លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​ទី​៤

អ្នកនិពន្ធនៃសៀវភៅដ៏ល្អឯក

អ្នកនិពន្ធនៃសៀវភៅដ៏ល្អឯក

 ទោះ​ជា​៩៦​ភាគ​រយ​នៃ​ជន​ជាតិ​អាមេរិកាំង​អះអាង​ថា​ជឿ​លើ​ព្រះ តែ​ក្នុង​ចំណោម​ប្រជាជន​នៅ​ទ្វីប​អឺរ៉ុប​និង​អាស៊ី នោះ​ចំនួន​ភាគ​រយ​នៃ​អ្នក​ដែល​អះអាង​ថា​ជឿ​លើ​ព្រះ គឺ​តិច​ជាង​ឆ្ងាយ​ណាស់។ ប៉ុន្តែ​សូម្បី​តែ​នៅ​ក្នុង​ប្រទេស​ដែល​មនុស្ស​ភាគ​ច្រើន​មិន​ជឿ​លើ​ព្រះ​ក៏​ដោយ តែ​មនុស្ស​មួយ​ចំនួន​មាន​មតិ​ថា មាន​កម្លាំង​ណា​មួយ​ដែល​គេ​មិន​ស្គាល់ បាន​បង្កើត​លោកធាតុ​នេះ​មក។ សាស្ដ្រាចារ្យ​ដ៏​ល្បី​ម្នាក់​ឈ្មោះ យូគីឈី​ហ្វូឃូហ្សវ៉រ ដែល​ជា​ជន​ជាតិ​ជប៉ុន ហើយ​រូប​គាត់​មាន​លើ​រូបិយប័ណ្ណ​ជប៉ុន​ក្រដាស​១០.០០០​យេន នៅ​ពេល​មួយ​គាត់​បាន​សរសេរ​ថា​៖ ​«​គេ​បាន​និយាយ​ថា ស្ថាន​សួគ៌​មិន​បាន​បង្កើត​បុរស​ម្នាក់​ធំ​ជាង​ឬ​ទាប​ជាង​បុរស​ម្នាក់​ទៀត​ទេ​»។ ដោយ​ប្រើ​ពាក្យ​«​ស្ថាន​សួគ៌​»​ លោក​ហ្វូឃូហ្សវ៉រ​បាន​សំដៅ​ទៅ​ច្បាប់​ធម្មជាតិ​ដែល​លោក​គិត​ថា បាន​បង្កើត​មនុស្សជាតិ​នោះ។ មនុស្ស​ជា​ច្រើន​ជឿ​អំពី​«​ស្ថាន​សួគ៌​»​ដែល​អរូបី ដូច​ជា​លោក​គីនីឈី​ហ្វូគូអ៊ី ដែល​បាន​ទទួល​រង្វាន់​ណូបែល​នោះ។ លោក​បាន​សម្ដែង​ជំនឿ​លើ​គម្រោង​ដ៏​ឧត្តម​មួយ​ក្នុង​សកល​លោក ដែល​ហៅ​ថា​«​ព្រះ​»​តាម​ពាក្យ​ខាង​សាសនា ប៉ុន្តែ​នេះ​បាន​ហៅ​ជា​«​លក្ខណៈ​ពិសេស​នៃ​ធម្មជាតិ​»​ទៅ​វិញ។

ខាង​ឆ្វេង: យូគីឈី ហ្វូឃូហ្សវ៉រ; ខាង​ស្ដាំ: គីនីឈី ហ្វូគូអ៊ី

អ្នក​បញ្ញវន្ត​បែប​នេះ​បាន​ជឿ​ថា អ្វី​មួយ​ឬ​អ្នក​ណា​ម្នាក់​ដែល​រស់​តាំង​ពី​អស់​កល្ប បាន​ធ្វើ​ឲ្យ​របស់​ទាំង​អស់​ក្នុង​សកល​លោក​នេះ​មាន​ចលនា។ តើ​ហេតុ​អ្វី? ចូរ​គិត​អំពី​រឿង​នេះ​៖ ព្រះ​អាទិត្យ​ជា​ផ្កាយ​មួយ​ដែល​ធំ​ដល់​ម្ល៉េះ ដែល​អាច​ដាក់​ភព​ផែនដី​ចំនួន​មួយ​លាន​ទៅ​ក្នុង​នោះ តែ​ព្រះ​អាទិត្យ​គ្រាន់​តែ​ជា​ចំណែក​ដ៏​ល្អិត​នៃ​តារា​វលី​ក្នុង​កាឡាក់ស៊ី​ទេ។ រីឯ​កាឡាក់ស៊ី​វិញ​ក៏​គ្រាន់​តែ​ជា​តារា​វលី​មួយ ក្នុង​ចំណោម​រាប់​ពាន់​លាន​តារា​វលី​ក្នុង​សកល​លោក​ដែរ។ ការ​សង្កេត​មើល​ខាង​វិទ្យា​សាស្ត្រ​ហាក់​ដូច​ជា​បង្ហាញ​ថា តារា​វលី​ទាំង​នោះ​កំពុង​តែ​ចល័ត​ចេញ​ពី​គ្នា​ដោយ​មាន​ល្បឿន​យ៉ាង​លឿន។ ដើម្បី​ធ្វើ​ឲ្យ​សកល​លោក​នេះ​មាន​ចលនា នោះ​ច្បាស់​ជា​ត្រូវ​ការ​ថាមពល​ដ៏​សម្បើម​ហើយ។ តើ​អ្នក​ណា​ឬ​ក៏​អ្វី​ដែល​ជា​ប្រភព​នៃ​ថាមពល​បែប​នេះ? ព្រះ​គម្ពីរ​សួរ​ថា​៖ ​«​ចូរ​ងើយ​ភ្នែក​ឯង​មើល​ទៅ​លើ ហើយ​ពិចារណា​ពី​អ្នក​ណា​ដែល​បាន​បង្កើត​របស់​ទាំង​នេះ ដែល​នាំ​ពួក​ពល​បរិវារ​ចេញ​មក​តាម​ចំនួន​ដូច្នេះ ទ្រង់​ក៏​ហៅ​របស់​ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ ដោយ​ព្រះ​ចេស្ដា​ដ៏​ធំ​របស់​ទ្រង់ ហើយ​គ្មាន​ណា​មួយ​ខាន​ឡើយ ដោយ​ព្រោះ​តេជានុភាព​ដ៏​ខ្លាំង​ក្លា​ដែរ​»។ (​អេសាយ ៤០:២៥, ២៦​) ខ​នេះ​បង្ហាញ​ថា​គឺ​មាន​បុគ្គល​មួយ​អង្គ​ជា​ប្រភព​នៃ​«​ព្រះ​ចេស្ដា​ដ៏​ធំ​»​ ដែល​បាន​ធ្វើ​ឲ្យ​សកល​លោក​នេះ​មាន​ចលនា។

កាឡាក់ស៊ី សំប្រេរ៉ូ

ចូរ​គិត​ផង​ដែរ​អំពី​ជីវិត​នៅ​លើ​ផែនដី។ តើ​ជីវិត​អាច​ចាប់​កំណើត​ដោយ​ខ្លួន​ឯង​បាន​ដូច​ពួក​អ្នក​វិវឌ្ឍន៍​និយម​អះអាង​នោះ​ទេ? លោក​មីកែល​ប៊ីហ៊ី ដែល​ជា​សាស្ដ្រាចារ្យ​នៃ​ផ្នែក​គីមី​វិទ្យា មាន​ប្រសាសន៍​ថា​៖ ​«​វិទ្យា​សាស្ត្រ​មាន​ការ​ជឿន​លឿន​យ៉ាង​សម្បើម ក្នុង​ការ​យល់​អំពី​ដំណើរ​ការ​ខាង​គីមី​ក្នុង​ជីវិត តែ​ប្រព័ន្ធ​នៃ​ភាវៈ​រស់​ដ៏​ស្មុគ​ស្មាញ ដែល​មាន​ភាព​ទៀង​ទាត់​ពី​កំរិត​អាតូម បាន​ធ្វើ​ឲ្យ​គាំង​ដល់​ដំណើរ​នៃ​ការ​ប៉ុន​ប៉ង​ខាង​វិទ្យា​សាស្ត្រ​ដើម្បី​ពន្យល់​ពី​កំណើត​នៃ​ជីវិត។ . . . ពួក​អ្នក​វិទ្យា​សាស្ត្រ​ជា​ច្រើន​បាន​អះអាង​យ៉ាង​ប្រាកដ​ក្នុង​ចិត្ត​ថា ការ​ពន្យល់​គឺ​មាន​រួច​ទៅ​ហើយ ឬ​ថា​បាន​ទទួល​មិន​សូវ​ជា​យូរ​ប៉ុន្មាន​ទៀត​ទេ។ ប៉ុន្តែ​ឥត​មាន​ទី​សំអាង​ចំពោះ​សេចក្ដី​អះអាង​បែប​នេះ ពី​ប្រកាសនវត្ថុ​ជា​ផ្លូវ​ការ​ខាង​វិទ្យា​សាស្ត្រ​នោះ​ទេ។ អ្វី​ដែល​សំខាន់​ជាង​នោះ គឺ​ថា​មាន​មូលហេតុ​ជា​ច្រើន បើ​សំអាង​ទៅ​លើ​ទម្រង់​នៃ​ប្រព័ន្ធ​[​ម៉ូលេគុល​នៃ​ភាវៈ​រស់​]​តែ​ប៉ុណ្ណោះ ឲ្យ​ជឿ​ថា​ការ​ពន្យល់​របស់​លោក​ដាវីន​ចំពោះ​ដំណើរ​ជីវិត នឹង​ពុំ​អាច​ពន្យល់​បាន​ជា​និច្ច​នោះ​ទេ​»។

របត់​នៃ​ប្រូតេអ៊ីន​ធម្មតា​តែ​មួយ គឺ​ស្មុគ​ស្មាញ​ណាស់ ប៉ុន្តែ​រូប​កាយ​មនុស្ស​អាច​មាន​ប្រូតេអ៊ីន​រាប់​រយ​សែន​ទៀត។ ពួក​អ្នក​វិទ្យា​សាស្ត្រ​កំពុង​តែ​ខំ​ប្រឹង​ឲ្យ​យល់​អំពី​ដំណើរ​របត់​នេះ តើ​អ្នក​ណា​បាន​គូរ​ប្លង់​របស់​ទាំង​នេះ?

តើ​អ្នក​ពិត​ជា​ពេញ​ចិត្ត​នឹង​ទ្រឹស្តី​ដែល​ថា ជីវិត​មនុស្ស​បាន​ចាប់​កំណើត​មក ដោយ​សារ​ឥទ្ធិពល​មួយ​ដែល​គ្មាន​បញ្ញា​ឬ? សូម​ឲ្យ​យើង​ពិនិត្យ​មើល​ខួរ​ក្បាល​មនុស្ស ដែល​គេ​បាន​ចាត់​ទុក​ជា​«​របស់​ដ៏​ស្មុគ​ស្មាញ​ជាង​គេ​ក្នុង​សកល​លោក​នេះ​»​ ហើយ​មើល​ថា​តើ​យើង​អាច​មាន​សេចក្ដី​សន្និដ្ឋាន​យ៉ាង​ណា? វេជ្ជបណ្ឌិត​ម្នាក់​ឈ្មោះ រីឆែទ​រីស្ទែក​មាន​ប្រសាសន៍​ថា​៖ ​«​សូម្បី​តែ​ដំណើរ​ការ​នៃ​បណ្ដាញ​កុំព្យូទ័រ​ដ៏​ទំនើប​បំផុត មាន​សមត្ថភាព​ប្រមាណ​តែ​មួយ​ភាគ​មួយ​ម៉ឺន​នៃ​សមត្ថភាព​រុយ​ប៉ុណ្ណោះ​»។ ខួរ​ក្បាល​របស់​មនុស្ស​គឺ​ខ្ពស់​ជាង​សត្វ​រុយ​ឆ្ងាយ​ណាស់។ ខួរ​ក្បាល​បាន​រៀបចំ​ឡើង​ដើម្បី​ចេះ​រៀន​ភាសា​ផ្សេង​ៗ។ ខួរ​ក្បាល​អាច​ជួស​ជុល​ខ្លួន​ឯង បង្កើត​ប្រូ​ក្រាម​សារ​ឡើង​វិញ និង​ចំរើន​នូវ​សមត្ថភាព​របស់​ខ្លួន។ អ្នក​ប្រាកដ​ជា​ឯកភាព​ថា សូម្បី​តែកុំព្យូទ័រ​ដ៏​ទំនើប​បំផុត​មួយ ដែល​«​មាន​សមត្ថភាព​ប្រមាណ​តែ​មួយ​ភាគ​មួយ​ម៉ឺន​នៃ​សមត្ថភាព​រុយ​»​ ក៏​មាន​អ្នក​គូរ​ប្លង់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ដែរ។ ចុះ​យ៉ាង​វិញ​ចំពោះ​ខួរ​ក្បាល​របស់​មនុស្ស? a

ប្រមាណ​៣.០០០​ឆ្នាំ​កន្លង​ទៅ​នេះ គឺ​នៅ​គ្រា​ដែល​មនុស្ស​ពុំ​យល់​ច្បាស់​លាស់​អំពី​រចនា​សម្ព័ន្ធ​ដ៏​អស្ចារ្យ​នៃ​រូប​កាយ​គេ នោះ​អ្នក​សរសេរ​ព្រះ​គម្ពីរ​ម្នាក់ បាន​រំពឹង​គិត​លើ​សមាសភាព​នៃ​រូប​កាយ​មនុស្ស និង​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ទូល​បង្គំ​នឹង​អរ​ព្រះ​គុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូល​បង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ។ ឯ​ស្នា​ដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូល​បង្គំ​ក៏​ដឹង​ច្បាស់​ហើយ​»។ ដោយ​ឥត​មាន​ចំណេះ​អំពី​អាតូម ឌីអេនអេ​(DNA) នោះ​គាត់​បាន​សរសេរ​ថា​៖ ​«​ព្រះ​នេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូល​បង្គំ ក្នុង​កាល​ដែល​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ ទាំង​អស់​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់​»។ (​ទំនុក​ដំកើង ១៣៩:១៤, ១៦​) តើ​គាត់​កំពុង​តែ​និយាយ​អំពី​អ្នក​ណា? តើ​អ្នក​ណា​ដែល​បង្កើត​របស់​សព្វ​សារពើ​ក្នុង​សកល​លោក​នេះ តាម​រយៈ​«​ព្រះ​ចេស្ដា​ដ៏​ធំ​»​នោះ?

តើ​មួយ​ណា​មាន​សមត្ថភាព​ច្រើន​ជាង បណ្ដាញ​កុំព្យូទ័រ​ដ៏​ទំនើប​បំផុត ឬ​ក៏​សត្វ​រុយ​ធម្មតា?

ខ​ដំបូង​ក្នុង​ព្រះ​គម្ពីរ ចែង​ថា​៖ ​«​កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ​នឹង​ផែនដី​»។ (​លោកុប្បត្តិ ១:១​) ទ្រង់​ក៏​ជា​អ្នក​និពន្ធ​នៃ​ព្រះ​គម្ពីរ​ដែរ ជា​ព្រះ​ដែល​បាន​បណ្ដាល​ឲ្យ​តែង​សាច់​រឿង​ក្នុង​ព្រះ​គម្ពីរ។ ទ្រង់​សម្ដែង​អង្គ​ទ្រង់​ជា​បុគ្គល ដែល​យើង​អាច​មាន​ទំនាក់​ទំនង​ដ៏​ស្និទ្ធ​ស្នាល​ជា​មួយ​បាន។

a អ្នក​នឹង​ពេញ​ចិត្ត​អាន​ថែម​ទៀត​នូវ​ពត៌មាន​ក្នុង​ជំពូក​២​ទៅ​ជំពូក​៤​នៃ​សៀវភៅ តើ​មាន​ព្រះ​អាទិទេព​មួយ​អង្គ​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ឬ​ទេ? បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។ (​ជា​ភាសា​អង់គ្លេស​)