លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​ទី​៣

សៀវភៅតែមួយគត់ដែលមានការណែនាំដ៏គួរឲ្យទុកចិត្ត

សៀវភៅតែមួយគត់ដែលមានការណែនាំដ៏គួរឲ្យទុកចិត្ត

 ទស្សនាវដ្ដី​ដែល​បាន​បោះ​ពុម្ព​ដោយ​មហា​វិទ្យាល័យ​ឆូងហ្សាង នៅ​ទី​ក្រុង​ហ្កាំងហ្សូ​ប្រទេស​ចិន​ចែង​ថា​៖ ​«​ព្រះ​គម្ពីរ​ជា​ឯកសារ​រួម​បញ្ចូល​អារ្យធម៌​របស់​មនុស្សជាតិ និង​បទ​ពិសោធន៍​នៃ​ជីវិត ព្រម​ទាំង​ជា​សៀវភៅ​ដ៏​ល្អ​ឯក​បំផុត​»។ ទស្សនវិទូ​ម្នាក់​ដែល​មាន​ប្រជាប្រិយភាព​ឈ្មោះ​អេម៉ាញូអែល​ខេន ដែល​រស់​នៅ​ក្នុង​សតវត្ស​ទី​១៨ បាន​ត្រូវ​គេ​ស្រង់​ពាក្យ​របស់​គាត់​ដែល​មាន​ប្រសាសន៍​ថា​៖ ​«​អត្ថិភាព​នៃ​ព្រះ​គម្ពីរ ជា​សៀវភៅ​សំរាប់​មនុស្ស ដែល​មាន​ប្រយោជន៍​ដ៏​សម្បើម ដែល​មនុស្ស​លោក​ធ្លាប់​ពិសោធ។ ការ​ប៉ុន​ប៉ង​ណា​ដើម្បី​និយាយ​មើល​ងាយ​ព្រះ​គម្ពីរ . . . ជា​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ធម៌​»។ សព្វវចនាធិប្បាយ​អាមេរិក​កាណា​ចែង​ថា​៖ ​«​អានុភាព​នៃ​ព្រះ​គម្ពីរ គឺ​មិន​មែន​មាន​តែ​មក​លើ​ពួក​សាសន៍​យូដា និង​ពួក​គ្រីស្ទាន​ប៉ុណ្ណោះ​ទេ។ . . . ឥឡូវ​នេះ គេ​បាន​ចាត់​ទុក​ព្រះ​គម្ពីរ​ជា​រតនសម្បត្ដិ​ដែល​ត្រឹម​ត្រូវ​ខាង​សីលធម៌​និង​ខាង​សាសនា ជា​សេចក្ដី​បង្រៀន​គ្មាន​ព្រំ​ដែន ដែល​ពិត​ជា​នឹង​មាន​តម្លៃ​កើន​ឡើង​ៗ កាល​ដែល​សេចក្ដី​សង្ឃឹម​នៃ​អារ្យធម៌​ពិភព​លោក​មាន​ការ​រីក​ចំរើន​ទៅ​»។

ទោះ​ជា​អ្នក​ជា​សមាជិក​នៃ​សាសនា​ណា​ក៏​ដោយ អ្នក​ប្រហែល​ជា​ចាប់​អារម្មណ៍​ចង់​ដឹង​ពី​សៀវភៅ​បែប​នេះ​មែន​ទេ? មក​ដល់​ដំណាច់​សតវត្ស​ទី​២០ ព្រះ​គម្ពីរ​ទាំង​មូល​ឬ​ចំណែក​ខ្លះ​ៗ​នៃ​ព្រះ​គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ជាង​២.២០០​ភាសា។ មនុស្ស​ភាគ​ច្រើន​អាច​រក​បាន​ព្រះ​គម្ពីរ​មួយ​ក្បាល ជា​ភាសា​ដែល​គេ​អាច​អាន​និង​ស្ដាប់​បាន។ តាំង​តែ​ពី​មាន​ការ​ផលិត​ដោយ​ម៉ាស៊ីន​បោះ​ពុម្ព​ចល័ត​មក នោះ​ប្រមាណ​បួន​រយ​កោដិ​ក្បាល​នៃ​ព្រះ​គម្ពីរ​បាន​ត្រូវ​ចែក​ចាយ​ទូទាំង​ពិភព​លោក។

ឥឡូវ បើ​អ្នក​មាន​ព្រះ​គម្ពីរ​មួយ​ក្បាល សូម​អញ្ជើញ​បើក​ព្រះ​គម្ពីរ​របស់​អ្នក​និង​ពិនិត្យ​មើល​មាតិកា។ អ្នក​នឹង​កត់​សម្គាល់​ឈ្មោះ​សៀវភៅ​ទាំង​ឡាយ ដែល​ចាប់​ផ្ដើម​ពី​លោកុប្បត្តិ​រហូត​ដល់​សៀវភៅ​ចុង​ក្រោយ​បង្អស់ គឺ​សៀវភៅ​វិវរណៈ។ ព្រះ​គម្ពីរ​គឺ​ជា​បណ្ណាល័យ​មួយ​ដែល​មាន​សៀវភៅ​៦៦​ក្បាល ដែល​បាន​ត្រូវ​សរសេរ​ដោយ​មនុស្ស​ប្រហែល​ជា​៤០​នាក់។ ផ្នែក​ដំបូង​មាន​សៀវភៅ​៣៩​ក្បាល ដែល​មនុស្ស​ជា​ច្រើន​បាន​ហៅ​ថា សញ្ញា​ចាស់ តែ​បាន​ហៅ​យ៉ាង​ត្រឹម​ត្រូវ​វិញ គឺ​បទ​គម្ពីរ​ភាសា​ហេព្រើរ ពីព្រោះ​ផ្នែក​ដំបូង​នេះ​គឺ​បាន​សរសេរ​ច្រើន​តែ​ជា​ភាសា​ហេព្រើរ។ ផ្នែក​ទី​ពីរ​មាន​សៀវភៅ​២៧​ក្បាល ដែល​មនុស្ស​ជា​ច្រើន​បាន​ហៅ​ថា សញ្ញា​ថ្មី តែ​បាន​ហៅ​យ៉ាង​ត្រឹម​ត្រូវ គឺ​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក ដ្បិត​ផ្នែក​ទី​ពីរ​នេះ​បាន​សរសេរជា​ភាសា​ក្រិក​ដោយ​ពួក​អ្នក​សរសេរ​ដែល​ជា​គ្រីស្ទាន។ ព្រះ​គម្ពីរ​បាន​សរសេរ​ចប់​ក្នុង​រយៈ​ពេល​ជាង​១.៦០០​ឆ្នាំ ចាប់​ផ្ដើម​ពី​ឆ្នាំ​១៥១៣​ម.​ស.យ.​ទៅ​ឆ្នាំ​៩៨​ស.យ.។ ពួក​អ្នក​សរសេរ​ទាំង​នោះ​មិន​ដែល​បាន​ប្រជុំ​គ្នា ដើម្បី​ពិភាក្សា​រក​យោបល់​ទេ ហើយ​សៀវភៅ​ខ្លះ​បាន​ត្រូវ​សរសេរ​នៅ​ពេល​ដំណាល​គ្នា តែ​នៅ​កន្លែង​ដែល​ដាច់​ឆ្ងាយ​ពី​គ្នា​រាប់​ពាន់​គីឡូ​ម៉ែត្រ។ ក៏​ប៉ុន្តែ ព្រះ​គម្ពីរ​មាន​ផ្ទៃ​រឿង​តែ​មួយ ហើយ​ព្រះ​គម្ពីរ​ទាំង​មូល​គឺ​ឯកភាព​គ្នា ដោយ​មិន​ចែង​ផ្ទុយ​គ្នា​នោះ​ឡើយ។ គឺ​សម​ហេតុ​សម​ផល​ដែល​យើង​ឆ្ងល់​ថា​៖ ‹តើ​ដូច​ម្ដេច​ដែល​បុរស​៤០​នាក់​ដែល​រស់​នៅ​ពេល​ផ្សេង​ពី​គ្នា​ក្នុង​រយៈ​ពេល​ជាង​១៦​សតវត្ស អាច​បង្កើត​សៀវភៅ​មួយ​ក្បាល​ដែល​ស្រប​គ្នា​ដល់​ម្ល៉េះ​នេះ​បាន?›។

​«​[​ព្រះ​]ទ្រង់​ត្រដាង​ទិស​ខាង​កើត​ពី​លើ​ទី​ល្ហ​ល្ហេវ ហើយ​ក៏​ព្យួរ​ផែនដី​នៅ​ទទេ​ធេង​»​

ទោះ​ជា​ព្រះ​គម្ពីរ​បាន​ត្រូវ​សរសេរ​ចប់​ជាង​១.៩០០​ឆ្នាំ​ទៅ​ហើយ​ក្ដី តែ​សាច់​រឿង​ក្នុង​ព្រះ​គម្ពីរ​ធ្វើ​ឲ្យ​បុរស​និង​ស្ត្រី​នៅ​សម័យ​ទំនើប​នេះ​ចាប់​អារម្មណ៍។ ជា​ឧទាហរណ៍ សូម​អញ្ជើញ​បើក​ព្រះ​គម្ពីរ​របស់​អ្នក​ទៅ​យ៉ូប ២៦:៧។ ចូរ​ចង​ចាំ​ថា បទ​នេះ​បាន​ត្រូវ​សរសេរ​នៅ​សតវត្ស​ទី​១៥ ម.​ស.យ.។ គឺ​អាន​ថា​៖ ​«​[​ព្រះ​]ទ្រង់​ត្រដាង​ទិស​ខាង​កើត​ពី​លើ​ទី​ល្ហ​ល្ហេវ ហើយ​ក៏​ព្យួរ​ផែនដី​នៅ​ទទេ​ធេង​»។ ជា​បន្ទាប់ សូម​អញ្ជើញ​បើក​ទៅ​អេសាយ ៤០:២២ ដោយ​កត់​សម្គាល់​ថា សៀវភៅ​អេសាយ​បាន​ត្រូវ​សរសេរ​នៅ​សតវត្ស​ទី​៨ ម.​ស.យ.។ ខ​នេះ​អាន​ថា​៖ ​«​គឺ​ព្រះ​ដែល​គង់​ពី​លើ​រង្វង់​ផែនដី ហើយ​មនុស្ស​នៅ​ផែនដី​ប្រៀប​ដូច​ជា​កណ្ដូប​វិញ គឺ​ទ្រង់​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ ហើយ​សន្ធឹង​ទៅ ដូច​ជា​ត្រសាល​សំរាប់​អាស្រ័យ​នៅ​»។ តើ​អ្នក​នឹក​គិត​អំពី​អ្វី​ដែរ ពេល​ដែល​អ្នក​អាន​ការ​ពិពណ៌នា​ទាំង​ពីរ​នេះ? គឺ​វត្ថុ​ដែល​មាន​រូប​រាង​មូល​មួយ​«​ព្យួរ​»​នៅ​អវកាស។ លោក​អ្នក​ប្រហែល​ជា​បាន​ឃើញ​រូប​បែប​នេះ​មួយ​ក្នុង​រូប​ថត ដែល​បាន​បញ្ជូន​មក​ពី​យាន​អវកាស​ដ៏​ទំនើប។ អ្នក​អាច​ឆ្ងល់​ថា​៖ ‹តើ​ដូច​ម្ដេច​ដែល​ពួក​បុរស​ដែល​បាន​រស់​នៅ​ជា​យូរ​យារ​មក​ហើយ អាច​ថ្លែង​យ៉ាង​ត្រឹម​ត្រូវ​ខាង​វិទ្យា​សាស្ត្រ​នោះ?›។

សូម​ឲ្យ​យើង​ពិនិត្យ​មើល​សំនួរ​មួយ​ទៀត​ស្តី​អំពី​ព្រះ​គម្ពីរ។ តើ​ព្រះ​គម្ពីរ​មាន​ភាព​ត្រឹម​ត្រូវ​តាម​ប្រវត្ដិសាស្ត្រ​ឬ​ទេ? មនុស្ស​ខ្លះ​គិត​ថា ព្រះ​គម្ពីរ​គឺ​គ្រាន់​តែ​ជា​រឿង​ព្រេង​ដែល​បូក​បញ្ចូល​គ្នា ដោយ​គ្មាន​មូលដ្ឋាន​តាម​ប្រវត្ដិសាស្ត្រ​ឡើយ។ ជា​ឧទាហរណ៍ ចូរ​គិត​អំពី​ស្តេច​ដ៏​ល្បី​មួយ​អង្គ​ជន​ជាតិ​អ៊ីស្រាអែល ព្រះ​នាម​ដាវីឌ។ មុន​ពេល​នេះ មូលដ្ឋាន​តែ​មួយ​គត់​ចំពោះ​ការ​ដឹង​នូវ​អត្ថិភាព​របស់​ទ្រង់ គឺ​មាន​តែ​ក្នុង​ព្រះ​គម្ពីរ​ប៉ុណ្ណោះ។ ថ្វី​បើ​ពួក​អ្នក​ប្រវត្ដិសាស្ត្រ​ជឿ​ថា ទ្រង់​ជា​បុគ្គល​មែន​ទែន តែ​អ្នក​ខ្លះ​ដែល​ចេះ​តែ​សង្ស័យ​ខំ​ប្រឹង​ចាត់​ទុក​ទ្រង់​ជា​បុគ្គល​នៅ​ក្នុង​រឿង​ព្រេង ដែល​បាន​ប្រឌិត​ឡើង​ដោយ​ពួក​អ្នក​ឃោសនា​ជាតិ​យូដា។ តើ​ហេតុ​ការណ៍​បង្ហាញ​យ៉ាង​ណា?

អក្សរ​ចារឹក​សំដៅ​ទៅ​«​ដំណាក់​របស់​ដាវីឌ​»​

នៅ​ឆ្នាំ​១៩៩៣ អក្សរ​ចារឹក​ដែល​សំដៅ​ទៅ​«​ដំណាក់​របស់​ដាវីឌ​»​ បាន​រក​ឃើញ​នៅ​ឯ​សំណង់​បាក់​បែក​នៅ​ទី​ក្រុង​ពី​បុរាណ​ឈ្មោះ​ដាន់ នៅ​ស្រុកអ៊ីស្រាអែល។ អក្សរ​ចារឹក​នេះ​ជា​ផ្នែក​នៃ​វិមាន​ដែល​បាន​បែក​ខ្ទេច​ខ្ទី​ពី​សតវត្ស​ទី​៩ ម.​ស.យ. ដែល​រំឭក​ពី​ជ័យ​ជំនះ​របស់​ពួក​សត្រូវ​លើ​អ៊ីស្រាអែល។ មួយ​រំពេច​នោះ គឺ​មាន​ឯកសារ​យោង​ពី​បុរាណ​អំពី​ដាវីឌ ពី​វិស័យ​ក្រៅ​ពី​ព្រះ​គម្ពីរ! តើ​នេះ​មាន​សារៈ​សំខាន់​ឬ​ទេ? ស្តី​អំពី​លទ្ធផល​នេះ លោក​អ៊ីស្រាអែល​ហ្វិងខិលស្តែញ​ពី​មហា​វិទ្យាល័យ​ថិល​អាវីវ បាន​កត់​សម្គាល់​ថា​៖ ​«​ការ​ប្រឆាំង​នឹង​ព្រះ​គម្ពីរ​បាន​ដួល​រលំ​ភ្លាម ពេល​ដែល​បាន​រក​ឃើញ​អក្សរ​ចារឹក​ដែល​សំដៅ​ទៅ​លើ​ដាវីឌ​»។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ សាស្ដ្រាចារ្យ​លោក​វីល្លាម​អូលប្រែត ដែល​ជា​បុរាណ​វត្ថុ​វិទូ​ដែល​បាន​ចំណាយ​ជា​ច្រើន​ទសវត្ស​ក្នុង​ការ​ជីក​ដី​នៅ​ប៉ាឡេស្ទីន បាន​មាន​ប្រសាសន៍​ម្ដង​ទៀត​ថា​៖ ​«​ការ​រក​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត​បាន​ស្ថាបនា​ភាព​ត្រឹម​ត្រូវ​នៃ​ហេតុ​ការណ៍​ជា​ច្រើន ហើយ​បាន​នាំ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​កាន់​តែ​ច្រើន​អំពី​តម្លៃ​នៃ​ព្រះ​គម្ពីរ ជា​ប្រភព​នៃ​ប្រវត្ដិសាស្ត្រ​»។ ម្ដង​នេះ​ទៀត យើង​អាច​សួរ​ថា​៖ ‹មិន​ដូច​រឿង​ព្រេង​ផ្សេង​ៗ ហេតុ​ដូច​ម្ដេច​បាន​ជា​សៀវភៅ​ពី​បុរាណ​នេះ​មាន​ភាព​ទៀង​ត្រូវ​តាម​ប្រវត្ដិសាស្ត្រ​ម្ល៉េះ?›។ ប៉ុន្តែ នៅ​មាន​ជា​ច្រើន​ទៀត។

កាក់​ដែល​មាន​រូប​លោក​អាឡិចសង់​ដ៏​ឧត្តម

ព្រះ​គម្ពីរ​ក៏​ជា​សៀវភៅ​ទំនាយ​ដែរ។ (​ពេត្រុស​ទី​២ ១:២០, ២១​) ពាក្យ​«​ទំនាយ​»​អាច​ធ្វើ​ឲ្យ​អ្នក​នឹក​បាន​ភ្លាម​នូវ​ពាក្យ​ដែល​ឥត​បាន​សម្រេច របស់​ពួក​អ្នក​ដែល​បាន​អះអាង​ថា​ខ្លួន​ជា​ព្យាការី​នោះ។ ប៉ុន្តែ​ចូរ​ទុក​ចោល​នូវ​មតិ​ដែល​មាន​ជា​យូរ​មក​ហើយ និង​អញ្ជើញ​បើក​ព្រះ​គម្ពីរ​របស់​អ្នក​ទៅ​ដានីយ៉ែល​ជំពូក​ទី​៨។ នៅ​ទី​នេះ ដានីយ៉ែល​រៀប​រាប់​ពី​ចក្ខុនិមិត្ត​មួយ​អំពី​ការ​ប្រយុទ្ធ​រវាង​ចៀម​ឈ្មោល​ដែល​មាន​ស្នែង​ពីរ និង​ពពែ​ឈ្មោល​រោម​ស្រមូវ​ដែល​មាន​«​ស្នែង​១​»។ ពពែ​មួយ​នោះ​បាន​ឈ្នះ តែ​ស្នែង​ដ៏​ធំ​របស់​វា​បាន​បាក់​ទៅ។ រួច​មក ក៏​មាន​ស្នែង​បួន​ទៀត​បាន​ដុះ​ឡើង​ជំនួស។ តើ​ចក្ខុនិមិត្ត​នេះ​មាន​ន័យ​យ៉ាង​ណា? កំណត់​ហេតុ​របស់​ដានីយ៉ែល​រៀប​រាប់​ជា​បន្ត​ថា​៖ ​«​ឯ​ចៀម​ឈ្មោល​មាន​ស្នែង​២​ដែល​ឯង​បាន​ឃើញ នោះ​គឺ​ជា​ស្តេច​សាសន៍​មេឌី នឹង​ស្តេច​សាសន៍​ពើស៊ី ហើយ​ពពែ​ឈ្មោល​រោម​ស្រមូវ​នោះ គឺ​ជា​ស្តេច​សាសន៍​ក្រេក​វិញ ចំណែក​ស្នែង​១​ធំ​ដែល​នៅ​ជា​កណ្ដាល​ភ្នែក​ទាំង​២​នោះ គឺ​ជា​ស្តេច​ដើម​ដំបូង ឯ​ដំណើរ​ដែល​ស្នែង​នោះ​ត្រូវ​បាក់ ហើយ​មាន​ស្នែង​៤​ដុះ​ឡើង​ជំនួស នោះ​គឺ​ជា​នគរ​៤ ដែល​នឹង​កើត​ឡើង ពី​សាសន៍​នោះ តែ​មិន​មែន​មាន​អំណាច​ដូច​ស្តេច​ដើម​នោះ​ទេ​»។—ដានីយ៉ែល ៨:៣​-​២២

«​ការ​រក​ឃើញ​ម្ដង​ហើយ​ម្ដង​ទៀត​បាន​ស្ថាបនា​ភាព​ត្រឹម​ត្រូវ​នៃ​ហេតុ​ការណ៍​ជា​ច្រើន ហើយ​បាន​នាំ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​កាន់​តែ​ច្រើន​អំពី​តម្លៃ​នៃ​ព្រះ​គម្ពីរ ជា​ប្រភព​នៃ​ប្រវត្ដិសាស្ត្រ​»។—សាស្ដ្រាចារ្យ​លោក វីល្លាម​អូលប្រែត

តើ​ទំនាយ​នេះ​បាន​សម្រេច​ឬ​ទេ? សៀវភៅ​ដានីយ៉ែល​បាន​សរសេរ​ចប់​ប្រហែល​នៅ​ឆ្នាំ​៥៣៦ ម.​ស.យ.។ ស្តេច​អាឡិចសង់​ដ៏​ឧត្តម​ពី​ប្រទេស​ម៉ាសេដូន​ដែល​បាន​កើត​នៅ​ឆ្នាំ​៣៥៦ ម.​ស.យ.​ដែល​ជា​១៨០​ឆ្នាំ​ក្រោយ​ពី​ទំនាយ​នោះ បាន​ពង្រាប​ចក្រភព​ពើស៊ី។ លោក​គឺ​ជា​«​ស្នែង​១​ធំ​»​នោះ នៅ​កណ្ដាល​ភ្នែក​នៃ​«​ពពែ​ឈ្មោល​រោម​ស្រមូវ​នោះ​»។ យោង​ទៅ​តាមយ៉ូសេហ្វឺស ដែល​ជា​អ្នក​ប្រវត្ដិសាស្ត្រ​ជាតិ​យូដា ពេល​លោក​អាឡិចសង់​ចូល​ទី​ក្រុង​យេរូសាឡិម​មុន​លោក​មាន​ជ័យ​ជំនះ​លើ​ស្រុក​ពើស៊ី នោះ​គេ​បាន​បង្ហាញ​សៀវភៅ​ដានីយ៉ែល​ឲ្យ​លោក​មើល។ លោក​អាឡិចសង់​បាន​សន្និដ្ឋាន​ថា ពាក្យ​ទំនាយ​របស់​ដានីយ៉ែល​ដែល​គេ​បាន​ចង្អុល​បង្ហាញ​លោក បាន​សំដៅ​ទៅ​យុទ្ធនាការ​យោធា​របស់​លោក​ផ្ទាល់ ដែល​ទាក់​ទង​នឹង​ស្រុក​ពើស៊ី​នោះ។ ម្យ៉ាង​ទៀត​នោះ នៅ​ក្នុង​សៀវភៅ​ស្តី​អំពី​ប្រវត្ដិសាស្ត្រ​ក្នុង​ពិភព​លោក អ្នក​អាច​អាន​អំពី​ដំណើរ​ដែល​ចក្រភព​របស់​អាឡិចសង់ បាន​ទៅ​ជា​យ៉ាង​ណា​ក្រោយ​ពី​មរណភាព​របស់​លោក​ក្នុង​ឆ្នាំ​៣២៣ ម.​ស.យ.។ ជា​យថាហេតុ នោះ​ឧត្តមសេនីយ​បួន​រូប​បាន​ដណ្ដើម​យក​ចក្រភព​របស់​លោក ហើយ​មក​ដល់​ឆ្នាំ​៣០១ ម.​ស.យ. នោះ​‹ស្នែង​បួន›​ដែល​បាន​ដុះ​ឡើង​ជំនួស​«​ស្នែង​១​ធំ​»​ បាន​បែង​ចែក​តំបន់​ត្រួត​ត្រា​ទៅ​ជា​បួន​ផ្នែក។ ម្ដង​នេះ​ទៀត យើង​មាន​គ្រប់​មូលហេតុ​នឹង​ឆ្ងល់​ថា​៖ ‹តើ​ដូច​ម្ដេច​ដែល​សៀវភៅ​មួយ​អាច​ទាយ​ប្រាប់​យ៉ាង​ត្រឹម​ត្រូវ​ដល់​ម្ល៉េះ អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​២០០​ឆ្នាំ​ក្រោយ​នោះ?›។

ព្រះ​គម្ពីរ​ឆ្លើយ​ប្រាប់​នឹង​សំនួរ​ខាង​លើ​នេះ​ថា​៖ ​«​គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​»។ (​ធីម៉ូថេ​ទី​២ ៣:១៦​) ពាក្យ​ក្រិក​ដែល​បាន​បក​ប្រែ​ឃ្លា​«​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​»​ នោះ​មាន​ន័យ​ចំ​ៗ​គឺ​«​ខ្យល់​ដែល​ព្រះ​បញ្ចេញ​មក​»។ ព្រះ​ទ្រង់​«​បាន​បញ្ចេញ​»​ពត៌មាន​នោះ​ទៅ​ក្នុង​គំនិត​របស់​ពួក​អ្នក​សរសេរ​៤០​នាក់ ដែល​ឥឡូវ​យើង​មាន​ជា​សៀវភៅ​ព្រះ​គម្ពីរ។ ឧទាហរណ៍​ខ្លះ​ៗ ដូច​ជា​ខាង​វិទ្យា​សាស្ត្រ ខាង​ប្រវត្ដិសាស្ត្រ និង​ខាង​ទំនាយ ដែល​យើង​បាន​ពិនិត្យ​មើល ចង្អុល​ប្រាប់​យ៉ាង​ច្បាស់​ចំពោះ​សេចក្ដី​សន្និដ្ឋាន​តែ​មួយ។ ព្រះ​គម្ពីរ​ដែល​ជា​សៀវភៅ​ដ៏​ល្អ​ឯក​នេះ​មាន​ប្រភព​ពី​ព្រះ មិន​មែន​ដោយ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ។ ក៏​ប៉ុន្តែ មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ចេះ​តែ​សង្ស័យ​អំពី​អត្ថិភាព​របស់​ព្រះ​ដែល​ជា​អ្នក​និពន្ធ​ព្រះ​គម្ពីរ។ ចុះ​អ្នក​វិញ​យ៉ាង​ណា​ដែរ?