លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​ទី​៧

ជីវិតដ៏គាប់ចិត្តម្ដេចក៏ពិបាករកបានម្ល៉េះ?

ជីវិតដ៏គាប់ចិត្តម្ដេចក៏ពិបាករកបានម្ល៉េះ?

 ហេតុ​អ្វី​ក៏​មនុស្ស​ជា​ច្រើន​ខំ​ពុះ​ពារ​ទាំង​លំបាក តែ​ឥត​រក​ឃើញ​អត្ថន័យ​ដ៏​ពិត​ប្រាកដ​ក្នុង​ជីវិត​របស់​គេ​បាន​អ៊ីចឹង? ​«​មនុស្ស​ដែល​កើត​ពី​ស្រី​មក សុទ្ធ​តែ​មាន​អាយុ​ខ្លី​ទាំង​អស់ ហើយ​ក៏​មាន​សេចក្ដី​លំបាក​ជា​និច្ច​ផង គេ​ចេញ​មក​ដូច​ជា​ផ្កា រួច​ត្រូវ​កាត់​ដាច់​ទៅ គេ​រួញ​ថយ​បាត់​ទៅ ដូច​ជា​ស្រមោល ឥត​នៅ​ស្ថិត​ស្ថេរ​ឡើយ​»។ (​យ៉ូប ១៤:១, ២​) អ្វី​មួយ​ដែល​បាន​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​ដ៏​ត្រចះ​ត្រចង់​របស់​មនុស្ស​លោក​បាត់​បង់​ទៅ គឺ​ដោយ​សារ​មនុស្ស​មួយ​គូ​ដំបូង​នៅ​ក្នុង​សួន​មនោរម្យ។

ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​ជា​មនុស្ស​លោក​មាន​សុភមង្គល​ពិត​ប្រាកដ នោះ​ពួក​គេ​ត្រូវ​តែ​មាន​ទំនាក់​ទំនង​ដ៏​ល្អ​ជា​មួយ​ព្រះ ដែល​ជា​ទំនាក់​ទំនង​ដ៏​ស្ម័គ្រ​ពី​ចិត្ត មិន​មែន​ដោយ​បង្ខំ​ទេ។ (​ចោទិយកថា ៣០:១៥​-​២០; យ៉ូស្វេ ២៤:១៥​) ព្រះ​យេហូវ៉ា​ចង់​បាន​ការ​ស្ដាប់​បង្គាប់​និង​ការ​ថ្វាយ​បង្គំ​ដែល​ចេញ​ពី​ចិត្ត គឺ​ដោយ​សេចក្ដី​ស្រឡាញ់។ (​ចោទិយកថា ៦:៥​) ដូច្នេះ​ហើយ​នៅ​ក្នុង​សួន​ច្បារ​អេដែន ព្រះ​យេហូវ៉ា​បាន​ដាក់​ល័ក្ខខ័ណ្ឌ​មួយ ដែល​តម្រូវ​ឲ្យ​បុរស​ទី​មួយ​នូវ​ឱកាស​ដើម្បី​បង្ហាញ​ជា​ភស្តុ​តាង​នូវ​ភក្ដី​ភាព​ដ៏​ស្មោះ​របស់​គាត់។ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​អ័ដាម​ថា​៖ ​«​ឯង​នឹង​ស៊ី​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួន​ច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុស​ត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​»។ (​លោកុប្បត្តិ ២:១៦, ១៧​) នេះ​ជា​ការ​សាក​ល្បង​មួយ​ដ៏​ស្រួល។ ព្រះ​យេហូវ៉ា​បាន​ហាម​មិន​ឲ្យ​អ័ដាម​បរិភោគ​ផ្លែ​ពី​ដើម​ឈើ​តែ​មួយ​ដើម​គត់ ក្នុង​ចំណោម​ដើម​ឈើ​ជា​ច្រើន​ក្នុង​សួន​ច្បារ​នោះ។ ដើម​ឈើ​នោះ​បាន​តំណាង​សិទ្ធិ​របស់​ព្រះ​អាទិទេព​ដែល​មាន​សព្វ​ប្រាជ្ញា ក្នុង​ការ​សម្រេច​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ បុរស​ដំបូង​បាន​ប្រាប់​បញ្ញត្ដិ​ដែល​ព្រះ​ប្រទាន​ឲ្យ​នេះ​ដល់​ភរិយា​ខ្លួន ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ជា​«​គូ​បង្គ្រប់​ចំពោះ[​អ័ដាម​]​»​នោះ។ (​លោកុប្បត្តិ ២:១៨, ព.ថ.​) ពួក​គេ​បាន​ពេញ​ចិត្ត​នឹង​របៀប​រៀបចំ​នេះ គឺ​ការ​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ ទាំង​ចុះ​ចូល​ដោយ​អបអរ​ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់។ ហើយ​តាម​របៀប​នេះ គឺ​អាច​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​គេ​ចំពោះ​ព្រះ​អាទិទេព ដ៏​ជា​ព្រះ​ដែល​ប្រទាន​ឲ្យ​ជីវិត។

រួច​មក នៅ​ថ្ងៃ​មួយ ពស់​មួយ​បាន​និយាយ​ជា​មួយ​នាង​អេវ៉ា ហើយ​បាន​សួរ​ថា​៖ ​«​តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន​ច្បារ​មែន​ឬ?​»។ នាង​អេវ៉ា​បាន​ឆ្លើយ​ថា ពួក​គេ​បាន​ត្រូវ​ហាម​មិន​ឲ្យបរិភោគ​ផ្លែ​ពី​«​ដើម​ឈើ​១​ដែល​នៅ​កណ្ដាល​សួន​ច្បារ​នោះ​»​ គឺ​ដើម​ដឹង​ខុស​ត្រូវ ‹ក្រែង​លោ​ពួក​គេ​នឹង​ស្លាប់​ទៅ›។—លោកុប្បត្តិ ៣:១​-​៣

តើ​ពស់​នេះ​ជា​អ្នក​ណា? សៀវភៅ​វិវរណៈ​ក្នុង​ព្រះ​គម្ពីរ​សម្គាល់​«​ពស់​ពី​បុរាណ​»​ជា​«​អារក្ស ហើយ​សាតាំង​ផង ដែល​បាន​នាំ​លោកីយ​ទាំង​មូល​ឲ្យ​វង្វេង​ចេញ​»។ (​វិវរណៈ ១២:៩​) តើ​ព្រះ​បាន​បង្កើត​អារក្ស​សាតាំង​មែន​ឬ? អត់​ទេ! កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា​សុទ្ធ​តែ​គ្រប់​ល័ក្ខណ៍​និង​ល្អ។ (​ចោទិយកថា ៣២:៤​) បុគ្គល​វិញ្ញាណ​នេះ​បាន​លើក​ខ្លួន​វា​ជា​អារក្ស ដែល​មាន​ន័យ​ថា​«​អ្នក​និយាយ​បង្ខូច​»​ និង​សាតាំង ដែល​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»។ វា​បាន​ត្រូវ​«​កើត​មាន​សេចក្ដី​ល្បួង នោះ​គឺ​ដោយ​សារ​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​»​ គឺ​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​បាន​ឋានៈ​របស់​ផង​ព្រះ។ អ៊ីចឹង​ហើយ វា​ក៏​ចាប់​ផ្ដើម​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​អាទិទេព​ទៅ។—យ៉ាកុប ១:១៤

អារក្ស​សាតាំង​បាន​និយាយ​ទៅ​នាង​អេវ៉ា​ទៀត​ថា​៖ ​«​អ្នក​មិន​ស្លាប់​ជា​ពិត​មែន​ទេ ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា នៅ​ថ្ងៃ​ណា​ដែល​អ្នក​បរិភោគ នោះ​ភ្នែក​អ្នក​នឹង​បាន​ភ្លឺ​ឡើង ហើយ​អ្នក​នឹង​បាន​ដូច​ជា​ព្រះ​ដែរ ព្រម​ទាំង​ដឹង​ការ​ខុស​ត្រូវ​ផង​»។ (​លោកុប្បត្តិ ៣:៤, ៥​) សាតាំង​បាន​ធ្វើ​ឲ្យ​ការ​បរិភោគ​ពី​ដើម​ដឹង​ខុស​ត្រូវ ទៅ​ជា​អ្វី​ដ៏​គួរ​ឲ្យ​ចូល​ចិត្ត​ណាស់។ ជា​គោល វា​បាន​និយាយ​ប្រឆាំង​ថា​៖ ‹ព្រះ​ទ្រង់​កំពុង​ដក​ហូត​យក​អ្វី​ល្អ​ពី​អ្នក​ហើយ។ ចូរ​បរិភោគ​ពី​ដើម​ឈើ​នោះ​ទៅ! ហើយ​អ្នក​នឹង​បាន​ដូច​ព្រះ និង​អាច​សម្រេច​ចិត្ត​សំរាប់​ខ្លួន​ឯង​នូវ​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់›។ សព្វ​ថ្ងៃ​នេះ សាតាំង​នៅ​តែ​ប្រើ​ការ​វែក​ញែក​បែប​នេះ ដើម្បី​រា​រាំង​មនុស្ស​ជា​ច្រើន​ពី​ការ​បំរើ​ព្រះ។ វា​និយាយ​ថា​៖ ‹ចូរ​ធ្វើ​អ្វី​តាម​តែ​ចិត្ត​ខ្លួន​ទៅ! ចូរ​កុំ​អើពើ​នឹង​អ្វី​ដែល​អ្នក​ជំពាក់​គុណ​ព្រះ ដែល​បាន​ផ្ដល់​ជីវិត​ដល់​អ្នក​ចុះ!›។—វិវរណៈ ៤:១១

ភ្លាម​នោះ ផ្លែ​ពី​ដើម​ឈើ​នោះ​បាន​ក្លាយ​ទៅ​ជា​អ្វី​ដែល​ចង់​បាន​ជា​ខ្លាំង ជា​អ្វី​ដែល​ពុំ​អាច​ទប់​បាន​ឡើយ! នាង​អេវ៉ា​បាន​បេះ​ផ្លែ​ឈើ​នោះ ហើយ​ក៏​បរិភោគ​ទៅ រួច​មក ក៏​បាន​ផ្ដល់​ខ្លះ​ឲ្យ​ស្វាមី​បរិភោគ​ដែរ។ ថ្វី​បើ​អ័ដាម​បាន​ដឹង​យ៉ាង​ច្បាស់​នូវ​លទ្ធផល​នេះ តែ​គាត់​បាន​ស្ដាប់​តាម​ភរិយា​របស់​គាត់ ហើយ​ក៏​បាន​បរិភោគ​ផ្លែ​ឈើ​នោះ​ទៅ។ តើ​បាន​មាន​លទ្ធផល​យ៉ាង​ណា? ចំពោះ​ស្ត្រី​នេះ ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​ដោយ​ថា​៖ ​«​អញ​នឹង​ចំរើន​ឲ្យ​ឯង​មាន​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន​ឡើង ក្នុង​វេលា​ដែល​មាន​ផ្ទៃ​ពោះ ឯង​នឹង​បង្កើត​កូន​ដោយ​ឈឺ​ចាប់ ចិត្ត​ឯង​នឹង​ប្រាថ្នា​ខាង​ឯ​ប្ដី ហើយ​ប្ដី​នឹង​ត្រួត​ត្រា​លើ​ឯង​»។ ហើយ​ចំពោះ​បុរស​វិញ​គឺ​៖ ​«​នោះ​ដី​ត្រូវ​បណ្ដាសា​ដោយ​ព្រោះ​ឯង ឯង​ត្រូវ​រក​ស៊ី​ពី​ដី​ដោយ​នឿយ​ហត់​អស់​១​ជីវិត ដី​នឹង​ដុះ​ជា​បន្លា​ហើយ​នឹង​អញ្ចាញ​ឲ្យ​ឯង ឯង​ត្រូវ​ស៊ី​អស់​ទាំង​តិណជាតិ​ដែល​ដុះ​នៅ​ស្រែ​ចំការ ឯង​នឹង​បាន​អាហារ​ស៊ី​ដោយ​ការ​បែក​ញើស ដរាប​ដល់​ឯង​ត្រឡប់​ទៅ​ជា​ដី​វិញ ពីព្រោះ​អញ​បាន​យក​ឯង​ពី​ដី​មក ដ្បិត​ឯង​ជា​ធូលី​ដី ក៏​ត្រូវ​ត្រឡប់ទៅ​ជា​ធូលី​ដី​វិញ​»។ ឥឡូវ​នេះ អ័ដាម​និង​នាង​អេវ៉ា​បាន​ស្វែង​រក​សុភមង្គល​និង​សេចក្ដី​ស្កប់​ចិត្ត​តាម​ផ្លូវ​របស់​គេ។ តើ​ការ​ខំ​ប្រឹង​របស់​មនុស្ស​ដើម្បី​ប្រកប​ជីវិត​ដ៏​គាប់​ចិត្ត ដោយ​មិន​សម​ស្រប​តាម​ព្រះ​ហឫទ័យ​ព្រះ​អាច​បាន​ជោគ​ជ័យ​ឬ​ទេ? កិច្ច​ការ​ដ៏​សប្បាយ​ជា​ការ​មើល​ថែ​រក្សា​សួន​មនោរម្យ និង​ការ​ពង្រីក​សួន​មនោរម្យ​ទៅ​គ្រប់​ទិស​ទី​លើ​ផែនដី បាន​ត្រូវ​ជំនួស​ដោយ​ការងារ​ដ៏​នឿយ​ហត់ ថែម​ទាំង​គួរ​ឲ្យ​ធុញ​ទ្រាន់​ព្រោះ​គ្រាន់​តែ​ឲ្យ​បាន​រស់ ទាំង​ឥត​ធ្វើ​អ្វី​ដើម្បី​តម្កើង​ព្រះ​អាទិទេព​គេ​ឡើយ។—លោកុប្បត្តិ ៣:៦​-​១៩

នៅ​ថ្ងៃ​ដែល​បរិភោគ​ពី​ដើម​ដឹង​ខុស​ត្រូវ នោះ​មនុស្ស​មួយ​គូ​ដំបូង​បាន​ស្លាប់​ចំពោះ​ព្រះ​នេត្រ​ព្រះ និង​ក៏​បាន​ទ្រុឌ​ទ្រោម​ទៅ​ដល់​សេចក្ដី​ស្លាប់​ខាង​រូប​កាយ។ តើ​មាន​អ្វី​កើត​ឡើង​ដល់​គេ​ពេល​ដែល​គេ​បាន​ស្លាប់​នៅ​ទី​បំផុត​នោះ? ព្រះ​គម្ពីរ​ផ្ដល់​នូវ​ការ​យល់​ធ្លុះ​អំពី​ស្ថានភាព​នៃ​មនុស្ស​ស្លាប់។ ​«​ដ្បិត​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ គេ​ក៏​គ្មាន​រង្វាន់​អ្វី​ទៀត​ដែរ ពីព្រោះ​សេចក្ដី​នឹក​ចាំ​ពី​គេ​បាន​សូន្យ​បាត់​ហើយ​»។ (​សាស្ដា ៩:៥; ទំនុក​ដំកើង ១៤៦:៤​) គឺ​គ្មាន​អ្វី​មួយ​ដូច​ជា​«​ព្រលឹង​»​ដែល​រស់​នៅ​ជា​បន្ត​ក្រោយ​ពេល​ស្លាប់​នោះ​ទេ។ បាប​នាំ​ឲ្យ​ទទួល​ទណ្ឌកម្ម​ជា​សេចក្ដី​ស្លាប់ មិន​មែន​ជា​ទារុណកម្ម​ជា​រៀង​រហូត​ក្នុង​ស្ថាន​នរក​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត សេចក្ដី​ស្លាប់​មិន​នាំ​ទៅ​ឯ​ស្ថានភាព​បរមសុខ​ជា​រៀង​រហូត​ក្នុង​ស្ថាន​សួគ៌​ទេ។ a

ដូច​ជា​ចាន​ដែក​នំ​មួយ​ដែល​មាន​ស្នាម​ពៀច​នោះ អាច​ធ្វើ​បាន​តែ​នំ​ដែល​មាន​ស្នាម នោះ​បុរស​និង​ស្ត្រី​ដ៏​ឥត​គ្រប់​ល័ក្ខណ៍​ឥឡូវ អាច​បង្កើត​បាន​តែ​កូន​ចៅ​ឥត​គ្រប់​ល័ក្ខណ៍​តែ​ប៉ុណ្ណោះ។ ព្រះ​គម្ពីរ​ពន្យល់​អំពី​ដំណើរ​នេះ​ថា​៖ ​«​ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ ដោយ​សារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ ដោយ​សារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល​ដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ​»។ (​រ៉ូម ៥:១២​) ដូច្នេះ​ហើយ យើង​ទាំង​អស់​គ្នា​កើត​មក​ដោយ​មាន​បាប បាន​ត្រូវ​ចុះ​ចូល​នឹង​សេចក្ដី​ឥត​ប្រយោជន៍។ ជីវិត​សំរាប់​កូន​ចៅ​អ័ដាម​បាន​ក្លាយ​ទៅ​ជា​ជីវិត​ដ៏​ច្រំ​ដែល​និង​ធុញ​ទ្រាន់។ ប៉ុន្តែ តើ​មាន​ផ្លូវ​ដោះ​ស្រាយ​ឬ​ទេ?

a អ្នក​នឹង​រក​ឃើញ​ពត៌មាន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​អំពី​ស្ថានភាព​នៃ​មនុស្ស​ស្លាប់ ក្នុង​សៀវភៅ​ស្តើង តើ​មាន​អ្វី​កើត​ឡើង​ដល់​យើង​ពេល​យើង​ស្លាប់​ទៅ? (​ជា​ភាសា​អង់គ្លេស​) បោះ​ពុម្ព​ដោយ​សមាគម​ប៉ម​យាម​ខាង​ព្រះ​គម្ពីរ​និង​ខិត្តប័ណ្ណ​នៃ​រដ្ឋ​ញូវយ៉ក។