សំណួរទី២
តើកោសិកានៃជីវិតគ្រាន់តែជាអ្វីដែលសាមញ្ញមែនឬ?
សារពាង្គកាយរបស់យើងគឺជាសម្ព័ន្ធដ៏សាំញ៉ាំបំផុតនៅក្នុងសកលលោក វាបានត្រូវបង្កើតឡើងដោយកោសិកាតូចៗប្រហែល ១០០សែនកោដិដែលមានដូចជា៖កោសិកាឆ្អឹង កោសិកាឈាម និងកោសិកាខួរក្បាល។7 ការពិតក្នុងសារពាង្គកាយរបស់យើងមានកោសិកាប្រភេទខុសៗគ្នាច្រើនជាង២០០ប្រភេទ។8
ទោះជាកោសិកាមានទម្រង់ខុសៗគ្នា និងមានមុខងារខុសៗគ្នាក្ដី កោសិការបស់យើងបានតភ្ជាប់គ្នាដូចជាបណ្ដាញសាំញ៉ាំមួយ។ បើប្រៀបធៀបកោសិកាមនុស្សទៅនឹងបណ្ដាញអ៊ីនធឺណិតដែលមានកុំព្យូទ័ររាប់លាននិងខ្សែល្បឿនលឿនក្ដី ក៏សេវាអ៊ីនធឺណិតនៅតែដើរមិនច្បាស់ដែរ។ គ្មានការបង្កើតណាមួយរបស់មនុស្សដែលអាចប្រៀបផ្ទឹមនឹងកោសិកាបានឡើយ។ តើកោសិកាក្នុងសារពាង្គកាយមនុស្សបានកកើតមកយ៉ាងដូចម្ដេច?
តើអ្នកវិទ្យាសាស្ត្របានអះអាងយ៉ាងដូចម្ដេច? អ្នកវិទ្យាសាស្ត្របានអះអាងថា កោសិកាដែលមានជីវិតទាំងអស់ចែកជាពីរប្រភេទសំខាន់ៗ ប្រភេទមួយមានណ្វៃយ៉ូ ហើយប្រភេទមួយទៀតគ្មានណ្វៃយ៉ូទេ។ កោសិកាមនុស្ស កោសិកាសត្វនិងកោសិការុក្ខជាតិមានណ្វៃយ៉ូ។ ប៉ុន្តែ កោសិកាបាក់តេរីគ្មានណ្វៃយ៉ូទេ។ កោសិកាដែលមានណ្វៃយ៉ូបានត្រូវហៅថាអឺការីយ៉ូត ហើយកោសិកាដែលគ្មានណ្វៃយ៉ូ បានត្រូវហៅថាប្រូការីយ៉ូត។ ដោយសារកោសិកាប្រូការីយ៉ូតមិនសូវមានលក្ខណៈសាំញ៉ាំដូចកោសិកាអឺការីយ៉ូត មនុស្សជាច្រើនជឿថាកោសិកាសត្វនិងកោសិការុក្ខជាតិបានវិវត្តន៍មកពីកោសិកាបាក់តេរី។
អ្នកវិទ្យាសាស្ត្រជាច្រើនបានបង្រៀនថា រាប់រយលានឆ្នាំមុនកោសិកាប្រូការីយ៉ូតខ្លះបានស្រូបយកកោសិកាឯទៀត ប៉ុន្តែមិនរំលាយពួកវាទេ។ ពួកគេក៏បានបង្រៀនទៀតថា ទោះជា«ធម្មជាតិ»គ្មានប្រាជ្ញាក្ដី វាដឹងអំពីរបៀបផ្លាស់ប្ដូរមុខងាររបស់«កោសិកា»ដែលបានត្រូវស្រូបនោះ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេប្រាប់ថា ពេលកោសិកាចែកខ្លួនបង្កើតកោសិកាថ្មី នោះធម្មជាតិចេះរក្សាទុកកោសិកាដែលបានត្រូវស្រូបនៅក្នុងកោសិកាថ្មីទៀត។9 *
តើគម្ពីរប្រាប់យ៉ាងណា? គម្ពីរបង្រៀនថាជីវិតទាំងឡាយដែលមាននៅផែនដីគឺមកពីការបង្កើតរបស់បុគ្គលដែលមានប្រាជ្ញា។ សូមកត់សម្គាល់ ការពន្យល់ដ៏សមហេតុផលក្នុងគម្ពីរដែលថា៖«ពិតមែនតែផ្ទះទាំងអស់មានអ្នកសង់ ប៉ុន្តែអ្នកដែលបានសង់អ្វីៗទាំងអស់គឺព្រះ»។ (ហេប្រឺ ៣:៤) បទគម្ពីរផ្សេងទៀតចែងថា៖«ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មានច្រើនប្រការណាស់ហ្ន៎ ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញា ផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត . . . មានរបស់រវើកឥតគណនា ជាសត្វទាំងតូចទាំងធំ»។—ទំនុកតម្កើង ១០៤:២៤, ២៥
តើភ័ស្តុតាងបានបង្ហាញយ៉ាងណា? ការជឿនលឿនផ្នែកមីក្រុបវិទ្យាអាចឲ្យយើងមើលឃើញផ្នែកខាងក្នុងដ៏អស្ចារ្យនៃកោសិកាប្រូការីយ៉ូតដែលបានត្រូវគេហៅថាកោសិកាសាមញ្ញបំផុត។ អ្នកវិទ្យាសាស្ត្រដែលគាំទ្រទ្រឹស្ដីនៃការវិវត្តន៍បានប៉ាន់ស្មានថា កោសិកាដែលមានជីវិតដំបូងមានលក្ខណៈដូចកោសិកាប្រូការីយ៉ូតនៅសព្វថ្ងៃនេះ។10
បើទ្រឹស្ដីនៃការវិវត្តន៍គឺជាការពិត នោះគួរតែផ្ដល់ការពន្យល់ដែលអាចទុកចិត្តបានអំពីរបៀបដែលកោសិកាដំបូងដែលគេហៅថាជាកោសិកា«សាមញ្ញ» បានកើតមកដោយឯកឯង។ ប៉ុន្តែ បើជីវិតបានត្រូវបង្កើតនោះគួរតែមានភ័ស្តុតាងដែលបង្ហាញអំពីស្នាដៃរបស់បុគ្គលដែលមានប្រាជ្ញាទោះជាការបង្កើតអ្វីមួយដ៏តូចល្អិតបំផុតក្ដី។ ឥឡូវសូមពិចារណាអំពីលក្ខណៈរបស់កោសិកាប្រូការីយ៉ូត រួចសូមសួរខ្លួនអ្នកថា តើកោសិកានេះអាចកើតឡើងដោយឯកឯងបានទេ?
ជញ្ជាំងការពារកោសិកា
សូមស្រមៃគិតថាអ្នកទៅជាតូចដូចកោសិកា ហើយអាចដើរមើលខាងក្នុងវាបាន។ ដើម្បីធ្វើដូច្នេះ អ្នកត្រូវទៅជាតូចជាងសញ្ញាបន្តក់។ ឥឡូវសូមស្រមៃគិតថាអ្នកកំពុងឈរនៅមុខកោសិកាប្រូការីយ៉ូត។ ទោះជាអ្នកចង់ចូលក្នុងកោសិកា នោះមិនងាយស្រួលទេ ដោយសារកោសិកាមានភ្នាសជាស្រទាប់ស្ដើងៗដែលប្រៀបដូចជាជញ្ជាំងរោងចក្រដ៏រឹងមាំ។ ដើម្បីស្មើក្រដាសមួយសន្លឹក នោះត្រូវការ១០.០០០ស្រទាប់នៃភ្នាសកោសិការួមបញ្ចូលគ្នា។ ប៉ុន្តែ ភ្នាសកោសិកាគឺមានភាពស្មុគស្មាញជាងជញ្ជាំងថ្មទៅទៀត។ តើតាមរបៀបណា?
ដូចជញ្ជាំងការពាររោងចក្រ នោះភ្នាសកោសិកាដើរតួជារនាំងការពារគ្រឿងក្នុងរបស់កោសិកាពីបរិស្ថានខាងក្រៅ។ ទោះជាយ៉ាងនោះក៏ដោយ ភ្នាសកោសិកាមាន«ចន្លោះឬប្រហោង» ដែលអនុញ្ញាតឲ្យម៉ូលេគុលតូចៗដូចជាអុកស៊ីហ្ស៊ែនឆ្លងកាត់បាន។ ប៉ុន្តែ ភ្នាសកោសិកាមិនអនុញ្ញាតឲ្យអ្វីក៏ដោយដែលអាចបង្ខូចកោសិកាចូលដោយគ្មានការអនុញ្ញាតបានឡើយ។ ភ្នាសកោសិកាក៏ការពារម៉ូលេគុលដែលមានប្រយោជន៍កុំឲ្យចេញពីកោសិកាដែរ។ តើវាអាចធ្វើដូចនេះយ៉ាងដូចម្ដេច?
សូមគិតម្ដងទៀតអំពីរោងចក្រ។ នៅរោងចក្រមានសន្តិសុខដែលជាអ្នកត្រួតពិនិត្យអីវ៉ាន់ដែលចេញចូលតាមទ្វាររោងចក្រ។ ស្រដៀងគ្នាដែរ ភ្នាសកោសិកាមានម៉ូលេគុលប្រូតេអ៊ីនពិសេសដែលដើរតួដូចជាសន្តិសុខ។
ប្រូតេអ៊ីនទាំងនេះមានលក្ខណៈពិសេសដូចជា (១)វាមានប្រហោងនៅចំកណ្ដាលដែលអនុញ្ញាតឲ្យប្រភេទម៉ូលេគុលខ្លះប៉ុណ្ណោះចេញចូលកោសិកាបាន។ ប្រូតេអ៊ីនផ្សេងទៀតដែលមាននៅក្នុងភ្នាសកោសិកាបើកមួយចំហៀង (២)ហើយបិទមួយចំហៀង។ វាមានអ្វីមួយដែលអាចភ្ជាប់គ្នាទៅនឹងសារធាតុមួយផ្សេងទៀត។ ពេលដែលសារធាតុនោះភ្ជាប់ (៣)ចុងម្ខាងទៀតនឹងបើកហើយបញ្ចេញសារធាតុនោះតាមរយៈភ្នាសកោសិកា។ (៤)សកម្មភាពទាំងអស់នេះកើតឡើងនៅលើភ្នាសកោសិកាសូម្បីតែកោសិកាដ៏សាមញ្ញបំផុតក្ដី។
អ្វីដែលកើតឡើងនៅក្នុងកោសិកា
សូមស្រមៃគិតថាអ្នកបានត្រូវអនុញ្ញាតឲ្យឆ្លងកាត់កន្លែង«សន្តិសុខ» របស់កោសិកានោះ ហើយឥឡូវអ្នកនៅក្នុងកោសិកា។ ផ្នែកខាងក្នុងនៃកោសិកាប្រូការីយ៉ូតពោរពេញទៅដោយសារធាតុរាវដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានដូចជា អំបិលនិងសារធាតុផ្សេងៗទៀត។ កោសិកាប្រើសារធាតុទាំងនេះដើម្បីផលិតអ្វីដែលវាត្រូវការ។ ដំណើរការនេះមិនមែនកើតឡើងដោយចៃដន្យទេ។ ដូចរោងចក្រដែលដំណើរការយ៉ាងល្អ កោសិកាក៏បង្កើតសារធាតុគីមីរាប់ពាន់ដោយមានរបៀបរៀបរយ តាមលំដាប់លំដោយនិងដោយមានកាលវិភាគច្បាស់លាស់។
កោសិកាត្រូវចំណាយពេលជាច្រើនក្នុងការបង្កើតប្រូតេអ៊ីន។ តើវាធ្វើដូចនេះយ៉ាងដូចម្ដេច? បើអ្នកនៅខាងក្នុងកោសិកា ដំបូងអ្នកនឹងឃើញកោសិកាបង្កើតធាតុផ្សំនៃប្រូតេអ៊ីន២០យ៉ាងដែលហៅថាអាមីណូអាស៊ីត។ ធាតុផ្សំទាំងនេះបានត្រូវបញ្ជូនទៅរីបូសូម(៥) ដែលប្រៀបដូចជាម៉ាស៊ីនស្វ័យប្រវត្តិដែលភ្ជាប់អាស៊ីតអាមីណូតាមលំដាប់លំដោយជាក់លាក់ដើម្បីបង្កើតប្រូតេអ៊ីន។ ដូចប្រតិបត្តិការនៃរោងចក្រដែលបញ្ជាដោយប្រើ«កម្មវិធីកុំព្យូទ័រ» មុខងារជាច្រើនរបស់កោសិកាក៏បានត្រូវបញ្ជាដោយកូដដែលហៅថា DNA(ឌីអិនអេ)ដែរ(៦)។ ពីDNA (ឌីអិនអេ)រីបូសូមទទួលបញ្ជាស្ដីអំពីប្រូតេអ៊ីនមួយណាដែលត្រូវបង្កើតនិងរបៀបបង្កើតប្រូតេអ៊ីននោះ(៧)។
របៀបដែលកោសិកាបង្កើតប្រូតេអ៊ីនពិតជាអស្ចារ្យណាស់! ប្រូតេអ៊ីននីមួយៗពត់ខ្លួនទៅជាទម្រង់ពិសេសមួយ(៨)។ ទម្រង់នេះវាជួយកំណត់ពីមុខងារដែលប្រូតេអ៊ីនត្រូវធ្វើ។ * សូមស្រមៃគិតនៅរោងចក្រមួយដែលមានម៉ាស៊ីនផ្គុំឡានចូលគ្នា។ ដើម្បីឲ្យម៉ាស៊ីនឡានដំណើរការបាន ផ្នែកនីមួយៗត្រូវតែនៅកន្លែងជាក់លាក់។ ស្រដៀងគ្នាដែរ បើប្រូតេអ៊ីនមិនបានត្រូវបង្កើតឲ្យមានទម្រង់ជាក់លាក់ នោះវាមិនអាចដំណើរការបានត្រឹមត្រូវ ហើយថែមទាំងអាចបង្ខូចកោសិកាបានទៀតផង។
តើប្រូតេអ៊ីនស្គាល់របៀបធ្វើដំណើរពីកន្លែងដែលវាបានត្រូវបង្កើតមកទៅដល់កន្លែងដែលវាត្រូវធ្វើការយ៉ាងដូចម្ដេច? ប្រូតេអ៊ីននីមួយៗដែលកោសិកាបង្កើតបានភ្ជាប់មកជាមួយនឹងអ្វីមួយដែលប្រៀបដូចជា«ប័ណ្ណបញ្ជាក់អាសយដ្ឋាន» ដើម្បីធ្វើឲ្យប្រាកដថាប្រូតេអ៊ីននោះបានត្រូវបញ្ជូនទៅកន្លែងដែលត្រឹមត្រូវ។ ទោះជាប្រូតេអ៊ីនរាប់ពាន់បានត្រូវបង្កើតមកនិងបញ្ជូនទៅកន្លែងដែលវាត្រូវធ្វើការរាល់នាទីក៏ដោយ ប្រូតេអ៊ីននីមួយៗទៅទិសដៅត្រឹមត្រូវ។
តើនេះបានបង្ហាញអំពីអ្វី? ម៉ូលេគុលសាំញ៉ាំដែលមាននៅក្នុងភាវរស់ដែលសាមញ្ញបំផុតមិនអាចផលិតខ្លួនឯងម្ដងទៀតបានឡើយ។ ពេលដែលវានៅខាងក្រៅកោសិកាវាមិនអាចប្រើប្រាស់បានទេ។ ពេលដែលវានៅក្នុងកោសិកាពួកវាមិនអាចផលិតម្ដងទៀតដោយគ្មានជំនួយពីម៉ូលេគុលសាំញ៉ាំផ្សេងទៀតបានឡើយ។ ជាឧទាហរណ៍ ដើម្បីផលិតម៉ូលេគុលថាមពលដែលហៅថា អាដេណូស៊ីនទ្រីផូស្វាតដែលហៅកាត់ថា (ATP) នោះត្រូវការអង់ស៊ីម។ ប៉ុន្តែដើម្បីផលិតអង់ស៊ីមនោះក៏ត្រូវការថាមពលពីអាដេណូស៊ីនទ្រីផូស្វាតដែរ។ ស្រដៀងគ្នាដែរ ដើម្បីបង្កើតអង់ស៊ីមនោះត្រូវការឌីអិនអេ (ដែលយើងនឹងពិភាក្សានៅផ្នែកទី៣) ប៉ុន្តែក៏ត្រូវការឌីអិនអេដើម្បីបង្កើតអង់ស៊ីមដែរ។ ម្យ៉ាងវិញទៀត ប្រូតេអ៊ីនផ្សេងទៀតកើតមកបានដោយសារកោសិកាប៉ុណ្ណោះ ហើយកោសិកាកើតមកបានដោយសារប្រូតេអ៊ីនដែរ។ *
អ្នកជំនាញខាងមីក្រុបវិទ្យាឈ្មោះរ៉ាឌូ ប៉ូប៉ាមិនយល់ស្របអំពីកំណត់ហេតុក្នុងគម្ពីរស្ដីអំពីការបង្កើតនោះទេ។ ប៉ុន្តែ នៅឆ្នាំ២០០៤គាត់បានឆ្ងល់ថា «បើអ្នកវិទ្យាសាស្ត្រមិនអាចបង្កើតជីវិតក្នុងមន្ទីរពិសោធដោយមានសម្ភារៈសព្វគ្រប់ ចុះតើធម្មជាតិអាចបង្កើតជីវិតបានយ៉ាងដូចម្ដេច?»13 គាត់បានបន្ថែមទៀតថា «ដើម្បីឲ្យកោសិកាដែលមានជីវិតអាចកើតមានបាន នោះតម្រូវឲ្យប្រព័ន្ធសាំញ៉ាំជាច្រើនដំណើរការជាមួយគ្នា។ ដូច្នេះ វាមិនអាចទៅរួចទេដែលសម្ព័ន្ធទាំងអស់កើតមកដោយឯកឯងក្នុងពេលដំណាលគ្នា»។14
តើអ្នកគិតយ៉ាងដូចម្ដេច? ទ្រឹស្ដីនៃការវិវត្តន៍ព្យាយាមអះអាងថា ជីវិតនៅផែនដីកើតមកដោយមិនចាំបាច់មានព្រះបង្កើតនោះទេ។ ប៉ុន្តែ ពេលដែលពួកគេកាន់តែស្រាវជ្រាវអំពីជីវិត ពួកគេកាន់តែឃើញថាជីវិតទំនងជាមិនអាចកើតឡើងដោយឯកឯងបានឡើយ។ ដើម្បីជៀសវាងបញ្ហានេះ អ្នកវិទ្យាសាស្ត្រខ្លះដែលជឿលើការវិវត្តន៍ចង់បង្កើតឲ្យមានភាពខុសគ្នារវាងទ្រឹស្ដីនៃការវិវត្តន៍និងចម្ងល់អំពីដើមកំណើតនៃជីវិត។ ប៉ុន្តែ តើអ្នកគិតថានេះសមហេតុសមផលទេ?
ទ្រឹស្ដីនៃការវិវត្តន៍បង្រៀនថា ដោយចៃដន្យជីវិតកើតមកដោយឯកឯងបន្តបន្ទាប់គ្នា។ ពួកគេថែមទាំងលើកឡើងទៀតថាភាវរស់ប្រភេទទាំងអស់កើតមកដោយឯកឯង តាមរបៀបដ៏អស្ចារ្យនិងស្មុគស្មាញ។ ដូច្នេះ បើទ្រឹស្ដីនោះគ្មានមូលដ្ឋានត្រឹមត្រូវ តើនឹងមានអ្វីកើតឡើងដល់ទ្រឹស្ដីឯទៀតដែលផ្អែកលើការសន្និដ្ឋាននេះ? ជាឧទាហរណ៍ បើគេសង់អគារខ្ពស់មួយដោយមិនបុកគ្រឹះ អគារនោះនឹងរលំ។ ស្រដៀងគ្នាដែរ បើទ្រឹស្ដីនៃការវិវត្តន៍មិនអាចពន្យល់អំពីដើមកំណើតនៃជីវិត នោះទ្រឹស្ដីទាំងមូលមិនអាចទុកចិត្តបានទេ។
បន្ទាប់ពីពិចារណាខ្លះៗអំពីសម្ព័ន្ធនិងតួនាទីនៃកោសិកាដែលគេហៅថាជាកោសិកា «សាមញ្ញ» តើអ្នកឃើញភ័ស្តុតាងដែលបង្ហាញអំពីការរចនាដ៏ឈ្លាសវៃឬទេ? បើអ្នកនៅតែមិនប្រាកដសូមពិនិត្យឲ្យបានដិតដល់ជាងអំពីអ្វីដែលគ្រប់គ្រងតួនាទីនៃកោសិកាទាំងអស់។
^ វគ្គ 6 គ្មានការពិសោធន៍ណាមួយបានបង្ហាញថារឿងនេះអាចកើតឡើងបានឡើយ។
^ វគ្គ 18 អង់ស៊ីមគឺជាឧទាហរណ៍មួយនៃប្រូតេអ៊ីនដែលបានត្រូវបង្កើតឡើងដោយកោសិកា។ អង់ស៊ីមនីមួយៗត្រូវបានបត់បញ្ចូលគ្នាតាមវិធីពិសេសដើម្បីពន្លឿនប្រតិកម្មផ្នែកគីមី។ អង់ស៊ីមរាប់រយសហការគ្នាដើម្បីឲ្យកោសិកាដំណើរការ។