យ​យើង​យល់​ដឹង​នោះ ពោល​គឺ​ទ្រង់​ជា​ព្រះ​ដ៏​បរិសុទ្ធ។ ប៉ុន្ដែ សព្វ​ថ្ងៃ​នេះ ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​បរិសុទ្ធ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​ចង់​ចូល​ទៅ​ជិត​ទ្រង់​ឡើយ។ មនុស្ស​ខ្លះ​យល់​ច្រឡំ​ថា សេចក្ដី​បរិសុទ្ធ​គឺ​ស្មើ​នឹង​អំនួត​ថា​ខ្លួន​ល្អ ឬ​ក៏ ការ​ធ្វើ​ពុត​ជា​អ្នក​គោរព​ព្រះ។ ការ​ដឹង​ថា​ព្រះ​ជា​ព្រះ​ដ៏​បរិសុទ្ធ​ប្រហែល​ជា​បំភ័យ​មនុស្ស​ដែល​ចាត់​ទុក​ថា​ខ្លួន​គ្មាន​តម្លៃ ជា​ជាង​ទាក់​ទាញ​ទឹក​ចិត្ដ​របស់​ពួក​គេ​នោះ។ អ្នក​ទាំង​នេះ​ប្រហែល​ភ័យ​ខ្លាច​ថា ពួក​គេ​មិន​សម​នឹង​ចូល​ទៅ​ជិត​ព្រះ​ដ៏​បរិសុទ្ធ​នេះ​ទាល់​តែ​សោះ។ ដូច្នេះ មនុស្ស​ជា​ច្រើន​នាក់​បែរ​ចេញ​ពី​ព្រះ​ដោយ​សារ​ទ្រង់​ជា​ព្រះ​ដ៏​បរិសុទ្ធ។ ទង្វើ​នេះ​គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ពីព្រោះ​ភាព​បរិសុទ្ធ​របស់​ព្រះ​ជា​ហេតុ​ទាក់​ទាញ​ទឹក​ចិត្ដ​យើង​ឲ្យ​ចង់​ចូល​ទៅ​ជិត​ទ្រង់​វិញ។ ហេតុ​អ្វី? មុន​នឹង​យើង​ឆ្លើយ​សំនួរ​នេះ សូម​ពិចារណា​អត្ថ​ន័យ​នៃ​សេចក្ដី​បរិសុទ្ធ​ដ៏​ពិត។

តើ​ភាព​បរិសុទ្ធ​ជា​អ្វី?

៤, ៥​. (ក) តើ​ពាក្យ​បរិសុទ្ធ​មាន​ន័យ​យ៉ាង​ណា? តើ​ពាក្យ​បរិសុទ្ធ​មិន​រួម​បញ្ចូល​ន័យ​អ្វី? (ខ) តើ​ព្រះ​យេហូវ៉ា«នៅ​ដាច់​ដោយ​ឡែក»ក្នុង​ន័យ​ពីរ​ដ៏​សំខាន់​អ្វី​ខ្លះ?

ពាក្យ​ថា​ព្រះ​គឺ​បរិសុទ្ធ​មិន​បាន​ន័យ​ថា​ទ្រង់​អួត ក្រអឺត​ក្រទម ឬ​ក៏​មើល​ងាយ​អ្នក​ឯ​ទៀត​ឡើយ។ ផ្ទុយ​ទៅ​វិញ ទ្រង់​ស្អប់​អាកប្បកិរិយា​បែប​នេះ​ណាស់។ (សុភាសិត ១៦:៥; យ៉ាកុប ៤:៦) ដូច្នេះ តើ​អ្វី​ជា​ន័យ​ពិត​ប្រាកដ​នៃ​ពាក្យ«បរិសុទ្ធ»? ក្នុង​ភាសា​ហេព្រើរ​ដែល​ប្រើ​ក្នុង​ព្រះ​គម្ពីរ«បរិសុទ្ធ»ជា​ពាក្យ​ក្លាយ​មក​ពី​ពាក្យ​ដែល​មាន​ន័យ​ថា«ញែក​ចេញ​ដាច់​ដោយ​ឡែក»។ ក្នុង​ការ​ថ្វាយ​បង្គំ ពាក្យ«បរិសុទ្ធ»សំដៅ​ទៅ​លើ​អ្វី​ដែល​ត្រូវ​ញែក​ចេញ​សំរាប់​បំណង​ពិសេស។ ភាព​ស្អាត​ស្អំ​និង​វិសុទ្ធ​ភាព​ជា​ផ្នែក​ដ៏​ធំ​នៃ​សេចក្ដី​បរិសុទ្ធ​ដែរ។ តើ​ពាក្យ​នេះ​ទាក់​ទង​នឹង​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? តើ​នេះ​បាន​សេចក្ដី​ថា​ព្រះ​យេហូវ៉ា​បាន«ញែក»អង្គ​ទ្រង់«ចេញ​ដាច់​ដោយ​ឡែក»ពី​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ហើយ​គង់​ឆ្ងាយ​ពី​យើង​មែន​ឬ?

មិន​មាន​ន័យ​ដូច្នេះ​ទេ! ព្រះ​យេហូវ៉ា​ដែល​ជា«ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល» បាន​មាន​បន្ទូល​ថា​ទ្រង់ «នៅ​កណ្ដាល» សាសន៍​អ៊ីស្រាអែល​ទោះ​ជា​ពួក​គេ​មាន​បាប​ក៏​ដោយ។ (អេសាយ ១២:៦; ហូសេ ១១:៩) ដូច្នេះ ភាព​បរិសុទ្ធ​របស់​ទ្រង់​មិន​បាន​ន័យ​ថា​ទ្រង់​គង់​ឆ្ងាយ​ឡើយ។ ដូច្នេះ តើ​ក្នុង​ន័យ​អ្វី​ដែល​ទ្រង់​នៅ«ដាច់​ដោយ​ឡែក»? ព្រះ​យេហូវ៉ា​បាន​ញែក​អង្គ​ទ្រង់​ចេញ​ដាច់​ដោយ​ឡែក​ក្នុង​ន័យ​ពីរ​ដ៏​សំខាន់។ ន័យ​ទី​មួយ ទ្រង់​នៅ​ដាច់​ដោយ​ឡែក​ពី​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត​មក​ក្នុង​ន័យ​ថា មាន​ទ្រង់​តែ​មួយ​អង្គ​ទេ​ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត។ ភាព​ស្អាត​និង​វិសុទ្ធ​ភាព​របស់​ទ្រង់​គឺ​គ្រប់​ល័ក្ខណ៍​និង​គ្មាន​កំណត់​ឡើយ។ (ទំនុក​ដំកើង ៤០:៥; ៨៣:១៨) អត្ថ​ន័យ​ទី​ពីរ​គឺ ព្រះ​យេហូវ៉ា​នៅ​ដាច់​ដោយ​ឡែក​ពី​បាប។ ការ​ដឹង​ថា​ទ្រង់​នៅ​ដាច់​ដោយ​ឡែក​ពី​បាប​ពិត​ជា​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ដ​ណាស់។ ហេតុ​អ្វី?

៦​. ហេតុ​ដូច​ម្ដេច​បាន​ជា​ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​នៅ​ដាច់​ដោយ​ឡែក​ពី​បាប​ទាំង​ស្រុង​នោះ ធ្វើ​ឲ្យ​យើង​ទុក​ចិត្ដ​ទ្រង់​ជាង?

យើង​រស់​នៅ​ក្នុង​របប​លោកីយ៍​មួយ​ដែល​កម្រ​មាន​សេចក្ដី​បរិសុទ្ធ​ដ៏​ពិត។ អ្វី​ទាំង​អស់​ក្នុង​សង្គម​មនុស្ស​នេះ​ដែល​ឃ្លាត​ឆ្ងាយ​ពី​ព្រះ គឺ​ប្រកប​ទៅ​ដោយ​ភាព​មិន​បរិសុទ្ធ បាប​និង​ភាព​ឥត​គ្រប់​ល័ក្ខណ៍។ យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​តស៊ូ​នឹង​បាប​ដែល​នៅ​ក្នុង​ខ្លួន​យើង។ យើង​ក៏​អាច​ធ្លាក់​ចូល​អន្លង់​នៃ​អំពើ​បាប​ដែរ​បើ​យើង​ធ្វេស​ប្រហែស​មិន​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល​វេលា។ (រ៉ូម ៧:១៥​-​២៥; កូរិនថូសទី១ ១០:១២) ព្រះ​យេហូវ៉ា​មិន​អាច​ធ្លាក់​ចូល​អន្លង់​នៃ​អំពើ​បាប​បាន​ឡើយ។ ទ្រង់​នៅ​ដាច់​ដោយ​ឡែក​ពី​បាប​ទាំង​ស្រុង ហើយ​មិន​អាច​ត្រូវ​បំពុល​ដោយ​បាប​សូម្បី​តែ​បន្ដិច​ក៏​ដោយ។ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​ជា​វរបិតា​ដ៏​ល្អ​បំផុត ដ្បិត​នេះ​បាន​សេចក្ដី​ថា​យើង​អាច​ទុក​ចិត្ដ​ទ្រង់​ទាំង​ស្រុង។ ព្រះ​យេហូវ៉ា​គឺ​ខុស​ពី​មនុស្ស​មាន​បាប ពីព្រោះ​ទ្រង់​នឹង​មិន​ក្លាយ​ជា​អាក្រក់ មិន​ប្រព្រឹត្ដ​ខុស​គន្លង​សីលធម៌ ឬ​ធ្វើ​បាប​យើង​ឡើយ។ សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់​ជា​គ្រឿង​ទប់​មិន​ឲ្យ​ទ្រង់​មាន​លទ្ធភាព​ធ្វើ​ដូច្នោះ​ទាល់​តែ​សោះ។ នៅ​ពេល​ខ្លះ ព្រះ​យេហូវ៉ា​រហូត​ដល់​បាន​ស្បថ​ដោយ​អាង​សេចក្ដី​បរិសុទ្ធ​របស់​អង្គ​ទ្រង់ ដ្បិត​សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់​គឺ​ជា​អ្វី​ដ៏​គួរ​ឲ្យ​ទុក​ចិត្ដ​ជា​ទី​បំផុត។ (អេម៉ុស ៤:២) នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​ទុក​ចិត្ដ​ទ្រង់ មែន​ទេ?

៧​. ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ថា​សេចក្ដី​បរិសុទ្ធ​គឺ​ជា​ផ្នែក​នៃ​ធាតុ​ពិត​របស់​ព្រះ​យេហូវ៉ា?

សេចក្ដី​បរិសុទ្ធ​ជា​ផ្នែក​នៃ​ចរិត​របស់​ព្រះ​យេហូវ៉ា​តែ​ម្ដង។ តើ​នេះ​បាន​ន័យ​យ៉ាង​ណា? ជា​ឧទាហរណ៍: សូម​គិត​អំពី​ពាក្យ«មនុស្ស»និង​ពាក្យ«ឥត​គ្រប់​ល័ក្ខណ៍»។ អ្នក​មិន​អាច​ពណ៌នា​អំពី​មនុស្ស​ដោយ​មិន​គិត​អំពី​ភាព​ឥត​គ្រប់​ល័ក្ខណ៍​របស់​មនុស្ស​បាន​ឡើយ។ ភាព​ឥត​គ្រប់​ល័ក្ខណ៍​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ដ គំនិត និង​រូប​កាយ​យើង ថែម​ទាំង​លើ​អ្វីៗ​ទាំង​អស់​ដែល​យើង​ធ្វើ​ទៀត​ផង។ ឥឡូវ​សូម​គិត​អំពី​ពាក្យ​ពីរ​ដែល​ខុស​គ្នា​ឆ្ងាយ​ពី​ពាក្យ​ខាង​លើ​នេះ គឺ«ព្រះ​យេហូវ៉ា»និង«បរិសុទ្ធ»។ ព្រះ​យេហូវ៉ា​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​បរិសុទ្ធ។ គ្រប់​លក្ខណៈ​របស់​ទ្រង់​គឺ​ឥត​សៅហ្មង វិសុទ្ធ និង​ទៀង​ត្រង់។ យើង​មិន​អាច​ស្គាល់​ព្រះ​យេហូវ៉ា​យ៉ាង​ច្បាស់​ដោយ​មិន​ទទួល​ស្គាល់​ពាក្យ​ដ៏​ជ្រាល​ជ្រៅ​នេះ​ថា«បរិសុទ្ធ»បាន​ទេ។

«ភាព​បរិសុទ្ធ​ជា​របស់​ផង​ព្រះ​យេហូវ៉ា»

៨, ៩​. តើ​អ្វី​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ជួយ​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ឲ្យ​ទៅ​ជា​បរិសុទ្ធ​បាន​មួយ​កំរិត?

ដោយ​សារ​ព្រះ​យេហូវ៉ា​មាន​ភាព​បរិសុទ្ធ​បំផុត នោះ​យើង​អាច​និយាយ​យ៉ាង​ត្រឹម​ត្រូវ​ថា ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​សេចក្ដី​បរិសុទ្ធ។ ព្រះ​យេហូវ៉ា​មិន​ទុក​គុណ​សម្បត្ដិ​ដ៏​វិសេស​នេះ​សំរាប់​អង្គ​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​ទ្រង់​ប្រទាន​សេចក្ដី​បរិសុទ្ធ​ដល់​អ្នក​ឯ​ទៀត​យ៉ាង​សទ្ធា។ ពេល​ព្រះ​មាន​បន្ទូល​នឹង​ម៉ូសេ​តាម​រយៈ​ទេវតា​មួយ​រូប​ពី​កណ្ដាល​គុម្ពោត​ដែល​កំពុង​ឆេះ​ភ្លើង សូម្បី​តែ​ដី​នៅ​ជុំ​វិញ​គុម្ពោត​នោះ​ក៏​បាន​ទៅ​ជា​បរិសុទ្ធ​ដែរ​ដោយ​សារ​ព្រះ​យេហូវ៉ា!—និក្ខមនំ ៣:៥

បើ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា តើ​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​អាច​ក្លាយ​ទៅ​ជា​បរិសុទ្ធ​បាន​ទេ? មនុស្ស​អាច​ទៅ​ជា​បរិសុទ្ធ​បាន​ក្នុង​មួយ​កំរិត។ ព្រះ​បាន​មាន​បន្ទូល​ថា​រាស្ដ្រ​របស់​ទ្រង់ អ៊ីស្រាអែល​អាច​ទៅ​ជា«សាសន៍​បរិសុទ្ធ»បាន។ (និក្ខមនំ ១៩:៦) ទ្រង់​បាន​ប្រទាន​ពរ​ទៅ​លើ​សាសន៍​នោះ ដោយ​រៀប​ចំ​របៀប​ថ្វាយ​បង្គំ​មួយ​ដ៏​បរិសុទ្ធ ស្អាត​ស្អំ និង​វិសុទ្ធ។ សេចក្ដី​បរិសុទ្ធ​ត្រូវ​បាន​លើក​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ។ ការ​ពិត សម្ដេច​សង្ឃ​បាន​ពាក់​ផ្លាក​មាស​មួយ​នៅ​ខាង​មុខ​ឈ្នួត​របស់​គាត់។ ផ្លាក​មាស​នោះ​ចាំង​ពន្លឺ​ថ្ងៃ​ភ្លឹប​ភ្លែតៗ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​គ្នា​ងាយ​មើល​ឃើញ។ បន្ទូល​ដែល​ត្រូវ​បាន​ឆ្លាក់​លើ​ផ្លាក​នោះ​ចែង​ថា៖ «ភាព​បរិសុទ្ធ​ជា​របស់​ផង​ព្រះ​យេហូវ៉ា»។ (និក្ខមនំ ២៨:៣៦, ព.ថ.) ដូច្នេះ របៀប​ថ្វាយ​បង្គំ​និង​របៀប​រស់​នៅ​របស់​អ៊ីស្រាអែល​ត្រូវ​សម​ស្រប​ទៅ​តាម​ខ្នាត​តម្រា​ខ្ពង់​ខ្ពស់​ស្ដី​អំពី​ភាព​ស្អាត​ស្អំ​និង​វិសុទ្ធ​ភាព។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​អ៊ីស្រាអែល​ថា៖ ‹ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​យើង​នេះ ដែល​ជា​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា យើង​បរិសុទ្ធ›។ (លេវីវិន័យ ១៩:២) ដរាប​ណា​ដែល​អ៊ីស្រាអែល​រស់​នៅ​សម​ស្រប​ទៅ​តាម​ឱវាទ​របស់​ព្រះ​អស់​ពី​សមត្ថភាព​ខ្លួន​តាម​តែ​លទ្ធភាព​របស់​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍ ដរាប​នោះ​ពួក​គេ​ត្រូវ​ចាត់​ទុក​ជា​បរិសុទ្ធ​បាន​មួយ​កំរិត។

១០​. តើ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ និង​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ​វិញ​ពួក​គេ​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា ស្ដី​អំពី​សេចក្ដី​បរិសុទ្ធ?

១០ ការ​ដាក់​ទម្ងន់​ទៅ​លើ​សេចក្ដី​បរិសុទ្ធ​យ៉ាង​នេះ​គឺ​ខុស​ស្រឡះ​ពី​របៀប​ដែល​សាសន៍​នៅ​ជុំ​វិញ​អ៊ីស្រាអែល​បាន​ថ្វាយ​បង្គំ​នោះ។ សាសន៍​ទាំង​នោះ​មិន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ទេ តែ​បាន​ថ្វាយ​បង្គំ​បណ្ដា​ព្រះ​ដែល​មក​តែ​ពី​ការ​ប្រឌិត​របស់​មនុស្ស ហើយ​ជា​ព្រះ​ដ៏​ឃោរ​ឃៅ លោភ​លន់ និង​ចូល​ចិត្ដ​រួម​ដំណេក​ឥត​រើស​មុខ។ គ្រប់​លក្ខណៈ​នៃ​ព្រះ​ទាំង​នេះ​គឺ​មិន​បរិសុទ្ធ​ទាល់​តែ​សោះ។ ការ​ថ្វាយ​បង្គំ​ព្រះ​បែប​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ប្រជាជន​មិន​បរិសុទ្ធ​ផង​ដែរ។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ព្រមាន​អ្នក​ថ្វាយ​បង្គំ​របស់​ទ្រង់​ឲ្យ​ទុក​ខ្លួន​ដាច់​ដោយ​ឡែក​ពី​អ្នក​ដែល​ថ្វាយ​បង្គំ​ព្រះ​មិន​ពិត​ទាំង​នេះ និង​ជៀស​វាង​ពី​របៀប​ថ្វាយ​បង្គំ​ដ៏​ស្មោកគ្រោក​របស់​ពួក​គេ។—លេវីវិន័យ ១៨:២៤​-​២៨; ពង្សាវតារ​ក្សត្រ​ទី​១ ១១:១, ២

១១​. តើ​ភាព​បរិសុទ្ធ​នៃ​អង្គការ​សួគ៌ា​របស់​ព្រះ​បាន​សម្ដែង​ឲ្យ​ឃើញ​ជាក់​ស្ដែង​យ៉ាង​ដូច​ម្ដេច​តាម​រយៈ (ក) បណ្ដា​ទេវតា? (ខ) បណ្ដា​សេរភីម? (គ) ព្រះ​យេស៊ូ?

១១ អ៊ីស្រាអែល​ពី​បុរាណ​ដែល​ជា​សាសន៍​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​នោះ អាច​សម្ដែង​ភាព​បរិសុទ្ធ​នៃ​អង្គការ​សួគ៌ា​របស់​ព្រះ​យេហូវ៉ា​បាន​តែ​បន្ដិច​បន្ដួច​ប៉ុណ្ណោះ សូម្បី​តែ​ពេល​ពួក​គេ​បាន​ស្តាប់​តាម​ច្បាប់​ព្រះ​យេហូវ៉ា​បាន​ល្អ​បំផុត​ក៏​ដោយ។ បុគ្គល​វិញ្ញាណ​រាប់​លាន​នាក់​ដែល​បំរើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​ត្រូវ​ពណ៌នា​ជា៖ «ពួក​បរិសុទ្ធ​ទាំង​សល់​សែន»។ (ចោទិយកថា ៣៣:២; យូដាស ១៤) បុគ្គល​វិញ្ញាណ​ទាំង​នេះ​សម្ដែង​ឲ្យ​ឃើញ​នូវ​ភាព​ស្អាត​វិសេស​នៃ​ភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ សូម​ចាំ​នូវ​បណ្ដា​សេរភីម​ដែល​អេសាយ​បាន​ឃើញ​ក្នុង​ចក្ខុនិមិត្ដ​នោះ។ ពាក្យ​ពេចន៍​ដែល​សេរភីម​ទាំង​នេះ​បាន​ច្រៀង បង្ហើប​ឲ្យ​យើង​ដឹង​ថា បណ្ដា​សេរភីម​មាន​តួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ប្រកាស​ឲ្យ​ដឹង​ទូ​ទាំង​សកលលោក​អំពី​ភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ មាន​បុគ្គល​វិញ្ញាណ​មួយ​អង្គ​ដែល​ជា​កំពូល​នៃ​បុគ្គល​វិញ្ញាណ​ទាំង​នេះ គឺ​រាជបុត្រា​របស់​ព្រះ ដែល​ទ្រង់​បង្កើត​ដោយ​ផ្ទាល់។ ព្រះ​យេស៊ូ​សម្ដែង​នូវ​ភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​បាន​ល្អ​បំផុត។ ហេតុ​នេះ​ហើយ​ព្រះ​យេស៊ូ​ត្រូវ​បាន​ពណ៌នា​យ៉ាង​ត្រឹម​ត្រូវ​ថា«ព្រះ​អង្គ​ដ៏​បរិសុទ្ធ​របស់​ព្រះ»។—យ៉ូហាន ៦:៦៨, ៦៩, ព.ថ.

ព្រះ​នាម​ដ៏​បរិសុទ្ធ​និង​ព្រះ​វិញ្ញាណ​ដ៏​បរិសុទ្ធ

១២, ១៣​. (ក) ហេតុ​អ្វី​បាន​ជា​ព្រះ​នាម​របស់​ព្រះ​អាច​ត្រូវ​ពណ៌នា​យ៉ាង​ត្រឹម​ត្រូវ​ថា​បរិសុទ្ធ? (ខ) ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ធ្វើ​ឲ្យ​ព្រះ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ?

១២ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ព្រះ​នាម​របស់​ព្រះ​ផ្ទាល់? ដូច​យើង​បាន​រៀន​ក្នុង​ជំពូក​ទី​១​រួច​ហើយ​នោះ ព្រះ​នាម​របស់​ព្រះ​មិន​មែន​ជា​ឋានន្ដរ​មួយ​ឡើយ។ ព្រះ​នាម​នោះ​តំណាង​ព្រះ​យេហូវ៉ា និង​នេះ​រួម​បញ្ចូល​គុណ​សម្បត្ដិ​ទាំង​ឡាយ​របស់​ទ្រង់។ ដូច្នេះ ព្រះ​គម្ពីរ​ចែង​ថា​ព្រះ​នាម​ទ្រង់​ជា«នាម​បរិសុទ្ធ»។ (អេសាយ ៥៧:១៥) តាម​ក្រិត្យ​វិន័យ​លោក​ម៉ូសេ មនុស្ស​ដែល​ប្រមាថ​ព្រះ​នាម​ព្រះ​ត្រូវ​ស្លាប់​ជា​ពុំ​ខាន។ (លេវីវិន័យ ២៤:១៦) សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​មុន​គេ​បង្អស់​ក្នុង​សេចក្ដី​អធិស្ឋាន​ដែល​ថា៖ «ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​អើយ! សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ»។ (ម៉ាថាយ ៦:៩) ដើម្បី​ធ្វើ​ឲ្យ​អ្វី​មួយ​បាន​បរិសុទ្ធ​បាន​ន័យ​ថា ញែក​ចេញ​ដាច់​ដោយ​ឡែក​ដើម្បី​គោរព​និង​ទុក​ជា​របស់​ពិសិដ្ឋ​និង​វិសុទ្ធ។ ប៉ុន្ដែ បើ​ព្រះ​នាម​របស់​ព្រះ​គឺ​វិសុទ្ធ​ហើយ តើ​ព្រះ​នាម​នោះ​ត្រូវ​ធ្វើ​ឲ្យ​បាន​បរិសុទ្ធ​ដោយ​ព្រោះ​អ្វី?

១៣ ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ​ត្រូវ​បាន​គេ​បង្ខូច​និង​ទម្លាក់​ការ​សង្ស័យ​ដោយ​ការ​ភូតភរ​និង​ការ​និយាយ​បង្កាច់​បង្ខូច។ នៅ​សួន​ច្បារ​អេដែន សាតាំង​បាន​ភូតភរ ហើយ​បាន​និយាយ​បញ្ឆិត​បញ្ឆៀង​ថា ព្រះ​មិន​គ្រប់​គ្រង​ដោយ​យុត្ដិធម៌​ទេ។ (លោកុប្បត្ដិ ៣:១​-​៥) តាំង​ពី​ពេល​នោះ​មក សាតាំង​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​ដ៏​មិន​បរិសុទ្ធ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ពាក្យ​ភូតភរ​កាន់​តែ​ច្រើន​ឡើងៗ​អំពី​ព្រះ។ (យ៉ូហាន ៨:៤៤; ១២:៣១; វិវរណៈ ១២:៩) សាសនា​ផ្សេងៗ​បាន​បង្រៀន​អំពី​ទ្រង់​ថា ទ្រង់​មិន​ដែល​យោគ​យល់​ដល់​អ្នក​ណា​ទេ គ្មាន​មេត្ដា និង​គង់​ឆ្ងាយ​ពី​យើង។ សាសនា​ទាំង​នេះ​បាន​អះអាង​ថា ទ្រង់​គាំ​ទ្រ​សង្គ្រាម​បង្ហូរ​ឈាម​របស់​ពួក​គេ។ មនុស្ស​ច្រើន​តែ​គោរព​ទ្រឹស្ដី​ចៃដន្យ​ឬ​ក៏​ការ​វិវត្ដន៍​ជា​ជាង​លើក​កិត្ដិយស​ចំពោះ​ព្រះ​សំរាប់​ការ​បង្កើត​ដ៏​អស្ចារ្យ​របស់​ទ្រង់។ ពិត​ណាស់ ពួក​គេ​បាន​និយាយ​បង្កាច់​បង្ខូច​ព្រះ​នាម​របស់​ព្រះ​យ៉ាង​អាក្រក់​មែន។ ហេតុ​នេះ​ហើយ​ព្រះ​នាម​របស់​ទ្រង់​ចាំ​បាច់​ធ្វើ​ឲ្យ​បរិសុទ្ធ ហើយ​ក៏​ចាំ​បាច់​ទទួល​នូវ​សិរី​រុងរឿង​ដែល​សម​នឹង​ព្រះ​នាម​នោះ​ដែរ។ យើង​ចង់​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ​បំផុត និង​យើង​ចង់​ឃើញ​សិទ្ធិ​គ្រប់​គ្រង​របស់​ទ្រង់​សម្ដែង​យ៉ាង​ត្រឹម​ត្រូវ​ដែរ ហើយ​យើង​សប្បាយ​ចិត្ដ​ជួយ​យ៉ាង​ណា​ដែល​យើង​អាច​ជួយ​បាន ក្នុង​ការ​សម្រេច​នូវ​គោល​បំណង​ដ៏​ឧត្ដុង្គ​ឧត្ដម​នេះ។

១៤​. ហេតុ​អ្វី​បាន​ជា​វិញ្ញាណ​របស់​ព្រះ​អាច​ត្រូវ​ហៅ​ថា​បរិសុទ្ធ? ហេតុ​អ្វី​ការ​ប្រមាថ​ដល់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​បាប​ធ្ងន់ធ្ងរ​ម៉្លេះ?

១៤ មាន​អ្វី​មួយ​ទៀត​ដែល​ជាប់​ទាក់​ទង​នឹង​ព្រះ​យេហូវ៉ា ដែល​ត្រូវ​ហៅ​ថា​បរិសុទ្ធ​ស្ទើរតែ​រាល់​ដង​ដែរ គឺ​វិញ្ញាណ​ឬ​ក៏​សកម្ម​ពល​របស់​ទ្រង់។ (លោកុប្បត្ដិ ១:២) ព្រះ​យេហូវ៉ា​ប្រើស​កម្ម​ពល​ដែល​ទប់​ទល់​មិន​បាន​នេះ​ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់។ អ្វី​ទាំង​អស់​ដែល​ទ្រង់​ធ្វើ ទ្រង់​ធ្វើ​តាម​វិធី​មួយ​ដ៏​បរិសុទ្ធ វិសុទ្ធ និង​ស្អាត​ស្អំ ដូច្នេះ​សកម្ម​ពល​របស់​ទ្រង់​ក៏​អាច​ត្រូវ​ហៅ​យ៉ាង​ត្រឹម​ត្រូវ​ថា វិញ្ញាណ​បរិសុទ្ធ​ឬ​វិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ។ (លូកា ១១:១៣; រ៉ូម ១:៤) ការ​ប្រមាថ​ដល់​វិញ្ញាណ​បរិសុទ្ធ ដែល​សំដៅ​ទៅ​លើ​ការ​ប្រឆាំង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា គឺ​ជា​បាប​ដែល​គ្មាន​ការ​អត់​ឱន​ទោស​ឡើយ។—ម៉ាកុស ៣:២៩

មូលហេតុ​ដែល​ភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ទាក់​ទាញ​ទឹក​ចិត្ដ​យើង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់

១៥​. ហេតុ​អ្វី​បាន​ជា​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា​គឺ​ជា​ការ​តប​ដ៏​សមរម្យ​ចំពោះ​សេចក្ដី​បរិសុទ្ធ​របស់​ទ្រង់? តើ​ការ​កោត​ខ្លាច​បែប​នេះ​រួម​បញ្ចូល​អ្វី​ខ្លះ?

១៥ យើង​មិន​ពិបាក​យល់​ពី​មូលហេតុ​ដែល​ព្រះ​គម្ពីរ​ភ្ជាប់​ភាព​បរិសុទ្ធ​របស់​ព្រះ​ជា​មួយ​នឹង​ការ​កោត​ខ្លាច​ព្រះ​នោះ​ឡើយ។ តួ​យ៉ាង​ដូច​ជា​ទំនុក​ដំកើង ៩៩:៣ ដែល​ចែង​ថា៖ «ចូរ​ឲ្យ​គេ​សរសើរ​ដល់​ព្រះ​នាម​ដ៏​ធំ ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ទ្រង់​ចុះ! ដ្បិត​ទ្រង់​បរិសុទ្ធ»។ ប៉ុន្ដែ ការ​កោត​ខ្លាច​នេះ​មិន​មែន​ជា​ការ​ភ័យ​រន្ធត់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​សំដៅ​លើ​ការ​កោត​ស្ញប់​ស្ញែង និង​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ។ គឺ​សមរម្យ​ដែល​យើង​មាន​អារម្មណ៍​ដូច្នេះ ពីព្រោះ​សេចក្ដី​បរិសុទ្ធ​របស់​ព្រះ​ខ្ពង់​ខ្ពស់​ក្រៃ​លែង។ សេចក្ដី​បរិសុទ្ធ​របស់​ព្រះ​គឺ​ស្អាត​វិសេស​និង​រុងរឿង។ យ៉ាង​ណា​ក៏​ដោយ សេចក្ដី​បរិសុទ្ធ​របស់​ព្រះ​មិន​គួរ​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មិន​ចង់​ចូល​ទៅ​ជិត​ទ្រង់​ទេ។ ផ្ទុយ​ទៅ​វិញ ទស្សនៈ​ដ៏​ត្រឹម​ត្រូវ​អំពី​សេចក្ដី​បរិសុទ្ធ​របស់​ព្រះ​នឹង​ទាញ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ទ្រង់​វិញ។ តើ​ហេតុ​អ្វី?

សេចក្ដី​បរិសុទ្ធ​គួរ​ទាក់​ទាញ​ទឹក​ចិត្ដ​យើង​ដូច​ជា​សោភ័ណ​ភាព

១៦​. (ក) តើ​សេចក្ដី​បរិសុទ្ធ​ជាប់​ទាក់​ទង​នឹង​សោភ័ណ​ភាព​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍។ (ខ) តើ​ចក្ខុនិមិត្ដ​ដែល​ពណ៌នា​អំពី​ព្រះ​យេហូវ៉ា លើក​បញ្ជាក់​ភាព​ស្អាត វិសុទ្ធ​ភាព និង​ពន្លឺ​យ៉ាង​ដូច​ម្ដេច?

១៦ ហេតុ​មួយ​គឺ​ព្រះ​គម្ពីរ​ភ្ជាប់​សេចក្ដី​បរិសុទ្ធ​ជា​មួយ​នឹង​សោភ័ណ​ភាព។ អេសាយ ៦៣:១៥ ពណ៌នា​ថា​ស្ថាន​សួគ៌​គឺ​ជា«ទី​លំនៅ​នៃ​សេចក្ដី​បរិសុទ្ធ នឹង​សិរី​ល្អ​[«សោភ័ណ​ភាព», ព.ថ.]»របស់​ព្រះ។ សោភ័ណ​ភាព​ទាក់​ទាញ​ទឹក​ចិត្ដ​យើង។ ជា​ឧទាហរណ៍ សូម​មើល​រូប​ភាព​នៅ​ទំព័រ​ទី​៣​៣។ ទេសភាព​នេះ​ពិត​ជា​ទាក់​ទាញ​ទឹក​ចិត្ដ​យើង​ណាស់ មែន​ទេ? ហេតុ​អ្វី​រូប​នេះ​ទាក់​ទាញ​ទឹក​ចិត្ដ​អ្នក​ម៉្លេះ? អ្នក​អាច​ឃើញ​ទឹក​អូរ​ថ្លា​ឆ្វង់។ ខ្យល់​អាកាស​ក៏​បរិសុទ្ធ ដ្បិត​ផ្ទៃ​មេឃ​ខៀវ​ស្រឡះ​និង​រស្មី​នៃ​សុរិយា​ភ្លឺ​មក​យ៉ាង​ចិញ្ចាច​ចិញ្ចែង។ ឥឡូវ បើ​ទេសភាព​នេះ​ផ្ទុយ​គ្នា​វិញ គឺ​អូរ​នោះ​មាន​ស​ម្រាម​អណ្ដែត​ឡើង​ស្កះ ដើម​ឈើ​និង​ផ្ទាំង​ថ្ម​មាន​សរសេរ​អក្សរ​ពេញ​ទាំង​អស់ ហើយ​ខ្យល់​ពេញ​ទៅ​ដោយ​ផ្សែង​នោះ រូប​ភាព​នេះ​នឹង​មិន​ទាក់​ទាញ​ទឹក​ចិត្ដ​យើង​ឡើយ តែ​នឹង​ធ្វើ​ឲ្យ​យើង​ខ្ពើម​រអើម​ទៅ​វិញ។ ធម្មតា យើង​ចាត់​ទុក​ថា​សោភ័ណ​ភាព​ទាក់​ទង​នឹង​ភាព​ស្អាត វិសុទ្ធ​ភាព​និង​ពន្លឺ។ ពាក្យ​ដដែល​ទាំង​នេះ​អាច​ត្រូវ​ប្រើ​ដើម្បី​ពណ៌នា​អំពី​សេចក្ដី​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ដែរ។ គ្មាន​អ្វី​ប្លែក​ទេ​ដែល​របៀប​ព្រះ​យេហូវ៉ា​ត្រូវ​ពណ៌នា​ក្នុង​ចក្ខុនិមិត្ដ​ធ្វើ​ឲ្យ​យើង​ចាប់​ចិត្ដ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នោះ! សោភ័ណ​ភាព​នៃ​ព្រះ​របស់​យើង​ប្រកប​ទៅ​ដោយ​ពន្លឺ​ភ្លឺ​ចិញ្ចាច​ចិញ្ចែង ក៏​មាន​ពន្លឺ​ចែង​ចាំង​ដូច​គ្រាប់​ត្បូង ហើយ​បាច​សាច​ចំនាំង​រស្មី​ត្រចះ​ត្រចង់​ដូច​ភ្លើង​ឬ​មាស​សុទ្ធ​ខាត់​យ៉ាង​ភ្លឺ។—អេសេគាល ១:២៥​-​២៨; វិវរណៈ ៤:២, ៣

១៧, ១៨​. (ក) តើ​អេសាយ​បាន​តប​ឆ្លើយ​យ៉ាង​ណា លើក​ដំបូង​ពេល​គាត់​ឃើញ​ចក្ខុនិមិត្ដ​នោះ? (ខ) តើ​ព្រះ​យេហូវ៉ា​បាន​ប្រើ​សេរភីម​មួយ​មក​សម្រាល​ទុក្ខ​អេសាយ​យ៉ាង​ដូច​ម្ដេច? តើ​អ្វី​ជា​សារៈ​សំខាន់​នៃ​អ្វី​ដែល​សេរភីម​មួយ​រូប​នេះ​បាន​ធ្វើ?

១៧ ប៉ុន្ដែ តើ​សេចក្ដី​បរិសុទ្ធ​របស់​ព្រះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​យើង​ទាប​ជាង​ទ្រង់​ឬ? ច្បាស់​ជា​ដូច្នេះ​មែន! យ៉ាង​ណា​មិញ យើង​ពិត​ជា​ទាប​ជាង​ព្រះ​យេហូវ៉ា​មែន ហើយ​ការ​ប្រើ​ពាក្យ​ថា​ទាប​ជាង​គឺ​ជា​ការ​និយាយ​យ៉ាង​ស្រាល​ណាស់។ តើ​ការ​ដឹង​ថា​យើង​ទាប​ជាង​ទ្រង់​នោះ​គួរ​ធ្វើ​ឲ្យ​យើង​ចង់​ឃ្លាត​ឆ្ងាយ​ពី​ទ្រង់​ឬ? សូម​ពិចារណា​នូវ​របៀប​អេសាយ​តប​ឆ្លើយ​ក្រោយ​គាត់​ឮ​សេចក្ដី​ប្រកាស​របស់​បណ្ដា​សេរភីម​អំពី​សេចក្ដី​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ «នោះ​ខ្ញុំ​ពោល​ថា វរ​ហើយ​ខ្ញុំ! ខ្ញុំ​ត្រូវ​វិនាស​ជា​ពិត! ដ្បិត​ខ្ញុំ​ជា​មនុស្ស​មាន​បបូរ​មាត់​មិន​ស្អាត ហើយ​ខ្ញុំ​នៅ​កណ្ដាល​បណ្ដា​មនុស្ស​ដែល​មាន​បបូរ​មាត់​មិន​ស្អាត​ដែរ ពីព្រោះ​ភ្នែក​ខ្ញុំ​បាន​ឃើញ​មហា​ក្សត្រ គឺ​ជា​ព្រះ​យេហូវ៉ា​នៃ​ពួក​ពល​បរិវារ!»។ (អេសាយ ៦:៥) ពិត​ណាស់ សេចក្ដី​បរិសុទ្ធ​ដែល​គ្មាន​កំណត់​របស់​ព្រះ​យេហូវ៉ា​បាន​រំឭក​អេសាយ​ឲ្យ​ចាំ​ពី​ភាព​ឥត​គ្រប់​ល័ក្ខណ៍​និង​បាប​របស់​ខ្លួន។ ដំបូង​ឡើយ អេសាយ បុរស​ដ៏​ស្មោះ​ត្រង់​នេះ​បាន​ពិបាក​ចិត្ដ​ណាស់។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​មិន​បាន​ទុក​ឲ្យ​អេសាយ​មាន​អារម្មណ៍​ដូច្នេះ​ទេ។

១៨ សេរភីម​មួយ​រូប​បាន​សម្រាល​ទុក្ខ​អេសាយ​ភ្លាមៗ។ តើ​យ៉ាង​ដូច​ម្ដេច? សេរភីម​ដ៏​ខ្លាំង​ក្លា​នេះ​បាន​ហោះ​ទៅ​កាន់​អាសនៈ យក​រងើក​ភ្លើង​មួយ​ដុំ​យក​មក​ប៉ះ​បបូរ​មាត់​អេសាយ។ ប្រហែល​ជា​នោះ​ស្តាប់​ទៅ​ដូច​ជា​ឈឺ​ណាស់​មិន​អាច​សម្រាល​ទុក្ខ​អេសាយ​បាន​ឡើយ។ ប៉ុន្ដែ សូម​ចាំ​ថា នេះ​ជា​ចក្ខុនិមិត្ដ​មួយ​ដែល​ពេញ​ទៅ​ដោយ​អត្ថ​ន័យ​ជា​អត្ថបដិរូប។ អេសាយ បុរស​សាសន៍​យូដា​ម្នាក់​ដ៏​ស្មោះ​ត្រង់​បាន​យល់​ច្បាស់​ថា ដង្វាយ​ត្រូវ​ថ្វាយ​រាល់​តែ​ថ្ងៃ​នៅ​ព្រះ​វិហារ​នៅ​លើ​អាសនៈ​ដើម្បី​លោះ​បាប។ សេរភីម​មួយ​រូប​នោះ​បាន​សម្ដែង​សេចក្ដី​ស្រឡាញ់​ដោយ​រំឭក​អេសាយ​ឲ្យ​ដឹង​ថា ទោះ​ជា​គាត់​ឥត​គ្រប់​ល័ក្ខណ៍​និង«មាន​បបូរ​មាត់​មិន​ស្អាត»ក៏​ពិត​មែន តែ​ព្រះ​យេហូវ៉ា​នៅ​តែ​អាច​ចាត់​ទុក​គាត់​ស្អាត​បាន។ * ព្រះ​យេហូវ៉ា​បាន​សុខ​ព្រះ​ទ័យ​ចាត់​ទុក​បុរស​ម្នាក់​ដ៏​ឥត​គ្រប់​ល័ក្ខណ៍​និង​មាន​បាប​នេះ​ថា​បរិសុទ្ធ​មួយ​កំរិត។—អេសាយ ៦:៦, ៧

១៩​. ទោះ​ជា​យើង​ឥត​គ្រប់​ល័ក្ខណ៍​ក៏​ពិត​មែន តើ​យើង​អាច​បាន​បរិសុទ្ធ​មួយ​កំរិត​យ៉ាង​ដូច​ម្ដេច?

១៩ គឺ​ដូច​គ្នា​សព្វ​ថ្ងៃ​នេះ​ដែរ។ ដង្វាយ​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ថ្វាយ​លើ​អាសនៈ​នៅ​ទី​ក្រុង​យេរូសាឡិម​នោះ គ្រាន់​តែ​ជា​និមិត្ដរូប​នៃ​អ្វី​ដ៏​ឧត្ដម​ជាង ដែល​នឹង​មាន​នៅ​ថ្ងៃ​ខាង​មុខ គឺ​ជា​ដង្វាយ​គ្រប់​ល័ក្ខណ៍​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ថ្វាយ​មួយ​ដង​ជា​ស្រេច​នៅ​ឆ្នាំ​៣៣​ស.យ.។ (ហេព្រើរ ៩:១១​-​១៤) បើ​យើង​ពិត​ជា​ប្រែ​ចិត្ដ​ពី​អំពើ​បាប​របស់​យើង ផ្លាស់​ប្រែ​គន្លង​ជីវិត និង​ជឿ​ទៅ​លើ​ដង្វាយ​នោះ យើង​នឹង​ទទួល​ការ​អត់​ឱន​ទោស។ (យ៉ូហានទី១ ២:២) ព្រះ​យេហូវ៉ា​ក៏​នឹង​ចាត់​ទុក​យើង​ថា​ស្អាត​ស្អំ​ដែរ។ ដូច្នេះ សាវ័ក​ពេត្រុស​រំឭក​យើង​ថា៖ ‹មាន​សេចក្ដី​ចែង​ទុក​មក​ថា‹ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​បរិសុទ្ធ ដ្បិត​យើង​ជា​បរិសុទ្ធ››។ (ពេត្រុសទី១ ១:១៦) សូម​កត់​សម្គាល់​ថា​ព្រះ​យេហូវ៉ា​មិន​បាន​មាន​បន្ទូល​ថា​យើង​ត្រូវ​បរិសុទ្ធ​ដូច​ទ្រង់​គឺ​បរិសុទ្ធ​ទេ។ ទ្រង់​មិន​ដែល​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​យើង​ឡើយ។ (ទំនុក​ដំកើង ១០៣:១៣, ១៤) ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​មាន​បន្ទូល​មក​ថា យើង​ត្រូវ​បរិសុទ្ធ​ដ្បិត​ទ្រង់​បរិសុទ្ធ។ «ដូច​ជា​កូន​ស្ងួន​ភ្ងា»យើង​ខំ​យក​តម្រាប់​តាម​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព​ដែល​យើង​មាន​ជា​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍។ (អេភេសូរ ៥:១) ដូច្នេះ ការ​ឈាន​ទៅ​ដល់​សេចក្ដី​បរិសុទ្ធ​ជា​ដំណើរ​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទេ។ ពេល​យើង​បន្ដ​រីក​ចំរើន​ខាង​វិញ្ញាណ យើង​បន្ដ​ព្យាយាម«បង្ហើយ​សេចក្ដី​បរិសុទ្ធ»រៀង​រាល់​ថ្ងៃ​ជា​និច្ច។—កូរិនថូសទី២ ៧:១

២០​. (ក) ហេតុ​អ្វី​ក៏​សំខាន់​ម៉្លេះ​ដែល​យើង​យល់​ថា ព្រះ​ដ៏​បរិសុទ្ធ​របស់​យើង​អាច​ចាត់​ទុក​យើង​ជា​ស្អាត? (ខ) តើ​អេសាយ​បាន​តប​ឆ្លើយ​យ៉ាង​ណា​ពេល​គាត់​ដឹង​ថា​បាប​របស់​គាត់​ត្រូវ​បាន​ជំ​រះ?

២០ ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្វី​ទៀង​ត្រង់​និង​វិសុទ្ធ។ ទ្រង់​ស្អប់​បាប។ (ហាបាគុក ១:១៣) ប៉ុន្ដែ ទ្រង់​មិន​ស្អប់​យើង​ទេ។ ឲ្យ​តែ​យើង​មាន​ទស្សនៈ​ដូច​ទ្រង់​ចំពោះ​បាប គឺ​ថា​យើង​ស្អប់​សេចក្ដី​អាក្រក់​និង​ស្រឡាញ់​សេចក្ដី​ល្អ ហើយ​ព្យាយាម​ដើរ​តាម​លំ​អាន​ដ៏​គ្រប់​ល័ក្ខណ៍​របស់​ព្រះ​យេស៊ូ​គ្រីស្ទ នោះ​ព្រះ​យេហូវ៉ា​នឹង​អត់​ឱន​ទោស​កំហុស​របស់​យើង​ជា​និច្ច។ (អេម៉ុស ៥:១៥; ពេត្រុសទី១ ២:២១) ការ​យល់​ដឹង​ថា​យើង​អាច​ស្អាត​ស្អំ​តាម​ទស្សនៈ​របស់​ព្រះ​ដ៏​បរិសុទ្ធ​របស់​យើង មាន​ឥទ្ធិពល​ដ៏​ប្រសើរ​ណាស់​មក​លើ​យើង។ សូម​ចាំ​ថា ដើម​ដំបូង​នោះ សេចក្ដី​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​អេសាយ​នឹក​ចាំ​ពី​ភាព​មិន​ស្អាត​របស់​ខ្លួន។ អេសាយ​បាន​ស្រែក​ថា៖ «វរ​ហើយ​ខ្ញុំ!»។ ប៉ុន្ដែ ក្រោយ​គាត់​យល់​ថា​បាប​របស់​គាត់​ត្រូវ​បាន​ជំ​រះ នោះ​គាត់​មាន​ទស្សនៈ​ផ្សេង។ ពេល​ព្រះ​យេហូវ៉ា​បាន​សុំ​ឲ្យ​អ្នក​ស្ម័គ្រ​ចិត្ដ​ធ្វើ​កិច្ច​ការ​មួយ អេសាយ​បាន​ឆ្លើយ​ភ្លាម ទោះ​ជា​គាត់​មិន​ទាន់​ដឹង​ថា​កិច្ច​ការ​នោះ​ជា​អ្វី​ក៏​ដោយ។ អេសាយ​បាន​ឧទាន​ថា៖ «ទូល​បង្គំ​នៅ​ឯ​ណេះ​ហើយ! សូម​ចាត់​ទូល​បង្គំ​ចុះ!»។—អេសាយ ៦:៥​-​៨

២១​. តើ​យើង​មាន​ទី​សំ​អាង​អ្វី​សំរាប់​ការ​ជឿ​ជាក់​ថា យើង​អាច​បណ្ដុះ​ឲ្យ​មាន​ភាព​បរិសុទ្ធ?

២១ យើង​ត្រូវ​បាន​បង្កើត​ឲ្យ​មាន​ភាព​ដូច​ព្រះ​ដ៏​បរិសុទ្ធ ហើយ​មាន​គុណ​សម្បត្ដិ​ដ៏​ប្រសើរ​ខាង​សីលធម៌ និង​សមត្ថភាព​យល់​ដឹង និង​អនុវត្ដ​តាម​អ្វី​ខាង​វិញ្ញាណ​ផង​ដែរ។ (លោកុប្បត្ដិ ១:២៦) យើង​ទាំង​អស់​គ្នា​មាន​និស្ស័យ​សម្ដែង​សេចក្ដី​បរិសុទ្ធ។ ពេល​យើង​បន្ដ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​បរិសុទ្ធ ព្រះ​យេហូវ៉ា​រីក​រាយ​នឹង​ជួយ​យើង។ តាម​ដំណើរ​នោះ យើង​នឹង​ចូល​ទៅ​កាន់​តែ​ជិត​នឹង​ព្រះ​ដ៏​បរិសុទ្ធ​របស់​យើង។ ម្យ៉ាង​ទៀត ពេល​យើង​ពិចារណា​គុណ​សម្បត្ដិ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ជំពូក​ទាំង​ប៉ុន្មាន​ខាង​មុខ​នេះ យើង​នឹង​ឃើញ​ថា​មាន​ហេតុ​ជា​ច្រើន​ទៀត​ដែល​នឹង​ទាក់​ទាញ​ទឹក​ចិត្ដ​យើង​យ៉ាង​ខ្លាំង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់!

^ វគ្គ 18 ពាក្យ​ថា«បបូរ​មាត់​មិន​ស្អាត»គឺ​សមរម្យ ដ្បិត​ក្នុង​ព្រះ​គម្ពីរ​បបូរ​មាត់​ច្រើន​តែ​តំណាង​ការ​និយាយ​ឬ​ក៏​ភាសា។ ចំពោះ​មនុស្ស​ឥត​គ្រប់​ល័ក្ខណ៍​ទាំង​អស់ បាប​ជា​ច្រើន​ដែល​យើង​ធ្វើ​ផ្ដើម​ចេញ​ពី​អ្វី​ដែល​យើង​និយាយ។—សុភាសិត ១០:១៩; យ៉ាកុប ៣:២, ៦