លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការពិបាករបស់សិស្ស

ការពិបាករបស់សិស្ស

គ្រូ​របស់​ភីធើ​ចាប់​ផ្ដើម​ពន្យល់​អំពី​ទ្រឹស្ដី​នៃ​ការ​វិវត្តន៍​របស់​លោក​ឆាល ដាវីន និង​របៀប​ដែល​សេចក្ដី​បង្រៀន​នៃ​ការ​វិវត្តន៍​របស់​គាត់​បាន​រំដោះ​មនុស្ស​ចេញ​ពី​ជំនឿ​មិន​ពិត។ កន្លង​មក​ភីធើ​តែង​តែ​គោរព​ទស្សនៈ​របស់​គ្រូ តែ​ឥឡូវ​គ្រូ​ឲ្យ​សិស្ស​ម្នាក់​ៗ​ពន្យល់​អំពី​គំនិត​របស់​ពួក​គេ​ទាក់​ទង​នឹង​ប្រធានបទ​នេះ នេះ​ធ្វើ​ឲ្យ​ភីធើ​ភ័យ​ជា​ខ្លាំង។

ភីធើ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​មួយ។ ឪពុក​ម្ដាយ​គាត់​បាន​បង្រៀន​ថា ព្រះ​ជា​អ្នក​បង្កើត​ផែនដី​និង​ជីវិត​ទាំង​ឡាយ​នៅ​ផែនដី។ ពួក​គាត់​និយាយ​ថា កំណត់​ហេតុ​ក្នុង​គម្ពីរ​បរិសុទ្ធ​អំពី​ការ​បង្កើត​គឺ​គួរ​ឲ្យ​ទុក​ចិត្ត ប៉ុន្តែ​ទ្រឹស្ដី​នៃ​ការ​វិវត្តន៍​គឺ​ជា​សេចក្ដី​បង្រៀន​មួយ​ដែល​គ្មាន​ភ័ស្តុតាង​ច្បាស់​លាស់​នោះ​ទេ។ គ្រូ​និង​ឪពុក​ម្ដាយ​របស់​ភីធើ​សុទ្ធ​តែ​មាន​បំណង​ល្អ ប៉ុន្តែ​តើ​ភីធើ​គួរ​ជឿ​អ្នក​ណា?

នៅ​ទូទាំង​ពិភព​លោ​ក ស្ថានភាព​បែប​នេះ​តែង​កើត​មាន​ឡើង​នៅ​សាលា​រៀន​ជា​រៀង​រាល់​ឆ្នាំ។ តើ​ភីធើ​និង​សិស្ស​ឯ​ទៀត​គួរ​ធ្វើ​អ្វី? តើ​អ្នក​យល់​ស្រប​ទេ​ថា ពួក​គេ​គួរ​គិត​ពិចារណា​ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង? ពួក​គេ​ត្រូវ​ពិចារណា​អំពី​ភ័ស្តុតាង រួច​ធ្វើ​ការ​សម្រេច​ចិត្ត​ថា តើ​ពួក​គេ​គួរ​ជឿ​លើ​ការ​បង្កើត ឬ​ការ​វិវត្តន៍?

គម្ពីរ​បង្រៀន​យើង​ឲ្យ​ប្រយ័ត្ន​មុន​ជឿ​អ្វី​មួយ អ្នក​សរសេរ​គម្ពីរ​ម្នាក់​បាន​និយាយ​ថា​៖​«​មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាង​វៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត្ន​»។ (​សុភាសិត ១៤:១៥​) គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​«​ប្រើ​សមត្ថភាព​រិះ​គិត​»​ដើម្បី​ឲ្យ​ដឹង​ប្រាកដ​ដោយ​ខ្លួន​ឯង​នូវ​អ្វី​ដែល​យើង​រៀន។—រ៉ូម ១២:១, ២

សៀវភៅ​ស្តើង​នេះ​មិន​បាន​ត្រូវ​រៀបចំ​ឡើង ដើម្បី​គាំទ្រ​សាសនា​ណា​មួយ​ដែល​ចង់​ឲ្យ​មាន​ការ​បង្រៀន​នៅ​សាលា​ថា​មាន​អ្នក​បង្កើត​នោះ​ទេ។ ប៉ុន្តែ គោល​បំណង​នៃ​សៀវភៅ​ស្តើង​នេះ គឺ​ដើម្បី​ពិចារណា​អំពី​អំណះអំណាង​របស់​អស់​អ្នក​ដែល​បង្រៀន​ថា ជីវិត​គឺ​កើត​ឡើង​ដោយ​ឯកឯង និង​បង្រៀន​ថា​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​ការ​បង្កើត​គឺ​ជា​រឿង​ប្រឌិត។

យើង​នឹង​ផ្ដោត​អារម្មណ៍​ទៅ​លើ​កោសិកា ដោយ​សារ​នេះ​ជា​ភាគ​ល្អិត​ដែល​តូច​បំផុត​នៅ​ក្នុង​ភាវរស់ ហើយ​យើង​ក៏​នឹង​ពិចារណា​អំពី​របៀប​ដ៏​អស្ចារ្យ​ដែល​កោសិកា​បាន​ត្រូវ​បង្កើត​ឡើង​ដែរ។ ម្យ៉ាង​ទៀត យើង​នឹង​សុំ​អ្នក​ឲ្យ​ពិចារណា​អំពី​ការ​សន្និដ្ឋាន​ដែល​គាំទ្រ​ទ្រឹស្ដី​នៃ​ការ​វិវត្តន៍។

នៅ​ថ្ងៃ​ណា​មួយ យើង​ទាំង​អស់​គ្នា​ត្រូវ​ឆ្លើយ​សំណួរ​ថា តើ​ជីវិត​បាន​ត្រូវ​បង្កើត ឬ​គ្រាន់​តែ​ជា​ការ​វិវត្តន៍? អ្នក​ប្រហែល​ជា​ធ្លាប់​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​រឿង​នេះ។ សៀវភៅ​ស្តើង​នេះ​នឹង​បង្ហាញ​ភ័ស្តុតាង​ខ្លះ​ៗ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជឿ​ថា ជីវិត​ពិត​ជា​មាន​អ្នក​បង្កើត។