លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​ទី​៩

ចូរសប្បាយនឹងជីវិតដ៏គាប់ចិត្ត នៅពេលឥឡូវនេះ និងជារៀងរហូតតទៅ!

ចូរសប្បាយនឹងជីវិតដ៏គាប់ចិត្ត នៅពេលឥឡូវនេះ និងជារៀងរហូតតទៅ!

អ្នក​អាច​មាន​ជីវិត​ដ៏​គាប់​ចិត្ត បើ​អ្នក​បណ្ដុះ​ឲ្យ​មាន​មិត្តភាព​ជា​មួយ​នឹង​ព្រះ

 តាម​ប្រវត្ដិសាស្ត្រ​ព្រះ​គម្ពីរ លោក​អ័ប្រាហាំ​ជា​បុរស​ដ៏​ល្បី​ម្នាក់​ដែល​មាន​ជំនឿ បាន​ចាក​ចេញ​ពី​ជីវិត​ដ៏​ធូរ​ធារ​នៅ​ទី​ក្រុង​អ៊ើរ​ដ៏​ស្តុក​ស្តម្ភ។ ក្រោយ​ពី​ស្នាក់​នៅ​ស្រុក​ខារ៉ាន​អស់​មួយ​រយៈ នោះ​លោក​បាន​ចំណាយ​អស់​មួយ​ជីវិត​លោក រស់​នៅ​ក្នុង​ត្រសាល​ជា​មនុស្ស​ត្រាច់​ចរ ដោយ​ឥត​មាន​លំនៅ​ជា​អចិន្ត្រៃយ៍​ឡើយ។ (​លោកុប្បត្តិ ១២:១​-​៣; កិច្ច​ការ ៧:២​-​៧; ហេព្រើរ ១១:៨​-​១០​) ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​បាន​កត់​ទុក​ថា​៖ ​«​កាល​គាត់​បាន​អាយុ​វែង​ល្អ ព្រម​ទាំង​ស្កប់​ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ នោះ​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ​»។ (​លោកុប្បត្តិ ២៥:៨​) តើ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​លោក​មាន​ភាព​គាប់​ចិត្ត​ម្ល៉េះ? លោក​មិន​មែន​គ្រាន់​តែ​ជា​មនុស្ស​ចាស់​ជរា ដែល​បាន​គាប់​ចិត្ត​នឹង​ស្នា​ដៃ​របស់​លោក​ក្នុង​កំឡុង​ពេល​នៅ​រស់ ដែល​បាន​ស្ថាបនា​ពី​មុន​ជិត​ស្លាប់​នោះ​ទេ។ ក្រោយ​មក លោក​អ័ប្រាហាំ​បាន​ត្រូវ​ហៅ​ជា​‹មិត្ត​សំឡាញ់​របស់​ព្រះ​យេហូវ៉ា› ដោយ​ព្រោះ​ជំនឿ​ដ៏​អស្ចារ្យ​លើ​ព្រះ។ (​យ៉ាកុប ២:២៣; អេសាយ ៤១:៨​) អ្វី​ដែល​បាន​ធ្វើ​ឲ្យ​លោក​អ័ប្រាហាំ​មាន​ជីវិត​ដ៏​គាប់​ចិត្ត នោះ​គឺ​ទំនាក់​ទំនង​ដ៏​មាន​អត្ថន័យ​ជា​មួយ​នឹង​ព្រះ​អាទិទេព​របស់​លោក។

តើ​ជីវិត​របស់​អ្នក​អាច​ជា​ទី​គាប់​ចិត្ត​ច្រើន​ជាង​ជីវិត​របស់​លោក​អ័ប្រាហាំ​ឬ​ទេ?

សព្វ​ថ្ងៃ​នេះ លោក​អ្នក​ក៏​អាច​ប្រកប​ជីវិត​ដ៏​គាប់​ចិត្ត​ដែល​មាន​អត្ថន័យ​ដូច​ជា​លោក​អ័ប្រាហាំ​ធ្លាប់​មាន​ប្រមាណ​៤.០០០​ឆ្នាំ​មក​ហើយ​នោះ​ដែរ ប្រសិន​បើ​អ្នក​បណ្ដុះ​ឲ្យ​មាន​មិត្តភាព​ជា​មួយ​នឹង​ព្រះ​នោះ។ អ្នក​អាច​មាន​អារម្មណ៍​ចម្លែក​ចិត្ត ដោយ​គិត​អំពី​ការ​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ​អាទិទេព​នៃ​សកល​លោក​នេះ ប៉ុន្តែ​គឺ​អាច​ធ្វើ​ទៅ​បាន។ តើ​តាម​របៀប​ណា​ទៅ? អ្នក​ត្រូវ​តែ​ផ្ដើម​ស្គាល់​ទ្រង់ និង​ស្រឡាញ់​ទ្រង់។ (​កូរិនថូស​ទី​១ ៨:៣; កាឡាទី ៤:៩​) ការ​មាន​ទំនាក់​ទំនង​បែប​នេះ​ជា​មួយនឹង​ព្រះ​អាទិទេព អាច​ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ដ៏​គាប់​ចិត្ត ព្រម​ទាំង​មាន​អត្ថន័យ​ទៀត​ផង។

ចំពោះ​អស់​អ្នក​ដែល​សុខ​ចិត្ត​ទទួល​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ នោះ​ព្រះ​យេហូវ៉ា​បាន​ប្រទាន​នូវ​គោល​ការណ៍​ណែនាំ​ដើម្បី​មាន​ជីវិត​ដែល​ប្រកប​ដោយ​សុភមង្គល។ (​អេសាយ ៤៨:១៧​) ចូរ​ចង​ចាំ​ថា អ័ដាម​បាន​បះ​បោរ​ប្រឆាំង​ព្រះ ដោយ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​នូវ​អ្វី​ដែល​ល្អ​និង​អាក្រក់។ ថ្វី​បើ​ព្រះ​យេហូវ៉ា​បាន​លោះ​ក្រុម​គ្រួសារ​មនុស្សជាតិ​មក​វិញ តាម​រយៈ​យញ្ញ​បូជា​របស់​បុត្រ​ទ្រង់ ដែល​ផ្ដល់​ឲ្យ​គេ​រួច​ពី​ចំណង​នៃ​បាប​និង​សេចក្ដី​ស្លាប់​ក៏​ដោយ តែ​បុគ្គល​ម្នាក់​ៗ​ត្រូវ​តែ​ទទួល​យក​តម្លៃ​លោះ​នោះ និង​ឈប់​បង្កើត​ខ្នាត​តម្រា​តាម​តែ​ចិត្ត​ខ្លួន​ចំពោះ​អ្វី​ដែល​ល្អ​និង​អាក្រក់។ យើង​ត្រូវ​តែ​ចុះ​ចូល​នឹង​ក្រិត្យ​វិន័យ​និង​គោល​ការណ៍ ដែល​ព្រះ​ប្រទាន​ឲ្យ​ដល់​អស់​អ្នក​ដែល​ទទួល​យក​យញ្ញ​បូជា​លោះ​របស់​ព្រះ​យេស៊ូ។

‹សូម​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូល​បង្គំ​ផង›

កាល​ដែល​អ្នក​បន្ត​សិក្សា​ព្រះ​គម្ពីរ និង​អនុវត្ត​តាម​គោល​ការណ៍​ដែល​មាន​ក្នុង​នោះ អ្នក​នឹង​ប្រាកដ​ជា​មាន​ចិត្ត​អបអរ​នូវ​សារៈ​សំខាន់​នៃ​ខ្នាត​តម្រា​របស់​ព្រះ ស្តី​អំពី​អ្វី​ដែល​ល្អ​និង​អាក្រក់​ជា​ពុំ​ខាន។ (​ទំនុក​ដំកើង ១៩:៧​-​៩​) អ្នក​នឹង​ត្រូវ​ជំរុញ​ចិត្ត​និយាយ​អំពី​ព្រះ ដូច​ជា​ម៉ូសេ​ដែល​ជា​ព្យាការី​របស់​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ‹បើ​ទូល​បង្គំ​ប្រកប​ដោយ​ព្រះ​គុណ​នៃ​ទ្រង់​ពិត​មែន នោះ​សូម​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូល​បង្គំ​ផង ដើម្បី​ឲ្យ​ទូល​បង្គំ​បាន​ស្គាល់​ទ្រង់›។ (​និក្ខមនំ ៣៣:១៣; ទំនុក​ដំកើង ២៥:៤​) ព្រះ​គម្ពីរ​ផ្ដល់​ឲ្យ​គោល​ការណ៍​នានា ដើម្បី​ណែនាំ​យើង​ឲ្យ​ឆ្លង​កាត់​បញ្ហា​ដោយ​ព្រោះ​«​នៅ​ជាន់​ក្រោយ​បង្អស់ នឹង​មាន​គ្រា​លំបាក​ណាស់​»។ (​ធីម៉ូថេ​ទី​២ ៣:១​) អ្នក​នឹង​មាន​ការ​អបអរ​ច្រើន​ឡើង ដែល​នាំ​ឲ្យ​អ្នក​ស្គាល់​ព្រះ​យេហូវ៉ា​ប្រសើរ​ឡើង​ទៀត និង​ពង្រឹង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ទ្រង់។

លោក​អ័ប្រាហាំ​បាន​ស្លាប់​ក្នុង​កាល​ដែល​លោក​មាន​«​អាយុ​វែង​ល្អ ព្រម​ទាំង​ស្កប់​ស្កល់​»​ ប៉ុន្តែ​ឲ្យ​តែ​យើង​នៅ​តែ​ស្លាប់ នោះ​ជីវិត​គឺ​នៅ​តែ​ខ្លី​ដដែល។ សេចក្ដី​ប្រាថ្នា​ចង់​រស់​គឺ​មាន​ក្នុង​យើង​ពី​កំណើត ទោះ​ជា​មាន​អាយុ​ចាស់​យ៉ាង​ណា​ក៏​ដោយ។ នេះ​គឺ​ពីព្រោះ​«​ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ចការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ​»។ (​សាស្ដា ៣:១១​) ទោះ​ជា​រស់​នៅ​ជា​រៀង​រហូត​ត​ទៅ ក៏​យើង​នឹង​មិន​អាច​យល់​ពី​ការ​បង្កើត​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​បាន​ដែរ។ អ្វី​ដែល​យើង​អាច​សង្កេត​មើល និង​សិក្សា​ស្រាវ​ជ្រាវ ថែម​ទាំង​ពេញ​ចិត្ត​នឹង​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ​យេហូវ៉ា នោះ​គឺ​គ្មាន​កំរិត​ទេ!—ទំនុក​ដំកើង ១៩:១​-​៤; ១០៤:២៤; ១៣៩:១៤

អ្នក​ប្រហែល​ជា​មិន​មាន​ចិត្ត​ចង់​រស់​នៅ​ជា​រៀង​រហូត​ទេ បើ​ផែនដី​នេះ​នឹង​មាន​ពេញ​ដោយ​បញ្ហា​នានា ដែល​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ នេះ​មិន​មែន​ជា​បុព្វហេតុ​ចំពោះ​សេចក្ដី​ខ្វល់​ខ្វាយ​នោះ​ទេ។ ព្រះ​គម្ពីរ​សន្យា​ថា​៖ ​«​តាម​សេចក្ដី​សន្យា​របស់​ទ្រង់ នោះ​យើង​រាល់​គ្នា​ទន្ទឹង​ចាំ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សុទ្ធ​តែ​សេចក្ដី​សុចរិត​វិញ​»។ (​ពេត្រុស​ទី​២ ៣:១៣​) ពាក្យ​«​ផ្ទៃ​មេឃ​ថ្មី​»​សំដៅ​ទៅ​រដ្ឋាភិបាល​ថ្មី​មួយ​នៅ​ស្ថាន​សួគ៌ ដែល​ជា​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ដែល​នឹង​គ្រប់​គ្រង​ទៅ​លើ​ផែនដី​ទាំង​មូល។ ​«​ផែនដី​ថ្មី​»​ជា​សង្គម​មនុស្ស​ថ្មី ជា​អស់​អ្នក​ដែល​ចេះ​ស្ដាប់​បង្គាប់​តាម​ការ​គ្រប់​គ្រង​នៃ​ព្រះ​រាជាណាចក្រ​នោះ។ ដើម្បី​ធ្វើ​ឲ្យ​នេះ​មាន​ភាព​ប្រាកដ​ប្រជា នោះ​មិន​យូរ​ប៉ុន្មាន​ទៀត​ទេ ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ​ទាស់​នឹង​អស់​អ្នក​ដែល​«​បង្ខូច​ផែនដី​»។—វិវរណៈ ១១:១៨; ពេត្រុស​ទី​២ ៣:១០

តើ​យូរ​ប៉ុន្មាន​ទៀត​ទៅ? ជា​ផ្នែក​នៃ​‹ទី​សំគាល់​ពី​គ្រា​ចុង​បញ្ចប់​នៃ​របប​លោកីយ៍› នោះ​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​រួម​បញ្ចូល​សង្គ្រាម​នានា​ដែល​ទាក់​ទង​ជា​មួយ​សាសន៍​ជា​ច្រើន ដោយ​មាន​បន្ទូល​ថា​៖ ​«​នឹង​កើត​មាន​អំណត់ . . . និង​កក្រើក​ដី​នៅ​កន្លែង​ផ្សេង​ៗ​»។ ‹រោគ​រាតត្បាត› និង​«​ការ​ទទឹង​ច្បាប់​នឹង​ចំរើន​ជា​ច្រើន​ឡើង​»។ (​ម៉ាថាយ ២៤:៣​-​១៣; លូកា ២១:១០, ១១; ធីម៉ូថេ​ទី​២ ៣:១​-​៥​) រួច​មក ទ្រង់​បាន​ទាយ​ថា​៖ ​«​កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កើត​មក នោះ​ត្រូវ​ដឹង​ថា នគរ​ព្រះ​ជិត​ដល់​ហើយ​យ៉ាង​ដូច្នោះ​ដែរ​»។ (​លូកា ២១:៣១​) ប្រាកដ​ហើយ ពេល​វេលា​ដែល​ព្រះ​យេហូវ៉ា​នឹង​កំទេច​ចោល​មនុស្ស​អាក្រក់ គឺ​កាន់​តែ​ជិត​មក​ដល់​មែន​ហើយ។ a

ក្រោយ​ពី​«​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​បំផុត​»​ ពេល​ដែល​ព្រះ​យេហូវ៉ា​នឹង​បោស​សំអាត​អំពើ​អាក្រក់​ជួជាតិ​ចេញ​ពី​ផែនដី នោះ​ផែនដី​យើង​នេះ​នឹង​បាន​ទៅ​ជា​សួន​មនោរម្យ។ (​វិវរណៈ ១៦:១៤, ១៦; អេសាយ ៥១:៣​) រួច​មក ​«​ពួក​អ្នក​សុចរិត​នឹង​បាន​ស្រុក​ទុក​ជា​មរដក ហើយ​នឹង​នៅ​ក្នុង​ស្រុក​នោះ​ជា​និច្ច​»។ (​ទំនុក​ដំកើង ៣៧:២៩​) ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​អស់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ? ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា​៖ ​«​កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្ដី​នេះ​ឡើយ ដ្បិត​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក គឺ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត ឯ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​វិញ គេ​នឹង​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស​»។ (​យ៉ូហាន ៥:២៨, ២៩​) ព្រះ​យេហូវ៉ា​ដែល​មាន​ព្រះ​ទ័យ​ចាប់​អារម្មណ៍​នឹង​បុគ្គល​ម្នាក់​ៗ ប្រាថ្នា​ចង់​ប្រោស​ជីវិត​អស់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ។ ពួក​អ្នក​វិទ្យា​សាស្ត្រ​អាច​ខំ​បង្កើត​មនុស្ស​តាម​រយៈ​បច្ចេកទេស​ខាង​ហ្សែន ចំណែក​ឯ​ព្រះ​អាទិទេព​វិញ ទ្រង់​មិន​ចាំ​បាច់​ធ្វើ​អ៊ីចឹង​ទេ។ ទ្រង់​មាន​សមត្ថភាព​ចង​ចាំ​ពត៌មាន​ទាំង​អស់​អំពី​បុគ្គល​ម្នាក់ និង​ធ្វើ​ឲ្យ​បុគ្គលម្នាក់​ៗ​មាន​ជីវិត​ឡើង​វិញ​បាន​ដែរ។ ត្រូវ​ហើយ អ្នក​មាន​សេចក្ដី​សង្ឃឹម​ជួប​អ្នក​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ នៅ​លើ​ផែនដី​មនោរម្យ!

តើ​ជីវិត​នៅ​ក្នុង​សួន​មនោរម្យ​នឹង​ទៅ​ជា​យ៉ាង​ណា? ផែនដី​នេះ​នឹង​មាន​ពេញ​ដោយ​មនុស្ស​ប្រុស​ស្រី​ដ៏​សប្បាយ ដែល​មាន​ឯកភាព​គ្នា​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​អាទិទេព។ ​«​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​គេ​នឹង​មិន​ថា​៖ ‹ខ្ញុំ​ឈឺ›​ទៀត​ឡើយ​»។ (​អេសាយ ៣៣:២៤; ៥៤:១៣​) គ្មាន​អ្នក​ណា​ម្នាក់​ដែល​នឹង​ជួប​ប្រទះ​ភាព​តាន​តឹង​ដ៏​អួ​អាប់ ឬ​មាន​ជម្ងឺ​ខាង​ផ្លូវ​ចិត្ត​និង​ជម្ងឺ​សរសៃ​ប្រសាទ​ឡើយ។ មនុស្ស​ទាំង​អស់​គ្នា​នឹង​មាន​ម្ហូប​អាហារ​បរិបូរ​ដើម្បី​បរិភោគ ហើយ​គាប់​ចិត្ត​នឹង​កិច្ចការ​ដែល​ស្រប​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។ (​ទំនុក​ដំកើង ៧២:១៦; អេសាយ ៦៥:២៣​) ពួក​គេ​នឹង​មាន​ភាព​សុខ​សាន្ត​ជា​មួយ​នឹង​សត្វ​ព្រម​ទាំង​ជា​មួយ​មនុស្ស​គ្នី​គ្នា ហើយ​អ្វី​ដ៏​សំខាន់​បំផុត គឺ​«​បាន​មេត្រី​នឹង​ព្រះ​»។—រ៉ូម ៥:១; ទំនុក​ដំកើង ៣៧:១១; ៧២:៧; អេសាយ ១១:៦​-​៩

១០ តើ​អ្នក​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​បាន​នៅ​ក្នុង​សួន​មនោរម្យ ហើយ​ទទួល​ជីវិត​ដ៏​គាប់​ចិត្ត​បំផុត​នោះ? ព្រះ​យេស៊ូ​គ្រីស្ទ​បាន​មាន​បន្ទូល​ថា​៖ ​«​នេះ​ជា​ជីវិត​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​មាន​ចំណេះ​អំពី​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង​»។ (​យ៉ូហាន ១៧:៣, ព.ថ.​) ដូច្នេះ ចូរ​បន្ត​ទទួល​យក​ចំណេះ​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ ដោយ​រៀន​ឲ្យ​ដឹង​អ្វី​ដែល​ព្រះ​តម្រូវ​ពី​អ្នក​ចុះ! រួច​មក អ្នក​អាច​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ហើយ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ដ៏​គាប់​ចិត្ត​ជា​ទី​បំផុត។

a អ្នក​អាច​រៀន​ថែម​ទៀត​អំពី​ទំនាយ​នេះ​ក្នុង​ជំពូក​ទី​១១ នៃ​សៀវភៅ ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។