លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​ទី​៨

ផ្លូវត្រឡប់ទៅឯជីវិតដ៏គាប់ចិត្តវិញ

ផ្លូវត្រឡប់ទៅឯជីវិតដ៏គាប់ចិត្តវិញ

 ថ្វី​បើ​មនុស្សជាតិ​មាន​ជីវិត​ដ៏​ឥត​មាន​ន័យ ដោយ​សារ​ការ​បះ​បោរ​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​ព្រះ​ក៏​ដោយ នោះ​ព្រះ​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​លែង​មាន​សេចក្ដី​សង្ឃឹម​នោះ​ទេ។ ព្រះ​គម្ពីរ​ពន្យល់​ថា​៖ ​«​ជីវិត​ទាំង​ឡាយ​បាន​ត្រូវ​ចុះ​ចូល​នឹង​សេចក្ដី​ឥត​ប្រយោជន៍ តែ​មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត គឺ​ដោយ​ព្រោះ​ព្រះ​អង្គ ដែល​ទ្រង់​បញ្ចុះ​បញ្ចូល​វិញ ដោយ​សង្ឃឹម​ថា ជីវិត​ទាំង​នោះ​ឯង នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្ដី​ពុក​រលួយ ឲ្យ​បាន​សេរី​ភាព​នៃ​សិរី​ល្អ​របស់​ពួក​កូន​ព្រះ​វិញ​»។ (​រ៉ូម ៨:២០, ២១​) ត្រូវ​ហើយ ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​សេចក្ដី​សង្ឃឹម​ដល់​កូន​ចៅ​នៃ​មនុស្ស​មួយ​គូ​ដំបូង។ នេះ​ជា​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​ដែល​ថា មនុស្ស​លោក​នឹង​ត្រូវ​រំដោះ​ចេញ​ពី​អំពើ​បាប​និង​សេចក្ដី​ស្លាប់ ដែល​មាន​ជា​មរតក​នោះ។ ពួក​គេ​នឹង​ត្រូវ​ស្ដារ​ឡើង​វិញ​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ តើ​តាម​របៀប​ណា​ទៅ?

ព្រះ​ទ្រង់​ប្រទាន​សេចក្ដី​សង្ឃឹម​ដល់​មនុស្សជាតិ ដើម្បី​ឲ្យ​គេ​អាច​រួច​ផុត​ពី​ភាព​ជា​ខ្ញុំ​កញ្ជះ​នៃ​អំពើ​បាប​និង​សេចក្ដី​ស្លាប់

នៅ​ពេល​ដែល​អ័ដាម​និង​នាង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​បាប ពួក​គេ​បាន​បង្ការ​កូន​ចៅ​របស់​គេ​ពី​ការ​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដ៏​គាប់​ចិត្ត​ជា​រៀង​រហូត​នៅ​លើ​ផែនដី។ ពួក​គេ​បាន​ចង​ភ្ជាប់​កូន​ចៅ​ទាំង​ប៉ុន្មាន​របស់​គេ​ដែល​នឹង​កើត​មក​នៅ​អនាគត​ឲ្យ​ជាប់​ក្នុង​ចំណង​នៃ​អំពើ​បាប​និង​សេចក្ដី​ស្លាប់ ដោយ​ការ​ប្ដូរ​សិទ្ធិ​សម្រេច​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ​ឬ​អ្វី​ដែល​ខុស​ចំពោះ​ពួក​គេ។ ដោយ​បាន​កើត​មក​ក្នុង​គ្រួសារ​នោះ កូន​ចៅ​របស់​គេ​អាច​ប្រៀប​ប្រដូច​ទៅ​នឹង​ពួក​បាវ ដែល​ជាប់​ឃុំ​ឃាំង​នៅ​ឯ​កោះ​ដាច់​ស្រយាល​មួយ ដែល​មាន​អ្នក​គ្រប់​គ្រង​ដ៏​ឃោរ​ឃៅ​សោយ​រាជ្យ​ជា​ស្តេច។ ប្រាកដ​ហើយ សេចក្ដី​ស្លាប់​បាន​សោយ​រាជ្យ​ជា​ស្តេច​លើ​មនុស្សជាតិ ហើយ​មនុស្ស​ថែម​ទាំង​បាន​ជាប់​ឃុំ​ឃាំង​ដោយ​ស្តេច​មួយ​ទៀត គឺ​ជា​អំពើ​បាប។ (​រ៉ូម ៥:១៤, ២១​) គឺ​ហាក់​ដូច​ជា​គ្មាន​អ្នក​ណា​ម្នាក់​ដែល​អាច​សង្គ្រោះ​ពួក​គេ​ទេ។ ដ្បិត​គឺ​ជា​បុព្វ​ជន​របស់​គេ ដែល​បាន​ដាក់​គេ​ឲ្យ​ជាប់​ក្នុង​សេវកភាព​នោះ! ប៉ុន្តែ បុរស​ដែល​មាន​ចិត្ត​មេត្ដា​ម្នាក់​សុខ​ចិត្ត​បញ្ជូន​កូន​ប្រុស​របស់​ខ្លួន​ដោយ​មាន​ជា​មួយ​លុយ​មួយ​ចំនួន​ដែល​ជា​តម្លៃ​ដែល​គេ​ត្រូវ​ការ ដើម្បី​ឲ្យ​ទទួល​បាន​សេរី​ភាព​សំរាប់​អស់​អ្នក​ដែល​ជាប់​ក្នុង​សេវកភាព​នោះ។—ទំនុក​ដំកើង ៥១:៥; ១៤៦:៤; រ៉ូម ៨:២

នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​នេះ បុរស​ដែល​បាន​សង្គ្រោះ​ពួក​បាវ គឺ​តំណាង​ព្រះ​យេហូវ៉ា។ កូន​ប្រុស​ដែល​បង់​តម្លៃ​ដើម្បី​ឲ្យ​មាន​សេរី​ភាព គឺ​ព្រះ​យេស៊ូ​គ្រីស្ទ។ ទ្រង់​មាន​អត្ថិភាព​មុន​ពេល​មាន​កំណើត​ជា​មនុស្ស ជា​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់។ (​យ៉ូហាន ៣:១៦​) ព្រះ​យេហូវ៉ា​បាន​បង្កើតទ្រង់​មុន​គេ​បង្អស់ ហើយ​សត្តនិករ​ទាំង​អស់​មាន​អត្ថិភាព​ដោយ​សារ​ទ្រង់។ (​កូល៉ុស ១:១៥, ១៦​) ដោយ​អព្ភូតហេតុ ព្រះ​យេហូវ៉ា​បាន​បញ្ជូន​ជីវិត​នៃ​បុត្រ​ខាង​វិញ្ញាណ​នេះ​ចូល​ទៅ​ក្នុង​ផ្ទៃ​របស់​ស្រី​ក្រមុំ​បរិសុទ្ធ​ម្នាក់ ដើម្បី​ឲ្យ​ទារក​ដែល​ប្រសូត​មក​នោះ​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍ ជា​តម្លៃ​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​ស្រប​តាម​សេចក្ដី​តម្រូវ​នៃ​យុត្ដិធម៌​របស់​ព្រះ។—លូកា ១:២៦​-​៣១, ៣៤, ៣៥

នៅ​ពេល​ដែល​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​៣០​ឆ្នាំ ទ្រង់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ឯ​ទន្លេ​យ័រដាន់។ នៅ​ឯ​ពិធី​ជ្រមុជ​ទឹក​នោះ ទ្រង់​បាន​ត្រូវ​ចាក់​ប្រេង​តាំង​ដោយ​វិញ្ញាណ​បរិសុទ្ធ ឬ​សកម្មពល​របស់​ព្រះ។ ដូច្នេះ​ហើយ ទ្រង់​បាន​ទៅ​ជា​ព្រះ​គ្រីស្ទ មាន​ន័យ​ថា​‹អ្នក​មួយ​អង្គ​ដែល​បាន​ត្រូវ​ចាក់​ប្រេង​តាំង›។ (​លូកា ៣:២១, ២២​) កិច្ច​បំរើ​របស់​ព្រះ​យេស៊ូ​នៅ​លើ​ផែនដី​នេះ មាន​រយៈ​ពេល​បី​ឆ្នាំ​កន្លះ។ ក្នុង​កំឡុង​ឆ្នាំទាំង​នោះ ទ្រង់​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​ទ្រង់​អំពី​‹ព្រះ​រាជាណាចក្រ​របស់​ព្រះ› ដែល​ជា​រាជរដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌ ដែល​នឹង​នាំ​ឲ្យ​មនុស្ស​លោក​ទទួល​បាន​ទំនាក់​ទំនង​ដ៏​ក្សេម​ក្សាន្ត​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​វិញ។ (​លូកា ៤:៤៣; ម៉ាថាយ ៤:១៧​) ព្រះ​យេស៊ូ​បាន​ជ្រាប​អំពី​ផ្លូវ​សំរាប់​មនុស្ស​លោក​ឲ្យ​មាន​ជីវិត​ប្រកប​ដោយ​សុភមង្គល ហើយ​ទ្រង់​ប្រទាន​ឲ្យ​ការ​ណែនាំ​ចំពោះ​ពួក​អ្នក​កាន់​តាម​ទ្រង់ ស្តី​អំពី​សុភមង្គល។ សូម​អញ្ជើញ​បើក​ព្រះ​គម្ពីរ​របស់​អ្នក​ទៅ​ម៉ាថាយ​ជំពូក​ទី​៥​ទៅ​ជំពូក​ទី​៧ និង​អាន​អំពី​ការ​បង្រៀន​ខ្លះ​ៗ​របស់​ទ្រង់​ពី​ធម្មទាន​នៅ​លើ​ភ្នំ។

តើ​អ្នក​នឹង​មាន​កតញ្ញូ​ធម៌​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​បុគ្គល​ដែល​បាន​រំដោះ​អ្នក​ចេញ​ពី​សេវកភាព​នោះ​ឬ​ទេ?

មិន​ដូច​អ័ដាម នោះ​ព្រះ​យេស៊ូ​បាន​ស្ដាប់​បង្គាប់​ព្រះ​គ្រប់​ប្រការ។ ​«​ទ្រង់​មិន​បាន​ធ្វើ​បាប​អ្វី​សោះ​»។ (​ពេត្រុស​ទី​១ ២:២២; ហេព្រើរ ៧:២៦​) តាម​ការ​ពិត ទ្រង់​មាន​សិទ្ធិ​រស់​នៅ​ជា​រៀង​រហូត​លើ​ផែនដី​នេះ តែ​ទ្រង់​‹សុខ​ចិត្ត​ប្រគល់​ឲ្យ​ជីវិត​ទ្រង់›​ដើម្បី​សង​ព្រះ​វិញ​នូវ​អ្វី​ដែល​អ័ដាម​បាន​បាត់​បង់។ ទ្រង់​បាន​ប្រទាន​ជីវិត​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍ ដោយ​សោយ​ទិវង្គត​លើ​បង្គោល​ឈើ​ទារុណកម្ម។ (​យ៉ូហាន ១០:១៧; ១៩:១៧, ១៨, ២៨​-​៣០; រ៉ូម ៥:១៩, ២១; ភីលីព ២:៨​) ដោយ​ធ្វើ​ដូច្នេះ ព្រះ​យេស៊ូ​បាន​ផ្ដល់​តម្លៃ​លោះ​ឬ​បង់​តម្លៃ​ដែល​ត្រូវ​ការ​ចាំ​បាច់ ដើម្បី​យក​មនុស្សជាតិ​ចេញ​ពី​សេវកភាព​នៃ​អំពើ​បាប​និង​សេចក្ដី​ស្លាប់។ (​ម៉ាថាយ ២០:២៨​) ចូរ​អ្នក​គិត​អំពី​ខ្លួន​អ្នក​ទៅ​មើល អ្នក​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ក្នុង​រោង​ចក្រ​តែ​ទទួល​បាន​ប្រាក់​ខែ​តែ​បន្ដិច​ទេ គឺ​ជីវិត​ជា​ទាសករ​យ៉ាង​ចំ​តួ​តែ​ម្ដង។ អ្នក​ពិត​ជា​នឹង​មាន​កតញ្ញូ​ធម៌​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​បុគ្គល​ដែល​បាន​រៀបចំ​ដោះ​លែង​អ្នក​ពី​សេវកភាព និង​ចំពោះ​បុគ្គល​ដែល​បាន​ស្ម័គ្រ​ចិត្ត​បូជា​ជីវិត​គាត់​ជំនួស​ជីវិត​របស់​អ្នក មែន​ទេ? តាម​របៀប​រៀបចំ​នៃ​តម្លៃ​លោះ នោះ​បាន​បើក​ផ្លូវ​មួយ​ឲ្យ​លោក​អ្នក​ត្រឡប់​មក​ឯ​ក្រុម​គ្រួសារ​ក្នុង​សកល​លោក​របស់​ព្រះ និង​ឲ្យ​មាន​ជីវិត​ដ៏​គាប់​ចិត្ត​មែន ដែល​រួច​ផុត​ពី​ចំណង​នៃ​អំពើ​បាប​និង​សេចក្ដី​ស្លាប់។—កូរិនថូស​ទី​២ ៥:១៤, ១៥

ការ​ដឹង​និង​អបអរ​ចំពោះ​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​របស់​ព្រះ​យេហូវ៉ា ផ្ដល់​អ្នក​ឲ្យ​មាន​មូលហេតុ​ច្រើន​ទៀត ដើម្បី​អនុវត្ត​តាម​ពាក្យ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ក្នុង​ព្រះ​គម្ពីរ​ក្នុង​ជីវិត​របស់​អ្នក។ ជា​ឧទាហរណ៍ ចូរ​គិត​អំពី​គោល​ការណ៍​ដែល​ពិបាក​ធ្វើ​ជាង​គេ នេះ​គឺ​ជា​ការ​អត់​ឱន​ទោស​ឲ្យ​អ្នក​ដទៃ ពេល​ដែល​គេ​បាន​ធ្វើ​ឲ្យ​អ្នក​តូច​ចិត្ត។ តើ​អ្នក​ចង​ចាំ​ពាក្យ​ដែល​មាន​ក្នុង​កូល៉ុស​ជំពូក​ទី​៣ ខ​១២​ទៅ​១៤ ដែល​យើង​បាន​យក​មក​ពិចារណា​មើល​ក្នុង​មេ​រៀន​ទី​២​ឬ​ទេ? ខ​ទាំង​នោះ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​អត់​ឱន​ទោស​ឲ្យ​អ្នក​ដទៃ ទោះ​ជា​អ្នក​មាន​ហេតុ​ទាស់​នឹង​គេ​ក៏​ដោយ។ បរិបទ​នេះ​ពន្យល់​អំពី​មូលហេតុ ដោយ​ចែង​ថា​៖ ‹នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ! ដូច​ជា​ព្រះ​យេហូវ៉ា​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ›។ កាល​ណា​អ្នក​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ធ្វើ​ចំពោះ​មនុស្សជាតិ នោះ​អ្នក​នឹង​បាន​ជំរុញ​ឲ្យ​អត់​ឱន​ទោស​ឲ្យ​អ្នក​ដទៃ​ចំពោះ​កំហុស​អ្វី​ណា​ដែល​គេ​បាន​ធ្វើ ជា​ពិសេស​បើ​គេ​ប្រែ​ចិត្ត​និង​បាន​សុំ​អត់​ទោស​ហើយ​នោះ។