ជំពូកទី១២
«តើព្រះអយុត្ដិធម៌ឬ?»
១. តើយើងប្រហែលជាមានអារម្មណ៍យ៉ាងណាពេលដែលមានអំពើអយុត្ដិធម៌?
ស្ដ្រីមេម៉ាយម្នាក់ត្រូវគេប្រវ័ញ្ចយកប្រាក់សន្សំរបស់គាត់។ ទារកម្នាក់គ្មានទីពឹងពំនាក់ ត្រូវបោះបង់ចោលដោយឪពុកម្ដាយដែលគ្មានសេចក្ដីស្រឡាញ់។ បុរសម្នាក់ត្រូវជាប់គុកដោយបទឧក្រិដ្ឋដែលគាត់មិនបានប្រព្រឹត្ដឡើយ។ តើអ្នកមានអារម្មណ៍យ៉ាងណា ពេលអ្នកឮអំពីការប្រព្រឹត្ដបែបនេះ? អ្នកទំនងជាទាស់ចិត្ដណាស់នឹងការប្រព្រឹត្ដទាំងនេះ។ នេះគឺជាការធម្មតាទេ ដ្បិតមនុស្សជាតិយើងមានសមត្ថភាពដ៏ល្អប្រសើរខាងការសម្គាល់អ្វីដែលខុសនិងអ្វីដែលត្រូវ។ ពេលដែលមានអំពើអយុត្ដិធម៌ នោះយើងមានចិត្ដខឹង។ យើងចង់ឲ្យអ្នករងគ្រោះទទួលបានការសងជំងឺចិត្ដ ហើយចង់ឲ្យអ្នកធ្វើខុសទទួលទោស។ បើមិនដូច្នេះទេ យើងប្រហែលជាឆ្ងល់ថា៖ ‹តើព្រះទតឃើញអ្វីដែលបានកើតឡើងឬទេ? ហេតុអ្វីក៏ទ្រង់មិនធ្វើអន្ដរាគមន៍?›។
២. តើហាបាគុកបានមានប្រតិកម្មយ៉ាងណាចំពោះអំពើអយុត្ដិធម៌? ហេតុអ្វីក៏ព្រះយេហូវ៉ាមិនបានស្ដីបន្ទោសហាបាគុក?
២ ទូទាំងប្រវត្ដិសាស្ដ្រ មនុស្សស្មោះត្រង់ដែលបំរើព្រះយេហូវ៉ាធ្លាប់សួរសំនួរស្រដៀងគ្នានេះដែរ។ ជាឧទាហរណ៍ ព្យាការីហាបាគុកបានអធិស្ឋានទូលសួរព្រះថា៖ «ហេតុអ្វីបានជាទ្រង់ឲ្យទូលបង្គំឃើញអំពើអយុត្ដិធម៌ដូច្នេះ? ហេតុអ្វីបានជាទ្រង់ឲ្យអំពើហិង្សា ការទទឹងច្បាប់ និងអំពើឃោរឃៅរាលដាលទៅវិញ?»។ (ហាបាគុក ១:៣, សេចក្ដីបកប្រែព្រះគម្ពីរសហកាល) ព្រះយេហូវ៉ាមិនបានស្ដីបន្ទោសហាបាគុកដោយសារគាត់ទូលសួរត្រង់ៗដូចនេះឡើយ ដ្បិតគឺព្រះយេហូវ៉ាដែលបានបង្កើតមនុស្សឲ្យមានសមត្ថភាពយល់ពីយុត្ដិធម៌។ ព្រះយេហូវ៉ាបានប្រទានឲ្យយើងមានស្មារតីយុត្ដិធម៌ដ៏ជ្រាលជ្រៅរបស់ទ្រង់មួយកំរិត។
ព្រះយេហូវ៉ាស្អប់ភាពអយុត្ដិធម៌
៣. ហេតុអ្វីបានជាយើងអាចនិយាយថា ព្រះយេហូវ៉ាទតឃើញអំពើអយុត្ដិធម៌ច្រើនជាងយើង?
៣ ព្រះយេហូវ៉ាពិតជាទតឃើញភាពអយុត្ដិធម៌។ ព្រះគម្ពីរចែងអំពីសម័យលោកណូអេថា៖ «ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្ដគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ»។ លោកុប្បត្ដិ ៦:៥) សូមគិតអំពីសារដ៏សំខាន់នៃបន្ទូលនេះ។ ធម្មតា ទស្សនៈរបស់យើងចំពោះភាពអយុត្ដិធម៌មានមូលដ្ឋានលើតែករណីពីរបីដែលយើងបានជួបប្រទះដោយផ្ទាល់ឬមួយក៏បានឮផ្ទាល់។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាទតឃើញភាពអយុត្ដិធម៌ទាំងអស់ទូទាំងពិភពលោក! ម្យ៉ាងទៀត ព្រះយេហូវ៉ាអាចយល់នូវទំនោរចិត្ដរបស់មនុស្ស គឺគំនិតអាក្រក់ដែលនាំពួកគេឲ្យប្រព្រឹត្ដដោយអយុត្ដិធម៌។—យេរេមា ១៧:១០
(៤, ៥. (ក) តើព្រះគម្ពីរបង្ហាញយ៉ាងដូចម្ដេចថា ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងអស់អ្នកណាដែលត្រូវគេប្រព្រឹត្ដដោយអយុត្ដិធម៌? (ខ) តើព្រះយេហូវ៉ាទ្រង់ផ្ទាល់បានជួបនឹងភាពអយុត្ដិធម៌យ៉ាងដូចម្ដេច?
៤ ប៉ុន្ដែ ព្រះយេហូវ៉ាមិនគ្រាន់តែទតឃើញភាពអយុត្ដិធម៌ប៉ុណ្ណោះទេ។ ទ្រង់ក៏យកព្រះទ័យទុកដាក់នឹងអ្នកដែលរងគ្រោះដោយសារអំពើអយុត្ដិធម៌នោះដែរ។ ពេលដែលពួកសត្រូវរបស់រាស្ដ្រព្រះយេហូវ៉ាបានប្រព្រឹត្ដទៅលើពួកអ៊ីស្រាអែលយ៉ាងឃោរឃៅនោះ ព្រះយេហូវ៉ាបានអាណិតអាសូរ«ដល់ដំងូរគេជាខ្លាំង ដោយព្រោះពួកអ្នកដែលសង្កត់សង្កិន ហើយធ្វើទុក្ខដល់គេ»។ (ពួកចៅហ្វាយ ២:១៨) អ្នកប្រហែលជាបានសង្កេតឃើញថា ពេលដែលមនុស្សខ្លះមើលឃើញភាពអយុត្ដិធម៌កាន់តែច្រើន នោះពួកគេក៏កាន់តែលែងមានចិត្ដអាណិតអាសូរដល់អ្នកដែលរងគ្រោះទៀតដែរ។ ប៉ុន្ដែ ព្រះយេហូវ៉ាគឺមិនដូច្នេះឡើយ! ទ្រង់បានទតឃើញភាពអយុត្ដិធម៌ទូទាំងពិភពលោកជាង៦.០០០ឆ្នាំហើយ តែទ្រង់មិនដែលលែងស្អប់ភាពអយុត្ដិធម៌ឡើយ។ ផ្ទុយទៅវិញ ព្រះគម្ពីរធានាថាទ្រង់ស្អប់ខ្ពើមអ្វីៗដូចជា«អណ្ដាតភូតភរ» «ដៃដែលកំចាយឈាមមនុស្សឥតទោស» និង«សាក្សីក្លែងក្លាយ»។—សុភាសិត ៦:១៦-១៩
៥ សូមពិចារណាដែរនូវរបៀបដែលព្រះយេហូវ៉ាស្ដីបន្ទោសយ៉ាងខ្លាំងដល់អ្នកដឹកនាំសាសន៍អ៊ីស្រាអែល។ ទ្រង់បានបណ្ដាលឲ្យព្យាការីរបស់ទ្រង់សួរពួកគេថា៖ «តើមិនគួរគប្បីឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីយុត្ដិធម៌ទេឬ?»។ ក្រោយពីទ្រង់មានបន្ទូលរៀបរាប់យ៉ាងជាក់ច្បាស់អំពីរបៀបដែលពួកគេបានប្រើអំណាចជិះជាន់ ព្រះយេហូវ៉ាបានទាយអំពីលទ្ធផលដែលបុរសពុករលួយទាំងនេះនឹងទទួល៖ «គេនឹងអំពាវនាវដល់ព្រះយេហូវ៉ា តែទ្រង់មិនព្រមតបឡើយ អើ! ទ្រង់នឹងគេចព្រះភក្ត្រចេញពីគេ ឲ្យសមតាមអំពើអាក្រក់ទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្ដ»។ (មីកា ៣:១-៤) ព្រះយេហូវ៉ាពិតជាស្អប់ភាពអយុត្ដិធម៌ខ្លាំងណាស់! ការពិត ទ្រង់បានជួបនឹងភាពអយុត្ដិធម៌ដោយអង្គទ្រង់ផ្ទាល់! អស់រាប់ពាន់ឆ្នាំហើយ សាតាំងបានតិះដៀលទ្រង់ដោយអយុត្ដិធម៌។ (សុភាសិត ២៧:១១) ម្យ៉ាងទៀត ព្រះយេហូវ៉ាបានឈឺព្រះហឫទ័យដោយសារភាពអយុត្ដិធម៌ដ៏អាក្រក់បំផុតប្រចាំប្រវត្ដិសាស្ដ្រ នៅពេលដែលរាជបុត្រារបស់ទ្រង់ត្រូវគេធ្វើគុតដូចជាឧក្រិដ្ឋជនម្នាក់ ទោះជាទ្រង់«មិនបានធ្វើបាបអ្វីសោះ»ក៏ដោយ។ (ពេត្រុសទី១ ២:២២; អេសាយ ៥៣:៩) យ៉ាងច្បាស់ណាស់ ព្រះយេហូវ៉ាយល់ថែមទាំងមិនធ្វើព្រងើយកន្ដើយចំពោះការលំបាករបស់អ្នកដែលជួបនឹងភាពអយុត្ដិធម៌ទេ។
៦. តើយើងមានប្រតិកម្មយ៉ាងណាពេលដែលយើងជួបនឹងភាពអយុត្ដិធម៌? ហើយហេតុអ្វី?
៦ ប៉ុន្ដែ គឺជាការធម្មតាទេដែលយើងមានប្រតិកម្មយ៉ាងខ្លាំងពេលដែលយើងសង្កេតឃើញឬមួយក៏ជួបដោយផ្ទាល់នូវភាពអយុត្ដិធម៌។ យើងបានត្រូវបង្កើតឲ្យមានភាពដូចព្រះ ហើយភាពអយុត្ដិធម៌គឺខុសគ្នាស្រឡះពីគុណសម្បត្ដិរបស់ព្រះយេហូវ៉ា។ (លោកុប្បត្ដិ ១:២៧) បើដូច្នេះពិតមែន ហេតុអ្វីព្រះអនុញ្ញាតឲ្យមានភាពអយុត្ដិធម៌?
រឿងចំណោទទាក់ទងនឹងអធិបតេយ្យរបស់ព្រះ
៧. សូមពណ៌នាអំពីរបៀបអធិបតេយ្យរបស់ព្រះយេហូវ៉ាបានត្រូវគេចោទប្រកាន់។
៧ ចម្លើយនៃសំនួរនេះជាប់ទាក់ទងនឹងអធិបតេយ្យរបស់ព្រះឬអំណាចគ្រប់គ្រងជាអធិបតី។ ដូចដែលយើងបានរៀនហើយ អ្នកបង្កើតមានសិទ្ធិគ្រប់គ្រងលើផែនដីទាំងមូលនិងមនុស្សទាំងឡាយដែលនៅលើផែនដី។ (ទំនុកដំកើង ២៤:១; វិវរណៈ ៤:១១) ប៉ុន្ដែ នៅដើមប្រវត្ដិសាស្ដ្រមនុស្សជាតិ អធិបតេយ្យរបស់ព្រះយេហូវ៉ាបានត្រូវគេចោទប្រកាន់។ ហេតុអ្វីរឿងនេះបានកើតឡើង? ព្រះយេហូវ៉ាបានបង្គាប់មិនឲ្យបុរសទីមួយឈ្មោះអ័ដាមបរិភោគពីដើមឈើមួយនៅកណ្ដាលសួនច្បារដែលជាលំនៅរបស់គាត់។ ចុះបើអ័ដាមមិនស្តាប់បង្គាប់? ព្រះមានបន្ទូលថា៖ «ត្រូវស្លាប់ជាមិនខាន»។ (លោកុប្បត្ដិ ២:១៧) សេចក្ដីបង្គាប់របស់ព្រះមិនបានធ្វើឲ្យអ័ដាមនិងភរិយារបស់គាត់ពិបាកឡើយ។ យ៉ាងណាក៏ដោយ សាតាំងបានបញ្ចុះបញ្ចូលអេវ៉ាឲ្យជឿថាព្រះតឹងរ៉ឹងពេក។ ចុះបើអេវ៉ាបរិភោគផ្លែនោះ? សាតាំងបាននិយាយចំៗប្រាប់អេវ៉ាថា៖ «អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។—លោកុប្បត្ដិ ៣:១-៥, កំណែជាអក្សរទ្រេត
៨. (ក) ដោយសារអ្វីដែលសាតាំងបាននិយាយជាមួយអេវ៉ា តើវាបាននិយាយបញ្ឆិតបញ្ឆៀងអ្វីខ្លះ? (ខ) តើសាតាំងបានចោទប្រកាន់អ្វីទៅលើអធិបតេយ្យរបស់ព្រះ?
៨ ពេលដែលសាតាំងនិយាយដូច្នេះ វាបាននិយាយបញ្ឆិតបញ្ឆៀងថា ព្រះយេហូវ៉ា
បានលាក់ពត៌មានសំខាន់មិនឲ្យអេវ៉ាដឹងហើយក៏បានភូតនាងដែរ។ សាតាំងបានប្រយ័ត្នមិនចោទថាព្រះមិនមែនជាអធិបតីឡើយ។ ប៉ុន្ដែ វាបានចោទទៅលើភាពត្រឹមត្រូវ សិទ្ធិ និងសេចក្ដីសុចរិតនៃអធិបតេយ្យរបស់ព្រះ។ បើនិយាយឲ្យចំទៅ សាតាំងបានចោទប្រកាន់ថា ព្រះយេហូវ៉ាមិនប្រើអធិបតេយ្យរបស់ទ្រង់ក្នុងផ្លូវសុចរិត និងរបៀបដែលនាំឲ្យអនុរាស្ដ្ររបស់ទ្រង់បានប្រយោជន៍ច្រើនបំផុតនោះឡើយ។៩. (ក) ចំពោះអ័ដាមនិងអេវ៉ា តើអ្វីជាលទ្ធផលនៃការមិនស្តាប់បង្គាប់? តើសំនួរសំខាន់អ្វីខ្លះបានត្រូវលើកឡើង? (ខ) ហេតុអ្វីព្រះយេហូវ៉ាមិនបានបំផ្លាញចោលអ្នកបះបោរទាំងបីនាក់នោះភ្លាមៗ?
៩ ជាលទ្ធផល ទាំងអ័ដាមនិងអេវ៉ាមិនស្តាប់បង្គាប់ព្រះយេហូវ៉ាហើយបានបរិភោគពីដើមឈើដែលទ្រង់ហាមឃាត់។ ដោយសារពួកគេមិនស្តាប់បង្គាប់ នោះត្រូវទទួលទោសស្លាប់ ដូចព្រះបានប្រកាសនោះ។ ការភូតភររបស់សាតាំងបានលើកឡើងនូវសំនួរសំខាន់ៗមួយចំនួន។ តើព្រះយេហូវ៉ាពិតជាមានសិទ្ធិគ្រប់គ្រងមនុស្សជាតិ ឬក៏មនុស្សគួរគ្រប់គ្រងដោយខ្លួនឯងវិញ? តើព្រះយេហូវ៉ាប្រើអធិបតេយ្យឬអំណាចគ្រប់គ្រងរបស់ទ្រង់យ៉ាងល្អបំផុតឬ? ព្រះយេហូវ៉ាអាចប្រើតេជានុភាពដ៏ខ្លាំងក្លារបស់ទ្រង់ដើម្បីបំផ្លាញអ្នកបះបោរទាំងបីនាក់នេះភ្លាមៗបាន។ ប៉ុន្ដែ សំនួរទាំងប៉ុន្មានដែលបានត្រូវលើកឡើងបានជាប់ទាក់ទងនឹងការគ្រប់គ្រងរបស់ទ្រង់ មិនមែនតេជានុភាពរបស់ទ្រង់ឡើយ។ ដូច្នេះ បើព្រះយេហូវ៉ាបានបំផ្លាញអ័ដាម អេវ៉ា និងសាតាំង ការនោះមិនបានបញ្ជាក់ថា ការគ្រប់គ្រងរបស់ទ្រង់គឺសុចរិតនោះទេ។ ផ្ទុយទៅវិញ នោះប្រហែលជានឹងធ្វើឲ្យមានការសង្ស័យថែមទៀតទៅលើការគ្រប់គ្រងរបស់ទ្រង់។ វិធីតែមួយគត់ដែលនឹងបង្ហាញឲ្យឃើញថា តើមនុស្សអាចគ្រប់គ្រងខ្លួនឯងបានដោយជោគជ័យឬក៏អត់បើគ្មានព្រះឬយ៉ាងណា គឺដោយឲ្យពេលវេលាជាអ្នកបង្ហាញ។
១០. ស្ដីអំពីការគ្រប់គ្រងរបស់មនុស្ស តើប្រវត្ដិសាស្ដ្របានបង្ហាញឲ្យឃើញអ្វីខ្លះ?
១០ តើពេលដែលកន្លងទៅបង្ហាញឲ្យឃើញអ្វី? ទូទាំងប្រវត្ដិសាស្ដ្រ មនុស្សជាតិបានសាកល្បងការគ្រប់គ្រងច្រើនយ៉ាង ដូចជាផ្ដាច់ការនិយម ប្រជាធិបតេយ្យ សង្គមនិយម និងកុម្មុយនីស្ដ។ លទ្ធផលនៃការគ្រប់គ្រងទាំងអស់នោះ ត្រូវសង្ខេបយ៉ាងចំៗក្នុងបទគម្ពីរដែលចែងថា៖ «មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។ (សាស្តា ៨:៩) ដោយមានហេតុល្អ ព្យាការីយេរេមាបានពោលយ៉ាង សមរម្យណាស់ថា៖ «ឱព្រះយេហូវ៉ាអើយ! ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។—យេរេមា ១០:២៣
១១. ហេតុអ្វីព្រះយេហូវ៉ាបានអនុញ្ញាតឲ្យមនុស្សជាតិឆ្លងកាត់ការឈឺចាប់?
១១ ព្រះយេហូវ៉ាជ្រាបដឹងតាំងពីដំបូងថា ការគ្រប់គ្រងដោយមនុស្សជាតិនឹងនាំឲ្យវេទនាខ្លាំងណាស់។ បើទ្រង់ជ្រាបដូច្នេះមែន តើទ្រង់បានប្រព្រឹត្ដដោយអយុត្ដិធម៌ពេលដែលទ្រង់អនុញ្ញាតឲ្យមនុស្សគ្រប់គ្រងនោះទេ? ប្រាកដជាមិនអយុត្ដិធម៌ទេ! ជាឧទាហរណ៍: ឧបមាថាកូនរបស់អ្នកត្រូវការវះកាត់ដើម្បីព្យាបាលជំងឺមួយដែលអាចបណ្ដាលឲ្យស្លាប់បើគ្មានការវះកាត់។ អ្នកដឹងថាការវះកាត់នោះនឹងធ្វើឲ្យកូនរបស់អ្នកឈឺចាប់ខ្លះៗដែរ ហើយនេះធ្វើឲ្យអ្នកពិបាកចិត្ដខ្លាំងណាស់។ ទន្ទឹមគ្នានេះដែរ អ្នកក៏ដឹងថាការព្យាបាលនោះនឹងធ្វើឲ្យកូនអ្នកមានសុខភាពល្អជាងនៅពេលក្រោយ។ ស្រដៀងគ្នាដែរ ព្រះជ្រាបនិងបានទាយថា ការអនុញ្ញាតឲ្យមនុស្សគ្រប់គ្រងនឹងនាំឲ្យមានការឈឺចាប់និងការរងទុក្ខ។ (លោកុប្បត្ដិ ៣:១៦-១៩) ប៉ុន្ដែ ទ្រង់ក៏បានជ្រាបដែរថា ទុក្ខលំបាកនឹងអាចបំបាត់បានដោយវិធីតែមួយគត់ គឺឲ្យមនុស្សគ្រប់គ្រងដើម្បីឲ្យឃើញដោយខ្លួនឯងនូវលទ្ធផលអាក្រក់ដែលមកពីការបះបោរ។ យ៉ាងនេះ រឿងចំណោទអំពីអធិបតេយ្យរបស់ព្រះអាចត្រូវដោះស្រាយមួយដងជាការស្រេច។
រឿងចំណោទទាក់ទងនឹងភាពស្មោះត្រង់របស់មនុស្ស
១២. ដូចដែលត្រូវសម្ដែងក្នុងករណីរបស់លោកយ៉ូប តើសាតាំងបានចោទប្រកាន់មនុស្សជាតិថាដូចម្ដេច?
១២ ចំណោទនេះនៅមានផ្នែកមួយទៀត។ ពេលដែលសាតាំងបានចោទទៅលើសិទ្ធិគ្រប់គ្រងរបស់ព្រះ វាមិនគ្រាន់តែបាននិយាយបង្កាច់បង្ខូចព្រះយេហូវ៉ាអំពីការគ្រប់គ្រងរបស់ទ្រង់ប៉ុណ្ណោះទេ តែវាក៏បាននិយាយបង្កាច់បង្ខូចអ្នកបំរើព្រះអំពីភាពស្មោះត្រង់របស់ពួកគេដែរ។ ជាឧទាហរណ៍ សូមកត់សម្គាល់នូវអ្វីដែលសាតាំងបានប្រាប់ព្រះយេហូវ៉ាអំពីលោកយ៉ូបដែលជាបុរសសុចរិតម្នាក់។ វាបាននិយាយថា៖ «តើទ្រង់មិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ នឹងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬអី? ទ្រង់បានប្រទានពរ ដល់ការដែលដៃគាត់ធ្វើ ទ្រព្យសម្បត្ដិគាត់ក៏បានចំរើនយ៉ូប ១:១០, ១១
ឡើងនៅលើផែនដី ដូច្នេះ ចូរទ្រង់គ្រាន់តែលូកព្រះហស្ដ ទៅពាល់របស់ផងគាត់ទាំងប៉ុន្មានចុះ! នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភក្ត្រ»។—១៣. ពេលសាតាំងបានចោទប្រកាន់ទៅលើភាពស្មោះត្រង់របស់លោកយ៉ូប តើការចោទប្រកាន់នោះបង្កប់អត្ថន័យអ្វី? តើនេះទាក់ទងនឹងមនុស្សគ្រប់រូបយ៉ាងដូចម្ដេច?
១៣ សាតាំងបានចោទថា ព្រះយេហូវ៉ាការពារយ៉ូបដោយតេជានុភាពរបស់ទ្រង់ដើម្បីយកចិត្ដយ៉ូបឲ្យស្មោះត្រង់។ នេះបានន័យថា ភាពស្មោះត្រង់របស់យ៉ូបគឺគ្រាន់តែជាការធ្វើពុតប៉ុណ្ណោះ ហើយបានន័យថាយ៉ូបគ្រាន់តែបំរើព្រះដើម្បីខ្លួនបានទទួលប្រយោជន៍តែប៉ុណ្ណោះ។ សាតាំងក៏បានអះអាងថា បើយ៉ូបមិនបានទទួលពរពីព្រះ គាត់នឹងប្រមាថដល់ព្រះដែលជាអ្នកបង្កើតគាត់។ សាតាំងដឹងថា គ្មានអ្នកណាដូចយ៉ូបដែល«គ្រប់លក្ខណ៍ហើយទៀងត្រង់ ក៏កោតខ្លាចដល់ព្រះហើយចៀសចេញពីសេចក្ដីអាក្រក់ផង»។ * ដូច្នេះ បើសាតាំងអាចបំផ្លាញភាពស្មោះត្រង់របស់យ៉ូប វាពិតជាអាចបំផ្លាញភាពស្មោះត្រង់របស់មនុស្សជាតិឯទៀត? ដូច្នេះ សាតាំងបានទម្លាក់ការសង្ស័យទៅលើភាពស្មោះត្រង់នៃមនុស្សគ្រប់រូបដែលចង់បំរើព្រះ ពេលវាបានប្រាប់ព្រះយេហូវ៉ាអំពីមនុស្សទូទៅថា៖ «មនុស្ស[មិនគ្រាន់តែយ៉ូបទេ]នឹងសុខចិត្ដលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ»។—យ៉ូប ១:៨; ២:៤, កំណែជាអក្សរទ្រេត
១៤. ស្ដីអំពីការចោទប្រកាន់របស់សាតាំងទៅលើមនុស្ស តើប្រវត្ដិសាស្ដ្របានបញ្ជាក់ឲ្យដឹងយ៉ាងណា?
១៤ ប្រវត្ដិសាស្ដ្របញ្ជាក់ឲ្យដឹងថា មនុស្សជាច្រើនក៏ដូចជាលោកយ៉ូបដែរ បានធ្វើផ្ទុយពីការអះអាងរបស់សាតាំងដោយនៅស្មោះត្រង់នឹងព្រះយេហូវ៉ាចំពោះមុខការល្បងល។ ដោយសារពួកគេបានស្មោះត្រង់ចំពោះព្រះអស់មួយជីវិត ពួកគេបានធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយ និងមានចម្លើយដើម្បីតបចំពោះការនិយាយបង្អួតរបស់សាតាំងថា មនុស្សនឹងឈប់បំរើព្រះពេលពួកគេរងទុក្ខលំបាក។ (ហេព្រើរ ១១:៤-៣៨) ពិតណាស់ មនុស្សដែលមានចិត្ដគំនិតត្រឹមត្រូវមិនព្រមបោះបង់ព្រះចោលឡើយ។ សូម្បីតែពេលពួកគេស្ថិតក្នុងកាលៈទេសៈពិបាកជាទីបំផុតក៏ដោយ ក៏ពួកគេរឹតតែពឹងពាក់ទៅលើព្រះយេហូវ៉ាដើម្បីបានកម្លាំងស៊ូទ្រាំ។—កូរិនថូសទី២ ៤:៧-១០
១៥. ឯរបៀបព្រះយេហូវ៉ាធ្លាប់ជំនុំជំរះនៅអតីតកាលនិងនៅអនាគតនោះ តើយើងអាចសួរសំនួរអ្វី?
១៥ ប៉ុន្ដែ យុត្ដិធម៌របស់ព្រះយេហូវ៉ារួមបញ្ចូលច្រើនជាងចំណោទដែលជាប់ទាក់ទងនឹងការគ្រប់គ្រងហើយភាពស្មោះត្រង់របស់មនុស្សជាតិ។ ព្រះគម្ពីរមានកំណត់ហេតុអំពីរបៀបព្រះយេហូវ៉ាធ្លាប់ជំនុំជំរះមនុស្សម្នាក់ៗ និងជំនុំជំរះសាសន៍ទាំងមូលក៏មាន។ ព្រះគម្ពីរក៏មានទំនាយស្ដីអំពីការជំនុំជំរះរបស់ទ្រង់នៅអនាគតផងដែរ។ ហេតុអ្វីយើងអាចជឿជាក់ថាព្រះយេហូវ៉ាបានហើយកំពុងតែជំនុំជំរះដោយសេចក្ដីសុចរិត?
មូលហេតុដែលយុត្ដិធម៌របស់ព្រះគឺល្អបំផុត
១៦, ១៧. ស្ដីអំពីយុត្ដិធម៌ពិត តើមានឧទាហរណ៍អ្វីខ្លះដែលបង្ហាញថាមនុស្សមានទស្សនៈមិនត្រឹមត្រូវ?
១៦ ព្រះគម្ពីរចែងយ៉ាងត្រឹមត្រូវអំពីព្រះយេហូវ៉ាថា៖ «អស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្ដិធម៌»។ (ចោទិយកថា ៣២:៤) គ្មានយើងណាម្នាក់ដែលអាចនិយាយសំដៅទៅលើខ្លួនឯងដូចនេះបានឡើយ ពីព្រោះមនុស្សមិនអាចមានទស្សនៈត្រឹមត្រូវទាំងស្រុងស្ដីអំពីយុត្ដិធម៌ពិតបានទេ។ ជាក់ស្ដែងដូចលោកអ័ប្រាហាំបានអង្វរព្រះយេហូវ៉ា កុំឲ្យបំផ្លាញចោលទីក្រុងសូដុំម ទោះជាមានអំពើទុច្ចរិតច្រើនក្រៃលែងនៅទីនោះក៏ដោយ។ អ័ប្រាហាំបានទូលសួរព្រះយេហូវ៉ាថា៖ «តើទ្រង់នឹង បំផ្លាញមនុស្សសុចរិត ជាមួយនឹងមនុស្សអាក្រក់ផងដែរឬ?»។ (លោកុប្បត្ដិ ១៨:២៣-៣៣) ការពិត ទ្រង់មិនធ្វើដូច្នេះទេ។ នៅពេលដែលលោកឡុតនិងកូនស្រីរបស់គាត់ទៅដល់ទីក្រុងសូអាររួចហើយ ទើបព្រះយេហូវ៉ា«បង្អុរភ្លៀងជាស្ពាន់ធ័រនឹងភ្លើងពីលើមេឃ»មកលើក្រុងសូដុំម។ (លោកុប្បត្ដិ ១៩:២២-២៤) ផ្ទុយទៅវិញ យ៉ូណាសបានត្រឡប់ជា«ខឹងយ៉ាងខ្លាំង»ពេលព្រះសម្ដែងសេចក្ដីមេត្ដាករុណាចំពោះប្រជាជននៅក្រុងនីនីវេ។ ដោយព្រោះយ៉ូណាសបានប្រកាសរួចហើយថា ប្រជាជននៅក្រុងនីនីវេនឹងត្រូវបំផ្លាញចោលនោះ គាត់នឹងពេញចិត្ដដោយឃើញពួកគេវិនាសឲ្យសមតាមសំដីរបស់គាត់ ទោះជាពួកគេបានប្រែចិត្ដក៏ដោយ។—យ៉ូណាស ៣:១០–៤:១, ខ.ស.
១៧ ព្រះយេហូវ៉ាបានធានាអ័ប្រាហាំថា យុត្ដិធម៌របស់ទ្រង់មិនគ្រាន់តែរួមបញ្ចូលការបំផ្លាញមនុស្សទុច្ចរិតទេ តែក៏រួមបញ្ចូលការសង្គ្រោះមនុស្សសុចរិតផងដែរ។ ម្យ៉ាងទៀតយ៉ូណាសបានរៀនដឹងថា ព្រះយេហូវ៉ាប្រកបទៅដោយសេចក្ដីមេត្ដាករុណា។ បើមនុស្សទុច្ចរិតប្រែចិត្ដ ទ្រង់«បំរុងតែនឹងអត់ទោស»។ (ទំនុកដំកើង ៨៦:៥) មនុស្សខ្លះដែលខ្លាចបាត់បង់ឋានៈខ្លួន កាត់ទោសអ្នកឯទៀតដើម្បីបង្ហាញថាពួកគេ មានអំណាច។ ក៏ប៉ុន្ដែ ព្រះយេហូវ៉ាមិនដែលកាត់ទោសមនុស្ស ដើម្បីបង្ហាញថាទ្រង់មានអំណាចឡើយ ហើយទ្រង់ក៏មិនដូចមនុស្សដែលមិនព្រមបង្ហាញសេចក្ដីមេត្ដាករុណាដោយខ្លាចអ្នកឯទៀតចាត់ទុកថាពួកគេគ្មានអំណាច។ របៀបទ្រង់ប្រព្រឹត្ដគឺ ទ្រង់បង្ហាញសេចក្ដីមេត្ដាករុណានៅពេលមានមូលហេតុ។—អេសាយ ៥៥:៧; អេសេគាល ១៨:២៣
១៨. សូមប្រើព្រះគម្ពីរដើម្បីបង្ហាញថា ការប្រព្រឹត្ដរបស់ព្រះយេហូវ៉ាមិនផ្អែកទៅលើមនោសញ្ចេតនានោះឡើយ។
១៨ ក៏ប៉ុន្ដែ ព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យមនោសញ្ចេតនាបាំងព្រះនេត្រទ្រង់នោះឡើយ។ ពេលរាស្ដ្ររបស់ព្រះយេហូវ៉ាបានចាប់ផ្ដើមថ្វាយបង្គំរូបព្រះពាសពេញនោះ ទ្រង់បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា៖ ‹យើងនឹងជំនុំជំរះអ្នកតាមគ្រប់ទាំងអំពើរបស់អ្នក ព្រមទាំងទំលាក់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់អ្នកមកលើអ្នកផង។ ភ្នែកយើងនឹងមិនប្រណី ឬអាណិតមេត្ដាដល់អ្នកឡើយ គឺយើងនឹងទំលាក់អស់ទាំងអំពើរបស់អ្នកមកលើអ្នក›។ (អេសេគាល ៧:៣, ៤) ដូច្នេះ ពេលមនុស្សជាតិរឹងចចេសក្នុងការធ្វើអំពើខុស ព្រះយេហូវ៉ានឹងជំនុំជំរះគេឲ្យសមទៅតាមការប្រព្រឹត្ដរបស់ពួកគេ។ ប៉ុន្ដែ ការជំនុំជំរះរបស់ទ្រង់មានមូលដ្ឋានលើភស្ដុតាងដែលអាចទុកចិត្ដបាន។ ដូច្នេះ ពេលទ្រង់ឮនូវការ«ចោទប្រកាន់»ក្រុងសូដុំមនិងក្រុងកូម៉ូរ៉ា នោះទ្រង់មានបន្ទូលថា៖ «យើងត្រូវតែចុះទៅមើលដើម្បីអោយដឹងថា អំពើដែលគេប្រព្រឹត្ដនោះ ពិតដូចពាក្យដែលលាន់ឮមកដល់យើង ឬយ៉ាងណា»។ (កំណើតពិភពលោក ១៨:២០, ២១, ខ.ស.) យើងពិតជាមានអំណរគុណណាស់ដែលព្រះយេហូវ៉ាគឺមិនដូចមនុស្សជាតិដែលសម្រេចក្ដីយ៉ាងឆាប់រហ័សមុនស្គាល់ហេតុការណ៍ពិត! ប្រាកដណាស់ ព្រះយេហូវ៉ាគឺដូចព្រះគម្ពីរបញ្ជាក់ថា«ព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិត[«អយុត្ដិធម៌», ព.ថ.]ណាឡើយ»។—ចោទិយកថា ៣២:៤
ចូរទុកចិត្ដលើយុត្ដិធម៌របស់ព្រះយេហូវ៉ា
១៩. តើយើងអាចធ្វើយ៉ាងណាបើយើងមានចម្ងល់អំពីរបៀបព្រះយេហូវ៉ាជំនុំជំរះ?
១៩ ព្រះគម្ពីរមិនឆ្លើយសំនួរទាំងអស់ដែលទាក់ទងនឹងការប្រព្រឹត្ដរបស់ព្រះយេហូវ៉ានៅអតីតកាល ហើយក៏មិនរៀបរាប់ល្អិតល្អន់អំពីរបៀបព្រះយេហូវ៉ានឹងជំនុំជំរះមនុស្សម្នាក់ៗនិងបក្សពួកផ្សេងៗនៅអនាគតដែរ។ ពេលយើងឆ្ងល់អំពីកំណត់ហេតុឬទំនាយព្រះគម្ពីរដែលគ្មានការរៀបរាប់ល្អិតល្អន់នោះ យើងអាចបង្ហាញសេចក្ដីមីកា ៧:៧
ស្មោះត្រង់ដូចព្យាការីមីកាដែលសរសេរថា៖ «ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ»។—២០, ២១. ហេតុអ្វីបានជាយើងអាចជឿជាក់ថា ព្រះយេហូវ៉ានឹងធ្វើអ្វីដ៏ត្រឹមត្រូវជារៀងរហូត?
២០ យើងអាចជឿជាក់ថា ព្រះយេហូវ៉ានឹងប្រព្រឹត្ដត្រឹមត្រូវក្នុងគ្រប់កាលៈទេសៈទាំងអស់។ សូម្បីតែពេលមនុស្សជាតិមិនអើពើនឹងយុត្ដិធម៌ក៏ដោយ ព្រះយេហូវ៉ាសន្យាថា៖ ‹ការសងសឹក នោះស្រេចនឹងយើង យើងនឹងសងដល់គេ›។ (រ៉ូម ១២:១៩) បើយើងបង្ហាញចិត្ដអត់ធ្មត់ យើងអាចមានទំនុកចិត្ដទៅលើទ្រង់ដូចដែលសាវ័កប៉ុលបានមានទំនុកចិត្ដដែរ ពេលគាត់ពោលថា៖ «តើព្រះមានសេចក្ដីទុច្ចរិត[«អយុត្ដិធម៌», ព.ថ.]ឬអី? ទេ! គ្មានសោះ!»។—រ៉ូម ៩:១៤
២១ នៅចន្លោះពេលនេះ យើងរស់នៅ«គ្រាលំបាកណាស់»។ (ធីម៉ូថេទី២ ៣:១) ភាពអយុត្ដិធម៌និង«ការសង្កត់សង្កិន»បាននាំឲ្យមានការធ្វើទុក្ខទោសយ៉ាងឃោរឃៅ។ (សាស្តា ៤:១) ក៏ប៉ុន្ដែ ព្រះហឫទ័យរបស់ព្រះយេហូវ៉ាមិនបានប្រែប្រួលឡើយ។ ទ្រង់នៅតែស្អប់ភាពអយុត្ដិធម៌ ហើយទ្រង់យកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះអស់អ្នកដែលរងគ្រោះដោយសារភាពអយុត្ដិធម៌។ បើយើងនៅស្មោះត្រង់នឹងព្រះយេហូវ៉ាព្រមទាំងការគ្រប់គ្រងរបស់ទ្រង់ ទ្រង់នឹងផ្ដល់កម្លាំងចិត្ដឲ្យយើងស៊ូទ្រាំរហូតដល់ពេលដែលទ្រង់បំបាត់ភាពអយុត្ដិធម៌ចេញនៅក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ទ្រង់។—ពេត្រុសទី១ ៥:៦, ៧
^ វគ្គ 13 ព្រះយេហូវ៉ាបានមានបន្ទូលអំពីយ៉ូបថា៖ «គ្មានអ្នកណាមួយនៅផែនដីឲ្យដូចគាត់ឡើយ»។ (យ៉ូប ១:៨) ដូច្នេះ យ៉ូបទំនងជាបានរស់នៅក្រោយយ៉ូសែបបានស្លាប់ទៅ និងមុនម៉ូសេបានក្លាយជាអ្នកដឹកនាំសាសន៍អ៊ីស្រាអែល ទើបពេលនោះព្រះអាចមានបន្ទូលថា គ្មានអ្នកណាមានភាពស្មោះត្រង់ដូចយ៉ូបឡើយ។