លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​ទី​១

ជីវិតដ៏គាប់ចិត្ត តើគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះឬ?

ជីវិតដ៏គាប់ចិត្ត តើគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះឬ?

 នៅ​ក្នុង​ប្រទេស​ជឿន​លឿន​មួយ ផ្ទះ​មួយ​ខ្នង​ដែល​បាន​ប្រដាប់​ដោយ​គ្រឿង​សង្ហារិម​ដ៏​ប្រណីត​ៗ​គ្រប់​បែប​យ៉ាង នេះ​មើល​ទៅ​ដូច​ជា ផ្ទះ​នោះ​មាន​ជីវភាព​ធូរ​ធារ​និង​មាន​ទ្រព្យ​សម្បត្ដិ​ស្តុក​ស្តម្ភ។ ក៏​ប៉ុន្តែ បើ​អ្នក​ឈាន​ជើង​ចូល​ទៅ​ក្នុង តើ​អ្នក​នឹង​ឃើញ​អ្វី​ខ្លះ? អ្នក​នឹង​ឃើញ​បរិយាកាស​ដ៏​អាប់​អួ​និង​គ្មាន​ភាព​សប្បាយ​ទៀត​ផង។ កូន​ជំទង់​ម្នាក់​តប​ឆ្លើយ​នឹង​មាតា​បិតា​គាត់​ដោយ​មុខ​ក្រញូវ​ថា​«​បាទ​»​ឬ​«​ទេ​»។ មាតា​នេះ​ចង់​បាន​ជា​ខ្លាំង​នូវ​ការ​ចាប់​អារម្មណ៍​ពី​ស្វាមី​គាត់។ ហើយ​បិតា​នេះ​មិន​ចង់​ឲ្យ​អ្នក​ណា​មក​រំខាន​គាត់​ឡើយ។ ឪពុក​ម្ដាយ​ដ៏​ចាស់​ជរា​នៃ​ស្វាមី​ភរិយា​មួយ​គូ​នេះ ដែល​រស់​នៅ​កន្លែង​ផ្សេង​ដោយ​ខ្លួន​គេ ចង់​ឲ្យ​គ្រួសារ​នេះ​មក​លេង​ពួក​គាត់​ណាស់ ពីព្រោះ​ពួក​គាត់​ខាន​ឃើញ​ពួក​គេ​ជា​យូរ​ខែ​ណាស់​មក​ហើយ។ ម្យ៉ាង​វិញ​ទៀត ក្រុម​គ្រួសារ​ជា​ច្រើន​កំពុង​តែ​ប្រឈម​មុខ​នឹង​ភាព​តាន​តឹង​ចិត្ត​បែប​នេះ ហើយ​ពួក​គេ​ក៏​បាន​ដោះ​ស្រាយ​បញ្ហា​នោះ​រួច ថែម​ទាំង​ពិត​ជា​មាន​សុភមង្គល​ទៀត​ផង។ តើ​អ្នក​ឆ្ងល់​មូលហេតុ​អ្វី​ទេ?

សូម​គិត​អំពី​គ្រួសារ​មួយ​ក្នុង​ប្រទេស​ដែល​កំពុង​តែ​អភិវឌ្ឍន៍ ប្រហែល​ជា​ក្នុង​ភូមិ​ភាគ​មួយ​ទៀត​ក្នុង​ពិភព​លោក​នេះ។ សមាជិក​ទាំង​ប្រាំ​ពីរ​នាក់​រស់​នៅ​ក្នុង​ខ្ទម ដែល​ស្ទើរ​តែ​នឹង​រលំ។ ពួក​គេ​ឥត​ដឹង​ប្រាកដ​ថា គេ​នឹង​បាន​អាហារ​ជា​បន្ទាប់​នោះ​នៅ​ពេល​ណា​ទេ។ នេះ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​មែន ដែល​ថា​មនុស្សជាតិ​មិន​អាច​បំបាត់​ចោល​នូវ​កង្វះ​ខាត​ខាង​ចំណី​អាហារ​និង​ភាព​ក្រី​ក្រ​ក្នុង​ពិភព​លោក​នេះ​បាន។ ក៏​ប៉ុន្តែ គឺ​មាន​ក្រុម​គ្រួសារ​ជា​ច្រើន​លើ​ផែនដី​នេះ ដែល​បាន​ប្រឈម​មុខ​នឹង​ភាព​ក្រី​ក្រ ដោយ​មាន​ចិត្ត​រីករាយ។ ហេតុ​អ្វី?

សូម្បី​តែ​នៅ​ក្នុង​ប្រទេស​សម្បូណ៌​ទ្រព្យ​ធន ក៏​អាច​មាន​បញ្ហា​ខាង​ប្រាក់​កាស​ដែរ។ ក្រុម​គ្រួសារ​មួយ​នៅ​ស្រុក​ជប៉ុន​បាន​ទិញ​ផ្ទះ​របស់​គេ ពេល​ដែល​«​កំណើន​»​សេដ្ឋកិច្ច​ឡើង​ដល់​កំពូល។ ដោយ​ទុក​ចិត្ត​ទាំង​ស្រុង​អំពី​កំណើន​ប្រាក់​ខែ​នៅ​អនាគត នោះ​ពួក​គេ​បាន​សុខ​ចិត្ត​សង​បំណុល​ដែល​មាន​ចំនួន​យ៉ាង​ច្រើន។ ប៉ុន្តែ ពេល​ដែល​«​កំណើន​»​សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ នោះ​ពួក​គេ​លែង​អាច​សង​បំណុល​ទៀត ហើយ​ត្រូវ​តែ​លក់​ផ្ទះ​របស់​គេ​ក្នុង​តម្លៃ​មួយ​ថោក​ជាង​ពេល​ដែល​គេ​បាន​ទិញ​ទៅ​ទៀត។ ថ្វី​បើ​ពួក​គេ​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ក៏​ដោយ ក៏​គ្រួសារ​នេះ​នៅ​តែ​សង​បំណុល​គេ​នៅ​ឡើយ។ អ្វី​ដែល​បន្ថែម​លើ​បន្ទុក​នេះ ពួក​គេ​មាន​ទុក្ខ​លំបាក​ក្នុង​ការ​ពុះ​ពារ​ខាង​ការ​សង​បំណុល ដោយ​សារ​ការ​ប្រើ​ប័ណ្ណ​ឥណទាន​ដោយ​ឥត​ប្រាជ្ញា។ ដោយ​សារ​មាន​ឪពុក​លេង​ល្បែង​ភ្នាល់​សេះ នោះ​គ្រួសារ​នេះ​កាន់​តែ​ជំពាក់​បំណុល​ច្រើន​ឡើង​ៗ។ ប៉ុន្តែ ក្រុម​គ្រួសារ​ជា​ច្រើន​បាន​ធ្វើ​ការ​កែ​សម្រួល​ក្នុង​ជីវិត​របស់​គេ ដែល​បាន​នាំ​ឲ្យ​មាន​សុភមង្គល។ តើ​អ្នក​ចង់​ដឹង​ពី​វិធី​នេះ​ឬ​ទេ?

ថ្វី​បើ​អ្នក​រស់​នៅ​កន្លែង​ណា​ក៏​ដោយ ទំនាក់​ទំនង​រវាង​មនុស្ស​គ្នា​ឯងអាច​ជា​ប្រភព​នៃ​ការ​តាន​តឹង​ចិត្ត​ជា​និច្ច ដែល​ធ្វើ​ឲ្យ​ជីវិត​គ្មាន​សុភមង្គល​ឡើយ។ នៅ​ឯ​កន្លែង​ធ្វើ​ការ គេ​ប្រហែល​ជា​ចូល​ចិត្ត​រក​រឿង​និយាយ​ដើម​អ្នក។ សមិទ្ធផល​របស់​អ្នក​អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​មាន​ចិត្ត​ច្រណែន ហើយ​អ្នក​ទៅ​ជា​អ្នក​រង​គ្រោះ​នៃ​ការ​រិះ​គន់​ដ៏​ឥត​ត្រឹម​ត្រូវ។ បុគ្គល​ម្នាក់​ដែល​អ្នក​ត្រូវ​តែ​ប្រស្រ័យ​ទាក់​ទង​ជា​មួយ​ជា​រៀង​រាល់​ថ្ងៃ ដោយ​សារ​គាត់​មាន​បុគ្គលិក​លក្ខណៈ​ដ៏​ជិះ​ជាន់ អាច​ធ្វើ​ឲ្យ​អ្នក​ក្ដៅ​ក្រហាយ​ចិត្ត​ណាស់។ នៅ​ឯ​សាលា កូន​អ្នក​ប្រហែល​ជា​ត្រូវ​គេ​ធ្វើ​បាប រំខាន ឬ​គេ​មិន​លេង​ជា​មួយ។ បើ​អ្នក​ជា​បិតា​ឬ​មាតា​ដែល​គ្មាន​គូ អ្នក​ដឹង​ថា​នេះ​មិន​ធ្វើ​ឲ្យ​ស្ថានការណ៍​របស់​អ្នក​ប្រសើរ​ជាង​ទេ ចំពោះ​ទំនាក់​ទំនង​របស់​អ្នក​ជា​មួយ​មនុស្ស​ឯ​ទៀត​នោះ។ បញ្ហា​បែប​នេះ​ទាំង​អស់​នៅ​សព្វ​ថ្ងៃ បន្ថែម​ឲ្យ​មាន​ការ​តាន​តឹង​ចំពោះ​ជីវិត​របស់​បុរស​និង​ស្ត្រី​ជា​ច្រើន​នាក់។

ភាព​តាន​តឹង​ចិត្ត​អាច​មាន​ឥទ្ធិពល​បន្ដិច​ម្ដង​ៗ ហើយ​នៅ​ទី​បំផុត​នោះ ដោយ​ឥត​ដឹង​ខ្លួន​ជា​មុន នោះ​ក៏​នាំ​ដល់​ក្ដី​អន្តរាយ​តែ​ម្ដង។ ហេតុ​នោះ​ហើយ​បាន​ជា​គេ​ហៅ​ភាព​តាន​តឹង​ចិត្ត​ជា​អ្វី​ដែល​សម្លាប់​មនុស្ស​ដោយ​សម្ងាត់ និង​ចិត្ត​តាន​តឹង​ដែល​មាន​ជាប់​រហូត​មក​នោះ ជា​អ្វី​ដែល​បំពុល​យ៉ាង​សន្សឹម​ៗ។ សាស្ដ្រាចារ្យ​លោក រ៉ូបឹត វីនីងហ្កា ពី​មហា​វិទ្យាល័យ​នៃ​រដ្ឋ​មីណេសូតា មាន​ប្រសាសន៍​ថា​៖ ​«​សព្វ​ថ្ងៃ​នេះ ភាព​តាន​តឹង​ចិត្ត​និង​ជម្ងឺ​ដែល​បណ្ដាល​មក​ពី​នោះ មាន​អានុភាព​លើ​អ្នក​ធ្វើ​ការ​សឹង​តែ​គ្រប់​ភូមិ​ភាគ​ក្នុង​ពិភព​លោក​នេះ​»។ គេ​បាន​និយាយ​ថា ជម្ងឺ​ដែល​ទាក់​ទង​នឹង​ភាព​តាន​តឹង​ចិត្ត នោះ​ត្រូវ​ចំណាយ​អស់​ពីរ​ម៉ឺន​កោដិ​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ពី​ធន​ធាន​សេដ្ឋកិច្ច​ស.រ.អ​.។ ភាព​តាន​តឹង​ចិត្ត​ក៏​ត្រូវ​ហៅ​ជា​ផលិតផល​ថ្មី​ៗ​របស់​សហរដ្ឋ​អាមេរិក និង​ឯកសារ​យោង​សំដៅ​ទៅ​ពាក្យ​«​តាន​តឹង​»​ អាច​ឮ​ក្នុង​ភាសា​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ។ នៅ​ពេល​ដែល​អ្នក​មាន​ចិត្ត​តាន​តឹង និង​មិន​បាន​បញ្ចប់​កិច្ច​ការ​តាម​កាល​កំណត់ នោះ​អ្នក​អាច​មាន​អារម្មណ៍​ថា ខ្លួន​មាន​កំហុស។ វិចារណ៍​ថ្មី​ៗ​នេះ​រាយ​ការណ៍​ថា មនុស្ស​ធម្មតា​ចំណាយ​ពេល​ពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដោយ​មាន​អារម្មណ៍​ថា​ខ្លួន​មាន​កំហុស។ ក៏​ប៉ុន្តែ អ្នក​ខ្លះ​អាច​ស៊ូ​ទ្រាំ​នឹង​ភាព​តាន​តឹង​ចិត្ត ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ជីវិត​របស់​គេ​បាន​ជោគ​ជ័យ​ទៀត​ផង។

តើ​តាម​របៀប​ណា​ដែល​អ្នក​អាច​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​បញ្ហា​ប្រចាំ​ថ្ងៃ ដើម្បី​មាន​ជីវិត​ដ៏​គាប់​ចិត្ត​នោះ? អ្នក​ខ្លះ​ធ្វើ​តាម​យោបល់​ពី​សៀវភៅ​ដើម្បី​ជួយ​ខ្លួន​គេ និង​សៀវភៅ​ក្បួន​ពី​អ្នក​ឯកទេស។ តើ​អាច​ទុក​ចិត្ត​លើ​សៀវភៅ​បែប​នេះ​បាន​ទេ? បណ្ឌិត លោក បិនយ៉ាម៉ិន​ស្ប៉ក់ ដែល​សៀវភៅ​របស់​លោក​ពន្យល់​អំពី​ការ​ចិញ្ចឹម​អប់រំ​កូន​បាន​បក​ប្រែ​ជា​៤២​ភាសា និង​បាន​ចែក​ចាយ​ជិត​៥០​លាន​ក្បាល ហើយ​សៀវភៅ​នោះ​បាន​ចែង​ថា​៖ ​«​ការ​ឥត​ចេះ​ម៉ឺង​ម៉ាត់​គឺ​ជា . . . បញ្ហា​ទូទៅ​ចំពោះ​មាតា​បិតា​នៅ​សហរដ្ឋ​អាមេរិក​សព្វ​ថ្ងៃ​នេះ​»។ រួច​មក លោក​មាន​ប្រសាសន៍​ថា ពួក​អ្នក​មាន​ឯកទេស​ខាង​ការ​អប់រំ រួម​បញ្ចូល​លោក​ផ្ទាល់ ច្រើន​តែ​ជា​អ្នក​ទទួល​កំហុស។ លោក​បាន​សារភាព​ថា​៖ ​«​យើង​ឥត​បាន​ចាប់​ភ្លឹក រហូត​ដល់​ហួស​ពេល​ទៅ​ហើយ​នូវ​របៀប​ដែល​អាកប្បកិរិយា​របស់​យើង​ដែល​បង្ហាញ​ថា ចេះ​ដឹង​ទាំង​អស់ បាន​ធ្វើ​ឲ្យ​មាតា​បិតា​របស់​ក្មេង​អស់​ទំនុក​ចិត្ត​»។ បើ​អ៊ីចឹង យើង​អាច​សួរ​ថា​៖ ‹តើ​ឱវាទ​របស់​អ្នក​ណា​គេ ដែល​យើង​អាច​ធ្វើ​តាម​ដោយ​ទុក​ចិត្ត ដើម្បី​អាច​មាន​ជីវិត​ដ៏​គាប់​ចិត្ត​នៅ​សព្វ​ថ្ងៃ​នេះ​និង​នៅ​អនាគត​នោះ?›។