លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​ទី​៦

តើហេតុអ្វីព្រះយេហូវ៉ាបានបង្កើតយើង?

តើហេតុអ្វីព្រះយេហូវ៉ាបានបង្កើតយើង?

ស្តេច​សាឡូម៉ូន​បាន​ពិនិត្យ​មើល សំនួរ​ស្តី​អំពី​អត្ថន័យ​នៃ​ជីវិត

 តើ​ការ​ស្គាល់​ព្រះ​យេហូវ៉ា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​លោក​អ្នក? ចំពោះ​អ្នក​ឯ​ទៀត​នេះ​នឹង​មាន​ន័យ​ថា រក​ឃើញ​ចម្លើយ​នឹង​សំនួរ​ដែល​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​លាន​នាក់​វង្វេង​វង្វាន់ ដែល​ថា​៖ ‹ហេតុ​អ្វី​ខ្ញុំ​មាន​ជីវិត​រស់​នៅ​ទី​នេះ?›។ អ្នក​ប្រហែល​ជា​បាន​ឆ្ងល់​អំពី​រឿង​នេះ​ម្ដង​ម្កាល​ដែរ។ ស្តេច​មួយ​អង្គ​ដែល​ប្រកប​ដោយ​ប្រាជ្ញា ដែល​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន​«​ជាង​អស់​ទាំង​ស្តេច​»​នៅ​សម័យ​ទ្រង់ បាន​ពិនិត្យ​មើល​សំនួរ​នេះ​ស្តី​អំពី​អត្ថន័យ​នៃ​ជីវិត។ (​របាក្សត្រ​ទី​២ ៩:២២; សាស្ដា ២:១​-​១៣​) ស្តេច​នេះ ព្រះ​នាម​សាឡូម៉ូន មាន​អំណាច​យ៉ាង​សម្បើម​ហើយ​អាច​ប្រើ​ប្រាស់​អំណាច​នោះ​បាន​តាម​ចិត្ត មាន​ទ្រព្យ​សម្បត្ដិ​ហូរ​ហៀរ និង​មាន​ប្រាជ្ញា​ដែល​ប្រៀប​ផ្ទឹម​មិន​បាន។ តើ​ការ​ស្រាវ​ជ្រាវ​របស់​ទ្រង់​មាន​លទ្ធផល​យ៉ាង​ណា? ​«​សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ ទាំង​អស់​បាន​សំដែង​ទុក​ហើយ ដូច្នេះ ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ! ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ​»។ (​សាស្ដា ១២:១៣​) ដោយ​ព្រោះ​បទ​ពិសោធន៍​របស់​សាឡូម៉ូន​មាន​ខ្ពស់​លើស​ជាង​មនុស្ស​ភាគ​ច្រើន នោះ​សេចក្ដី​សន្និដ្ឋាន​របស់​ទ្រង់ គឺ​យ៉ាង​ហោច​ណាស់ គួរ​ឲ្យ​យើង​យក​មក​ពិនិត្យ​មើល​ដែរ។—សាស្ដា ២:១២

សេចក្ដី​កោត​ខ្លាច​ព្រះ ដែល​សាឡូម៉ូន​បាន​ប្រាប់​នោះ មិន​មែន​ជា​ការ​ខ្លាច​ដ៏​ញ័រ​រន្ធត់​នឹង​កម្លាំង​វិញ្ញាណ​ដែល​ឥត​ស្គាល់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​គឺ​ជា​ការ​ខ្លាច​ដ៏​ត្រឹម​ត្រូវ​ពី​ការ​មិន​ផ្គាប់​ចិត្ត​បុគ្គល​ម្នាក់ ដែល​អ្នក​ស្រឡាញ់​ជា​ទី​បំផុត។ ប្រសិន​បើ​អ្នក​ស្រឡាញ់​បុគ្គល​ណា​ម្នាក់​យ៉ាង​ខ្លាំង នោះ​អ្នក​ប្រាកដ​ជា​ចង់​ផ្គាប់​ចិត្ត​បុគ្គល​នោះ​រាល់​តែ​ដង និង​ជៀស​វាង​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​គាត់​តូច​ចិត្ត។ កាល​ដែល​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា នោះ​អ្នក​នឹង​មាន​អារម្មណ៍​អ៊ីចឹង​ដែរ​ចំពោះ​ទ្រង់។

ដោយ​អាន​ព្រះ​គម្ពីរ អ្នក​អាច​រៀន​អំពី​អ្វី​ដែល​ព្រះ​អាទិទេព​គាប់​ព្រះ​ទ័យ និង​អ្វី​ដែល​ទ្រង់​មិន​គាប់​ព្រះ​ទ័យ​ដែរ ព្រម​ទាំង​រៀន​អំពី​គោល​បំណង​របស់​ទ្រង់​ក្នុង​ការ​បង្កើត​ផែនដី។ ក្នុង​ការ​រៀប​រាប់​អំពី​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​ទ្រង់​សូន​ធ្វើ​ហើយ​ប្រតិស្ឋាន​ផែនដី​»​ នោះ​ព្រះ​គម្ពីរ​ក៏​ហៅ​ទ្រង់​ជា​ព្រះ​ដែល​«​តាំង​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប​សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ​»។ (​អេសាយ ៤៥:១៨​) ព្រះ​យេហូវ៉ា​បាន​រៀបចំ​ផែនដី​នេះ​ដើម្បី​ឲ្យ​មនុស្ស​រស់​នៅ ដែល​នឹង​ត្រូវ​មើល​ថែ​រក្សា​ផែនដី​នេះ ព្រម​ទាំង​សត្វ​ទាំង​ឡាយ​ដែល​រស់​នៅ​លើ​ផែនដី។ (​លោកុប្បត្តិ ១:២៨​) ប៉ុន្តែ តើ​នោះ​គ្រាន់​តែ​ជា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្កើត​មនុស្សជាតិ​មក ជា​អ្នក​មើល​ថែ​រក្សា​ប៉ុណ្ណោះ​ឬ?

អ័ដាម​និង​នាង​អេវ៉ា​មាន​ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​នឹង​ព្រះ

អត់​ទេ! គឺ​មាន​គោល​បំណង​ខ្ពស់​ជាង​នោះ​ទៅ​ទៀត។ បុរស​ទី​មួយ​គឺ​អ័ដាម មាន​ទំនាក់​ទំនង​យ៉ាង​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ អ័ដាម​អាច​ប្រស្រ័យ​ទាក់​ទង​ផ្ទាល់​នឹង​ព្រះ​អាទិទេព។ គាត់​អាច​ទាំង​ស្ដាប់​នូវ​អ្វី​ដែល​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់ និង​ទូល​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដែល​គាត់​បាន​គិត​ដែរ។ (​លោកុប្បត្តិ ១:២៨​-​៣០; ៣:៨​-​១៣, ១៦​-​១៩; កិច្ច​ការ ១៧:២៦​-​២៨​) ដូច្នេះ​ហើយ អ័ដាម​និង​ភរិយា​របស់​គាត់​គឺ​អេវ៉ា មាន​ឯកសិទ្ធិ​យ៉ាង​អស្ចារ្យ​ដើម្បី​ឲ្យ​បាន​ស្គាល់​ព្រះ​យេហូវ៉ា និង​បណ្ដុះ​បណ្ដាល​ឲ្យ​មាន​ទំនាក់​ទំនង​យ៉ាង​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​ទ្រង់។ ការ​ស្គាល់​ព្រះ​យេហូវ៉ា​និង​យក​តម្រាប់​តាម​ទ្រង់ នឹង​ធ្វើ​ឲ្យ​គេ​មាន​ជីវិត​ដ៏​គាប់​ចិត្ត ដ្បិត​ទ្រង់​ជា​«​ព្រះ​ដ៏​មាន​ព្រះ​ទ័យ​សប្បាយ​»។ (​ធីម៉ូថេ​ទី​១ ១:១១, ព.ថ.​) ជា​ព្រះ​ដែល​«​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ​»​ នោះ​ព្រះ​យេហូវ៉ា​បាន​ដាក់​បុរស​ដំបូង​នៅ​ក្នុង​សួន​មនោរម្យ ដែល​ហៅ​ថា​សួន​ច្បារ​អេដែន ព្រម​ទាំង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​រៀង​រហូត​ត​ទៅ។—ធីម៉ូថេ​ទី​១ ៦:១៧; លោកុប្បត្តិ ២:៨, ៩, ១៦, ១៧

តើ​ការ​រក​ឃើញ​ថ្មី​ៗ​នេះ​អំពី​កោសិកា​របស់​មនុស្ស​បញ្ជាក់​ពី​អ្វី​ខ្លះ?

រស់​នៅ​ជា​រៀង​រហូត? អ្នក​ប្រហែល​ជា​បដិសេធ​ចោល​នូវ​គំនិត​ដែល​ថា ការ​មាន​ជីវិត​ជា​រៀង​រហូត ជា​អ្វី​ដែល​មិន​សម​ហេតុ​សម​ផល​ទេ។ ប៉ុន្តែ តើ​អ៊ីចឹង​មែន​ឬ? ឥឡូវ​ពួក​អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា គេ​មាន​ការ​យល់​ធ្លុះ​នឹង​អ្វី​ដែល​ធ្វើ​ឲ្យ​កោសិកា​ទៅ​ជា​ចាស់។ សារធាតុ​ហ្សែន​តូច​ល្អិត​ដែល​បាន​ហៅ​ថា ធែឡូមែ ដែល​គ្រប​ចុង​ក្រូម៉ូសូម គឺ​មាន​កាន់​តែ​ខ្លី​ឡើង​រាល់​ពេល​ដែល​កោសិកា​មួយ​ទៅ​ជា​បែង​ចែក។ ក្រោយ​ពី​កោសិកា​បែង​ចែក​ជា​៥០​ទៅ​១០០ នោះ​ធាតុ​ធែឡូមែ​នេះ​ក៏​សឹក​អស់​ទៅ ហើយ​កោសិកា​ភាគ​ច្រើន​ឈប់​បែង​ចែក​ដែរ។ យ៉ាង​ណា​ក៏​ដោយ ការ​រក​ឃើញ​ខាង​វិទ្យា​សាស្ត្រ​ពេល​ថ្មី​ៗ​នេះ បង្ហាញ​ថា​ដោយ​មាន​ជំនួយ​ពី​អង់ស៊ីម​មួយ ដែល​បាន​ហៅ​ថា​ធែឡូមែ​រេ​ស នោះ​កោសិកា​មនុស្ស​អាច​បន្ត​បែង​ចែក​ជា​រៀង​រហូត។ ថ្វី​បើ​ការ​រក​ឃើញ​ហេតុ​ការណ៍​នេះ មិន​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​ផ្ដល់​ជីវិត​ជា​រៀង​រហូត​តាម​រយៈ​អង់ស៊ីម​នេះ​ក៏​ដោយ តែ​ក៏​បង្ហាញ​អំពី​រឿង​មួយ​គឺ​៖ គំនិត​អំពី​ជីវិត​ជា​រៀង​រហូត ពិត​ជា​សម​ហេតុ​សម​ផល​មែន!

ត្រូវ​ហើយ ដំណើរ​រឿង​ព្រះ​គម្ពីរ​ដែល​បង្ហាញ​ថា មនុស្ស​មួយ​គូ​ដំបូង​បាន​បង្កើត​មក​ឲ្យ​រស់​ជា​រៀង​រហូត គឺ​អាច​ជឿ​បាន។ មនុស្សជាតិ​នឹង​ត្រូវ​ឲ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត​ត​ទៅ។ ពួក​គេ​នឹង​ស្អាង​ចំណង​ដ៏​រឹង​មាំ​ជា​មួយ​ព្រះ​វរបិតា​នៅ​ស្ថាន​សួគ៌ ដោយ​ដឹង​យ៉ាង​ច្បាស់​អំពី​គោល​បំណង​របស់​ទ្រង់​ចំពោះ​មនុស្ស​នៅ​លើ​ផែនដី​នេះ និង​ការ​សម្រេច​គោល​បំណង​នោះ។ ជីវិត​របស់​គេ​នឹង​មិន​ក្លាយ​ជា​អ្វី​ដ៏​លំបាក​ធុញ​ទ្រាន់​នោះ​ទេ។ អ័ដាម​និង​នាង​អេវ៉ា​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ ដើម្បី​បង្កើត​កូន​ចៅ​ដ៏​ល្អ​គ្រប់​ល័ក្ខណ៍​ឲ្យ​មាន​ពេញ​ផែនដី​នេះ។ ពួក​គេ​នឹង​ប្រាកដ​ជា​មាន​កិច្ច​ការ​ដ៏​គាប់​ចិត្ត ដែល​មាន​អត្ថន័យ​ជា​រៀង​រហូត។ នោះ​ប្រាកដ​ជា​ជីវិត​ដ៏​គាប់​ចិត្ត​យ៉ាង​ណា​ទៅ​ហ្ន៎!—លោកុប្បត្តិ ១:២៨