លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​ទី​២

យោបល់ដើម្បីឲ្យបានជីវិតដ៏គាប់ចិត្ត

យោបល់ដើម្បីឲ្យបានជីវិតដ៏គាប់ចិត្ត

 ពេល​ដែល​ប្រឈម​មុខ​នឹង​បញ្ហា​មួយ តើ​អ្នក​ស្វែង​រក​ឱវាទ​ពី​កន្លែង​ណា? អ្នក​អាច​ទៅ​រក​មិត្ត​ដ៏​ទុក​ចិត្ត ឬ​ក៏​អ្នក​ឲ្យ​ឱវាទ​ដ៏​មាន​បទ​ពិសោធន៍​ម្នាក់។ ការ​រក​ប្រភព​ពត៌មាន ដូច​ជា​នៅ​ឯ​បណ្ណាល័យ ក៏​អាច​ជួយ​បាន​ដែរ។ ឬ​ក៏​អ្នក​អាច​ពិនិត្យ​មើល​អ្វី​ដែល​ជន​ជាតិ​អាស៊ី​ខ្លះ​ហៅ​ថា​«​ប្រាជ្ញា​របស់​ជីដូន​»​ ដើម្បី​ទទួល​យក​បទ​ពិសោធន៍​ដែល​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ទោះ​ជា​អ្នក​ចង់​ប្រើ​វិធី​ណា​មួយ​ក៏​ដោយ គឺ​ជា​ការ​ល្អ​បើ​ពិនិត្យ​មើល​នូវ​ពាក្យ​ដែល​មាន​ប្រាជ្ញា​យ៉ាង​ចំ​ៗ ដែល​ផ្ដល់​នូវ​យោបល់​ដ៏​មាន​តម្លៃ​ចំពោះ​ការ​ដោះ​ស្រាយ​បញ្ហា។ នេះ​ជា​ឱវាទ​ដ៏​ល្អ​ខ្លះ​ៗ ដែល​អ្នក​នឹង​ឃើញ​ថា​មាន​ប្រយោជន៍។

​«​ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​»​

ជីវភាព​គ្រួសារ: មាតា​បិតា​ជា​ច្រើន​គឺ​ព្រួយ​បារម្ភ​អំពី​ការ​ចិញ្ចឹម​កូន​ក្នុង​ពិភព​លោក ដែល​ពេញ​ដោយ​អានុភាព​មិន​ល្អ។ ការ​ពិនិត្យ​មើល​នូវ​ឱវាទ​ដែល​មាន​ដូច​ត​ទៅ​នេះ​អាច​ជួយ​បាន​មែន ដោយ​ចែង​ថា​៖ ​«​ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត នោះ​វា​នឹង​មិន​លះ​បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់​»។  កាល​ដែល​កូន​ធំ​ឡើង ពួក​គេ​ត្រូវ​ការ​«​ផ្លូវ​»​គឺ​ខ្នាត​តម្រា​ដែល​គេ​ត្រូវ​បំពេញ។ ពួក​អ្នក​ឯកទេស​ខាង​ការ​អប់រំ​កាន់​តែ​ច្រើន​ឡើង​បាន​ដឹង​អំពី​សារៈ​សំខាន់​នៃ​ការ​ផ្ដល់​នូវ​វិន័យ​ដែល​មាន​ប្រយោជន៍​សំរាប់​កូន។ ខ្នាត​តម្រា​ពី​មាតា​បិតា​ដែល​មាន​ប្រាជ្ញា ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​សុខ​សាន្ត។ បន្ថែម​ពី​នេះ​គឺ​៖ ​«​រំពាត់ នឹង​សេចក្ដី​ប្រៀន​ប្រដៅ រមែង​ឲ្យ​កើត​មាន​ប្រាជ្ញា តែ​កូន​ណា​ដែល​បណ្ដោយ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត នោះ​តែង​ធ្វើ​ឲ្យ​ម្ដាយ​មាន​សេចក្ដី​ខ្មាស​វិញ​»។  ​«​រំពាត់​»​គឺ​សំដៅ​ទៅ​លើ​អំណាច​គ្រប់​គ្រង​របស់​មាតា​បិតា ដែល​ត្រូវ​យក​មក​ប្រើ​ដោយ​សេចក្ដី​ស្រឡាញ់ ដើម្បី​បង្ការ​កូន​ៗ​ពី​ការ​វង្វេង។ ការ​កាន់​អំណាច​គ្រប់​គ្រង​បែប​នេះ មិន​ទាក់​ទង​នឹង​ការ​ធ្វើ​បាប​កូន​នោះ​ឡើយ។ ឱវាទ​ដែល​ត្រូវ​ជូន​ចំពោះ​មាតា​បិតា​គឺ​៖ ​«​ឱ!​ឪពុក​រាល់​គ្នា​អើយ! កុំ​ឌុកដាន់​កូន​ចៅ​ឡើយ ក្រែង​វា​រសាយ​ចិត្ត​ចេញ​»។ 

​«​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ខ្លួន​ឯង​»​

សម្ព័ន្ធមេត្រីភាព​ដ៏​ល្អ​រវាង​ប្ដី​និង​ប្រពន្ធ គឺ​ជា​មូលដ្ឋាន​សំរាប់​ក្រុម​គ្រួសារ​ដ៏​សប្បាយ។ តើ​អ្វី​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់ ដើម្បី​ឲ្យ​មាន​សម្ព័ន្ធភាព​បែប​នេះ? ​«​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់​ស្រឡាញ់​ប្រពន្ធ​ខ្លួន ដូច​ជា​ខ្លួន​ឯង ហើយ​ប្រពន្ធ​ក៏​ត្រូវ​កោត​ខ្លាច​ប្ដី​ដែរ​»។  សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​គោរព​ក្នុង​ក្រុម​គ្រួសារ គឺ​ប្រៀប​ដូច​ជា​ប្រេង​ឥន្ធនៈ​ក្នុង​គ្រឿង​ម៉ាស៊ីន​អ៊ីចឹង។ ដើម្បី​ឲ្យ​ឱវាទ​មាន​ប្រសិទ្ធភាព ការ​ប្រស្រ័យ​ទាក់​ទង​គឺ​សំខាន់​ចាំ​បាច់ ពីព្រោះ​«​ទី​ណា​គ្មាន​ការ​ប្រឹក្សា នោះ​មិន​បាន​តាម​ចិត្ត​ប៉ង​ទេ​»។  ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ប្រស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​អស់​ពី​ចិត្ត យើង​គួរ​តែ​ស្វែង​យល់​នូវ​ចិត្ត​របស់​គូ​ខ្លួន ដោយ​សួរ​ថា​តើ​គាត់​ពិត​ជា​មាន​អារម្មណ៍​យ៉ាង​ណា។ គឺ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​«​សេចក្ដី​ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូច​ជា​អណ្ដូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន​»។ 

ចូរ​មាន​ទស្សនៈ​ដ៏​ល្អ​និង​ចេះ​ចាត់​វិធានការ​ដើម្បី​ស្វែង​រក​ទំនាក់​ទំនង​ដ៏​កក់​ក្ដៅ

មនុស្ស​ចាស់​ជរា​ជា​ច្រើន​មាន​អារម្មណ៍​ឯក​កោ​ ពេល​មាន​អាយុ​ច្រើន​ទៅ ដោយ​ព្រោះ​កូន​ចៅ​បាន​ទុក​ឲ្យ​រស់​នៅ​តែ​ឯង សូម្បី​តែ​នៅ​ក្នុង​ប្រទេស​ដែល​សេចក្ដី​គោរព​ពី​កូន ពី​មុន​មាន​ជា​ធម្មតា​ក៏​ដោយ។ ប៉ុន្តែ កូន​របស់​គេ​នឹង​ទទួល​ប្រយោជន៍ បើ​គិត​ពិចារណា​មើល​នូវ​ឱវាទ​ដ៏​មាន​ប្រាជ្ញា​ទាំង​នេះ​ដែល​ថា​៖ ​«​ចូរ​គោរព​ប្រតិបត្ដិ​ឪពុក​ម្ដាយ​»។ «​កុំ​ឲ្យ​មើល​ងាយ​ម្ដាយ​ឯង​ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ​»។ «​អ្នក​ណា​ដែល​បំផ្លាញ​ឪពុក​ខ្លួន ហើយ​បណ្ដេញ​ម្ដាយ​ចេញ នោះ​ជា​កូន​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស នឹង​សេចក្ដី​ដំនៀល​»។  ម្យ៉ាង​វិញ​ទៀត មាតា​បិតា​ចាស់​ជរា​គួរ​មាន​ទស្សនៈ​ដ៏​ល្អ និង​ខំ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ដ៏​កក់​ក្ដៅ។ ​«​អ្នក​ណា​ដែល​ញែក​ខ្លួន​ចេញ​ពី​អ្នក​ដទៃ នោះ​ជា​អ្នក​រក​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ទេ ហើយ​ក៏​មាន​ចិត្ត​គ្នាន់​ក្នាញ់​ទាស់​នឹង​អស់​ទាំង​សេចក្ដី​ដែល​មាន​ទំនង​»។ ១០

ការ​ពិសា​ស្រា: ពិត​មែន​ដែល​ថា​«​ស្រា​ទំពាំង​បាយ​ជូរ​នាំ​ចិត្ត​ឲ្យ​រីករាយ​»​ ១១ ហើយ​ថា​ពិសា​ស្រា​អាច​នាំ​ឲ្យ​«​ភ្លេច​សេចក្ដី​កំសត់​ទុគ៌ត​របស់​គេ​»។ ១២ ប៉ុន្តែ​ចូរ​ចង​ចាំ​ថា​៖ ​«​ឯ​ស្រា​ទំពាំង​បាយ​ជូរ ជា​របស់​បញ្ឆោត​មើល​ងាយ ហើយ​គ្រឿង​ស្រវឹង​បង្កើត​ការ​ឡូឡា អ្នក​ណា​ដែល​វង្វេង​ដោយ​គ្រឿង​ទាំង​២​នោះ ឈ្មោះ​ថា​គ្មាន​ប្រាជ្ញា​»។ ១៣ ចូរ​គិត​នូវ​លទ្ធផល​ពី​ការ​ពិសា​ស្រា​ហួស​ហេតុ​៖ ​«​ដ្បិត​ដល់​ចុង​បំផុត​នឹង​ចឹក​ដូច​ជា​ពស់​វិញ ហើយ​អុច​ដូច​ជា​ពស់​ហនុមាន​ផង ភ្នែក​ឯង​នឹង​ឃើញ​ស្រី​ដទៃ ហើយ​ចិត្ត​ឯង​នឹង​ពោល​សេចក្ដី​ខូច​អាក្រក់​ដែរ។ . . . តើ​អញ​នឹង​ភ្ញាក់​ឡើង​វិញ​ដល់​កាល​ណា​ហ្ន៎! អញ​នឹង​ទៅ​រក​ផឹក​ទៀត​»។ ១៤ ការ​ពិសា​ស្រា​ដោយ​ដឹង​កំរិត​របស់​ខ្លួន​អាច​ទៅ​ជា​មាន​ប្រយោជន៍ ប៉ុន្តែ​ត្រូវ​តែ​ជៀស​វាង​ពី​ការ​ពិសា​ស្រា​ហួស​ហេតុ​ពេក។

ការ​ប្រើ​ប្រាស់​លុយ​កាក់: ក្នុង​ករណី​ខ្លះ បញ្ហា​ខាង​លុយ​អាច​បង្ការ​បាន បើ​ប្រើ​បេឡា​ដោយ​ប្រាជ្ញា។ ចូរ​ស្ដាប់​ឱវាទ​នេះ​៖ ​«​កុំ​ឲ្យ​នៅ​កណ្ដាល​ពួក​អ្នក​ប្រមឹក​ស្រា ឬ​ក្នុង​ពួក​ល្មោភ​ស៊ី​ឡើយ ដ្បិត​មនុស្ស​ប្រមឹក នឹង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ ហើយ​សេចក្ដី​ងុយ​ងោក​នឹង​នាំ​ឲ្យ​ស្លៀក​ពាក់​កណ្ដាច​»។ ១៥ ដោយ​ជៀស​វាង​ស្រា​និង​ការ​ប្រើ​គ្រឿង​ញៀន ព្រម​ទាំង​ទម្លាប់​ដូច​ជា​ការ​លេង​ល្បែង​ស៊ីសង នោះ​យើង​អាច​ប្រើ​លុយ ដើម្បី​ផ្គត់​ផ្គង់​គ្រួសារ​របស់​យើង​តាម​របៀប​ដ៏​ល្អ។ ក៏​ប៉ុន្តែ មនុស្ស​ជា​ច្រើន​មិន​បាន​រស់​នៅ​ឲ្យ​ស្រប​តាម​ធន​ធាន​របស់​គេ​ទេ ថែម​ទាំង​ត្រូវ​តែ​ខំ​ធ្វើ​ការ ដើម្បី​គ្រាន់​តែ​សង​បំណុល​របស់​គេ​ប៉ុណ្ណោះ។ អ្នក​ខ្លះ​ថែម​ទាំង​ខ្ចី​លុយ ដើម្បី​សង​ការ​ប្រាក់​ចំពោះ​ការ​ខ្ចីលុយ​មួយ​ទៀត។ ការ​ចង​ចាំ​នឹង​ពាក្យ​ដែល​មាន​ប្រាជ្ញា​ជា​បន្ទាប់ នឹង​ជួយ​បាន​ដោយ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ជាប់​តាម​មនុស្ស​ចោល​ម្សៀត នោះ​នឹង​បាន​សេចក្ដី​កំសត់​យ៉ាង​ឆ្អែត​វិញ​»។ ១៦ យើង​អាច​សួរ​ខ្លួន​យើង​ថា​៖ ‹តើ​ខ្ញុំ​ពិត​ជា​ត្រូវ​ការ​របស់​ដែល​ខ្ញុំ​ចង់​ទិញ​នោះ​ឬ​ទេ? តើ​មាន​របស់​ណា​ខ្លះ​ដែល​បាន​ទុក​ចោល​ក្នុង​ទូ ក្រោយ​ពី​ប្រើ​បាន​តែ​ប៉ុន្មាន​ដង​នោះ?›។ អ្នក​កាសែត​ម្នាក់​បាន​សរសេរ​ថា​៖ ​«​វត្ថុ​ចាំ​បាច់​របស់​មនុស្ស​គឺ​មាន​តិច​ទេ តែ​ចំណង់​របស់​គាត់​គឺ​គ្មាន​ព្រំ​ដែន​ឡើយ​»។ ចូរ​កត់​សម្គាល់​ពាក្យ​ដែល​មាន​ប្រាជ្ញា​ទាំង​នេះ​៖ ​«​ដ្បិត​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ តែ​បើ​មាន​អាហារ​ទទួល​ទាន នឹង​សំលៀក​បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ។ . . . ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម . . . ទាំង​ចាក់​ទំ​លុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន​»។ ១៧

ការ​ព្យាយាម​គឺ​មាន​ប្រសិទ្ធិភាព​ណាស់ ចំពោះ​ការ​ដោះ​ស្រាយ​បញ្ហា​ខាង​លុយ​កាក់។ ​«​ឱ!​មនុស្ស​ខ្ជិល​ច្រអូស​អើយ! ចូរ​ទៅ​មើល​ស្រមោច​ចុះ! ចូរ​ពិចារណា​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​វា ហើយ​មាន​ប្រាជ្ញា​ឡើង . . . ដេក​បន្ដិច ងោក​បន្ដិច ឱប​ដៃ​នឹង​ដេក​បន្ដិច យ៉ាង​នោះ សេចក្ដី​កំសត់​ទុគ៌ត​របស់​ឯង នឹង​លោម​ក​ដល់​ដូច​ជា​ចោរ​ប្លន់​»។ ១៨ ការ​រៀបចំ​គម្រោង​ដ៏​ហ្មត់​ចត់​និង​ការ​មាន​ថវិកា​ដ៏​សមរម្យ ក៏​អាច​ជួយ​ផង​ដែរ​៖ ​«​បើ​មាន​អ្នក​ណា​ចង់​សង់​ផ្ទះ​ពី​ថ្ម តើ​មិន​អង្គុយ​លៃ​លក​មើល​ជា​មុន​ទេ​ឬ​អី ដើម្បី​ឲ្យ​ដឹង​ជា​មាន​ល្មម​នឹង​ធ្វើ​បង្ហើយ​បាន​ឬ​មិន​បាន?​»។ ១៩

‹តើ​អ្នក​ដែល​ឃើញ​មនុស្ស​ខ្នះ​ខ្នែង​ក្នុង​ការ​រក​ស៊ី​របស់​ខ្លួន​ទេ?›

ចុះ​យ៉ាង​ណា​វិញ បើ​យើង​មាន​ភាព​ក្រី​ក្រ​ដែល​មិន​មែន​ជា​កំហុស​របស់​យើង​នោះ? ជា​ឧទាហរណ៍ ដោយ​ព្រោះ​បញ្ហា​ខាង​សេដ្ឋកិច្ច យើង​អាច​ទៅ​ជា​ឥត​មាន​ការងារ​ធ្វើ ទោះ​ជា​យើង​សុខ​ចិត្ត​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​ណា​ក្ដី។ ឬ​ក៏​យើង​ប្រហែល​រស់​នៅ​ក្នុង​ប្រទេស ដែល​មនុស្ស​ភាគ​ច្រើន​រស់​នៅ​ក្រោម​កំរិត​នៃ​ភាព​ក្រី​ក្រ។ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា? ​«​ដ្បិត​ប្រាជ្ញា​ជា​គ្រឿង​ការ​ពារ​ខ្លួន ដូច​ជា​ប្រាក់​ក៏​ជា​គ្រឿង​ការ​ពារ​ខ្លួន​ដែរ ប៉ុន្តែ​ការ​ដែល​វិសេស​ជាង​ខាង​ចំណេះ គឺ​ថា​ប្រាជ្ញា​រមែង​តែ​រក្សា​ជីវិត​របស់​ពួក​អ្នក​ប្រាជ្ញ​ឲ្យ​គង់​នៅ​»។ ២០ ម្យ៉ាង​វិញ​ទៀត ចូរ​ពិនិត្យ​មើល​ឱវាទ​នេះ​៖ ‹តើ​អ្នក​ដែល​ឃើញ​មនុស្ស​ខ្នះ​ខ្នែង​ក្នុង​ការ​រក​ស៊ី​របស់​ខ្លួន​ទេ? អ្នក​នោះ​នឹង​បាន​ឈរ​នៅ​ចំពោះ​ស្តេច›។ ២១ តើ​យើង​អាច​រៀន​មុខ​ជំនាញ ដែល​នឹង​ជួយ​យើង​ឲ្យ​រក​ការងារ​ធ្វើ​បាន​ឬ​ទេ?

​«​ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​ឲ្យ​មក​អ្នក​ដែរ​»​

ឱវាទ​ដែល​មាន​ដូច​ត​ទៅ​នេះ ស្ដាប់​ទៅ​ដូច​ជា​ផ្ទុយ តែ​មាន​ប្រសិទ្ធិភាព​មែន​ទែន​៖ ​«​ចូរ​ឲ្យ​ទៅ​គេ នោះ​នឹង​បាន​ឲ្យ​មក​អ្នក​ដែរ . . . ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ​»។ ២២ នេះ​មិន​បាន​សេចក្ដី​ថា ឲ្យ​ទៅ​គេ​ដោយ​សង្ឃឹម​ថា​នឹង​ទទួល​សំណង​មក​វិញ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ឱវាទនេះ​គឺ​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ចិត្ត​ដ៏​សប្បុរស​៖ ​«​មនុស្ស​ដែល​មាន​ចិត្ត​សទ្ធា នឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ​»។ ២៣ ដោយ​ចេះ​ចែក​គ្នា​ពេល​មាន​ការ​ខ្វះ​ខាត នោះ​យើង​បណ្ដុះ​ឲ្យ​មាន​ចិត្ត​សប្បុរស ដែល​នៅ​ទី​បំផុត​នឹង​មាន​ប្រយោជន៍​ដល់​យើង។

១០ ទំនាក់​ទំនង​ជា​មួយ​មនុស្ស: ស្តេច​មួយ​អង្គ​ដ៏​មាន​ប្រាជ្ញា​បាន​សង្កេត​ឃើញ​ថា​៖ ​«​យើង​បាន​ឃើញ​អស់​ទាំង​ការ​នឿយ​ហត់ នឹង​គ្រប់​ការ​ដែល​ធ្វើ​បាន​ដោយ​ស្រួល​ថា ជា​ហេតុ​នាំ​ឲ្យ​អ្នក​ជិត​ខាង​មាន​ចិត្ត​ច្រណែន​ដល់​គ្នា​នឹង​គ្នា នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​អសារ​ឥត​ការ​ទទេ​»។ ២៤ ការ​ប្រកួត​ប្រជែង​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ប្រព្រឹត្ត​ដោយ​ឥត​ប្រាជ្ញា។ បុគ្គល​ម្នាក់​ឃើញ​អ្នក​ជិត​ខាង​គាត់​មាន​ទូរទស្សន៍​ទំហំ​៣២​អ៊ីញ ហើយ​គាត់​ក៏​ទៅ​ទិញ​ទូរទស្សន៍​ដែល​មាន​ទំហំ​៣៦​អ៊ីញ ទោះ​ជា​ទូរទស្សន៍​គាត់​ដែល​មាន​ទំហំ​២៧​អ៊ីញ​មាន​ដំណើរ​ការ​យ៉ាង​ល្អ​ក៏​ដោយ។ ការ​ប្រកួត​ប្រជែង​បែប​នេះ គឺ​ប្រាកដ​ជា​អសារ​ឥត​ការ​ទទេ​មែន ដូច​ជា​ដេញ​ចាប់​ខ្យល់​អ៊ីចឹង គឺ​ត្រូវ​រត់​ចុះ​ឡើង​ដោយ​ឥត​ចាប់​បាន​អ្វី​ឡើយ។ តើ​អ្នក​ឯកភាព​ឬ​ទេ?

តើ​យើង​អាច​ដោះ​ស្រាយ​យ៉ាង​ណា​ចំពោះ​ការ​មាន​កំហឹង​ដ៏​ខ្លាំង​នោះ?

១១ យើង​អាច​អាក់​អន់​ចិត្ត​ដោយ​អ្វី​ដែល​អ្នក​ដទៃ​បាន​និយាយ​មក​យើង។ ប៉ុន្តែ ចូរ​គិត​អំពី​ឱវាទ​នេះ​៖ ​«​កុំ​ឲ្យ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងី​ល្ងើ​ទេ​»។ ២៥ ពិត​មែន គឺ​មាន​ករណី​ខ្លះ​ដែល​យើង​មាន​ហេតុ​ឲ្យ​តូច​ចិត្ត។ អ្នក​សរសេរ​ពី​បុរាណ​ម្នាក់​បាន​សារភាព​ថា​៖ ​«​ចូរ​ខឹង​ចុះ! តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្ដី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ​»។ ២៦ ប៉ុន្តែ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា បើ​យើង​មាន​កំហឹង​យ៉ាង​ខ្លាំង​នោះ? ​«​សតិបញ្ញា​របស់​មនុស្ស​នឹង​នាំ​ឲ្យ​យឺត​នឹង​ខឹង អ្នក​នោះ​ក៏​តែង​មាន​ចិត្ត​អរ ដោយ​មិន​ប្រកាន់​ទោស​វិញ​»។ ២៧ យើង​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​សតិបញ្ញា។ យើង​អាច​សួរ​ខ្លួន​យើង​ថា​៖ ‹ហេតុ​អ្វី​បាន​ជា​គាត់​ប្រព្រឹត្ត​អ៊ីចឹង? តើ​មាន​កាលៈទេសៈ​ដ៏​ចាំ​បាច់​ឬ​ទេ? បន្ថែម​ពី​លើ​ការ​យល់​ធ្លុះ គឺ​មាន​គុណសម្បត្ដិ​ដែល​អាច​បណ្ដុះ​បាន ដើម្បី​នឹង​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​កំហឹង​នោះ។ ​«​ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត នឹង​ចិត្ត​អត់​ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ . . . ហើយ​ទ្រាំ​ទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ . . . ចូរ​បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្ដី​គ្រប់​លក្ខណ៍​»។ ២៨ ត្រូវ​ហើយ សេចក្ដី​ស្រឡាញ់​សម្រួល​ដោយ​ដោះ​ស្រាយ​បញ្ហា​ជា​ច្រើន ស្តី​អំពី​ទំនាក់​ទំនង​ជា​មួយ​មនុស្ស។

១២ ប៉ុន្តែ នៅ​មាន​«​អវយវៈ​១​យ៉ាង​តូច​»​ ដែល​ជា​ឧបសគ្គ​នៃ​ការ​រក្សា​ទំនាក់​ទំនង​ដ៏​ក្សេម​ក្សាន្ត​ជា​មួយ​មនុស្ស នោះ​គឺ​ជា​អណ្ដាត។ ពាក្យ​ទាំង​នេះ​គឺ​ពិត​មែន ដែល​ចែង​ថា​៖ ​«​ឯ​អណ្ដាត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ផ្សាំង​បាន​ឡើយ គឺ​ជា​របស់​អាក្រក់​ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិសដែល​នាំ​ឲ្យ​ស្លាប់​»។ ២៩ ឱវាទ​នេះ​ក៏​គួរ​កត់​ចំណាំ​ដែរ​៖ ​«​ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្ដាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ​»។ ៣០ យ៉ាង​ណា​ក៏​ដោយ ក្នុង​ការ​ប្រើ​អណ្ដាត យើង​ត្រូវ​តែ​ប្រយ័ត្ន​កុំ​និយាយ​ដោយ​លាក់​លៀម ដើម្បី​រក្សា​ឲ្យ​មាន​សន្ដិភាព​ក្លែង​បន្លំ​នោះ។ ​«​ត្រូវ​ឲ្យ​ចេញ​សំដី​ថា​តែ​មែន​ៗ ឬ ទេ​ៗ​ប៉ុណ្ណោះ សេចក្ដី​ណា​ដែល​លើស​អំពី​នោះ​ទៅ នោះ​មក​តែ​ពី​អា​កំណាច​ទេ​»។ ៣១

១៣ តើ​តាម​របៀប​ណា​ដែល​យើង​អាច​រក្សា​ទំនាក់​ទំនង​ឲ្យ​បាន​សមរម្យ​ជា​មួយ​អ្នក​ដទៃ? ចូរ​កត់​សម្គាល់​នូវ​គោល​ការណ៍​ដែល​ណែនាំ​នេះ​៖ ​«​កុំ​ឲ្យ​គ្រប់​គ្នា​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែង​រក​ចំពោះ​អ្នក​ដទៃ​ផង​»។ ៣២ បើ​ធ្វើ​អ៊ីចឹង យើង​នឹង​បំពេញ​តាម​អ្វី​ដែល​ហៅ​ថា​សុវណ្ណ​វិន័យ​ដែល​ចែង​ថា​៖ ​«​ដូច្នេះ អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ​»។ ៣៣

១៤ ភាព​តាន​តឹង​ចិត្ត: តើ​យើង​អាច​រក្សា​តុល្យភាព​ខាង​ផ្លូវ​ចិត្ត​ក្នុង​ពិភព​លោក ដែល​មាន​ពេញ​ដោយ​ភាព​តាន​តឹង​ចិត្ត​យ៉ាង​ដូច​ម្ដេច? ​«​ចិត្ត​រីករាយ តែង​តែ​បណ្ដាល​ឲ្យ​មាន​ទឹក​មុខ​ផូរ​ផង់ តែ​វិញ្ញាណ​ត្រូវ​បាក់​បែក​ដោយ​កើត​មាន​ទុក្ខ​ព្រួយ​ក្នុង​ចិត្ត​»។ ៣៤ យើង​អាច​បាត់​បង់​នូវ​«​ចិត្ត​រីករាយ​»​ ពេល​យើង​ឃើញ​អ្នក​ដទៃ​មិន​ខ្ចី​អើពើ​ចង់​ដឹង​អ្វី​ដែល​ហាក់​ដូច​ជា​ត្រឹម​ត្រូវ​ចំពោះ​យើង។ ក៏​ប៉ុន្តែ​ជា​ការ​ប្រសើរ បើ​យើង​ចង​ចាំ​ពាក្យ​ទាំង​នេះ​«​ដូច្នេះ កុំ​ឲ្យ​ប្រព្រឹត្ត​ជា​មនុស្ស​សុចរិត​ហួស​ល្បត់​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា​លើស​លន់​ដែរ តើ​ចង់​បំផ្លាញ​ខ្លួន​ធ្វើ​អី?​»។ ៣៥ ម្យ៉ាង​វិញ​ទៀត សេចក្ដី​កង្វល់​ក្នុង​ជីវិត​អាច​ធ្វើ​ឲ្យ​យើង​មួម៉ៅ​ចិត្ត​ជា​និច្ច។ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា? សូម​ឲ្យ​យើង​ចង​ចាំ​ថា​៖ ​«​ការ​ទុក្ខ​ដែល​គ្រប​សង្កត់​ចិត្ត នោះ​ធ្វើ​ឲ្យ​រួញ​ថយ​ចុះ តែ​ពាក្យ​ល្អ​១​ម៉ាត់​នឹង​ធ្វើ​ឲ្យ​រីករាយ​ឡើង​»។ ៣៦ យើង​អាច​សញ្ជឹង​គិត​លើ​«​ពាក្យ​ល្អ​១​ម៉ាត់​»​ គឺ​ពាក្យ​ដ៏​ពីរោះ​ដែល​លើក​ទឹក​ចិត្ត​យើង។ ការ​មាន​អាកប្បកិរិយា​ដ៏​ល្អ ទោះ​ជា​ប្រឈម​មុខ​នឹង​កាលៈទេសៈ​ដ៏​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ណា​ក្ដី នោះ​អាច​មាន​អានុភាព​ដ៏​ល្អ​ផង នេះ​សម​នឹង​អ្វី​ដែល​បាន​ចែង​ថា​៖ ​«​ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស​»។ ៣៧ នៅ​ពេល​ដែល​យើង​ធ្លាក់​ទឹក​ចិត្ត ដោយ​ព្រោះ​អ្នក​ដទៃ​ឥត​ខ្វល់​ខ្វាយ​នឹង​យើង យើង​អាច​សាក​ល្បង​នឹង​ឱវាទ​នេះ​៖ ​«​ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល​»។ ៣៨ ដោយ​មាន​អាកប្បកិរិយា​ដ៏​ល្អ យើង​អាច​ប្រឈម​មុខ​ដោះ​ស្រាយ​នឹង​ភាព​តាន​តឹង​ចិត្ត ដែល​យើង​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ។

១៥ តើ​អ្នក​គិត​ថា​ពាក្យ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ដែល​បាន​ថ្លែង​មក​នេះ មាន​ប្រសិទ្ធភាព​សំរាប់​អ្នក​ដែល​រស់​នៅ​ក្នុង​សតវត្ស​ទី​២១​នេះ​ឬ​ទេ? តាម​ពិត ពាក្យ​ទាំង​នោះ​គឺ​មាន​ក្នុង​សៀវភៅ​ពី​បុរាណ​មួយ គឺ​ព្រះ​គម្ពីរ។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​បែរ​អារម្មណ៍​ទៅ​លើ​ព្រះ​គម្ពីរ​ជា​ជាង​ទៅ​រក​ប្រភព​ឯ​ទៀត​នៃ​ប្រាជ្ញា? ដោយ​ហេតុ​មួយ​គឺ គោល​ការណ៍​ទាំង​ឡាយ​ដែល​មាន​ក្នុង​ព្រះ​គម្ពីរ គឺ​មាន​ប្រសិទ្ធភាព​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ជា​ឧទាហរណ៍ យ៉ាសូហ៊ីរ៉ូ​និង​ខាយូខូ បាន​ទាក់​ទង​នឹង​ចលនា​ស្ត្រី​សេរី។ ពួក​គេ​បាន​រៀប​ការ ដោយ​សារ​តែ​ខាយូខូ​មាន​ផ្ទៃ​ពោះ​ជា​មួយ​យ៉ាសូហ៊ីរ៉ូ​ប៉ុណ្ណោះ។ ប៉ុន្តែ ដោយ​សារ​បញ្ហា​ខាង​លុយ និង​ភាព​មិន​ចុះ​សម្រុង​គ្នា មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​គេ​ក៏​បាន​លែង​លះ​គ្នា​ទៅ។ ក្រោយ​មក ដោយ​គ្មាន​ដំណឹង​អំពី​គ្នា​ទេ នោះ​ពួក​គេ​បាន​ចាប់​ផ្ដើម​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា។ គេ​ម្នាក់​ៗ​បាន​ឃើញ​គ្នា​ទៅ​វិញ​ទៅ​មក​ថា បាន​ផ្លាស់​ប្រែ​ជីវិត​ច្រើន​ជាង​មុន​ឆ្ងាយ​ណាស់។ យ៉ាសូហ៊ីរ៉ូ​និង​ខាយូខូ​បាន​សម្រេច​ចិត្ត​រៀប​ការ​ជា​មួយ​គ្នា​ម្ដង​ទៀត។ ទោះ​ជា​ជីវិត​របស់​គេ​មិន​មែន​ឥត​មាន​បញ្ហា​ក៏​ដោយ តែ​ឥឡូវ​គេ​រស់​នៅ​តាម​គោល​ការណ៍​ព្រះ​គម្ពីរ ហើយ​ទាំង​ពីរ​នាក់​បាន​សុខ​ចិត្ត​ដោះ​ស្រាយ​បញ្ហា​របស់​គេ។ អ្នក​នឹង​ឃើញ​នូវ​លទ្ធផល​ដ៏​ល្អ​នៃ​ការ​អនុវត្តន៍​តាម​គោល​ការណ៍​ព្រះ​គម្ពីរ​ក្នុង​ជីវិត ក្នុង​ចំណោម​ពួក​សាក្សី​ព្រះ​យេហូវ៉ា។ សូម​អញ្ជើញ​ទៅ​កិច្ច​ប្រជុំ​មួយ​របស់​ពួក​គេ ដើម្បី​ឲ្យ​បាន​ស្គាល់​មនុស្ស​ដែល​កំពុង​តែ​ខំ​ធ្វើ​តាម​ព្រះ​គម្ពីរ​ចុះ។

១៦ ឱវាទ​ដែល​បាន​ស្រង់​ចេញ​មក​ខាង​លើ​នេះ គឺ​គ្រាន់​តែ​ជា​តំណាង​នៃ​ប្រាជ្ញា​យ៉ាង​ច្រើន​ដែល​មាន​ប្រយោជន៍ ដែល​អ្នក​អាច​រក​ឃើញ​នូវ​កំណប់​ទ្រព្យ​នៃ​ការ​បំភ្លឺ​ពី​ព្រះ​គម្ពីរ។ គឺ​មាន​មូលហេតុ​ដែល​សាក្សី​ព្រះ​យេហូវ៉ា សុខ​ចិត្ត​អនុវត្ត​តាម​គោល​ការណ៍​ព្រះ​គម្ពីរ​ក្នុង​ជីវិត​របស់​គេ។ ម្ដេច​ក៏​មិន​ស្វែង​រក​នូវ​មូលហេតុ​ដែល​គេ​សុខ​ចិត្ត​ធ្វើ​បែប​នោះ និង​រៀន​អំពី​ហេតុ​ការណ៍​ពិត​ខ្លះ​អំពី​ព្រះ​គម្ពីរ​ទៅ?